បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៤ ទំ. ១៥៤-១៦៥
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ
  • គំរូ​សំរាប់​ប្ដី​ទាំង​ឡាយ
  • គំរូ​សំរាប់​ប្រពន្ធ​ទាំង​ឡាយ
  • គំរូ​គ្រប់​ល័ក្ខណ៍​សំរាប់​មាតា​បិតា​ទាំង​ឡាយ
  • គំរូ​សំរាប់​កូន​ទាំង​ឡាយ
  • គន្លឹះ​នៃ​សុភមង្គល​គ្រួសារ
  • ក្រុមគ្រួសារអ្នកអាចមានសុភមង្គលបាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ស្វាមីទាំងឡាយ ចូរនាំមុខគ្រួសារតាមគំរូព្រះគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើគ្រួសាររបស់អ្នកចាត់ព្រះទុកជាទីមួយទេ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៤ ទំ. ១៥៤-១៦៥

ជំពូក​ទី​ដប់​បួន

របៀប​ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវភាព​គ្រួសារ

តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ក្លាយ​ជា​ប្ដី​ដ៏​ល្អ?

តើ​ស្ត្រី​អាច​បំពេញ​តួ​នាទី​ជា​ប្រពន្ធ​យ៉ាង​ដូច​ម្ដេច?

តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​មាតា​ឬ​បិតា​ដ៏​ល្អ?

តើ​កូន​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវភាព​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

១​. តើ​អ្វី​ជា​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ?

ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​មាន​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ។ ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ មាន​ការ​ណែនាំ​សំរាប់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ ហើយ​រៀប​រាប់​អំពី​តួ​នាទី​ដែល​ព្រះ​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​សមាជិក​ម្នាក់​ៗ​ធ្វើ​តាម។ នៅ​ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​ធ្វើ​តាម​តួ​នាទី​រៀង​ៗ​ខ្លួន​សម​ស្រប​តាម​ឱវាទ​របស់​ព្រះ នោះ​មាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន!​»។—លូកា ១១:២៨, ខ.ស.

២​. តើ​សុភមង្គល​គ្រួសារ​ពឹង​ទៅ​លើ​ការ​ទទួល​ស្គាល់​អ្វី?

២ សំខាន់​បំផុត សុភមង្គល​គ្រួសារ​ពឹង​ទៅ​លើ​ការ​ទទួល​ស្គាល់​ថា ក្រុម​គ្រួសារ​ជា​ការ​រៀបចំ​មួយ​ដែល​ផ្ដើម​មក​ពី​ព្រះ​យេហូវ៉ា ដែល​ព្រះ​យេស៊ូ​ហៅ​ទ្រង់​ថា​៖ ​«​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ​»។ (​ម៉ាថាយ ៦:៩​) ក្រុម​គ្រួសារ​នីមួយ​ៗ​នៅ​ផែន​ដី គឺ​មាន​ដោយ​សារ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ទ្រង់​ពិត​ជា​ជ្រាប​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល។ (​អេភេសូរ ៣:១៤, ១៥​) ដូច្នេះ តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា​ស្តី​អំពី​តួ​នាទី​របស់​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ៗ​?

ព្រះ​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ

៣​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ស្តី​អំពី​ដើម​កំណើត​នៃ​ក្រុម​គ្រួសារ​មនុស្ស​ជាតិ? ហេតុ​អ្វី​យើង​ដឹង​ថា​រឿង​នោះ​ជា​ហេតុ​ការណ៍​ពិត?

៣ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ពីរ​នាក់​ដំបូង អ័ដាម​និង​អេវ៉ា ហើយ​ផ្សំផ្គុំ​ពួក​គាត់​ជា​ប្ដី​ប្រពន្ធ។ ទ្រង់​ដាក់​ពួក​គាត់​នៅ​ក្នុង​សួន​មនោ​រម្យ​ដ៏​សែន​ស្អាត​មួយ​ឈ្មោះ​សួន​អេដែន​ឲ្យ​ធ្វើ​ជា​លំនៅ​របស់​ពួក​គាត់ រួច​មាន​បន្ទូល​ប្រាប់​ពួក​គាត់​ឲ្យ​បង្កើត​កូន។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​»។ (​លោកុប្បត្តិ ១:២៦​-​២៨; ២:១៨, ២១​-​២៤​) នេះ​មិន​មែន​ជា​រឿង​ព្រេង​ឡើយ ដ្បិត​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា អ្វី​ដែល​សៀវភៅ​លោកុប្បត្តិ​ចែង​អំពី​ដើម​កំណើត​នៃ​ក្រុម​គ្រួសារ​មនុស្ស​ជាតិ​គឺ​ជា​ហេតុ​ការណ៍​ពិត​មែន។ (​ម៉ាថាយ ១៩:៤, ៥​) ទោះ​ជា​យើង​ជួប​នឹង​បញ្ហា​ជា​ច្រើន ហើយ​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​មិន​សម​ស្រប​តាម​គោល​បំណង​របស់​ព្រះ​ក៏​ពិត​មែន តែ​យើង​នឹង​មើល​នូវ​មូលហេតុ​ដែល​យើង​នៅ​តែ​អាច​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​បាន។

៤​. (​ក​) តើ​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ៗ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សុភមង្គល​ច្រើន​ជាង​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​គឺ​សំខាន់​ម្ល៉េះ​ចំពោះ​សុភមង្គល​គ្រួសារ?

