បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fy ជំ. ៩ ទំ. ១០៣-១១៥
  • ក្រុមគ្រួសារដែលមានតែមាតាឬបិតាអាចទទួលបានជោគជ័យ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រុមគ្រួសារដែលមានតែមាតាឬបិតាអាចទទួលបានជោគជ័យ!
  • គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​យ៉ាង​ប៉ិន​ប្រសប់
  • ភាព​ពិបាក​នៃ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត
  • តើ​អ្នក​ណា​ជា​អ្នក​ថែ​ទាំ​អ្នក​ណា?
  • បន្ត​ទូន្មាន​ប្រដៅ
  • ការ​យក​ឈ្នះ​លើ​ភាព​ឯក​កោ​បាន​ដោយ​ជោគ​ជ័យ
  • របៀប​ដែល​អ្នក​ដទៃ​អាច​ជួយ
  • សូមខំព្យាយាមឡើង ដើម្បីឲ្យបានការសង្គ្រោះដល់ក្រុមគ្រួសាររបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរយកចិត្ដទុកដាក់ដោយសេចក្ដីស្រឡាញ់ចំ«កូនកំ»
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
គន្លឹះនៃសុភមង្គលគ្រួសារ
fy ជំ. ៩ ទំ. ១០៣-១១៥

ជំពូក​ទី​ប្រាំ​បួន

ក្រុម​គ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា​អាច​ទទួល​បាន​ជោគ​ជ័យ!

១​-​៣. តើ​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ក្រុម​គ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា​ប៉ុណ្ណោះ? ហើយ​តើ​មាន​ឥទ្ធិពល​យ៉ាង​ណា លើ​អស់​អ្នក​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នោះ?

ក្រុម​គ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា បាន​ហៅ​ជា«គ្រួសារ​មួយ ដែល​កំពុង​តែ​មាន​ចំនួន​កើន​ឡើង​យ៉ាង​លឿន​ជាង​គេ»នៅ​សហរដ្ឋ​អា​មេ​រិ​ក។ ប្រទេស​ជា​ច្រើន​ទៀត​មាន​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ដែរ។ ការ​លែង​លះ​គ្នា ការ​រត់​ចោល​គូ ការ​រស់​នៅ​ដាច់​ពី​គ្នា និង​ការ​មាន​កូន​ឥត​ខាន់​ស្លា​មាន​ចំនួន​ច្រើន​ជាង​មុន​ៗ​ទៅ​ទៀត ហើយ​នេះ​បាន​ប៉ះ​ពាល់​ដល់​មាតា​បិតា​និង​កុមារ​រាប់​លាន​នាក់។

២ មាតា​ម្នាក់​ដែល​គ្មាន​គូ​បាន​សរសេរ​ថា៖ «ខ្ញុំ​ជា​ស្រី​មេម៉ាយ​អាយុ​២៨​ឆ្នាំ និង​មាន​កូន​ពីរ​នាក់។ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មិន​ចង់​ចិញ្ចឹម​អប់រំ​កូន​របស់​ខ្ញុំ​ដោយ​ឥត​មាន​បិតា​នឹង​គេ​នោះ​ឡើយ។ គឺ​ហាក់​ដូច​ជា​គ្មាន​អ្នក​ណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​សោះ។ កូន​ខ្ញុំ​ឃើញ​ខ្ញុំ​យំ​ជា​ញឹក​ញាប់ ហើយ​នេះ​មាន​អានុភាព​ទៅ​លើ​ពួក​គេ»។ ក្រៅ​ពី​ការ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ផ្សេង​ៗ​ដូច​ជា​កំហឹង ការ​បន្ទោស​ខ្លួន​ឯង និង​ភាព​ឯក​កោ​ នោះ​មាតា​ឬ​បិតា​ដែល​គ្មាន​គូ​ប្រឈម​មុខ​នឹង​កិច្ច​ការ​នៅ​ខាង​ក្រៅ​ផ្ទះ ព្រម​ទាំង​ភារកិច្ច​ក្នុង​ផ្ទះ​ផង​ដែរ។ មនុស្ស​ម្នាក់​បាន​និយាយ​ថា៖ «កិច្ច​ការ​របស់​មាតា​ឬ​បិតា​ដែល​គ្មាន​គូ គឺ​ប្រៀប​ដូច​ជា​អ្នក​ត្រែះ​កូន​បាល់។ ក្រោយ​ពី​បាន​ហាត់​ត្រែះ​កូន​បាល់​អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ​ហើយ នោះ​នៅ​ទី​បំផុត អ្នក​អាច​ត្រែះ​កូន​បាល់​បួន​ដំណាល​គ្នា​បាន។ ប៉ុន្តែ​ដល់​ពេល​ដែល​អ្នក​ចេះ​ត្រែះ​ដូច​នេះ​បាន​ហើយ ស្រាប់​តែ​មាន​គេ​បោះ​ថែម​បាល់​មួយ​ទៀត​ចូល​មក!»។

៣ បុត្រ​ធីតា​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា​ប៉ុណ្ណោះ ច្រើន​តែ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន។ ពួក​គេ​ប្រហែល​ជា​មាន​សេចក្ដី​វេទនា​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ព្រោះ​មាន​មាតា​ឬ​បិតា​បាន​ចាក​ចោល​ពួក​គេ​ទាំង​គ្មាន​អាឡោះអាល័យ ឬ​ក៏​ដោយ​សារ​គាត់​ទើប​តែ​ស្លាប់​ចោល​នោះ។ ចំពោះ​យុវជន​ជា​ច្រើន​នាក់ ការ​ឥត​មាន​មាតា​ឬ​បិតា ទំនង​ជា​មាន​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​គេ។

៤. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ក្រុម​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាតា​នោះ?

៤ ក្រុម​គ្រួសារ​ដែល​មាន​តែ​មាតា​ឬ​បិតា ក៏​ធ្លាប់​មាន​នៅ​សម័យ​ព្រះ​គម្ពីរ​ដែរ។ បទ​គម្ពីរ​ទាំង​ឡាយ​បាន​រៀប​រាប់​ម្ដង​ហើយ​ម្ដង​ទៀត អំពី«កូន​កំព្រា» និង«ស្ត្រី​មេម៉ាយ»។ (និក្ខមនំ ២២:២២; ចោទិយកថា ២៤:១៩​-​២១; យ៉ូប ៣១:១៦​-​២២) ព្រះ​យេហូវ៉ា​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ស្ថានភាព​របស់​ពួក​គេ​ឡើយ។ អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​ហៅ​ព្រះ«ជា​ឪពុក​ដល់​ពួក​កំព្រា នឹង​ជា​ចៅ​ក្រម​ដល់​ពួក​មេម៉ាយ»។ (ទំនុក​ដំ​កើង ៦៨:៥) យ៉ាង​ប្រាកដ​ណាស់! នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ ដែល​មាន​តែ​បិតា​ឬ​មាតា​នោះ​ផង​ដែរ។ ប្រាកដ​ហើយ បន្ទូល​របស់​ទ្រង់​ផ្ដល់​នូវ​គោល​ការណ៍ ដែល​អាច​ជួយ​ពួក​គេ​ទទួល​បាន​ជោគ​ជ័យ។

ការ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​យ៉ាង​ប៉ិន​ប្រសប់

៥. តើ​បញ្ហា​អ្វី​ដែល​បិតា​ឬ​មាតា​ត្រូវ​តែ​ប្រឈម​មុខ​មុន​ដំបូង​នោះ?

៥ ចូរ​ពិនិត្យ​មើល​នូវ​ការ​ចាត់​ចែង​កិច្ច​ការ​ផ្ទះ។ ស្រី​ម្នាក់​ដែល​លែង​ប្ដី បាន​សារភាព​ថា៖ «មាន​ពេល​ជា​ច្រើន ដែល​ខ្ញុំ​ចង់​បាន​ប្ដី​ម្នាក់​នៅ​ជា​មួយ​ខ្ញុំ។ ជាក់​ស្តែ​ង​ដូច​ជា​ពេល​ឡាន​ខ្ញុំ​ខូច ហើយ​ខ្ញុំ​មិន​ដឹង​ថា​វា​ខូច​កន្លែង​ណា​ទេ»។ បុរស​ដែល​ទើប​តែ​លែង​លះ​ប្រពន្ធ ឬ​ក្លាយ​ជា​ពោះម៉ាយ ក៏​ប្រហែល​ជា​ច្របូក​ច្របល់​នឹង​កិច្ច​ការ​ជា​ច្រើន​ក្នុង​ផ្ទះ​ដែរ ដែល​ឥឡូវ​គាត់​ត្រូវ​តែ​ធ្វើ។ ចំពោះ​បុត្រ​ធីតា ភាព​គ្មាន​របៀប​ក្នុង​ផ្ទះ នាំ​ឲ្យ​មាន​ចិត្ត​មិន​ស្ងប់។

រូបភាពនៅទំព័រ១០៩

ឱ​កូន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​តាម​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​របស់​អ្នក​ចុះ!

៦, ៧. (ក) ហេតុ​អ្វី​បាន​ជា‹ប្រពន្ធ​ដែល​មាន​សមត្ថភាព›ក្នុង​សៀវភៅ​សុភាសិត​គឺ​ជា​គំរូ​ដ៏​ល្អ? (ខ) តើ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ភារកិច្ច​ក្នុង​ផ្ទះ ជួយ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​យ៉ាង​ដូច​ម្ដេច?

៦ តើ​អ្វី​អាច​ជួយ​បាន? ចូរ​កត់​សម្គាល់​នូវ​គំរូ​របស់‹ប្រពន្ធ​ដែល​មាន​សមត្ថភាព› នៅ​ឯ​សុភាសិត ៣១:១០​-​៣១។ សមិទ្ធផល​ដែល​នាង​បាន​សម្រេច​គឺ​មាន​ច្រើន​ណាស់ ដូច​ជា​ទិញ លក់​ដូរ កាត់​ដេរ ធ្វើ​ម្ហូប ធ្វើ​វិនិយោគ​ខាង​ដី​ធ្លី ធ្វើ​ស្រែ​ចំ​ការ និង​ធ្វើ​អាជីវកម្ម។ តើ​នាង​សម្រេច​ការ​ទាំង​នេះ​ដោយ​ដូច​ម្ដេច​បាន? នាង​មាន​ចិត្ត​ព្យាយាម ធ្វើ​ការ​អស់​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ក្រោក​ពី​ព្រលឹម ដើម្បី​ចាប់​ផ្ដើម​កិច្ច​ការ​របស់​នាង។ ហើយ​នាង​ចេះ​រៀប​ចំ​ល្អ​ណាស់ ដោយ​ផ្ទេរ​កិច្ច​ការ​ខ្លះ និង​ធ្វើ​ការ​ដោយដៃ​របស់​នាង​ផ្ទាល់ ដើម្បី​មើល​ថែ​រក្សា​នូវ​កិច្ច​ការ​ឯ​ទៀត។ ដូច្នេះ​ហើយ​បាន​ជា​នាង​ទទួល​នូវ​ការ​សរសើរ​នោះ!

៧ ប្រសិន​បើ​អ្នក​ជា​បិតា​ឬ​មាតា​ដែល​គ្មាន​គូ ចូរ​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​ភារកិច្ច​ទាំង​ឡាយ​ក្នុង​ផ្ទះ​របស់​អ្នក​ចុះ! សូម​ឲ្យ​ពេញ​ចិត្ត​នឹង​កិច្ច​ការ​នេះ ព្រោះ​កិច្ច​ការ​នេះ​នឹង​ធ្វើ​ឲ្យ​បុត្រ​ធីតា​របស់​អ្នក​មាន​សុភមង្គល​ច្រើន​ដែរ។ ប៉ុន្តែ គម្រោង​ការ​និង​ការ​រៀប​ចំ​ត្រឹម​ត្រូវ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។ ព្រះ​គម្ពីរ​ចែង​ថា៖ «គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង»។ (សុភាសិត ២១:៥) បិតា​ម្នាក់​ដែល​គ្មាន​គូ​បាន​សារភាព​ថា៖ «ខ្ញុំ​ច្រើន​តែ​មិន​គិត​អំពី​រឿង​បរិភោគ​អាហារ​ទេរ​ហូត​ទាល់​តែ​ខ្ញុំ​ឃ្លាន»។ ក៏​ប៉ុន្តែ​អាហារ​ដែល​រៀប​ចំ​ទុក​ជា​មុន ប្រហែល​ជា​មាន​ជីវជាតិ​ច្រើន​ជាង និង​ក៏​ឈ្ងុយ​ឆ្ងាញ់​ជាង​អាហារ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រញាប់​ពេក។ អ្នក​ប្រហែល​ជា​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ជំនាញ​ថ្មី​ៗ​ទៀត​ដែល​មាន​ក្នុង​ផ្ទះ។ ដោយ​សុំ​យោបល់​ពី​មិត្ត​ភក្ដិ​ដែល​ចេះ​ដឹង ដោយ​មើល​សៀវភៅ​ណែនាំ និង​ដោយ​សុំ​យោបល់​ពី​អ្នក​ជំនាញ​ការ នោះ​មាតា​ជា​ច្រើន​ដែល​គ្មាន​គូ អាច​ធ្វើ​កិច្ច​ការ​ដូច​ជា​លាប​ផ្ទះ ធ្វើ​ប្រព័ន្ធ​បំពង់​ទឹក និង​ជួស​ជុល​រថយន្ត​ធុន​តូច​ជា​ដើម។

៨. តើ​កូន​នៃ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​អាច​ជួយ​នៅ​ក្នុង​ផ្ទះ​យ៉ាង​ដូច​ម្ដេច?

៨ តើ​ការ​សុំ​កូន​ឲ្យ​ជួយ​នោះ​ជា​ការ​ត្រឹម​ត្រូវ​ទេ? មាតា​ម្នាក់​ដែល​គ្មាន​គូ​បាន​វែក​ញែក​ថា៖ «អ្នក​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​របស់​កូន ដែល​មក​ពី​ការ​គ្មាន​មាតា​ឬ​បិតា ដោយ​ខំ​ធ្វើ​ឲ្យ​កូន​មាន​ជីវិត​ស្រួល»។ នេះ​ប្រហែល​ជា​អាច​យោគ​យល់​បាន ប៉ុន្តែ​ប្រហែល​ជា​មិន​តែង​តែ​មាន​ប្រយោជន៍​ចំពោះ​កូន​ទេ។ យុវជន​ដែល​កោត​ខ្លាច​ចំពោះ​ព្រះ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​សមរម្យ​មួយ។ (លោកុប្បត្តិ ៣៧:២; បទ​ចំ​រៀង​សាឡូម៉ូន ១:៦) ដូច្នេះ ទោះ​ជា​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​ដាក់​បន្ទុក​ច្រើន​ពេក​លើ​កូន​ក៏​ដោយ នោះ​ជា​ការ​ល្អ បើ​អ្នក​ចាត់​ឲ្យ​កូន​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ ដូច​ជា​លាង​ចាន និង​រៀប​ចំ​បន្ទប់​ដេក​ឲ្យ​បាន​ស្អាត​បាត។ ម្ដេច​ក៏​មិន​ធ្វើ​កិច្ច​ការ​ខ្លះ​ៗ​ទាំង​នេះ​ជា​មួយ​គ្នា​ទៅ? នេះ​អាច​ជា​ការ​ដ៏​សប្បាយ​មែន!

ភាព​ពិបាក​នៃ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត

រូបភាពនៅទំព័រ១០៧

ចូរ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក

៩. ហេតុ​អ្វី​ក៏​មាតា​ដែល​គ្មាន​គូ ច្រើន​តែ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ខាង​ប្រាក់​កាស​នោះ?

៩ បិតា​ឬ​មាតា​ភាគ​ច្រើន ដែល​គ្មាន​គូ​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ខាង​ប្រាក់​កាស។ ហើយ​ធម្មតា មាតា​ដែល​មាន​អាយុ​ក្មេង ថែម​ទាំង​មិន​បាន​រៀប​ការ ក៏​មាន​ការ​ពិបាក​ជាង​នោះ​ទៅ​ទៀត។a នៅ​ក្នុង​ប្រទេស​ដែល​មាន​ជំនួយ​ពី​រដ្ឋាភិបាល នោះ​ប្រហែល​ជា​ការ​ល្អ​បើ​គេ​ឆ្លៀត​យក​ប្រយោជន៍​នោះ យ៉ាង​ហោច​ណាស់​ចាំ​ទំ​រាំ​ដល់​គេ​អាច​រក​ការ​ងារ​បាន​ធ្វើ។ ព្រះ​គម្ពីរ​អនុញ្ញាត​ឲ្យ​ពួក​គ្រីស្ទាន​ប្រើ​នូវ​វិធានការ​បែប​នេះ ជា​ពេល​ដ៏​ចាំ​បាច់។ (រ៉ូម ១៣:១, ៦) ស្ត្រី​មេម៉ាយ​និង​ស្ត្រី​ដែល​លែង​ប្ដី ក៏​ប្រឈម​មុខ​នឹង​ការ​ពិបាក​ស្រដៀង​គ្នា​ដែរ។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​កាលៈទេសៈ​ជំរុញ​ឲ្យ​ពួក​គេ​រក​ការ​ងារ​ធ្វើ ក្រោយ​ពី​បាន​ធ្វើ​ការ​នៅ​ឯ​ផ្ទះ​ជា​យូរ​យារ​មក​ហើយ​និង​ច្រើន​តែ​អាច​រក​បាន​តែ​ការ​ងារ​ដែល​មាន​ឈ្នួល​ថោក។ ខ្លះ​ទៀត​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​គេ​បាន​ល្អ​ឡើង ដោយ​ចុះ​ឈ្មោះ​ចូល​រៀន​តាម​កម្ម​វិធី​ហ្វឹកហ្វឺន​ខាង​ការ​ងារ ឬ​វគ្គ​សិក្សា​នៅ​ឯ​សាលា​ដែល​មាន​រយៈ​ពេល​ខ្លី។

១០. តើ​តាម​របៀប​ណា​ដែល​មាតា​គ្មាន​គូ អាច​ពន្យល់​ប្រាប់​កូន​របស់​ខ្លួន​នូវ​មូលហេតុ​ដែល​គាត់​ត្រូវ​តែ​រក​ការ​ងារ​ធ្វើ​នោះ?

១០ ពេល​ដែល​អ្នក​រក​ការ​ងារ​ធ្វើ សូម​កុំ​ភ្ញាក់​ផ្អើល បើ​កូន​ៗ​របស់​អ្នក​មិន​បាន​សប្បាយ​ចិត្ត នោះ​អ្នក​មិន​ត្រូវ​ស្ដាយ​ក្រោយ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ពន្យល់​ប្រាប់​នូវ​មូលហេតុ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ការ ហើយ​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​ពួក​គេ។ (ធីម៉ូថេ​ទី​១ ៥:៨) ក្រោយ​មក កុមារ​ភាគ​ច្រើន​នឹង​សាំ​ទៅ​តាម​កាលៈទេសៈ​នោះ។ ប៉ុន្តែ ចូរ​ខំ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជា​មួយ​ពួក​គេ​ចុះ ឲ្យ​តែ​កាល​វិភាគ​របស់​អ្នក​អនុញ្ញាត​ឲ្យ។ ការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​សម្រាល​ទុក្ខ​ណា​ដែល​មក​ពី​ការ​ខ្វះ​ខាត​ប្រាក់​កាស​ក្នុង​ក្រុម​គ្រួសារ។—សុភាសិត ១៥:១៦, ១៧

តើ​អ្នក​ណា​ជា​អ្នក​ថែ​ទាំ​អ្នក​ណា?

រូបភាពនៅទំព័រ១១០

ក្រុម​ជំនុំ​មិន​ធ្វើ​កន្តើយ​នឹង«ស្ត្រី​មេម៉ាយ» និង«កូន​កំព្រា»ទេ

១១, ១២. តើ​មាតា​ឬ​បិតា​ដែល​គ្មាន​គូ​ត្រូវ​តែ​គិត​អំពី​ល័ក្ខខ័ណ្ឌ​អ្វី? ហើយ​តើ​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១១ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​មាតា​ឬ​បិតា​គ្មាន​គូ មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយបុត្រ​ធីតា​របស់​ខ្លួន។ ប៉ុន្តែ ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​ល័ក្ខខ័ណ្ឌ​ដែល​ព្រះ​បាន​កំណត់​ឲ្យ​រវាង​មាតា​បិតា​និង​បុត្រ​ធីតា ទៅ​ជា​ឥត​មាន​ប្រសិទ្ធិ​ភាព​វិញ​នោះ។ ជា​ឧទាហរណ៍ ការ​ពិបាក​ជា​ច្រើន​អាច​កើត​មាន​ឡើង បើ​មាតា​ដែល​គ្មាន​គូ​សង្ឃឹម​ឲ្យ​កូន​ប្រុស​កាន់​យក​ភារកិច្ច​ទាំង​ឡាយ​ជា​មេ​គ្រួសារ ឬ​ចាត់​ទុក​កូន​ស្រី​របស់​ខ្លួន​ជា​មនុស្ស​ជំនិត ដោយ​ដាក់​បន្ទុក​លើ​កូន​ស្រី​នេះ​ដូច​ជា​ប្រាប់​បញ្ហា​ផ្ទាល់​ខ្លួន​ជា​ដើម។ ការ​ធ្វើ​បែប​នេះ​គឺ​ឥត​សម​ហេតុ​ផល ថែម​ទាំង​នាំ​ឲ្យ​មាន​ការ​តាន​តឹង​ក្នុង​ចិត្ត និង​ប្រហែល​ជា​ធ្វើ​ឲ្យ​ឡប់​ស្មារតី​ដល់​ក្មេង​នេះ​ទៀត​ផង។

១២ ដោយ​ការ​ធានា​របស់​អ្នក ចូរ​ប្រាប់​បុត្រ​ធីតា​ថា ក្នុង​នាម​ជា​មាតា​ឬ​បិតា អ្នក​នឹង​ខិត​ខំ​មើល​ថែ​រក្សា​ពួក​គេ មិន​មែន​ធ្វើ​ផ្ទុយ​ពី​នោះ​ទេ។ (ប្រៀប​មើល កូរិនថូស​ទី​២ ១២:១៤) នៅ​ពេល​ខ្លះ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ឱវាទ​និង​ជំនួយ​ខ្លះ​ៗ។ ចូរ​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន ឬ​ប្រហែល​ជា​ពី​ស្ត្រី​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ មិន​មែន​ពី​កូន​ដែល​មិន​ទាន់​ដឹង​ក្ដី​របស់​អ្នក​ទេ។—ទីតុស ២:៣

បន្ត​ទូន្មាន​ប្រដៅ

១៣. តើ​មាតា​ដែល​គ្មាន​គូ​អាច​ប្រទះ​បញ្ហា​អ្វី​ស្តី​អំពី​ការ​ទូន្មាន​ប្រដៅ?

១៣ ប្រសិន​បើ​អ្នក​ទូន្មាន​ប្រដៅ​ជា​បុរស​វិញ នោះ​កូន​ប្រហែល​ជា​ស្ដាប់​តាម​ជាង ក៏​ប៉ុន្តែ​ប្រសិន​បើ​ស្ត្រី​ម្នាក់​វិញ​ប្រហែល​ជា​មាន​បញ្ហា​ក្នុង​ករណី​នេះ។ មាតា​ម្នាក់​ដែល​គ្មាន​គូ​និយាយ​ថា៖ «កូន​ប្រុស​ៗ​របស់​ខ្ញុំ​បាន​ពេញ​រូប​ពេញ​រាង​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ហើយ ថែម​ទាំង​មាន​ស​ម្លេ​ង​ជា​មនុស្ស​ធំ​ទៀត​ផង។ ជួន​កាល​គឺ​ពិបាក​និយាយ​បែប​ម៉ឺង​ម៉ាត់​ឬ​បែប​ស្លូត​បូត ព្រោះ​បើ​ប្រៀប​ធៀប​នឹង​ស​ម្លេ​ង​របស់​កូន​គឺ​ខ្លាំង​ជាង​មែន»។ ម្យ៉ាង​វិញ​ទៀត អ្នក​ប្រហែល​ជា​នៅ​កាន់​ទុក្ខ​ឲ្យ​គូ​ដ៏​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​នោះ ឬ​ប្រហែល​ជា​មាន​អារម្មណ៍​ស្ដាយ ឬ​ក៏​បាន​ខឹង​យ៉ាង​ខ្លាំង​ដោយ​មាន​ការ​បែក​បាក់​គ្នា​បែប​នេះ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ត្រូវ​ចែក​គ្នា​ខាង​សិទ្ធិ​គ្រប់​គ្រង​កូន នោះ​អ្នក​ប្រហែល​ជា​ខ្លាច​កូន​របស់​អ្នក​ចង់​ទៅ​នៅ​ជា​មួយ​អតីត​គូ​របស់​អ្នក។ ស្ថានការណ៍​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទូន្មាន​ប្រដៅ​ដោយ​មាន​តុល្យភាព។

១៤. តើ​យ៉ាង​ដូច​ម្ដេច​ដែល​បិតា​ឬ​មាតា​គ្មាន​គូ​អាច​រក្សា​នូវ​ទស្សនៈ​ដែល​មាន​តុល្យភាព​ខាង​ការ​ទូន្មាន​ប្រដៅ?

១៤ ព្រះ​គម្ពីរ​ចែង​ថា «កូន​ណា​ដែល​បណ្ដោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែ​ធ្វើ​ឲ្យ​ម្ដាយ​មាន​សេចក្ដី​ខ្មាស​វិញ»។ (សុភាសិត ២៩:១៥) អ្នក​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ការ​រៀប​ចំ​ដើម្បី​ប្រតិបត្ដិ​នូវ​វិន័យ​ក្នុង​គ្រួសារ ដូច្នេះ​សូម​កុំ​ឲ្យ​ទៅ​ជា​មាន​អារម្មណ៍​ស្ដាយ មាន​វិប្បដិសារី ឬ​ភិត​ភ័យ​នោះ​ឡើយ។ (សុភាសិត ១:៨) សូម​កុំ​ធ្វើ​ឲ្យ​ខូច​ដល់​គោល​ការណ៍​ព្រះ​គម្ពីរ​ឡើយ។ (សុភាសិត ១៣:២៤) សូម​ខំ​ប្រព្រឹត្ត​តាម​របៀប​ដ៏​សម​ហេតុ​សម​ផល ដែល​ជាក់​លាក់ និង​ដោយ​ចិត្ត​មុត​មាំ។ ជា​យថាហេតុ កូន​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​តាម។ ក៏​ប៉ុន្តែ អ្នក​ក៏​ត្រូវ​គិត​អំពី​អារម្មណ៍​របស់​បុត្រ​ធីតា​របស់​អ្នក​ផង​ដែរ។ បិតា​ម្នាក់​ដែល​គ្មាន​គូ​និយាយ​ថា៖ «ការ​ទូន្មាន​ប្រដៅ​របស់​ខ្ញុំ​ត្រូវ​តែ​មាន​តុល្យភាព​និង​ដោយ​ការ​យោគ​យល់​ផង​ដែរ ដោយ​ព្រោះ​តែ​ការ​តក់​ស្លុត ដែល​មាតា​របស់​ពួក​គេ​បាន​ស្លាប់​ទៅ​នោះ។ ខ្ញុំ​និយាយ​ជា​មួយ​កូន​ៗ​រៀង​រាល់​ឱកាស​ដែល​ហុច​ឲ្យ​ខ្ញុំ។ យើង​មាន​ពេល​វេលា​សំ​រាប់​ការ​និយាយ​ដ៏​ស្និទ្ធ​ស្នាល ពេល​ដែល​យើង​រៀប​ចំ​អាហារ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ពួក​គេ​ពិត​ជា​ទុក​ចិត្ត​លើ​ខ្ញុំ»។

១៥. តើ​មាតា​ឬ​បិតា​ដែល​លែង​លះ​គ្នា​គួរ​តែ​ជៀស​វាង​អ្វី ពេល​និយាយ​អំពី​អតីត​គូ​របស់​គេ​នោះ?

១៥ ប្រសិន​បើ​អ្នក​បាន​លែង​លះ​គ្នា ការ​ប្រព្រឹត្ត​តាម​របៀប​ដ៏​ឥត​គោរព​ចំពោះ​អតីត​គូ​របស់​អ្នក នឹង​គ្មាន​ប្រយោជន៍​សោះ​ឡើយ។ ការ​ឈ្លោះ​គ្នា​រវាង​ឪពុក​ម្ដាយ​គឺ​ជា​ការ​ចុក​ចាប់​ចំពោះ​កូន​ៗ ហើយ​នៅ​ទី​បំផុត​ការ​គោរព​របស់​ពួក​គេ​ចំពោះ​អ្នក​ទាំង​ពីរ​នឹង​អន់​ថយ​ទៅ។ ដូច្នោះ​ហើយ ចូរ​ជៀស​វាង​ពាក្យ​សំ​ដី​ដែល​បញ្ឈឺ​ចិត្ត​ដូច​ជា៖ «ឯង​ដូច​ឪពុក​ឯង​បេះ​បិទ!»។ ទោះ​ជា​អតីត​គូ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​ជា​ឪពុក​ឬ​ម្ដាយ​នៃ​កូន​របស់​អ្នក​ដដែល បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្ដី​ទូន្មាន​ប្រដៅ​ពី​បិតា​និង​ពី​មាតា​ផង​ដែរ។b

១៦. តើ​គួរ​មាន​ការ​រៀប​ចំ​អ្វី​ខាង​វិញ្ញាណ ដែល​ជា​ផ្នែក​នៃ​ការ​ទូន្មាន​ប្រដៅ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាតា​នោះ?

១៦ ដូច​ជា​បាន​ពិគ្រោះ​នៅ​ក្នុង​ជំពូក​មុន​ៗ ការ​ទូន្មាន​ប្រដៅ​ទាក់​ទង​នឹង​ការ​អប់រំ និង​ការ​បង្ហាត់​បង្រៀន មិន​មែន​គ្រាន់​តែ​ជា​ការ​ដាក់​ទោស​នោះ​ទេ។ បញ្ហា​ជា​ច្រើន​អាច​ជៀស​វាង​បាន ដោយ​កម្ម​វិធី​ល្អ​ៗ​ខាង​ការ​អប់រំ​ខាង​វិញ្ញាណ។ (ភីលីព ៣:១៦) គឺចាំ​បាច់​ដែល​អ្នក​ត្រូវ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន។ (ហេព្រើរ ១០:២៤, ២៥) ហើយ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ​ប្រចាំ​សប្ដាហ៍​ក៏​ត្រូវ​ការ​ជា​ចាំ​បាច់​ដែរ។ ពិត​មែន ការ​ដឹក​នាំ​ការ​សិក្សា​ជា​ទៀង​ទាត់ នោះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ មាតា​ម្នាក់​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​បាន​និយាយ​ថា៖ «ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ហើយ នោះ​អ្នក​ពិត​ជា​ចង់​សំ​រាក។ ក៏​ប៉ុន្តែ ខ្ញុំ​ប្រុង​ប្រៀប​ដើម្បី​សិក្សា​ជា​មួយ​កូន​ស្រី ដោយ​ដឹង​ថា នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ។ កូន​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការ​សិក្សា​ក្នុង​គ្រួសារ​នេះ​ណាស់!»។

១៧. តើ​យើង​អាច​រៀន​អ្វី​អំពី​ធីម៉ូថេ​ជា​គូកន​របស់​ប៉ុល ស្តី​អំពី​របៀប​ដែល​គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដ៏​ល្អ​នោះ?

១៧ យ៉ាង​ច្បាស់​ណាស់ ធីម៉ូថេ​ដែល​ជា​គូកន​របស់​សាវ័ក​ប៉ុល ទំនង​ជា​បាន​ទទួល​នូវ​ការ​អប់រំ​ខាង​គោល​ការណ៍​ព្រះ​គម្ពីរ ពី​មាតា​និង​ជីដូន​របស់​គាត់ ក៏​ប៉ុន្តែ​មិន​មែន​ពី​បិតា​របស់​គាត់​ឡើយ។ ជា​លទ្ធផល ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ម្នាក់​ដ៏​ល្អ​ពិត​មែន! (កិច្ច​ការ ១៦:១, ២; ធីម៉ូថេ​ទី​២ ១:៥; ៣:១៤, ១៥) អ្នក​ក៏​អាច​សង្ឃឹម​ថា​នឹង​មាន​លទ្ធផល​ដ៏​ល្អ​ដែរ កាល​ដែល​អ្នក​ខំ​ប្រឹង​ចិញ្ចឹម​បុត្រ​ធីតា​របស់​អ្នក«ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់»នោះ។—អេភេសូរ ៦:៤

ការ​យក​ឈ្នះ​លើ​ភាព​ឯក​កោ​បាន​ដោយ​ជោគ​ជ័យ

១៨, ១៩. (ក) តើ​តាម​របៀប​ណា​ដែល​ភាព​ឯក​កោ​អាច​កើត​មាន​ឡើង​ចំពោះ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​នោះ? (ខ) តើ​ឱវាទ​អ្វី​ដែល​បាន​ផ្ដល់​មក ដើម្បី​ជួយ​ទប់​ទល់​នឹង​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម?

១៨ មាតា​ម្នាក់​ដែល​គ្មាន​គូ​បាន​និយាយ​ដោយ​ដក​ដង្ហើម​ធំ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​មកផ្ទះ​ហើយ​ឃើញ​ថា​ខ្ញុំ​នៅ​តែ​ឯង ជា​ពិសេស ក្រោយ​ពី​កូន​ចូល​គេង​អស់​ទៅ នោះ​ភាព​ឯក​កោ​បាន​មាន​អានុភាព​មក​លើ​ខ្ញុំ​មែន»។ ត្រូវ​ហើយ តាម​ធម្មតា ភាព​ឯក​កោ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​ត្រូវ​តែ​ប្រឈម​មុខ។ គឺ​ជា​ការ​ធម្មតា ដែល​គាត់​ចង់​បាន​មិត្តភាព​ដ៏​កក់​ក្ដៅ និង​ភាព​ស្និទ្ធ​ស្នាល​ពី​អាពាហ៍ពិពាហ៍។ ក៏​ប៉ុន្តែ​តើ​បុគ្គល​ម្នាក់​គួរ​តែ​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ប្រើ​វិធី​ណា​ក៏​ដោយ​ឬ? នៅ​ក្នុង​សម័យ​របស់​សាវ័ក​ប៉ុល ស្រី​មេម៉ាយ​ក្មេង​ខ្លះ​បាន​អនុញ្ញាត​ឲ្យ«សេចក្ដី​ស្រើប​ស្រាល​ពង្រាត់​គេ​ចេញ​ពី​ព្រះ​គ្រីស្ទ»។ (ធីម៉ូថេ​ទី​១ ៥:១១, ១២, ព.ថ.) ការ​អនុញ្ញាត​ឲ្យ​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម​មក​សន្ធប់​លើ​ប្រយោជន៍​ខាង​វិញ្ញាណ នោះ​នឹង​មាន​អន្តរាយ​ជា​ពុំ​ខាន។—ធីម៉ូថេ​ទី​១ ៥:៦

១៩ បុរស​គ្រីស្ទាន​ម្នាក់​បាន​មាន​ប្រសាសន៍​ថា៖ «កាម​តណ្ហា​គឺ​ខ្លាំង​ណាស់ តែ​អ្នក​អាច​ទប់​នឹង​អារម្មណ៍​នោះ​បាន។ នៅ​ពេល​ដែល​អារម្មណ៍​នោះ​ចាប់​មាន​ឡើង អ្នក​មិន​ត្រូវ​គិត​អំពី​វា​ឡើយ។ អ្នក​ត្រូវ​តែ​កំចាត់​អារម្មណ៍​នោះ​ចោល​ភ្លាម។ អ្វី​ដែល​អាច​ជួយ​គឺ​ការ​គិត​អំពី​បុត្រ​ធីតា​របស់​អ្នក»។ បន្ទូល​របស់​ព្រះ​ឲ្យ​ឱវាទ​ថា៖ ‹ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា គឺ​ជា​ការ​សំ​រើប​សំ​រាល›។ (កូល៉ុស ៣:៥) បើ​អ្នក​ចង់​បំបាត់​នូវ​ការ​ឃ្លាន​អាហារ តើ​អ្នក​នឹង​អាន​ទស្សនាវដ្ដី​ដែល​បង្ហាញ​រូប​ភាព​នៃ​អាហារ​ឈ្ងុយ​ឆ្ងាញ់​ទេ? ឬ​ក៏​តើ​អ្នក​នឹង​ចូល​រួម​ជា​មួយ​មនុស្ស​ដែល​និយាយ​តែ​អំពី​អាហារ​ជា​និច្ច​ឬ? ប្រាកដ​ជា​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ! នោះ​ក៏​ដូច​គ្នា​ដែរ​ស្តី​អំពី​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម។

២០. (ក) តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ចំពោះ​អស់​អ្នក​ដែល​ដើរ​លេង​ជា​គូ​នឹង​មនុស្ស​ដែល​មិន​ជឿ​ព្រះ? (ខ) តើ​មនុស្ស​នៅ​លីវ​នៅ​សត​វត្ស​ទី​មួយ​និង​នៅ​សព្វ​ថ្ងៃ​នេះ បាន​ឈ្នះ​លើ​ភាព​ឯក​កោ​យ៉ាង​ដូច​ម្ដេច?

២០ ពួក​គ្រីស្ទាន​ខ្លះ​ចាប់​ផ្ដើម​ដើរ​លេង​ជា​គូ​ជា​មួយ​អ្នក​មិន​ជឿ​ព្រះ។ (កូរិនថូស​ទី​១ ៧:៣៩) តើ​នោះ​បាន​ដោះ​ស្រាយ​បញ្ហា​របស់​គេ​ឬ​ទេ? អត់​ទេ! ស្ត្រី​គ្រីស្ទាន​ម្នាក់​ដែល​បាន​លែង​លះ​ហើយ​ព្រមាន​ថា៖ «មាន​អ្វី​មួយ​អាក្រក់​ជាង​ការ​នៅ​លីវ​ទៅ​ទៀត។ នោះ​គឺ​ជា​ការ​រៀប​ការ​ជា​មួយ​នឹង​មនុស្ស​ឥត​សម​នឹង​ខ្លួន!»។ ស្ត្រី​គ្រីស្ទាន​មេម៉ាយ​នៅ​សត​វត្ស​ទី​មួយ ច្បាស់​ជា​មាន​អារម្មណ៍​ឯក​កោ​ តែ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​បាន​ខំ​ជាប់​រវល់​នឹង«ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នកដែល​មាន​សេចក្ដី​វេទនា»។ (ធីម៉ូថេ​ទី​១ ៥:១០) ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​សព្វ​ថ្ងៃ​នេះ ដែល​បាន​រង់​ចាំ​ជា​ច្រើន​ឆ្នាំ​ដើម្បី​រក​គូ​ដែល​កោត​ខ្លាច​ព្រះ ក៏​បាន​ជាប់​រវល់​ដូច្នេះ​ដែរ។ ស្ត្រី​គ្រីស្ទាន​មេម៉ាយ​ម្នាក់​ដែល​មាន​អាយុ​៦៨​ឆ្នាំ ចាប់​ផ្ដើម​ទៅ​លេង​ស្ត្រី​មេម៉ាយ​ឯ​ទៀត ពេល​ណា​ដែល​គាត់​មាន​អារម្មណ៍​ឯក​កោ​។ គាត់​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ដោយ​ការ​ទៅ​លេង​បែប​នេះ ការ​ខំ​ធ្វើ​កិច្ច​ការ​ផ្ទះ និង​មើល​ថែ​រក្សា​ភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ នោះ​ខ្ញុំ​គ្មាន​ពេល​ឲ្យ​មាន​អារម្មណ៍​ឯក​កោ​នោះ​ឡើយ»។ ការ​បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​ជា​កិច្ច​ការ​ដ៏​ល្អ​ដែល​មាន​ប្រយោជន៍​ជា​ពិសេស។—ម៉ាថាយ ២៨:១៩, ២០

២១. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​អធិស្ឋាន​និង​ការ​សេព​គប់​ដ៏​ល្អ អាច​ជួយ​ឲ្យ​ឈ្នះ​លើ​ភាព​ឯក​កោ​?

២១ ពិត​មែន​ហើយ គឺ​ឥត​មាន​ការ​ព្យាបាល​ដោយ​អព្ភូតហេតុ​ទេ​ចំពោះ​ភាព​ឯក​កោ​នោះ។ ក៏​ប៉ុន្តែ​អ្នក​អាច​ស៊ូ​ទ្រាំ​ដោយ​កម្លាំង​របស់​ព្រះ​យេហូវ៉ា។ កម្លាំង​នេះ​អាច​មាន​បាន ពេល​ដែល​គ្រីស្ទាន​ម្នាក់«ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ នឹង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ»។ (ធីម៉ូថេ​ទី​១ ៥:៥) សេចក្ដី​ទូល​អង្វរ​ជា​ការ​ខំ​ព្យាយាម​ទូល អង្វរ​រក​ជំនួយ ប្រហែល​ដោយ​សម្រែក​ខ្លាំង​លាយ​ជា​មួយ​ទឹក​ភ្នែក។ (ប្រៀប​មើល ហេព្រើរ ៥:៧) ការ​ប្រាប់​រឿង​សម្ងាត់​របស់​អ្នក​ជូន​ព្រះ​យេហូវ៉ា«ទាំង​យប់​ទាំង​ថ្ងៃ» អាច​ជួយ​ពិត​មែន។ ម្យ៉ាង​វិញ​ទៀត ការ​សេព​គប់​ដ៏​ល្អ​អាច​ជួយ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ឯក​កោ​។ តាម​រយៈ​ការ​សេព​គប់​ដ៏​ល្អ បុគ្គល​ម្នាក់​អាច​ទទួល«ពាក្យ​ល្អ»នៃ​ការ​លើក​ទឹក​ចិត្ត​ដែល​បាន​រៀប​រាប់​ក្នុង​សុភាសិត ១២:២៥។

២២. តើ​ការ​ពិចារណា​អ្វី​នឹង​ជួយ​បាន ពេល​មាន​អារម្មណ៍​ឯក​កោ​ម្ដង​ៗ​នោះ?

២២ អ្នក​ទំនង​ជា​នឹង​មាន​អារម្មណ៍​ឯក​កោ​យូរ​ៗ​ម្ដង តែ​ចូរ​ចាំ​មិន​ភ្លេច​ថា គ្មាន​អ្នក​ណា​ដែល​មាន​ជីវិត​មួយ​ដែល​គ្មាន​បញ្ហា​សោះ​ឡើយ។ ប្រាកដ​ហើយ«ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា»កំពុង​តែ​រង​ទុក្ខ​បែប​ផ្សេង​ៗ​ពី​គ្នា​ដែរ។ (ពេត្រុស​ទី​១ ៥:៩) សូម​ជៀស​វាង​គិត​តែ​ពី​អតីតកាល។ (សាស្ដា ៧:១០) សូម​នឹក​គិត​ឡើង​វិញ​នូវ​ផល​ប្រយោជន៍​ដែល​អ្នក​ទទួល។ អ្វី​ដែល​សំខាន់​បំផុត នោះ​គឺ​សូម​តាំង​ចិត្ត​រក្សា​នូវ​ភាព​ស្មោះ​គ្រប់​លក្ខណ៍ ហើយ​ដោយ​ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​បាន​សប្បាយ​វិញ។—សុភាសិត ២៧:១១

របៀប​ដែល​អ្នក​ដទៃ​អាច​ជួយ

២៣. តើ​ពួក​គ្រីស្ទាន​គ្នី​គ្នា​មាន​ភារកិច្ច​អ្វី ចំពោះ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​ក្នុង​ក្រុម​ជំនុំ​នោះ?

២៣ ការ​គាំទ្រ​និង​ជំនួយ​នៃ​ពួក​គ្រីស្ទាន​គ្នី​គ្នា​គឺ​មាន​តម្លៃ​ណាស់។ យ៉ាកុប ១:២៧ ចែង​ថា៖ «ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា»។ ត្រូវ​ហើយ ពួក​គ្រីស្ទាន​មាន​កាតព្វកិច្ច ដើម្បី​ជួយ​ក្រុម​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាតា។ តើ​មាន​វិធី​ដ៏​មាន​ប្រយោជន៍​ណា​ខ្លះ ដែល​អាច​សម្រេច​ការ​នេះ​បាន?

២៤. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​ក្រុម​គ្រួសារ ដែល​មាន​តែ​បិតា​ឬ​មាតា​ដែល​ក្រ​នោះ?

២៤ អ្នក​អាច​ជួយ​ផ្នែក​សំ​ភារៈ។ ព្រះ​គម្ពីរ​ចែង​ថា៖ «បើ​អ្នក​ណា​មាន​ភោគ​ស​ម្ប​ត្ដិរបស់​លោ​កី​យ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេ​ត្ដា​សោះ នោះ​ធ្វើ​ដូច​ម្ដេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?»។ (យ៉ូហាន​ទី​១ ៣:១៧) ពាក្យ​ក្រិក​ពី​ដើម​ចំពោះ​ពាក្យ«ឃើញ» មិន​មាន​ន័យ​ថា ការ​ចោល​កន្ទុយ​ភ្នែក​ទេ ប៉ុន្តែ​ជា​ការ​សម្លឹង​មើល​ដោយ​ចេតនា។ នេះ​បញ្ជាក់​ថា គ្រីស្ទាន​ដែល​មាន​ចិត្ត​សប្បុរស ប្រហែល​ជា​ដំបូង​គាត់​បាន​ដឹង​អំពី​កាលៈទេសៈ​នៃ​ក្រុម​គ្រួសារ​ឬ​សេចក្ដី​ត្រូវ​ការ​ណា​មួយ។ ប្រហែល​ជា​ពួក​គេ​ត្រូវ​ការ​ប្រាក់​កាស។ អ្នក​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ជួស​ជុល​ផ្ទះ។ ឬ​ពួក​គេ​ប្រហែល​ជា​អប​អរ​ដោយ​បាន​ត្រូវ​អញ្ជើញ​មក​ទទួល​ទាន​អាហារ​ឬ​ការ​ជួប​ជុំ​គ្នា​កំសាន្ត។

២៥. តើ​ពួក​គ្រីស្ទាន​គ្នី​គ្នា​អាច​បង្ហាញ​សេចក្ដី​មេ​ត្ដា​ដល់​មាតា​ដែល​គ្មាន​គូ​យ៉ាង​ដូច​ម្ដេច?

២៥ បន្ថែម​ទៀត​នោះ ពេត្រុស​ទី​១ ៣:៨ ចែង​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត​អាសូរ​ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​សុភាព»។ មាតា​ម្នាក់​ដែល​គ្មាន​គូ​ហើយ​មាន​កូន​ប្រាំ​មួយ​នាក់ បាន​និយាយ​ថា៖ «គឺ​ជា​ការ​ពិបាក​ណាស់​ចំពោះ​ខ្ញុំ ហើយ​ជួន​កាល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។ ក៏​ប៉ុន្តែ យូរ​ៗ​ម្ដង បង​ប្អូន​ប្រុស​ឬ​ស្រី​នឹង​និយាយ​ប្រាប់​ខ្ញុំ​ថា៖ ‹ចូ​អែន! អ្នក​ពិត​ជា​ចេះ​ថែ​គ្រួសារ​បាន​ល្អ​មែន!។ នៅ​ទី​បំផុត​នឹង​បាន​លទ្ធផល​ប្រសើរ​ក្រៃ​លែង›។ ការ​ដឹង​ថា​អ្នក​ដទៃ​កំពុង​តែ​រាប់​អាន​អ្នក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក នេះ​គឺ​ជា​ជំនួយ​មែន!»។ ស្ត្រី​គ្រីស្ទាន​ដែល​ចាស់​ជាង អាច​ជួយ​ស្ត្រី​ក្មេង​ជា​មាតា​ដែល​គ្មាន​គូ​ឲ្យ​បាន​ប្រសិទ្ធិ​ភាព ដោយ​ស្ដាប់​នាង​ពេល​ដែល​នាង​មាន​បញ្ហា​ដែល​ពិបាក​នឹង​និយាយ​ប្រាប់​ដល់​បុរស។

២៦. តើ​ពួក​បុរស​គ្រីស្ទាន​ដែល​មាន​ចិត្ត​គំនិត​ចាស់​ទុំ​អាច​ជួយ​ពួក​ក្មេង​កំព្រា​យ៉ាង​ដូច​ម្ដេច?

២៦ ពួក​បុរស​គ្រីស្ទាន​អាច​ជួយ​តាម​របៀប​ផ្សេង​ៗ។ យ៉ូប​ជា​បុរស​សុចរិត​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រី​ក្រ​ឲ្យ​បាន​រួច . . . ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង»។ (យ៉ូប ២៩:១២) បុរស​គ្រីស្ទាន​ខ្លះ​សព្វ​ថ្ងៃ​នេះ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​កំព្រា ហើយ​បង្ហាញ​នូវ«សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត» ដោយ​ឥត​មាន​បំណង​លាក់​កំបាំង​អ្វី​ឡើយ។ (ធីម៉ូថេ​ទី​១ ១:៥) ដោយ​មិន​ធ្វើ​កន្តើយ​នឹង​ក្រុម​គ្រួសារ​របស់​ខ្លួន យូរ​ៗ​ម្ដង ពួក​បុរស​គ្រីស្ទាន​ខ្លះ​ប្រហែល​ជា​រៀបចំ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​យុវជន​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន ហើយ​ក៏​អាច​អញ្ជើញ​យុវជន​នោះ​ឲ្យ​ចូល​រួម​នឹង​ការ​សិក្សា​ក្នុង​គ្រួសារ ឬ​ការ​កំសាន្ត​ដែរ។ សេចក្ដី​សប្បុរស​បែប​នេះ​អាច​ជួយ​សង្គ្រោះ​ពួក​ក្មេង​កំព្រា​ពី​ដំណើរ​ដ៏​វៀច​វេរ​នោះ។

២៧. តើ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​អាច​ទុក​ចិត្ត​លើ​ការ​គាំទ្រ​អ្វី?

២៧ ប្រាកដ​ហើយ នៅ​ទី​បំផុត​បិតា​ឬ​មាតា​ដែល​គ្មាន​គូ ត្រូវ​តែ‹ទទួល​បន្ទុក​របស់​ខ្លួន›ចំពោះ​ភារកិច្ច។ (កាឡាទី ៦:៥) យ៉ាង​ណា​ក៏​ដោយ ពួក​គេ​អាច​មាន​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ ព្រះ​គម្ពីរ​ចែង​អំពី​ទ្រង់​ថា៖ «ទ្រង់​ទប់​ទល់​ពួក​កូន​កំព្រា នឹង​ស្រី​មេម៉ាយ»។ (ទំនុក​ដំ​កើង ១៤៦:៩) ដោយ​មាន​ការ​គាំទ្រ​របស់​ទ្រង់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​ក្រុម​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាតា​អាច​ទទួល​បាន​ជោគ​ជ័យ​ជា​ពុំ​ខាន!

a បើ​យុវនារី​គ្រីស្ទាន​ម្នាក់​មាន​ផ្ទៃ​ពោះ​ដោយ​សារ​អំពើ​អសីលធម៌ នោះ​ក្រុម​ជំនុំ​គ្រីស្ទាន​ប្រាកដ​ជា​មិន​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​អ្វី​ដែល​នាង​បាន​ធ្វើ​នោះ​ទេ។ ក៏​ប៉ុន្តែ​បើ​នាង​ប្រែ​ចិត្ត ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ និង​អ្នក​ដទៃ​ទៀត​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​អាច​ផ្ដល់​ជំនួយ។

b យើង​មិន​សំដៅ​ទៅ​លើ​ស្ថានការណ៍​ដែល​កូន​ត្រូវ​ការ​ពារ​ពី​ឪពុក​ឬ​ម្ដាយ​ម្នាក់​ដែល​ធ្វើ​បាប​ពួក​គេ​នោះ​ទេ។ ហើយ​បើ​ឪពុក​ឬ​ម្ដាយ​ម្ខាង​ៗ​ខំ​ធ្វើ​ឲ្យ​ចុះ​ថយ​ចំពោះ​អំណាច​គ្រប់​គ្រង​របស់​អ្នក ដោយ​ប្រហែល​ជា​ចង់​បញ្ចុះ​បញ្ចូល​កូន​ៗ​របស់​អ្នក​ឲ្យ​ចាក​ចេញ​ពី​អ្នក នោះ​ប្រហែល​ជា​ការ​ល្អ​បើ​អ្នក​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ដែល​មាន​បទ​ពិសោធន៍ ដូច​ជា​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ដើម្បី​ទទួល​ឱវាទ​អំពី​របៀប​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​នេះ។

តើ​តាម​របៀប​ណា​ដែល​គោល​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ . . . មាតា​បិតា​និង​បុត្រ​ធីតា​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ ដែល​មាន​តែ​មាតា​ឬ​បិតា​នោះ?

ព្រះ​យេហូវ៉ា​ជា«ឪពុក​ដល់​ពួក​កំព្រា នឹង​ជា​ចៅ​ក្រម​ដល់​ពួក​មេម៉ាយ»។—ទំនុក​ដំ​កើង ៦៨:៥

ការ​រៀប​ចំ​បាន​ត្រឹម​ត្រូវ​គឺ​ចាំ​បាច់​ដើម្បី​ទទួល​ជោគ​ជ័យ។—សុភាសិត ២១:៥

ព្រះ​យេហូវ៉ា​គាំទ្រ​សិទ្ធិ​របស់​បិតា​ឬ​មាតា​ក្នុង​ការ​ផ្ដល់​នូវ​ការ​ទូន្មាន​ប្រដៅ​យ៉ាង​ត្រឹម​ត្រូវ។—សុភាសិត ១:៨

ស្ត្រី​មេម៉ាយ​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា ខំ​ជាប់​រវល់​នឹង​កិច្ច​ការ​ល្អ​និង​ខំ​ព្យាយាម​អធិស្ឋាន។—ធីម៉ូថេ​ទី​១ ៥:៥, ១០

ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ‹ក្មេង​កំព្រា​នឹង​ស្ត្រី​មេម៉ាយ› គឺ​ជា​ផ្នែក​នៃ​ការ​ថ្វាយ​បង្គំ​ពិត។—យ៉ាកុប ១:២៧

អ្វី​ដែល​ក្មេង​ៗ​អាច​ធ្វើ

តើ​មាតា​ឬ​បិតា​របស់​អ្នក​ជា​បុគ្គល​ដែល​គ្មាន​គូ​ទេ? បើ​ដូច្នេះ​មែន តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​នោះ? អ្វី​មួយ​អ្នក​អាច​ធ្វើ​គឺ គោរព​ស្ដាប់​បង្គាប់​គាត់។ ទោះ​ជា​អ្នក​មាន​មាឌ​ធំ​ប៉ុន​ណា​ឬ​ជា​ភេទ​ណា​ក៏​ដោយ ក៏​មិន​ផ្ដល់​ឲ្យ​កូន​ម្នាក់​មាន​សិទ្ធិ‹បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ខ្លួន​ឡើយ›។ (សុភាសិត ១:៨) ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់ ហើយ​នៅ​ទី​បំផុត ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល។—សុភាសិត ២៣:២២; អេភេសូរ ៦:១​-​៣

ចូរ​ចាត់​វិធានការ​ជួយ​គាត់ និង​ដឹង​គុណ​គាត់​ដែរ។ កូន​ម្នាក់​ឈ្មោះ​ថូនី​និយាយ​ថា៖ «ម៉ាក់​ខ្ញុំ​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ ហើយ​ត្រូវ​តែ​អ៊ុត​ខោ​អាវ​គាត់។ ដូច្នេះ​ខ្ញុំ​អ៊ុត​ខោ​អាវ​ឲ្យ​គាត់។ នេះ​ជួយ​ម៉ាក់​របស់​ខ្ញុំ ដូច្នេះ​បាន​ជា​ខ្ញុំ​ធ្វើ»។ មាតា​ម្នាក់​ដែល​គ្មាន​គូ​និយាយ​ថា៖ «ខ្ញុំ​តែង​តែ​ឃើញ​ថា ពេល​ពិបាក​ចិត្ត​ឬ​ឆាប់​ខឹង ដោយ​សារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ និង​ខ្ញុំ​មក​ផ្ទះ​វិញ នោះ​គឺ​ជា​ថ្ងៃ​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​តុ​បាយ និង​រៀប​ចំ​អាហារ​ពេល​ល្ងាច​រួច​ហើយ»។

ចូរ​ចង​ចាំ​ថា​ជំនួយ​របស់​អ្នក​គឺ​សំខាន់​ណាស់។ ក្រោយ​ពី​មាតា​ឬ​បិតា​របស់​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​អស់​មួយ​ថ្ងៃ​ទៅ​ហើយ នោះ​ប្រហែល​ជា​គាត់​មាន​ការ​ពិបាក​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ក្រុម​គ្រួសារ។ ប្រសិន​បើ​អ្នក​មិន​ជួយ​ទេ នោះ​អ្នក​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ពិបាក​ឡើង។ ចូរ​ខំ​ត្រៀម​ខ្លួន​ជា​ស្រេច ពេល​ដល់​ម៉ោង​សិក្សា​នោះ។ ចូរ​រៀប​ចំ​មេ​រៀន​របស់​អ្នក​ទុក​ជា​មុន។ ដោយ​ចេះ​គោរព​ស្ដាប់​បង្គាប់ ចេះ​ដឹង​គុណ និង​ជួយ​គ្នា នោះ​អ្នក​នឹង​ផ្គាប់​ចិត្ត​បិតា​ឬ​មាតា​របស់​អ្នក ហើយ​អ្វី​ដ៏​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​អ្នក​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក