បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៣ ទំ. ៣០-៤០
  • តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដើម​កំណើត​នៃ​សត្រូវ​ម្នាក់
  • តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ?
  • របៀប​ដែល​លោកីយ៍​របស់​សាតាំង​នឹង​ត្រូវ​បំផ្លាញ
  • ពិភព​លោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ!
  • តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៣ ទំ. ៣០-៤០

ជំពូក​ទី​បី

តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សំរាប់​ផែន​ដី?

តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សំរាប់​មនុស្ស​ជាតិ?

តើ​ព្រះ​បាន​ទទួល​ការ​ប្រឆាំង​យ៉ាង​ដូច​ម្ដេច?

នៅ​ផែន​ដី​នា​ពេល​អនាគត​តើ​ជីវភាព​មនុស្ស​នឹង​ទៅ​ជា​យ៉ាង​ណា?

១​. តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សំរាប់​ផែន​ដី?

គោល​បំណង​របស់​ព្រះ​សំរាប់​ផែន​ដី​គឺ​អស្ចារ្យ​ណាស់។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​និង​មាន​សុភមង្គល។ ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​ព្រះ​ទ្រង់​ធ្វើ​សួន​ច្បារ​១​នៅ​ស្រុក​អេដែន​»​ហើយ​ក្នុង​សួន​នោះ​ទ្រង់​«​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់ ទាំង​ដើម​ឈើ​ដែល​គួរ​ពិច​ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង​»។ ក្រោយ​ព្រះ​បង្កើត​អ័ដាម​និង​អេវ៉ា បុរស​និង​ស្ត្រី​ដំបូង​នោះ ទ្រង់​ដាក់​ពួក​គាត់​នៅ​ក្នុង​សួន​ដ៏​សែន​ស្អាត​នេះ​ហើយ​មាន​បន្ទូល​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​ចុះ!​»។ (​លោកុប្បត្តិ ១:២៨; ២:៨, ៩, ១៥​) ដូច្នេះ ព្រះ​មាន​គោល​បំណង​ឲ្យ​មនុស្ស​បង្កើត​កូន ពង្រីក​សួន​មនោ​រម្យ​ឲ្យ​ពេញ​ផែន​ដី ហើយ​ថែ​រក្សា​សត្វ​ទាំង​ឡាយ។

២​. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​គោល​បំណង​របស់​ព្រះ​សំរាប់​ផែន​ដី​នឹង​បាន​សម្រេច? (​ខ​) តើ​ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​មនុស្ស​រស់​ជា​រៀង​រហូត?

២ តើ​អ្នក​គិត​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច ហើយ​មនុស្ស​នឹង​រស់​ក្នុង​សួន​មនោ​រម្យ​នៅ​ផែន​ដី​ទេ? ព្រះ​ប្រកាស​ថា​៖ ​«​អញ​បាន​ចេញ​វាចា​ហើយ . . . អញ​នឹង​ធ្វើ​ការ​នោះ​ឯង​»។ (​អេសាយ ៤៦:៩​-​១១; ៥៥:១១​) ពិត​ណាស់ ព្រះ​នឹង​ធ្វើ​ឲ្យ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច​ជាក់​ជា​ពុំ​ខាន! ព្រះ​មាន​បន្ទូល​ថា​ទ្រង់​«​មិន​មែន​បង្កើត​[​ផែន​ដី​]​មក​ឲ្យ​នៅ​ទទេ​ទេ​»​ ក៏​ប៉ុន្តែ​«​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ​»។ (​អេសាយ ៤៥:១៨​) តើ​ព្រះ​ចង់​ឲ្យ​មនុស្ស​បែប​ណា​រស់​នៅ​ផែន​ដី? តើ​ទ្រង់​ចង់​ឲ្យ​មនុស្ស​រស់​នៅ​ផែន​ដី​ប៉ុន្មាន​ឆ្នាំ? ព្រះ​គម្ពីរ​មាន​ចម្លើយ​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក[​ឬ​«​ផែន​ដី​»​, ព.ថ.​]ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ[​ឬ​«​ផែន​ដី​»​, ព.ថ.​]ជា​និច្ច​»។—ទំនុក​ដំកើង ៣៧:២៩, កំណែ​ជា​អក្សរ​ទ្រេត; វិវរណៈ ២១:៣, ៤

៣​. នៅ​ផែន​ដី​សព្វ​ថ្ងៃ​នេះ តើ​មាន​ស្ថានភាព​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ? តើ​ស្ថានភាព​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

៣ យើង​អាច​ឃើញ​ច្បាស់​ថា​នេះ​មិន​ទាន់​កើត​ឡើង​ទេ។ សព្វ​ថ្ងៃ​នេះ មនុស្ស​តែង​តែ​ឈឺ​ហើយ​ស្លាប់ ហើយ​ក៏​រហូត​ដល់​វាយ​តប់​គ្នា​និង​សំឡាប់​គ្នា​ទៀត​ផង។ មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ដែល​នាំ​ឲ្យ​គោល​បំណង​របស់​ព្រះ​មិន​ទាន់​សម្រេច។ ប៉ុន្តែ​ព្រះ​ប្រាកដ​ជា​គ្មាន​បំណង​ឲ្យ​ផែន​ដី​មាន​សភាព​ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​សោះ​ឡើយ! តើ​អ្វី​បាន​កើត​ឡើង? ហេតុ​អ្វី​បាន​ជា​គោល​បំណង​របស់​ព្រះ​មិន​ទាន់​សម្រេច? គ្មាន​សៀវភៅ​ប្រវត្ដិសាស្ត្រ​ណា​មួយ​របស់​មនុស្ស​អាច​ឆ្លើយ​សំនួរ​នេះ​បាន​ទេ ពី​ព្រោះ​បញ្ហា​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ស្ថាន​សួគ៌។

ដើម​កំណើត​នៃ​សត្រូវ​ម្នាក់

៤, ៥​. (​ក​) តាម​ពិត តើ​អ្នក​ណា​ដែល​បាន​និយាយ​ជា​មួយ​នឹង​អេវ៉ា​តាម​រយៈ​សត្វ​ពស់? (​ខ​) តើ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ទៀង​ត្រង់​ប្រកាន់​សីលធម៌​អាច​ក្លាយ​ទៅ​ជា​ចោរ​បាន​យ៉ាង​ដូច​ម្ដេច?

៤ សៀវភៅ​ទី​មួយ​ក្នុង​ព្រះ​គម្ពីរ​ប្រាប់​ថា អ្នក​ប្រឆាំង​ព្រះ​មួយ​រូប​បាន​លេច​មុខ​ក្នុង​សួន​ច្បារ​អេដែន។ វា​ត្រូវ​ហៅ​ថា​សត្វ​«​ពស់​»​ ប៉ុន្តែ​វា​មិន​មែន​ជា​សត្វ​ពស់​ពិត​ប្រាកដ​នោះ​ទេ។ សៀវភៅ​ចុង​ក្រោយ​ក្នុង​ព្រះ​គម្ពីរ​បញ្ជាក់​អត្តសញ្ញាណ​របស់​វា​ជា​អ្នក​ដែល​មាន​«​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោ​កី​យ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ​»។ វា​ក៏​បាន​ហៅ​ថា​«​ពស់​ពី​បុរាណ​»។ (​លោកុប្បត្តិ ៣:១; វិវរណៈ ១២:៩, កំណែ​ជា​អក្សរ​ទ្រេត​) ទេវតា​ឬ​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​មួយ​រូប​នេះ បាន​ប្រើ​សត្វ​ពស់​មួយ​ដើម្បី​និយាយ​ជា​មួយ​នឹង​អេវ៉ា ដូច​ជា​មនុស្ស​និយាយ​ដោយ​កាន់​តុក្កតា​ក្នុង​ដៃ​ដែល​មើល​ទៅ​ដូច​ជា​តុក្កតា​នោះ​ចេះ​និយាយ​ដោយ​ខ្លួន​ឯង។ ពេល​ដែល​ព្រះ​បាន​រៀបចំ​ផែន​ដី​សំរាប់​ឲ្យ​មនុស្ស​រស់​នៅ​នោះ បុគ្គល​វិញ្ញាណ​ដែល​ជា​អ្នក​ប្រឆាំង​មួយ​រូប​នេះ​ច្បាស់​ជា​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។—យ៉ូប ៣៨:៤, ៧

៥ ប៉ុន្តែ​បើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បង្កើត​គឺ​គ្រប់​ល័ក្ខណ៍ តើ​អ្នក​ណា​បាន​បង្កើត​‹អារក្ស​សាតាំង›? បើ​និយាយ​ឲ្យ​ចំ កូន​ព្រះ​មួយ​រូប​ដែល​ជា​បុគ្គល​វិញ្ញាណ​ខ្លាំង​ក្លា​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​អារក្ស។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ជា​ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ​មនុស្ស​ម្នាក់​ដែល​ទៀង​ត្រង់​ប្រកាន់​សីលធម៌​អាច​ក្លាយ​ទៅ​ជា​ចោរ​បាន។ តើ​អាច​ក្លាយ​ជា​ចោរ​យ៉ាង​ដូច​ម្ដេច? ប្រហែល​ជា​គាត់​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ចូល​ក្នុង​ចិត្ត។ បើ​គាត់​បន្ត​គិត​ទៀត សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​នោះ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។ រួច​មក ពេល​មាន​ឱកាស ប្រហែល​ជា​គាត់​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​នោះ។—យ៉ាកុប ១:១៣​-​១៥

៦​. តើ​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​មួយ​រូប​ដែល​ជា​កូន​ព្រះ​បាន​ទៅ​ជា​សាតាំង​និង​អារក្ស​យ៉ាង​ដូច​ម្ដេច?

៦ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អារក្ស​សាតាំង។ វា​បាន​ឮ​ព្រះ​មាន​បន្ទូល​បង្គាប់​អ័ដាម​និង​អេវ៉ា​ថា​ត្រូវ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី។ (​លោកុប្បត្តិ ១:២៧, ២៨​) តាម​មើល​ទៅ​វា​បាន​គិត​ថា​៖ ‹មនុស្ស​ទាំង​អស់​នេះ​អាច​ថ្វាយ​បង្គំ​ខ្ញុំ​វិញ​ជា​ជាង​ថ្វាយ​បង្គំ​ព្រះ!›។ ដូច្នោះ វា​កើត​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ក្នុង​ចិត្ត។ នៅ​ទី​បំផុត វា​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ ពេល​ដែល​វា​បញ្ឆោត​អេវ៉ា​ដោយ​ប្រាប់​គាត់​សេចក្ដី​ភូតភរ​អំពី​ព្រះ។ (​លោកុប្បត្តិ ៣:១​-​៥​) យ៉ាង​នេះ វា​បាន​ក្លាយ​ទៅ​ជា​«​អារក្ស​»​ ដែល​ក្នុង​ភាសា​ដើម​នៃ​ព្រះ​គម្ពីរ​មាន​ន័យ​ថា​«​អ្នក​និយាយ​បង្កាច់​បង្ខូច​»។ វា​ក៏​បាន​ទៅ​ជា​«​សាតាំង​»​ដែល​ក្នុង​ភាសា​ដើម​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»។

៧​. (​ក​) ហេតុ​អ្វី​បាន​ជា​អ័ដាម​និង​អេវ៉ា​បាន​ស្លាប់? (​ខ​) ហេតុ​អ្វី​បាន​ជា​កូន​ចៅ​គ្រប់​ទាំង​អស់​របស់​អ័ដាម​ទៅ​ជា​ចាស់​ហើយ​ស្លាប់?

៧ ដោយ​ការ​ភូតភរ បោក​បញ្ឆោត អារក្ស​សាតាំង​បាន​នាំ​ឲ្យ​អ័ដាម​និង​អេវ៉ា​បំពាន​ច្បាប់​របស់​ព្រះ។ (​លោកុប្បត្តិ ២:១៧; ៣:៦​) លទ្ធផល​គឺ​អ័ដាម​និង​អេវ៉ា​បាន​ស្លាប់ ដូច​ព្រះ​បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង​បើ​ពួក​គាត់​មិន​ស្ដាប់​បង្គាប់​ទ្រង់។ (​លោកុប្បត្តិ ៣:១៧​-​១៩​) នៅ​ពេល​ដែល​អ័ដាម​ធ្វើ​បាប គាត់​ទៅ​ជា​ឥត​គ្រប់​ល័ក្ខណ៍។ ហេតុ​នេះ​កូន​ចៅ​ទាំង​អស់​របស់​អ័ដាម​បាន​ឆ្លង​បាប​ត​ពី​គាត់​មក។ (​រ៉ូម ៥:១២​) យើង​អាច​ប្រៀប​ធៀប​ស្ថានភាព​នេះ​ទៅ​នឹង​ពុម្ព​សំរាប់​ចាក់​នំ។ បើ​ពុម្ព​នោះ​មាន​ស្នាម​ពៀច តើ​នំ​ដែល​ចេញ​ពី​ពុម្ព​នោះ​នឹង​មាន​រាង​បែប​ណា? នំ​គ្រប់​ទាំង​អស់​ក៏​នឹង​មាន​ស្នាម​ពៀច​ដែរ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ជាតិ​ម្នាក់​ៗ​ហាក់​ដូច​ជា​មាន​«​ស្នាម​ពៀច​»​ដែរ ពោល​គឺ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ដែល​បាន​ឆ្លង​ពី​អ័ដាម​មក។ ហេតុ​នេះ​ហើយ​មនុស្ស​ទៅ​ជា​ចាស់​ហើយ​ស្លាប់។—រ៉ូម ៣:២៣

៨, ៩​. (​ក​) តាម​មើល​ទៅ តើ​សាតាំង​បាន​ចោទ​ប្រកាន់​ព្រះ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​បាន​បំផ្លាញ​អ្នក​បះបោរ​ទាំង​នោះ​ភ្លាម?

៨ តាម​ការ​ពិត នៅ​ពេល​ដែល​សាតាំង​នាំ​ឲ្យ​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប​ប្រឆាំង​ព្រះ​នោះ វា​បាន​តាំង​ខ្លួន​ជា​អ្នក​នាំ​មុខ​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ។ វា​ចង់​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ គឺ​ហាក់​ដូច​ជា​សាតាំង​និយាយ​ថា​៖ ‹ព្រះ​ជា​អ្នក​គ្រប់​គ្រង​ដ៏​អាក្រក់។ ទ្រង់​ភូតភរ​ហើយ​មិន​ព្រម​ឲ្យ​អ្វី​ៗ​ដ៏​ល្អ​ដល់​អ្នក​ដែល​ជា​រាស្ត្រ​ទ្រង់​ឡើយ។ មនុស្ស​មិន​ត្រូវ​ការ​ព្រះ​គ្រប់​គ្រង​លើ​ពួក​គេ​ទេ។ ពួក​គេ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ បើ​ខ្ញុំ​គ្រប់​គ្រង​លើ​ពួក​គេ​គឺ​ល្អ​ជាង›។ តើ​ព្រះ​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​បង្អាប់​ព្រះ​នាម​ទ្រង់​នោះ? អ្នក​ខ្លះ​គិត​ថា​ព្រះ​គួរ​តែ​សំឡាប់​អ្នក​បះបោរ​ទាំង​នេះ​ចោល​តែ​ម្ដង។ ប៉ុន្តែ​បើ​ទ្រង់​សំឡាប់​ពួក​គេ​ចោល តើ​នេះ​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទេ? បើ​សំឡាប់​ពួក​គេ តើ​នេះ​នឹង​បញ្ជាក់​ថា​របៀប​ព្រះ​គ្រប់​គ្រង​គឺ​ត្រឹម​ត្រូវ​ឬ?

៩ យុត្ដិធម៌​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ទ្រង់​សំឡាប់​អ្នក​បះបោរ​ទាំង​នេះ​ភ្លាម​ៗ​ទេ។ ទ្រង់​សម្រេច​ព្រះ​ទ័យ​ថា ដើម្បី​តប​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ឲ្យ​បាន​ដាច់​ស្រេច និង​ដើម្បី​បង្ហាញ​ថា​វា​ជា​អ្នក​ភូតភរ​វិញ​នោះ គឺ​ត្រូវ​ការ​ពេល​វេលា។ ហេតុ​នេះ​ហើយ ព្រះ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​អស់​មួយ​រយៈ​នៅ​ក្រោម​ឥទ្ធិពល​របស់​សាតាំង។ មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​យ៉ាង​នេះ និង​មូលហេតុ​ដែល​ទ្រង់​សម្រេច​ទុក​ពេល​ឲ្យ​យ៉ាង​យូរ​ដូច្នេះ នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​ទី​១១​នៃ​សៀវភៅ​នេះ។ ប៉ុន្តែ​ឥឡូវ​នេះ យក​ល្អ​យើង​ពិចារណា​សំនួរ​ដូច​ត​ទៅ​នេះ​ថា​៖ តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​អ័ដាម​និង​អេវ៉ា​ជឿ​សាតាំង ទោះ​ជា​វា​មិន​បាន​ធ្វើ​អ្វី​សោះ​ជា​ប្រយោជន៍​ដល់​ពួក​គេ​នោះ? តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​ពួក​គាត់​ជឿ​ថា ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ប្រទាន​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដល់​ពួក​គាត់​ជា​អ្នក​ភូតភរ​ឥត​មេត្ដា​នោះ? បើ​អ្នក​ជា​អ័ដាម​និង​អេវ៉ា​វិញ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

១០​. តើ​អ្នក​អាច​គាំ​ទ្រ​ខាង​ព្រះ​យេហូវ៉ា​ហើយ​ជួយ​តប​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

១០ ជា​ការ​ល្អ​ដែល​យើង​គិត​អំពី​សំនួរ​ទាំង​នេះ ពី​ព្រោះ​យើង​ម្នាក់​ៗ​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​នោះ​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ។ អ្នក​មាន​ឱកាស​គាំ​ទ្រ​ខាង​ព្រះ​យេហូវ៉ា​ដើម្បី​តប​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង។ អ្នក​អាច​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ហើយ​ជួយ​បង្ហាញ​ថា​សាតាំង​ជា​អ្នក​ភូតភរ។ (​ទំនុក​ដំកើង ៧៣:២៨; សុភាសិត ២៧:១១​) គួរ​ឲ្យ​ស្ដាយ​ណាស់ ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ផែន​ដី គឺ​មាន​មនុស្ស​តិច​ណាស់​ដែល​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ។ នេះ​បង្កើត​ឲ្យ​មាន​សំនួរ​សំខាន់​មួយ​ទៀត​គឺ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​ថា​សាតាំង​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ​ឬ?

តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ?

១១, ១២​. (​ក​) ពេល​ដែល​សាតាំង​ខំ​ល្បួង​ព្រះ​យេស៊ូ ហេតុ​អ្វី​នេះ​បង្ហាញ​ថា​សាតាំង​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ? (​ខ​) តើ​អ្វី​ទៀត​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​សាតាំង​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ?

១១ ព្រះ​យេស៊ូ​បាន​ជ្រាប​ច្បាស់​ថា សាតាំង​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ។ មាន​ពេល​មួយ​ដែល​សាតាំង​បង្ហាញ​ព្រះ​យេស៊ូ​នូវ​«​អស់​ទាំង​នគរ​ក្នុង​លោ​កី​យ​»​ដោយ​អព្ភូតហេតុ។ បន្ទាប់​មក​សាតាំង​បាន​សន្យា​ថា​៖ ​«​បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក​»។ (​ម៉ាថាយ ៤:៨, ៩; លូកា ៤:៥, ៦​) សូម​គិត​ទៅ​មើល តើ​សាតាំង​អាច​ល្បួង​ព្រះ​យេស៊ូ​ដោយ​ឲ្យ​របស់​ទាំង​នេះ​បាន​ទេ បើ​វា​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​នគរ​ឬ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស​នោះ? ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ប្រកែក​ថា រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ​ពុំ​មែន​ជា​របស់​សាតាំង​នោះ​ទេ។ បើ​សាតាំង​គ្មាន​អំណាច​គ្រប់​គ្រង​លើ​រដ្ឋាភិបាល​ទាំង​នោះ​ទេ ព្រះ​យេស៊ូ​ច្បាស់​ជា​នឹង​បាន​មាន​បន្ទូល​ប្រាប់​ថា រដ្ឋាភិបាល​ទាំង​នោះ​មិន​មែន​ជា​របស់​វា​ទេ។

១២ ពិត​មែន​ថា​ព្រះ​យេហូវ៉ា​មាន​គ្រប់​ព្រះ​ចេស្ដា ហើយ​ក៏​ជា​អ្នក​បង្កើត​សកលលោក​ដ៏​អស្ចារ្យ​របស់​យើង។ (​វិវរណៈ ៤:១១​) ប៉ុន្តែ​ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​សោះ​ថា ព្រះ​យេហូវ៉ា​ឬ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ។ តាម​ការ​ពិត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​សាតាំង​ជា​«​ចៅហ្វាយ​របស់​លោ​កី​យ​នេះ​»។ (​យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១​) ព្រះ​គម្ពីរ​ក៏​ហៅ​អារក្ស​សាតាំង​ថា​«​ព្រះ​របស់​លោ​កី​យ​នេះ​»​ទៀត​ផង។ (​កូរិនថូស​ទី២ ៤:៣, ៤​) ស្តី​អំពី​អ្នក​ប្រឆាំង​ឬ​សាតាំង​នោះ យ៉ូហាន សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូ​បាន​សរសេរ​ថា​៖ ​«​លោ​កី​យ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​»។—យ៉ូហាន​ទី១ ៥:១៩

របៀប​ដែល​លោកីយ៍​របស់​សាតាំង​នឹង​ត្រូវ​បំផ្លាញ

១៣​. ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ពិភព​លោក​ថ្មី?

១៣ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លោកីយ៍​នេះ​មាន​សុវត្ថិភាព​កាន់​តែ​តិច​ទៅ​ៗ។ លោកីយ៍​នេះ​មាន​សង្គ្រាម​ពាស​ទឹក​ពាស​ដី ក៏​ពោរ​ពេញ​ទៅ​ដោយ​អ្នក​នយោបាយ​មិន​ទៀង​ត្រង់ អ្នក​ដឹក​នាំ​សាសនា​ដែល​មាន​ពុត​ត្បុត និង​ឧក្រិដ្ឋ​ជន​ដែល​គ្មាន​មេត្ដា។ លោកីយ៍​ទាំង​មូល​នេះ​កែ​លែង​បាន​ហើយ។ ព្រះ​គម្ពីរ​ប្រាប់​ឲ្យ​ដឹង​ថា យើង​កំពុង​រស់​នៅ​ជិត​ដល់​គ្រា​ដែល​ព្រះ​នឹង​បំបាត់​ចោល​លោកីយ៍​ដ៏​អាក្រក់​នេះ​ក្នុង​កំលុង​សង្គ្រាម​របស់​ទ្រង់​ដែល​ហៅ​ថា​អើម៉ាគេដូន។ ក្រោយ​នោះ​នឹង​មាន​ពិភព​លោក​ថ្មី​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត​វិញ។—វិវរណៈ ១៦:១៤​-​១៦

១៤​. តើ​ព្រះ​បាន​ជ្រើស​រើស​អ្នក​ណា​ឲ្យ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់? តើ​ព្រះ​គម្ពីរ​បាន​ទាយ​យ៉ាង​ណា​អំពី​រឿង​នេះ?

១៤ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​ឬ​រដ្ឋាភិបាល​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ តាំង​ពី​សម័យ​បុរាណ ព្រះ​គម្ពីរ​បាន​ទាយ​ថា​៖ ​«​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា . . . ម្ចាស់​នៃ​មេត្រី​ភាព ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​»។ (​អេសាយ ៩:៦, ៧​) ស្តី​អំពី​រដ្ឋាភិបាល​នេះ ព្រះ​យេស៊ូ​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) ក្រោយ​មក តាម​រយៈ​សៀវភៅ​នេះ​យើង​នឹង​រៀន​ដឹង​ថា មិន​យូរ​ទៀត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​របស់​លោកីយ៍​នេះ​ហើយ​និង​គ្រប់​គ្រង​ជំនួស​វិញ។ (​ដានីយ៉ែល ២:៤៤​) ពេល​នោះ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សួន​មនោ​រម្យ​ពេញ​ផែន​ដី។

ពិភព​លោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ!

១៥​. តើ​«​ផែន​ដី​ថ្មី​»​ជា​អ្វី?

១៥ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​តាម​សេចក្ដី​សន្យា​របស់[​ព្រះ​] នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែន​ដី​ថ្មី​ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​»។ (​ពេត្រុស​ទី២ ៣:១៣; អេសាយ ៦៥:១៧​) ជួន​កាល​នៅ​ពេល​ព្រះ​គម្ពីរ​ប្រាប់​អំពី​«​ផែន​ដី​»​ នោះ​សំដៅ​លើ​មនុស្ស​ដែល​រស់​នៅ​ផែន​ដី​វិញ។ (​លោកុប្បត្តិ ១១:១​) ដូច្នេះ ​«​ផែន​ដី​ថ្មី​»​ដ៏​សុចរិត​សំដៅ​លើ​សង្គម​មនុស្ស​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ។

១៦​. សំរាប់​អស់​អ្នក​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ តើ​ពួក​គេ​នឹង​ទទួល​អំណោយ​វិសេស​អ្វី? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​អំណោយ​នេះ?

១៦ ព្រះ​យេស៊ូ​បាន​សន្យា​ថា ក្នុង​ពិភព​លោក​ថ្មី​ខាង​មុខ​នេះ អ្នក​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ទទួល​អំណោយ​មួយ​ជា​«​ជីវិត​រស់​អស់​កល្ប​ជា​និច្ច​»​ឬ​ជីវិត​ជា​រៀង​រហូត។ (​ម៉ាកុស ១០:៣០​) សូម​បើក​មើល​យ៉ូហាន ៣:១៦ និង​១៧:៣ ហើយ​អាន​បន្ទូល​របស់​ព្រះ​យេស៊ូ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត។ ឥឡូវ សូម​មើល​ព្រះ​គម្ពីរ​ហើយ​ពិចារណា​នូវ​ពរ​ដែល​នឹង​ត្រូវ​ទទួល​ដោយ​អស់​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​អំណោយ​ដ៏​អស្ចារ្យ​នេះ​ពី​ព្រះ​នៅ​ផែន​ដី​មនោ​រម្យ​ខាង​មុខ​នេះ។

១៧, ១៨​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ប្រាកដ​ថា​នឹង​មាន​សន្ដិ​សុខ​ហើយ​សន្ដិភាព​នៅ​ពេញ​ផែន​ដី?

១៧ អំពើ​ទុច្ចរិត សង្គ្រាម ឧក្រិដ្ឋកម្ម ហើយ​អំពើ​ហិង្សា​នឹង​លែង​មាន​ត​ទៅ​ទៀត: ​«​មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែន​ដី​»។ (​ទំនុក​ដំកើង ៣៧:១០, ១១​) សន្ដិភាព​នឹង​មាន​ដោយ​សារ‹ព្រះ​នឹង​បណ្ដាល​ឲ្យ​សង្គ្រាម​ស្ងប់​រំ​ងាប់​រហូត​ដល់​ចុង​ផែន​ដី›។ (​ទំនុក​ដំកើង ៤៦:៩; អេសាយ ២:៤​) នៅ​ពេល​នោះ​«​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ​»។ នេះ​មាន​ន័យ​ថា នឹង​មាន​សេចក្ដី​សុខ​ជា​រៀង​រហូត!—ទំនុក​ដំកើង ៧២:៧

១៨ អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នឹង​មាន​សន្ដិ​សុខ: នៅ​សម័យ​ព្រះ​គម្ពីរ ដរាប​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់​បង្គាប់​ព្រះ នោះ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត។ (​លេវីវិន័យ ២៥:១៨, ១៩​) យើង​ពិត​ជា​នឹង​សប្បាយ​ណាស់! ពេល​ដែល​មាន​សេចក្ដី​សុខ​សាន្ត​ដូច​គ្នា​ក្នុង​សួន​មនោ​រម្យ!—អេសាយ ៣២:១៨; មីកា ៤:៤

១៩​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​នឹង​មាន​អាហារ​បរិបូរ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ?

១៩ នឹង​លែង​មាន​ការ​ខ្វះ​ចំណី​អាហារ: អ្នក​តែង​ទំនុក​ដំកើង​បាន​ច្រៀង​ថា​៖ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​រហូត​ដល់​កំពូល​ភ្នំ​»។ (​ទំនុក​ដំកើង ៧២:១៦​) ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ហើយ​«​ដី​នឹង​បង្កើត​ផល​ឡើង​»។—ទំនុក​ដំកើង ៦៧:៦

២០​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​មនោ​រម្យ?

២០ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​មនោ​រម្យ: ផ្ទះ​ថ្មី​ៗ​ដ៏​ស្អាត​ៗ​និង​សួន​ច្បារ​ដ៏​ល្អ​វិចិត្រ​នឹង​មាន​នៅ​ដី​ដែល​មនុស្ស​មាន​បាប​ធ្លាប់​ធ្វើ​ឲ្យ​ខូច​ខាត។ (​អេសាយ ៦៥:២១​-​២៤; វិវរណៈ ១១:១៨​) កាល​ដែល​ពេល​វេលា​កន្លង​ទៅ តំបន់​ផ្សេង​ៗ​នៅ​ផែន​ដី​ដែល​បាន​ត្រូវ​កែ​លំអ​ហើយ នឹង​ត្រូវ​ពង្រីក​រហូត​ដល់​ផែន​ដី​ទាំង​មូល​មាន​សោភ័ណ​ភាព​ហើយ​ក៏​បង្កើត​ផល​ដូច​សួន​ច្បារ​អេដែន។ បន្ថែម​ទៅ​ទៀត​ព្រះ​នឹង‹លា​ព្រះ​ហស្ត​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ›ជា​និច្ច។—ទំនុក​ដំកើង ១៤៥:១៦

២១​. តើ​អ្វី​បញ្ជាក់​ថា​មនុស្ស​ហើយ​សត្វ​នឹង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត?

២១ មនុស្ស​ហើយ​សត្វ​នឹង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត: សត្វ​ព្រៃ​សត្វ​ស្រុក​នឹង​ដេក​ស៊ី​ជា​មួយ​គ្នា។ សូម្បី​តែ​ក្មេង​តូច​ក៏​មិន​ចាំ​បាច់​ខ្លាច​សត្វ​ដែល​នៅ​សម័យ​នេះ​ជា​សត្វ​សាហាវ​នោះ។—អេសាយ ១១:៦​-​៩; ៦៥:២៥

២២​. តើ​អ្វី​នឹង​កើត​ឡើង​ដល់​ជំងឺ​គ្រប់​យ៉ាង?

២២ ជំងឺ​គ្រប់​យ៉ាង​នឹង​លែង​មាន​ត​ទៅ​ទៀត: ក្នុង​ឋានៈ​ជា​អ្នក​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ នោះ​ព្រះ​យេស៊ូ​នឹង​ធ្វើ​ការ​ប្រោស​ឲ្យ​ជា​ក្នុង​កំរិត​មួយ​ដ៏​ធំ​ជាង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ពេល​ដែល​គង់​នៅ​ផែន​ដី​ទៅ​ទៀត។ (​ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០​-​៤២; យ៉ូហាន ៥:៥​-​៩​) នៅ​ពេល​នោះ​មនុស្ស​«​នឹង​មិន​ថា ខ្ញុំ​ឈឺ​ទៀត​ឡើយ​»។—អេសាយ ៣៣:២៤; ៣៥:៥, ៦

២៣​. ហេតុ​អ្វី​បាន​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​នាំ​ឲ្យ​យើង​ត្រេក​អរ?

២៣ មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត: អស់​អ្នក​ណា​ដែល​កំពុង​តែ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ ហើយ​ក៏​ស្ថិត​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ នោះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តាម​ការ​ពិត​«​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា​»។—កិច្ច​ការ ២៤:១៥; យ៉ូហាន ៥:២៨, ២៩

២៤​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​រស់​ក្នុង​សួន​មនោ​រម្យ​នៅ​ផែន​ដី?

២៤ ប្រាកដ​ហើយ អស់​អ្នក​ដែល​សម្រេច​ចិត្ត​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ​របស់​យើង​ហើយ​បំរើ​ទ្រង់​នឹង​មាន​អនាគត​ដ៏​អស្ចារ្យ​ណាស់! ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សំដៅ​ទៅ​ផែន​ដី​មនោ​រម្យ​ដែល​នឹង​មាន​នៅ​ខាង​មុខ ពេល​ដែល​ទ្រង់​សន្យា​ដល់​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្បែរ​ទ្រង់​ថា​៖ ​«​អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ​»។ (​លូកា ២៣:៤៣​) គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​រៀន​ថែម​ទៀត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ ដ្បិត​គឺ​តាម​រយៈ​ទ្រង់​ដែល​យើង​ទទួល​ពរ​ទាំង​អស់​នេះ។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ គោល​បំណង​របស់​ព្រះ​អំពី​ការ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ​នឹង​បាន​សម្រេច។—អេសាយ ៤៥:១៨; ៥៥:១១

▪ ឥឡូវ​នេះ សាតាំង​កំពុង​តែ​គ្រប់​គ្រង​ផែន​ដី។—យ៉ូហាន ១២:៣១; យ៉ូហាន​ទី១ ៥:១៩

▪ ក្នុង​ពិភព​លោក​ថ្មី​ខាង​មុខ​នេះ ព្រះ​នឹង​ប្រទាន​ពរ​ជា​ច្រើន​ដល់​មនុស្ស​ជាតិ។—ទំនុក​ដំកើង ៣៧:១០, ១១, ២៩

[រូប​ភាព​នៅ​ទំព័រ​៣៤]

បើ​រដ្ឋាភិបាល​ទាំង​ឡាយ​មិន​មែន​ជា​របស់​សាតាំង តើ​វា​អាច​ប្រគល់​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ដល់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច​បាន?

[រូប​ភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​៣៩]

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក