«ត្រូវពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ»
១ សាវ័កប៉ុលបានដាស់តឿនធីម៉ូថេឲ្យ«ពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ»។ (ធីម៉ូថេទី១ ៦:១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ប៉ុលផ្ទាល់ក៏បានប្រព្រឹត្តតាមពាក្យនោះខ្លួនឯងដែរ។ ពេលគាត់មានវ័យចាស់នោះ គាត់បាននិយាយដោយជំនឿជាក់ថា គាត់ផ្ទាល់បានតយុទ្ធឲ្យបានប្រសើរ។ (ធីម៉ូថេទី២ ៤:៦-៨) ក្នុងគ្រប់កិច្ចការទាំងអស់ គាត់ក៏បានខំបំពេញក្នុងកិច្ចបំរើដោយចិត្តមោះមុត ក្លាហាន និងដោយការស៊ូទ្រាំ។ ដោយធ្វើតម្រាប់តាមគំរូរបស់គាត់ យើងក៏អាចមានជំនឿជាក់ក្នុងចិត្តដូចគ្នា ថាយើងកំពុងតែពុះពារអស់ពីសមត្ថភាពក្នុងការតយុទ្ធរបស់យើងដើម្បីជំនឿគ្រីស្ទាន។
២ ការព្យាយាមជាចាំបាច់: ប៉ុលបានខំប្រឹងធ្វើការក្នុងកិច្ចបំរើ។ (កូរិនថូសទី១ ១៥:១០) យើងក៏ធ្វើដូច្នោះដែរក្នុងការស្វែងរកអស់អ្នកក្នុងតំបន់ផ្សាយរបស់យើងដែលសមនឹងទទួល។ (ម៉ាថាយ ១០:១១) ដើម្បីជួបមនុស្សខ្លះ នេះតម្រូវឲ្យយើងក្រោកមុនម៉ោងដើម្បីផ្សព្វផ្សាយដល់មនុស្សដែលយើងជួបតាមផ្លូវថ្នល់។ ឬក៏នេះអាចតម្រូវឲ្យយើងផ្សព្វផ្សាយពេលល្ងាច ឬក៏យប់បន្ដិចដើម្បីជួបមនុស្សពេលគេត្រឡប់មកផ្ទះវិញ។
៣ ការជួបយ៉ាងទាន់ពេលដើម្បីផ្សព្វផ្សាយជាមួយពួកអ្នកសិក្សាសៀវភៅតាមក្រុមនោះ តម្រូវឲ្យយើងចេះបង្ខំខ្លួននិងធ្វើកាលវិភាគដ៏ល្អមួយ។ ជាឧទាហរណ៍ សមាជិកខ្លះនៃក្រុមគ្រួសារបេតអែលក៏ធ្វើដំណើរយ៉ាងយូរ ប្រហែលជាហុកសិបនាទីក្នុងមួយជើង ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយជាមួយក្រុមជំនុំរបស់គេនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ម្យ៉ាងទៀត យើងប្រហែលជាសរសើរអ្នកផ្សាយខ្លះក្នុងក្រុមជំនុំរបស់យើងនិងក្រុមគ្រួសាររបស់គេ ដែលធ្វើដំណើរយ៉ាងឆ្ងាយប៉ុន្តែនៅតែមកទាន់ពេល។ គំរូបែបនេះដែលសម្ដែងពីការព្យាយាមនិងការចេះរៀបចំកិច្ចការខ្លួន គឺសមនឹងយកតម្រាប់តាមមែន។
៤ យើងគួរត្រូវជំរុញឲ្យបន្តទាក់ទងនឹងអ្នកណាដែលឃើញថាមានចំណាប់អារម្មណ៍។ សូម្បីតែពេលជូនប្រកាសនវត្ថុតាមផ្លូវថ្នល់ឬក៏ក្រៅផ្លូវការ យើងត្រូវតែខិតខំយ៉ាងណាឲ្យបានអាស័យដ្ឋានឬក៏លេខទូរស័ព្ទរបស់អ្នកនោះ។ រួចមក យើងអាចត្រឡប់ទៅជួបគេដើម្បីបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គេនិងខិតខំចាប់ផ្ដើមការសិក្សា។
៥ ចូលរួមកិច្ចផ្សព្វផ្សាយយ៉ាងទៀងទាត់: ប៉ុលបានផ្សព្វផ្សាយយ៉ាងទៀងទាត់និងហ្មត់ចត់។ (រ៉ូម ១៥:១៩) ចុះចំណែកអ្នកវិញ? តើអ្នកចូលរួមកិច្ចផ្សាយយ៉ាងទៀងទាត់ទេ? តើអ្នកបានចេញផ្សព្វផ្សាយក្នុងកំឡុងខែនេះហើយឬនៅ? អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំចាប់អារម្មណ៍ចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាក្នុងក្រុមរបស់គាត់ ឲ្យចូលរួមកិច្ចផ្សព្វផ្សាយក្នុងកំឡុងខែសីហា។ ពួកគាត់នឹងជួយអ្នកឲ្យធ្វើអ៊ីចឹងបាន។
៦ ដោយការយកតម្រាប់តាមគំរូរបស់ប៉ុលក្នុងការគាំទ្រយ៉ាងពេញលេញនូវដំណឹងល្អ នោះយើងនឹងបន្ត«ពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ»។