ព្រះយេហូវ៉ាតែងតែប្រព្រឹត្តដោយត្រឹមត្រូវជានិច្ច
«ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់»។—ទំនុកដំកើង ១៤៥:១៧
១. តើអ្នកមានប្រតិកម្មយ៉ាងណា ពេលដែលអ្នកឯទៀតយល់ខុសលើអ្នក? តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍បែបនេះ?
តើមានបុគ្គលណាម្នាក់ដែលយល់ខុសលើអ្នក ឬប្រហែលជាសង្ស័យអំពីការប្រព្រឹត្តឬបំណងចិត្តរបស់អ្នក ដោយគ្មានហេតុការណ៍ទាំងអស់ឬទេ? បើដូច្នេះមែន អ្នកប្រហែលជាតូចចិត្តហើយៗគឺជាការធម្មតាទេដែលអ្នកមានអារម្មណ៍ដូច្នេះ។ ពីបទពិសោធន៍បែបនេះ យើងអាចទាញយកមេរៀនដ៏សំខាន់មួយថា យកល្អយើងជៀសវាងធ្វើការសន្និដ្ឋានរហ័សពេក នៅពេលដែលយើងគ្មានហេតុការណ៍គ្រប់គ្រាន់នោះ។
២, ៣. តើអ្នកខ្លះប្រតិកម្មយ៉ាងណានឹងកំណត់ហេតុក្នុងព្រះគម្ពីរ ដែលពុំមានពត៌មានគ្រប់គ្រាន់ក្នុងការឆ្លើយសំនួរនិមួយៗ? ប៉ុន្តែ តើព្រះគម្ពីរចែងយ៉ាងណាអំពីព្រះយេហូវ៉ា?
២ យកល្អយើងចងចាំមេរៀននេះ នៅពេលដែលយើងធ្វើការសន្និដ្ឋានអំពីព្រះយេហូវ៉ា។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះមានកំណត់ហេតុខ្លះក្នុងព្រះគម្ពីរ ដែលមុនដំបូងហាក់ដូចជាធ្វើឲ្យយើងងឿងឆ្ងល់។ កំណត់ហេតុទាំងនេះ ប្រហែលជាអំពីការប្រព្រឹត្តនៃអ្នកបំរើខ្លះរបស់ព្រះ ឬក៏ការជំនុំជំរះរបស់ព្រះនៅសម័យមុនៗ ប្រហែលជាពុំមានពត៌មានគ្រប់គ្រាន់ដើម្បីឆ្លើយសំនួរទាំងប៉ុន្មានដែលយើងមាន។ គួរឲ្យស្ដាយមែន ដែលអ្នកខ្លះរិះគន់នឹងកំណត់ហេតុបែបនេះ ថែមទាំងសង្ស័យថាព្រះមិនប្រព្រឹត្តដោយសុចរិតនិងយុត្ដិធម៌ទៀតផង។ យ៉ាងណាក៏ដោយ ព្រះគម្ពីរចែងថា«ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់»។ (ទំនុកដំកើង ១៤៥:១៧) ព្រះបន្ទូលរបស់ទ្រង់ក៏ធានារ៉ាប់រងយើងថា ទ្រង់«មិនដែលប្រព្រឹត្តអាក្រក់ឡើយ»។ (យ៉ូប ៣៤:១២; ទំនុកដំកើង ៣៧:២៨) បើដូច្នេះ សូមគិតមើលថាទ្រង់មានព្រះទ័យយ៉ាងណា នៅពេលដែលអ្នកដទៃយល់ខុសលើទ្រង់នោះ!
៣ សូមឲ្យយើងពិនិត្យមើលនូវមូលហេតុប្រាំយ៉ាង ដែលយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ រួចមក ដោយចងចាំមូលហេតុទាំងនោះ យើងនឹងពិនិត្យមើលកំណត់ហេតុពីរក្នុងព្រះគម្ពីរដែលប្រហែលជាអ្នកខ្លះមានការពិបាកយល់។
ហេតុអ្វីយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ?
៤. ហេតុអ្វីយើងគួរមានចិត្តរាបទាប នៅពេលដែលពិចារណាការប្រព្រឹត្តរបស់ព្រះ? សូមពន្យល់។
៤ ទីមួយ យើងគួរមានចិត្តរាបទាបនៅពេលដែលពិចារណាការប្រព្រឹត្តរបស់ព្រះ ពីព្រោះព្រះយេហូវ៉ាជ្រាបនូវគ្រប់ហេតុការណ៍ដែលទាក់ទងរឿងនោះ ហើយយើងពុំដឹងនូវហេតុការណ៍ទាំងនោះឡើយ។ ជាឧទាហរណ៍ សូមគិតអំពីចៅក្រមម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្អចំពោះការសម្រេចចិត្តដោយមិនលំអៀង ដែលបានវិនិច្ឆ័យទោសក្នុងរឿងក្ដី។ បើបុគ្គលណាម្នាក់រិះគន់នឹងការសម្រេចចិត្តរបស់ចៅក្រមនោះ ដោយមិនដឹងនូវហេតុការណ៍គ្រប់សព្វ ឬមិនយល់នូវច្បាប់ដែលទាក់ទងរឿងនោះ តើអ្នកគិតយ៉ាងណាដែរអំពីគាត់? បុគ្គលណាម្នាក់ដែលរិះគន់លើរឿងណាមួយដែលខ្លួនគ្មានការយល់ដឹងច្បាស់លាស់ គឺមិនប្រកបដោយប្រាជ្ញាឬរាប់ជាចំកួតហើយ។ (សុភាសិត ១៨:១៣) ច្បាស់ជាមិនប្រកបដោយប្រាជ្ញាអំបាលម៉ានទៅទៀត ដែលមនុស្សរិះគន់«ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល!»។—លោកុប្បត្តិ ១៨:២៥
៥. តើយើងមិនគួរភ្លេចអ្វី នៅពេលដែលអានកំណត់ហេតុក្នុងព្រះគម្ពីរអំពីការជំនុំជំរះរបស់ព្រះលើបុគ្គលណាម្នាក់?
៥ មូលហេតុទីពីរដែលយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះគឺត្រឹមត្រូវ ពីព្រោះព្រះអាចជ្រាបពីអ្វីនៅក្នុងចិត្តមនុស្ស តែមនុស្សមិនអាចធ្វើដូច្នេះឡើយ។ (សាំយូអែលទី១ ១៦:៧) ព្រះបន្ទូលរបស់ព្រះចែងថា៖ «អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ»។ (យេរេមា ១៧:១០) ហេតុដូច្នេះហើយ នៅពេលដែលយើងអានកំណត់ហេតុក្នុងព្រះគម្ពីរអំពីការជំនុំជំរះរបស់ព្រះលើបុគ្គលណាម្នាក់ សូមឲ្យយើងកុំភ្លេចថា ដោយសារទ្រង់ទតឃើញអ្វីៗទាំងអស់ នោះទ្រង់ពិចារណាអំពីគំនិត បំណងចិត្ត ដែលមិនបានកត់ទុកក្នុងព្រះបន្ទូលរបស់ទ្រង់។—របាក្សត្រទី១ ២៨:៩
៦, ៧. (ក) សូម្បីតែព្រះយេហូវ៉ាត្រូវពលិកម្មច្រើនក៏ដោយ តើព្រះយេហូវ៉ាបានសម្ដែងថាទ្រង់កាន់តាមខ្នាតតម្រាដ៏សុចរិតនិងយុត្ដិធម៌របស់ទ្រង់យ៉ាងដូចម្ដេច? (ខ) តើយើងត្រូវចងចាំអ្វី ប្រសិនបើយើងអានកំណត់ហេតុក្នុងព្រះគម្ពីរដែលនាំឲ្យយើងងឿងឆ្ងល់ថាតើព្រះបានប្រព្រឹត្តដោយយុត្ដិធម៌ឬត្រឹមត្រូវនោះ?
៦ ចូរកត់សម្គាល់នូវមូលហេតុទីបីដែលយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ពោលគឺទ្រង់កាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ សូម្បីតែទ្រង់ត្រូវធ្វើពលិកម្មច្រើនក៏ដោយ។ ចូរគិតអំពីឧទាហរណ៍មួយ។ ព្រះយេហូវ៉ាបានកាន់តាមខ្នាតតម្រាដ៏សុចរិតហើយយុត្ដិធម៌របស់ទ្រង់ក្នុងការបញ្ជូនបុត្រារបស់ទ្រង់ទុកជាតម្លៃលោះ ដើម្បីរំដោះមនុស្សជាតិដែលចេះស្ដាប់បង្គាប់ឲ្យរួចផុតពីបាបនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១៨, ១៩) ក៏ប៉ុន្តែ ពេលដែលព្រះយេហូវ៉ាឃើញបុត្រជាទីស្រឡាញ់របស់ទ្រង់រងទុក្ខវេទនានិងសោយទិវង្គតលើបង្គោលឈើទារុណកម្ម នោះច្បាស់ជាធ្វើឲ្យទ្រង់មានព្រះទ័យឈឺចាប់បំផុត។ តើនេះប្រាប់យើងយ៉ាងណាអំពីព្រះ? ស្តីអំពី«សេចក្ដីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» នោះព្រះគម្ពីរចែងថា៖ «[នេះ]សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ»។ (រ៉ូម ៣:២៤-២៦) ចំពោះរ៉ូម ៣:២៥ សេចក្ដីបកប្រែក្នុងព្រះគម្ពីរមួយទៀតចែងថា៖ «នេះបានបង្ហាញថាព្រះតែងតែធ្វើអ្វីដែលត្រឹមត្រូវនិងប្រកបដោយយុត្ដិធម៌»។ (New Century Version) មែនហើយ ព្រះយេហូវ៉ាត្រូវធ្វើពលិកម្មច្រើនក្នុងការប្រទានតម្លៃលោះ ហើយនេះបង្ហាញថាទ្រង់មានការគោរពខ្ពង់ខ្ពស់ចំពោះ«អ្វីដែលត្រឹមត្រូវនិងប្រកបដោយយុត្ដិធម៌»។
៧ ដូច្នេះ ប្រសិនបើយើងអានពត៌មានណាខ្លះក្នុងព្រះគម្ពីរដែលធ្វើឲ្យយើងឆ្ងល់ថាតើព្រះបានប្រព្រឹត្តដោយយុត្ដិធម៌ឬត្រឹមត្រូវ យើងគួរចងចាំអំពីចំណុចនេះពោលគឺ ដោយសារព្រះយេហូវ៉ាមានព្រះទ័យស្មោះត្រង់នឹងខ្នាតតម្រានៃសេចក្ដីសុចរិតនិងយុត្ដិធម៌របស់ទ្រង់ ដែលទ្រង់មិនបានឲ្យបុត្រទ្រង់រួចផុតពីការសោយទិវង្គតដ៏ឈឺចាប់នោះឡើយ។ តើទ្រង់នឹងបំពានលើខ្នាតតម្រារបស់ទ្រង់ចំពោះរឿងផ្សេងទៀតឬទេ? ហេតុការណ៍ពិតគឺថាព្រះយេហូវ៉ាមិនដែលបំពានលើខ្នាតតម្រាដ៏សុចរិតនិងយុត្ដិធម៌របស់ទ្រង់ឡើយ។ ហេតុដូច្នេះហើយ យើងមានហេតុជាច្រើនឲ្យជឿថាទ្រង់តែងតែប្រព្រឹត្តដោយត្រឹមត្រូវនិងប្រកបដោយយុត្ដិធម៌។—យ៉ូប ៣៧:២៣
៨. ហេតុអ្វីគឺមិនសមហេតុសមផល ដែលមនុស្សគិតថាព្រះយេហូវ៉ាគ្មានយុត្ដិធម៌និងសេចក្ដីសុចរិតនោះ?
៨ សូមពិចារណានូវមូលហេតុទីបួន ដែលយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ គឺព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានភាពដូចទ្រង់។ (លោកុប្បត្តិ ១:២៧) ហេតុដូច្នេះហើយ មនុស្សជាតិមានគុណសម្បត្ដិដូចព្រះ ដែលរួមបញ្ចូលភាពយុត្ដិធម៌និងសេចក្ដីសុចរិត។ បើយើងបែរជាគិតថាព្រះយេហូវ៉ាគ្មានគុណសម្បត្ដិដូចយើងស្តីអំពីយុត្ដិធម៌និងសេចក្ដីសុចរិត នោះគឺមិនសមហេតុសមផលទេ។ ប្រសិនបើយើងងឿងឆ្ងល់នឹងកំណត់ហេតុណាមួយក្នុងព្រះគម្ពីរ យើងត្រូវចងចាំថា ការយល់ដឹងរបស់យើងចំពោះអ្វីដែលប្រកបដោយយុត្ដិធម៌និងត្រឹមត្រូវគឺមិនសុក្រឹតទេ ពីព្រោះយើងជាមនុស្សមានបាប។ ព្រះយេហូវ៉ាដែលបានបង្កើតយើងឲ្យមានភាពដូចទ្រង់ គឺគ្រប់ល័ក្ខណ៍ខាងយុត្ដិធម៌និងសេចក្ដីសុចរិត។ (ចោទិយកថា ៣២:៤) គឺគួរឲ្យអស់សំណើចណាស់ ដែលថាមនុស្សជាតិអាចមានយុត្ដិធម៌និងសេចក្ដីសុចរិតជាងព្រះទៅវិញនោះ!—រ៉ូម ៣:៤, ៥; ៩:១៤
៩, ១០. ហេតុអ្វីបានជាព្រះយេហូវ៉ាមិនចាំបាច់ពន្យល់ឬផ្ដល់មូលហេតុចំពោះមនុស្សជាតិពីការប្រព្រឹត្តរបស់ទ្រង់?
៩ មូលហេតុទីប្រាំដែលយើងគួរចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ គឺថាទ្រង់ជា«ព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (ទំនុកដំកើង ៨៣:១៨) ហេតុដូច្នេះហើយ ទ្រង់មិនចាំបាច់ពន្យល់ឬប្រទាននូវមូលហេតុចំពោះការប្រព្រឹត្តលើមនុស្សជាតិឡើយ។ ទ្រង់ជាជាងស្មូនដ៏ឧត្តម ហើយយើងប្រៀបដូចជាដីឥដ្ឋដែលត្រូវបានសូនជាវត្ថុ ហើយទ្រង់ប្រព្រឹត្តមកលើយើងតាមតែទ្រង់សព្វព្រះហឫទ័យ។ (រ៉ូម ៩:១៩-២១) តើយើងជាអ្នកណា ដែលហ៊ានសួរសង្ស័យនឹងការសម្រេចចិត្តឬការប្រព្រឹត្តរបស់ទ្រង់? ដ្បិតយើងប្រៀបដូចជាឆ្នាំងដែលទ្រង់បានសូនតែប៉ុណ្ណោះ។ នៅពេលដែលយ៉ូបបានយល់ច្រឡំនឹងការប្រព្រឹត្តរបស់ព្រះលើមនុស្សជាតិ នោះព្រះយេហូវ៉ាបានកែតម្រូវគាត់ដោយសួរថា៖ «តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ? តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬ?»។ យ៉ូបបានកែប្រែចិត្តដោយដឹងថាគាត់បាននិយាយដោយមិនយល់ត្រឹមត្រូវ។ (យ៉ូប ៤០:៨; ៤២:៦) សូមកុំឲ្យយើងធ្វើខុសដោយរិះគន់ព្រះឲ្យសោះ!
១០ យ៉ាងច្បាស់ណាស់ យើងមានមូលហេតុដ៏ល្អចំពោះការជឿថាព្រះយេហូវ៉ាតែងតែប្រព្រឹត្តដោយត្រឹមត្រូវ។ ដោយយល់នូវផ្លូវរបស់ព្រះយេហូវ៉ា សូមឲ្យយើងពិនិត្យមើលនូវកំណត់ហេតុពីរក្នុងព្រះគម្ពីរ ដែលអ្នកខ្លះអាចមានចិត្តងឿងឆ្ងល់។ កំណត់ហេតុទីមួយគឺទាក់ទងនឹងការប្រព្រឹត្តរបស់អ្នកថ្វាយបង្គំម្នាក់របស់ព្រះ ហើយមួយទៀតអំពីការជំនុំជំរះរបស់ព្រះផ្ទាល់តែម្ដង។
ហេតុអ្វីបានជាឡុតសុខចិត្តប្រគល់កូនស្រីៗគាត់ ជូនហ្វូងមនុស្សដែលចង់ធ្វើបាប?
១១, ១២. (ក) សូមរៀបរាប់នូវអ្វីដែលបានកើតឡើង នៅពេលដែលព្រះបញ្ជូនទេវតាពីររូបដែលបានប្រែក្រឡាឲ្យទៅក្រុងសូដុំម។ (ខ) តើកំណត់ហេតុនេះនាំឲ្យមនុស្សមួយចំនួនចោទសួរសំនួរអ្វីខ្លះ?
១១ នៅលោកុប្បត្តិ ជំពូកទី១៩ គឺមានកំណត់ហេតុអំពីអ្វីដែលបានកើតឡើង នៅពេលដែលព្រះបានបញ្ជូនទេវតាពីរអង្គដែលប្រែក្រឡាឲ្យមកក្រុងសូដុំម។ ឡុតទទូចចង់ឲ្យភ្ញៀវស្នាក់នៅផ្ទះរបស់គាត់។ ប៉ុន្តែ នៅយប់នោះ ហ្វូងមនុស្សនៅក្នុងក្រុងបានឡោមព័ទ្ធផ្ទះគាត់ ហើយសម្លុតឲ្យភ្ញៀវចេញមកដើម្បីពួកគេរួមដំណេកជាមួយ។ ឡុតខំនិយាយវែកញែកជាមួយនឹងហ្វូងមនុស្ស តែឥតទទួលបានជោគជ័យទេ។ ដោយខំប្រឹងការពារភ្ញៀវរបស់គាត់ ឡុតបានពោលថា៖ «បងប្អូនខ្ញុំអើយ! សូមកុំធ្វើអាក្រក់ដូច្នេះឡើយ មើល! ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ»។ ហ្វូងមនុស្សមិនស្ដាប់ទេ ហើយពួកគេធ្វើឲ្យទ្វារជិតនឹងបាក់។ នៅទីបំផុត ទេវតាដែលជាភ្ញៀវនោះបានធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅ។—លោកុប្បត្តិ ១៩:១-១១
១២ ហេតុនេះហើយបានជាមនុស្សខ្លះមានសំនួរចោទឡើងនឹងកំណត់ហេតុនេះ។ ពួកគេឆ្ងល់ថា៖ ‹ហេតុដូចម្ដេចដែលឡុតខំការពារភ្ញៀវរបស់គាត់ ដោយសុខចិត្តប្រគល់ឲ្យកូនស្រីដល់ហ្វូងមនុស្សដែលមានតណ្ហាក្រាស់នោះ? គាត់ពិតជាប្រព្រឹត្តដោយឥតត្រឹមត្រូវ ហើយដោយកំសាកដែរ មែនទេ?›។ ដោយដឹងអំពីកំណត់ហេតុនេះ ហេតុអ្វីបានជាព្រះជំរុញឲ្យពេត្រុសហៅឡុតជា«អ្នកសុចរិត»? តើព្រះសព្វព្រះហឫទ័យនឹងការប្រព្រឹត្តរបស់ឡុតឬ? (ពេត្រុសទី២ ២:៧, ៨) សូមឲ្យយើងវែកញែកមើលលើរឿងនេះ ដើម្បីកុំឲ្យយើងយល់ខុសលើព្រះ។
១៣, ១៤. (ក) តើយើងគួរកត់សម្គាល់អ្វីអំពីកំណត់ហេតុក្នុងព្រះគម្ពីរស្តីអំពីការប្រព្រឹត្តរបស់ឡុត? (ខ) តើអ្វីដែលបង្ហាញថាឡុតមិនបានប្រព្រឹត្តតាមរបៀបកំសាក?
១៣ មុនដំបូង យើងគួរទទួលស្គាល់ថា ព្រះគម្ពីរគ្រាន់តែរៀបរាប់នូវអ្វីដែលបានកើតឡើង មិនមែនយល់ព្រមឬផ្ដន្ទាទោសនឹងការប្រព្រឹត្តរបស់ឡុតនោះឡើយ។ ព្រះគម្ពីរក៏មិនប្រាប់យើងថាឡុតកំពុងតែគិតអំពីអ្វី ឬអ្វីដែលបានជំរុញចិត្តគាត់ឲ្យប្រព្រឹត្តយ៉ាងនោះទេ។ នៅពេលដែល«មនុស្សសុចរិត . . . នឹងបានរស់ឡើងវិញ» ប្រហែលជាគាត់នឹងប្រាប់ពត៌មានថែមទៀត។—កិច្ចការ ២៤:១៥
១៤ ឡុតមិនមែនជាមនុស្សកំសាកឡើយ។ គាត់បានជួបប្រទះស្ថានការណ៍ដ៏ពិបាក។ ដោយនិយាយថា ភ្ញៀវ«ចូលមកសំណាក់នៅផ្ទះ»របស់គាត់ នោះឡុតបានបញ្ជាក់ថា គាត់ត្រូវជំរុញចិត្តឲ្យផ្ដល់ការការពារនិងទីជ្រកកោនសំរាប់ភ្ញៀវ។ ប៉ុន្តែ ទង្វើនេះគឺមិនស្រួលទេ។ យ៉ូសេហ្វឺសជាអ្នកប្រវត្ដិសាស្ត្រជាតិយូដារាយការណ៍ថា ពួកអ្នកក្រុងសូដុំមបាន«ប្រព្រឹត្តមិនត្រឹមត្រូវចំពោះមនុស្សប្រុស និងមិនគោរពព្រះ . . . ពួកគេស្អប់មនុស្សចម្លែកណាស់»។ ក៏ប៉ុន្តែ ឡុតមិនបានខ្លាចចង់ដកខ្លួនចេញពីហ្វូងមនុស្សដែលមានចិត្តស្អប់នោះទេ។ ផ្ទុយទៅវិញ គាត់បានចេញមកនិយាយវែកញែកជាមួយនឹងពួកមនុស្សទាំងនោះ។ គាត់ថែមទាំង«បិទទ្វារពីក្រោយខ្នង»។—កំណើតពិភពលោក [លោកុប្បត្តិ] ១៩:៦, ខ.ស.
១៥. ហេតុអ្វីក៏អាចនិយាយថា ឡុតប្រហែលជាបានប្រព្រឹត្តដោយជំនឿ?
១៥ អ្នកខ្លះប្រហែលជាសួរថា៖ ‹ប៉ុន្តែ ហេតុអ្វីបានជាឡុតសុខចិត្តប្រគល់កូនស្រីគាត់ឲ្យដល់ហ្វូងមនុស្សទៅវិញ?›។ សូមឲ្យយើងគិតនូវលទ្ធភាពខ្លះៗមុននឹងយើងគិតថាឡុតមានបំណងចិត្តអាក្រក់។ មុនដំបូង ឡុតប្រហែលជាប្រព្រឹត្តដោយជំនឿ។ តើយ៉ាងដូចម្ដេច? ឡុតច្បាស់ជាបានដឹងនូវរបៀបដែលព្រះយេហូវ៉ាបានការពារសារ៉ា ភរិយារបស់អ័ប្រាហាំ ដែលត្រូវជាពូរបស់គាត់។ ចូរនឹកចាំថា ដោយសារសារ៉ាមានរូបឆោមស្រស់ណាស់ ដែលអ័ប្រាហាំបានសុំឲ្យសារ៉ាសម្គាល់ខ្លួនគាត់ជាបងប្រុសវិញ ក្រែងលោអ្នកខ្លះនឹងសម្លាប់គាត់យកសារ៉ា។a ក្រោយមក សារ៉ាត្រូវបានយកទៅដំណាក់របស់ផារ៉ោន។ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ មិនឲ្យផារ៉ោនរំលោភសារ៉ាឡើយ។ (លោកុប្បត្តិ ១២:១១-២០) ប្រហែលជាឡុតមានជំនឿថាព្រះនឹងការពារកូនស្រីគាត់តាមរបៀបនេះដែរ។ តាមពិត ព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍តាមរយៈទេវតា ហើយកូនស្រីគាត់ត្រូវបានការពារវិញ។
១៦, ១៧. (ក) តើតាមរបៀបណាដែលឡុតប្រហែលបានខំធ្វើឲ្យបុរសនៅក្រុងសូដុំមភ្ញាក់ផ្អើលឬធ្វើឲ្យពួកគេវង្វេងស្មារតី? (ខ) ទោះជាឡុតមានការវែកញែកយ៉ាងណាក៏ដោយ តើយើងអាចប្រាកដក្នុងចិត្តអំពីអ្វី?
១៦ សូមគិតនូវលទ្ធភាពមួយទៀត។ ឡុតប្រហែលជាខំធ្វើឲ្យពួកបុរសទាំងនោះភ្ញាក់ផ្អើលឬធ្វើឲ្យពួកគេវង្វេងស្មារតី។ គាត់ប្រហែលជាជឿថា ហ្វូងមនុស្សមិនចង់បានកូនស្រីគាត់ទេ ពីព្រោះពួកអ្នកក្រុងសូដុំមមានតណ្ហាចង់បានតែមនុស្សភេទដូចគ្នាប៉ុណ្ណោះ។ (យូដាស ៧) បន្ថែមទៅទៀត កូនស្រីគាត់បានជាប់ពាក្យជាមួយនឹងបុរសក្នុងក្រុង ដូច្នេះសាច់ញាតិ មិត្ត ឬអ្នកធ្វើការជាមួយរបស់កូនប្រសាប្រហែលជានៅចំណោមហ្វូងមនុស្សដែរ។ (លោកុប្បត្តិ ១៩:១៤) ឡុតប្រហែលជាសង្ឃឹមថាដោយសារមានអ្នកស្គាល់គ្នា នោះបុរសខ្លះក្នុងចំណោមហ្វូងមនុស្សនឹងការពារកូនស្រីរបស់គាត់។ បើហ្វូងមនុស្សមានការខ្វែងគំនិតគ្នា នោះវាមិនសូវបណ្ដាលឲ្យគ្រោះថ្នាក់ប៉ុន្មានទេ។b
១៧ ទោះជាឡុតមានការវែកញែកយ៉ាងណាឬមានបំណងចិត្តយ៉ាងណាក៏ដោយ យើងអាចដឹងប្រាកដអំពីចំណុចនេះពោលគឺ ដោយសារព្រះយេហូវ៉ាតែងតែប្រព្រឹត្តដោយត្រឹមត្រូវ ទ្រង់ច្បាស់ជាមានមូលហេតុល្អដោយចាត់ទុកឡុតជា«អ្នកសុចរិត»។ នៅពេលដែលយើងគិតអំពីការប្រព្រឹត្តនៃហ្វូងមនុស្សដ៏ឆ្កួតនេះនៅក្រុងសូដុំម នោះព្រះយេហូវ៉ាមានមូលហេតុត្រឹមត្រូវក្នុងការជំនុំជំរះនិងកាត់ទោសប្រជាជននៅក្នុងក្រុងដ៏អាក្រក់ជួជាតិនេះ។—លោកុប្បត្តិ ១៩:២៣-២៥
ហេតុអ្វីបានជាព្រះយេហូវ៉ាសម្លាប់អ៊ុសា?
១៨. (ក) នៅពេលដែលដាវីឌព្យាយាមយកហិបទៅក្រុងយេរូសាឡិម តើមានអ្វីកើតឡើង? (ខ) តើមានសំនួរអ្វីខ្លះស្តីអំពីកំណត់ហេតុនេះ?
១៨ កំណត់ហេតុមួយទៀតដែលអាចធ្វើឲ្យអ្នកខ្លះងឿងឆ្ងល់គឺទាក់ទងនឹងការព្យាយាមរបស់ដាវីឌដើម្បីយកហិបនៃសេចក្ដីសញ្ញាទៅក្រុងយេរូសាឡិម។ ហិបនេះត្រូវបានដាក់លើរទេះ ហើយអ៊ុសានិងប្អូនប្រុសគាត់ជាអ្នកដឹកចេញ។ ព្រះគម្ពីរចែងថា៖ «លុះគេបានទៅដល់លានស្រូវរបស់ណាកុនហើយ នោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះជិតហឹបនៃព្រះទៅ»។ ប្រមាណខែក្រោយមក ដាវីឌបានព្យាយាមធ្វើម្ដងទៀត ហើយលើកនេះប្រកបដោយជោគជ័យ ពីព្រោះហិបនោះត្រូវបានយកមកតាមបង្គាប់របស់ព្រះ ពោលគឺពួកកូនចៅកេហាត់លីសែងវិញ។ (សាំយូអែលទី២ ៦:៦, ៧; ជនគណនា ៤:១៥; ៧:៩; របាក្សត្រទី១ ១៥:១-១៤) អ្នកខ្លះប្រហែលជាសួរថា៖ ‹ហេតុអ្វីបានជាព្រះមានប្រតិកម្មខ្លាំងម្ល៉េះ? អ៊ុសាគ្រាន់តែខំទប់ហិបតែប៉ុណ្ណោះ›។ យកល្អយើងត្រូវកត់សម្គាល់នូវពត៌មានខ្លះៗសិន ក្រែងលោយើងសន្និដ្ឋានខុស។
១៩. ហេតុអ្វីក៏ព្រះយេហូវ៉ាពុំអាចប្រព្រឹត្តដោយអយុត្ដិធម៌នោះ?
១៩ យើងត្រូវចាំថា ព្រះយេហូវ៉ាពុំអាចប្រព្រឹត្តដោយអយុត្ដិធម៌បានឡើយ។ (យ៉ូប ៣៤:១០) បើទ្រង់ធ្វើដូច្នេះគឺទ្រង់មិនប្រកបដោយសេចក្ដីស្រឡាញ់ទេ ហើយពីការសិក្សាព្រះគម្ពីរ យើងដឹងថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ (យ៉ូហានទី១ ៤:៨) បន្ថែមទៅទៀត បទគម្ពីរប្រាប់យើងថា«សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌ ជាជើងថ្កល់នៃបល្ល័ង្កទ្រង់»។ (ទំនុកដំកើង ៨៩:១៤) ដូច្នេះ ព្រះយេហូវ៉ាមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌បានឡើយ មែនទេ? ប្រសិនបើទ្រង់ប្រព្រឹត្តដោយអយុត្ដិធម៌ គឺមានន័យថា ទ្រង់កំពុងតែបំផ្លាញនូវគ្រឹះនៃអធិបតេយ្យរបស់ទ្រង់តែម្ដង។
២០. តើហេតុអ្វីបានជាអ៊ុសាត្រូវដឹងអំពីក្រិត្យវិន័យដែលសំដៅទៅនឹងហិប?
២០ ចូរចាំថា អ៊ុសាគួរដឹងអំពីក្រិត្យវិន័យរបស់ព្រះ។ ហិបនោះតំណាងវត្តមានរបស់ព្រះយេហូវ៉ា។ ក្រិត្យវិន័យបានបង្គាប់ថា មិនត្រូវឲ្យមនុស្សដែលគ្មានសិទ្ធិប៉ះពាល់ហិបនោះឡើយ ទាំងចែងយ៉ាងច្បាស់ថា អ្នកធ្វើខុសឆ្គងនឹងត្រូវស្លាប់ជាក់ជាពុំខាន។ (ជនគណនា ៤:១៨-២០; ៧:៨៩) ដូច្នេះហើយ មនុស្សមិនត្រូវមើលស្រាលចំពោះការដូរកន្លែងនៃហិបដ៏ពិសិដ្ឋនោះឡើយ។ តាមមើលទៅ អ៊ុសាមកពីកុលសម្ព័ន្ធលេវី (តែមិនមែនជាសង្ឃទេ) ដូច្នេះគាត់គួរដឹងអំពីក្រិត្យវិន័យរបស់ព្រះ។ មិនតែប៉ុណ្ណោះ យូរឆ្នាំមុននោះ ហិបនេះត្រូវបានយកទៅដាក់នៅផ្ទះរបស់ឪពុកគាត់ទៀតផង។ (សាំយូអែលទី១ ៦:២០–៧:១) ហិបនោះបានទុកនៅផ្ទះរបស់ឪពុកគាត់អស់៧០ឆ្នាំ រហូតដល់ដាវីឌសម្រេចចិត្តយកទៅកន្លែងផ្សេង។ ដូច្នេះ តាំងពីតូចមកម្ល៉េះ នោះអ៊ុសាច្បាស់ជាដឹងអំពីក្រិត្យវិន័យស្តីអំពីហិបរបស់ព្រះ។
២១. ក្នុងករណីរបស់អ៊ុសា ហេតុអ្វីក៏សំខាន់ក្នុងការចងចាំថាព្រះយេហូវ៉ាទតឃើញនូវបំណងចិត្តរបស់មនុស្ស?
២១ ដូចបានរៀបរាប់មកហើយ ព្រះយេហូវ៉ាអាចជ្រាបពីអ្វីនៅក្នុងចិត្តមនុស្ស។ ព្រះបន្ទូលរបស់ព្រះហៅការប្រព្រឹត្តរបស់អ៊ុសាជា«កំហុសរបស់គាត់»។ ដូច្នេះហើយព្រះយេហូវ៉ាប្រហែលជាទតឃើញនូវបំណងចិត្តអាក្រក់ ដែលមិនបានរៀបរាប់យ៉ាងជាក់លាក់ក្នុងកំណត់ហេតុនេះ។ តើអ៊ុសាប្រហែលជាមនុស្សដែលបំពានសិទ្ធិ ដែលទោរទន់ផ្លោះហួសព្រំដែនរបស់ខ្លួនឬទេ? (សុភាសិត ១១:២) តើការដឹកហិបនៅមុខសាធារណជន ដែលក្រុមគ្រួសារគាត់ធ្លាប់បានរក្សាទុក ធ្វើឲ្យគាត់គិតថាខ្លួនឯងសំខាន់ហួសហេតុពេកឬទេ? (សុភាសិត ៨:១៣) តើអ៊ុសាខ្វះជំនឿដល់ម្ល៉េះបានជាគាត់គិតថាព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬក៏ទ្រង់ពុំអាចទប់ទល់ហិបដ៏ពិសិដ្ឋដែលតំណាងវត្តមានរបស់ទ្រង់នោះ? ទោះជាយ៉ាងណាក៏ដោយ យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ាបានប្រព្រឹត្តដោយត្រឹមត្រូវ។ ទ្រង់ប្រហែលជាទតឃើញអ្វីក្នុងចិត្តរបស់អ៊ុសា ដែលបាននាំឲ្យទ្រង់ជំនុំជំរះនិងកាត់ទោសគាត់ភ្លាមៗទៅ។—សុភាសិត ២១:២
មូលដ្ឋានមាំមួនចំពោះទំនុកចិត្ត
២២. តើប្រាជ្ញារបស់ព្រះយេហូវ៉ាត្រូវបានឃើញយ៉ាងណា ដោយសារជួនកាលព្រះបន្ទូលរបស់ព្រះ មិនបញ្ចូលពត៌មានលំអិតខ្លះៗនោះ?
២២ ប្រាជ្ញារបស់ព្រះយេហូវ៉ាដែលពុំអាចប្រៀបបាន គឺយើងឃើញជាក់ស្តែងដោយសារជួនកាលព្រះបន្ទូលរបស់ទ្រង់មិនបញ្ចូលពត៌មានលំអិតខ្លះៗទេ។ ដូច្នេះហើយ ព្រះយេហូវ៉ាផ្ដល់នូវឱកាសឲ្យយើងទុកចិត្តលើទ្រង់។ ពីចំណុចផ្សេងៗដែលយើងបានពិចារណា យើងឃើញច្បាស់ថាយើងមានមូលហេតុល្អចំពោះការចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ មែនទេ? នៅពេលដែលយើងសិក្សាព្រះបន្ទូលរបស់ព្រះដោយមានចិត្តស្មោះនិងសុខចិត្តពិចារណាគំនិតថ្មីដោយមិនលំអៀង នោះយើងមានចំណេះច្រើនអំពីព្រះយេហូវ៉ា ដើម្បីឲ្យជឿជាក់ថា ទ្រង់តែងតែប្រព្រឹត្តដោយយុត្ដិធម៌និងត្រឹមត្រូវជានិច្ច។ ដូច្នេះហើយ ប្រសិនបើកំណត់ហេតុខ្លះក្នុងព្រះគម្ពីរធ្វើឲ្យយើងឆ្ងល់ ដែលយើងពុំអាចរកចម្លើយបានភ្លាមៗ សូមឲ្យយើងមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ាបានប្រព្រឹត្តដោយត្រឹមត្រូវ។
២៣. តើយើងអាចមានទំនុកចិត្តយ៉ាងណា ចំពោះការប្រព្រឹត្តរបស់ព្រះយេហូវ៉ានៅនាអនាគត?
២៣ យើងអាចមានទំនុកចិត្តលើព្រះយេហូវ៉ាស្តីអំពីការប្រព្រឹត្តរបស់ទ្រង់នៅថ្ងៃមុខ។ ហេតុនេះហើយ យើងអាចប្រាកដក្នុងចិត្តថា ចំពោះការជំនុំជំរះនិងកាត់ទោសនៅសេចក្ដីវេទនាជាខ្លាំង ទ្រង់នឹងមិន«បំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់»ឡើយ។ (លោកុប្បត្តិ ១៨:២៣) ទ្រង់នឹងមិនធ្វើដូច្នេះឡើយ ពីព្រោះព្រះយេហូវ៉ាស្រឡាញ់សេចក្ដីសុចរិតនិងយុត្ដិធម៌។ យើងអាចមានទំនុកចិត្តទាំងស្រុងថា នៅក្នុងពិភពលោកថ្មីខាងមុខនេះ ទ្រង់នឹងបំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយតាមវិធីប្រសើរបំផុត។—ទំនុកដំកើង ១៤៥:១៦
[កំណត់សម្គាល់]
a អ័ប្រាហាំមានហេតុឲ្យខ្លាច ដ្បិតឯកសារសរសេរផែបផាយរ៉ុសពីបុរាណ រៀបរាប់ថាផារ៉ោនមួយអង្គមានទាហានចាប់យកស្ត្រីស្អាតៗ រួចសម្លាប់ប្ដីចោល។
b ចំពោះការពិនិត្យមើលថែមទៀត សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧៩ ទំព័រ៣១ ជាភាសាអង់គ្លេស។
តើអ្នកនៅចាំឬទេ?
• តើយើងគួរទុកចិត្តលើការជំនុំជំរះរបស់ព្រះដោយសារមូលហេតុអ្វី?
• តើអ្វីដែលអាចជួយយើងឲ្យជៀសវាងការយល់ខុសស្តីអំពីឡុតប្រគល់កូនស្រីឲ្យដល់ពួកហ្វូងមនុស្សដែលធ្វើបាប?
• តើកត្ដាអ្វីដែលអាចជួយយើងឲ្យយល់នូវមូលហេតុដែលព្រះយេហូវ៉ាប្រហារអ៊ុសា?
• តើយើងមានទំនុកចិត្តយ៉ាងណាស្តីអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ានៅនាអនាគត?