ជំពូកទី១៥
មេរៀនស្តីអំពីការបង្ហាញចិត្តសប្បុរស
តើកូនដឹងថាការរើសអើងពូជសាសន៍មានន័យអ្វីទេ?— ការរើសអើងពូជសាសន៍មានន័យថាយើងមិនចូលចិត្តអ្នកណាម្នាក់ ដោយសារគាត់មានសម្បកក្រៅខុសពីយើង ឬនិយាយភាសាផ្សេង។ ដូច្នេះ ការរើសអើងពូជសាសន៍ គឺជាការមានគំនិតមិនល្អ ឬមានអារម្មណ៍មិនល្អចំពោះមនុស្សណាម្នាក់ មុនស្គាល់អ្នកនោះច្បាស់។
បើយើងមិនចូលចិត្តអ្នកណាម្នាក់មុនស្គាល់ថាគាត់ជាមនុស្សបែបណា ឬមិនចូលចិត្តគាត់ដោយសារគាត់ខុសពីយើង តើកូនគិតថានោះជាការត្រឹមត្រូវទេ?— ការរើសអើងពូជសាសន៍ជាការមិនត្រឹមត្រូវទេ ហើយក៏មិនមែនជាការបង្ហាញចិត្តសប្បុរសដែរ។ យើងគួរបង្ហាញចិត្តសប្បុរសចំពោះមនុស្សទាំងអស់ សូម្បីតែអ្នកដែលខុសពីយើងក៏ដោយ។
សូមគិតអំពីរឿងនេះ។ តើកូនស្គាល់អ្នកណាម្នាក់ដែលមានព័ណ៌សម្បុរខុសពីកូន ឬនិយាយភាសាខុសពីកូនទេ?— កូនប្រហែលជាស្គាល់នរណាម្នាក់ដែលមើលទៅខុសពីកូន ដោយសារគាត់មានស្លាកស្នាមឬមានជំងឺណាមួយ។ បើកូនជួបមនុស្សដែលខុសពីកូន តើកូនបង្ហាញចិត្តសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះពួកគេទេ?—
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកដែលខុសពីយើង?
បើយើងស្ដាប់លោកយេស៊ូគ្រិស្តដែលជាគ្រូដ៏ល្អប្រសើរ នោះយើងនឹងបង្ហាញចិត្តសប្បុរសចំពោះមនុស្សទាំងអស់។ ទោះជាមនុស្សម្នាក់មកពីប្រទេសណា ឬមានព័ណ៌សម្បុរណាក៏ដោយ យើងមិនគួរចាត់ទុកថាគាត់ខុសពីយើងឡើយ។ ផ្ទុយទៅវិញ យើងគួរបង្ហាញចិត្តសប្បុរសចំពោះគាត់។ ថ្វីបើមនុស្សទាំងអស់មិនមានគំនិតដូចនេះក្ដី តែនេះជាមេរៀនដែលលោកយេស៊ូបានបង្រៀនយើង។ សូមយើងរៀនមេរៀននោះ។
នៅថ្ងៃមួយ មានជនជាតិយូដាម្នាក់ដែលមានការរើសអើងបានមកជួបលោកយេស៊ូ ហើយសួរលោកថា៖ ‹តើខ្ញុំត្រូវធ្វើអ្វីដើម្បីរស់ជារៀងរហូត?›។ លោកយេស៊ូដឹងថាបុរសនេះប្រហែលជាចង់ឲ្យលោកនិយាយថា យើងគួរបង្ហាញចិត្តសប្បុរសចំពោះតែជាតិសាសន៍របស់ខ្លួនប៉ុណ្ណោះ។ ជាជាងប្រាប់ចម្លើយតែម្ដង លោកយេស៊ូបានសួរទៅបុរសនោះវិញថា៖ ‹តើច្បាប់របស់ព្រះចែងថាយើងត្រូវធ្វើអ្វី?›។
បុរសនោះឆ្លើយថា៖ ‹យើងត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់យើង ឲ្យអស់ពីដួងចិត្ត ហើយយើងត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនយើងដែរ›។ លោកយេស៊ូតបទៅថា៖ ‹អ្នកឆ្លើយត្រឹមត្រូវហើយ។ ចូរបន្តធ្វើដូច្នោះ ហើយអ្នកនឹងបានជីវិតដែលគ្មានទីបញ្ចប់›។
ក៏ប៉ុន្តែ បុរសនោះមិនចង់បង្ហាញចិត្តសប្បុរស ឬសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលខុសពីគាត់ទេ។ ដូច្នេះ គាត់ខំប្រឹងដោះសា រួចបានសួរលោកយេស៊ូវិញថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ គាត់ប្រហែលជាចង់ឲ្យលោកយេស៊ូប្រាប់ថា៖ «អ្នកជិតខាងរបស់អ្នកគឺជាមិត្តភក្ដិរបស់អ្នក»ឬ«គឺជាអ្នកដែលមានជាតិសាសន៍ដូចអ្នក»។ ដើម្បីឆ្លើយសំណួរនោះ លោកយេស៊ូបាននិទានរឿងមួយស្តីអំពីជនជាតិយូដាម្នាក់និងជនជាតិសាម៉ារីម្នាក់។ សូមស្ដាប់រឿងនោះដូចតទៅនេះ។
មានបុរសម្នាក់កំពុងធ្វើដំណើរចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ។ បុរសម្នាក់នេះជាជនជាតិយូដា។ ពេលកំពុងដើរតាមផ្លូវ ពួកចោរបានស្ទាក់វាយផ្ដួលគាត់ ប្លន់យកប្រាក់និងសម្លៀកបំពាក់ រួចវាយគាត់ស្ទើរស្លាប់ស្ទើររស់ ហើយទុកគាត់ចោលនៅក្បែរផ្លូវ។
បន្ដិចក្រោយមក មានសង្ឃម្នាក់កំពុងចុះតាមផ្លូវនោះ។ គាត់បានឃើញបុរសដែលមានរបួសជាទម្ងន់នោះ។ បើកូននៅទីនោះ តើកូននឹងធ្វើអ្វី?— សង្ឃនោះបានជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរទៅមុខទៀត។ គាត់មិនបានឈប់ទេ ហើយក៏មិនបានជួយបុរសនោះដែរ សូម្បីតែបន្ដិចក៏ដោយ។
បន្ទាប់មក មានបុរសម្នាក់ទៀតដែលកោតខ្លាចព្រះ ចុះតាមផ្លូវនោះដែរ។ គាត់មកពីកុលសម្ព័ន្ធលេវីដែលបម្រើនៅវិហារក្នុងក្រុងយេរូសាឡិម។ តើគាត់ឈប់ដើម្បីជួយទេ?— អត់ទេ។ គាត់ក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរដូចសង្ឃម្នាក់នោះដែរ។
ក្រោយបង្អស់ មានបុរសជនជាតិសាម៉ារីម្នាក់បានធ្វើដំណើរតាមផ្លូវនោះ។ តើកូនអាចឃើញគាត់កំពុងចុះតាមផ្លូវកោងនោះទេ?— គាត់បានឃើញជនជាតិយូដាដែលរងរបួសជាទម្ងន់នោះដេកនៅក្បែរផ្លូវ។ យើងដឹងថាជនជាតិសាម៉ារីនិងជនជាតិយូដាភាគច្រើនមិនចូលចិត្តគ្នាទាល់តែសោះ។ (យ៉ូហាន ៤:៩) ដូច្នេះ តើជនជាតិសាម៉ារីនេះនឹងទុកចោលបុរសនោះដោយមិនជួយគាត់ឬទេ? តើគាត់គិតក្នុងចិត្តថា ‹ហេតុអ្វីខ្ញុំគួរជួយជនជាតិយូដានេះ? បើខ្ញុំមានរបួស គាត់ក៏ប្រហែលជាមិនជួយខ្ញុំដែរ›?
ហេតុអ្វីជនជាតិសាម៉ារីជាអ្នកជិតខាងល្អ?
បុរសជនជាតិសាម៉ារីនោះបានមើលទៅបុរសដែលដេកក្បែរផ្លូវ ហើយមានចិត្តក្ដួលអាណិត។ គាត់មិនអាចទុកបុរសនោះឲ្យស្លាប់នៅទីនោះឡើយ។ ដូច្នេះ គាត់ក៏ចុះពីខ្នងសត្វហើយទៅជិតបុរសនោះ មើលរបួសគាត់ ហើយចាក់ប្រេងនិងស្រាលើមុខរបួស។ នេះអាចជួយឲ្យរបួសឆាប់ជា។ បន្ទាប់មកគាត់បានជួយរុំរបួសឲ្យបុរសនោះ។
ជនជាតិសាម៉ារីលើកបុរសនោះថ្នមៗដាក់លើសត្វជាជំនិះរបស់គាត់។ រួចមកពួកគាត់បានធ្វើដំណើរចុះយឺតៗរហូតដល់ផ្ទះសម្នាក់មួយ។ នៅទីនោះជនជាតិសាម៉ារីបានជួលបន្ទប់ឲ្យបុរសនោះស្នាក់នៅ ព្រមទាំងបានថែទាំគាត់យ៉ាងយកចិត្តទុកដាក់។
ឥឡូវលោកយេស៊ូសួរទៅបុរសដែលលោកបាននិយាយជាមួយនោះថា៖ ‹តើអ្នកគិតថា អ្នកណាក្នុងចំណោមបុរសទាំងបីនាក់នោះ ជាអ្នកជិតខាងល្អ?›។ តើកូនឆ្លើយយ៉ាងណា? តើកូនគិតថាជាសង្ឃ ជាលេវី ឬជនជាតិសាម៉ារី?—
បុរសនោះឆ្លើយថា៖ ‹អ្នកជិតខាងល្អ គឺអ្នកដែលបានឈប់ ហើយបានថែទាំបុរសដែលរងរបួសនោះ›។ លោកយេស៊ូបានថា៖ ‹អ្នកឆ្លើយត្រូវហើយ។ ចូរទៅចុះ! ហើយអ្នកក៏គួរប្រព្រឹត្តដូច្នោះដែរ›។—លូកា ១០:២៥-៣៧
រឿងនេះពិតជាមានមេរៀនល្អណាស់ មែនទេ? នេះជួយយើងយល់ច្បាស់ថាអ្នកណាជាអ្នកជិតខាងរបស់យើង។ អ្នកជិតខាងរបស់យើងមិនគ្រាន់តែជាមិត្តជិតស្និទ្ធ ឬជាមនុស្សដែលមានព័ណ៌សម្បុរ ឬក៏និយាយភាសាដូចយើងប៉ុណ្ណោះទេ តែលោកយេស៊ូបានបង្រៀនយើងឲ្យបង្ហាញចិត្តសប្បុរសចំពោះមនុស្សទាំងអស់ ទោះជាពួកគេមកពីកន្លែងណា មានសម្បកក្រៅបែបណា ឬនិយាយភាសាអ្វីក៏ដោយ។
នេះជាលក្ខណៈរបស់ព្រះយេហូវ៉ា។ លោកមិនចេះរើសអើងទេ។ លោកយេស៊ូនិយាយថា៖ ‹បិតារបស់អ្នកដែលនៅស្ថានសួគ៌ធ្វើឲ្យថ្ងៃរះ ថែមទាំងបង្អុរភ្លៀងលើមនុស្សល្អនិងមនុស្សអាក្រក់›។ ដូច្នេះ យើងគួរបង្ហាញចិត្តសប្បុរសចំពោះមនុស្សទាំងអស់ ដូចព្រះដែរ។—ម៉ាថាយ ៥:៤៤-៤៨
តើកូនអាចទៅជាអ្នកជិតខាងល្អយ៉ាងដូចម្ដេច?
ចុះយ៉ាងណា បើកូនឃើញអ្នកណាម្នាក់របួស តើកូននឹងធ្វើអ្វី?— ចុះបើមនុស្សនោះមកពីប្រទេសផ្សេង ឬមានព័ណ៌សម្បុរខុសពីកូន? ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែជាអ្នកជិតខាងរបស់កូន ហើយកូនគួរតែជួយគាត់។ បើកូនគិតថាកូនតូចពេកមិនអាចជួយបាន ពេលនោះកូនអាចសុំមនុស្សចាស់ជាងកូនឲ្យជួយ។ ម្យ៉ាងទៀត កូនអាចហៅប៉ូលិស ឬគ្រូឲ្យជួយ។ នេះហើយជាការបង្ហាញចិត្តសប្បុរសដូចបុរសជនជាតិសាម៉ារី។
គ្រូដ៏ល្អប្រសើរចង់ឲ្យយើងបង្ហាញចិត្តសប្បុរស។ លោកចង់ឲ្យយើងជួយអ្នកឯទៀត ទោះជាពួកគេជានរណាក៏ដោយ។ នោះជាមូលហេតុដែលលោកយេស៊ូនិទានរឿងអំពីសេចក្ដីសប្បុរសរបស់ជនជាតិសាម៉ារី។
ស្តីអំពីការបង្ហាញចិត្តសប្បុរសចំពោះអ្នកឯទៀត មិនថាពួកគេជាជាតិសាសន៍ណាក៏ដោយ សូមអាន សុភាសិត ១៩:២២ សកម្មភាព ១០:៣៤, ៣៥ និង១៧:២៦។