៤ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សុភមង្គល ដោយ​យក​តម្រាប់​តាម​ព្រះ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​អេភេសូរ ៥:១, ២​) ក៏​ប៉ុន្តែ​យើង​មើល​ព្រះ​មិន​ឃើញ​ឡើយ ដូច្នេះ​តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច? យើង​អាច​រៀន​អំពី​របៀប​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត ដោយ​សារ​ទ្រង់​ចាត់​ព្រះ​រាជបុត្រា​ច្បង​របស់​ទ្រង់​ពី​ស្ថាន​សួគ៌​ឲ្យ​យាង​មក​ផែន​ដី។ (​យ៉ូហាន ១:១៤, ១៨​) ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​របស់​ព្រះ​គង់​នៅ​ផែន​ដី ទ្រង់​យក​តម្រាប់​តាម​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​ដូច​បេះបិទ​ដល់​ម្ល៉េះ​ដែល​អាច​និយាយ​ថា​បើ​មើល​និង​ស្ដាប់​ព្រះ​យេស៊ូ​គឺ​ដូច​ជា​កំពុង​តែ​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ហើយ​ស្ដាប់​ទ្រង់​ដែរ។ (​យ៉ូហាន ១៤:៩​) ហេតុ​នេះ​ហើយ បើ​យើង​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​នោះ យើង​ម្នាក់​ៗ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ក្រុម​គ្រួសារ​របស់​យើង​សប្បាយ​ជាង។

គំរូ​សំរាប់​ប្ដី​ទាំង​ឡាយ

៥, ៦​. (​ក​) តើ​របៀប​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​ជំនុំ​ជា​គំរូ​ល្អ​សំរាប់​ប្ដី​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​អត់​ឱន​ទោស​បាប​របស់​យើង?

៥ ព្រះ​គម្ពីរ​ចែង​ថា​ប្ដី​គួរ​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ ដូច​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​សិស្ស​របស់​ទ្រង់​ដែរ។ សូម​ពិចារណា​ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​បុរស​រាល់​គ្នា​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង . . . ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះ​អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ​»។—អេភេសូរ ៥:២៣, ២៥​-​២៩, កំណែ​ជា​អក្សរ​ទ្រេត

៦ សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ចំពោះ​សិស្ស​របស់​ទ្រង់ គឺ​ជា​គំរូ​គ្រប់​ល័ក្ខណ៍​សំរាប់​ប្ដី​ទាំង​ឡាយ។ ព្រះ​យេស៊ូ​បាន​«​ស្រឡាញ់​គេ​ដរាប​ដល់​ចុង​បំផុត​»​ ហើយ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ដើម្បី​ពួក​គេ ទោះ​ជា​ពួក​គេ​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ។ (​យ៉ូហាន ១៣:១; ១៥:១៣​) ព្រះ​គម្ពីរ​ទូន្មាន​ប្ដី​ទាំង​ឡាយ​ថា​៖ ​«​ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ! កុំ​ឲ្យ​មាន​ចិត្ត​ជិន​ឆ្អន់​ឡើយ​»។ (​កូល៉ុស ៣:១៩​) តើ​អ្វី​នឹង​ជួយ​ឲ្យ​ប្ដី​ធ្វើ​តាម​ឱវាទ​នេះ ជា​ពិសេស​បើ​ប្រពន្ធ​ជួន​កាល​មិន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​នោះ? ប្ដី​គួរ​ចាំ​ថា​ខ្លួន​គាត់​ជួន​កាល​ក៏​ធ្វើ​ខុស​ដែរ ហើយ​គួរ​ចាំ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ។ តើ​នោះ​ជា​អ្វី? គាត់​ត្រូវ​តែ​អត់​ឱន​ទោស​អ្នក​ដែល​ធ្វើ​បាប​នឹង​គាត់ ហើយ​នេះ​រួម​បញ្ចូល​ប្រពន្ធ​របស់​គាត់​ដែរ។ ប្រពន្ធ​ក៏​ត្រូវ​អត់​ឱន​ឲ្យ​អ្នក​ឯ​ទៀត​ដែរ។ (​ម៉ាថាយ ៦:១២, ១៤, ១៥​) នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ខ្លះ​និយាយ​ថា អាពាហ៍ពិពាហ៍​ជា​ការ​ផ្សំផ្គុំ​មនុស្ស​ពីរ​នាក់​ដែល​ចេះ​អត់​ឱន​ទោស​ឲ្យ​គ្នា។

៧​. តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​សំរាប់​ប្ដី​ទាំង​ឡាយ​ដោយ​ចេះ​គិត​ដល់​អ្វី?

៧ ប្ដី​ក៏​គួរ​កត់​សម្គាល់​ដែរ​ថា ព្រះ​យេស៊ូ​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​សិស្ស​របស់​ទ្រង់។ ទ្រង់​តែង​គិត​ដល់​កំរិត​សមត្ថភាព​និង​កម្លាំង​ថែម​ទាំង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ពេល​ដែល​ពួក​គេ​អស់​កម្លាំង ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ​ឡែក នឹង​ឈប់​សំ​រាក​បន្ដិច​សិន​»។ (​ម៉ាកុស ៦:៣០​-​៣២​) ប្រពន្ធ​ក៏​សម​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​នោះ​ដែរ។ ព្រះ​គម្ពីរ​ពណ៌នា​ថា​ប្រពន្ធ​ជា​«​ភាជនៈ​ដែល​ខ្សោយ​ជាង​»​ ហើយ​ប្ដី​បាន​ត្រូវ​បង្គាប់​ឲ្យ​«​រាប់​អាន[​ឬ​«​គោរព​»​, ខ.ស.​]​»​នាង។ ហេតុ​អ្វី? ពី​ព្រោះ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ទទួល​«​ព្រះ​គុណ​នៃ​ជីវិត​»​ដូច​គ្នា។ (​ពេត្រុស​ទី១ ៣:៧​) ប្ដី​គួរ​ចាំ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​តម្លៃ​ចំពោះ​ព្រះ​គឺ​ភាព​ស្មោះ​ត្រង់​របស់​គាត់ មិន​មែន​ដោយ​សារ​ភេទ​របស់​គាត់​នោះ​ទេ។—ទំនុក​ដំកើង ១០១:៦

៨​. (​ក​) ប្ដី​ណា​«​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ​»​ ហេតុ​អ្វី​អាច​និយាយ​ដូច្នេះ? (​ខ​) ដោយ​សារ​ប្ដី​ប្រពន្ធ​ជា​«​សាច់​តែ​១​»​ តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?

៨ ព្រះ​គម្ពីរ​ចែង​ថា​ប្ដី​ណា​«​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ​»។ នេះ​គឺ​ពី​ព្រោះ​ប្ដី​និង​ប្រពន្ធ​«​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​»​ដូច​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះ។ (​ម៉ាថាយ ១៩:៦, កំណែ​ជា​អក្សរ​ទ្រេត​) ហេតុ​នេះ​ពួក​គេ​មិន​ត្រូវ​បំពេញ​ចំណង់​ផ្លូវ​ភេទ​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ​ឡើយ។ (​សុភាសិត ៥:១៥​-​២១; ហេព្រើរ ១៣:៤​) ពួក​គេ​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ បើ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​គូ​ខ្លួន ជា​ជាង​គិត​តែ​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ។ (​កូរិនថូស​ទី១ ៧:៣​-​៥​) គួរ​ឲ្យ​កត់​សម្គាល់​នូវ​ការ​រំឭក​នេះ​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម​ហើយ​ថ្នាក់​ថ្នម​វិញ​»។ ប្ដី​ត្រូវ​តែ​ស្រឡាញ់​ប្រពន្ធ​ដូច​ខ្លួន​ឯង​ដោយ​ចាំ​ថា ជា​ប្ដី​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​សិរសា​របស់​ខ្លួន​ដែរ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។—អេភេសូរ ៥:២៩, កំណែ​ជា​អក្សរ​ទ្រេត; កូរិនថូស​ទី១ ១១:៣

៩​. តើ​គុណ​សម្បត្ដិ​អ្វី​របស់​ព្រះ​យេស៊ូ​ដែល​រៀប​រាប់​នៅ​ភីលីព ១:៨? ហេតុ​អ្វី​ប្ដី​គួរ​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ចំពោះ​ប្រពន្ធ?

៩ សាវ័ក​ប៉ុល​និយាយ​អំពី​«​ព្រះ​ហឫទ័យ​សន្ដោស​នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ​»។ (​ភីលីព ១:៨​) ព្រះ​ហឫទ័យ​សន្ដោស​ប្រណី​របស់​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រួល ហើយ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​សិស្ស​របស់​ទ្រង់។ (​យ៉ូហាន ២០:១, ១១​-​១៣, ១៦​) ប្រពន្ធ​ក៏​ចង់​ទទួល​ភាព​សន្ដោស​ប្រណី​ពី​ប្ដី​ដែរ។

គំរូ​សំរាប់​ប្រពន្ធ​ទាំង​ឡាយ

១០​. តើ​ព្រះ​យេស៊ូ​ជា​គំរូ​សំរាប់​ប្រពន្ធ​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច?

១០ ក្រុម​គ្រួសារ​ជា​អង្គ​ការ​មួយ ហើយ​ដើម្បី​មាន​ដំណើរ​ការ​យ៉ាង​ល្អ​ត្រូវ​មាន​អ្នក​នាំ​មុខ។ សូម្បី​តែ​ព្រះ​យេស៊ូ​ក៏​មាន​អ្នក​នាំ​មុខ​ដែល​ទ្រង់​ត្រូវ​ចុះ​ចូល​ដែរ។ ​«​សិរសា​នៃ​ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​»​ដូច​ជា​«​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី​»។ (​កូរិនថូស​ទី១ ១១:៣​) ការ​ចុះ​ចូល​របស់​ព្រះ​យេស៊ូ​ចំពោះ​ការ​ដឹក​នាំ​របស់​ព្រះ​ជា​គំរូ​ល្អ ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​អ្នក​នាំ​មុខ​ដែល​យើង​ត្រូវ​ចុះ​ចូល​នោះ។

១១​. តើ​ប្រពន្ធ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្ដី? តើ​ការ​ប្រព្រឹត្ត​របស់​ប្រពន្ធ​ប្រហែល​ជា​បាន​លទ្ធផល​អ្វី?

១១ ជួន​កាល​បុរស​ឥត​គ្រប់​ល័ក្ខណ៍​ធ្វើ​ខុស​ហើយ​ជា​ច្រើន​ដង​មិន​មែន​ជា​អ្នក​នាំ​មុខ​ល្អ​បំផុត​នោះ​ទេ។ បើ​ដូច្នេះ​តើ​ប្រពន្ធ​គួរ​ធ្វើ​យ៉ាង​ណា? គាត់​មិន​គួរ​មើល​ងាយ​អ្វី​ដែល​ប្ដី​ធ្វើ​ឬ​ខំ​ដណ្ដើម​យក​នាទី​ជា​មេ​គ្រួសារ​នោះ​ទេ។ ប្រពន្ធ​គួរ​ចាំ​ថា ចិត្ត​សុភាព​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ។ (​ពេត្រុស​ទី១ ៣:៤​) ដោយ​បង្ហាញ​គុណ​សម្បត្ដិ​នេះ ការ​ចុះ​ចូល​នឹង​ប្ដី​ស្រប​តាម​ច្បាប់​ព្រះ​នឹង​ជា​ការ​ស្រួល​ជាង សូម្បី​តែ​ក្នុង​កាលៈទេសៈ​ពិបាក​ក៏​ដោយ។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ​»។ (​អេភេសូរ ៥:៣៣​) ប៉ុន្តែ​ចុះ​បើ​ប្ដី​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ​ជា​អ្នក​នាំ​មុខ​នោះ? ព្រះ​គម្ពីរ​ទូន្មាន​ប្រពន្ធ​ថា​៖ ​«​ឯ​ពួក​ស្រី​ៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយ​សារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះ​បន្ទូល ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត​ខ្លាច​»។—ពេត្រុស​ទី១ ៣:១, ២, កំណែ​ជា​អក្សរ​ទ្រេត

១២​. ហេតុ​អ្វី​មិន​មែន​ជា​ការ​ខុស​បើ​ប្រពន្ធ​ប្រាប់​ពី​មតិ​របស់​ខ្លួន​ដោយ​ការ​គោរព​នោះ?

១២ មិន​ថា​ប្ដី​ជា​អ្នក​ជឿ​ឬ​មិន​ជឿ​ក៏​ដោយ បើ​ប្រពន្ធ​មាន​មតិ​ផ្សេង​ពី​ប្ដី​ហើយ​ប្រាប់​ពី​មតិ​ខ្លួន​ដោយ​ប្រើ​សំ​ដី​សប្បុរស នេះ​មិន​មាន​ន័យ​ថា​ប្រពន្ធ​ឥត​គោរព​ប្ដី​នោះ​ទេ។ ប្រហែល​ជា​មតិ​របស់​ប្រពន្ធ​គឺ​ត្រូវ ហើយ​ក្រុម​គ្រួសារ​ទាំង​មូល​អាច​ទទួល​ប្រយោជន៍​បើ​ស្ដាប់​តាម​មតិ​របស់​នាង។ ទោះ​ជា​អ័ប្រាហាំ​មិន​បាន​យល់​ព្រម​ពេល​ដែល​សារ៉ា​ជា​ប្រពន្ធ​បាន​ជូន​យោបល់​អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​មួយ​ក្នុង​គ្រួសារ​ក៏​ពិត​មែន តែ​ព្រះ​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា​៖ ​«​ត្រូវ​ស្ដាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ​»។ (​លោកុប្បត្តិ ២១:៩​-​១២​) ក៏​ប៉ុន្តែ​ពេល​ដែល​ប្ដី​សម្រេច​រួច​ហើយ និង​ការ​សម្រេច​ចិត្ត​នោះ​មិន​ខុស​នឹង​ច្បាប់​ព្រះ ប្រពន្ធ​អាច​បង្ហាញ​ថា​គាត់​ចុះ​ចូល​ដោយ​គាំ​ទ្រ​ការ​សម្រេច​នោះ។—កិច្ច​ការ ៥:២៩; អេភេសូរ ៥:២៤

១៣​. (​ក​) តើ​ទីតុស ២:៤, ៥ ទូន្មាន​ប្រពន្ធ​ឲ្យ​ធ្វើ​អ្វី? (​ខ​) តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ស្តី​អំពី​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​និង​ការ​លែង​លះ​គ្នា?

១៣ ក្នុង​ការ​បំពេញ​នាទី​របស់​ខ្លួន​នោះ មាន​អ្វី​ជា​ច្រើន​ដែល​ប្រពន្ធ​អាច​ធ្វើ​ដើម្បី​បី​បាច់​ថែ​រក្សា​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍​ព្រះ​គម្ពីរ​បង្ហាញ​ថា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ ត្រូវ​«​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់​ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី​»។ (​ទីតុស ២:៤, ៥​) ស្ត្រី​ដែល​ធ្វើ​ដូច្នេះ​ក្នុង​ការ​បំពេញ​នាទី​ជា​ប្រពន្ធ​ផង​ជា​ម្ដាយ​ផង​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​ហើយ​ការ​គោរព​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​គាត់។ (​សុភាសិត ៣១:១០, ២៨​) ក៏​ប៉ុន្តែ​ដោយ​សារ​អាពាហ៍ពិពាហ៍​ជា​សម្ព័ន្ធ​មេត្រី​រវាង​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ពីរ​នាក់​នោះ ប្រហែល​ជា​មាន​កាលៈទេសៈ​ខ្លះ​ដែល​ត្រូវ​រស់​នៅ​ដោយ​ឡែក​ពី​គ្នា​ឬ​លែង​លះ​គ្នា។ ព្រះ​គម្ពីរ​ឲ្យ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​កាលៈទេសៈ​ខ្លះ។ ក៏​ប៉ុន្តែ​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​មិន​មែន​ជា​រឿង​ស្រាល​នោះ​ទេ ដ្បិត​ព្រះ​គម្ពីរ​ជូន​ឱវាទ​ថា​៖ ​«​ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ . . . ហើយ​ស្វាមី​មិន​ត្រូវ​ចាក​ចេញ​ពី​ភរិយា​របស់​ខ្លួន​ដែរ​»។ (​កូរិនថូស​ទី១ ៧:១០, ១១, ព.ថ.​) ម្យ៉ាង​ទៀត ករណី​តែ​មួយ​គត់​ដែល​បទ​គម្ពីរ​ឲ្យ​លែង​លះ​គ្នា​នោះ គឺ​ក្នុង​ករណី​ដែល​គូ​អាពាហ៍ពិពាហ៍​ផិត​ក្បត់។—ម៉ាថាយ ១៩:៩

គំរូ​គ្រប់​ល័ក្ខណ៍​សំរាប់​មាតា​បិតា​ទាំង​ឡាយ

១៤​. តើ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​កូន​ក្មេង? តើ​កូន​ត្រូវ​ការ​អ្វី​ពី​មាតា​បិតា?

១៤ ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​គ្រប់​ល័ក្ខណ៍​សំរាប់​មាតា​បិតា​ទាំង​ឡាយ​ដោយ​សារ​របៀប​ទ្រង់​ប្រព្រឹត្ត​ចំពោះ​កូន​ក្មេង។ នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​ខំ​ឃាត់​កូន​ក្មេង​មិន​ឲ្យ​មក​ជួប​ព្រះ​យេស៊ូ​នោះ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ! កុំ​ឃាត់​វា​ឡើយ​»។ ព្រះ​គម្ពីរ​ចែង​ថា ពេល​នោះ​ទ្រង់​«​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង​»។ (​ម៉ាកុស ១០:១៣​-​១៦​) បើ​ព្រះ​យេស៊ូ​ចំណាយ​ពេល​ជា​មួយ​នឹង​កូន​ក្មេង អ្នក​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ​ចំពោះ​កូន​ប្រុស​ស្រី​របស់​អ្នក​ដែរ មែន​ទេ? កូន​មិន​ត្រូវ​ការ​អ្នក​ចំណាយ​ពេល​បន្ដិច​បន្តួច​ម្ដង​ម្កាល​ជា​មួយ​នឹង​ពួក​គេ​នោះ​ទេ តែ​ត្រូវ​ការ​ឲ្យ​អ្នក​ចំណាយ​ពេល​យ៉ាង​ច្រើន​ជា​មួយ​នឹង​ពួក​គេ​វិញ។ អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​បង្រៀន​ពួក​គេ ដ្បិត​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​មាតា​បិតា​ធ្វើ​ដូច្នេះ។—ចោទិយកថា ៦:៤​-​៩

១៥​. តើ​មាតា​បិតា​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​កូន​របស់​ខ្លួន?

១៥ ដោយ​សារ​លោកីយ៍​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ កូន​ត្រូវ​ការ​មាតា​បិតា​ការពារ​ពួក​គេ​ពី​ជន​ណា​ដែល​មាន​បំណង​ចង់​ធ្វើ​អាក្រក់ ដូច​ជា​អ្នក​ដែល​រក​កុមារា​កុមារី​សំរាប់​ទាញ​យក​ផល​ចំណេញ​ខាង​ផ្លូវ​ភេទ។ សូម​ពិចារណា​នូវ​របៀប​ព្រះ​យេស៊ូ​បាន​ការពារ​សិស្ស​របស់​ទ្រង់ ដែល​សិស្ស​ទាំង​នោះ​ទ្រង់​ធ្លាប់​ហៅ​ដោយ​ក្ដី​ស្រឡាញ់​ថា​«​កូន​»។ ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​ចាប់​បម្រុង​នឹង​នាំ​ទៅ​ធ្វើ​គុត​នោះ ទ្រង់​រៀប​ផ្លូវ​ឲ្យ​សិស្ស​របស់​ទ្រង់​អាច​រួច​ខ្លួន​បាន។ (​យ៉ូហាន ១៣:៣៣; ១៨:៧​-​៩​) ក្នុង​នាម​ជា​មាតា​បិតា អ្នក​ត្រូវ​ចេះ​សម្គាល់​វិធី​ផ្សេង​ៗ​ដែល​អារក្ស​ខំ​ធ្វើ​អាក្រក់​ចំពោះ​កូន​របស់​អ្នក។ អ្នក​ត្រូវ​តែ​ព្រមាន​កូន​ទុក​ជា​មុន។ (​ពេត្រុស​ទី១ ៥:៨​) គ្មាន​ពេល​ណា​មួយ​ដែល​កូន​អាច​ជួប​គ្រោះ​ថ្នាក់​ខាង​ផ្លូវ​កាយ ខាង​វិញ្ញាណ និង​ខាង​សីលធម៌​ជាង​ពេល​ឥឡូវ​នេះ​ទេ។

១៦​. តើ​មាតា​បិតា​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​សិស្ស​ទ្រង់​ដែល​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍?

១៦ នៅ​យប់​មុន​ដែល​ព្រះ​យេស៊ូ​សោយ​ទិវង្គត សិស្ស​របស់​ទ្រង់​បាន​ឈ្លោះ​គ្នា​អំពី​អ្នក​ណា​គឺ​ធំ​ជាង​គេ។ ជា​ជាង​ខឹង​នឹង​ពួក​គេ ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​បន្ត​ព្យាយាម​ជួយ​ពួក​គេ​កែ​ប្រែ​តាម​រយៈ​គំរូ​និង​បន្ទូល​របស់​ទ្រង់។ (​លូកា ២២:២៤​-​២៧; យ៉ូហាន ១៣:៣​-​៨​) បើ​អ្នក​ជា​មាតា​ឬ​បិតា តើ​អាច​ឃើញ​នូវ​វិធី​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ក្នុង​របៀប​អ្នក​ប្រដៅ​កូន​ទេ? ពិត​ណាស់​ថា​កូន​ត្រូវ​ការ​នូវ​ការ​ប្រដៅ​មែន ប៉ុន្តែ​អ្នក​ត្រូវ​ប្រដៅ​កូន​«​តាម​ខ្នាត​»​ត្រឹម​ត្រូវ​វិញ ហើយ​មិន​ត្រូវ​ប្រដៅ​ដោយ​កំហឹង​នោះ​ទេ។ អ្នក​មិន​គួរ​និយាយ​ដោយ​ឥត​គិត​«​ដូច​ជា​ចាក់​ដោយ​ដាវ​»​ឡើយ។ (​យេរេមា ៣០:១១; សុភាសិត ១២:១៨​) អ្នក​គួរ​ប្រដៅ​កូន​តាម​វិធី​ដែល​នឹង​នាំ​ឲ្យ​កូន​យល់​ឃើញ​ក្រោយ​មក​ថា ការ​ប្រដៅ​នោះ​គឺ​សមរម្យ​មែន។—អេភេសូរ ៦:៤; ហេព្រើរ ១២:៩​-​១១

គំរូ​សំរាប់​កូន​ទាំង​ឡាយ

១៧​. តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ល្អ​សំរាប់​កូន​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច?

១៧ តើ​កូន​ទាំង​ឡាយ​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេស៊ូ​បាន​ដែរ​ឬ​ទេ? អាច​រៀន​បាន​មែន! ដោយ​គំរូ​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ដឹង​របៀប​កូន​គួរ​ស្ដាប់​បង្គាប់​មាតា​បិតា។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះ​វរបិតា​បាន​បង្រៀន​ខ្ញុំ​»។ ទ្រង់​ក៏​មាន​បន្ទូល​បន្ថែម​ថា​៖ ​«​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ជា​ដរាប​»។ (​យ៉ូហាន ៨:២៨, ២៩​) ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​ក្មេង​ៗ​ថា​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់​មាតា​បិតា។ (​អេភេសូរ ៦:១​-​៣​) ទោះ​ជា​ព្រះ​យេស៊ូ​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ទ្រង់​បាន​ស្ដាប់​បង្គាប់​យ៉ូសែប​និង​ម៉ារា​ជា​មាតា​បិតា​របស់​ទ្រង់​ដែល​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ នោះ​ប្រាកដ​ជា​បាន​ជួយ​ធ្វើ​ឲ្យ​សមាជិក​គ្រប់​រូប​ក្នុង​ក្រុម​គ្រួសារ​ព្រះ​យេស៊ូ​បាន​សប្បាយ!—លូកា ២:៤, ៥, ៥១, ៥២

១៨​. ហេតុ​អ្វី​ព្រះ​យេស៊ូ​តែង​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​ទ្រង់? តើ​សព្វ​ថ្ងៃ​នេះ​អ្នក​ណា​ខ្លះ​សប្បាយ​ពេល​កូន​ស្ដាប់​បង្គាប់​មាតា​បិតា?

១៨ តើ​កូន​អាច​យល់​ឃើញ​នូវ​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​តាម​គំរូ​ព្រះ​យេស៊ូ​ច្រើន​ជាង ហើយ​ធ្វើ​ឲ្យ​មាតា​បិតា​សប្បាយ​ទេ? ពិត​មែន​ដែល​ជួន​កាល​យុវជន​ប្រហែល​ជា​ពិបាក​ស្ដាប់​បង្គាប់​មាតា​បិតា។ ប៉ុន្តែ​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់​មាតា​បិតា។ (​សុភាសិត ១:៨; ៦:២០​) ព្រះ​យេស៊ូ​តែង​តែ​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​ទ្រង់​នៅ​ស្ថាន​សួគ៌ សូម្បី​តែ​ស្ថិត​ក្នុង​ពេល​ពិបាក​ក៏​ដោយ។ មាន​គ្រា​មួយ​ដែល​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​ដ៏​ពិបាក​ធ្វើ​ណាស់​ចំពោះ​ព្រះ​យេស៊ូ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​សូម​យក​ពែង​នេះ[​អ្វី​មួយ​ដែល​ព្រះ​តម្រូវ​ឲ្យ​ធ្វើ​]ចេញ​ពី​ទូល​បង្គំ​ទៅ​»។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​ព្រះ​តម្រូវ ពី​ព្រោះ​ទ្រង់​ទទួល​ស្គាល់​ថា​ព្រះ​វរបិតា​របស់​ទ្រង់​ជ្រាប​ពី​ទង្វើ​ណា​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ករណី​នោះ។ (​លូកា ២២:៤២​) ដោយ​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​នោះ កូន​អាច​ធ្វើ​ឲ្យ​មាតា​បិតា​និង​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​សប្បាយ​គ្រប់​គ្រា។a—សុភាសិត ២៣:២២​-​២៥

១៩​. (​ក​) តើ​សាតាំង​ល្បួង​កូន​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​ខ​) ពេល​ដែល​កូន​ប្រព្រឹត្ត​អាក្រក់ តើ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មាតា​បិតា?

១៩ អារក្ស​បាន​ល្បួង​ព្រះ​យេស៊ូ ហើយ​យើង​អាច​ប្រាកដ​ថា​វា​នឹង​ខំ​ល្បួង​យុវជន​ឲ្យ​ធ្វើ​ខុស​ដែរ។ (​ម៉ាថាយ ៤:១​-​១០​) អារក្ស​សាតាំង​អាច​ប្រើ​ការ​បង្ខិត​បង្ខំ​ពី​មិត្ត​ភក្ដិ។ នេះ​ជា​អ្វី​មួយ​ដែល​ពិបាក​បដិសេធ​ណាស់។ ហេតុ​នេះ​ហើយ​គឺ​ជា​ការ​សំខាន់​ដែល​កូន​មិន​សេពគប់​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់! (​កូរិនថូស​ទី១ ១៥:​៣៣​) កូន​ស្រី​របស់​យ៉ាកុប​ឈ្មោះ​ឌីណា​បាន​សេពគប់​មនុស្ស​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​បញ្ហា​យ៉ាង​ធំ។ (​លោកុប្បត្តិ ៣៤:១, ២​) សូម​គិត​អំពី​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ឈឺ​ចាប់​ប៉ុន​ណា​បើ​សមាជិក​ម្នាក់​ធ្វើ​អំពើ​អសីលធម៌​ខាង​កាម!—សុភាសិត ១៧:២១, ២៥

គន្លឹះ​នៃ​សុភមង្គល​គ្រួសារ

២០​. ដើម្បី​មាន​សុភមង្គល​ក្នុង​ជីវភាព​គ្រួសារ តើ​សមាជិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី?

២០ ពេល​ដែល​ធ្វើ​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ នេះ​ធ្វើ​ឲ្យ​បញ្ហា​គ្រួសារ​ស្រួល​ដោះ​ស្រាយ​ជាង។ តាម​ពិត ការ​ធ្វើ​តាម​ឱវាទ​នោះ​ជា​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ ដូច្នេះ​ប្ដី​ទាំង​ឡាយ​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ហើយ​ប្រព្រឹត្ត​លើ​នាង​ដូច​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជំនុំ។ ប្រពន្ធ​ទាំង​ឡាយ​អើយ! ចូរ​ចុះ​ចូល​ចំពោះ​ការ​នាំ​មុខ​របស់​ប្ដី​ហើយ​ធ្វើ​តាម​គំរូ​របស់​ប្រពន្ធ​ល្អ​ដែល​រៀប​រាប់​នៅ​សុភាសិត ៣១:១០​-​៣១។ មាតា​បិតា​ទាំង​ឡាយ​អើយ! ចូរ​អប់រំ​កូន​របស់​អ្នក។ (​សុភាសិត ២២:៦​) បិតា​រាល់​គ្នា​អើយ! ចូរ​«​ត្រួត​ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួលបួល​»។ (​ធីម៉ូថេ​ទី១ ៣:៤, ៥; ៥:៨​) ហើយ​កូន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​បង្គាប់​មាតា​បិតា។ (​កូល៉ុស ៣:២០​) គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ដែល​គ្រប់​ល័ក្ខណ៍​ឡើយ ដ្បិត​សមាជិក​គ្រប់​រូប​ជួន​កាល​ធ្វើ​ខុស។ ហេតុ​នេះ​ចូរ​មាន​ចិត្ត​រាប​ទាប​ហើយ​សុំ​ការ​អត់​ឱន​ទោស​គ្នា​ទៅ​វិញ​ទៅ​មក។

២១​. តើ​យើង​មាន​លទ្ធភាព​ទទួល​បាន​អ្វី​ដ៏​អស្ចារ្យ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ? តើ​ឥឡូវ​នេះ​យើង​អាច​មាន​ជីវភាព​គ្រួសារ​ដ៏​សប្បាយ​យ៉ាង​ដូច​ម្ដេច?

២១ ពិត​មែន​ថា ព្រះ​គម្ពីរ​មាន​ឱវាទ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​ជីវភាព​គ្រួសារ។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​ពិភព​លោក​ថ្មី​របស់​ព្រះ​និង​សួន​មនោ​រម្យ​នៅ​ផែន​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​សប្បាយ​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (​វិវរណៈ ២១:៣, ៤​) យើង​នឹង​ទទួល​បាន​អ្វី​ដែល​ពិត​ជា​អស្ចារ្យ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ! សូម្បី​តែ​ឥឡូវ​នេះ យើង​អាច​សប្បាយ​នឹង​ជីវភាព​គ្រួសារ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។

[កំណត់​សម្គាល់]

a ក្នុង​ករណី​មាតា​បិតា​សុំ​កូន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ព្រះ ទើប​ជា​ការ​ត្រឹម​ត្រូវ​ដែល​កូន​មិន​ស្ដាប់​បង្គាប់​មាតា​បិតា។—កិច្ច​ការ ៥:២៩

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ប្ដី​ត្រូវ​តែ​ស្រឡាញ់​ប្រពន្ធ​ដូច​ជា​ស្រឡាញ់​រូប​កាយ​ខ្លួន។—អេភេសូរ ៥:២៥​-​២៩

▪ ប្រពន្ធ​ត្រូវ​ស្រឡាញ់​ក្រុម​គ្រួសារ​និង​គោរព​ប្ដី។—ទីតុស ២:៤, ៥

▪ មាតា​បិតា​ត្រូវ​តែ​ស្រឡាញ់ អប់រំ និង​ការពារ​កូន​របស់​ខ្លួន។—ចោទិយកថា ៦:៤​-​៩

▪ កូន​ត្រូវ​ស្ដាប់​បង្គាប់​មាតា​បិតា។—​អេភេសូរ ៦:១​-​៣

[រូប​ភាព​នៅ​ទំព័រ​១៥៩]

តើ​សារ៉ា​បាន​ទុក​គំរូ​ល្អ​អ្វី​សំរាប់​ប្រពន្ធ​ទាំង​ឡាយ?

[រូប​ភាព​នៅ​ទំព័រ​១៦០]

តើ​មាតា​បិតា​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​កូន​ក្មេង?

[រូប​ភាព​នៅ​ទំព័រ​១៦៤]

តើ​យុវជន​គួរ​គិត​អំពី​អ្វី​ពេល​ដែល​ពួក​គេ​ត្រូវ​ល្បួង?

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក