៧១
ព្រះសន្យានឹងធ្វើសួនមនោរម្យ
នេះជារូបភាពនៃសួនមនោរម្យ ដែលព្រះប្រហែលជាបានបង្ហាញដល់ព្យាការីរបស់ទ្រង់ម្នាក់ ឈ្មោះអេសាយ។ លោកអេសាយបានរស់នៅ មិនយូរប៉ុន្មានក្រោយពីយ៉ូណាសបានស្លាប់ទៅ។
សួនមនោរម្យមានន័យថា«សួនច្បារ»ឬ«ឧទ្យាន»។ តើសួនមនោរម្យនេះធ្វើឲ្យអ្នកនឹកចាំពីអ្វីមួយដែលយើងបានឃើញរួចមកហើយ នៅក្នុងសៀវភៅនេះទេ? សួនមនោរម្យនេះ មើលទៅដូចនឹងសួនច្បារដ៏ល្អបំព្រងដែលព្រះយេហូវ៉ាបានធ្វើសំរាប់អ័ដាមនិងនាងអេវ៉ា មែនទេ? ប៉ុន្តែ តើផែនដីទាំងមូលនឹងទៅជាសួនមនោរម្យបានទេ?
ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ព្យាការីអេសាយឲ្យកត់ទុកអំពីសួនមនោរម្យថ្មី ដែលនឹងមាននៅពេលខាងមុខ សំរាប់ប្រជាជនព្រះ។ ទ្រង់បានមានបន្ទូលថា៖ ‹ឆ្កែព្រៃនិងនៅជាមួយនឹងកូនចៀមដោយសុខ។ ឯកូនគោនឹងសិង្ហស្ទាវនឹងរកស៊ីជាមួយគ្នា ហើយក្មេងតូចៗជាអ្នកមើលថែរក្សាវា។ សូម្បីតែកូនក្មេងតូចៗនឹងលេងនៅជិតពស់មានពិស ហើយឥតមានគ្រោះថ្នាក់អ្វីឡើយ›។
មនុស្សជាច្រើននឹងនិយាយថា៖ ‹ការនេះមិនអាចកើតមានឡើងទេ។ វាតែងតែមានបញ្ហានៅលើផែនដីតាំងពីយូរមក ហើយក៏នឹងនៅតែមានទៀតជានិច្ច›។ ប៉ុន្តែ សូមពិចារណាមើល៖ តើព្រះបានប្រទានឲ្យទីលំនៅប្រភេទណាដល់អ័ដាមនិងនាងអេវ៉ានោះ?
ព្រះបានដាក់អ័ដាមនិងនាងអេវ៉ានៅក្នុងសួនមនោរម្យមួយ។ គឺដោយសារតែពួកគេមិនគោរពតាមព្រះ បានជាពួកគេបាត់បង់ទីលំនៅដ៏ស្អាតរបស់គេនោះ ហើយក៏ទៅជាចាស់ជរារហូតដល់ស្លាប់។ ព្រះសន្យាថា ទ្រង់នឹងប្រទានឲ្យមនុស្សណាដែលស្រឡាញ់ទ្រង់ នូវអ្វីៗដែលអ័ដាមនិងនាងអេវ៉ាបានបាត់បង់នោះ។
នៅក្នុងសួនមនោរម្យថ្មីដែលនឹងមាននៅពេលខាងមុខនេះ គ្មានអ្វីនឹងធ្វើឲ្យឈឺចុកចាប់ឬបំផ្លាញចោលឡើយ។ នៅគ្រានោះ នឹងមានសន្ដិភាពដ៏ល្អគ្រប់ល័ក្ខណ៍។ មនុស្សទាំងអស់នឹងមានសុខភាពល្អហើយសប្បាយរីករាយ។ នេះនឹងបានដូចពីកាលដែលព្រះមានព្រះហឫទ័យចង់បានពីដើមមកអញ្ចឹង។ ប៉ុន្តែ ពេលក្រោយទៀត យើងនឹងរៀនអំពីរបៀបដែលព្រះនឹងធ្វើឲ្យមានការនេះឡើង។
អេសាយ ១១:៦-៩; វិវរណៈ ២១:៣, ៤