ជំពូកទី១៩
តើការវាយតប់គ្នាជាការត្រឹមត្រូវទេ?
មានក្មេងប្រុសនិងក្មេងស្រីខ្លះដែលពូកែសម្លុតគេ។ តើកូនស្គាល់ក្មេងបែបនោះឬទេ?— តើកូនចង់លេងជាមួយនឹងពួកគេទេ? ឬក៏តើកូនចង់លេងជាមួយនឹងអ្នកដែលស្លូតវិញ?— គ្រូដ៏ល្អប្រសើរប្រាប់ថា៖ «អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព នោះមានសុភមង្គលហើយ! ពីព្រោះមនុស្សនឹងហៅអ្នកទាំងនោះថា‹កូនព្រះ›»។—ម៉ាថាយ ៥:៩
ប៉ុន្តែ ពេលខ្លះអ្នកឯទៀតធ្វើអ្វីមួយដើម្បីឲ្យយើងខឹង មែនទេ?— បើមែន យើងប្រហែលជាចង់សងសឹកពួកគេវិញ។ មានពេលមួយរឿងដូចនេះបានកើតឡើងចំពោះអ្នកកាន់តាមលោកយេស៊ូ ពេលដែលពួកគេធ្វើដំណើរជាមួយនឹងលោកទៅក្រុងយេរូសាឡិម។ សូមស្ដាប់អំពីរឿងនោះ។
បន្ទាប់ពីពួកគេបានធ្វើដំណើរឆ្ងាយបន្ដិចហើយ នោះលោកយេស៊ូបានចាត់អ្នកកាន់តាមលោកពីរបីនាក់ឲ្យទៅភូមិសាម៉ារីដើម្បីរកកន្លែងសម្រាក។ ប៉ុន្តែ មនុស្សនៅទីនោះមិនចង់ឲ្យពួកគេស្នាក់នៅទេ ដោយសារជនជាតិសាម៉ារីកាន់សាសនាផ្សេង។ ម្យ៉ាងទៀត ពួកគេមិនចូលចិត្តអ្នកដែលទៅក្រុងយេរូសាឡិមដើម្បីគោរពប្រណិប័តន៍ព្រះទេ។
តើយ៉ាកុបនិងយ៉ូហានចង់ធ្វើអ្វីដើម្បីសងសឹកជនជាតិសាម៉ារី?
បើរឿងបែបនោះកើតឡើងចំពោះកូន តើកូននឹងធ្វើយ៉ាងណា? តើកូននឹងខឹងទេ? តើកូនចង់សងសឹកពួកគេវិញទេ?— យ៉ូហាននិងយ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូចង់សងសឹក។ ពួកគាត់ប្រាប់លោកយេស៊ូថា៖ «តើចង់ឲ្យយើងហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?»។ ដោយហេតុនេះបានជាលោកយេស៊ូហៅពួកគាត់ថាកូនផ្គរលាន់! ប៉ុន្តែ លោកយេស៊ូបានប្រាប់ពួកគាត់ថា ការប្រព្រឹត្តបែបនោះចំពោះអ្នកឯទៀត គឺមិនត្រឹមត្រូវទេ។—លូកា ៩:៥១-៥៦; ម៉ាកុស ៣:១៧
ជាការពិត ជួនកាលអ្នកខ្លះប្រហែលជាមានចិត្តអាក្រក់ចំពោះយើង។ ឧទាហរណ៍ ក្មេងឯទៀតប្រហែលជាមិនចង់ឲ្យយើងលេងជាមួយនឹងពួកគេទេ។ ប្រហែលជាពួកគេថែមទាំងនិយាយថា៖ «យើងមិនចង់ឲ្យឯងនៅទីនេះទេ»។ ពេលមានរឿងដូចនោះ នេះអាចធ្វើឲ្យយើងអន់ចិត្ត មែនទេ? យើងប្រហែលជាចង់សងសឹកពួកគេវិញ។ ប៉ុន្តែ តើយើងគួរធ្វើដូច្នោះឬទេ?—
សូមកូនយកគម្ពីរមក។ សូមបើកទៅសុភាសិត ជំពូកទី២៤ ខ២៩។ ខនោះចែងថា៖ «កុំឲ្យពោលដូច្នេះឡើយថា៖ ‹អញនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់អញដែរ អញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយ›»។
តើកូនគិតថាខគម្ពីរនោះមានន័យដូចម្ដេច?— ខនោះចែងថា យើងមិនគួរសងសឹកឡើយ។ យើងមិនគួរធ្វើបាបអ្នកឯទៀត ដោយសារតែពួកគេធ្វើបាបយើងនោះទេ។ ប៉ុន្តែ ចុះបើមានអ្នកណាម្នាក់បង្ករឿងជាមួយនឹងកូនមុន? គាត់ប្រហែលជាខំធ្វើឲ្យកូនខឹងដោយនិយាយមើលងាយកូន ឬសើចចំអកឲ្យកូន ដោយនិយាយថាកូនខ្លាចគាត់។ គាត់ក៏ប្រហែលជាថាកូនកំសាក។ តើកូនគួរធ្វើយ៉ាងណា? តើកូនគួរតែវាយគាត់ទេ?—
សូមអានគម្ពីរជាមួយគ្នាម្ដងទៀត។ សូមបើកទៅម៉ាថាយ ជំពូកទី៥ ខ៣៩។ ក្នុងខនោះលោកយេស៊ូប្រាប់ថា៖ «កុំសងសឹកនឹងមនុស្សទុច្ចរិតឡើយ តែបើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ»។ តើកូនគិតថាលោកយេស៊ូចង់និយាយអ្វី? តើលោកចង់និយាយថា បើមានអ្នកណាម្នាក់ដាល់មុខកូនម្ខាង កូនគួរឲ្យគាត់ដាល់មុខកូនម្ខាងទៀតឬទេ?—
លោកយេស៊ូមិនចង់និយាយដូច្នោះទាល់តែសោះ។ ការទះកំផ្លៀងមិនមែនជាការដាល់នោះទេ។ នោះដូចជាពេលដែលអ្នកណាម្នាក់ច្រានឬក៏រុញកូន។ ប្រហែលជាអ្នកណាម្នាក់ទះកំផ្លៀងយើងដើម្បីធ្វើឲ្យយើងខឹង និងដើម្បីធ្វើឲ្យយើងចង់វាយគាត់វិញ។ ចុះបើយើងខឹង ហើយយើងរុញឬច្រានគាត់វិញ តើនឹងមានអ្វីកើតឡើង?— ប្រហែលជានឹងមានការវាយតប់គ្នាមិនខាន។
ប៉ុន្តែ លោកយេស៊ូមិនចង់ឲ្យអ្នកកាន់តាមលោកវាយតប់គ្នាទេ។ ដូច្នេះ លោកបានប្រាប់ថា បើអ្នកណាម្នាក់ទះកំផ្លៀងយើង យើងមិនគួរទះកំផ្លៀងគាត់វិញទេ។ យើងមិនគួរខឹងហើយវាយគាត់ទេ។ បើយើងវាយតប់គ្នា នោះបង្ហាញថាយើងក៏មិនខុសពីអ្នកដែលបង្កជម្លោះដែរ។
បើមានគេបង្ករឿង តើកូនគិតថាគួរធ្វើយ៉ាងណា? តើវិធីណាល្អបំផុត?— គឺដើរចេញ។ អ្នកផ្សេងទៀតប្រហែលជារុញឬច្រានកូនពីរបីដងទៀត តែនៅទីបំផុតពួកគេប្រហែលជានឹងឈប់។ ពេលដែលកូនដើរចេញ នោះមិនមានន័យថាកូនវាយមិនឈ្នះគេទេ។ ផ្ទុយទៅវិញ នោះបង្ហាញថាកូនតាំងចិត្តរឹងមាំដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។
តើយើងគួរធ្វើអ្វីបើអ្នកណាម្នាក់ខំបង្ករឿងជាមួយយើង?
ប៉ុន្តែ ចុះយ៉ាងណាបើកូនទ្រាំមិនបាន ហើយវាយគេ រួចមកកូនឈ្នះ? បន្ទាប់មក តើអាចមានអ្វីកើតឡើង?— ប្រហែលជាអ្នកដែលវាយចាញ់កូននាំបក្ខពួកត្រឡប់មកវិញ។ ពួកគេប្រហែលជាវាយកូននឹងដំបងឬចាក់កូននឹងកាំបិត។ ឥឡូវ តើកូនអាចយល់នូវមូលហេតុដែលលោកយេស៊ូមិនចង់ឲ្យយើងវាយតប់គ្នាទេ?—
ចុះបើយើងឃើញអ្នកឯទៀតកំពុងវាយតប់គ្នា តើយើងគួរធ្វើអ្វី? តើយើងគួរតែកាន់ជើងខាងណាទេ?— គម្ពីរប្រាប់យើងនូវអ្វីដែលយើងត្រូវធ្វើ។ សូមបើកសុភាសិត ជំពូកទី២៦ ខ១៧។ ខនោះចែងថា៖ «អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្ដៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ»។
បើយើងចូលរួមក្នុងជម្លោះរបស់អ្នកឯទៀតដែលប្រៀបដូចជាចាប់ត្រចៀកឆ្កែ តើអ្វីនឹងកើតឡើង? កូនអាចនឹងរងរបួស ដូច្នេះសូមកុំធ្វើ!
តើអ្វីនឹងកើតឡើងបើកូនចាប់ត្រចៀកឆ្កែ? ឆ្កែច្បាស់ជាឈឺ ហើយវានឹងកំញើញខាំកូន មែនទេ? បើឆ្កែកាន់តែរើ កូនក៏ត្រូវចាប់ត្រចៀកវាកាន់តែខ្លាំងដែរ។ នោះធ្វើឲ្យឆ្កែកាន់តែឈឺ តែបើកូនលែងវា នោះវាប្រហែលជានឹងខាំកូនយ៉ាងខ្លាំង។ ប៉ុន្តែ តើកូនអាចឈរកាន់ត្រចៀកវារហូតបានទេ?—
បើយើងឃើញគេវាយតប់គ្នា ហើយយើងចូលរួមជាមួយនឹងពួកគេ នោះអាចនាំឲ្យយើងមានបញ្ហាដូចអ្នកចាប់ត្រចៀកឆ្កែដែរ។ យើងមិនដឹងថាអ្នកណាជាអ្នកបង្ករឿង ឬមូលហេតុដែលពួកគេវាយគ្នាទេ។ ប្រហែលជាម្នាក់ដែលត្រូវគេវាយបានលួចរបស់អ្វីមួយពីម្នាក់ទៀត។ បើយើងជួយគាត់ ប្រៀបដូចជាយើងកំពុងជួយចោរ។ នោះមិនមែនជាការត្រឹមត្រូវទេ មែនទេ?
ដូច្នេះ តើកូនគួរធ្វើអ្វីបើកូនឃើញគេវាយគ្នា?— បើរឿងនេះកើតឡើងនៅសាលារៀន កូនអាចរត់ទៅប្រាប់គ្រូបង្រៀន។ ចុះបើរឿងដូចនោះមិនមែនកើតនៅក្នុងសាលា? កូនអាចហៅឪពុកម្ដាយរបស់កូន ឬក៏ប៉ូលិស។ មែនហើយ ទោះបីជាអ្នកឯទៀតចង់វាយគ្នាក៏ដោយ យើងគួរជាអ្នកដែលធ្វើឲ្យមានសន្ដិភាពវិញ។
តើកូនគួរធ្វើអ្វី បើកូនឃើញគេវាយតប់គ្នា?
អ្នកកាន់តាមពិតរបស់លោកយេស៊ូធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីជៀសវាងពីការវាយតប់គ្នា។ តាមវិធីនេះ បង្ហាញថាយើងមានចិត្តក្លាហានដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ គម្ពីរចែងថាអ្នកកាន់តាមលោកយេស៊ូ«មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់»។—ធីម៉ូថេទី២ ២:២៤
ឥឡូវសូមមើលឱវាទល្អថែមទៀតដែលជួយយើងឲ្យជៀសវាងពីការវាយតប់គ្នានៅ រ៉ូម ១២:១៧-២១ និងពេត្រុសទី១ ៣:១០, ១១។