បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៦៤ ទំ. ១៥២-ទំ. ១៥៣ វ. ២
  • ហេតុអ្វីយើងត្រូវចេះអភ័យទោស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងត្រូវចេះអភ័យទោស?
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • មេរៀនមួយអំពីការអត់ឱនទោស
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ហេតុអ្វីយើងគួរអភ័យទោស?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ពួកគេដើរជាប់តាមកូនចៀម»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៦៤ ទំ. ១៥២-ទំ. ១៥៣ វ. ២
ខ្ញុំបម្រើម្នាក់ចាប់ច្របាច់កខ្ញុំបម្រើដូចគ្នា

ជំពូក​ទី​៦៤

ហេតុ​អ្វី​យើង​ត្រូវ​ចេះ​អភ័យ​ទោស?

ម៉ាថាយ ១៨:២១​-​៣៥

  • តើ​ត្រូវ​អភ័យ​ទោស​៧​ដង​ឬ?

  • ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា

ពេត្រុស​បាន​ឮ​ឱវាទ​របស់​លោក​យេស៊ូ​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ដោយ​ព្យាយាម​ទៅ​ជួប​អ្នក​ដែល​បាន​ធ្វើ​ខុស។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេត្រុស​ហាក់​ដូច​ជា​ចង់​ដឹង​ច្បាស់​ថា តើ​បុគ្គល​ម្នាក់​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ប៉ុន្មាន​ដង?

ពេត្រុស​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ពេល​បង​ប្អូន​ខ្ញុំ​ធ្វើ​ខុស​នឹង​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?​»។ ហេតុ​អ្វី​គាត់​សួរ​ដូច្នេះ? ពី​ព្រោះ​អ្នក​ដឹក​នាំ​សាសនា​ខ្លះ​បង្រៀន​ថា​បុគ្គល​ម្នាក់​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដល់​ទៅ​បី​ដង។ ដូច្នេះ ពេត្រុស​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មាន​ចិត្ត​សប្បុរស​ណាស់ បើ​គាត់​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​គាត់​«​រហូត​ដល់​ប្រាំ​ពីរ​ដង​»។—ម៉ាថាយ ១៨:២១

ក៏​ប៉ុន្តែ ការ​ចាំ​ឬ​រាប់​ចំនួន​ដង​ដែល​យើង​បាន​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែល​ធ្វើ​ខុស​នឹង​យើង គឺ​មិន​ស្រប​នឹង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ឡើយ។ ដូច្នេះ លោក​កែ​តម្រង់​ទស្សនៈ​របស់​ពេត្រុស ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​រហូត​ដល់​ប្រាំ​ពីរ​ដង​ទេ តែ​រហូត​ដល់​ចិតសិប​ប្រាំ​ពីរ​ដង​»។ (​ម៉ាថាយ ១៨:២២​) បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រសាសន៍​របស់​លោក​មាន​ន័យ​ថា​បុគ្គល​ម្នាក់​ត្រូវ​អភ័យ​ទោស​រហូត។ ដូច្នេះ ពេត្រុស​គួរ​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​គាត់​ដោយ​គ្មាន​ចំនួន​កំណត់។

ស្តេចអភ័យទោសឲ្យខ្ញុំបម្រើដោយឲ្យគាត់រួចពីបំណុល

បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​ពេត្រុស​និង​អ្នក​ឯ​ទៀត​អំពី​ឧទាហរណ៍​មួយ​ដែល​ជួយ​ពួក​គាត់​ឲ្យ​យល់​ថា​ពួក​គាត់​មាន​ភារកិច្ច​ក្នុង​ការ​អភ័យ​ទោស។ ឧទាហរណ៍​នោះ​រៀប​រាប់​អំពី​ខ្ញុំ​បម្រើ​ម្នាក់​ដែល​មិន​ធ្វើ​តាម​គំរូ​របស់​ម្ចាស់​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា។ នៅ​ពេល​មួយ ស្តេច​ដែល​ជា​ម្ចាស់​ចង់​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​សង​បំណុល នោះ​គេ​បាន​នាំ​ខ្ញុំ​បម្រើ​ម្នាក់​ដែល​ជំពាក់​លោក​១០.០០០​ថាលិន[​ស្មើ​៦០​លាន​ឌីណារី​]មក។ ខ្ញុំ​បម្រើ​នេះ​ពិត​ជា​គ្មាន​លទ្ធភាព​ដើម្បី​សង​បំណុល​នេះ​បាន​ឡើយ។ ដូច្នេះ ម្ចាស់​របស់​គាត់​បង្គាប់​ឲ្យ​គេ​លក់​គាត់ ប្រពន្ធ​កូន​របស់​គាត់ និង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន រួច​យក​ប្រាក់​មក​សង​បំណុល។ ពេល​ឮ​ដូច្នេះ ខ្ញុំ​បម្រើ​នោះ​បាន​លុត​ជង្គង់​ក្រាប​ក្បាល​ចុះ​ជិត​ជើង​របស់​ម្ចាស់ ហើយ​អង្វរ​ថា​៖ ​«​សូម​លោក​មេត្ដា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​សង​លោក​ឲ្យ​គ្រប់​ចំនួន​»។—ម៉ាថាយ ១៨:២៦

ខ្ញុំបម្រើកំពុងឲ្យគេចាប់ខ្ញុំបម្រើម្នាក់ទៀតដាក់គុក

នេះ​បាន​ធ្វើ​ឲ្យ​ស្តេច​ដែល​ជា​ម្ចាស់​មាន​ចិត្ត​ក្ដួល​អាណិត ហើយ​ដោយ​ចិត្ត​មេត្ដា​ករុណា​លោក​បាន​លែង​គាត់​ទៅ ដោយ​ឲ្យ​រួច​បំណុល​ដ៏​ច្រើន។ ក្រោយ​ពី​ស្តេច​នោះ​បាន​ធ្វើ​ដូច្នេះ​ហើយ ខ្ញុំ​បម្រើនោះ​បាន​ចេញ​ទៅ​រក​ខ្ញុំ​បម្រើ​ដូច​គ្នា​ម្នាក់​ទៀត ដែល​ជំពាក់​គាត់​១០០​ឌីណារី លុះ​ឃើញ​ហើយ ក៏​ចាប់​គាត់ ហើយ​ច្របាច់​ក​ដោយ​ប្រាប់​ថា​៖ ​«​សង​អ្វី​ដែល​ឯង​ជំពាក់​មក!​»។ ប៉ុន្តែ ខ្ញុំ​បម្រើ​ម្នាក់​នោះ​បាន​លុត​ជង្គង់​ជិត​ជើង​ខ្ញុំ​បម្រើ​ដែល​គាត់​ជំពាក់​បំណុល ហើយ​អង្វរ​ថា​៖ ​«​សូម​មេត្ដា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​សង​អ្នក​»។ (​ម៉ាថាយ ១៨:២៨, ២៩​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បម្រើ​ដែល​ម្ចាស់​បាន​ឲ្យ​រួច​ពី​បំណុល មិន​បាន​យក​តម្រាប់​ម្ចាស់​របស់​គាត់​ទេ តែ​គាត់​បាន​ចេញ​ទៅ​ឲ្យ​គេ​យក​ខ្ញុំ​បម្រើ​ដែល​ជំពាក់​បំណុល​តិច​តួច​នោះ ទៅ​ដាក់​គុក​រហូត​ដល់​គាត់​សង​អ្វី​ដែល​បាន​ជំពាក់។

ស្តេចចាត់ឲ្យគេចាប់ខ្ញុំបម្រើដែលគ្មានមេត្ដាដាក់គុក

បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​ថា​ពេល​ដែល​ខ្ញុំ​បម្រើ​ដូច​គ្នា​ឯ​ទៀត​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​នោះ ពួក​គេ​ក៏​បាន​ទៅ​ប្រាប់​ម្ចាស់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង។ រួច​មក ម្ចាស់​ក៏​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ហៅ​គាត់​មក​ហើយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បម្រើ​ទុច្ចរិត! ខ្ញុំ​បាន​ឲ្យ​អ្នក​រួច​បំណុល​ដ៏​ច្រើន​នោះ ពេល​ដែល​អ្នក​អង្វរ​ខ្ញុំ។ អ្នក​គួរ​មេត្ដា​ដល់​ខ្ញុំ​បម្រើ​ដូច​គ្នា ដូច​ខ្ញុំ​ធ្លាប់​មាន​ចិត្ត​មេត្ដា​ដល់​អ្នក​ដែរ មែន​ទេ?​»។ ពេល​មាន​ប្រសាសន៍​ចប់​ហើយ ម្ចាស់​ក៏​បាន​ប្រគល់​ខ្ញុំ​បម្រើ​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​នោះ​ទៅ​ឲ្យ​អ្នក​យាម​គុក រហូត​ដល់​គាត់​សង​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ជំពាក់។ លោក​យេស៊ូ​បាន​បញ្ចប់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត​»។—ម៉ាថាយ ១៨:៣២​-​៣៥

នេះ​គឺ​ជា​មេ​រៀន​ល្អ​ណាស់​អំពី​ការ​អភ័យ​ទោស! ព្រះ​បាន​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​ដ៏​ច្រើន​របស់​យើង។ ម្ល៉ោះ​ហើយ ទោះ​ជា​បង​ប្អូន​រួម​ជំនឿ​បាន​ធ្វើ​ខុស​យ៉ាង​ណា​ចំពោះ​យើង នោះ​គឺ​ជា​រឿង​តូច​តាច​ណាស់ បើ​ប្រៀប​ធៀប​នឹង​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ។ បន្ថែម​ទៀត ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​រាប់​ពាន់​ដង មិន​គ្រាន់​តែ​មួយ​ដង​ប៉ុណ្ណោះ​ទេ។ ដូច្នេះ សូម្បី​តែ​យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​ខឹង តើ​យើង​អាច​អភ័យ​ទោស​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ច្រើន​ដង​បាន​ទេ? ដូច​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ​ដែល​ថា ព្រះ​នឹង​«​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ​»។—ម៉ាថាយ ៦:១២

  • តើ​អ្វី​បាន​នាំ​ឲ្យ​ពេត្រុស​សួរ​លោក​យេស៊ូ​អំពី​ការ​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​គាត់ ហើយ​ហេតុ​អ្វី​គាត់​ទំនង​ជា​គិត​ថា​គាត់​មាន​ចិត្ត​សប្បុរស​បើ​អភ័យ​ទោស​ឲ្យ​បុគ្គល​ម្នាក់​៧​ដង?

  • តើ​ការ​ប្រព្រឹត្ត​របស់​ស្តេច​ចំពោះ​ការ​អង្វរ​សុំ​របស់​ខ្ញុំ​បម្រើ​ឲ្យ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ខុស​គ្នា​យ៉ាង​ណា​ពី​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បម្រើ​នោះ​ចំពោះ​ការ​អង្វរ​សុំ​របស់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត?

  • តើ​យើង​គួរ​ទាញ​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក