បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១២ ទំ. ៨-ទំ. ១១ វ. ៩
  • គោលសំខាន់ៗពីសៀវភៅណាហ៊ុម ហាបាគុក និងសេផានា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅណាហ៊ុម ហាបាគុក និងសេផានា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម»
  • (ណាហ៊ុម ១:១​–​៣:១៩)
  • ​«មនុស្ស​សុចរិត​នឹង​រស់​នៅ»
  • (ហាបាគុក ១:១​–​៣:១៩)
  • ​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ!»
  • (សេផានា ១:១​–​៣:២០)
  • ‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ប្រញឹក​ណាស់!›
  • តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរទុកចិត្តព្រះយេហូវ៉ាដើម្បីទទួលជីវិត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ព្រះយេហូវ៉ានឹងមិនបង្អង់យូរឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១២ ទំ. ៨-ទំ. ១១ វ. ៩

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ណាហ៊ុម ហាបាគុក និង​សេផានា

មហា​អំណាច​អាសស៊ើរ​បាន​បំផ្លាញ​ទាល់តែ​ខ្ទេចខ្ទី​អស់​ទី​ក្រុង​សាម៉ារី ដែល​ជា​រាជធានី​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០។ មហា​អំណាច​អាសស៊ើរ​ក៏​ធ្លាប់​គំរាម​កំហែង​ដល់​រាជាណាចក្រ​យូដា​យូរ​មក​ហើយ​ដែរ។ អ្នក​ប្រកាស​ទំនាយ​ពី​ស្រុក​យូដា ឈ្មោះ​ណាហ៊ុម មាន​សារ​ចែង​អំពី​ទី​ក្រុង​នីនីវេ​ដែល​ជា​រាជធានី​នៃ​មហា​អំណាច​អាសស៊ើរ។ ក្នុង​គម្ពីរ សៀវភៅ​ណា​ហ៊ុម​ដែល​មាន​សារ​ស្តី​អំពី​ទី​ក្រុង​នីនីវេ បាន​សរសេរ​មុន​ឆ្នាំ​៦៣២ មុន​គ.ស.។

មហា​អំណាច​បន្ទាប់​ពី​អាសស៊ើរ​គឺ​បាប៊ីឡូន ហើយ​ជួន​កាល​ជនជាតិ​ខាល់ដេ​ក៏​ធ្លាប់​គ្រប់គ្រង​ជា​ស្តេច​លើ​ពួក​បាប៊ីឡូន។ សៀវភៅ​ហាបាគុក ប្រហែល​ជា​បាន​សរសេរ​ចប់​នៅ​ឆ្នាំ​៦២៨ មុន​គ.ស.។ ក្នុង​សៀវភៅ​ហាបាគុក​មាន​ទំនាយ​ដែល​ទាយ​ទុក​ជា​មុន​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​មហា​អំណាច​បាប៊ីឡូន​ជា​ឧបករណ៍​ដើម្បី​កាត់​ទោស​ជនជាតិ​ដទៃ។ សៀវភៅ​ហាបាគុក​ក៏​មាន​ទំនាយ​អំពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​ដល់​ទី​ក្រុង​បាប៊ីឡូន​តែ​ម្ដង។

លោក​សេផានា​ជា​អ្នក​ស្រុក​យូដា​ដែល​ប្រកាស​ទំនាយ​របស់​ព្រះ​ដែរ ហើយ​គាត់​បាន​រស់​នៅ​សម័យ​មុន​ណា​ហ៊ុម​និង​ហាបាគុក​ទៅ​ទៀត។ សេផានា​បាន​សរសេរ​ទំនាយ​របស់​គាត់​ជាង​៤០​ឆ្នាំ​មុន​ទី​ក្រុង​យេរូសាឡិម​បាន​វិនាស​ទៅ នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ សេផានា​មិន​គ្រាន់​តែ​ប្រកាស​សារ​អំពី​សេចក្ដី​ហិនវិនាស​ប៉ុណ្ណោះ តែ​គាត់​ក៏​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ជនជាតិ​យូដា​ដែរ។ សៀវភៅ​សេផានា​ក៏​មាន​ទំនាយ​យ៉ាង​ធ្ងន់​ទាស់​នឹង​ជនជាតិ​ដទៃ​ដែរ។

​«វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម»

(ណាហ៊ុម ១:១​–​៣:១៩)

​«សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ដំណើរ​ក្រុង​នីនីវេ» មក​ពី​ព្រះ​យេហូវ៉ា​ដែល​«យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្ដា​យ៉ាង​ធំ»។ ទោះបី​ព្រះ​យេហូវ៉ា​«ជា​ទីពឹង​មាំមួន​នៅ​គ្រា​លំបាក»​ចំពោះ​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក​ក្ដី ទី​ក្រុង​នីនីវេ​ត្រូវ​តែ​បំផ្លាញ​ចោល​ជា​ដាច់ខាត។—ណា​ហ៊ុម ១:១, ៣, ៧

​«ព្រះ​យេហូវ៉ា . . . កំពុង​តាំង​[ឬ​ស្ដារ]​សេចក្ដី​រុងរឿង​នៃ​យ៉ាកុប​ឡើង​វិញ»។ ក៏​ប៉ុន្តែ ដូច​ជា​សត្វ‹សិង្ហ​ឈ្មោល​កំពុង​ហែក​រំពា› មហា​អំណាច​អាសស៊ើរ​បាន​គំរាម​កំហែង​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ទ្រង់​«នឹង​ដុត​អស់​ទាំង​រទេះ​ចំបាំង​របស់​[ពួក​នីនីវេ]​ឲ្យ​ឡើង​ជា​ផ្សែង ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ»​របស់​ពួក​គេ​ផង។ (ណា​ហ៊ុម ២:២, ១២, ១៣) «វេទនា​ដល់​ទី​ក្រុង​[នីនីវេ]​ដែល​ប្រឡាក់​ដោយ​ឈាម»។ «អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​[ក្រុង​នីនីវេ] គេ​ទះ​ដៃ​អរ»​ដោយ​ព្រោះ​មាន​ចិត្ត​សប្បាយ។—ណា​ហ៊ុម ៣:១, ១៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៩—ពេល​ទី​ក្រុង​នីនីវេ​«ផុត​ទៅ​អស់​រលីង» តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​ជនជាតិ​យូដា? ជនជាតិ​យូដា​នឹង​បាន​ធូរ​ចិត្ត​ពេល​លែង​មាន​មហា​អំណាច​អាសស៊ើរ ហើយ​«ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ»។ ណា​ហ៊ុម​សរសេរ​អំពី​ទី​ក្រុង​នីនីវេ​ហាក់​ដូច​ជា​លែង​មាន​រួច​ទៅ​ហើយ។ គាត់​សរសេរ​ថា​៖ «មើល​ន៏! នៅ​លើ​ភ្នំ​ទាំង​ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ។ ឱ​យូដា​អើយ! ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង»។—ណា​ហ៊ុម ១:១៥

២:៦—តើ​«ទ្វារ​ទន្លេ»​ណា​ដែល​បើក​ឡើង? ទ្វារ​ទាំង​នេះ​សំដៅ​ទៅ​លើ​ប្រវែង​កំពែង​ទី​ក្រុង​នីនីវេ​ដែល​បាក់​ស្រុត​ដោយសារ​ទឹក​ទន្លេ​ទី​គ្រី​ឡើង​ដល់​កំពែង​នោះ។ នៅ​ឆ្នាំ​៦៣២ មុន​គ.ស. ពេល​ដែល​កម្លាំង​ទ័ព​បាប៊ីឡូន​និង​មេឌី​បាន​រួម​គ្នា​ប្រឆាំង​នឹង​ទី​ក្រុង​នីនីវេ ពួក​អ្នក​នៅ​ក្នុង​ទី​ក្រុង​នីនីវេ​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព ដោយ​ព្រោះ​មាន​កំពែង​ដ៏​ធំ​សម្បើម​ការពារ​ពួក​គេ ដែល​គ្មាន​នរណា​អាច​ផ្ដួល​រលំ​បាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ភ្លៀង​យ៉ាង​ធំ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ទី​គ្រី​ឡើង។ យោង​ទៅ​តាម​អ្នក​ប្រវត្ដិវិទូ​ម្នាក់ ឈ្មោះ​ឌីយ៉ូដូរុស «ទឹក​ទន្លេ​បាន​ជន់​លិច​មួយ​ចំហៀង​ទី​ក្រុង ហើយ​បាន​ធ្វើ​ឲ្យ​កំពែង​ដែល​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​រលំ​បាក់​អស់​មួយ​ប្រឡោះ​ធំ»។ យ៉ាង​នេះ ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដូច​ដែល​បាន​ទាយ​ទុក​ជា​មុន​មែន ទី​ក្រុង​នីនីវេ​ត្រូវ​គេ​ទន្ទ្រាន​ចូល​និង​បំផ្លាញ​ចោល​មួយ​រំពេច ប្រហាក់​ប្រហែល​នឹង​ជញ្ជ្រាំង​ស្ងួត​ដែល​ងាយ​ឆេះ​ណាស់។—ណា​ហ៊ុម ១:៨​-​១០

៣:៤—តើ​ទី​ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រី​សំផឹង​យ៉ាង​ដូច​ម្ដេច? អ្នក​គ្រប់គ្រង​នៅ​ទី​ក្រុង​នីនីវេ​ធ្លាប់​បំភាន់​ប្រជាជាតិ​ឯ​ទៀត​ដោយ​សន្យា​ថា​នឹង​ជួយ​ចង​ស្ពាន​មេត្រី​ជា​មួយ​ពួក​គេ ប៉ុន្តែ​តាម​ការ​ពិត​ពួក​អាសស៊ើរ​ចង់​សង្គ្រុប​លើ​ពួក​គេ​វិញ។ ជា​ឧទាហរណ៍ ពួក​អាសស៊ើរ​បាន​ផ្ដល់​ជំនួយ​បន្ដិច​បន្តួច​ពេល​ស្តេច​អ័ហាស​នៃ​រាជាណាចក្រ​យូដា​ត្រូវ​ការ​ដើម្បី​ទប់ទល់​នឹង​ពួក​អ៊ីស្រាអែល​ដែល​ពួត​ដៃ​គ្នា​ជា​មួយ​ពួក​ស៊ី​រី​ដោយ​មាន​បំណង​ដណ្ដើម​យក​រាជាណាចក្រ​យូដា។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី នៅ​ទីបំផុត​«ស្តេច​ស្រុក​អាសស៊ើរ​ក៏​មក​ឯ​[ស្តេច​អ័ហាស ហើយ]​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ»។—របាក្សត្រទី២ ២៨:២០

មេ​រៀន​សម្រាប់​យើង:

១:២​-​៦: ដោយសារ​ព្រះ​យេហូវ៉ា​សងសឹក​ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ឬ​អ្នក​ដែល​មិន​ព្រម​បម្រើ​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ភក្ដី នេះ​បង្ហាញ​ថា​ទ្រង់​តម្រូវ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ទ្រង់​មាន​ភក្ដីភាព​ផ្ដាច់​មុខ។—និក្ខមនំ ២០:៥

១:១០: កំពែង​ដ៏​មាំ​ដែល​មាន​ទាំង​ប៉ម​រាប់​រយ​ក៏​ដោយ មិន​អាច​ទប់​ស្កាត់​ព្រះ​យេហូវ៉ា​ពី​ការ​សម្រេច​តាម​អ្វី​ដែល​ទ្រង់​ប្រកាស​ទាស់​នឹង​ទី​ក្រុង​នីនីវេ​ឡើយ។ នៅ​សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ក៏​គេច​មិន​ផុត​ទេ ពេល​ទ្រង់​វិនិច្ឆ័យ​ទោស។—សុភាសិត ២:២២; ដានីយ៉ែល ២:៤៤

​«មនុស្ស​សុចរិត​នឹង​រស់​នៅ»

(ហាបាគុក ១:១​–​៣:១៩)

ជំពូក​១​និង​២​ក្នុង​សៀវភៅ​ហាបាគុក​ជា​ការ​សន្ទនា​រវាង​គាត់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​ព្រះ​យេហូវ៉ា។ ដោយសារ​ហាបាគុក​ពិបាក​ចិត្ត​ស្តី​អំពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ស្រុក​យូដា គាត់​សួរ​ព្រះ​យេហូវ៉ា​ថា​៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ?»។ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​វិញ​ថា​៖ «អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ​ហើយ​រហ័ស​រហាល់»។ ហាបាគុក​ភ្ញាក់​ផ្អើល​ពេល​ឮ​សូរ​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​«ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ​[ឬ​«ជន​ក្បត់»]»​ដើម្បី​ផ្ដន្ទា​ទោស​ជនជាតិ​យូដា។ (ហាបាគុក ១:៣, ៦, ១៣; ខ.ស.) ព្រះ​យេហូវ៉ា​សន្យា​ដល់​ហាបាគុក​ថា មនុស្ស​សុចរិត​នឹង​រស់​នៅ ប៉ុន្តែ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ នឹង​ទទួល​ទោស​ជា​ដាច់ខាត។ បន្ថែម​ទៅ​ទៀត ហាបាគុក​កត់​ទុក​សេចក្ដី​វេទនា​ទាំង​ប្រាំ​ដែល​ត្រូវ​ធ្លាក់​មក​លើ​ពួក​ខាល់ដេ។—ហាបាគុក ២:៤

ពេល​អធិស្ឋាន​សូម​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​នោះ ហាបាគុក​បាន​ពោល​«ពាក្យ​លន្លោច​ចិត្ត» ដែល​រៀប​រាប់​ពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ពី​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់ ដូច​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ឯ​សមុទ្រ​ក្រហម ក្នុង​ទី​រហោ​ឋាន និង​នា​ទី​ក្រុង​យេរីខូរ​ជា​ដើម។ ហាបាគុក​ក៏​ទាយ​ទុក​ជា​មុន​អំពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​បញ្ជាន់​ពិភពលោក​នេះ​ដោយ​សេចក្ដី​ក្រោធ គឺ​នៅ​សង្គ្រាម​អើម៉ាគេដូន។ គាត់​បញ្ចប់​ការ​អធិស្ឋាន​ដោយ​ពាក្យ​ថា​៖ «ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​អម្ចាស់ ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន​ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ»។—ហាបាគុក ៣:១, ១៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៥, ៦—ហេតុ​អ្វី​ក៏​ជនជាតិ​យូដា​ពិបាក​ជឿ​ថា ព្រះ​យេហូវ៉ា​នឹង​តាំង​ពួក​ខាល់ដេ​ឡើង​ដើម្បី​ទាស់​នឹង​ក្រុង​យេរូសាឡិម? ពេល​ដែល​ហាបាគុក​ចាប់​ផ្ដើម​ប្រកាស​ទំនាយ ស្រុក​យូដា​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ពួក​អេស៊ីប។ (ពង្សាវតារក្សត្រទី២ ២៣:២៩, ៣០, ៣៤) ថ្វី​បើ​ពួក​បាប៊ីឡូន​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​ក្ដី កងទ័ព​របស់​ពួក​គេ​មិន​ទាន់​វាយ​ឈ្នះ​កងទ័ព​របស់​ផារ៉ោន​នេកោ​នៅ​ឡើយ។ (យេរេមា ៤៦:​២) បន្ថែម​ទៅ​ទៀត វិហារ​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម ហើយ​ស្តេច​ទាំង​ឡាយ​ដែល​ស្នង​រាជ្យ​ជា​កូន​ចៅ​របស់​ដាវីឌ បាន​គ្រប់គ្រង​នៅ​ទី​នោះ​ដោយ​ឥត​អាក់​ខាន​ដែរ។ ចំពោះ​ជនជាតិ​យូដា​នៅ​សម័យ​នោះ «កិច្ចការ»​របស់​ព្រះ​យេហូវ៉ា​ដែល​អនុញ្ញាត​ឲ្យ​ពួក​ខាល់ដេ​មក​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម មិន​អាច​ទៅ​រួច​ទេ។ ទោះ​ជា​ពួក​គេ​គិត​ថា​ពាក្យ​របស់​ហាបាគុក​មិន​គួរ​ជឿ​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត​ស្តី​អំពី​សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម​ដោយ​ពួក​បាប៊ីឡូន ‹បាន​មក​ជា​ពិត›នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។—ហាបាគុក ២:៣

២:៥—តើ​«មនុស្ស​អំនួត»​សំដៅ​ទៅ​លើ​អ្នក​ណា? ហើយ​តើ​មនុស្ស​អំណួត​«មិន​ចេះ​ឆ្អែត​ឆ្អន់»​ក្នុង​ន័យ​អ្វី? «មនុស្ស​អំនួត»​នេះ​សំដៅ​ទៅ​លើ​ពួក​បាប៊ីឡូន​ដែល​បាន​ប្រើ​កងទ័ព​ជំនាញ​របស់​ខ្លួន​ដើម្បី​ដណ្ដើម​យក​អំណាច​លើ​ជនជាតិ​ដទៃ។ ពេល​ដែល​ពួក​គេ​មាន​ជ័យ​ជម្នះ ពួក​គេ​ក្លាយ​ជា​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​ស្រវឹង​ស្រា។ យ៉ាង​ណា​ក៏​ដោយ ពួក​បាប៊ីឡូន​មិន​អាច​កៀរ​ប្រមូល​អស់​ទាំង​ប្រជាជាតិ​ក្រោម​អំណាច​ខ្លួន​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ពួក​មេឌី​និង​ពួក​ពេ​ស៊ី​ជា​ឧបករណ៍​ដើម្បី​រំលំ​ពួក​គេ​តែ​ម្ដង។ នៅ​សម័យ​នេះ «មនុស្ស​អំនួត»​តំណាង​ពួក​នយោបាយ​ដែល​រួម​ដៃ​គ្នា។ ដូច​ពួក​បាប៊ីឡូន ពួក​នយោបាយ​ទាំង​នេះ​ក៏​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ពេក មាន​ឫក​ក្រអឺត​ក្រទម ថែម​ទាំង​«មិន​ចេះ​ឆ្អែត​ឆ្អន់»​ឡើយ ស្តី​អំពី​បំណង​ចង់​ពង្រីក​អំណាច។ យ៉ាង​ណា​ក្ដី ពួក​នយោបាយ​មិន​អាច​«កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន»​ឡើយ។ មាន​តែ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​មនុស្ស​ជាតិ​មាន​សាមគ្គី​ភាព។—ម៉ាថាយ ៦:៩, ១០

មេ​រៀន​សម្រាប់​យើង:

១:១​-​៤; ១:១២​–​២:១: ហាបាគុក​បាន​សួរ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​នឹង​គាត់​វិញ។ ព្រះ​ពិត​តែង​តែ​ស្ដាប់​សេចក្ដី​អធិស្ឋាន​នៃ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ទ្រង់។

២:១: យើង​ត្រូវ​តែ​ចាំ​យាម​និង​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដូច​ហាបាគុក​ដែរ។ យើង​ក៏​ត្រូវ​តែ​សុខ​ចិត្ត​កែ​ប្រែ​គំនិត​ភ្លាមៗ ស្រប​ទៅ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល។

២:៣; ៣:១៦: យើង​ជឿ​ថា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ ដូច្នេះ​ចូរ​ឲ្យ​យើង​រង់ចាំ​ថ្ងៃ​នោះ​ដោយ​មិន​បង្អែបង្អង់​ឡើយ។

២:៤: បើ​យើង​ចង់​រួច​រស់​ជីវិត​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​មក​ជា​មិន​ខាន​នោះ យើង​ត្រូវ​តែ​មាន​ចិត្ត​អត់ធ្មត់​ក្នុង​កិច្ច​បម្រើ​ទ្រង់​ដោយ​ស្មោះ​ត្រង់។—ហេព្រើរ ១០:៣៦​-​៣៨

២:៦, ៧, ៩, ១២, ១៥, ១៩: សេចក្ដី​វេទនា​នឹង​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ​ចង់​បាន​ប្រាក់​តាម​របៀប​ទុច្ចរិត ព្រម​ទាំង​អ្នក​ដែល​ស្រឡាញ់​អំពើ​ឃោរឃៅ ធ្វើ​អំពើ​ដែល​ប្រាស​ចាក​សីលធម៌​និង​ថ្វាយ​បង្គំ​រូប​ព្រះ។ ដូច្នេះ យើង​ត្រូវ​តែ​ប្រយ័ត្ន​ហើយ​ជៀស​វាង​ពី​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​បែប​នេះ។

២:១១: ប្រសិន​បើ​យើង​មិន​ប្រកាស​ឲ្យ​មនុស្ស​ដឹង​អំពី​អំពើ​អាក្រក់​ដែល​មាន​នៅ​ក្នុង​ពិភព​លោក​នេះ «ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ»​វិញ។ គឺ​ជា​ការ​សំខាន់​ណាស់ ឲ្យ​យើង​ផ្សព្វផ្សាយ​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន!

៣:៦: ពេល​ព្រះ​យេហូវ៉ា​កាត់​ទោស​មនុស្ស​អាក្រក់ គ្មាន​នរណា​អាច​រារាំង​ទ្រង់​បាន​ឡើយ សូម្បី​តែ​អង្គការ​នានា​របស់​មនុស្ស​ដែល​មើល​ទៅ​ដូច​ជា​មាន​ភាព​មាំទាំ​ដូច​ភ្នំ ក៏​មិន​អាច​ការពារ​ពួក​គេ​ទេ។

៣:១៣: ព្រះ​យេហូវ៉ា​ធានា​ថា នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន មនុស្ស​មិន​ត្រូវ​បំផ្លាញ​ដោយ​ចៃដន្យ​ទេ។ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​បម្រើ​ទ្រង់​ដោយ​ស្មោះ​ត្រង់។

៣:១៧​-​១៩: ទោះ​បើ​យើង​រង​ទុក្ខ​លំបាក​មុន​និង​ក្នុង​អំឡុង​សង្គ្រាម​អើម៉ាគេដូន​ក្ដី យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​«កំឡាំង»​ដល់​យើង​ដើម្បី​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ទ្រង់។

​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ!»

(សេផានា ១:១​–​៣:២០)

បណ្ដាជន​យូដា​ច្រើន​នាក់​បាន​ថ្វាយ​បង្គំ​ព្រះ​បាល។ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​សេផានា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ «អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​ប៉ុន្មាន​ដែរ»។ សេផានា​ព្រមាន​ថា​៖ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​ដល់​ហើយ!»។ (សេផានា ១:៤, ៧, ១៤) មាន​តែ​អស់​អ្នក​ដែល​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​«បាន​បាំង​ទុក»​នៅ​ថ្ងៃ​នោះ។—សេផានា ២:៣

​«វេទនា​ដល់​ទី​ក្រុង​[យេរូសាឡិម]​ដែល​សង្កត់​សង្កិន​គេ!»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ «ចូរ​ឯង​រាល់​គ្នា​រង់ចាំ​ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពីព្រោះ​អញ​បាន​គិត​សំ​រេ​ច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ . . . ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់ក្នាញ់​របស់​អញ . . . ទៅ​លើ​គេ»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​សន្យា​ថា​៖ «អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា»។—សេផានា ៣:១, ៨, ២០

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣:៩—តើ​«បបូរ​មាត់​ស្អាត»​សំដៅ​ទៅ​លើ​អ្វី? ហើយ​តើ​យើង​អាច​មាន​«បបូរ​មាត់​ស្អាត»​យ៉ាង​ដូច​ម្ដេច? ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «បបូរ​មាត់​ស្អាត»​នោះ សំដៅ​ទៅ​លើ​ភាសា​បរិសុទ្ធ ដែល​ជា​សេចក្ដី​ពិត​ពី​ព្រះ​យេហូវ៉ា​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ទ្រង់។ ដូច្នេះ សេចក្ដី​បង្រៀន​ទាំង​អស់​ក្នុង​គម្ពីរ​សុទ្ធតែ​ជា​ភាសា​បរិសុទ្ធ។ យើង​អាច​មាន​«បបូរ​មាត់​ស្អាត»​ឬ​និយាយ​ភាសា​បរិសុទ្ធ ដោយ​ជឿ​ទៅ​លើ​សេចក្ដី​ពិត​ទាំង​ឡាយ​ក្នុង​គម្ពីរ។ ណា​មួយ​ទៀត យើង​និយាយ​ភាសា​បរិសុទ្ធ​ពេល​ដែល​យើង​បង្រៀន​សេចក្ដី​ពិត​ទាំង​នោះ​ដោយ​ប្រយ័ត្នប្រយែង​ដល់​មនុស្ស​ដទៃ ហើយ​ពេល​ដែល​យើង​រស់​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។

មេ​រៀន​សម្រាប់​យើង:

១:៨: តាម​មើល​ទៅ បណ្ដាជន​ខ្លះ​នៅ​សម័យ​សេផានា​បាន​ស្លៀក​«សំលៀក​បំពាក់​របស់​សាសន៍​ដទៃ» ដោយ​ចង់​ចូល​ចុះ​ជា​មួយ​នឹង​ជនជាតិ​ដទៃ​នៅ​ប្រទេស​ជិត​ខាង។ បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នា​សម័យ​នេះ​ព្យាយាម​ធ្វើ​តាម​មនុស្ស​ក្នុង​ពិភព​លោក​ដោយ​របៀប​នោះ​ដែរ នេះ​ពិត​ជា​ការ​ប្រព្រឹត្ត​ដ៏​ល្ងីល្ងើ​មែន!

១:១២; ៣:៥, ១៦: ព្រះ​យេហូវ៉ា​បាន​បញ្ជូន​អ្នក​ប្រកាស​ទំនាយ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​រំលឹក​រាស្ត្រ​របស់​ទ្រង់​អំពី​តម្រូវ​ការ​ដ៏​យុត្ដិធម៌​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​យូដា​ច្រើន​ដង ទោះ​ជា​ពួក​គេ​មិន​អើពើ​នឹង​សារ​របស់​ទ្រង់ ហើយ​មាន​លក្ខណៈ​ដូច​ជា​កករ​នៅ​បាត​ឪទឹន​ស្រា​ក៏​ដោយ។ ដោយ​ដឹង​ថា​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ យើង​មិន​គួរ​បណ្ដោយ​ឲ្យ​ភាព​ព្រងើយ​កន្តើយ​របស់​មនុស្ស​មក​ធ្វើ​ឲ្យ‹ដៃ​យើង​អន់ថយ›ឬ​បង្អង់​ឡើយ តែ​យើង​គួរ​តែ​ផ្សព្វផ្សាយ​ជា​បន្ត​នូវ​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ។

២:៣: មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​សង្គ្រោះ​យើង​ពី​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់។ បើ​យើង​ចង់​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត យើង​ត្រូវ​តែ​«ស្វែង​រក»​ទ្រង់​ដោយ​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​អធិស្ឋាន​សូម​ការ​ណែនាំ​ពី​ទ្រង់ និង​ព្យាយាម​ចូល​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ទ្រង់​ថែម​ទៀត។ យើង​ត្រូវ​តែ​«ស្វែង​រក​សេចក្ដី​សុចរិត»​ដោយ​មាន​សីលធម៌​ក្នុង​ជីវិត ហើយ​យើង​ក៏​ត្រូវ​«ស្វែង​រក​សេចក្ដី​សុភាព»​ដែរ ដោយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​ចេះ​ចុះ​ចូល។

២:៤​-​១៥; ៣:១​-​៥: នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​កាត់​ទោស​មនុស្ស​អាក្រក់ ពិភព​គ្រិស្ត​សាសនា​និង​ប្រជាជាតិ​ទាំង​អស់​ដែល​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​រាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​លទ្ធផល​អាក្រក់ ដូច​ទី​ក្រុង​យេរូសាឡិម​ពី​បុរាណ​និង​ប្រជាជាតិ​នៅ​ជិត​ខាង​ស្រុក​យូដា​បាន​ទទួល​ដែរ។ (វិវរណៈ ១៦:១៤, ១៦; ១៨:៤​-​៨) ដូច្នេះ យើង​ត្រូវ​តែ​ប្រកាស​ដោយ​ចិត្ត​ក្លាហាន​ត​ទៅ​ទៀត នូវ​សារ​របស់​ព្រះ​យេហូវ៉ា​ដែល​បញ្ជាក់​ពី​ការ​ជំនុំ​ជម្រះ។

៣:៨, ៩: ពេល​ដែល​យើង​រង់ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា គប្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​ខំ​រក្សា​ឲ្យ​មាន​«បបូរ​មាត់​ស្អាត»​ដោយ​សិក្សា​គម្ពីរ និង​«អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា»​ដោយ​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់។ ណា​មួយ​ទៀត គប្បី​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​«ព្រម​ចិត្ត​គ្នា»​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់ និង​«ថ្វាយ​ពាក្យ​សរសើរ»​ដល់​ទ្រង់​ប្រៀប​ដូច​ជា​អំណោយ​ទាន។—ហេព្រើរ ១៣:១៥

‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ប្រញឹក​ណាស់!›

អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ»។ (ទំនុកដំកើង ៣៧:១០) បើ​យើង​គិត​អំពី​ទំនាយ​ដែល​កត់​ទុក​ក្នុង​សៀវភៅ​ណា​ហ៊ុម​អំពី​ទី​ក្រុង​នីនីវេ ព្រម​ទាំង​ទំនាយ​ក្នុង​សៀវភៅ​ហាបាគុក​អំពី​ជនជាតិ​យូដា​ដែល​ជា​អ្នក​ក្បត់​ជំនឿ​និង​ពួក​បាប៊ីឡូន​នោះ គ្មាន​ហេតុ​សង្ស័យ​បន្ដិច​ឡើយ​ថា ពាក្យ​របស់​អ្នក​តែង​បទ​ទំនុក​តម្កើង​នឹង​សម្រេច​មែន! ប៉ុន្តែ តើ​យើង​ត្រូវ​រង់ចាំ​យូរ​ប៉ុន្មាន​ទៀត?

សៀវភៅ​សេផានា ១:១៤ ចែង​ថា​៖ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ សៀវភៅ​សេផានា​ក៏​រៀប​រាប់​អំពី​របៀប​ដែល​យើង​ប្រហែល​ជា​នឹង​បាន​បាំង​ទុក​ក្នុង​ថ្ងៃ​នោះ ហើយ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រួច​រស់​ជីវិត​បាន។ ប្រាកដ​មែន! «ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ​ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

[រូបភាព​នៅ​ទំព័រ​៨]

ទោះ​ជា​ទី​ក្រុង​នីនីវេ​មាន​កំពែង​យ៉ាង​ធំ​ក៏​ដោយ ទំនាយ​របស់​លោក​ណា​ហ៊ុម​នៅ​តែ​បាន​សម្រេច

[អ្នក​ផ្ដល់​សិទ្ធិ]

Randy Olson/National Geographic Image Collection

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក