ជំពូកទី៩៣
កូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ
រាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមពួកគេ
ពេលលោកយេស៊ូនឹងត្រូវសម្ដែងឲ្យឃើញ តើនឹងមានស្ថានភាពយ៉ាងណា?
លោកយេស៊ូប្រហែលជានៅស្រុកសាម៉ារី ឬស្រុកកាលីឡេនៅឡើយ។ ឥឡូវ ពួកផារិស៊ីសួរលោកអំពីពេលដែលរាជាណាចក្រព្រះមកដល់។ ពួកគេរំពឹងថានៅពេលនោះនឹងមានពិធីយ៉ាងឱឡារិក។ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «រាជាណាចក្ររបស់ព្រះនឹងមិនមកតាមបែបដែលងាយកត់សម្គាល់នោះទេ ក៏នឹងមិនមានគេថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› ពីព្រោះរាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។—លូកា ១៧:២០, ២១
អ្នកខ្លះប្រហែលជាគិតថាលោកយេស៊ូកំពុងមានប្រសាសន៍ថា រាជាណាចក្រព្រះគ្រាន់តែជាស្ថានភាពមួយក្នុងចិត្តរបស់អ្នកបម្រើព្រះប៉ុណ្ណោះ។ ប៉ុន្តែ នេះមិនអាចទៅរួចទេ ព្រោះរាជាណាចក្រព្រះមិននៅក្នុងចិត្តរបស់ពួកផារិស៊ីដែលលោកយេស៊ូកំពុងមានប្រសាសន៍ទៅកាន់នោះឡើយ។ ផ្ទុយទៅវិញ រាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមពួកគេ ដោយសារលោកយេស៊ូដែលព្រះបានតែងតាំងជាស្តេចនៃរាជាណាចក្រ បាននៅកណ្ដាលចំណោមពួកគេ។—ម៉ាថាយ ២១:៥
ទំនងជាក្រោយពីពួកផារិស៊ីបានចាកចេញទៅ លោកយេស៊ូប្រាប់ព័ត៌មានបន្ថែមទៅអ្នកកាន់តាមលោក អំពីពេលដែលរាជាណាចក្ររបស់ព្រះមកដល់។ ស្តីអំពីវត្តមានរបស់លោកជាស្តេចនៃរាជាណាចក្រព្រះ លោកព្រមានពួកអ្នកកាន់តាមថា៖ «នឹងមានគ្រាមកដល់ ពេលដែលអ្នករាល់គ្នានឹងមានចិត្តចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស តែអ្នកនឹងមិនឃើញឡើយ»។ (លូកា ១៧:២២) លោកយេស៊ូកំពុងបញ្ជាក់ថាការគ្រប់គ្រងរបស់កូនមនុស្សក្នុងរាជាណាចក្រព្រះនឹងកើតឡើងនាអនាគត។ មុនពេលនោះមកដល់ អ្នកកាន់តាមខ្លះប្រហែលជាចង់ឃើញយ៉ាងខ្លាំងនូវការគ្រប់គ្រងរបស់កូនមនុស្ស ប៉ុន្តែពួកគេនឹងត្រូវបន្តរង់ចាំរហូតដល់កូនមនុស្សមកតាមពេលកំណត់របស់ព្រះ។
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «នឹងមានគេប្រាប់អ្នករាល់គ្នាថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› តែកុំចេញទៅឬរត់តាមពួកគេឡើយ។ ព្រោះកូនមនុស្សនឹងដូចផ្លេកបន្ទោរដែលភ្លឺពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្រោមមេឃ»។ (លូកា ១៧:២៣, ២៤) តើតាមរបៀបណាអ្នកកាន់តាមលោកយេស៊ូនឹងទទួលការការពារមិនឲ្យទៅតាមមេស្ស៊ីក្លែងក្លាយ? លោកយេស៊ូមានប្រសាសន៍ថាពេលដែលមេស្ស៊ីពិតមកដល់ វត្តមានរបស់លោកនឹងដូចផ្លេកបន្ទោរដែលមនុស្សនៅទីជិតឆ្ងាយអាចឃើញបាន។ អស់អ្នកដែលសង្កេតមើលនឹងឃើញយ៉ាងច្បាស់នូវភ័ស្តុតាងដែលបញ្ជាក់ថាលោកមានអំណាចគ្រប់គ្រងជាស្តេចនៃរាជាណាចក្រព្រះ។
បន្ទាប់មក លោកយេស៊ូលើកកំណត់ហេតុពីសម័យបុរាណដើម្បីប្រៀបធៀបចិត្តគំនិតរបស់មនុស្សនៅសម័យនោះ ទៅនឹងចិត្តគំនិតរបស់មនុស្សនៅគ្រាអនាគត។ លោកមានប្រសាសន៍ថា៖ «គ្រារបស់កូនមនុស្សក៏នឹងដូចសម័យរបស់ណូអេដែរ . . . ក៏នឹងដូចសម័យរបស់ឡុតដែរ គឺមនុស្សនៅសម័យនោះរវល់ផឹកនិងបរិភោគ ទិញលក់ ដាំដុះ សាងសង់។ ប៉ុន្តែនៅថ្ងៃដែលឡុតចេញពីក្រុងសូដុមមក នោះភ្លើងនិងស្ពាន់ធ័របានធ្លាក់ពីលើមេឃបំផ្លាញពួកគេទាំងអស់គ្នាទៅ។ នៅថ្ងៃដែលកូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ ក៏នឹងដូចគ្នាដែរ»។—លូកា ១៧:២៦-៣០
លោកយេស៊ូមិនមានន័យថាមនុស្សនៅសម័យរបស់ណូអេនិងសម័យរបស់ឡុត បានត្រូវបំផ្លាញចោលដោយសារពួកគេធ្វើកិច្ចការធម្មតាដូចជាផឹកនិងបរិភោគ ទិញលក់ ដាំដុះ និងសាងសង់នោះឡើយ ពីព្រោះណូអេ ឡុត និងក្រុមគ្រួសាររបស់ពួកគាត់ក៏ធ្វើកិច្ចការទាំងនោះខ្លះដែរ។ ប៉ុន្តែ មនុស្សឯទៀតកំពុងរវល់នឹងកិច្ចការទាំងនោះដោយមិនខ្វល់ខ្វាយនឹងគោលបំណងរបស់ព្រះ ហើយមិនយកចិត្តទុកដាក់នឹងគ្រាដែលពួកគេរស់នៅទេ។ ហេតុនេះ លោកយេស៊ូកំពុងដាស់តឿនអ្នកកាន់តាមលោកឲ្យយកចិត្តទុកដាក់នឹងគោលបំណងរបស់ព្រះ ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ព្រះ។ តាមពិត លោកកំពុងបង្ហាញពួកគេនូវរបៀបរក្សាជីវិតឬក៏រួចរស់ជីវិត ពេលព្រះបំផ្លាញរបៀបរបបពិភពលោកនេះចោលនាអនាគត។
ពួកអ្នកកាន់តាមលោកយេស៊ូមិនត្រូវឲ្យ«អ្វីៗនៅខាងក្រោយ» ឬអ្វីៗក្នុងពិភពលោកនេះ បង្វែរអារម្មណ៍របស់ពួកគាត់ឡើយ។ លោកយេស៊ូមានប្រសាសន៍ថា៖ «នៅថ្ងៃនោះ អ្នកណាដែលនៅលើដំបូលផ្ទះ តែមានរបស់របរនៅក្នុងផ្ទះ កុំឲ្យអ្នកនោះចុះទៅយកឡើយ ហើយអ្នកណាដែលនៅស្រែចម្ការ កុំឲ្យអ្នកនោះត្រឡប់ទៅរកអ្វីៗនៅខាងក្រោយឡើយ។ ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត»។ (លូកា ១៧:៣១, ៣២) នាងបានក្លាយទៅជាបង្គោលអំបិល។
លោកយេស៊ូបន្តរៀបរាប់អំពីស្ថានភាពនៅពេលដែលកូនមនុស្សនឹងគ្រប់គ្រងជាស្តេច ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «នៅយប់នោះ នឹងមានបុរសពីរនាក់ដេកលើគ្រែតែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។ (លូកា ១៧:៣៤) ដូច្នេះ មនុស្សខ្លះនឹងទទួលការសង្គ្រោះ ប៉ុន្តែអ្នកខ្លះទៀតនឹងត្រូវទុកចោល ឬក៏បាត់បង់ជីវិត។
ដូច្នេះ ពួកអ្នកកាន់តាមសួរលោកយេស៊ូថា៖ «តើកន្លែងណាលោកម្ចាស់?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «សាកសពនៅទីណា សត្វឥន្ទ្រីក៏នឹងមកជុំគ្នានៅទីនោះដែរ»។ (លូកា ១៧:៣៧) អស់អ្នកដែលនឹងទទួលការសង្គ្រោះគឺប្រៀបដូចជាឥន្ទ្រីដែលអាចមើលឃើញឆ្ងាយ។ ពួកគេនឹងជុំគ្នានៅខាងគ្រិស្តដ៏ពិត ពោលគឺកូនមនុស្ស។ នៅគ្រាអនាគតនោះ លោកយេស៊ូនឹងផ្ដល់នូវសេចក្ដីពិតដែលសង្គ្រោះជីវិតដល់អ្នកកាន់តាមលោកដែលបង្ហាញជំនឿ។