បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 កុម្ភៈ ទំ. ១៤-១៩
  • ព្រះយេហូវ៉ាដឹកនាំរាស្ត្ររបស់លោក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាដឹកនាំរាស្ត្ររបស់លោក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​គាត់​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ
  • ទេវតា​បាន​ជួយ​ពួក​គាត់
  • បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​ពួក​គាត់
  • ព្រះ​យេហូវ៉ា​តែង​តាំង​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់
  • «អ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរទុកចិត្តគ្រិស្តដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • យ៉ូស្វេទៅជាមេដឹកនាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 កុម្ភៈ ទំ. ១៤-១៩
ម៉ូសេនិងអេរ៉ុនកំពុងនៅមុខផារ៉ូ

ព្រះ​យេហូវ៉ា​ដឹក​នាំ​រាស្ត្រ​របស់​លោក

​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជា​និច្ច​»។—អេសាយ ៥៨:១១

ចម្រៀង​លេខ: ១៥២, ២២

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

តើ​តាម​របៀប​ណា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ​និង​លោក​យេស៊ូ​គ្រិស្ត​បាន . . .

  • ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ?

  • ទទួល​ជំនួយ​ពី​ទេវតា?

  • ត្រូវ​ណែនាំ​ដោយ​បណ្ដាំ​របស់​ព្រះ?

១, ២​. (​ក​) តើ​សាក្សី​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​សាសនា​ឯ​ទៀត? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់?

មនុស្ស​ច្រើន​តែ​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ពួក​អ្នក?​»។ ពួក​គេ​ឆ្ងល់​ដូច្នេះ​ដោយ​សារ​សាសនា​ជា​ច្រើន​មាន​បុរស​ឬ​ស្ត្រី​ណា​ម្នាក់​ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ។ ប៉ុន្តែ យើង​មាន​មោទនភាព​ដែល​យើង​អាច​និយាយ​ថា​អ្នក​ដឹក​នាំ​របស់​យើង​មិន​មែន​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ណា​ម្នាក់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដឹក​នាំ​របស់​យើង​ជា​លោក​យេស៊ូ​គ្រិស្ត! ម្យ៉ាង​ទៀត លោក​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដឹក​នាំ​និង​ជា​បិតា​របស់​លោក។—ម៉ាថាយ ២៣:១០

២ មាន​បុរស​មួយ​ក្រុម​ដែល​បាន​ត្រូវ​ហៅ​ថា​៖ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដែល​កំពុង​នាំ​មុខ​រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថាយ ២៤:៤៥​) ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​ដឹង​ថា​គឺ​ពិត​ជា​ព្រះ​យេហូវ៉ា​ដែល​ដឹក​នាំ​យើង​តាម​រយៈ​បុត្រ​របស់​លោក? យើង​នឹង​ពិចារណា​មូលហេតុ​បី​យ៉ាង​ដែល​យើង​អាច​ប្រាកដ​ដូច្នេះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​ខ្លះ​ដើម្បី​ដឹក​នាំ​រាស្ត្រ​របស់​លោក​ក្ដី យើង​នឹង​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​លោក​នៅ​សម័យ​បុរាណ​និង​នៅ​សព្វ​ថ្ងៃ​នេះ។—អេសាយ ៥៨:១១

ពួក​គាត់​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ

៣​. តើ​អ្វី​បាន​ជួយ​ម៉ូសេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល?

៣ តំណាង​របស់​ព្រះ​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ។ ព្រះ​បាន​ជ្រើស​រើស​ម៉ូសេ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ? ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ​នូវ​«​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​ឬ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​សូម​អាន អេសាយ ៦៣:១១​-​១៤​) ដូច្នេះ​តាម​ពិត​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​រាស្ត្រ​របស់​លោក ដោយ​សារ​គឺ​សកម្មពល​របស់​លោក​ដែល​បាន​ជួយ​ម៉ូសេ។

៤​. តើ​អ្វី​បង្ហាញ​ថា​ម៉ូសេ​មាន​សកម្មពល​របស់​ព្រះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៤ តើ​អ្នក​ឯ​ទៀត​បាន​ឃើញ​ថា​ម៉ូសេ​មាន​សកម្មពល​របស់​ព្រះ​ឬ​ទេ? ពួក​គេ​បាន​ឃើញ​មែន! សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ម៉ូសេ​នូវ​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ​និង​ធ្វើ​ឲ្យ​ផារ៉ូ​ដែល​ជា​ស្តេច​ដ៏​ខ្លាំង​ក្លា​នៃ​ស្រុក​អេស៊ីប​ស្គាល់​នាម​របស់​ព្រះ។ (​និក្ខមនំ ៧:១​-​៣​) សកម្មពល​បរិសុទ្ធ​ក៏​បាន​ជួយ​ម៉ូសេ​ឲ្យ​ទៅ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់​ធ្មត់​ដែរ។ គាត់​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​អ្នក​ដឹក​នាំ​នៅ​ស្រុក​ផ្សេង​ៗ​ដែល​គ្មាន​មេត្ដា​និង​គិត​តែ​ប្រយោជន៍​ខ្លួន! (​និក្ខមនំ ៥:២, ៦​-​៩​) យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ម៉ូសេ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​លោក។

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សកម្មពល​បរិសុទ្ធ​ដល់​អ្នក​ណា​ទៀត​ដើម្បី​ឲ្យ​ពួក​គាត់​ដឹក​នាំ​រាស្ត្រ​របស់​លោក?

៥ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សកម្មពល​បរិសុទ្ធ​ដល់​អ្នក​ណា​ទៀត​ដើម្បី​ឲ្យ​ពួក​គាត់​ដឹក​នាំ​រាស្ត្រ​របស់​លោក? គម្ពីរ​ចែង​ថា​៖ ​«​យ៉ូស្វេ​ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​»។ (​ចោទិយកថា ៣៤:៩​) ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន​»។ (​ពួក​ចៅហ្វាយ ៦:៣៤​) ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ​»។ (​សាំយូអែល​ទី១ ១៦:១៣​) បុរស​ទាំង​នេះ​បាន​ពឹង​ផ្អែក​លើ​សកម្មពល​របស់​ព្រះ​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គាត់​មិន​អាច​ធ្វើ​បាន​ដោយ​ពឹង​លើ​កម្លាំង​របស់​ខ្លួន។ (​យ៉ូស្វេ ១១:១៦, ១៧; ពួក​ចៅហ្វាយ ៧:៧, ២២; សាំយូអែល​ទី១ ១៧:៣៧, ៥០​) យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដល់​ឫទ្ធា​នុភាព​ដល់​ពួក​គាត់​ដើម្បី​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ ដូច្នេះ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​សម​នឹង​ទទួល​ការ​សរសើរ។

តាម​ពិត​ពេល​រាស្ត្រ​របស់​ព្រះ​បាន​ស្ដាប់​បង្គាប់​ម៉ូសេ យ៉ូស្វេ គេឌាន និង​ដាវីឌ ពួក​គេ​កំពុង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ

៦​. ហេតុ​អ្វី​ព្រះ​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​គោរព​អ្នក​ដឹក​នាំ​នៃ​អ៊ីស្រាអែល?

៦ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​បាន​ផ្ដល់​ឫទ្ធា​នុភាព​ឲ្យ​ម៉ូសេ យ៉ូស្វេ គេឌាន និង​ដាវីឌ តើ​ពួក​គេ​គួរ​ធ្វើ​អ្វី? ជន​ជាតិ​អ៊ីស្រាអែល​គួរ​តែ​គោរព​ពួក​គាត់។ សូម​កត់​សម្គាល់​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​បាន​ត្អូញត្អែរ​អំពី​ម៉ូសេ លោក​បាន​សួរ​ថា​៖ ​«​តើ​ជន​ទាំង​ឡាយ​នេះ នឹង​នៅ​តែ​មើល​ងាយ​អញ​ដល់​កាល​ណា​ទៀត?​»។ (​ជន​គណនា ១៤:២, ១១​) ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បុរស​ទាំង​នេះ​ឲ្យ​ដឹក​នាំ​រាស្ត្រ​របស់​លោក។ តាម​ពិត​ពេល​បណ្ដា​ជន​បាន​ស្ដាប់​បង្គាប់​បុរស​ទាំង​នេះ ពួក​គេ​កំពុង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ។

ទេវតា​បាន​ជួយ​ពួក​គាត់

៧​. តើ​ទេវតា​បាន​ជួយ​ម៉ូសេ​យ៉ាង​ដូច​ម្ដេច?

៧ ទេវតា​បាន​ជួយ​តំណាង​របស់​ព្រះ។ (​សូម​អាន ហេប្រឺ ១:៧, ១៤​) ព្រះ​បាន​ប្រើ​ទេវតា​ដើម្បី​ណែនាំ​ម៉ូសេ។ ទេវតា​មួយ​រូប​«​បាន​លេច​មក​ជួប​គាត់​ក្នុង​គុម្ព​បន្លា​»​ ហើយ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​គាត់​រំដោះ​និង​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ (​សកម្មភាព ៧:៣៥​) តាម​រយៈ​ទេវតា ព្រះ​បាន​ឲ្យ​ច្បាប់​ដល់​ម៉ូសេ​ដើម្បី​ណែនាំ​ជន​ជាតិ​អ៊ីស្រាអែល។ (​កាឡាទី ៣:១៩​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ‹ចូរ​នាំ​បណ្ដា​ជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ។ មើល! ទេវតា​អញ​នឹង​នាំ​មុខ​ឯង›។ (​និក្ខមនំ ៣២:៣៤​) គម្ពីរ​មិន​បាន​ចែង​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ទេវតា​ធ្វើ​កិច្ច​ការទាំង​នោះ​ទេ។ ប៉ុន្តែ របៀប​ដែល​ម៉ូសេ​ណែនាំ​បណ្ដា​ជន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ទេវតា​បាន​ជួយ​គាត់។

៨​. តើ​ទេវតា​បាន​ជួយ​យ៉ូស្វេ​និង​ហេសេគា​យ៉ាង​ដូច​ម្ដេច?

៨ តើ​ទេវតា​បាន​ជួយ​អ្នក​ណា​ទៀត? គម្ពីរ​ចែង​ថា​ទេវតា​មួយ​រូប​ដែល​ជា​«​កំពូល​លើ​ពួក​ពល​ផង​ព្រះ​យេហូវ៉ា​»​បាន​ជួយ​យ៉ូស្វេ​ឲ្យ​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន។ (​យ៉ូស្វេ ៥:១៣​-​១៥; ៦:២, ២១​) ក្រោយ​មក ពេល​ដែល​ស្តេច​ហេសេគា​ធ្វើ​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ កង​ទ័ព​ដ៏​ច្រើន​សន្ធឹក​របស់​ជន​ជាតិ​អាសស៊ើរ​បាន​គំរាម​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ ក្នុង​រយៈ​ពេល​មួយ​យប់‹ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចេញ​ទៅ​សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់›។—ពង្សាវតារ​ក្សត្រ​ទី២ ១៩:៣៥

៩​. ទោះ​ជា​ពួក​អ្នក​ដែល​ជា​តំណាង​របស់​ព្រះ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​អ្វី?

៩ ទេវតា​គឺ​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ បុរស​ដែល​ទេវតា​បាន​ជួយ​មិន​មែន​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ​ទេ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​ដែល​ម៉ូសេ​មិន​បាន​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​ទេ។ (​ជន​គណនា ២០:១២​) យ៉ូស្វេ​មិន​បាន​សុំ​យោបល់​ពី​ព្រះ​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ ពេល​ជន​ជាតិ​គីបៀន​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​គាត់។ (​យ៉ូស្វេ ៩:១៤, ១៥​) នៅ​ពេល​មួយ ហេសេគា​មាន​អំណួត។ (​របា​ក្សត្រ​ទី២ ៣២:២៥, ២៦​) ទោះ​ជា​បុរស​ទាំង​នេះ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ស្ដាប់​បង្គាប់​ពួក​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​ដើម្បី​គាំ​ទ្រ​បុរស​ទាំង​នេះ។ មែន​ហើយ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​រាស្ត្រ​របស់​លោក។

បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​ពួក​គាត់

១០​. តើ​ច្បាប់​របស់​ព្រះ​បាន​ណែនាំ​ម៉ូសេ​យ៉ាង​ដូច​ម្ដេច?

១០ បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​ពួក​អ្នក​ដែល​ជា​តំណាង​របស់​លោក។ គម្ពីរ​ហៅ​ច្បាប់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ថា​«​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ​»​ឬ​ច្បាប់​ម៉ូសេ។ (​ពង្សាវតារ​ក្សត្រ​ទី១ ២:៣​) ប៉ុន្តែ គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ឲ្យ​ច្បាប់​នោះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ម្យ៉ាង​ទៀត ម៉ូសេ​ក៏​ត្រូវ​ធ្វើ​តាម​ច្បាប់​នោះ​ដែរ។ (​របា​ក្សត្រ​ទី២ ៣៤:១៤​) ជា​ឧទាហរណ៍ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​អំពី​របៀប​ដំឡើង​ត្រសាល ​«​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។—និក្ខមនំ ៤០:១​-​១៦

១១, ១២​. (​ក​) តើ​យ៉ូស្វេ​និង​ស្តេច​ឯ​ទៀត​ដែល​បាន​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​ត្រូវ​ធ្វើ​អ្វី? (​ខ​) តើ​តាម​របៀប​ណា​បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​បុរស​ដែល​នាំ​មុខ?

១១ យ៉ូស្វេ​មាន​មួយ​ផ្នែក​នៃ​បណ្ដាំ​របស់​ព្រះ​ពេល​ដែល​គាត់​បាន​ទៅ​ជា​អ្នក​ដឹក​នាំ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ‹ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ›។ (​យ៉ូស្វេ ១:៨​) ស្តេច​ដែល​បាន​គ្រប់​គ្រង​រាស្ត្រ​របស់​ព្រះ​ក្រោយ​ៗ​មក ក៏​ត្រូវ​អាន​ច្បាប់​នោះ​ជា​រៀង​រាល់​ថ្ងៃ ចម្លង និង​«​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​នឹង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង​»។—សូម​អាន ចោទិយកថា ១៧:១៨​-​២០

១២ តើ​តាម​របៀប​ណា​បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​បុរស​ដែល​បាន​នាំ​មុខ? សូម​គិត​អំពី​គំរូ​របស់​ស្តេច​យ៉ូសៀស។ បន្ទាប់​ពី​ច្បាប់​របស់​ម៉ូសេ​បាន​ត្រូវ​រក​ឃើញ ស្មៀន​របស់​យ៉ូសៀស​បាន​ចាប់​ផ្ដើម​អាន​ច្បាប់​នោះ​ដល់​គាត់។a (​សូម​មើល​កំណត់​សម្គាល់​) ​«​កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ក្រិត្យ​វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ​ពស្ត្រ​»។ ក្រោយ​មក បណ្ដាំ​របស់​ព្រះ​បាន​ជំរុញ​ចិត្ត​យ៉ូសៀស​ឲ្យ​បំផ្លាញ​រូប​ព្រះ​ទាំង​អស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​គាត់​បាន​រៀប​ចំ​បុណ្យ​រំលង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ (​ពង្សាវតារ​ក្សត្រ​ទី២ ២២:១១; ២៣:១​-​២៣​) យ៉ូសៀស​និង​អ្នក​ដឹក​នាំ​ស្មោះ​ត្រង់​ឯ​ទៀត​បាន​សុខ​ចិត្ត​កែ​ប្រែ​ការ​ណែនាំ​ដែល​ពួក​គាត់​បាន​ផ្ដល់​ឲ្យ​រាស្ត្រ​ព្រះ ដោយ​សារ​ពួក​គាត់​ចង់​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ។ ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​បាន​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ស្ដាប់​បង្គាប់​លោក។

១៣​. តើ​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​ខុស​គ្នា​យ៉ាង​ណា​ពី​អ្នក​ដឹក​នាំ​របស់​ប្រជា​ជាតិ​ឯ​ទៀត?

១៣ ពួក​អ្នក​ដែល​បាន​ដឹក​នាំ​ប្រជា​ជាតិ​ឯ​ទៀត​មាន​តែ​ប្រាជ្ញា​របស់​មនុស្ស​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​ដើម្បី​ណែនាំ​ពួក​គេ។ ជា​ឧទាហរណ៍ អ្នក​ដឹក​នាំ​ជន​ជាតិ​កាណាន​និង​បណ្ដា​ជន​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន ដូច​ជា​ការ​រួម​ភេទ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន ការ​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា ការ​រួម​សង្វាស​នឹង​សត្វ ការ​បូជា​កូន និង​ការ​គោរព​បូជា​រូប​ព្រះ។ (​លេវីវិន័យ ១៨:៦, ២១​-​២៥​) ម្យ៉ាង​ទៀត អ្នក​ដឹក​នាំ​ជន​ជាតិ​បាប៊ីឡូន​និង​ជន​ជាតិ​អេស៊ីប​មិន​មាន​ច្បាប់​ខាង​ការ​ស្អាត​ស្អំ​ដូច​ដែល​រាស្ត្រ​របស់​ព្រះ​មាន​នោះ​ទេ។ (​ជន​គណនា ១៩:១៣​) ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​បាន​ឃើញ​របៀប​ដែល​អ្នក​ដឹក​នាំ​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍ ខាង​អនាម័យ និង​ខាង​សីលធម៌។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ដឹក​នាំ​ពួក​គាត់។

១៤​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ប្រៀន​ប្រដៅ​អ្នក​ដឹក​នាំ​ខ្លះ​នៃ​រាស្ត្រ​លោក?

១៤ មិន​មែន​ស្តេច​ទាំង​អស់​ដែល​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​ទេ។ ស្តេច​មិន​ស្មោះ​ត្រង់​ទាំង​នោះ​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ទេវតា​របស់​លោក និង​បណ្ដាំ​របស់​លោក។ ក្នុង​ករណី​ខ្លះ ព្រះ​យេហូវ៉ា​បាន​ប្រៀន​ប្រដៅ​ពួក​គេ ឬ​បាន​ប្ដូរ​អ្នក​ដឹក​នាំ​ទាំង​នោះ។ (​សាំយូអែល​ទី១ ១៣:១៣, ១៤​) នៅ​សម័យ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុគ្គល​ដែល​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់។

ព្រះ​យេហូវ៉ា​តែង​តាំង​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់

១៥​. (​ក​) តើ​អ្នក​ប្រកាស​ទំនាយ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់​នឹង​មក​ដល់? (​ខ​) តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ?

១៥ អស់​រាប់​រយ​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​តែង​តាំង​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់​សម្រាប់​រាស្ត្រ​របស់​លោក។ ជា​ឧទាហរណ៍ ម៉ូសេ​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្ដាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​ឯង​ឲ្យ​ដូច​ជា​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្ដាប់​តាម​អ្នក​នោះ​ចុះ​»។ (​ចោទិយកថា ១៨:១៥​) អេសាយ​បាន​និយាយ​ថា​បុគ្គល​នោះ​នឹង​ទៅ​ជា​«​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​»។ (​អេសាយ ៥៥:៤​) ម្យ៉ាង​ទៀត ដានីយ៉ែល​បាន​សរសេរ​អំពី​មេស្ស៊ី​ដែល​នឹង​ទៅ​ជា​«​អ្នក​ដែល​ជា​កំពូល​បណ្ដាច់​»​ ឬ​អ្នក​ដឹក​នាំ។ (​ដានីយ៉ែល ៩:២៥​) នៅ​ទី​បំផុត លោក​យេស៊ូ​គ្រិស្ត​បាន​ហៅ​ខ្លួន​លោក​ថា​«​អ្នក​ដឹក​នាំ​»​របស់​រាស្ត្រ​ព្រះ។ (​សូម​អាន ម៉ាថាយ ២៣:១០​) អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ធ្វើ​តាម​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ពួក​គាត់​បាន​ជឿ​ថា​លោក​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស។ (​យ៉ូហាន ៦:៦៨, ៦៩​) តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ជាក់​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ដើម្បី​ដឹក​នាំ​រាស្ត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់

១៦​. តើ​អ្វី​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ?

១៦ លោក​យេស៊ូ​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ។ ពេល​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក យ៉ូហាន​បាន​ឃើញ​«​មេឃ​បើក​ចំហ ហើយ​ឃើញ​សកម្មពល​របស់​ព្រះ​ដូច​ជា​សត្វ​ព្រាប ចុះ​មក​សណ្ឋិត​លើ​លោក​»។ ភ្លាម​ៗ​បន្ទាប់​ពី​នោះ​«​សកម្មពល​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត​លោក​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​»។ (​ម៉ាកុស ១:១០​-​១២​) ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​និង​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ។ (​សកម្មភាព ១០:៣៨​) បន្ថែម​ទៅ​ទៀត សកម្មពល​បរិសុទ្ធ​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​បង្ហាញ​គុណសម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ និង​ជំនឿ​មាំ​មួន។ (​យ៉ូហាន ១៥:៩; ហេប្រឺ ១២:២​) ក្រៅ​ពី​លោក គ្មាន​អ្នក​ដឹក​នាំ​ណា​ទៀត​ដែល​បង្ហាញ​ថា​គាត់​មាន​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដូច​លោក​ទេ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជ្រើស​រើស​លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ។

ទេវតាលេចមកដើម្បីពង្រឹងកម្លាំងលោកយេស៊ូ

តើ​ទេវតា​បាន​ជួយ​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​វគ្គ​១៧​)

១៧​. តើ​ទេវតា​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​លោក​យេស៊ូ?

១៧ ទេវតា​បាន​ជួយ​លោក​យេស៊ូ។ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ​«​ពួក​ទេវតា​បាន​មក​បម្រើ​លោក​»។ (​ម៉ាថាយ ៤:១១​) ប៉ុន្មាន​ម៉ោង​មុន​លោក​យេស៊ូ​ស្លាប់ ​«​ទេវតា​មួយ​ពី​ស្ថាន​សួគ៌​បាន​លេច​មក​ពង្រឹង​កម្លាំង​ចិត្ត​របស់​លោក​»។ (​លូកា ២២:៤៣​) លោក​យេស៊ូ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ចាត់​ពួក​ទេវតា​ឲ្យ​ជួយ​លោក​ពេល​ដែល​លោក​ត្រូវ​ការ​ជំនួយ។—ម៉ាថាយ ២៦:៥៣

១៨, ១៩​. តើ​បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​ជីវិត​និង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៨ បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​លោក​យេស៊ូ។ ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​រហូត​ដល់​លោក​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម លោក​បាន​ឲ្យ​បទ​គម្ពីរ​ណែនាំ​លោក​ជា​និច្ច។ សូម្បី​តែ​នៅ​ពេល​ដែល​លោក​ជិត​ស្លាប់ លោក​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនាយ​អំពី​មេស្ស៊ី។ (​ម៉ាថាយ ៤:៤; ២៧:៤៦; លូកា ២៣:៤៦​) ប៉ុន្តែ អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​លោក​យេស៊ូ។ ពេល​ដែល​សេចក្ដី​បង្រៀន​របស់​ពួក​គេ​មិន​សម​ស្រប​នឹង​បណ្ដាំ​របស់​ព្រះ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​អើពើ​នឹង​បណ្ដាំ​របស់​លោក។ លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​បណ្ដាំ​របស់​ព្រះ​ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា​៖ ​«​បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ។ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ​នោះ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​គឺ​ជា​បទ​បញ្ជា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​»។ (​ម៉ាថាយ ១៥:៧​-​៩​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​ជ្រើស​រើស​បុរស​ដែល​មិន​បាន​ធ្វើ​តាម​បណ្ដាំ​របស់​លោក​ឲ្យ​ដឹក​នាំ​រាស្ត្រ​របស់​លោក​នោះ​ទេ។

១៩ លោក​យេស៊ូ​ក៏​បាន​ប្រើ​បណ្ដាំ​របស់​ព្រះ​ពេល​ដែល​លោក​បង្រៀន​អ្នក​ឯ​ទៀត​ដែរ។ ពេល​ដែល​អ្នក​ដឹក​នាំ​សាសនាបាន​សាកល្បង​លោក លោក​មិន​បាន​ប្រើ​ប្រាជ្ញា ឬ​បទ​ពិសោធន៍​ក្នុង​ជីវិត​របស់​លោក​ដើម្បី​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​បង្រៀន​បណ្ដា​ជន​ពី​បទ​គម្ពីរ។ (​ម៉ាថាយ ២២:៣៣​-​៤០​) ម្យ៉ាង​ទៀត ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​ចំពោះ​បទ​ពិសោធន៍​របស់​លោក​ស្តី​អំពី​ជីវិត​នៅ​ស្ថាន​សួគ៌​ឬ​អំពី​ការ​បង្កើត​សកល​លោក លោក​យេស៊ូ​«​បាន​បំភ្លឺ​គំនិត​របស់​ពួក​គាត់​យ៉ាង​ពេញ​លេញ ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​»។ លោក​យេស៊ូ​ចង់​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត ដោយ​សារ​លោក​ស្រឡាញ់​បណ្ដាំ​នោះ។—លូកា ២៤:៣២, ៤៥

២០​. (​ក​) តើ​លោក​យេស៊ូ​បាន​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ចិត្ត​គំនិត​របស់​លោក​យេស៊ូ​និង​ហេរ៉ូឌ អាគ្រីប៉ា​ទី១​ខុស​គ្នា​យ៉ាង​ណា?

២០ ទោះ​ជា​អ្នក​ដែល​ស្ដាប់​លោក​យេស៊ូ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​ក៏​ដោយ លោក​តែង​តែ​ផ្ដល់​កិត្ដិ​យស​ដល់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្រៀន​របស់​លោក។ (​លូកា ៤:២២​) ពេល​ដែល​បុរស​អ្នក​មាន​ម្នាក់​បាន​ព្យាយាម​សរសើរ​លោក​យេស៊ូ​ដោយ​និយាយ​ថា​៖ ​«​លោក​គ្រូ​ល្អ​»​ លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ​»។ (​ម៉ាកុស ១០:១៧, ១៨​) ប្រហែល​ជា​៨​ឆ្នាំ​ក្រោយ​មក ហេរ៉ូឌ អាគ្រីប៉ា​ទី១​បាន​ទៅ​ជា​អ្នក​ដឹក​នាំ​តំបន់​យូឌា។ គាត់​មាន​ចិត្ត​គំនិត​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​លោក​យេស៊ូ។ ថ្ងៃ​មួយ នៅ​កិច្ច​ប្រជុំ​ពិសេស​មួយ ហេរ៉ូឌ​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស្តេច​ដែល​មាន​តម្លៃ​ថ្លៃ​និង​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច។ នៅ​ពេល​ដែល​បណ្ដា​ជន​ឃើញ​គាត់​និង​ឮ​សម្លេង​គាត់ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​សំឡេង​របស់​ព្រះ​មួយ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!​»។ ហេរ៉ូឌ​ចូល​ចិត្ត​ឲ្យ​គេ​សរសើរ។ ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង​បន្ទាប់​មក? ​«​រំពេច​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​វាយ​គាត់ ពី​ព្រោះ​គាត់​មិន​បាន​ផ្ដល់​កិត្ដិ​យស​ជូន​ព្រះ។ រួច​គាត់​ក៏​ពេញ​ទៅ​ដោយ​ដង្កូវ ហើយ​បាន​ដាច់​ខ្យល់​ស្លាប់​»។ (​សកម្មភាព ១២:២១​-​២៣​) យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​ហេរ៉ូឌ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​នោះ​ទេ។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្ហាញ​ថា​ព្រះ​បាន​ជ្រើស​រើស​លោក ហើយ​លោក​តែង​តែ​បាន​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​រាស្ត្រ​របស់​ព្រះ។

២១​. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​នៅ​អត្ថបទ​បន្ទាប់?

២១ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​អ្នក​ដឹក​នាំ មិន​គ្រាន់​តែ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ទេ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​»។ លោក​បាន​បន្ថែម​ថា​៖ ​«​មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថាយ ២៨:១៨​-​២០​) ប៉ុន្តែ តើ​តាម​របៀប​ណា​លោក​យេស៊ូ​អាច​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី​ពេល​ដែល​លោក​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌? តើ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​អ្នក​ណា​នៅ​ផែន​ដី​ជា​តំណាង​លោក​យេស៊ូ? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​អាច​សម្គាល់​ពួក​អ្នក​ដែល​ជា​តំណាង​របស់​ព្រះ? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

a នេះ​ប្រហែល​ជា​ឯកសារ​ដើម​ដែល​ម៉ូសេ​បាន​សរសេរ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ពេល​ដែល​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ ពួក​គាត់​បាន​ទទួល​ឫទ្ធា​នុភាព​ពី​ព្រះ​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គាត់​មិន​អាច​ធ្វើ​បាន​ដោយ​ពឹង​លើ​កម្លាំង​របស់​ខ្លួន។ សូម្បី​តែ​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ​ដែរ

  • តំណាង​របស់​ព្រះ​ជា​ពួក​អ្នក​ដែល​ព្រះ​ជ្រើស​រើស​ឲ្យ​នាំ​មុខ​រាស្ត្រ​របស់​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក