ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
«ចូរ . . . តស៊ូនឹងអារក្សវិញចុះ! នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។—យ៉ា. ៤:៧
១. ពេលព្រះយេស៊ូនៅលើផែនដី តើទ្រង់បានដឹងថានឹងមានការប្រឆាំងពីណា? តើមានលទ្ធផលយ៉ាងណា?
ព្រះយេស៊ូគ្រិស្តបានដឹងថាទ្រង់នឹងមានការប្រឆាំងពីអារក្ស។ ចំណុចនេះគឺជាក់ស្តែងដោយសារអ្វីដែលព្រះមានប្រសាសន៍ទៅកាន់សត្វពស់ ដែលតាមពិតជាវិញ្ញាណកំណាចម្នាក់ ដែលថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី[អង្គការរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌] គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាង[ព្រះយេស៊ូគ្រិស្ត]នឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោ. ៣:១៤, ១៥; វិវរ. ១២:៩) ព្រះយេស៊ូនឹងត្រូវពស់ចឹកកែងជើង។ នេះមានន័យថា ពេលនៅផែនដីទ្រង់ត្រូវទទួលមរណភាព។ ប៉ុន្តែ មិនមែនស្លាប់រហូតនោះទេ ដ្បិតព្រះយេហូវ៉ានឹងប្រោសទ្រង់ឲ្យរស់ឡើងវិញឲ្យមានសិរីរុងរឿងនៅស្ថានសួគ៌។ ចំណែកការកិនក្បាលសត្វពស់ គឺមានន័យថា អារក្សនឹងត្រូវស្លាប់សាបសូន្យទៅ។—សូមអាន កិច្ចការ ២:៣១, ៣២; ហេព្រើរ ២:១៤
២. ហេតុអ្វីបានជាព្រះយេហូវ៉ាជឿជាក់ថា ព្រះយេស៊ូបានជោគជ័យក្នុងការតស៊ូប្រឆាំងអារក្ស?
២ ព្រះយេហូវ៉ាជឿជាក់ថា ពេលនៅផែនដីបុត្ររបស់ទ្រង់ត្រូវប្រឆាំងនឹងអារក្ស ហើយបំពេញកិច្ចការខ្លួនដោយជោគជ័យ។ ហេតុអ្វីបានជាព្រះយេហូវ៉ាជឿជាក់ម្ល៉េះ? ពីព្រោះព្រះយេហូវ៉ាបានបង្កើតបុត្រទ្រង់នៅស្ថានសួគ៌យូរយារមកហើយ។ ទ្រង់បានសង្កេតមើលបុត្រនេះ ហើយដឹងថា«មេជាង»នេះ ដែលជា«បងច្បងនៃគ្រប់ទាំងអស់»ចេះស្ដាប់បង្គាប់និងមានចិត្តស្មោះត្រង់។ (សុ. ៨:២២-៣១; កូល. ១:១៥) ដូច្នេះ នៅពេលដែលព្រះបញ្ជូនព្រះយេស៊ូមកផែនដី ហើយបានអនុញ្ញាតឲ្យអារក្សទៅល្បងលទ្រង់រហូតដល់ស្លាប់នោះ ព្រះបានជឿជាក់ថា បុត្រតែមួយគត់ដែលទ្រង់បានបង្កើតផ្ទាល់នឹងតស៊ូប្រឆាំងអារក្សដោយជោគជ័យ។—យ៉ូន. ៣:១៦
ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកបម្រើទ្រង់
៣. តើសាតាំងមានបំណងចិត្តយ៉ាងណាចំពោះពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា?
៣ ព្រះយេស៊ូបានសំដៅទៅអារក្សជា«ចៅហ្វាយរបស់លោកីយនេះ» ហើយបានព្រមានសិស្សទ្រង់ថាពួកគេនឹងត្រូវបៀតបៀន ដូចជាពួកសត្រូវបានបៀតបៀនទ្រង់ដែរ។ (យ៉ូន. ១២:៣១; ១៥:២០) ពិភពលោកដែលដេកនៅក្នុងឱវាទនៃសាតាំងដែលជាមេកំណាច ស្អប់គ្រិស្តសាសនិកពិត ពីព្រោះពួកគេបម្រើព្រះយេហូវ៉ា និងជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិតផង។ (ម៉ាថ. ២៤:៩; ១យ៉ូន. ៥:១៩) អារក្សតាមព្យាបាទសំណល់នៃពួកអ្នករើសតាំង ដែលនឹងសោយរាជ្យជាមួយព្រះគ្រិស្តនៅក្នុងរាជាណាចក្រស្ថានសួគ៌។ សាតាំងក៏ខំប្រឹងបៀតបៀនសាក្សីព្រះយេហូវ៉ាជាច្រើននាក់ ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅក្នុងសួនមនោរមនៅផែនដីដែរ។ បណ្ដាំរបស់ព្រះព្រមានយើងថា៖ «អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។—១ពេ. ៥:៨
៤. នៅសម័យយើងនេះ តើអ្វីដែលបញ្ជាក់ថារាស្ត្ររបស់ព្រះមានជ័យជម្នះក្នុងការតស៊ូប្រឆាំងនឹងសាតាំង?
៤ យើងមានជ័យជម្នះក្នុងការតស៊ូប្រឆាំងសាតាំង ពីព្រោះយើងមានការគាំទ្រពីព្រះយេហូវ៉ាតាមរយៈអង្គការមួយ។ ចូរគិតអំពីហេតុការណ៍ពិតទាំងនេះ។ ក្នុងរយៈ១០០ឆ្នាំកន្លងមកនេះ អ្នកគ្រប់គ្រងដែលប្រើអំណាចផ្ដាច់ការ ហើយកាចសាហាវបំផុតក្នុងពិភពលោក បានខំព្យាបាទបំបាត់ចោលសាក្សីព្រះយេហូវ៉ាឲ្យសូន្យអស់។ ប៉ុន្តែ សាក្សីព្រះយេហូវ៉ាមានចំនួនកាន់តែច្រើនឡើងៗ សព្វថ្ងៃមានជិត៧.០០០.០០០នាក់ ហើយជាង១០០.០០០ក្រុមជំនុំនៅទូទាំងពិភពលោក។ ផ្ទុយទៅវិញពួកអ្នកគ្រប់គ្រងផ្ដាច់ការហើយកាចសាហាវ ដែលបានប្រឆាំងបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ា គឺជាអ្នកដែលបានត្រូវបំបាត់ចោល!
៥. តើអេសាយ ៥៤:១៧ បានសម្រេចយ៉ាងណាក្នុងករណីពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា?
៥ ព្រះបានសន្យាចំពោះក្រុមជំនុំនៅអ៊ីស្រាអែលពីបុរាណថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ»។ (អេសា. ៥៤:១១, ១៧) នៅអំឡុងគ្រា«ជាន់ក្រោយបង្អស់»នេះ សេចក្ដីសន្យានោះបានសឲ្យឃើញជាពិតប្រាកដមែន ចំពោះពួកអ្នកបម្រើរបស់ព្រះយេហូវ៉ានៅទូទាំងពិភពលោក។ (២ធី. ៣:១-៥, ១៣) យើងបន្តតស៊ូប្រឆាំងនឹងសាតាំងជានិច្ច។ ដោយសារព្រះយេហូវ៉ាទ្រង់កាន់ខាងយើង នោះគ្រឿងសស្ដ្រាវុធណាក៏ដោយដែលសាតាំងប្រើដើម្បីសម្លាប់រាស្ត្ររបស់ព្រះ គឺមិនបានជោគជ័យឡើយ។—ទំនុក. ១១៨:៦, ៧
៦. យោងទៅតាមសៀវភៅដានីយ៉ែល តើអ្វីនឹងកើតឡើងដល់ការគ្រប់គ្រងរបស់សាតាំង?
៦ គ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងរបស់សាតាំងនឹងត្រូវកម្ទេចចោលទាំងអស់នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ដែលកាន់តែកៀកណាស់ហើយ។ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ ត្រូវបានព្រះបណ្ដាលឲ្យសរសេរថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ[ដែលមាននៅសម័យយើងនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[នៅស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរ[ដែលមានសព្វថ្ងៃ]ទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដា. ២:៤៤) ពេលព្រឹត្ដិការណ៍នេះកើតឡើង នោះការគ្រប់គ្រងរបស់សាតាំងនិងការគ្រប់គ្រងមិនល្អឥតខ្ចោះរបស់មនុស្សនឹងត្រូវវិនាសសូន្យទៅ។ ទិដ្ឋភាពទាំងអស់នៃរបៀបរបបពិភពលោករបស់សាតាំងនឹងបាត់សូន្យអស់ ហើយរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងផែនដីទាំងមូលដោយគ្មានពួកសត្រូវប្រឆាំងឡើយ។—សូមអាន ពេត្រុសទី២ ៣:៧, ១៣
៧. ហេតុអ្វីយើងដឹងថាអ្នកបម្រើព្រះយេហូវ៉ាម្នាក់ៗ អាចតស៊ូប្រឆាំងឈ្នះមេកំណាច?
៧ ប្រាកដហើយ ព្រះយេហូវ៉ានឹងសង្គ្រោះអង្គការរបស់ទ្រង់ ហើយបន្តចម្រើនពរផងដែរ។ (សូមអាន ទំនុកដំកើង ១២៥:១, ២) ចុះយ៉ាងណាវិញចំពោះយើង? បណ្ដាំរបស់ព្រះចែងថា យើងអាចតស៊ូប្រឆាំងយកឈ្នះមេកំណាចដូចព្រះយេស៊ូដែរ។ ទំនាយដែលព្រះយេស៊ូផ្ដល់ឲ្យតាមរយៈសាវ័កយ៉ូហានបង្ហាញថា ទោះជាមានការប្រឆាំងពីសាតាំងក៏ដោយ «មនុស្ស១ហ្វូងយ៉ាងធំ»ដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី នឹងរួចរស់ជីវិតពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ យោងទៅតាមគម្ពីរ ពួកគេបន្លឺសំឡេងថា៖ «សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀម[ព្រះយេស៊ូគ្រិស្ត]ផង»។ (វិវរ. ៧:៩-១៤) ព្រះគម្ពីរចែងថាពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌អាចឈ្នះលើសាតាំង ហើយ«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគេក៏អាចមានជ័យជម្នះលើវាដែរ។ (យ៉ូន. ១០:១៦; វិវរ. ១២:១០, ១១) ប៉ុន្តែ ដើម្បីឲ្យមានជ័យជម្នះលើសាតាំងតម្រូវឲ្យយើងខំព្យាយាមនិងអធិដ្ឋានសុំ‹ការប្រោសឲ្យរួចពីមេកំណាច›។—ម៉ាថ. ៦:១៣
ព្រះយេស៊ូបានតាំងគំរូដ៏ល្អឥតខ្ចោះ ក្នុងការតស៊ូប្រឆាំងសាតាំង
៨. តើអ្វីជាសេចក្ដីល្បួងទី១ ដែលសាតាំងប្រើដើម្បីប្រឆាំងនឹងព្រះយេស៊ូនៅទីរហោឋាន? តើព្រះគ្រិស្តមានប្រតិកម្មយ៉ាងណា?
៨ សាតាំងបានខំព្យាយាមដើម្បីធ្វើឲ្យព្រះយេស៊ូលះបង់ចិត្តស្មោះចំពោះព្រះ។ នៅទីរហោឋាន សាតាំងបានប្រើសេចក្ដីល្បួងផ្សេងៗដើម្បីឲ្យព្រះយេស៊ូឈប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ប៉ុន្តែ ព្រះយេស៊ូបានតាំងគំរូយ៉ាងល្អឥតខ្ចោះចំពោះការតស៊ូប្រឆាំងនឹងសាតាំង។ ក្រោយពីបានតមអាហារអស់៤០ថ្ងៃ៤០យប់ ព្រះយេស៊ូច្បាស់ជាឃ្លានខ្លាំងណាស់។ សាតាំងពោលថា៖ «បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំប៉័ងទៅ»។ ប៉ុន្តែ ព្រះយេស៊ូបដិសេធមិនព្រមយកអំណាចដែលព្រះឲ្យ ដើម្បីជាប្រយោជន៍ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូមានប្រសាសន៍ថា៖ «មានសេចក្ដីចែងទុកមកដូច្នេះ‹មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ›»។—ម៉ាថ. ៤:១-៤; ចោទិ. ៨:៣
៩. ហេតុអ្វីយើងត្រូវតែទប់ទល់នឹងសេចក្ដីល្បួងរបស់អារក្ស ដែលខំជញ្ជក់យកផលប្រយោជន៍ពីសេចក្ដីត្រូវការធម្មតារបស់មនុស្ស?
៩ សព្វថ្ងៃនេះ អារក្សឆ្លៀតឱកាសដើម្បីជញ្ជក់យកផលប្រយោជន៍ពីសេចក្ដីត្រូវការធម្មតារបស់មនុស្ស។ ដូច្នេះហើយ យើងត្រូវតែប្ដេជ្ញាទប់ទល់នឹងសេចក្ដីល្បួងខាងកាមដែលមានទូទៅក្នុងពិភពលោកដែលប្រាសចាកសីលធម៌។ បណ្ដាំរបស់ព្រះចែងយ៉ាងច្បាស់ថា៖ «តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី? កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង[ឬ«ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា»] . . . នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ»។ (១កូ. ៦:៩, ១០; ១ករ. ៦:៩, ខ.ស.) យ៉ាងច្បាស់ណាស់ មនុស្សដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយមិនព្រមកែប្រែជីវិត ព្រះនឹងមិនអនុញ្ញាតឲ្យរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះឡើយ។
១០. យោងទៅតាមម៉ាថាយ ៤:៥, ៦ តើសាតាំងបានប្រើសេចក្ដីល្បួងណាទៀតដើម្បីជំរុញព្រះយេស៊ូឲ្យលះចោលចិត្តស្មោះ?
១០ ស្តីអំពីសេចក្ដីល្បួងមួយទៀតដែលព្រះយេស៊ូបានជួបប្រទះនៅទីរហោឋាន នោះគម្ពីរចែងថា៖ «នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា ‹បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»›»។ (ម៉ាថ. ៤:៥, ៦) តាមសេចក្ដីល្បួងនេះ សាតាំងចង់ជំរុញព្រះយេស៊ូឲ្យធ្វើការដ៏អស្ចារ្យមួយ ដើម្បីបញ្ជាក់ថាទ្រង់ជាព្រះមេស្ស៊ី។ ប៉ុន្តែ បើធ្វើដូច្នេះ តាមពិតគឺជាទង្វើដែលមិនត្រឹមត្រូវ ដែលបង្ហាញនូវចិត្តព្រហើន ហើយព្រះក៏មិនពេញចិត្តនិងមិនគាំទ្រដែរ។ ម្ដងនេះទៀត ព្រះយេស៊ូបានរក្សាចិត្តស្មោះចំពោះព្រះយេហូវ៉ា ហើយបានតបឆ្លើយដោយដកស្រង់ពាក្យពីគម្ពីរ។ ទ្រង់មានប្រសាសន៍ថា៖ «មានសេចក្ដីចែងទុកដូច្នេះទៀត‹កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ›»។—ម៉ាថ. ៤:៧; ចោទិ. ៦:១៦
១១. តើសាតាំងអាចល្បួងយើងតាមរបៀបណា? តើអាចមានលទ្ធផលយ៉ាងណា?
១១ តាមបែបផ្សេងៗសាតាំងអាចល្បួងយើងឲ្យខំប្រឹងបានឈ្មោះល្បី ដើម្បីឲ្យអ្នកដទៃកោតស្ងើចនឹងយើង។ សាតាំងអាចបញ្ឆោតយើងឲ្យធ្វើតាមការពេញនិយមរបស់មនុស្សខាងពិភពលោកនេះ ស្តីអំពីការស្លៀកពាក់និងការតុបតែងខ្លួន ឬល្បួងយើងឲ្យចូលរួមការកម្សាន្តដែលមិនសមរម្យ។ ប្រសិនបើយើងត្រាប់តាមមនុស្សនៃពិភពលោកនេះ ហើយធ្វើខុសនឹងគោលការណ៍ក្នុងគម្ពីរ តើយើងអាចសង្ឃឹមថាទេវតានឹងការពារយើងពីផលវិបាកដែលយើងបានប្រព្រឹត្តទេ? ទោះជាស្តេចដាវីឌបានកែប្រែចិត្តពីអំពើផិតជាមួយនឹងនាងបាតសេបាក្ដី តែព្រះមិនបានការពារដាវីឌពីលទ្ធផលអាក្រក់ ដែលមកពីការប្រព្រឹត្តរបស់ខ្លួនទេ។ (២សាំ. ១២:៩-១២) សូមកុំឲ្យយើងល្បងលព្រះយេហូវ៉ាដោយរបៀបដែលមិនត្រឹមត្រូវឡើយ ប្រហែលដោយចង់ធ្វើជាមិត្តសម្លាញ់ជាមួយនឹងមនុស្សក្នុងពិភពលោក។—សូមអាន យ៉ាកុប ៤:៤; យ៉ូហានទី១ ២:១៥-១៧
១២. នៅម៉ាថាយ ៤:៨, ៩ តើមានសេចក្ដីល្បួងអ្វី? តើបុត្ររបស់ព្រះមានប្រតិកម្មយ៉ាងណាចំពោះសេចក្ដីល្បួងនេះ?
១២ សេចក្ដីល្បួងមួយទៀត ដែលអារក្សប្រើនៅទីរហោឋាន គឺឲ្យព្រះយេស៊ូទទួលអំណាចខាងនយោបាយ។ សាតាំងបានបង្ហាញព្រះយេស៊ូនូវអស់ទាំងនគរឬរាជាណាចក្រក្នុងពិភពលោក និងភាពរុងរឿងនៃរាជាណាចក្រទាំងនោះដោយនិយាយថា៖ «បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក»។ (ម៉ាថ. ៤:៨, ៩) សាតាំងខំប្រើល្បិចដើម្បីបានការថ្វាយបង្គំដែលជារបស់ផងព្រះយេហូវ៉ា និងជំរុញព្រះយេស៊ូឲ្យលះចោលចិត្តស្មោះត្រង់ចំពោះព្រះ។ ដោយគិតតែចង់ឲ្យគេគោរពថ្វាយបង្គំខ្លួន ទេវតាមួយរូបនេះដែលធ្លាប់ស្មោះត្រង់ បែរទៅជាប្រព្រឹត្តអំពើបាបឬខុសឆ្គង មានចិត្តលោភ ហើយក៏ក្លាយទៅជាអារក្សសាតាំងដ៏សែនអាក្រក់។ (យ៉ា. ១:១៤, ១៥) ប៉ុន្តែ ចំពោះព្រះយេស៊ូវិញ ទ្រង់ប្ដេជ្ញារក្សាចិត្តស្មោះត្រង់ចំពោះព្រះដែលជាបិតានៅស្ថានសួគ៌ ហើយមានប្រសាសន៍ថា៖ «នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ‹ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ›»។ ដូច្នេះ ម្ដងនេះទៀតព្រះយេស៊ូបានជំទាស់នឹងសាតាំងដោយពាក្យម៉ឺងម៉ាត់ហើយច្បាស់លាស់។ បុត្ររបស់ព្រះមិនចង់រួមចំណែកនៅក្នុងរបបរបស់សាតាំងទេ និងមិនក្រាបថ្វាយបង្គំមេកំណាចនេះជាដាច់ខាត!—ម៉ាថ. ៤:១០, កំណែជាអក្សរទ្រេត; ចោទិ. ៦:១៣; ១០:២០
«[ចូរ]តស៊ូនឹងអារក្សវិញចុះ! នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»
១៣, ១៤. (ក) ដោយបង្ហាញអស់ទាំងរាជាណាចក្រក្នុងពិភពលោក តើអារក្សចង់ផ្ដល់អ្វីឲ្យព្រះយេស៊ូ? (ខ) តើសាតាំងខំព្យាយាមបង្ខូចគំនិតយើងយ៉ាងដូចម្ដេច?
១៣ ដោយបង្ហាញអស់ទាំងនគរឬរាជាណាចក្រក្នុងពិភពលោកដល់ព្រះយេស៊ូ នោះអារក្សចង់ឲ្យទ្រង់ទទួលអំណាចដែលមនុស្សមិនធ្លាប់មាន។ សាតាំងសង្ឃឹមថា អ្វីដែលព្រះយេស៊ូបានឃើញនឹងទាញចិត្តទ្រង់ ហើយឲ្យទ្រង់ជឿជាក់ថា ទ្រង់នឹងក្លាយទៅជាមេដឹកនាំដ៏ខ្លាំងក្លាបំផុតលើផែនដី។ សព្វថ្ងៃនេះ សាតាំងមិនផ្ដល់ឲ្យយើងអស់ទាំងនគរបានឡើយ ក៏ប៉ុន្តែវាតែងតែសាកល្បងយើងតាមរយៈអ្វីៗដែលយើងមើល ឮនិងគិត ដើម្បីបង្ខូចចិត្តស្មោះរបស់យើង។
១៤ អារក្សវាកាន់កាប់ពិភពលោកនេះ។ ដូច្នេះហើយវាមានអំណាចលើបណ្ដាញផ្សាយព័ត៌មាន។ ហេតុនេះហើយ មិនជាការចម្លែកទេ ដែលសៀវភៅ កុន និងចម្រៀងរបស់ពិភពលោកនេះ គឺពោរពេញទៅដោយអំពើប្រាសចាកសីលធម៌និងអំពើឃោរឃៅ។ ការផ្សាយពាណិជ្ជកម្មខំអូសទាញយើងឲ្យមានចិត្តចង់ទិញនេះទិញនោះដែលយើងមិនត្រូវការ។ តាមបែបដូចនេះ សាតាំងតែងតែសាកល្បងទាក់ទាញចិត្តយើងឲ្យបែរទៅរកវត្ថុនិយម។ ប៉ុន្តែ នៅពេលដែលយើងមិនព្រមអាន ស្ដាប់ និងមិនព្រមមើលអ្វីដែលប្រឆាំងនឹងគោលការណ៍គម្ពីរ តាមពិតយើងកំពុងនិយាយថា៖ «នែ សាតាំង ចូរឯងថយចេញពីអញទៅ!»។ ដូច្នេះហើយ ដោយពាក្យម៉ឺងម៉ាត់ហើយច្បាស់លាស់ យើងយកតម្រាប់តាមព្រះយេស៊ូក្នុងការបដិសេធនូវឥទ្ធិពលអាក្រក់របស់មនុស្សក្នុងពិភពលោកនេះ។ យើងអាចបញ្ជាក់ឲ្យឃើញថាយើងគ្មានចំណែកក្នុងពិភពលោករបស់សាតាំង ដោយបង្ហាញចិត្តក្លាហានឲ្យមនុស្សស្គាល់ថាយើងជាសាក្សីព្រះយេហូវ៉ា និងជាអ្នកកាន់តាមព្រះយេស៊ូ នៅកន្លែងធ្វើការ នៅឯសាលា ក្នុងតំបន់រស់នៅ និងក្នុងចំណោមបងប្អូនញាតិមិត្តជាដើម។—សូមអាន ម៉ាកុស ៨:៣៨
១៥. ការតស៊ូប្រឆាំងនឹងសាតាំងមានន័យថាយើងត្រូវប្រុងប្រយ័ត្នជានិច្ច ហេតុអ្វី?
១៥ ក្រោយពីអារក្សខំល្បួងព្រះយេស៊ូឲ្យលះបង់ចិត្តស្មោះចំពោះព្រះដោយឥតជោគជ័យជាលើកទី៣ នោះ«អារក្សក៏ថយចេញពីទ្រង់ទៅ»។ (ម៉ាថ. ៤:១១) ប៉ុន្តែ សាតាំងមិនមានបំណងឈប់ល្បួងព្រះយេស៊ូឡើយ ដ្បិតយើងដឹងថា៖ «កាលអារក្សបានល្បួងសព្វគ្រប់ហើយ[នៅទីរហោឋាន] នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត»។ (លូ. ៤:១៣) នៅពេលដែលយើងតស៊ូប្រឆាំងសាតាំងដោយជោគជ័យ នោះយើងគួរអរគុណដល់ព្រះយេហូវ៉ា។ ប៉ុន្តែ គប្បីឲ្យយើងស្វែងរកជំនួយពីព្រះយេហូវ៉ាជានិច្ច ដ្បិតពេលមានឱកាសអារក្សនឹងមកល្បួងយើងម្ដងទៀត គឺជាពេលដែលយើងនឹកមិនដល់ថានឹងមានសេចក្ដីល្បួង។ ដូច្នេះហើយ យើងត្រូវប្រុងប្រយ័ត្នជានិច្ច ដោយខំព្យាយាមស៊ូទ្រាំហើយធ្វើកិច្ចបម្រើបរិសុទ្ធជូនព្រះយេហូវ៉ា មិនថាយើងជួបប្រទះនឹងការសាកល្បងណាក៏ដោយ។
១៦. តើព្រះយេហូវ៉ាឲ្យយើងនូវថាមពលដ៏ខ្លាំងក្លាអ្វី? ហេតុអ្វីបានជាយើងគួរអធិដ្ឋានសុំ?
១៦ ដើម្បីជួយយើងឲ្យព្យាយាមតស៊ូប្រឆាំងនឹងអារក្ស យើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ នោះយើងនឹងទទួលថាមពលដ៏ខ្លាំងបំផុតក្នុងសកលលោក។ សកម្មពលរបស់ព្រះនឹងជួយយើងឲ្យធ្វើអ្វីដែលយើងមិនអាចសម្រេចបាន បើពឹងលើកម្លាំងយើង។ ព្រះយេស៊ូបានធានាអ្នកកាន់តាមទ្រង់ថាពួកគេនឹងបានទទួលសកម្មពលរបស់ព្រះ ដោយមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាដែលជាមនុស្ស[មិនល្អឥតខ្ចោះ ហើយក៏]អាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណ[ឬ«សកម្មពល»]បរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»។ (លូ. ១១:១៣; ព.ថ.) សូមឲ្យយើងបន្តអធិដ្ឋានទៅព្រះយេហូវ៉ាសុំសកម្មពលរបស់ព្រះ។ យើងនឹងបានជោគជ័យជាក់ជាពុំខានក្នុងការតស៊ូប្រឆាំងអារក្ស ពីព្រោះយើងមានជំនួយពីថាមពលដ៏ខ្លាំងក្លាបំផុត។ ក្រៅពីការអធិដ្ឋានដោយពាក្យទូលអង្វរជាទៀងទាត់ យើងត្រូវពាក់គ្រប់គ្រឿងសឹករបស់ព្រះ «ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។—អេភ. ៦:១១-១៨
១៧. តើព្រះយេស៊ូគិតអំពីអំណរអ្វី ដែលបានជួយទ្រង់ឲ្យតស៊ូប្រឆាំងអារក្ស?
១៧ មានអ្វីមួយទៀតដែលបានជួយព្រះយេស៊ូឲ្យតស៊ូប្រឆាំងនឹងអារក្សបាន ហើយនេះក៏អាចជួយយើងបានដែរ។ គម្ពីរចែងថា៖ «[«លោកយេស៊ូ»]បានរងទ្រាំនៅ[«បង្គោលទារុណកម្ម»] ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។ (ហេ. ១២:២; ព.ថ.) យើងក៏អាចមានអំណរដូចនេះដែរ ដោយលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា គោរពនាមដ៏បរិសុទ្ធរបស់ទ្រង់ និងដោយនឹកដល់អំណោយទានជាជីវិតដែលគ្មានទីបញ្ចប់។ យើងនឹងមានអំណរណាស់! ពេលដែលសាតាំងនិងកិច្ចការទាំងអស់របស់វាត្រូវបំផ្លាញចោលអស់រលីង ហើយ«មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុក. ៣៧:១១) ដូច្នេះហើយ ចូរបន្តតស៊ូប្រឆាំងនឹងអារក្សដូចព្រះយេស៊ូបានធ្វើចុះ!—សូមអាន យ៉ាកុប ៤:៧, ៨
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមានភ័ស្តុតាងអ្វី ដែលបង្ហាញថាព្រះយេហូវ៉ាសង្គ្រោះរាស្ត្រទ្រង់?
• តើព្រះយេស៊ូបានតាំងគំរូក្នុងការតស៊ូប្រឆាំងនឹងសាតាំងយ៉ាងដូចម្ដេច?
• តើអ្នកអាចតស៊ូប្រឆាំងនឹងអារក្សយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៩]
បើយើងធ្វើជាមិត្តភក្ដិរបស់ពិភពលោក យើងជាសត្រូវនឹងព្រះ
[រូបភាពនៅទំព័រ៣១]
ព្រះយេស៊ូបានបដិសេធមិនយករាជាណាចក្រខាងពិភពលោកនេះ ពីសាតាំងទេ