បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ២ ទំ. ២០-២៩
  • ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ភាព​ត្រឹម​ត្រូវ​និង​ភាព​ស្រប​គ្នា​នៃ​ព្រះ​គម្ពីរ
  • ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍
  • ព្រះ​គម្ពីរ​មាន​បទ​ទំនាយ
  • ​«​ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ​»​
  • គម្ពីរជាសៀវភៅដែលមកពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សៀវភៅដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • គម្ពីរ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • សៀវភៅដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ២ ទំ. ២០-២៩

ជំពូក​ទី​ពីរ

ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ

តើ​ព្រះ​គម្ពីរ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត​យ៉ាង​ណា?

តើ​ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​អ្នក​អាច​ទុក​ចិត្ត​បទ​ទំនាយ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ?

១, ២​. ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​ជា​អំណោយ​មួយ​ពី​ព្រះ​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត?

តើ​អ្នក​ធ្លាប់​ទទួល​អំណោយ​វិសេស​មួយ​ពី​មិត្ត​សំឡាញ់​ទេ? ពេល​នោះ អ្នក​ប្រហែល​ជា​មិន​ត្រឹម​តែ​រំភើប​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មាន​អារម្មណ៍​កក់​ក្ដៅ​ទៀត​ផង។ ការ​ពិត អំណោយ​នោះ​បង្ហាញ​នូវ​ទឹក​ចិត្ត​របស់​មិត្ត​សំឡាញ់​អ្នក នេះ​គឺ​បង្ហាញ​ថា​ចំណង​មិត្តភាព​រវាង​អ្នក​ទាំង​ពីរ​មាន​តម្លៃ​វិសេស​ចំពោះ​គាត់។ អ្នក​ច្បាស់​ជា​បាន​អរគុណ​មិត្ត​សំឡាញ់​នោះ ដោយ​សារ​បាន​គិត​អំពី​អ្នក​ហើយ​បាន​ធ្វើ​អំណោយ។

២ ព្រះ​គម្ពីរ​ជា​អំណោយ​មួយ​ពី​ព្រះ។ យើង​គួរ​មាន​កតញ្ញូ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ដោយ​សារ​បាន​ទទួល​អំណោយ​នោះ។ សៀវភៅ​ពិសេស​នេះ​ឲ្យ​យើង​ដឹង​ព័ត៌មាន​ជា​ច្រើន​ដែល​មិន​អាច​រៀន​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ទេ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ប្រាប់​អំពី​ការ​បង្កើត​ផ្ទៃ​មេឃ​និង​ភព​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​ការ​បង្កើត​ផែន​ដី និង​បុរស​ស្ត្រី​ទី​មួយ។ ព្រះ​គម្ពីរ​មាន​គោល​ការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​ជួយ​យើង​ចេះ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​និង​កង្វល់​ក្នុង​ជីវិត។ ព្រះ​គម្ពីរ​ក៏​ពន្យល់​នូវ​វិធី​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់ ហើយ​នាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ជាង​នៅ​លើ​ផែន​ដី។ ព្រះ​គម្ពីរ​ជា​អំណោយ​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់!

៣​. ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រទាន​នូវ​ព្រះ​គម្ពីរ តើ​នេះ​បញ្ជាក់​ឲ្យ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ទ្រង់? ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ?

៣ ព្រះ​គម្ពីរ​ក៏​ជា​អំណោយ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ផង​ដែរ ដ្បិត​ព្រះ​គម្ពីរ​ជួយ​បញ្ជាក់​នូវ​ព្រះ​ទ័យ​របស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​ទ្រង់​ប្រទាន​នូវ​សៀវភៅ​នេះ យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់។ ពិត​មែន ព្រះ​គម្ពីរ​អាច​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន។

៤​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ចំពោះ​ការ​បោះ​ពុម្ព​ព្រះ​គម្ពីរ?

៤ បើ​អ្នក​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល អ្នក​មិន​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត​ទេ។ ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ក៏​ផ្នែក​ខ្លះ​ៗ​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​បោះ​ពុម្ព​ជាង​២.៣០០​ភាសា ហេតុ​នេះ​ហើយ​មនុស្ស​៩០​ភាគ​រយ​ទូ​ទាំង​ផែន​ដី​អាច​អាន​ព្រះ​គម្ពីរ​បាន។ ជា​មធ្យម ព្រះ​គម្ពីរ​ជាង​មួយ​លាន​ក្បាល​ត្រូវ​ចែក​ចាយ​ជា​រៀង​រាល់​សប្ដាហ៍! ព្រះ​គម្ពីរ​រាប់​ពាន់​លាន​ក្បាល​ត្រូវ​បាន​បោះ​ពុម្ព មិន​ថា​ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​ៗ​ក៏​ដោយ។ ប្រាកដ​ជា​គ្មាន​សៀវភៅ​ឯ​ណា​ទៀត​ដូច​ព្រះ​គម្ពីរ​ឡើយ។

៥​. តើ‹ព្រះ​បណ្ដាល​ឲ្យ​តែង›ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៥ ម្យ៉ាង​ទៀត ‹ព្រះ​បណ្ដាល​ឲ្យ​តែង›ព្រះ​គម្ពីរ។ (​ធីម៉ូថេ​ទី២ ៣:១៦​) តើ​តាម​របៀប​ណា? ព្រះ​គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​បរិសុទ្ធ​របស់​ព្រះ​បាន​ទាយ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្ដាល​វិញ›។ (​ពេត្រុស​ទី២ ១:២១​) ជា​ឧទាហរណ៍: អ្នក​ជំនួញ​ម្នាក់​សុំ​លេខា​សរសេរ​សំបុត្រ​ឲ្យ​គាត់។ សំបុត្រ​នោះ​មាន​ការ​ណែនាំ​និង​ជា​គំនិត​របស់​អ្នក​ជំនួញ។ ដូច្នេះ តាម​ការ​ពិត សំបុត្រ​នោះ​ជា​សំបុត្រ​របស់​អ្នក​ជំនួញ មិន​មែន​របស់​លេខា​ទេ។ ស្រដៀង​គ្នា​ដែរ ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ មិន​មែន​ជា​គំនិត​របស់​មនុស្ស​ដែល​បាន​សរសេរ​ព្រះ​គម្ពីរ​នោះ​ទេ។ ហេតុ​នេះ​ហើយ ព្រះ​គម្ពីរ​ទាំង​មូល​ជា​«​ព្រះ​បន្ទូល​នៃ​ព្រះ​»​ពិត​មែន។—ថែស្សាឡូនីច​ទី១ ២:១៣

ភាព​ត្រឹម​ត្រូវ​និង​ភាព​ស្រប​គ្នា​នៃ​ព្រះ​គម្ពីរ

៦, ៧​. ហេតុ​អ្វី​បាន​ជា​ភាព​ស្រប​គ្នា​នៃ​ព័ត៌មាន​ក្នុង​ព្រះ​គម្ពីរ​គឺ​គួរ​ឲ្យ​កត់​សម្គាល់?

៦ ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ក្នុង​រយៈ​ពេល​១.៦០០​ឆ្នាំ។ អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​រស់​នៅ​សម័យ​ខុស​ៗ​គ្នា​ហើយ​មក​ពី​គ្រប់​ជាន់​ថ្នាក់​នៃ​សង្គម។ អ្នក​ខ្លះ​ជា​កសិករ ខ្លះ​ទៀត​ជា​អ្នក​នេសាទ ហើយ​ខ្លះ​ជា​អ្នក​គង្វាល។ អ្នក​ខ្លះ​ជា​ព្យាការី ចៅ​ក្រម ឬ​ស្តេច។ គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​លូកា​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​អំពី​ព្រះ​យេស៊ូ។ ទោះ​ជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ខុស​ៗ​គ្នា​ក៏​ពិត​មែន តែ​ព្រះ​គម្ពីរ​គឺ​ស្រប​គ្នា​ចាប់​ពី​ទំព័រ​ទី​មួយ​រហូត​ដល់​ទំព័រ​ចុង​ក្រោយ។a

៧ សៀវភៅ​ទី​មួយ​នៃ​ព្រះ​គម្ពីរ​រៀប​រាប់​នូវ​ដើម​កំណើត​នៃ​បញ្ហា​មនុស្ស​ជាតិ។ សៀវភៅ​ចុង​បញ្ចប់​ប្រាប់​ថា​ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​មនោ​រម្យ។ ផ្នែក​ទាំង​ប៉ុន្មាន​នៃ​ព្រះ​គម្ពីរ​រៀប​រាប់​នូវ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​កំលុង​ប្រវត្ដិសាស្ត្រ​អស់​រាប់​ពាន់​ឆ្នាំ ហើយ​ជាប់​ទាក់​ទង​នឹង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ។ ភាព​ស្រប​គ្នា​នៃ​ព្រះ​គម្ពីរ​គឺ​គួរ​ឲ្យ​កោត​ស្ងើច​ណាស់។ ប៉ុន្តែ​គ្មាន​អ្វី​ចម្លែក​ឡើយ ដ្បិត​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ។

៨​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​ខាង​រឿង​វិទ្យា​សាស្ត្រ។

៨ ព្រះ​គម្ពីរ​មាន​ភាព​ត្រឹម​ត្រូវ​ខាង​រឿង​វិទ្យា​សាស្ត្រ។ ព្រះ​គម្ពីរ​មាន​ព័ត៌មាន​ដែល​ហួស​ពី​ចំណេះ​មនុស្ស​នៅ​សម័យ​នោះ។ ជា​ឧទាហរណ៍ សៀវភៅ​លេវីវិន័យ​មាន​ច្បាប់​ផ្សេង​ៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ត្រូវ​កាន់​តាម​ស្តី​អំពី​ការ​បង្ខាំង​អ្នក​ជំងឺ​និង​រឿង​អនាម័យ។ សាសន៍​ទាំង​ឡាយ​នៅ​ជុំ​វិញ​សាសន៍​អ៊ីស្រាអែល​មិន​ដឹង​អ្វី​សោះ​អំពី​រឿង​ទាំង​នេះ។ នៅ​សម័យ​នោះ​ដែរ មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ​អំពី​រាង​ផែន​ដី តែ​ព្រះ​គម្ពីរ​ចែង​ថា ផែន​ដី​មាន​រាង​ជា​រង្វង់​ឬ​មាន​រាង​មូល។ (​អេសាយ ៤០:២២​) ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា ផែន​ដី​ត្រូវ‹ព្យួរ​នៅ​ទទេ​ធេង›។ (​យ៉ូប ២៦:៧​) ពិត​មែន​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​សិក្សា​អំពី​វិទ្យា​សាស្ត្រ​ទេ។ ប៉ុន្តែ​នៅ​ពេល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​រឿង​វិទ្យា​សាស្ត្រ នោះ​គឺ​ត្រឹម​ត្រូវ​ទាំង​អស់។ ប៉ុន្តែ​ដោយ​សារ​ព្រះ​គម្ពីរ​មក​ពី​ព្រះ​នោះ គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ឡើយ មែន​ទេ?

៩​. (​ក​) តើ​អ្វី​បង្ហាញ​ថា​ព្រះ​គម្ពីរ​មាន​ភាព​ត្រឹម​ត្រូវ​ហើយ​ក៏​គួរ​ឲ្យ​ទុក​ចិត្ត​ស្តី​អំពី​រឿង​ប្រវត្ដិសាស្ត្រ? (​ខ​) ដោយ​សារ​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​សរសេរ​ដោយ​មិន​លាក់​លៀម តើ​យើង​អាច​ដឹង​អ្វី​អំពី​ព្រះ​គម្ពីរ?

៩ ចំណែក​រឿង​ប្រវត្ដិសាស្ត្រ​វិញ ព្រះ​គម្ពីរ​ក៏​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​និង​ក៏​គួរ​ឲ្យ​ទុក​ចិត្ត​ដែរ។ កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ​គឺ​ជាក់​លាក់។ កំណត់​ហេតុ​ទាំង​នោះ​មិន​ត្រឹម​តែ​ប្រាប់​ឈ្មោះ​របស់​បុគ្គល​ផ្សេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ប្រាប់​អំពី​វង្ស​ត្រកូល​របស់​ពួក​គេ​ផង​ដែរ។b អ្នក​សរសេរ​ព្រះ​គម្ពីរ​ជា​មនុស្ស​ស្មោះ​ត្រង់ សូម្បី​តែ​កំហុស​ឆ្គង​របស់​ខ្លួន​ឯង​និង​សាសន៍​ខ្លួន​ក៏​គាត់​បាន​សរសេរ​អំពី​រឿង​នេះ​ដែរ ផ្ទុយ​ពី​ប្រវត្ដិវិទូ​ធម្មតា​ដែល​ច្រើន​តែ​មិន​ប្រាប់​ពី​បរាជ័យ​របស់​សាសន៍​ខ្លួន​ឯង​នោះ។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​ជន​គណនា លោក​ម៉ូសេ​ដែល​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​សារភាព​កំហុស​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ឯង ហើយ​ក៏​ប្រាប់​ពី​ទោស​ធ្ងន់​ដែល​គាត់​បាន​ទទួល​ដោយ​សារ​បាន​ធ្វើ​ខុស​នោះ។ (​ជន​គណនា ២០:២​-​១២​) ក្នុង​កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​ក្រៅ​ពី​ព្រះ​គម្ពីរ កម្រ​មាន​អ្នក​សរសេរ​ស្មោះ​ត្រង់​ដូច្នេះ​ណាស់ ប៉ុន្តែ​ក្នុង​ព្រះ​គម្ពីរ​មាន​កំណត់​ហេតុ​បែប​នេះ ដ្បិត​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ។

ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍

១០​. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​មិន​គួរ​ចម្លែក​ឡើយ​ដែល​ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍?

១០ ដោយ​សារ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​សរសេរ​ព្រះ​គម្ពីរ នោះ​ព្រះ​គម្ពីរ​«​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់​»។ (​ធីម៉ូថេ​ទី២ ៣:១៦​) ពិត​មែន ព្រះ​គម្ពីរ​ជា​សៀវភៅ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍។ ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​គឺ​ចំ​នឹង​ធាតុ​ពិត​របស់​មនុស្ស។ ប៉ុន្តែ​គ្មាន​អ្វី​ចម្លែក​ទេ ដ្បិត​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​នោះ ទ្រង់​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ! ទ្រង់​យល់​នូវ​អារម្មណ៍​និង​របៀប​គិត​គូរ​របស់​យើង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ជ្រាប​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​សុភមង្គល។ ទ្រង់​ក៏​ជ្រាប​នូវ​ការ​ប្រព្រឹត្ត​ណា​ដែល​យើង​គួរ​ចៀស​វាង​ដែរ។

១១, ១២​. (​ក​) ក្នុង​ធម្មទាន​លើ​ភ្នំ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​រឿង​អ្វី​ខ្លះ? (​ខ​) តើ​ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​ទាក់​ទង​នឹង​រឿង​អ្វី​ទៀត? ហេតុ​អ្វី​ឱវាទ​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​ជា​និច្ច?

១១ សូម​ពិចារណា​សុន្ទរកថា​របស់​ព្រះ​យេស៊ូ​ដែល​ហៅ​ថា​ធម្មទាន​នៅ​លើ​ភ្នំ​ដែល​កត់​ទុក​នៅ​ម៉ាថាយ ជំពូក​ទី​៥​ដល់​ជំពូក​ទី​៧។ ក្នុង​សុន្ទរកថា​ដ៏​ល្អ​ឯក​នេះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​ជា​ច្រើន ដូច​ជា​របៀប​រក​ឃើញ​សុភមង្គល​ពិត របៀប​ដោះ​ស្រាយ​ទំនាស់ របៀប​អធិស្ឋាន និង​របៀប​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្ដិ។ បន្ទូល​របស់​ព្រះ​យេស៊ូ​មាន​ប្រយោជន៍​និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ពេល​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ដើម​ដំបូង​នោះ។

១២ គោល​ការណ៍​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ទាក់​ទង​នឹង​ជីវភាព​គ្រួសារ ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ ហើយ​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ គោល​ការណ៍​ព្រះ​គម្ពីរ​គឺ​សំរាប់​មនុស្ស​ទាំង​អស់ ហើយ​ឱវាទ​ព្រះ​គម្ពីរ​តែង​មាន​ប្រយោជន៍​ជា​និច្ច។ បន្ទូល​របស់​ព្រះ​តាម​រយៈ​ព្យាការី​អេសាយ​ប្រាប់​ចំ​ៗ​អំពី​ប្រាជ្ញា​ដែល​យើង​អាច​ទទួល​ពី​ព្រះ​គម្ពីរ​ដោយ​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍​»។—អេសាយ ៤៨:១៧

ព្រះ​គម្ពីរ​មាន​បទ​ទំនាយ

១៣​. តើ​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ព្យាការី​អេសាយ​កត់​ទុក​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ខ្លះ​អំពី​ទី​ក្រុង​បាប៊ីឡូន?

១៣ ព្រះ​គម្ពីរ​មាន​បទ​ទំនាយ​ជា​ច្រើន។ បទ​ទំនាយ​ជា​ច្រើន​បាន​សម្រេច​ហើយ។ សូម​ពិចារណា​ឧទាហរណ៍​មួយ។ តាម​រយៈ​ព្យាការី​អេសាយ​ដែល​បាន​រស់​នៅ​សតវត្សរ៍​ទី​ប្រាំ​បី​មុន​គ.ស. ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទាយ​ថា ទី​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​អេសាយ ១៣:១៩; ១៤:២២, ២៣​) បទ​ទំនាយ​នេះ​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​របៀប​ដែល​ទី​ក្រុង​នោះ​ត្រូវ​បំផ្លាញ​ចោល​ដែរ។ ទ័ព​ឈ្លានពាន​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ទន្លេ​បាប៊ីឡូន​រីង​ទឹក រួច​ពួក​គេ​នឹង​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដោយ​មិន​ចាំ​បាច់​ច្បាំង​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បទ​ទំនាយ​របស់​អេសាយ​ក៏​រហូត​ដល់​ប្រាប់​ពី​ព្រះ​នាម​របស់​ស្តេច​មួយ​អង្គ​ដែល​នឹង​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន គឺ​ស្តេច​ស៊ីរូស។—អេសាយ ៤៤:២៧–៤៥:២

១៤, ១៥​. ស្តី​អំពី​ទី​ក្រុង​បាប៊ីឡូន តើ​ព័ត៌មាន​ល្អិត​ល្អន់​ក្នុង​បទ​ទំនាយ​របស់​អេសាយ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៤ ប្រមាណ​២០០​ឆ្នាំ​ក្រោយ​មក នៅ​យប់​ថ្ងៃ​ទី​៥​-​៦ ខែ​តុលា ឆ្នាំ​៥៣៩​មុន​គ.ស. មាន​ទ័ព​មួយ​បោះ​ជំរំ​នៅ​ជិត​ទី​ក្រុង​បាប៊ីឡូន។ តើ​អ្នក​ណា​ជា​មេ​បញ្ជា​ការ? គឺ​ជា​ស្តេច​សាសន៍​ពើ​ស៊ី ព្រះ​នាម​ស៊ីរូស។ ដូច្នេះ មាន​ឱកាស​ជា​ស្រេច​ឲ្យ​បទ​ទំនាយ​ដ៏​អស្ចារ្យ​នេះ​ក្លាយ​ជា​ការ​ពិត។ ប៉ុន្តែ​តើ​ទ័ព​របស់​ស៊ីរូស​នឹង​អាច​រុក​រាន​ទី​ក្រុង​បាប៊ីឡូន​ដោយ​មិន​ចាំ​បាច់​ច្បាំង​ដូច​ទំនាយ​បាន​រៀប​រាប់​នោះ​ទេ?

១៥ ជន​ជាតិ​បាប៊ីឡូន​កំពុង​តែ​ជប់​លៀង​នៅ​យប់​នោះ ហើយ​ពួក​គេ​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព​ដោយ​ស្ថិត​នៅ​ក្រោយ​កំពែង​ធំ​សម្បើម​នៃ​ទី​ក្រុង។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ស្តេច​ស៊ីរូស​មាន​ព្រះ​រាជ​តម្រិះ​ឈ្លាស​វៃ​ដោយ​បង្វែរ​ទឹក​ចេញ​ពី​ទន្លេ​ដែល​ហូរ​កាត់​ទី​ក្រុង​បាប៊ីឡូន។ មិន​យូរ​ក្រោយ​នោះ ទឹក​បាន​ស្រករ​ហូត​ដល់​ទ័ព​របស់​ស្តេច​ស៊ីរូស​អាច​ដើរ​ឆ្លង​កាត់​បាត​ទន្លេ​ទៅ​ដល់​កំពែង​ទី​ក្រុង។ ប៉ុន្តែ​តើ​ទ័ព​ស៊ីរូស​នឹង​អាច​ទំ​លាយ​កំពែង​ចូល​ក្នុង​ទី​ក្រុង​បាប៊ីឡូន​បាន​យ៉ាង​ដូច​ម្ដេច? ដោយ​សារ​ហេតុ​ណា​មួយ នៅ​យប់​នោះ​អ្នក​នៅ​ទី​ក្រុង​បាន​ធ្វេស​ប្រហែស​ដោយ​ទុក​ទ្វារ​កំពែង​បើក​ចំហ!

១៦​. (​ក​) តើ​អេសាយ​បាន​ទាយ​អ្វី​អំពី​ទី​អវសាន​នៃ​ទី​ក្រុង​បាប៊ីឡូន? (​ខ​) តើ​បទ​ទំនាយ​របស់​អេសាយ​ស្តី​អំពី​ការ​បំផ្លាញ​ទី​ក្រុង​បាប៊ីឡូន​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៦ ស្តី​ពី​ទី​ក្រុង​បាប៊ីឡូន មាន​ទំនាយ​មួយ​ថា​៖ ​«​ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំ​ឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ​របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ​»។ (​អេសាយ ១៣:២០​) ទំនាយ​នេះ​មិន​ត្រឹម​តែ​ទាយ​ថា​ទី​ក្រុង​បាប៊ីឡូន​នឹង​រលំ​ប៉ុណ្ណោះ​ទេ តែ​ក៏​បញ្ជាក់​ថា​នឹង​ត្រូវ​គេ​បោះ​បង់​ចោល​មាន​សភាព​ស្ងាត់​ជ្រងំ​ជា​រៀង​ដរាប។ អ្នក​អាច​ឃើញ​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ទំនាយ​នេះ​បាន​សម្រេច។ នៅ​ប្រមាណ​៨០​គីឡូម៉ែត្រ​ខាង​ត្បូង​ទី​ក្រុង​បា​ដា​ត​នៅ​ប្រទេស​អ៊ីរ៉ាក់ ជា​ទី​តាំង​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ។ វា​ត្រូវ​បាន​គេ​បោះ​បង់​ចោល​មាន​សភាព​ស្ងាត់​ជ្រងំ​ពិត​មែន ហើយ​នេះ​ជា​ភស្តុ​តាង​ថា បន្ទូល​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្យាការី​អេសាយ​បាន​សម្រេច គឺ​បន្ទូល​ដែល​ថា​៖​«​អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ​»។—អេសាយ ១៤:២២, ២៣c

១៧​. ហេតុ​អ្វី​បាន​ជា​ការ​ឃើញ​ថា​បទ​ទំនាយ​ព្រះ​គម្ពីរ​បាន​សម្រេច​ក៏​ជួយ​ពង្រឹង​ជំនឿ​របស់​យើង?

១៧ ពេល​ដែល​ពិចារណា​ឃើញ​ថា ព្រះ​គម្ពីរ​មាន​បទ​ទំនាយ​គួរ​ឲ្យ​ទុក​ចិត្ត នោះ​ពិត​ជា​ពង្រឹង​ជំនឿ​ណាស់ មែន​ទេ? យ៉ាង​ណា​មិញ បើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​នៅ​អតីតកាល នោះ​យើង​អាច​ជឿ​ជាក់​ថា ទ្រង់​ក៏​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ស្តី​អំពី​ការ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ​ដែរ។ (​ជន​គណនា ២៣:១៩​) ពិត​ណាស់​ថា យើង​មាន​«​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប​»។—ទីតុស ១:២d

​«​ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ​»​

១៨​. ស្តី​អំពី​«​ព្រះ​បន្ទូល​នៃ​ព្រះ​»​ ប៉ុល សាវ័ក​ម្នាក់​របស់​ព្រះ​គ្រីស្ទ​បាន​និយាយ​ពី​អ្វី​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ តើ​គាត់​បាន​និយាយ​អ្វី?

១៨ អាស្រ័យ​លើ​អ្វី​ដែល​យើង​បាន​ពិចារណា​ក្នុង​ជំពូក​នេះ យើង​ឃើញ​ច្បាស់​ណាស់​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត។ ប៉ុន្តែ​តម្លៃ​នៃ​ព្រះ​គម្ពីរ​គឺ​មិន​ត្រឹម​តែ​មាន​ភាព​ស្រប​គ្នា​រវាង​ផ្នែក​នីមួយ​ៗ​ទេ តែ​ក៏​មាន​ភាព​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ​និង​ប្រវត្ដិសាស្ត្រ ការ​ណែនាំ​ដែល​មាន​ប្រយោជន៍ និង​បទ​ទំនាយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សាវ័ក​ប៉ុល​ដែល​ជា​គ្រីស្ទាន​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ឯ​ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ​»។—ហេព្រើរ ៤:១២

១៩, ២០​. (​ក​) តើ​ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​គិត​ពិចារណា​អំពី​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច? (​ខ​) ព្រះ​បាន​ប្រទាន​ព្រះ​គម្ពីរ​ដែល​ជា​អំណោយ​ដ៏​ល្អ​ឯក តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៩ ការ​អាន​«​ព្រះ​បន្ទូល​»​ឬ​សារ​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​កែ​ប្រែ។ នេះ​អាច​ជួយ​យើង​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ឲ្យ​បាន​ដិត​ដល់​ជាង​មុន​ៗ​ទៅ​ទៀត។ ប្រហែល​ជា​យើង​អះអាង​ថា​យើង​ស្រឡាញ់​ព្រះ​មែន ប៉ុន្តែ​របៀប​យើង​ប្រព្រឹត្ត​ពេល​ដែល​រៀន​ពី​អ្វី​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ នោះ​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​ពិត​របស់​យើង និង​រហូត​ដល់​បំណង​ចិត្ត​របស់​យើង​ទៀត​ផង។

២០ ព្រះ​គម្ពីរ​ពិត​ជា​សៀវភៅ​មួយ​ពី​ព្រះ។ ព្រះ​គម្ពីរ​ក៏​ជា​សៀវភៅ​មួយ​ដែល​គួរ​នឹង​អាន សិក្សា និង​ស្រឡាញ់។ ចូរ​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​ដែល​បាន​ប្រទាន​អំណោយ​នេះ ដោយ​បន្ត​ពិនិត្យ​មើល​អ្វី​ដែល​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​យល់​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​គោល​បំណង​របស់​ព្រះ​សំរាប់​មនុស្ស​ជាតិ។ គោល​បំណង​របស់​ព្រះ​និង​របៀប​ដែល​ទ្រង់​នឹង​សម្រេច​គោល​បំណង​នេះ​នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​បន្ទាប់។

[កំណត់​សម្គាល់]

a ទោះ​ជា​មនុស្ស​ខ្លះ​អះអាង​ថា​ផ្នែក​ខ្លះ​នៃ​ព្រះ​គម្ពីរ​មិន​ស្រប​គ្នា​ក៏​ដោយ ការ​អះអាង​នេះ​គ្មាន​មូលដ្ឋាន​ទេ។ សូម​មើល​ជំពូក​ទី​៧​នៃ​សៀវភៅ​ចំណង​ជើង​ថា​ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

b ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​នូវ​ការ​លំអិត​ទៅ​លើ​វង្ស​ត្រកូល​របស់​ព្រះ​យេស៊ូ​ដែល​មាន​នៅ​លូកា ៣:២៣​-​៣៨។

c បើ​ចង់​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ សូម​មើល​ជំពូក​ទី​៩ ទំព័រ​១១៧​-​១៣៣​នៃ​សៀវភៅ​ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

d ការ​បំផ្លាញ​ចោល​នូវ​ទី​ក្រុង​បាប៊ីឡូន​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា បទ​ទំនាយ​ព្រះ​គម្ពីរ​បាន​សម្រេច​ពិត​មែន។ ឧទាហរណ៍​ឯ​ទៀត​រួម​មាន​ការ​បំផ្លាញ​នូវ​ទី​ក្រុង​ទីរ៉ុស​និង​ទី​ក្រុង​នីនីវេ។ (​អេសេគាល ២៦:១​-​៥; សេផានា ២:១៣​-​១៥​) បន្ថែម​ទៅ​ទៀត បទ​ទំនាយ​របស់​ដានីយ៉ែល​រៀប​រាប់​អំពី​មហា​អំណាច​ទាំង​ប៉ុន្មាន​ដែល​នឹង​ឡើង​កាន់​អំណាច​បន្ត​បន្ទាប់​ពី​បាប៊ីឡូន។ នេះ​រួម​បញ្ចូល​សាសន៍​មេឌី​ពើ​ស៊ី​និង​សាសន៍​ក្រិច។ (​ដានីយ៉ែល ៨:៥​-​៧, ២០​-​២២​) សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក​»​ដើម្បី​រៀន​អំពី​បទ​ទំនាយ​ជា​ច្រើន​ស្តី​អំពី​ព្រះ​មេស្ស៊ី​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​សម្រេច​នោះ។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ព្រះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​ព្រះ​គម្ពីរ ហេតុ​នេះ​ហើយ​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​និង​គួរ​ឲ្យ​ទុក​ចិត្ត។—ធីម៉ូថេ​ទី២ ៣:១៦

▪ ព័ត៌មាន​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ប្រយោជន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។—អេសាយ ៤៨:១៧

▪ ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ជាក់​ជា​ពុំ​ខាន។—ជន​គណនា ២៣:១៩

[រូប​ភាព​នៅ​ទំព័រ​២១]

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​មាន​ជា​ច្រើន​ភាសា

[រូប​ភាព​នៅ​ទំព័រ​២៤]

អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ឈ្មោះ​អេសាយ​បាន​ទាយ​អំពី​ការ​រលំ​នៃ​ទី​ក្រុង​បាប៊ីឡូន

[រូប​ភាព​នៅ​ទំព័រ​២៦, ២៧]

ទី​ក្រុង​បាប៊ីឡូន​មាន​តែ​ប្រាសាទ​បាក់​បែក

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក