ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែកញ្ញា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១:១
បណ្ដាំ: ពាក្យភាសាក្រិចនេះ (ho loʹgos) បានត្រូវប្រើជាឋានន្តរ ហើយក៏បានត្រូវប្រើនៅយ៉ូន. ១:១៤ និងបប. ១៩:១៣។ យ៉ូហានប្រាប់ថាបុគ្គលដែលមានឋានន្តរនេះគឺលោកយេស៊ូ។ លោកយេស៊ូមានឋានន្តរនេះក្នុងអំឡុងពេលដែលលោកជាបុគ្គលវិញ្ញាណមុនលោកកើតនៅផែនដី ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកលើផែនដី និងក្រោយពីលោកបានត្រូវលើកតម្កើងទៅស្ថានសួគ៌។ លោកយេស៊ូគឺជាបណ្ដាំរបស់ព្រះ ឬអ្នកនាំពាក្យ ដែលព្រះជាអ្នកបង្កើតបានប្រើដើម្បីឲ្យប្រាប់ព័ត៌មាន ព្រមទាំងការណែនាំដល់បុគ្គលវិញ្ញាណនិងដល់មនុស្ស។ ដូច្នេះ គឺសមហេតុផលឲ្យគិតថាពេលគម្ពីររៀបរាប់ថាព្រះយេហូវ៉ាមានប្រសាសន៍មកកាន់មនុស្ស លោកបានធ្វើដូច្នេះ មិនមែនដោយផ្ទាល់ទេ តែតាមរយៈបណ្ដាំ។—លោ. ១៦:៧-១១; ២២:១១; ៣១:១១; និក្ខ. ៣:២-៥; ចៅ. ២:១-៤; ៦:១១, ១២; ១៣:៣
ជាមួយ: ក្នុងបរិបទនេះ ពាក្យភាសាក្រិចនេះ (pros) មានអត្ថន័យបង្កប់ថាជិតស្និទ្ធនិងនៅក្បែរ។ ពាក្យនេះក៏បញ្ជាក់អំពីបុគ្គលផ្សេងគ្នា ក្នុងករណីនេះ បុគ្គលម្នាក់ជាបណ្ដាំ រីឯម្នាក់ទៀតជាព្រះពិតតែមួយ។
លោកដែលហៅថាបណ្ដាំជាព្រះមួយ: អ្នកបកប្រែជាច្រើនបានប្រើពាក្យ«លោកដែលហៅថាបណ្ដាំជាព្រះ» ដែលធ្វើឲ្យលោកស្មើនឹងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ក៏ប៉ុន្តែ មានមូលហេតុត្រឹមត្រូវឲ្យនិយាយថាយ៉ូហានមិនចង់មានន័យថា«លោកដែលហៅថាបណ្ដាំ»គឺស្មើនឹងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតនោះទេ។ ហេតុដំបូង ពាក្យនៅខាងមុខនិងខាងក្រោយពាក្យនេះបញ្ជាក់យ៉ាងច្បាស់ថា«លោកដែលហៅថាបណ្ដាំ»បាននៅ«ជាមួយនឹងព្រះ»។ ម្យ៉ាងទៀត ពាក្យភាសាក្រិចនេះ (the·osʹ) មានបីដងក្នុងខ១និង២។ ពេលប្រើពាក្យភាសាក្រិចនេះ (the·osʹ)នៅលើកទី១និងទី៣ មានពាក្យភាសាក្រិចមួយទៀតនៅខាងមុខដែលបង្ហាញថាពាក្យនោះគឺសំដៅទៅលើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ប៉ុន្តែពេលប្រើពាក្យនេះនៅលើកទី២ គ្មានពាក្យភាសាក្រិចមួយទៀតនោះនៅខាងមុខឡើយ។ បណ្ឌិតខាងគម្ពីរជាច្រើនយល់ស្របថាការគ្មានពាក្យភាសាក្រិចមួយទៀតនៅខាងមុខពាក្យជាលើកទី២នេះគឺគួរឲ្យកត់សម្គាល់ ដោយសារនោះបញ្ជាក់ថាពាក្យ (the·osʹ) សំដៅទៅលើលក្ខណៈរបស់«លោកដែលហៅថាបណ្ដាំ» ពោលគឺជាលោកគឺជាបុគ្គលវិញ្ញាណដូចព្រះជាបុគ្គលវិញ្ញាណដែរ ប៉ុន្តែមិនមានន័យថាលោកគឺស្មើនឹងបិតារបស់លោក ដែលជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ។ សមស្របទៅតាមខនោះ កូឡ. ២:៩រៀបរាប់អំពីគ្រិស្តថា«គុណសម្បត្ដិរបស់ព្រះនៅក្នុងលោកបានពេញខ្នាត»។ យោងទៅតាម២ពេ. ១:៤ សូម្បីតែអ្នកដែលធ្វើជាស្តេចជាមួយនឹងគ្រិស្តនៅស្ថានសួគ៌ក៏នឹងទៅជា«វិញ្ញាណដូចព្រះ»។ លើសពីនេះទៀត ក្នុងសេចក្ដីបកប្រែសេបធួជីន ពាក្យភាសាក្រិចនេះ (the·osʹ)គឺមានអត្ថន័យដូចគ្នានឹងពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ព្រះ» ʼelនិងʼelo·himʹ ដែលគេគិតថាមានអត្ថន័យជាបឋមថា«បុគ្គលដែលមានចេស្ដា បុគ្គលខ្លាំងក្លា»។ ពាក្យភាសាហេប្រឺទាំងនេះបានត្រូវប្រើដើម្បីសំដៅលើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ព្រះឯទៀត និងមនុស្ស។ ការហៅលោកដែលជាបណ្ដាំថាជា«ព្រះមួយ» ឬ«បុគ្គលដែលមានចេស្ដា»គឺសមស្របតាមទំនាយនៅអេ. ៩:៦ ដែលប្រាប់ទុកជាមុនថា មេស្ស៊ីនឹងត្រូវហៅថា«ព្រះដ៏មានព្រះចេស្ដា» (មិនមែន«ព្រះដែលមានព្រះចេស្ដាបំផុត»ទេ) ហើយថាលោកជា«បិតាដ៏គង់នៅអស់កល្ប»ចំពោះអស់អ្នកដែលមានឯកសិទ្ធិធ្វើជារាស្ត្រលោក។ ចិត្តខ្នះខ្នែងរបស់«ព្រះយេហូវ៉ានៃពួកពលបរិវារ»ដែលជាបិតាលោក នឹងធ្វើឲ្យនោះកើតឡើង។—អេ. ៩:៧
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១:២៩
កូនចៀមរបស់ព្រះ: ក្រោយលោកយេស៊ូបានទទួលការជ្រមុជទឹកនិងក្រោយទទួលការល្បួងពីមេកំណាច យ៉ូហានដែលជាអ្នកជ្រមុជទឹកបានណែនាំគេឲ្យស្គាល់លោកយេស៊ូថាជា«កូនចៀមរបស់ព្រះ»។ ពាក្យនេះមានតែនៅខនេះនិងនៅយ៉ូន. ១:៣៦ប៉ុណ្ណោះ (សូមមើលសៀវភៅជំនួយសិក្សាផ្នែកទី៤)។ ការប្រៀបធៀបលោកយេស៊ូទៅនឹងកូនចៀមគឺសាកសម។ នៅក្នុងគម្ពីរទាំងមូល ចៀមបានត្រូវបូជាដើម្បីទទួលស្គាល់ភាពខុសឆ្គងនិងមានចំណងមិត្តភាពជាមួយនឹងព្រះ។ នេះបង្ហាញអំពីគ្រឿងបូជាដែលលោកយេស៊ូនឹងធ្វើពេលលោកលះបង់ជីវិតល្អឥតខ្ចោះរបស់លោកដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ពាក្យ«កូនចៀមរបស់ព្រះ»ជាប់ទាក់ទងនឹងបទគម្ពីរមួយចំនួន។ ដោយសារយ៉ូហានដែលជាអ្នកជ្រមុជទឹកស្គាល់បទគម្ពីរភាសាហេប្រឺ នោះគាត់ប្រហែលជានិយាយសំដៅទៅលើចំណុចមួយឬច្រើនជាងដូចតទៅនេះ: ចៀមឈ្មោលដែលអាប្រាហាំបានបូជាជំនួសអ៊ីសាកដែលជាកូនប្រុសរបស់គាត់ (លោ. ២២:១៣) កូនចៀមបុណ្យរំលងដែលបានត្រូវសម្លាប់នៅស្រុកអេស៊ីបដើម្បីសង្គ្រោះជនជាតិអ៊ីស្រាអែលដែលបានត្រូវចាប់ជាខ្ញុំបម្រើ (និក្ខ. ១២:១-១៣) ឬកូនចៀមឈ្មោលដែលបានត្រូវបូជាលើទីបូជារបស់ព្រះក្នុងក្រុងយេរូសាឡិមជារៀងរាល់ព្រឹកនិងរាល់ល្ងាច (និក្ខ. ២៩:៣៨-៤២)។ យ៉ូហានប្រហែលជានឹកឃើញអំពីទំនាយរបស់អេសាយ ដែលប្រាប់អំពីបុគ្គលម្នាក់ដែលព្រះយេហូវ៉ាបានហៅថា«អ្នកបំរើរបស់អញ»។ បុគ្គលនោះសំដៅលើ«កូនចៀមដែលគេដឹកទៅសំឡាប់»។ (អេ. ៥២:១៣; ៥៣:៥, ៧, ១១) ពេលសាវ័កប៉ូលបានសរសេរសំបុត្រទី១របស់គាត់ទៅក្រុងកូរិនថូស គាត់បានហៅលោកយេស៊ូថា«កូនចៀមបុណ្យរំលង»។ (១កូ. ៥:៧) សាវ័កពេត្រុសបាននិយាយអំពី«ឈាមដ៏ថ្លៃវិសេស ដូចឈាមរបស់ចៀមដែលគ្មានស្នាម គ្មានប្រឡាក់» ពោលគឺឈាមរបស់គ្រិស្ត។ (១ពេ. ១:១៩) ម្យ៉ាងទៀត ច្រើនជាង២៥ដងក្នុងសៀវភៅការបើកបង្ហាញ លោកយេស៊ូដែលបានត្រូវលើកតម្កើង បានត្រូវពិពណ៌នាជា«កូនចៀម»ក្នុងន័យធៀប។—ឧទាហរណ៍ខ្លះគឺនៅ: បប. ៥:៨; ៦:១; ៧:៩; ១២:១១; ១៣:៨; ១៤:១; ១៥:៣; ១៧:១៤; ១៩:៧; ២១:៩; ២២:១
ថ្ងៃទី១០-១៦ ខែកញ្ញា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៤:៦
លោកអស់កម្លាំង: នេះជាខគម្ពីរតែមួយគត់ដែលបានត្រូវចែងថាលោកយេស៊ូ«អស់កម្លាំង»។ នោះគឺប្រហែលម៉ោង១២ថ្ងៃត្រង់ ហើយនៅព្រឹកនោះលោកយេស៊ូទំនងជាបានធ្វើដំណើរពីជ្រលងភ្នំយ៉ូដាន់ក្នុងតំបន់យូឌាទៅក្រុងស៊ីខាក្នុងស្រុកសាម៉ារី តាមផ្លូវចំណោតដែលមានចម្ងាយ៩០០ម៉ែត្រឬច្រើនជាង។—យ៉ូន. ៤:៣-៥; សូមមើលសៀវភៅជំនួយសិក្សាផ្នែកទី៤
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៣:២៩
មិត្តភក្ដិរបស់កូនកំលោះ: នៅសម័យគម្ពីរ មិត្តជិតស្និទ្ធរបស់កូនកំលោះប្រព្រឹត្តជាតំណាងរបស់កូនកំលោះ ហើយមានតួនាទីសំខាន់ក្នុងការរៀបចំអាពាហ៍ពិពាហ៍។ គាត់ជួយចាត់ចែងពិធីមង្គលការ។ នៅថ្ងៃអាពាហ៍ពិពាហ៍ សាច់ញាតិទាំងសងខាងនិងភ្ញៀវនឹងមកផ្ទះរបស់កូនកំលោះឬផ្ទះរបស់ឪពុកកូនកំលោះ ជាកន្លែងដែលពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍បានត្រូវធ្វើឡើង។ ក្នុងអំឡុងពេលពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ មិត្តភក្ដិរបស់កូនកំលោះសប្បាយចិត្តពេលគាត់បានឮសំឡេងរបស់កូនកំលោះនិយាយជាមួយកូនក្រមុំ ដោយសារមិត្តភក្ដិនោះមានអារម្មណ៍ថាគាត់បានបំពេញភារកិច្ចរបស់គាត់ដោយជោគជ័យហើយ។ យ៉ូហានដែលជាអ្នកជ្រមុជទឹកបានប្រដូចខ្លួនគាត់ទៅនឹង«មិត្តភក្ដិរបស់កូនកំលោះ»។ ក្នុងករណីនេះ លោកយេស៊ូគឺជាកូនកំលោះ ហើយពួកអ្នកកាន់តាមគឺប្រៀបដូចជាកូនក្រមុំ។ ដើម្បីរៀបចំផ្លូវសម្រាប់មេស្ស៊ី យ៉ូហានដែលជាអ្នកជ្រមុជទឹកបានណែនាំសមាជិកដំបូងនៃ«កូនក្រមុំ»ឲ្យលោកយេស៊ូគ្រិស្តស្គាល់។ (យ៉ូន. ១:២៩, ៣៥; ២កូ. ១១:២; អេភ. ៥:២២-២៧; បប. ២១:២, ៩) ក្នុងនាមជា«មិត្តភក្ដិរបស់កូនកំលោះ» យ៉ូហានបានសម្រេចភារកិច្ចរបស់គាត់។ ក្រោយពីនោះ តួនាទីរបស់គាត់លែងសំខាន់ដូចតួនាទីរបស់លោកយេស៊ូនិងអ្នកកាន់តាមលោក។ ហេតុនេះ យ៉ូហានបានប្រៀបធៀបខ្លួនគាត់ទៅនឹងលោកយេស៊ូដោយនិយាយថា៖ «លោកត្រូវតែចម្រើនឡើងតទៅទៀត តែខ្ញុំត្រូវតែបន្តថយចុះ»។—យ៉ូន. ៣:៣០
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៤:១០
ទឹកដែលផ្ដល់ជីវិត: ពាក្យភាសាក្រិចនេះបានត្រូវប្រើដើម្បីសំដៅលើទឹកហូរ ទឹកផុស ឬទឹកអណ្ដូងដែលផុសពីក្នុងដី។ នេះខុសពីទឹកនឹង។ នៅលេវី. ១៤:៥ ពាក្យភាសាហេប្រឺនៃ«ទឹកហូរ»មានន័យត្រង់ថា«ទឹកដែលផ្ដល់ជីវិត»។ នៅយេ. ២:១៣ និង១៧:១៣ ព្រះយេហូវ៉ាបានត្រូវពិពណ៌នាជា«ក្បាលទឹករស់[ឬ«ទឹកផុស»]» ពោលគឺទឹកដែលផ្ដល់ជីវិត។ ពេលលោកយេស៊ូមានប្រសាសន៍ទៅកាន់ស្ត្រីជនជាតិសាម៉ារីម្នាក់ លោកបានប្រើពាក្យ«ទឹកដែលផ្ដល់ជីវិត»ក្នុងន័យធៀប តែដំបូងតាមមើលទៅនាងយល់ពាក្យរបស់លោកក្នុងន័យត្រង់វិញ។—យ៉ូន. ៤:១១
ថ្ងៃទី១៧-២៣ ខែកញ្ញា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៦:១០
ពួកគេក៏អង្គុយចុះ . . . មានបុរសប្រហែលប្រាំពាន់នាក់: មានតែកំណត់ហេតុរបស់ម៉ាថាយទេដែលបន្ថែមថា«ទាំងស្ត្រីនិងកូនក្មេង» ពេលរៀបរាប់អំពីអព្ភូតហេតុនេះ។ (ម៉ាថ. ១៤:២១) ដូច្នេះ អ្នកដែលបានទទួលអាហារតាមរយៈអព្ភូតហេតុ មានចំនួនសរុបប្រហែលជាង១៥.០០០នាក់។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៦:១៤
អ្នកប្រកាសទំនាយ: ជនជាតិយូដាជាច្រើននាក់នៅសតវត្សរ៍ទី១ គ.ស. បានគិតថាអ្នកប្រកាសទំនាយដូចម៉ូសេ ដែលបានត្រូវរៀបរាប់នៅចោ. ១៨:១៥, ១៨ នឹងទៅជាមេស្ស៊ី។ ក្នុងបរិបទនេះ ពាក្យចូលមកក្នុងពិភពលោកមើលទៅសំដៅលើការលេចមករបស់មេស្ស៊ី។ មានតែយ៉ូហានប៉ុណ្ណោះបានកត់ទុកអ្វីដែលកើតឡើងក្នុងខនេះ។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៦:២៧, ៥៤
អាហារដែលខូចទៅ . . . អាហារដែលនៅស្ថិតស្ថេរ ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់: លោកយេស៊ូយល់ថាមនុស្សខ្លះសេពគប់លោកនិងអ្នកកាន់តាមលោកគឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ អាហារអាចផ្គត់ផ្គង់ជីវិតមនុស្សរាល់ថ្ងៃ តែ«អាហារ»ពីបណ្ដាំរបស់ព្រះនឹងធ្វើឲ្យមនុស្សអាចរស់ជារៀងរហូត។ លោកយេស៊ូដាស់តឿនបណ្ដាជនឲ្យព្យាយាមឲ្យបាន«អាហារដែលនៅស្ថិតស្ថេរ ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់» ពោលគឺខំប្រឹងបំពេញការស្រេកឃ្លានរបស់ពួកគេចំពោះការណែនាំពីព្រះ ហើយបង្ហាញជំនឿទៅលើអ្វីដែលពួកគេរៀន។—ម៉ាថ. ៤:៤; ៥:៣; យ៉ូន. ៦:២៨-៣៩
បរិភោគសាច់របស់ខ្ញុំហើយផឹកឈាមរបស់ខ្ញុំ: បរិបទនេះបង្ហាញថាអ្នកដែលបរិភោគនិងផឹកធ្វើដូច្នេះក្នុងន័យធៀប គឺពួកគេបង្ហាញជំនឿលើលោកយេស៊ូគ្រិស្ត។ (យ៉ូន. ៦:៣៥, ៤០) លោកយេស៊ូមានប្រសាសន៍ដូច្នេះនៅឆ្នាំ៣២ គ.ស. ដូចនេះលោកមិនមែនមានប្រសាសន៍អំពីពិធីអាហារល្ងាចរបស់លោកម្ចាស់ ដែលលោកនឹងធ្វើមួយឆ្នាំក្រោយមកនោះទេ។ លោកបានធ្វើសេចក្ដីប្រកាសនេះបន្ដិចមុន«បុណ្យរំលង ជាបុណ្យរបស់ជនជាតិយូដា» (យ៉ូន. ៦:៤) យ៉ាងនេះអ្នកស្ដាប់លោកទំនងជានឹកឃើញអំពីបុណ្យដែលជិតមកដល់ និងសារៈសំខាន់អំពីឈាមរបស់កូនចៀមក្នុងការសង្គ្រោះជីវិតនៅយប់ដែលអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប (និក្ខ. ១២:២៤-២៧)។ ស្រដៀងគ្នាដែរ លោកយេស៊ូបានលើកបញ្ជាក់ថាឈាមរបស់លោកមានតួនាទីសំខាន់ដើម្បីឲ្យអ្នកកាន់តាមលោកអាចទទួលជីវិតដែលគ្មានទីបញ្ចប់។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៦:៤៤
ទាញនាំមក: ទោះជាកិរិយាសព្ទភាសាក្រិចនៃពាក្យ«ទាញនាំមក»បានត្រូវប្រើដើម្បីបញ្ជាក់អំពីការទាញដោយអួនក្ដី (យ៉ូន. ២១:៦, ១១) នោះមិនមែនមានន័យថាព្រះទាញនាំមនុស្សដោយបង្ខំឡើយ។ កិរិយាសព្ទនេះក៏អាចមានន័យថា«ទាក់ទាញចិត្ត» ហើយប្រសាសន៍របស់លោកយេស៊ូប្រហែលជាសំដៅលើយេ. ៣១:៣ ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់រាស្ត្ររបស់លោកនៅសម័យបុរាណថា៖ «អញទាញនាំឯងមក ដោយសេចក្ដីសប្បុរស»។ (សេចក្ដីបកប្រែសេបធួជីនប្រើកិរិយាសព្ទភាសាក្រិចដូចគ្នានៅខនេះ) ស្រដៀងគ្នាដែរ នៅយ៉ូន. ១២:៣២ បង្ហាញថាលោកយេស៊ូទាញនាំមនុស្សគ្រប់ប្រភេទមកឯលោក។ បទគម្ពីរឯទៀតបង្ហាញថាព្រះយេហូវ៉ាផ្ដល់ឲ្យមនុស្សនូវចិត្តសេរី។ មនុស្សគ្រប់រូបអាចសម្រេចចិត្តបម្រើលោកឬមិនបម្រើ។ (ចោ. ៣០:១៩, ២០) ព្រះទាញនាំមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវឲ្យមកឯលោក។ (ទំនុក. ១១:៥; សុភ. ២១:២; សកម្ម. ១៣:៤៨) ព្រះយេហូវ៉ាធ្វើដូច្នេះតាមរយៈដំណឹងក្នុងគម្ពីរ និងតាមរយៈសកម្មពលបរិសុទ្ធរបស់លោក។ ទំនាយពីអេ. ៥៤:១៣ ដែលបានត្រូវដកស្រង់នៅយ៉ូន. ៦:៤៥ សំដៅលើពួកអ្នកដែលបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌។—សូមពិនិត្យបន្ថែម យ៉ូន. ៦:៦៥
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៦:៦៤
លោកយេស៊ូជ្រាបថា . . . អ្នកណានឹងក្បត់លោក: លោកយេស៊ូកំពុងសំដៅទៅលើយូដាស អ៊ីស្ការីយ៉ុត។ មុនជ្រើសរើសសាវ័ក១២នាក់ លោកយេស៊ូបានចំណាយពេលអធិដ្ឋានពេញមួយយប់ទៅកាន់បិតារបស់លោកនៅស្ថានសួគ៌។ (លូក. ៦:១២-១៦) ដូច្នេះដំបូង យូដាសស្មោះត្រង់នឹងព្រះ។ ក៏ប៉ុន្តែ លោកយេស៊ូបានដឹងពីទំនាយក្នុងបទគម្ពីរភាសាហេប្រឺថាលោកនឹងត្រូវក្បត់ដោយមិត្តជិតស្និទ្ធ។ (ទំនុក. ៤១:៩; ១០៩:៨; យ៉ូន. ១៣:១៨, ១៩) លោកយេស៊ូជ្រាបអំពីចិត្តនិងគំនិតរបស់មនុស្ស ដូច្នេះលោកអាចដឹងចិត្តគំនិតរបស់យូដាសពេលគាត់ចាប់ផ្ដើមទៅជាអាក្រក់។ (ម៉ាថ. ៩:៤) ដោយសារព្រះដឹងទុកជាមុន ដូច្នេះលោកដឹងថាមិត្តដែលគួរឲ្យទុកចិត្តរបស់លោកយេស៊ូនឹងទៅជាអ្នកក្បត់។ ប៉ុន្តែ ព្រះមិនបានកំណត់ថាយូដាសនឹងក្បត់លោកយេស៊ូទេ ដោយសារនេះគឺផ្ទុយពីគុណសម្បត្ដិនិងការប្រព្រឹត្តមុនៗរបស់លោក។
ពីដំបូង: ពាក្យនេះមិនមែនសំដៅលើពេលដែលយូដាសកើត ឬពេលដែលគាត់បានត្រូវជ្រើសរើសជាសាវ័ក ដែលបានកើតឡើងក្រោយពីលោកយេស៊ូបានអធិដ្ឋានពេញមួយយប់នោះទេ។ (លូក. ៦:១២-១៦) ផ្ទុយទៅវិញ នោះសំដៅលើពេលយូដាសចាប់ផ្ដើមប្រព្រឹត្តដោយក្បត់។ ពេលនោះលោកយេស៊ូបានជ្រាបដឹងភ្លាមៗ។ (យ៉ូន. ២:២៤, ២៥; បប. ១:១; ២:២៣) នេះក៏បង្ហាញដែរថាការប្រព្រឹត្តដោយក្បត់របស់យូដាសគឺធ្វើឡើងដោយចេតនានិងដោយរៀបគម្រោង មិនមែនដោយចៃដន្យទេ។ អត្ថន័យនៃពាក្យ«ដំបូង» (ភាសាក្រិចar·kheʹ) ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចគឺផ្សេងៗអាស្រ័យទៅលើបរិបទ។ ជាឧទាហរណ៍ នៅ២ពេ. ៣:៤ ពាក្យភាសាក្រិចនេះក៏បានត្រូវប្រើដើម្បីសំដៅលើពេលចាប់ផ្ដើមនៃការបង្កើតពិភពលោក។ ប៉ុន្តែភាគច្រើន ពាក្យនេះបានត្រូវប្រើសម្រាប់អត្ថន័យចំៗ។ ឧទាហរណ៍ ពេត្រុសនិយាយថាជនជាតិដទៃទទួលសកម្មពលបរិសុទ្ធ«ដូចយើងបានទទួលនៅដើមដំបូងដែរ»។ (សកម្ម. ១១:១៥) ពេត្រុសមិនមែនសំដៅទៅលើពេលដែលគាត់កើត ឬពេលដែលគាត់បានត្រូវតែងតាំងជាសាវ័កឡើយ។ ផ្ទុយទៅវិញ គាត់កំពុងសំដៅទៅលើបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពោលគឺ«នៅដើមដំបូង»នៃការចាក់សកម្មពលបរិសុទ្ធដើម្បីគោលបំណងមួយ។ (សកម្ម. ២:១-៤) ពាក្យ«ដំបូង»ក៏បានត្រូវប្រើនៅលូក. ១:២; យ៉ូន. ១៥:២៧ និង១យ៉ូន. ២:៧ ហើយអត្ថន័យនៃពាក្យនេះផ្លាស់ប្ដូរទៅតាមបរិបទ។
ថ្ងៃទី២៤-៣០ ខែកញ្ញា
cf-E ទំ. ១០០-១០១ វ. ៥-៦
«បទគម្ពីរចែងថា»
៥ លោកយេស៊ូចង់ឲ្យមនុស្សដឹងថាដំណឹងរបស់លោកមកពីណា។ លោកបានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូន. ៧:១៦) នៅពេលមួយទៀត លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើអ្វីសោះដោយគំនិតរបស់ខ្ញុំផ្ទាល់ ប៉ុន្តែខ្ញុំនិយាយអ្វីៗដែលបិតានៅស្ថានសួគ៌បានបង្រៀនខ្ញុំ»។ (យ៉ូន. ៨:២៨) លើសពីនេះទៀត លោកមានប្រសាសន៍ថា៖ «អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិននិយាយចេញពីខ្លួនខ្ញុំឡើយ ប៉ុន្តែបិតានៅស្ថានសួគ៌ដែលរួបរួមជាមួយនឹងខ្ញុំជានិច្ច កំពុងធ្វើការរបស់លោក»។ (យ៉ូន. ១៤:១០) របៀបមួយដែលលោកយេស៊ូបង្ហាញថាប្រសាសន៍ទាំងនេះរបស់លោកជាការពិត គឺដោយដកស្រង់បណ្ដាំរបស់ព្រះម្ដងហើយម្ដងទៀត។
៦ ការសិក្សាយ៉ាងដិតដល់អំពីប្រសាសន៍របស់លោកយេស៊ូនៅក្នុងគម្ពីរ បង្ហាញថាលោកបានដកស្រង់ឬនិយាយអំពីសៀវភៅបទគម្ពីរភាសាហេប្រឺច្រើនជាងពាក់កណ្ដាល។ ដំបូង នោះស្ដាប់ទៅគ្មានអ្វីអស្ចារ្យទេ។ អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វី។ ក្នុងអំឡុងការបង្រៀននិងការផ្សព្វផ្សាយរយៈពេលបីឆ្នាំកន្លះ លោកមិនបានដកស្រង់បទគម្ពីរទាំងអស់ទេ។ តែតាមពិត លោកប្រហែលជាបានធ្វើដូច្នេះយ៉ាងល្អ។ សូមចាំថា មិនមែនប្រសាសន៍និងការប្រព្រឹត្តទាំងអស់របស់លោកយេស៊ូបានត្រូវកត់ទុកក្នុងគម្ពីរឡើយ។ (យ៉ូន. ២១:២៥) តាមពិតទៅ អ្នកប្រហែលជាអាចអានឮៗអំពីប្រសាសន៍របស់លោកយេស៊ូក្នុងគម្ពីរត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ឥឡូវ សូមស្រមៃគិតថាពេលយើងនិយាយអំពីព្រះនិងរាជាណាចក្ររបស់លោកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ យើងអាចប្រើសៀវភៅបទគម្ពីរភាសាហេប្រឺច្រើនជាងពាក់កណ្ដាល។ បើអាចធ្វើដូច្នេះបាន នេះពិតជាអស្ចារ្យមែន! បន្ថែមទៅទៀត ក្នុងករណីភាគច្រើនលោកយេស៊ូមិនមានរមូរនៅជិតទេ។ ពេលលោកថ្លែងសុន្ទរកថាដ៏ល្បីរបស់លោកនៅលើភ្នំ លោកបានដកស្រង់និងនិយាយអំពីបទគម្ពីរភាសាហេប្រឺជាច្រើនណាស់ តាមការនឹកចាំរបស់លោកទាំងអស់។