៧៦
ក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល
ជាង១០ឆ្នាំហើយ តាំងពីស្តេចនេប៊ូក្នេសាបានចាប់យកប្រជាជនអ៊ីស្រាអែល ដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ទៅស្រុកបាប៊ីឡូននោះ។ ហើយឥឡូវនេះ សូមមើលការដែលកំពុងតែកើតឡើង! ក្រុងយេរូសាឡិមកំពុងតែឆេះខ្ទេចខ្ទីអស់។ រីឯប្រជាជនអ៊ីស្រាអែលណាដែលពុំបានស្លាប់ ក៏ត្រូវបានគេចាប់យកជាឈ្លើយទៅស្រុកបាប៊ីឡូន។
នៅចាំទេ នេះជាអ្វីដែលពួកព្យាការីរបស់ព្រះយេហូវ៉ាបានព្រមានថានឹងកើតមានឡើង បើប្រជាជនមិនប្រែពីផ្លូវអាក្រក់របស់គេចេញ។ ប៉ុន្តែប្រជាជនអ៊ីស្រាអែល មិនព្រមស្ដាប់តាមពួកព្យាការីទាំងនោះទេ។ ពួកគេនៅតែថ្វាយបង្គំពួកព្រះមិនពិត ជាជាងព្រះយេហូវ៉ា។ ដូច្នេះ ប្រជាជននេះសមនឹងទទួលទណ្ឌកម្មហើយ។ យើងដឹងរឿងនេះ ពីព្រោះព្យាការីរបស់ព្រះម្នាក់ឈ្មោះអេសេគាលបានប្រាប់យើង អំពីអំពើអាក្រក់ទាំងឡាយដែលប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តនោះ។
តើអ្នកដឹងលោកអេសេគាលជាអ្នកណាទេ? គាត់ជាយុវជនម្នាក់ដែលស្តេចនេប៊ូក្នេសាបានចាប់យកទៅស្រុកបាប៊ីឡូន ជាង១០ឆ្នាំមុនការបំផ្លាញដ៏ធំនៃក្រុងយេរូសាឡិមនេះបានកើតឡើង។ ដានីយ៉ែល និងមិត្តទាំងបីនាក់របស់គាត់ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ត្រូវបានគេចាប់យកទៅស្រុកបាប៊ីឡូន នៅពេលដំណាលគ្នានោះដែរ។
កាលដែលអេសេគាលនៅឯស្រុកបាប៊ីឡូននៅឡើយ ព្រះយេហូវ៉ាបង្ហាញគាត់នូវអំពើអាក្រក់ទាំងឡាយដែលប្រជាជនកំពុងតែប្រព្រឹត្តនៅក្រុងយេរូសាឡិម នៅឯព្រះវិហារ។ ព្រះយេហូវ៉ាបង្ហាញរឿងនេះ តាមរយៈអព្ភូតហេតុមួយ។ លោកអេសេគាលពិតជានៅក្នុងស្រុកបាប៊ីឡូននៅឡើយទេ ប៉ុន្តែព្រះយេហូវ៉ាធ្វើឲ្យគាត់ឃើញអ្វីៗទាំងអស់ដែលកើតមានឡើងនៅឯព្រះវិហារឯណោះ។ ហើយអ្វីៗដែលអេសេគាលឃើញនោះ ជាការគួរឲ្យរន្ធត់ចិត្តណាស់!
ព្រះយេហូវ៉ាមានបន្ទូលប្រាប់អេសេគាលថា ‹ចូរមើលអំពើដ៏អាក្រក់លាមក ដែលប្រជាជនកំពុងតែប្រព្រឹត្តនៅឯព្រះវិហារ។ ហើយចូរមើលឯជញ្ជាំងទាំងនោះ ដែលពោរពេញទៅដោយរូបពស់និងសត្វផ្សេងៗទៀត។ ហើយមើលហ្ន៎ ប្រជាជនអ៊ីស្រាអែលកំពុងតែថ្វាយបង្គំរូបទាំងនោះ›! អេសេគាលអាចឃើញការទាំងអស់នេះ ហើយគាត់ក៏កត់ទុកនូវអ្វីៗដែលបានកើតឡើង។
ព្រះយេហូវ៉ាមានបន្ទូលសួរអេសេគាលថា៖ ‹តើឯងឃើញការដែលពួកមេដឹកនាំប្រជាជនអ៊ីស្រាអែលកំពុងតែប្រព្រឹត្តដោយសំងាត់ទេ›? មែនហើយ គាត់ក៏អាចឃើញការនេះដែរ។ មានបុរស៧០នាក់ ហើយពួកគេទាំងអស់កំពុងតែថ្វាយបង្គំព្រះមិនពិត។ ពួកគេនិយាយថា៖ ‹ព្រះយេហូវ៉ាទ្រង់មើលយើងមិនឃើញទេ។ ទ្រង់បានបោះបង់ចោលស្រុកនេះហើយ›។
បន្ទាប់មក ព្រះយេហូវ៉ាបង្ហាញអេសេគាលឲ្យឃើញពួកស្រីៗខ្លះ នៅមាត់ទ្វារខាងជើងនៃព្រះវិហារ។ ពួកគេកំពុងតែអង្គុយនៅទីនោះ ថ្វាយបង្គំព្រះមិនពិតឈ្មោះព្រះថាមូស។ ហើយចូរមើលបុរសទាំងនោះ នៅត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា! ពួកគេមានគ្នាប្រមាណ២៥នាក់។ អេសេគាលមើលឃើញពួកគេ កំពុងតែក្រាបបែរទៅឯទិសខាងកើត កំពុងតែថ្វាយបង្គំព្រះអាទិត្យ!
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ប្រជាជនទាំងនេះ គ្មានសេចក្ដីគោរពកោតខ្លាចដល់អញសោះ។ ពួកគេមិនត្រឹមតែប្រព្រឹត្តអំពើអាក្រក់ទេ ប៉ុន្តែព្រមទាំងប្រព្រឹត្តអំពើទាំងនោះ នៅត្រង់ព្រះវិហាររបស់អញទៀត›! ដូច្នេះ ព្រះយេហូវ៉ាទ្រង់សន្យាថា៖ ‹ពួកគេនឹងដឹងសេចក្ដីក្រោធយ៉ាងខ្លាំងរបស់អញ។ ហើយអញនឹងមិនសោកស្ដាយចំពោះការបំផ្លិចបំផ្លាញរបស់គេទេ›។
ប្រហែលជាបីឆ្នាំប៉ុណ្ណោះ ក្រោយពីព្រះយេហូវ៉ាបានបង្ហាញការទាំងនេះដល់អេសេគាល ប្រជាជនអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសា។ ដូច្នេះ ទ្រង់ក៏យាងទៅប្រយុទ្ធនឹងពួកគេ។ មួយឆ្នាំកន្លះក្រោយមក ពួកបាប៊ីឡូនបានបំបាក់កំផែងក្រុងយេរូសាឡិម ហើយដុតក្រុងនោះឆេះអស់។ ប្រជាជនភាគច្រើនបានស្លាប់ ឬក៏ចាប់យកជាឈ្លើយទៅស្រុកបាប៊ីឡូន។
ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដោយឲ្យការហិនហោចដ៏គួរឲ្យខ្លាចនេះ កើតដល់ប្រជាជនអ៊ីស្រាអែលដូច្នេះ? ត្រូវហើយ ពីព្រោះពួកគេមិនបានស្ដាប់តាមព្រះយេហូវ៉ា ហើយក៏មិនបានគោរពតាមច្បាប់របស់ទ្រង់ដែរ។ រឿងនេះបង្ហាញថា ជាការសំខាន់ណាស់ដែលយើងត្រូវធ្វើតាមបន្ទូលរបស់ព្រះជានិច្ច។
មុនដំបូង ប្រជាជនខ្លះបានអនុញ្ញាតឲ្យរស់នៅក្នុងស្រុកអ៊ីស្រាអែល។ ដូច្នេះ ស្តេចនេប៊ូក្នេសាតាំងសាសន៍យូដាម្នាក់ ឈ្មោះកេដាលាឲ្យមើលការខុសត្រូវលើប្រជាជន។ ប៉ុន្តែ បន្ទាប់មកប្រជាជនអ៊ីស្រាអែលខ្លះបានសម្លាប់លោកកេដាលា។ ឥឡូវនេះ ប្រជាជនមានសេចក្ដីភ័យខ្លាចក្រែងពួកបាប៊ីឡូននឹងមកកំទេចពួកគេចោល ដោយសារតែអំពើដ៏អាក្រក់នោះបានកើតឡើង។ ដូច្នេះ ពួកគេក៏បង្ខំលោកយេរេមាឲ្យរត់គេចចេញទៅស្រុកអេស៊ីព្ទជាមួយនឹងពួកគេ។
នេះធ្វើឲ្យស្រុកអ៊ីស្រាអែលពុំមានមនុស្សនៅសោះ អស់រយៈពេល៧០ឆ្នាំ។ ប៉ុន្តែព្រះយេហូវ៉ាសន្យាថា ក្រោយពី៧០ឆ្នាំ ទ្រង់នឹងនាំប្រជាជនរបស់ទ្រង់ឲ្យត្រឡប់មកស្រុកនេះវិញ។ តើប្រជាជនរបស់ព្រះដែលត្រូវគេចាប់យកទៅស្រុកបាប៊ីឡូន ទៅជាយ៉ាងណាហើយឥឡូវនេះ? សូមឲ្យយើងពិនិត្យមើល។
ពង្សាវតារក្សត្រទី២ ២៥:១-២៦; យេរេមា ២៩:១០; អេសេគាល ១:១-៣; ៨:១-១៨