ចូរ‹ធ្វើការល្អជាបរិបូរ›ចុះ!
១ ក្នុងកំឡុងឆ្នាំទាំងប៉ុន្មានចុងក្រោយដែលប៉ុលបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនោះ គាត់សហការយ៉ាងជិតស្និទ្ធជាមួយធីម៉ូថេនិងទីតុស។ គាត់សរសេរលើកទឹកចិត្តពួកគេទាំងពីរនាក់ដោយប្រើពាក្យសំដីស្រដៀងគ្នានេះ។ គាត់ប្រាប់ទីតុសថា៖ «ពួកអ្នក ដែលបានជឿដល់ព្រះ»ត្រូវ«ខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត»។ (ទីត. ៣:៨) ប៉ុលក៏ប្រាប់ធីម៉ូថេថា អ្នកដែលសង្ឃឹមទៅលើព្រះត្រូវ‹ធ្វើការល្អជាបរិបូរ›។ (១ធី. ៦:១៧, ១៨) សំរាប់យើងទាំងអស់គ្នានេះគឺជាយោបល់ល្អណាស់! ប៉ុន្តែ តើអ្វីនឹងជំរុញចិត្តយើងឲ្យធ្វើការល្អក្នុងជីវិតរបស់យើង? ហើយតើមានកិច្ចការល្អជាក់លាក់អ្វីខ្លះ ដែលយើងអាចធ្វើនាពេលខាងមុខនេះ?
២ អ្វីដែលជំរុញទឹកចិត្តយើងឲ្យធ្វើការល្អជាបរិបូរ គឺជាជំនឿរបស់យើងទៅលើព្រះយេហូវ៉ា និងសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងរបស់យើងដែលទ្រង់បានប្រទានមកយើង។ (១ធី. ៦:១៩; ទីត. ២:១១) ជាពិសេស ក្នុងគ្រានេះយើងត្រូវនឹកចាំថា ព្រះយេហូវ៉ាបានចាត់ឲ្យរាជបុត្រារបស់ទ្រង់ព្រះយេស៊ូយាងមកផែនដី ដើម្បីឲ្យព្រះយេស៊ូបំបាត់នូវការបង្ខូចព្រះនាមរបស់ព្រះវរបិតារបស់ទ្រង់ចេញឲ្យអស់ ហើយផ្ដល់វិធីឲ្យមនុស្សដែលសមនឹងទទួលជីវិត បានជីវិតជារៀងរហូត។ (ម៉ាថ. ២០:២៨; យ៉ូន. ៣:១៦) ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទនៅថ្ងៃទី២៨ ខែមីនា នឹងបញ្ជាក់អំពីនេះយ៉ាងច្បាស់។ ដោយសារយើងមានសេចក្ដីសង្ឃឹមទទួលជីវិតជារៀងរហូត នោះជំរុញចិត្តយើងឲ្យខំប្រឹងអស់ពីសមត្ថភាពដើម្បី‹ធ្វើការល្អជាបរិបូរ› មែនទេ? យើងចង់ធ្វើដូច្នេះពិតមែន! តើយើងអាចធ្វើការល្អអ្វីខ្លះនៅពេលឥឡូវនេះ?
៣ ការល្អដែលយើងអាចធ្វើនៅខែមីនានិងខែបន្តបន្ទាប់: យើងពិតជាចង់មានវត្តមាននៅពិធីបុណ្យរំឭក ដែលជាពិធីសំខាន់បំផុតសំរាប់ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។ (លូ. ២២:១៩) ប៉ុន្តែ យើងចង់ឲ្យមនុស្សច្រើនបំផុតមានអំណរពីការចូលរួមក្នុងពិធីនោះជាមួយយើងដែរ។ ក្នុងសៀវភៅប្រចាំឆ្នាំ ឆ្នាំ២០០២ សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយឆ្លុះបញ្ចាំងឲ្យឃើញថា ឆ្នាំមុននៅប្រទេសជាច្រើនទូទាំងពិភពលោក ចំនួនអ្នកដែលមានវត្តមាននៅពិធីបុណ្យរំឭកគឺច្រើនជាងអ្នកផ្សាយ បីដង បួនដង ប្រាំដង ឬក៏ច្រើនជាងនេះទៅទៀត។ ក្រុមជំនុំទាំងឡាយច្បាស់ជាបានព្យាយាមចែកចាយលិខិតអញ្ជើញទូទាំងតំបន់ផ្សាយរបស់គេ។ ដូច្នេះ យើងចង់ចំណាយពេលច្រើនបំផុតដែលយើងអាចធ្វើទៅបាន ក្នុងការអញ្ជើញមនុស្សឲ្យមកបុណ្យរំឭកនិងជួយគេរៀនអំពីសេចក្ដីសង្ឃឹមខាងការសង្គ្រោះ ចាប់ពីពេលឥឡូវនេះរហូតដល់ថ្ងៃទី២៨ខែមីនា។
៤ ក្នុងខែមេសា តើយើងអាច‹ធ្វើការល្អជាបរិបូរ›តាមវិធីណាខ្លះ? ដោយបន្តចូលរួមយ៉ាងអស់ពីចិត្តក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ ហើយដោយ«ឧស្សាហ៍ធ្វើការល្អ»។ (ទីត. ២:១៤; ម៉ាថ. ២៤:១៤) បើអ្នកមិនមានសមត្ថភាពត្រួសត្រាយជំនួយក្នុងខែមីនា តើអ្នកអាចត្រួសត្រាយក្នុងខែមេសាឬឧសភាឬក៏ទាំងពីរខែនេះបានឬទេ? បើអ្នកកំពុងតែត្រួសត្រាយក្នុងខែមីនា តើអ្នកអាចបន្តត្រួសត្រាយទៀតបានទេ?
៥ បងប្អូនដែលធ្វើការឃើញថា គេអាចចំណាយពេលមួយម៉ោងឬក៏មួយម៉ោងជាងក្នុងកិច្ចផ្សព្វផ្សាយពេលគេធ្វើដំណើរទៅកន្លែងធ្វើការឬក៏ដោយផ្សព្វផ្សាយដល់អ្នកធ្វើការនៅក្នុងហាងដែលបើកពីព្រលឹម។ បងប្អូនផ្សេងទៀតឆ្លៀតពេលពីម៉ោងឈប់ញ៉ាំបាយដើម្បីផ្សព្វផ្សាយ។ បងប្អូនខ្លះឃើញថា គេអាចបង្រៀនព្រះគម្ពីរដល់អ្នកធ្វើការជាមួយគ្នានៅម៉ោងនោះ។ បងប្អូនស្រីៗជាច្រើនដែលជាមេផ្ទះ បានឆ្លៀតពេលផ្សព្វផ្សាយកាលដែលកូនទៅសាលារៀន។ ដោយក្រោកមុនម៉ោងនៅថ្ងៃខ្លះដើម្បីធ្វើកិច្ចការផ្ទះ នោះពួកគេមានពេលច្រើនជាងក្នុងថ្ងៃនោះ ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយនិងកិច្ចការបង្រៀន។—អេភ. ៥:១៥, ១៦
៦ ទោះបើអ្នកមិនអាចត្រួសត្រាយជំនួយក៏ដោយ អ្នកប្រហែលជាអាចរៀបចំកាលវិភាគដើម្បីចូលរួមកិច្ចផ្សព្វផ្សាយឲ្យបានច្រើនជាង ទាំងព្យាយាមអស់ពីសមត្ថភាពដើម្បី«ធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយ»អ្នកដទៃរៀននូវសេចក្ដីពិត។—១ធី. ៦:១៨
៧ ចូរនឹកចាំពីកិច្ចការដ៏ល្អជាការបញ្ចុះបញ្ចូលឲ្យមានសិស្ស: ជារៀងរាល់ឆ្នាំ មានអ្នកចាប់អារម្មណ៍ដែលមកពិធីបុណ្យរំឭក។ តើបងប្អូនខ្លះក្នុងក្រុមជំនុំអាចយកចិត្តទុកដាក់បានឬទេ ទៅលើអ្នកដែលមានវត្តមានតែមិនសិក្សាព្រះគម្ពីរនោះ? តើយើងអាចត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍នោះបានទេ ដោយមានគោលបំណងចង់ជួយគេលូតលាស់ខាងវិញ្ញាណ? ប្រហែលជាបុគ្គលខ្លះដែលបានចូលរួមបុណ្យរំឭកនោះ គេមានបងប្អូនជាស្មរបន្ទាល់ ឬធ្លាប់សិក្សាពីមុនៗ និងពួកគេត្រូវការនូវការលើកទឹកចិត្តតែបន្ដិចបន្តួច ដើម្បីចាប់ផ្ដើមសិក្សាម្ដងទៀតហើយមកកិច្ចប្រជុំជាទៀងទាត់។ យើងពិតជានឹងអរសប្បាយណាស់! បើយើងឃើញគេក្លាយជាអ្នកបំរើព្រះយេហូវ៉ាយ៉ាងសកម្មជាមួយយើងដែរ!
៨ បើយើងផ្សព្វផ្សាយឲ្យបានច្រើនជាងក្នុងខែមីនាហើយក្រោយនោះទៀត យើងទំនងជានឹងរកឃើញអ្នកចាប់អារម្មណ៍ថែមទៀតដែលយើងអាចត្រឡប់ទៅជួបនោះ។ ព្យាយាមសួរសំនួរមួយហើយសន្យាថា អ្នកនឹងឆ្លើយសំនួរនោះនៅលើកក្រោយពេលអ្នកមកលេងម្ដងទៀត។ ពេលណាដែលយើងធ្វើដូច្នេះ ដូចយើងបើកផ្លូវដើម្បីឲ្យមានការត្រឡប់ទៅជួប។ ត្រឡប់ទៅជួបគេវិញកាន់តែឆាប់ គឺកាន់តែល្អ។ បើយើងមិនបានចាប់ផ្ដើមការសិក្សានៅលើកដំបូងពេលយើងជួបគេ នោះបើមានលទ្ធភាពយើងត្រូវខិតខំចាប់ផ្ដើមការសិក្សានៅលើកទីពីរពេលដែលយើងជួបគេ។
៩ ពេលយើងផ្សព្វផ្សាយតាមផ្លូវថ្នល់ យើងគួរខិតខំចាប់ផ្ដើមការសន្ទនាជាមួយមនុស្ស។ អ្នកផ្សាយជាច្រើនបានទទួលឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកចាប់អារម្មណ៍ដែលគេជួបក្នុងការផ្សព្វផ្សាយតាមផ្លូវថ្នល់។ បើអ្នកចាប់អារម្មណ៍នោះមិនរស់នៅក្នុងតំបន់ផ្សាយរបស់អ្នក អ្នកត្រូវយកប័ណ្ណសូមរកជួប (S-43) ពីសាលប្រជុំ និងបំពេញប័ណ្ណនោះ ហើយឲ្យដល់លេខាក្រុមជំនុំ។ រួចមកគាត់នឹងបញ្ជូនប័ណ្ណនោះដល់ក្រុមជំនុំដែលទទួលខុសត្រូវទៅលើតំបន់ដែលផ្ទះអ្នកចាប់អារម្មណ៍នោះស្ថិតនៅ។ បើលេខាក្រុមជំនុំធ្វើមិនបាន គាត់នឹងបញ្ជូនប័ណ្ណនោះទៅការិយាល័យសាខាដើម្បីជួយដោះស្រាយ។ តាមវិធីនេះ ចំណាប់អារម្មណ៍នោះអាចត្រូវបណ្ដុះបណ្ដាលបាន។
១០ បើអ្នកមិនបានអាស័យដ្ឋានរបស់គេទេ តែបានលេខទូរស័ព្ទគេវិញ នោះចូរខំនិយាយជាមួយគេម្ដងទៀតតាមទូរស័ព្ទ។ រៀបចំទុកជាមុននូវអ្វីអ្នកចង់ពិគ្រោះជាមួយគេ។ ចូរដាក់កូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការសន្ទនាអំពីព្រះគម្ពីរនៅជិតដៃ ដើម្បីមើលតាមពេលដែលត្រូវការ។ បងប្អូនខ្លះបានលទ្ធផលល្អពីការបង្រៀនមនុស្សតាមទូរស័ព្ទ រួមមានបុគ្គលដែលកម្រនៅផ្ទះ។ បងស្រីម្នាក់បានចាប់ផ្ដើមសុំលេខទូរស័ព្ទរបស់អ្នកចាប់អារម្មណ៍ដែលគាត់ជួបក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយជាលទ្ធផលគាត់បានចាប់ផ្ដើមការសិក្សាពីរ។
១១ ជួយអ្នកចាស់ទុំក្នុងការជួយអ្នកឥតសកម្ម: អ្នកចាស់ទុំយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការជួយអ្នកទាំងនេះ។ អ្នកឥតសកម្មជាច្រើនបានចាប់ផ្ដើមមកកិច្ចប្រជុំក្រុមជំនុំម្ដងទៀតដោយខ្លួនឯង ដោយគ្មានអ្នកណាជំរុញទេ។ ពួកគេទទួលស្គាល់ថា គេត្រូវការនូវការសេពគប់ជាមួយអង្គការព្រះយេហូវ៉ា ដើម្បីមានសុវត្ថិភាពខាងវិញ្ញាណ ដូចត្រូវពណ៌នានៅទំនុកដំកើងទី៩១។ បុគ្គលបែបនេះមានលក្ខណៈគ្រប់គ្រាន់ហើយ ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយម្ដងទៀត។ បើសិនជាអ្នកឯទៀតដែលឥតសកម្មមកពិធីបុណ្យរំឭកខែនេះ ពួកគេប្រហែលជានឹងព្រមសិក្សាព្រះគម្ពីរជាមួយបងប្អូនម្នាក់។ បើដូច្នេះមែន អ្នកចាស់ទុំនឹងរៀបចំឲ្យមានបងប្អូនម្នាក់សិក្សាជាមួយអ្នកដែលចង់បានជំនួយ។ បើអ្នកត្រូវអញ្ជើញឲ្យជួយសិក្សាជាមួយអ្នកណាម្នាក់ អ្នកចាស់ទុំនឹងត្រេកអរណាស់បើអ្នកព្រម។—រ៉ូម ១៥:១, ២
១២ ចូរបន្ត«ធ្វើការល្អ»ចុះ!: បងប្អូនជាច្រើនដែលបានចូលរួមក្នុងការត្រួសត្រាយជំនួយអស់មួយខែឬច្រើនខែក្ដី បានឃើញថាកិច្ចផ្សព្វផ្សាយរបស់គេបានកើនឡើងក្នុងខែបន្តបន្ទាប់ពីនោះផងដែរ។ ពួកគេជួបអ្នកចាប់អារម្មណ៍ដែលគេចង់ត្រឡប់ទៅជួប។ នេះបានជំរុញទឹកចិត្តគេឲ្យខិតខំទៅផ្សព្វផ្សាយច្រើនជាង ដើម្បីជួបអ្នកចាប់អារម្មណ៍នោះម្ដងទៀត។ បងប្អូនខ្លះបានចាប់ផ្ដើមការសិក្សា ហើយនេះបានជួយគេរួមចំណែកច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ។
១៣ ពេលបងប្អូនឯទៀតបង្កើនចំណែករបស់គេក្នុងកិច្ចផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស នោះពួកគេទទួលអំណរច្រើនដល់ម្ល៉េះបានជាជំរុញឲ្យគេវិភាគមើលម្ដងទៀតនូវអ្វីៗដែលមានអាទិភាពក្នុងជីវិតរបស់គេ។ ជាលទ្ធផល បងប្អូនខ្លះបានបន្ថយពេលដែលគេប្រើក្នុងការរកស៊ី ហើយក្លាយជាអ្នកត្រួសត្រាយជំនួយរហូតវិញ។ បងប្អូនឯទៀតមានលទ្ធភាពចូលកិច្ចបំរើពេញពេល។ ពួកគេអាចពឹងពាក់ទៅលើព្រះឲ្យបានច្រើនជាង ជាជាងអ្វីៗទាំងឡាយក្នុងលោកីយ៍នេះ។ ពួកគេឃើញថា ការ«ចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយ» នោះបាននាំមកនូវពរជាច្រើនពីព្រះយេហូវ៉ា ហើយបានពង្រឹងសេចក្ដីសង្ឃឹមរបស់គេឲ្យទទួល«ជីវិតអស់កល្បជានិច្ច»។ (១ធី. ៦:១៨, ១៩) នេះអាចឃើញយ៉ាងជាក់ស្តែង ពេលបងប្អូនកាន់តែច្រើនចូលរួមក្នុងកិច្ចផ្សព្វផ្សាយពេញពេល នោះក្រុមជំនុំទាំងមូលក៏ទទួលប្រយោជន៍ដែរ។ អ្នកត្រួសត្រាយចូលចិត្តប្រាប់អ្នកដទៃអំពីបទពិសោធន៍របស់ខ្លួន ហើយក៏ចូលចិត្តអញ្ជើញអ្នកឯទៀតចូលរួមកិច្ចផ្សព្វផ្សាយជាមួយគេដែរ។ នេះក៏បង្កើនភាពខាងវិញ្ញាណនៃក្រុមជំនុំទាំងមូលតែម្ដង។
១៤ សូមឲ្យយើងទាំងអស់គ្នា‹ធ្វើការល្អជាបរិបូរ›ក្នុងកំឡុងគ្រានៃពិធីបុណ្យរំឭកនិងក្រោយពីពេលនោះទៀត ដោយបង្កើនចំណែករបស់យើងក្នុងកិច្ចបំរើគ្រីស្ទាន។ ចូរឲ្យយើងបង្ហាញកតញ្ញូធម៌ចំពោះអ្វីដែលព្រះយេហូវ៉ាបានធ្វើប្រយោជន៍ឲ្យយើង ពេលទ្រង់ផ្ដល់នូវសេចក្ដីសង្ឃឹមដល់យើងឲ្យរស់ជារៀងរហូតនៅលើផែនដីថ្មីដែលប្រកបទៅដោយសេចក្ដីសុចរិត។—២ពេ. ៣:១៣