បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៣ ទំ. ១២-១៧
  • ការការពារសេចក្ដីជំនឿរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការការពារសេចក្ដីជំនឿរបស់យើង
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា»
  • ពេល​សំរាប់​នៅ​ស្ងៀម ពេល​សំរាប់​និយាយ
  • ចុះ​យ៉ាង​ណា​វិញ ចំពោះ​ការ​ផ្សាយ​ជា​សាធារណៈ​ដ៏​បង្កាច់​បង្ខូច?
  • ការ​ការ​ពារ​ដំណឹង​ល្អ​ដោយ​តាម​រយៈ​ច្បាប់
  • បានត្រូវគេស្អប់ដោយព្រោះសេចក្ដីជំនឿរបស់គេ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកពិតឬទេ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើអ្នកជឿជាក់ថាអ្នកមានសេចក្ដីពិតឬទេ? ហេតុអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ត្រូវគេស្អប់ដោយឥតហេតុ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៣ ទំ. ១២-១៧

ការ​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង

«ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជា​និច្ច . . . ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា»។—ពេត្រុស​ទី​១ ៣:១៥

១, ២. ហេតុ​អ្វី​បាន​ជា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​មាន​ការ​ប្រឆាំង ក៏​ប៉ុន្តែ​តើ​ពួក​គេ​ប្រាថ្នា​អ្វី?

នៅ​ប្រទេស​ភាគ​ច្រើន ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កិត្ដិសព្ទ​ជា​មនុស្ស​ទៀង​ត្រង់ ហើយ​ដែល​ប្រកប​ដោយ​សីលធម៌។ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ជា​អ្នក​ជិត​ខាង​ល្អ ហើយ​មិន​បង្ក​រឿង​ទេ។ ក៏​ប៉ុន្តែ ជា​រឿង​ដែល​មិន​សម​ហេតុ​សម​ផល ដែល​គ្រីស្ទាន​ទាំង​នេះ ដែល​ស្រឡាញ់​សន្ដិភាព បាន​រង​ការ​បៀត​បៀន​ដ៏​អយុត្ដិធម៌​ក្នុង​ពេល​សន្ដិភាព​និង​ពេល​សង្គ្រាម​ដែរ។ ពួក​គេ​មិន​ភ្ញាក់​ផ្អើល​ដោយ​សារ​ការ​ប្រឆាំង​បែប​នេះ។ តាម​ការ​ពិត គេ​យល់​ថា​ការ​ប្រឆាំង​នឹង​កើត​មាន​ឡើង ពី​ព្រោះ​គេ​ដឹង​ថា​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​នៅ​សតវត្ស​ទី​មួយ ស.យ. ជា‹អ្នក​ដែល​បាន​ត្រូវ​គេ​ស្អប់›។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ព្យាយាម​ធ្វើ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ដ៏​ពិត គួរ​សង្ឃឹម​ថា​មនុស្ស​នឹង​ប្រព្រឹត្ត​ខុស​គ្នា​ចំពោះ​គេ? (ម៉ាថាយ ១០:២២) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​បាន​ចែង​ថា៖ «ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត​បៀន​ដែរ»។—ធីម៉ូថេ​ទី​២ ៣:១២

២ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ស្វែង​រក​សេចក្ដី​បៀត​បៀន​ទេ ឬ​ក៏​អរ​សប្បាយ​នឹង​ការ​លំបាក​លំបិន​ដែរ ដូច​ជា​ការ​ពិន័យ ការ​ដាក់​គុក ឬ​ក៏​ការ​រង​ការ​ប្រព្រឹត្ត​ដ៏​កាច​សាហាវ។ ពួក​គេ​ប្រាថ្នា «នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ» ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​គ្មាន​ឧបសគ្គ។ (ធីម៉ូថេ​ទី​១ ២:១, ២) ពួក​គេ​ដឹង​គុណ​នៃ​សេរី​ភាព​របស់​គេ​ខាង​សាសនា ហើយ​ដោយ​យក​ចិត្ត​ទុក​ដាក់ គេ​បណ្ដាល​ឲ្យ​មាន«មេត្រី​នឹង​មនុស្ស​ទាំង​អស់» រួម​បញ្ចូល​ពួក​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​របស់​មនុស្ស ដល់​កំរិត​ដែល​អាច​ធ្វើ​បាន។ (រ៉ូម ១២:១៨; ១៣:១​-​៧) បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​គេ គឺ​ជា‹អ្នក​ដែល​ត្រូវ​មនុស្ស​ស្អប់›?

៣. តើ​អ្វី​ជា​ហេតុ​មួយ​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ត្រូវ​គេ​ស្អប់​ដោយ​អយុត្ដិធម៌?

៣ ជា​បឋម ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​មនុស្ស​ស្អប់​ដោយ​អយុត្ដិធម៌ សំរាប់​ហេតុ​ដដែល​មនុស្ស​បាន​បៀត​បៀន​ពួក​គ្រីស្ទាន​នៅ​សម័យ​ដើម។ ទី​មួយ​គឺ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​តាម​ជំនឿ​សាសនា​របស់​គេ តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​គ្មាន​ចំណូល​ចិត្ត។ ឧទាហរណ៍ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រកាស​ប្រាប់​យ៉ាង​ឧស្សាហ៍​នូវ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ មនុស្ស​តែង​តែ​យល់​ច្រឡំ​ពី​សេចក្ដី​ឧស្សាហ៍​របស់​គេ ហើយ​មើល​ឃើញ​ការ​ប្រកាស​របស់​គេ​ជា «ការ​បង្ខិត​បង្ខំ​ឲ្យ​ដូរ​សាសនា»។ (ប្រៀប​មើល កិច្ច​ការ ៤:១៩, ២០) ពួក​គេ​ក៏​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​និង​សង្គ្រាម​នៃ​សាសន៍​នានា ហើយ​ជួន​កាល​មនុស្ស​បាន​គិត​នេះ​មាន​ន័យ​ថា ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​ពលរដ្ឋ​ដែល​មិន​ស្មោះ​ត្រង់។—មីកា ៤:៣, ៤

៤, ៥. (ក) ហេតុ​យ៉ាង​ដូច​ម្ដេច​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ទៅ​ជា​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ដ៏​មិន​ពិត? (ខ) តើ​អ្នក​ណា​ដែល​ច្រើន​តែ​អុជ​អាល​ឲ្យ​មាន​ការ​បៀត​បៀន​អ្នក​បំរើ​ព្រះ​យេហូវ៉ា?

៤ ទី​ពីរ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រង​ការ​ចោទ​ប្រកាន់​ដ៏​មិន​ពិត ជា​ពាក្យ​ភូត​ឥត​ខ្មាស ហើយ​ការ​មួល​បង្កាច់​នូវ​ជំនឿ​របស់​គេ។ ជា​លទ្ធផល គេ​បាន​ត្រូវ​ពាធា​ដ៏​ឥត​ត្រឹម​ត្រូវ​ក្នុង​ប្រទេស​ខ្លះ។ ថែម​ទៀត​នោះ ដោយ​ព្រោះ​ពួក​គេ​ស្វែង​រក​ការ​ព្យាបាល​ដោយ​មិន​ប្រើ​ឈាម ដែល​ស្រប​តាម​សេចក្ដី​ប្រាថ្នា​របស់​គេ​ដើម្បី​ធ្វើ​តាម​បញ្ជា​ព្រះ​គម្ពីរ​ដែល​ថា ‹ជៀស​ពី​ឈាម› នោះ​គេ​បាន​ត្រូវ​មនុស្ស​រាប់​ទុក​គេ​ជា «អ្នក​សម្លាប់​កូន​ក្មេង» ហើយ «និកាយ​ដែល​ធ្វើ​អត្តឃាត»។ (កិច្ច​ការ ១៥:២៩) ក៏​ប៉ុន្តែ ហេតុ​ការណ៍​ពិត​គឺ​ថា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដាក់​តម្លៃ​ខ្ពង់​ខ្ពស់​លើ​ជីវិត ហើយ​គេ​ខិត​ខំ​រក​ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សំរាប់​ខ្លួន​គេ​ព្រម​ទាំង​កូន​របស់​គេ​ដែរ។ ការ​ចោទ​ប្រកាន់​ដែល​ថា ពួក​កូន​ជា​ច្រើន​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ស្លាប់​រៀង​រាល់​ឆ្នាំ ដោយ​ការ​បដិសេធ​ការ​បញ្ចូល​ឈាម គឺ​ជា​ចំណោទ​មួយ​ដែល​គ្មាន​ភស្តុ​តាង។ ម្យ៉ាង​ទៀត​នោះ ពី​ព្រោះ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​គ្មាន​អនុ​ភាព​ដូច​គ្នា​លើ​សមាជិក​គ្រួសារ​ទាំង​អស់ ពួក​ស្មរបន្ទាល់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា គេ​បំបាក់​បំបែក​គ្រួសារ។ ក៏​ប៉ុន្តែ អ្នក​ដែល​ស្គាល់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដឹង​ថា​ពួក​គេ​មាន​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ជីវភាព​គ្រួសារ ហើយ​ដែល​គេ​ខិត​ខំ​ធ្វើ​តាម​វិន័យ​ព្រះ​គម្ពីរ ដែល​តម្រូវ​ឲ្យ​ប្ដី​និង​ប្រពន្ធ​ស្រឡាញ់​ទាំង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​តម្រូវ​ឲ្យ​កូន​ស្ដាប់​តាម​ឪពុក​ម្ដាយ​ផង ទោះ​បី​ពួក​គេ​ជា​អ្នក​ជឿ​ឬ​ក៏​មិន​ជឿ​ក៏​ដោយ។—អេភេសូរ ៥:២១–៦:៣

៥ អ្នក​ដែល​អុជ​អាល​ឲ្យ​មាន​ការ​បៀត​បៀន​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ច្រើន​តែ​អ្នក​ប្រឆាំង​ពី​សាសនា​ដទៃ ដែល​ប្រើ​អនុ​ភាព​របស់​គេ​ចំពោះ​អាជ្ញាធរ​នយោបាយ ហើយ​និង​ប្រព័ន្ធ​ផ្សាយ​ពត៌មាន ដើម្បី​ខិត​ខំ​បង្ក្រាប​សកម្មភាព​របស់​ពួក​ស្មរបន្ទាល់។ តើ​យើង​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ប្រឆាំង​បែប​នេះ ទោះ​បី​ការ​ប្រឆាំង​នោះ​គឺ​ដោយ​សារ​ជំនឿ​និង​ការ​ប្រព្រឹត្ត ឬ​ក៏​ការ​ចោទ​ប្រកាន់​ដ៏​មិន​ពិត​ក៏​ដោយ?

«ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា»

៦. ហេតុ​អ្វី​បាន​ជា​សំខាន់ ដើម្បី​មាន​តុល្យភាព​ក្នុង​ទស្សនៈ​របស់​យើង ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន?

៦ មុន​បង្អស់ យើង​ត្រូវ​តែ​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​ដូច​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ចំពោះ​អ្នក​ដែល​គ្មាន​ជំនឿ​ដូច​យើង។ បើ​មិន​អីចឹង យើង​អាច​នាំ​ឲ្យ​មាន​ប្រទូស​ភាព​ឬ​ក៏​ការ​តិះ​ដៀល​ពី​អ្នក​ដទៃ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា»។ (ភីលីព ៤:៥) ដូច្នេះ ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​តុល្យភាព​ក្នុង​ទស្សនៈ​របស់​យើង ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន។

៧. តើ​ការ​រក្សា​ខ្លួន «មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ» រួម​បញ្ចូល​អ្វី?

៧ នៅ​មួយ​ផ្នែក ព្រះ​គម្ពីរ​ទូន្មាន​យ៉ាង​ជាក់​លាក់​ឲ្យ​យើង «រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។ (យ៉ាកុប ១:២៧; ៤:៤) ដូច​នៅ​កន្លែង​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ ពាក្យ​ពេចន៍​ដែល​ថា«លោកីយ៍»នោះ សំដៅ​ទៅ​លើ​មនុស្ស​លោក​ជា​ក្រុម ដែល​នៅ​ដាច់​ឡែក​ពី​ពួក​គ្រីស្ទាន​ពិត។ យើង​រស់​នៅ​ក្នុង​ចំណោម​សង្គម​មនុស្ស​នោះ។ យើង​ទាក់​ទង​គេ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ហើយ​នៅ​ក្នុង​សហគមន៍។ (យ៉ូហាន ១៧:១១, ១៥; កូរិនថូស​ទី​១ ៥:៩, ១០) ក៏​ប៉ុន្តែ យើង​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ ដោយ​ការ​បដិសេធ​នូវ​អាកប្បកិរិយា ពាក្យ​សំដី ហើយ​និង​ចរិយា​ដែល​ខុស​នឹង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ព្រះ។ ការ​ស្គាល់​គ្រោះ​ថ្នាក់​នៃ​ការ​សេព​គប់​នឹង​លោកីយ៍​នេះ គឺ​ជា​ការ​សំខាន់​ដែរ ជា​ពិសេស​ការ​សេព​គប់​នឹង​អ្នក ដែល​បង្ហាញ​ការ​បដិសេធ​ចោល​នូវ​ខ្នាត​គំរូ​របស់​ព្រះ​យេហូវ៉ា។—សុភាសិត ១៣:២០

៨. ហេតុ​អ្វី​បាន​ជា​ដំបូន្មាន​ដើម្បី​ឲ្យ​យើង រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ មិន​ឲ្យ​យើង​មាន​ហេតុ​សំរាប់​ការ​មើល​ងាយ​អ្នក​ដទៃ?

៨ ក៏​ប៉ុន្តែ ដំបូន្មាន​នោះ ដើម្បី​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ មិន​ឲ្យ​យើង​មាន​ហេតុ​សំរាប់​ការ​និយាយ​មើល​ងាយ អំពី​អ្នក​ដែល​មិន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ។ (សុភាសិត ៨:១៣) សូម​នឹក​ចាំ​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា ដែល​យើង​បាន​ពិភាក្សា​ក្នុង​អត្ថបទ​មុន។ ទ្រង់​ទ្រាយ​សាសនា​ដែល​អ្នក​ដឹក​នាំ​នោះ​បាន​បណ្ដុះ​បណ្ដាល មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ឬ​ក៏​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជា​សាសន៍​យូដា​ទេ។ (ម៉ាថាយ ២១:៤៣, ៤៥) ដោយ​ដំកើង​ទស្សនៈ​របស់​គេ នោះ​គេ​បាន​មើល​ងាយ​អ្នក​សាសន៍​ដទៃ។ យើង​មិន​មាន​ទស្សនៈ​ដ៏​រាក់​កំផែល​នេះ​ទេ ដែល​ប្រព្រឹត្ត​មើល​ងាយ​មនុស្ស​ដែល​មិន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដូច​សាវ័ក​ប៉ុល នោះ​យើង​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​ឮ​សារ​ព្រះ​គម្ពីរ​នៃ​សេចក្ដី​ពិត​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​ដែរ។—កិច្ច​ការ ២៦:២៩; ធីម៉ូថេ​ទី​១ ២:៣, ៤

៩. តើ​ទស្សនៈ​ដ៏​ស្រប​តាម​ព្រះ​គម្ពីរ ហើយ​ដែល​ប្រកប​ដោយ​តុល្យភាព គួរ​មាន​អនុ​ភាព​អ្វី​លើ​របៀប​ដែល​យើង​និយាយ​ពី​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ពី​យើង?

៩ ទស្សនៈ​មួយ​ដែល​ប្រកប​ដោយ​តុល្យភាព ហើយ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ គួរ​មាន​អនុ​ភាព​លើ​របៀប​យើង​និយាយ​អំពី​អ្នក​ដែល​មិន​ជា​ស្មរបន្ទាល់។ ប៉ុល​បាន​ប្រាប់​ទីតុស​ឲ្យ​រំឭក​ពួក​គ្រីស្ទាន​នៅ​កោះ​គ្រិត «មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត​បូត ទាំង​សម្ដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង»។ (ទីតុស ៣:២) សូម​កត់​សម្គាល់​ថា ពួក​គ្រីស្ទាន «មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា» សូម្បី​តែ​អំពី​អ្នក​ដែល​មិន​ជា​គ្រីស្ទាន​នៅ​កោះ​គ្រិត ដែល​គេ​ខ្លះ​មាន​ឈ្មោះ​ល្បី​ជា​អ្នក​ភូត​ភរ អ្នក​ល្មោភ​ស៊ី ហើយ​អ្នក​ខ្ជិល​ច្រអូស​ក៏​ដោយ។ (ទីតុស ១:១២) ដូច្នេះ ការ​ប្រើ​ពាក្យ​ដែល​បង្អាប់​នៅ​ពេល​យើង​និយាយ​អំពី​អ្នក​ដែល​គ្មាន​ជំនឿ​ដូច​យើង គឺ​ខុស​នឹង​ព្រះ​គម្ពីរ។ អាកប្បកិរិយា​ដ៏​ខ្ពង់​ខ្ពស់​ជាង​គេ​បែប​នេះ នឹង​មិន​ទាក់​ទាញ​មនុស្ស​មក​ដល់​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស តាម​គោល​ការណ៍​របស់​ព្រះ​បន្ទូល​ដ៏​សម​ហេតុ​ផល​របស់​ព្រះ​យេហូវ៉ា យើង«តាក់​តែង​សេចក្ដី​បង្រៀន»របស់​ព្រះ។—ទីតុស ២:១០

ពេល​សំរាប់​នៅ​ស្ងៀម ពេល​សំរាប់​និយាយ

១០, ១១. ហេតុ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ទ្រង់​ដឹង​ពេល​ណា​ជា (ក) ‹នៅ​ស្ងៀម›? (ខ) «ពេល​សំរាប់​និយាយ»?

១០ សាស្ដា ៣:៧​ប្រាប់​ថា មាន​ពេល​សំរាប់​នៅ«ស្ងៀម​ហើយ​ពេល​សំរាប់​និយាយ»។ នៅ​ត្រង់​នេះ​មាន​ការ​ពិបាក គឺ​ជា​ការ​សម្រេច​ថា ពេល​ណា​ដែល​គួរ​ធ្វើ​ព្រងើយ​ចំពោះ​អ្នក​ប្រឆាំង ហើយ​ពេល​ណា​ដែល​គួរ​និយាយ​ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង។ យើង​អាច​រៀន​បាន​ច្រើន​ពី​មនុស្ស​ម្នាក់ ដែល​តែង​តែ​មាន​សមត្ថភាព​វិនិច្ឆ័យ​យ៉ាង​ល្អ​ឥត​ខ្ចោះ បុគ្គល​នេះ​គឺ​ព្រះ​យេស៊ូ។ (ពេត្រុស​ទី​១ ២:២១) ទ្រង់​បាន​ដឹង​ពេល​ណា «ដែល​គួរ​ស្ងៀម»។ ឧទាហរណ៍ ពេល​ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​បាន​ចោទ​ប្រកាន់​ទ្រង់​នៅ​មុខ​លោក​ពីឡាត់ ព្រះ​យេស៊ូ «មិន​បាន​មាន​បន្ទូល​ឆ្លើយ​សោះ»។ (ម៉ាថាយ ២៧:១១​-​១៤) ទ្រង់​មិន​ចង់​មាន​បន្ទូល​ណា​ដែល​នឹង​រំខាន​នូវ​ការ​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ទ្រង់។ ជំនួស​ការ​និយាយ ទ្រង់​បាន​ជ្រើស​ឲ្យ​ការ​ប្រព្រឹត្ត​ដ៏​សាធារណៈ​របស់​ទ្រង់​មាន​បន្ទូល​ជួស​ទ្រង់។ ទ្រង់​បាន​ដឹង​ថា សូម្បី​តែ​ការ​ប្រាប់​គេ​សេចក្ដី​ពិត នឹង​មិន​ប្រែ​ចិត្ត​នឹង​គំនិត​ដ៏​ក្រអឺត​ក្រទម​របស់​គេ​ឡើយ។ ដូច្នេះ ទ្រង់​បាន​ធ្វើ​ព្រងើយ​ចំពោះ​ការ​ចោទ​របស់​គេ ដោយ​បដិសេធ​នូវ​ការ​បំបាក់​បំបែក​សម្ងាត់​ដោយ​បំណង​របស់​ទ្រង់។—អេសាយ ៥៣:៧

១១ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​បាន​ដឹង​ពេល «សំរាប់​និយាយ»។ នៅ​ពេល​មួយ ទ្រង់​បាន​មាន​បន្ទូល​ត្រង់​ត​ទល់​ជា​មួយ​អ្នក​ដែល​រិះ​គន់​ទ្រង់ ដោយ​បង្ហាញ​ភាព​ខុស​នៃ​ការ​ចោទ​មិន​ពិត​របស់​គេ។ ឧទាហរណ៍ នៅ​ពេល​ពួក​ផារីស៊ី​បាន​ខិត​ខំ​បង្ខូច​ទ្រង់​នៅ​មុខ​មនុស្ស​មួយ​ហ្វូង ដោយ​ចោទ​ប្រកាន់​ទ្រង់​ថា ទ្រង់​បណ្ដេញ​ពួក​អារក្ស​ដោយ​អំណាច​ពី​បេលសេប៊ូល ព្រះ​យេស៊ូ​បាន​ជ្រើស​មិន​ឲ្យ​ការ​ចោទ​នោះ​នៅ​បាន​ការ។ ដោយ​ប្រើ​ការ​គិត​ហេតុ​ផល​ដែល​បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​ដល់​ការ​ចោទ​របស់​គេ ព្រម​ទាំង​ពាក្យ​ប្រៀប​ប្រដូច​មួយ ព្រះ​យេស៊ូ​បាន​ផ្ដួល​ចោល​ពាក្យ​ភូត​ភរ​នោះ។ (ម៉ាកុស ៣:២០​-​៣០; មើល​ផង​ដែរ ម៉ាថាយ ១៥:១​-​១១; ២២:១៧​-​២១; យ៉ូហាន ១៨:៣៧) គឺ​ស្រដៀង​គ្នា​នឹង​នោះ​ដែរ ពេល​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​រុញ​ទៅ​មុខ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ក្រោយ​ទ្រង់​បាន​ត្រូវ​គេ​ក្បត់​និង​ចាប់​ទ្រង់។ សម្ដេច​សង្ឃ​ឈ្មោះ​កៃ​ផា​បាន​ទាម​ទារ​ដោយ​ល្បិច​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រ​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក»! នេះ​គឺ​ជា «ពេល​សំរាប់និយាយ» ពី​ព្រោះ​ការ​នៅ​ស្ងៀម​អាច​ត្រូវ​រាប់​ជា​ការ​បដិសេធ​ថា​ខ្លួន​មិន​ជា​ព្រះ​គ្រីស្ទ​ទេ។ ដូច្នេះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។—ម៉ាថាយ ២៦:៦៣, ៦៤; ម៉ាកុស ១៤:៦១, ៦២

១២. តើ​កាលៈទេសៈ​អ្វី​ដែល​បាន​ជំរុញ ប៉ុល​និង​បាណាបាស​ឲ្យ​និយាយ​យ៉ាង​ក្លៀវ​ក្លា​នៅ​ក្រុង​អ៊ីកូនាម?

១២ សូម​ពិចារណា​គំរូ​របស់​ប៉ុល​និង​បាណាបាស​ដែរ។ កិច្ច​ការ ១៤:១, ២ ថា៖ «កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ»។ ព្រះ​គម្ពីរ​ថ្មី​ភាសា​អង់គ្លេស ចែង​ថា៖ «ក៏​ប៉ុន្តែ ពួក​យូដា​ដែល​មិន​បាន​ដូរ​សាសនា​នោះ បាន​នាំ​ឲ្យ​ប្រជាជន​ជ្រួល​ជ្រើម ហើយ​បាន​បំពុល​គំនិត​របស់​គេ​ឲ្យ​ប្រឆាំង​ពួក​គ្រីស្ទាន»។ ដោយ​ព្រោះ​គេ​មិន​ស្កប់​ចិត្ត​នឹង​ការ​បដិសេធ​សារ​គ្រីស្ទាន​ខ្លួន​គេ អ្នក​ប្រឆាំង​សាសន៍​យូដា​បាន​ចាប់​ផ្ដើម​បង្ខូច​គេ ដោយ​ខិត​ខំ​ធ្វើ​ឲ្យ​សាសន៍​ដទៃ​លំអៀង​ដើម្បី​ប្រឆាំង​នឹង​ពួក​គ្រីស្ទាន។a សេចក្ដី​សំអប់​របស់​គេ​ចំពោះ​ពួក​គ្រីស្ទាន​គឺ​ជ្រាល​ជ្រៅ​ម្ល៉េះ​ហ្ន៎! (ប្រៀប​មើល កិច្ច​ការ ១០:២៨) ប៉ុល​និង​បាណាបាស​បាន​មាន​អារម្មណ៍​ថា ពេល​នោះ​គឺ​ជា​ពេល «សំរាប់​និយាយ» ក្រែង​លោ​សិស្ស​ថ្មី​ធ្លាក់​ទឹក​ចិត្ត​ដោយ​ការ​តិះ​ដៀល​សាធារណៈ​នោះ។ «ចំណែក​ប៉ុល នឹង​បាណាបាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ​ក្លា​ដោយ​នូវ​ព្រះ​អម្ចាស់» ដែល​បាន​បង្ហាញ​ការ​ពេញ​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដោយ​ឲ្យ​គេ​មាន​អំណាច​ធ្វើ​ទី​សម្គាល់​ដ៏​ខ្លាំង​ក្លា។ ជា​លទ្ធផល មនុស្ស​ខ្លះ«កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក»។—កិច្ច​ការ ១៤:៣, ៤

១៣. នៅ​ពេល​យើង​ប្រឈម​ការ​តិះ​ដៀល តើ​នៅ​ពេល​ណា​ជា​ធម្មតា​ដែល​ជា​ពេល«ដែល​គួរ​ស្ងៀម»?

១៣ ដូច្នេះ តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​យើង​ត្រូវ​គេ​តិះ​ដៀល? នេះ​គឺ​ពឹង​ពាក់​ទៅ​លើ​កាលៈទេសៈ។ កាលៈទេសៈ​ខ្លះ​តម្រូវ​ឲ្យ​យើង​ធ្វើ​តាម​គោល​ការណ៍ ដែល​ថា​មាន​ពេល«ដែល​គួរ​ស្ងៀម»។ គឺ​ដូច្នេះ​ជា​ពិសេស ពេល​អ្នក​ប្រឆាំង​ប្ដេជ្ញា​ទាញ​យើង​ចូល​ក្នុង​ការ​ឈ្លោះ​ប្រកែក​ដែល​គ្មាន​ន័យ។ យើង​ត្រូវ​តែ​ចាំ​ថា មាន​មនុស្ស​ខ្លះ​ដែល​គ្រាន់​តែ​មិន​ចង់​ដឹង​សេចក្ដី​ពិត​ទេ។ (ថែស្សាឡូនីច​ទី​២ ២:៩​-​១២) គឺ​ឥត​ប្រយោជន៍​ទេ ដើម្បី​ព្យាយាម​និយាយ​ហេតុ​ផល​ជា​មួយ​អ្នក ដែល​មាន​ចិត្ត​នៅ​ជាប់​នឹង​ការ​មិន​ជឿ​ដោយសារ​ភាព​ក្រអឺត​ក្រទម​របស់​គេ។ លើស​ពី​នេះ​ទៅ​ទៀត បើ​សិន​ជា​យើង​ចូល​រួម​ក្នុង​ការ​ប្រកែក​ជា​មួយ អ្នក​ចោទ​ប្រកាន់​មិន​ពិត​ទាំង​អស់​ដែល​ប្រឆាំង​នឹង​យើង យើង​នឹង​ត្រូវ​បង្វែរ​ពី​សកម្មភាព​មួយ​ដែល​សំខាន់​ជាង​ឆ្ងាយ ហើយ​ដែល​នាំ​រង្វាន់​ច្រើន​ជាង នេះ​គឺ​ជា​ការ​ជួយ​អ្នក​ចិត្ត​ស្មោះ ដែល​មាន​ចំណង់​រៀន​មែន​ទែន​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ ដូច្នេះ​នៅ​ពេល​យើង​ប្រឈម​អ្នក​ប្រឆាំង ដែល​ចង់​តែ​ផ្សាយ​ពាក្យ​ភូត​ភរ​អំពី​យើង ដំបូន្មាន​ពី​ព្រះ​គម្ពីរ​គឺ៖ «បែរ​ចេញ​ពី​អ្នក​ទាំង​នោះ»។—រ៉ូម ១៦:១៧, ១៨; ម៉ាថាយ ៧:៦

១៤. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង​នៅ​ចំពោះ​អ្នក​ឯ​ទៀត?

១៤ ពិត​មែន​ហើយ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង​ទេ ពី​ព្រោះ​មាន«ពេល​សំរាប់និយាយ»។ យើង​មាន​សិទ្ធិ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ចិត្ត​ស្មោះ​ដែល​បាន​ដឹង​ឮ​ការ​រិះ​គន់​អំពី​យើង​ដែល​បង្កាច់​បង្ខូច។ យើង​សុខ​ចិត្ត​ពន្យល់​យ៉ាង​ច្បាស់​ជាក់​លាក់​ឲ្យ​អ្នក​ដទៃ​ពី​សេចក្ដី​ជំនឿ ដែល​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​របស់​យើង។ ប្រាកដ​ហើយ យើង​ស្វាគមន៍​នឹង​ឱកាស​នេះ​ជា​និច្ច។ ពេត្រុស​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជា​និច្ច ដោយ​សុភាព​ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​១ ៣:១៥) នៅ​ពេល​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ពិត​ប្រាកដ សុំ​ភស្តុ​តាង​អំពី​សេចក្ដី​ជំនឿ​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ពេល​គេ​សួរ​អំពី​ការ​ចោទ​ប្រកាន់​មិន​ពិត ដែល​ពួក​អ្នក​ប្រឆាំង​យើង​បាន​លើក​ឡើង។ គឺ​ជា​ភារកិច្ច​របស់​យើង​ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង ដោយ​ផ្ដល់​ឲ្យ​ចម្លើយ​ព្រះ​គម្ពីរ​ដ៏​ត្រឹម​ត្រូវ។ បន្ថែម​ទៅ​ទៀត ចរិយា​ដ៏​ល្អ​ល្អះ​របស់​យើង​អាច​ប្រាប់​ជា​ច្រើន។ នៅ​ពេល​អ្នក​ដែល​មិន​លំអៀង​គំនិត កត់​សម្គាល់​ថា​យើង​ពិត​ជា​ខិត​ខំ​រស់​នៅ​ដោយ​ស្រប​តាម​ខ្នាត​គំរូ​ដ៏​សុចរិត​របស់​ព្រះ គេ​អាច​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​យើង​គឺ​ជា​មិន​ពិត។—ពេត្រុស​ទី​១ ២:១២​-​១៥

ចុះ​យ៉ាង​ណា​វិញ ចំពោះ​ការ​ផ្សាយ​ជា​សាធារណៈ​ដ៏​បង្កាច់​បង្ខូច?

១៥. តើ​អ្វី​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​នូវ​របៀប​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ប្រព័ន្ធ​ផ្សាយ​ពត៌មាន ផ្សាយ​អំពី​គេ​ដែល​បាន​ត្រូវ​មួល​បង្កាច់?

១៥ ជួន​កាល ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​មនុស្ស​ផ្សាយ​ពត៌មាន​អំពី​គេ ដែល​បាន​ត្រូវ​មូល​បង្កាច់។ ជា​ឧទាហរណ៍ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧ កាសែត​រុស្ស៊ី​មួយ​បាន​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​មួយ​ដ៏​បង្កាច់​បង្ខូច ដោយ​អះអាង​ថា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ‹តម្រូវ​ឲ្យ​សមាជិក​របស់​គេ​បដិសេធ​ប្រពន្ធ ប្ដី និង​ឪពុក​ម្ដាយ​របស់​គេ បើ​គេ​មិន​យល់​និង​ជឿ​តាម​សេចក្ដី​ជំនឿ​របស់​គេ›។ អ្នក​ណា​ដែល​ពិត​ជា​ស្គាល់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដឹង​ថា​ការ​ចោទ​នេះ​គឺ​មិន​ពិត​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​ថា ពួក​គ្រីស្ទាន​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​ចំពោះ​សមាជិក​គ្រួសារ​របស់​គេ​ដែល​មិន​ជឿ ហើយ​ពួក​ស្មរបន្ទាល់​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ។ (កូរិនថូស​ទី​១ ៧:១២​-​១៦; ពេត្រុស​ទី​១ ៣:១​-​៤) ទោះ​បី​ដូច្នេះ​ក៏​ដោយ អត្ថបទ​នោះ​បាន​ត្រូវ​គេ​បោះ​ពុម្ព ហើយ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ពត៌មាន​ខុស។ ហេតុ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង នៅ​ពេល​យើង​ត្រូវ​មនុស្ស​តិះ​ដៀល​យើង?

១៦, ១៧, និង​ក្នុង​ប្រអប់​នៅ​ក្នុង​ទំព័រ ១៦. (ក) តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​និយាយ​អ្វី​ម្ដង អំពី​ការ​តប​ឆ្លើយ​នឹង​ពត៌មាន​មិន​ពិត​ក្នុង​ប្រព័ន្ធ​ពត៌មាន? (ខ) ក្នុង​កាលៈទេសៈ​អ្វី​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប្រហែល​តប​ឆ្លើយ​នឹង​សេចក្ដី​រាយ​ការណ៍​មិន​ពិត​ក្នុង​ប្រព័ន្ធ​ពត៌មាន?

១៦ ម្ដង​ទៀត នៅ​ត្រង់​នេះ​មាន​ពេល​សំរាប់​នៅ«ស្ងៀម​ហើយ​ពេល​សំរាប់​និយាយ»។ ទស្សនាវដ្ដី​ប៉ម​យាម បាន​ស្តី​ពី​នេះ​ម្ដង​ដូច​ត​ទៅ៖ «បើ​សិន​ជា​យើង​មិន​អើពើ​នឹង​ពត៌មាន​មិន​ពិត​ក្នុង​ប្រព័ន្ធ​ពត៌មាន ឬ​ក៏​ការ​ពារ​សេចក្ដី​ពិត​ដោយ​របៀប​ដ៏​សម​រម្យ នេះ​ពឹង​ពាក់​ទៅ​លើ​កាលៈទេសៈ អ្នក​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​រិះ​គន់​នោះ ហើយ​គោល​បំណង​របស់​គេ»។ ក្នុង​ករណី​ខ្លះ គឺ​ជា​ល្អ​ជាង​បើ​សិន​យើង​មិន​អើពើ​នឹង​សេចក្ដី​រាយ​ការណ៍​ដ៏​អវិជ្ជមាន ដូច្នេះ​យើង​មិន​ជួយ​ផ្សាយ​ជា​សាធារណៈ​នូវ​ពាក្យ​ភូត​ភរ​នោះ។

១៧ ក្នុង​ករណី​ផ្សេង​ទៀត ប្រហែល​នោះ​គឺ​ជា«ពេល​សំរាប់​និយាយ»។ អ្នក​សារ​ពត៌មាន​ឬ​ក៏​អ្នក​កាសែត​ម្នាក់​ដែល​គួរ​ទុក​ចិត្ត ប្រហែល​បាន​ទទួល​ពត៌មាន​ខុស​អំពី​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​អរ​នឹង​ទទួល​ពត៌មាន​ដ៏​ពិត​ប្រាកដ​អំពី​យើង។ (សូម​មើល​ប្រអប់ «ការ​កែ​តម្រូវ​ពត៌មាន​ខុស»)។ បើ​សេចក្ដី​រាយ​ការណ៍​ដ៏​អវិជ្ជមាន​ក្នុង​ប្រព័ន្ធ​ពត៌មាន នាំ​ឲ្យ​មាន​ការ​លំអៀង​ដែល​ឃាត់​ការ​ផ្សព្វ​ផ្សាយ​របស់​យើង អ្នក​តំណាង​ការិយាល័យ​សាខាសមាគម​ប៉ម​យាម អាច​ផ្ដើម​ការ​ការ​ពារ​សេចក្ដី​ពិតដោយ​របៀប​មួយ​ដ៏​សម​រម្យ។b ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ម្នាក់​អាច​ត្រូវ​គេ​ឲ្យ​កិច្ច​ការ​ដើម្បី​ផ្ដល់​ហេតុ​ការណ៍ ប្រហែល​ក្នុង​កម្ម​វិធី​ទូរទស្សន៍ ដោយ​ដឹង​ថា ការ​ខាន​មក​អាច​មាន​ន័យ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គ្មាន​ចម្លើយ​ទេ។ ដោយ​ប្រាជ្ញា ពួក​ស្មរបន្ទាល់​ម្នាក់​ៗ​ធ្វើ​តាម​ការ​ណែនាំ​នៃ​សមាគម​ប៉ម​យាម​ហើយ​អ្នក​តំណាង​នោះ ក្នុង​រឿង​បែប​នេះ។—ហេព្រើរ ១៣:១៧

ការ​ការ​ពារ​ដំណឹង​ល្អ​ដោយ​តាម​រយៈ​ច្បាប់

១៨. (ក) ហេតុ​អ្វី​បាន​ជា​យើង​មិន​ត្រូវ​ការ​សេចក្ដី​អនុញ្ញាត​ហេតុ​ដូច​ខាង​លើ នៃ​រដ្ឋាភិបាល​មនុស្ស​លោក​ដើម្បី​ផ្សព្វ​ផ្សាយ? (ខ) តើ​យើង​ធ្វើ​អ្វី​នៅ​ពេល​យើង​បាន​ត្រូវ​គេ បិទ​សេចក្ដី​អនុញ្ញាត​ដើម្បី​ផ្សព្វ​ផ្សាយ?

១៨ សេចក្ដី​អនុញ្ញាត​របស់​យើង ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ មក​ពី​ស្ថាន​សួគ៌។ ព្រះ​យេស៊ូ​ជា​អ្នក​ដែល​បាន​ប្រគល់​មុខ​ការ​នេះ ហើយ​ទ្រង់​បាន​ត្រូវ​ទទួល‹គ្រប់​ទាំង​អំណាច​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង›។ (ម៉ាថាយ ២៨:១៨​-​២០; ភីលីព ២:៩​-​១១) ដូច្នេះ យើង​មិន​ត្រូវ​ការ​សេចក្ដី​អនុញ្ញាត នៃ​រដ្ឋាភិបាល​មនុស្ស​លោក​ដើម្បី​ផ្សព្វ​ផ្សាយ​ទេ។ ទោះ​បី​ជា​អីចឹង​ក៏​ដោយ យើង​ទទួល​ស្គាល់​ថា​ការ​មាន​សេរី​ភាព​ខាង​សាសនា ជួយ​ក្នុង​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ។ ក្នុង​ប្រទេស​ដែល​យើង​មាន​សេរី​ភាព​ធ្វើ​ការ​ថ្វាយ​បង្គំ​របស់​យើង យើង​នឹង​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ការ​ពារ​សេរី​ភាព​នោះ។ នៅ​កន្លែង​ដែល​យើង​បាន​ត្រូវ​គេ​បង្អត់​សេរី​ភាព​បែប​នេះ យើង​នឹង​ខិត​ខំ​ទទួល​សេរី​ភាព​ក្នុង​ទ្រង់​ទ្រាយ​ច្បាប់។ គោល​បំណង​របស់​យើង​មិន​ជា​ការ​កែ​សង្គម​ទេ ក៏​ប៉ុន្តែ​គោល​បំណង​យើង​ជា «ការ​ការ​ពារ​ហើយ​ស្ថាបនា​ដំណឹង​ល្អ​តាម​ច្បាប់»។c—ភីលីព ១:៧, ព.ថ.

១៩. (ក) តើ​ការ‹ថ្វាយ​របស់​ព្រះ​ទៅ​ព្រះ​វិញ› អាច​មាន​លទ្ធផល​អ្វី? (ខ) តើ​យើង​ប្ដេជ្ញា​ដើម្បី​ធ្វើ​អ្វី?

១៩ ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អធិបតេយ្យ​សកល​លោក។ ច្បាប់​ទាំង​ឡាយ​របស់​ទ្រង់​គឺ​ជា​ធំ​បំផុត។ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​រដ្ឋាភិបាល​ទាំង​ឡាយ​នៃ​មនុស្ស​លោក។ ដោយ​ធ្វើ​ដូច្នេះ​យើង «ថ្វាយ​របស់​សេសារ ទៅ​សេសារ»។ ក៏​ប៉ុន្តែ យើង​នឹង​មិន​ឲ្យ​អ្វី​ក៏​ដោយ​ដើម្បី​រំខាន​យើង ក្នុង​ការ​បំពេញ​ភារកិច្ច​មួយ​ដ៏​សំខាន់​ជាង នោះ​ជា​ការ ‹ថ្វាយ​របស់​ព្រះ​ទៅ​ព្រះ​វិញ›។ (ម៉ាថាយ ២២:២១) យើង​យល់​ទាំង​ស្រុង​ថា ការ​ធ្វើ​យ៉ាង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ទៅ​ជា‹អ្នក​ដែល​ត្រូវ​គេ​ស្អប់›ដោយ​សាសន៍​ទាំង​ឡាយ។ ក៏​ប៉ុន្តែ យើង​ទទួល​នេះ​ជា​ផ្នែក​មួយ​នៃ​ថ្លៃ​នៃ​ភាព​ជា​សិស្ស។ ប្រវត្ដិការណ៍​ខាង​ច្បាប់​ពួក​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សតវត្ស​ទី​២០​នេះ គឺ​ជា​សក្ខី​ភាព​នៃ​ការ​ប្ដេជ្ញា​របស់​យើង​ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ​របស់​យើង។ ដោយ​ជំនួយ​នឹង​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា យើង​នឹង​បន្ត«ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ»។—កិច្ច​ការ ៥:៤២

[កំណត់​សម្គាល់]

a អត្ថាធិប្បាយ​របស់​មាថៀវ​ហិនរី​អំពី​ព្រះ​គម្ពីរ​ទាំង​មូល ពន្យល់​ថា​ពួក​យូដា​ដែល​ប្រឆាំង​នោះ «បាន​យក​ជា​កិច្ច​ការ​របស់​គេ​នូវ​ការ​ទៅ​រក​អ្នក​សាសន៍​ដទៃ​ដែល​គេ​ស្គាល់ ហើយ​និយាយ​អំពី​អ្វី​ទាំង​អស់​ដែល​គំនិត​ឬ​ក៏​ព្យាបាទ​របស់​គេ​អាច​ប្រឌិត​ឡើង ដើម្បី​បណ្ដាល​ឲ្យ​គេ​មាន​ទស្សនៈ​ដែល​មិន​គ្រាន់​តែ​កាច​សាហាវ​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ទស្សនៈ​ដែល​មាន​ប្រទូស​ភាព​ចំពោះ​ពួក​គ្រីស្ទាន»។

b ក្រោយ​ពី​អត្ថបទ​ដែល​បង្កាច់​បង្ខូច​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​កាសែត​រុស្ស៊ី​នោះ (ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​វគ្គ​ទី​១៥) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ប្ដឹង​ទៅ​ប្រធានាធិបតី​សភា​នៃ​តុលាការ សំរាប់​ជម្លោះ​ពត៌មាន​នៃ​សហ​ព័ន្ធ​រុស្ស៊ី ដោយ​មាន​សំណើរ​សំរាប់​ការ​ពិនិត្យ​សា​ឡើង​វិញ នូវ​ការ​ចោទ​ប្រកាន់​មិន​ពិត​ទាំង​ឡាយ​ដែល​បាន​ត្រូវ​ចោទ​ក្នុង​អត្ថបទ​នោះ។ នៅ​ពេល​ថ្មី​ៗ​នេះ តុលាការ​នោះ​បាន​កាត់​សេចក្ដី​ដែល​បាន​ដាក់​ទោស​ដ៏​ធ្ងន់​ទៅ​លើ​កាសែត​នោះ សំរាប់​ការ​បោះពុម្ព​អត្ថបទ​ដែល​បង្ខូច​នោះ។—សូម​មើល​ភ្ញាក់​រឭក ថ្ងៃ​ទី​២​២ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ​លេខ​២៦​-​២៧។

c សូម​មើល​អត្ថបទ «ការ​ការ​ពារ​ដំណឹង​ល្អ​តាម​រយៈ​ច្បាប់» នៅ​ទំព័រ ១៨​-​២១

តើ​អ្នក​ចាំ​ទេ?

◻ ដោយ​សារ​អ្វី​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា ‹អ្នក​ដែល​ត្រូវ​គេ​ស្អប់›?

◻ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​អ្នក​ដែល​គ្មាន​សេចក្ដី​ជំនឿ​ខាង​សាសនា​ដូច​យើង?

◻ ក្នុង​ការ​ទាក់​ទង​អ្នក​ប្រឆាំង តើ​អ្វី​ជា​គំរូ​ដែល​ប្រកប​ដោយ​តុល្យភាព​ដែល​ព្រះ​យេស៊ូ​បាន​ប្រគល់​ឲ្យ?

◻ នៅ​ពេល​យើង​ត្រូវ​គេ​តិះ​ដៀល តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​អនុវត្ត​តាម​គោល​ការណ៍​ដែល​ថា «មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ»?

[ប្រអប់​នៅ​ទំព័រ​១៥]

ការ​កែ​តម្រូវ​ពត៌មាន​ខុស

«នៅ​ក្រុង​យ៉ាឃ្វីបា​ប្រទេស​បូលីវា ក្រុម​ប្រូតេស្តង់​មួយ​នៅ​តំបន់​នោះ​បាន​រៀបចំ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​កុន​មួយ ដែល​ច្បាស់​ជា​បាន​ត្រូវ​អ្នក​ក្បត់​ជំនឿ​ផលិត។ ដោយ​ឃើញ​អនុ​ភាព​ដ៏​អាក្រក់​នៃ​កុន​នោះ អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​សម្រេច​ចិត្ត​ទៅ​ជួប​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​ពីរ​នោះ ហើយ​ស្នើ​ផ្ដល់​លុយ​ដើម្បី​ឲ្យ​គេ​ផ្សាយ​ឲ្យ​សាធារណជន​មើល​កាសែត​វីដេអូ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា៖ អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ ហើយ​និង ព្រះ​គម្ពីរ៖ សៀវភៅ​នៃ​ហេតុ​ការណ៍​ហើយ​បទ​ទំនាយ។ ក្រោយ​គេ​បាន​មើល​កាសែត​វីដេអូ​របស់​សមាគម​នោះ ម្ចាស់​ប៉ុស្តិ៍​វិទ្យុ​មួយ​បាន​តូច​ចិត្ត​ដោយ​សារ​ពត៌មាន​ខុស ក្នុង​កម្ម​វិធី​របស់​អ្នក​ក្បត់​ជំនឿ​នោះ ហើយ​បាន​ស្នើ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​ដោយ​ឥត​គិត​ថ្លៃ សំរាប់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អំពី​មហា​សន្និបាត​របស់​ពួក​គេ​ដែល​ជិត​មក​ដល់​នោះ។ អ្នក​ដែល​មាន​វត្តមាន​គឺ​ច្រើន​ខុស​ពី​ធម្មតា ហើយ​មនុស្ស​ចិត្ត​ស្មោះ​ជា​ច្រើន បាន​ចាប់​ផ្ដើម​សួរ​សំនួរ​យ៉ាង​ស្មោះ​នៅ​ពេល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ជួប​គេ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ»។—សៀវភៅ​កិច្ច​ការ​ពី​ឆ្នាំ​១៩៩៧​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ទំព័រ​លេខ ៦១​-​២

[រូប​ភាព​នៅ​ទំព័រ​១៧]

នៅ​ពេល​មួយ ព្រះ​យេស៊ូ​បាន​បង្ហាញ​ភាព​ខុស​នៃ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​អ្នក​រិះ​គន់​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក