បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៨ ទំ. ១៨-២២
  • ចូរគិតអំពីគ្នាទៅវិញទៅមក ហើយផ្ដល់ការលើកទឹកចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរគិតអំពីគ្នាទៅវិញទៅមក ហើយផ្ដល់ការលើកទឹកចិត្ត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​យើង​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​
  • ចូរ​«​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»​
  • ចូរ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​
  • ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត
  • ការបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ហើយឲ្យប្រព្រឹត្ដការល្អ—តាមរបៀបណា?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក«កាន់តែខ្លាំងឡើង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកដោយចិត្តខ្នះខ្នែងដើម្បីធ្វើកិច្ចការដ៏ល្អប្រសើរ
    ២០១៥ កិច្ចបម្រើព្រះ
  • «ចូរបំផុសទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៨ ទំ. ១៨-២២

ចូរ​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត

​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។—ហេ. ១០:២៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ការ​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​មាន​ន័យ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​យើង​អាច‹បំផុស​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ›?

  • តើ​យើង​អាច​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​យ៉ាង​ដូច​ម្ដេច?

១, ២​. តើ​អ្វី​បាន​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​២៣០​នាក់​ឲ្យ​រួច​ជីវិត​ពី​ដំណើរ​ទៅ​កាន់​សេចក្ដី​ស្លាប់ នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​២?

កាល​នោះ​សង្គ្រាម​លោក​លើក​ទី​២​ជិត​ចប់​ហើយ។ កង​ទ័ព​របស់​ហ៊ី​ត្លែ​បាន​ចាញ់​សង្គ្រាម។ រដ្ឋាភិបាល​របស់​ពួក​ណាត្ស៊ី​បាន​រៀបចំ​គម្រោង​ដើម្បី​សម្លាប់​អ្នក​ទោស​រាប់​ពាន់​នាក់​ដែល​នៅ​ក្នុង​ជំរំ​ឃុំឃាំង​នៅ​ឡើយ។ អ្នក​ទោស​នៅ​ជំរំ​ឃុំឃាំង​សាក្សិនហោសិន​បាន​ត្រូវ​ជម្លៀស​ទៅ​កំពង់​ផែ ដែល​នៅ​ទី​នោះ​គេ​នឹង​ដាក់​ពួក​គេ​ចូល​ក្នុង​កប៉ាល់ ហើយ​ពន្លិច​កប៉ាល់​នោះ​ទៅ​ក្នុង​សមុទ្រ។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​បាន​ត្រូវ​ហៅ​ថា ដំណើរ​ទៅ​កាន់​សេចក្ដី​ស្លាប់។

២ អ្នក​ទោស​៣៣.០០០​នាក់​ពី​ជំរំ​ឃុំឃាំង​សាក្សិនហោសិន បាន​ត្រូវ​បង្ខំ​ឲ្យ​ដើរ​ចម្ងាយ​២៥០​គីឡូម៉ែត្រ (​១៥៥​ម៉ៃល៍​) ទៅ​ក្រុង​លូបេក​ដែល​នៅ​មាត់​សមុទ្រ នា​ប្រទេស​អាឡឺម៉ង់។ ក្នុង​ចំណោម​ពួក​គេ​មាន​សាក្សី​ព្រះ​យេហូវ៉ា​២៣០​នាក់​ដែល​មក​ពី​៦​ប្រទេស ដែល​ត្រូវ​គេ​បញ្ជា​ឲ្យ​ដើរ​ជា​មួយ​គ្នា។ អ្នក​ទោស​ទាំង​អស់​ទន់​ខ្សោយ​ដោយ​សារ​ការ​អត់​អាហារ​និង​ជំងឺ។ តើ​បង​ប្អូន​យើង​អាច​រួច​ជីវិត​ពី​ការ​ធ្វើ​ដំណើរ​នោះ​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ជា​និច្ច​ឲ្យ​ដើរ​ត​ទៅ​ទៀត​»។ សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​គួប​ផ្សំ​ជា​មួយ​នឹង​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ បាន​ជួយ​ពួក​គាត់​ឲ្យ​រួច​ជីវិត​ពី​ទុក្ខវេទនា​នោះ។—២កូ. ៤:៧

៣​. ហេតុ​អ្វី​យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?

៣ សព្វ​ថ្ងៃ​នេះ យើង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​សេចក្ដី​ស្លាប់​បែប​នេះ​ឡើយ ប៉ុន្តែ​យើង​ពិត​ជា​ជួប​នឹង​ការ​ពិបាក​ជា​ច្រើន។ ក្រោយ​ពី​រាជាណាចក្រ​ព្រះ​បាន​តាំង​ឡើង​នៅ​ឆ្នាំ​១៩១៤ សាថាន​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែនដី​«​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»​ទេ។ (​បប. ១២:៧​-​៩, ១២​) កាល​ដែល​សង្គ្រាម​ហាម៉ាគេដូន​ជិត​មក​ដល់ សាថាន​កំពុង​ប្រើ​ទុក្ខ​លំបាក​និង​ការ​បង្ខិត​បង្ខំ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​យើង​នឹង​ព្រះ​ចុះ​ខ្សោយ។ ក្រៅ​ពី​នេះ យើង​ក៏​តាន​តឹង​ចិត្ត​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ។ (​យ៉ូប ១៤:១; សាស្ដ. ២:២៣​) ជួនកាល​ទុក្ខ​លំបាក​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ខ្សោយ​ដល់​ម្ល៉េះ​បាន​ជា​យើងនៅ​តែ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ទោះ​ជា​យើង​ខំ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ដែល​បាន​ជួយ​បង​ប្អូន​អស់​ជា​ច្រើន​ទសវត្សរ៍​ឲ្យ​បន្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ពេល​គាត់​ចាស់​ទៅ គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​ឈឺ ហើយ​គាត់​បាន​ចាប់​ផ្ដើម​ធ្លាក់​ទឹក​ចិត្ត។ ដូច​បង​ប្រុស​នោះ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​ឯ​ទៀត។

៤​. ប្រសិនបើ​យើង​ចង់​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត តើ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឱវាទ​អ្វី​របស់​សាវ័ក​ប៉ូល?

៤ ប្រសិនបើ​យើង​ចង់​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ដាស់​តឿន​របស់​សាវ័ក​ប៉ូល​ចំពោះ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ។ គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ ប៉ុន្តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ដូច្នេះ​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។ (​ហេ. ១០:២៤, ២៥​) តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​ដ៏​មាន​អត្ថន័យ​នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​យើង​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​

៥​. តើ​ការ​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ធ្វើ​អ្វី?

៥ ការ​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​មាន​ន័យ​ថា​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ យើង​នឹង​មិន​អាច​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​យើង​ទេ ប្រសិនបើ​យើង​គ្រាន់តែ​ស្វាគមន៍​ពួក​គាត់​យ៉ាង​ខ្លី​នៅ​សាល​ប្រជុំ​ឬ​និយាយ​ជា​មួយ​ពួក​គាត់​តែ​អំពី​អ្វី​ដែល​មិន​សំខាន់​ប៉ុណ្ណោះ។ យើង​ពិត​ជា​ចង់​ប្រុង​ប្រយ័ត្ន​«​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»​ឡើយ។ (​១ថែ. ៤:១១; ១ធី. ៥:១៣​) ប៉ុន្តែ ប្រសិនបើ​យើង​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​យើង យើង​ពិត​ជា​ត្រូវ​ស្គាល់​ពួក​គាត់ ពោល​គឺ​ស្គាល់​ស្ថានភាព​ក្នុង​ជីវិត គុណ​សម្បត្ដិ និង​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​ព្រះ ព្រម​ទាំង​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ពួក​គាត់។ ពួក​គាត់​ត្រូវ​ចាត់​ទុក​យើង​ជា​មិត្ត​ភក្ដិ​របស់​ពួក​គាត់ ហើយ​ជឿ​ជាក់​ថា​យើង​ស្រឡាញ់​ពួក​គាត់។ នេះ​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​ជា​មួយ​ពួក​គាត់ មិន​ត្រឹម​តែ​ពេល​ដែល​ពួក​គាត់​ជួប​នឹង​បញ្ហា​ឬ​ពេល​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ពេល​ផ្សេង​ទៀត​ផង​ដែរ។—រ៉ូម ១២:១៣

៦​. តើ​អ្វី​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​«​គិត​»​អំពី​បង​ប្អូន​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់?

៦ ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ខំ​ប្រឹង‹ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់› ដោយ​ស្ម័គ្រ​ចិត្ត​និង​ដោយ​ស្មោះ​អស់ពី​ចិត្ត។ (​១ពេ. ៥:១​-​៣​) ពួក​គាត់​មិន​អាច​ឃ្វាល​ហ្វូង​ចៀម​ដោយ​ជោគជ័យ​ឡើយ បើ​ពួក​គាត់​មិន​សូវ​ស្គាល់​ចៀម​របស់​ពួក​គាត់។ (​សូម​អាន សុភាសិត ២៧:២៣​) ប្រសិនបើ​អ្នក​ចាស់​ទុំ​បង្ហាញ​ថា​ពួក​គាត់​ត្រៀម​ខ្លួន​ដើម្បី​ជួយ ហើយ​ថា​ពួក​គាត់​សប្បាយ​នឹង​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី នោះ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​នឹង​មាន​អារម្មណ៍​ស្រួល​សុំ​ជំនួយ​ពេល​ដែល​ពួក​គាត់​ត្រូវ​ការ។ បង​ប្អូន​ប្រុស​ស្រី​ក៏​នឹង​ចង់​ប្រាប់​អំពី​អារម្មណ៍​និង​កង្វល់​ពិត​ប្រាកដ​របស់​ពួក​គាត់ ហើយ​នេះ​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​«​គិត​»​អំពី​បង​ប្អូន​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​អាច​ផ្ដល់​ជំនួយ​ដែល​បង​ប្អូន​ទាំង​នោះ​ត្រូវ​ការ។

៧​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​ដែល​«​ជ្រួស​ហួស​»​របស់​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត?

៧ ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​[​ចូរ​]គាំពារ​ពួក​អ្នក​ដែល​ខ្សោយ​»។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១៤​) ​«​ពួក​អ្នក​ដែល​ខ្សោយ​»​រួម​បញ្ចូល​ពួក​អ្នក​ដែល​ក្រៀម​ក្រំ​ចិត្ត​និង​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត។ សុភាសិត ២៤:១០​ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ប្រហែលជា​ពាក្យ​សម្ដី​ដែល​«​ជ្រួស​ហួស​»។ (​យ៉ូប ៦:២, ៣​) ពេល​«​គិត​»​អំពី​បុគ្គល​បែប​នេះ យើង​ត្រូវ​ចាំ​ថា​អ្វី​ដែល​ពួក​គេ​និយាយ​ប្រហែលជា​មិន​បង្ហាញ​អំពី​អ្វី​ដែល​ពិត​ជា​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ឡើយ។ រឺសែល​ដែល​មាន​ម្ដាយ​ដែល​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ បាន​ដឹង​ការ​ពិត​នេះ​ដោយ​សារ​នាង​ធ្លាប់​ជួប​នឹង​រឿង​នេះ​ដោយ​ផ្ទាល់។ នាង​និយាយ​ថា​៖ ​«​ច្រើន​ដង​ហើយ​ដែល​ម្ដាយ​ខ្ញុំ​និយាយ​អ្វី​ដែល​អាក្រក់​ខ្លាំង​ណាស់។ ស្ទើរតែ​គ្រប់​ពេល ខ្ញុំ​បាន​ព្យាយាម​ចាំ​ថា​ម្ដាយ​ខ្ញុំ​ពិត​ជា​មនុស្ស​ប្រភេទ​ណា គាត់​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់ ចិត្ត​ទូលាយ ហើយ​សប្បុរស។ ខ្ញុំ​បាន​ដឹងថា មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត​និយាយ​អ្វី​ជា​ច្រើន​ដែល​ពួក​គេ​គ្មាន​បំណង​និយាយ​ដូច្នេះ​ឡើយ។ ការ​និយាយ​ឬ​ប្រព្រឹត្ត​អាក្រក់​តប​ទៅ​វិញ​នឹង​នាំ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​»។ សុភាសិត ១៩:១១​ចែង​ថា​៖ ​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​»។

៨​. តើ​យើង​ត្រូវ​«​ពង្រឹង​ទំនុក​ចិត្ត​»​ចំពោះ​អ្នក​ណា ថា​យើង​ស្រឡាញ់​គាត់ ហើយ​ហេតុ​អ្វី?

៨ តើ​តាម​របៀប​ណា​យើង​អាច​«​គិត​»​អំពី​បុគ្គល​ម្នាក់​ដែល​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​អតីតកាល? ទោះ​ជា​គាត់​បាន​កែ​ខ្លួន​រួច​ហើយ​ក៏​ដោយ គាត់​ប្រហែលជា​នៅ​តែ​ខ្មាស​ដោយ​សារ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ស្តី​អំពី​បុគ្គល​ម្នាក់​នៅ​ក្រុង​កូរិនថូស​ដែល​បាន​ប្រព្រឹត្ត​ខុស តែ​បាន​កែប្រែ​ចិត្ត ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​គួរតែ​មេត្ដា​អភ័យទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​ត្រូវ​លេប​បាត់​ដោយ​ការ​ព្រួយ​ចិត្ត​ក្រៃ​លែង។ ដូច្នេះ ខ្ញុំ​ចង់​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​របស់​គាត់​ថា អ្នក​រាល់​គ្នា​ស្រឡាញ់​គាត់​»។ (​២កូ. ២:៧, ៨​) ពាក្យ​«​ពង្រឹង​ទំនុក​ចិត្ត​»​មាន​ន័យ​ថា​«​បង្ហាញ​»​ឬ​«​ស​ឲ្យ​ឃើញ​»។ បង​ប្អូន​ម្នាក់​នឹង​មិន​ដឹង​ថា​យើង​ស្រឡាញ់ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់​ឡើយ លុះ​ត្រា​តែ​យើង​បង្ហាញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។

ចូរ​«​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»​

៩​. តើ​ការ​«​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»​មាន​ន័យ​យ៉ាង​ណា?

៩ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។ យើង​ត្រូវ​ជំរុញ​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ធ្វើ​ការ​ល្អ​ប្រសើរ។ ពេល​ដែល​ភ្លើង​ជិត​រលត់ យើង​ប្រហែលជា​ត្រូវ​រុក​ធ្យូង ហើយ​បក់​ឲ្យ​ចេញ​អណ្ដាត​ភ្លើង។ (​២ធី. ១:៦​) ដូច​គ្នា​ដែរ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្នក​ជិត​ខាង។ ការ​សរសើរ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​បំផុស​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​ល្អ​ប្រសើរ។

១០, ១១​. (​ក​) ក្នុង​ចំណោម​យើង តើ​អ្នក​ណាខ្លះ​ត្រូវ​ការ​ការ​សរសើរ? (​ខ​) សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ការ​សរសើរ​អាច​ជួយ​បុគ្គល​ម្នាក់​ដែល​បាន​«​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​»។

១០ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​សរសើរ ទោះ​ជា​យើង​ធ្លាក់​ទឹក​ចិត្ត​ឬ​មិន​ធ្លាក់​ទឹក​ចិត្ត​ក៏​ដោយ។ អ្នក​ចាស់​ទុំ​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ឪពុក​ខ្ញុំ​មិន​ដែល​បាន​សរសើរ​ខ្ញុំ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ។ ហេតុ​នេះ ខ្ញុំ​បាន​ធំ​ឡើង​ជា​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ទេ។ . . . ទោះ​ជា​ឥឡូវ​នេះ​ខ្ញុំ​មាន​អាយុ​៥០​ឆ្នាំ​ហើយ​ក៏​ដោយ ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​ពេលមិត្ត​ភក្ដិ​របស់​ខ្ញុំ​សរសើរ​ខ្ញុំ​ថា​ខ្ញុំ​កំពុង​បំពេញ​តួនាទី​ជា​អ្នក​ចាស់​ទុំ​ដ៏​ល្អ។ . . . បទ​ពិសោធន៍​របស់​ខ្ញុំ​បង្រៀន​ខ្ញុំ​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត ហើយ​ខ្ញុំ​ខំ​ធ្វើ​ដូច្នេះ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​»។ ការ​សរសើរ​អាច​លើក​ទឹក​ចិត្ត​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​ត្រួស​ត្រាយ បង​ប្អូន​វ័យ​ចាស់ ព្រម​ទាំង​អ្នក​ដែល​ប្រហែលជា​ធ្លាក់​ទឹក​ចិត្ត។—រ៉ូម ១២:១០

១១ ពេល‹ពួក​អ្នក​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​កែ​តម្រង់​មនុស្ស​ម្នាក់​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស› ការ​ឲ្យ​ឱវាទ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​សរសើរ ប្រហែលជា​ជំរុញ​ចិត្ត​បុគ្គល​ដែល​ធ្វើ​ខុស​ឲ្យ​ត្រឡប់​មក​ធ្វើ​ការ​ល្អ​ប្រសើរ​វិញ។ (​កាឡ. ៦:១​) រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម្នាក់​ឈ្មោះ​មៀរាម។ នាង​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​បាន​ឆ្លង​កាត់​រយៈ​កាល​ដែល​ខ្ញុំ​ឈឺ​ចិត្ត​ជា​ខ្លាំង​ក្នុង​ជីវិត ពេល​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ចាក​ចេញ​ពី​ក្រុម​ជំនុំ ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ​ឪពុក​របស់​ខ្ញុំ​បាន​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ដើម្បី​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​មាន​សង្សារ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។ នេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​នាង​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​ទេ ហើយ​នាង​បាន​មាន​បំណង​ចាក​ចេញ​ពី​សេចក្ដី​ពិត។ ប៉ុន្តែ​អ្នក​ចាស់​ទុំ​ម្នាក់​បាន​រំលឹក​នាង​អំពី​អ្វី​ទាំង​អស់​ដែល​នាង​បាន​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បាន​ពង្រឹង​ទំនុក​ចិត្ត​នាង​ថា ព្រះ​យេហូវ៉ា​នៅ​តែ​ស្រឡាញ់​នាង។ ជា​លទ្ធផល​សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ពង្រឹង។ នាង​បាន​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​មិន​ជឿ​នោះ ហើយ​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

១២​. តើ​អ្វី​ប្រហែលជា​កើត​ឡើង​ប្រសិនបើ​យើង​ប្រៀប​ធៀប​បង​ប្អូន​យើង​ជា​មួយ​អ្នក​ឯ​ទៀត រិះ​គន់​គាត់​ឬ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ខុស?

១២ យើង​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​យើង​ព្យាយាម​«​បំផុស​ទឹក​ចិត្ត​»​បង​ប្អូន​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះខ្នែង។ យើង​មិន​គួរ​ប្រៀប​ធៀប​គាត់​នឹង​អ្នក​ឯ​ទៀត រិះ​គន់​គាត់​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​ច្បាប់​ដែល​យើង​បាន​បង្កើត ឬ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​ខុស​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ។ អ្វី​ទាំង​នេះ​ប្រហែលជា​ជំរុញ​គាត់​ឲ្យ​បង្កើន​សកម្មភាព តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ របៀប​ប្រសើរ​បំផុត​ដើម្បី​«​បំផុស​ទឹក​ចិត្ត​»​បង​ប្អូន​យើង គឺ​សរសើរ​គាត់ ហើយ​ជួយ​គាត់​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គឺជា​មូលហេតុ​ដែល​យើង​ចង់​បម្រើ​លោក​អស់ពី​សមត្ថភាព។—សូម​អាន ភីលីព ២:១​-​៤

ចូរ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​

១៣​. តើ​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រួម​បញ្ចូល​អ្វី​ខ្លះ? (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។

១៣ យើង​ត្រូវ‹លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ដូច្នេះ​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​យើង​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់›។ ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​រួម​បញ្ចូល​ការ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ការ​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​គឺ​ប្រៀប​ដូច​ជា​ការ​រុក​អុស​ដើម្បី​ឲ្យ​ភ្លើង​ដែល​ជិត​រលត់​កាន់​តែ​ឆេះ​ឡើង ហើយ​ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត ប្រៀប​ដូច​ជា​ការ​ដាក់​អុស​លើ​ភ្លើង​ដើម្បី​ឲ្យ​ភ្លើង​នោះ​បន្ត​ឆេះ​ឬ​ឆេះ​កាន់​តែ​ខ្លាំង​ឡើង។ ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​តម្រូវ​ឲ្យ​យើង​ពង្រឹង​កម្លាំង​និង​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត។ ពេល​យើង​មាន​ឱកាស​លើក​ទឹក​ចិត្ត​បង​ប្អូន​បែប​នេះ យើង​ត្រូវ​និយាយ​ដោយ​បង្ហាញ​ភាព​កក់​ក្ដៅ និង​ដោយ​ស្លូតបូត។ (​សុភ. ១២:១៨​) ម្យ៉ាង​ទៀត ចូរ​យើង​«​រហ័ស​ស្ដាប់​»​ ហើយ​«​មិន​រហ័ស​និយាយ​»។ (​យ៉ា. ១:១៩​) ប្រសិនបើ​យើង​ស្ដាប់​ដោយ​ចេះ​យល់​អារម្មណ៍​របស់​បង​ប្អូន យើង​ប្រហែលជា​អាច​ដឹង​អំពី​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ធ្លាក់​ទឹក​ចិត្ត ហើយ​និយាយ​អ្វី​មួយ​ដែល​ជួយ​គាត់​ប្រឈម​មុខ​នឹង​ស្ថានភាព​ទាំង​នោះ។

១៤​. តើ​បង​ប្រុស​ម្នាក់​ដែល​ធ្លាក់​ទឹក​ចិត្ត​បាន​ទទួល​ជំនួយ​យ៉ាង​ណា?

១៤ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​ចិត្ត​អាណិត​មេត្ដា អាច​ជួយ​បង​ប្រុស​ម្នាក់​ដែល​អសកម្ម​អស់​បី​បួន​ឆ្នាំ។ ពេល​អ្នក​ចាស់​ទុំ​នោះ​បាន​ស្ដាប់​បង​ប្រុស​នោះ​និយាយ គាត់​បាន​ដឹង​ច្បាស់​ថា​បង​ប្រុស​នោះ​នៅ​តែ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា។ បង​ប្រុស​នោះ​បាន​ព្យាយាម​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​គ្រប់​លេខ ហើយ​គាត់​បាន​ខំ​ប្រឹង​ចូល​រួម​ប្រជុំ​ជា​ទៀង​ទាត់។ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត ហើយ​ខឹង​បន្ដិច​បន្តួច។ អ្នក​ចាស់​ទុំ​បាន​ស្ដាប់​ដោយ​យល់​អារម្មណ៍​គាត់ ដោយ​មិន​វិនិច្ឆ័យ​គាត់ ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្រុស​នេះ​និង​ក្រុម​គ្រួសារ​របស់​គាត់។ បន្ដិច​ម្ដង​ៗ បង​ប្រុស​នេះ​បាន​ដឹង​ថា​គាត់​បាន​ឲ្យ​រឿង​មិន​ល្អ​នៅ​អតីតកាល​រារាំង​គាត់​មិន​ឲ្យ​បម្រើ​ព្រះ​ដែល​គាត់​ស្រឡាញ់។ អ្នក​ចាស់​ទុំ​នេះ​បាន​អញ្ជើញ​បង​ប្រុស​នេះ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់។ ដោយ​មាន​ជំនួយ​ពី​អ្នក​ចាស់​ទុំ បង​ប្រុស​យើង​បាន​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ទី​បំផុត​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ​ម្ដង​ទៀត។

១៥​. តើ​តាម​របៀប​ណា​យើង​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ការ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត?

១៥ បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ប្រហែលជា​មិន​មាន​អារម្មណ៍​ល្អ​ជាង​ភ្លាម​ៗ ឬ​ឆាប់​ទទួល​ជំនួយ​ដែល​យើង​ផ្ដល់​ទេ។ យើង​ប្រហែលជា​ត្រូវ​បន្ត​គាំទ្រ​គាត់។ ប៉ូល​បាន​និយាយ​ថា​៖ ​«​[​ចូរ​]មាន​ចិត្ត​ធ្ងន់​ចំពោះ​មនុស្ស​ទាំង​អស់ . . . ហើយ​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ​»។ (​១ថែ. ៥:១៤​) ជា​ជាង​ឆាប់​បោះបង់​ចោល​បង​ប្អូន​ដែល​ខ្សោយ ចូរ​យើង​បន្ត​«​គាំពារ​»​ពួក​គាត់ ដោយ​បន្ត​ជួយ​ពួក​គាត់។ នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដោយ​អត់​ធ្មត់​ចំពោះ​អ្នក​បម្រើ​របស់​លោក​ដែល​ជួនកាល​ធ្លាក់​ទឹក​ចិត្ត។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​យ៉ាង​ខ្លាំង​ចំពោះ​អេលីយ៉ា ហើយ​គិត​អំពី​អារម្មណ៍​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​នេះ​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​លោក។ (​១ព. ១៩:១​-​១៨​) ដោយ​សារ​ដាវីឌ​បាន​កែប្រែ​ចិត្ត​ដោយ​ស្មោះ ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​គាត់។ (​ទំនុក. ៥១:៧, ១៧​) ព្រះ​យេហូវ៉ា​ក៏​បាន​ជួយ​អ្នក​សរសេរ​ទំនុកតម្កើង​ទី​៧៣ ដែល​ហៀបនឹង​ឈប់​បម្រើ​លោក​ដែរ។ (​ទំនុក. ៧៣:១៣, ១៦, ១៧​) ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​សប្បុរស​និង​ដោយ​អត់​ធ្មត់ ជា​ពិសេស​នៅ​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត។ (​និក្ខ. ៣៤:៦​) សេចក្ដី​មេត្ដា​ករុណា​របស់​លោក​គឺ​«​ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច​»​ ហើយ​«​មិន​ចេះ​ផុត​ឡើយ​»។ (​បរិ. ៣:២២, ២៣​) ព្រះ​យេហូវ៉ា​សង្ឃឹម​ថា​យើង​ធ្វើ​តាម​គំរូ​របស់​លោក ហើយ​ប្រព្រឹត្ត​ដោយ​ថ្នាក់​ថ្នម​ចំពោះ​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត។

ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត

១៦, ១៧​. កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​ជិត​ដល់​ទី​បញ្ចប់ តើ​យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៦ ក្នុង​ចំណោម​អ្នក​ទោស​៣៣​.​០០០​នាក់​ដែល​ចេញ​ពី​ជំរំ​ឃុំឃាំង​សាក្សិនហោសិន មាន​អ្នក​ទោស​រាប់​ពាន់​នាក់​បាន​ស្លាប់។ ប៉ុន្តែ​សាក្សី​ព្រះ​យេហូវ៉ា​ទាំង​២៣០​នាក់​ដែល​ចេញ​ពី​ជំរំ​ឃុំឃាំង​បាន​រួច​ជីវិត។ ពួក​គាត់​នឹង​មិន​អាច​រួច​ជីវិត​បាន​ទេ​បើ​គ្មាន​ការ​លើក​ទឹក​ចិត្ត​និង​ការ​គាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

១៧ សព្វ​ថ្ងៃ​នេះ​យើង​នៅ​លើ​«​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត​»។ (​ម៉ាថ. ៧:១៤​) មិន​យូរ​ទៀត​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​នឹង​រួច​ជីវិត ហើយ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ (​២ពេ. ៣:១៣​) សូម​ឲ្យ​យើង​តាំង​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក