ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៤-១០ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៧១៤
ប្រស្រីភ្នែក
ភ្នែករបស់យើងឆាប់មានប្រតិកម្មណាស់ សូម្បីតែរោមភ្នែកឬធូលីដីតែបន្តិចប៉ុណ្ណោះក៏អាចប៉ះពាល់ដល់ប្រស្រីភ្នែកយើងដែរ។ យើងត្រូវការពារកញ្ចក់កែវភ្នែករបស់យើង ពីព្រោះបើវារងរបួសឬមានជំងឺណាមួយ នោះអាចនាំឲ្យភ្នែករបស់យើងខ្សោយមើលមិនសូវច្បាស់ ឬងងឹតភ្នែកតែម្ដង។ ហេតុនេះ គម្ពីរប្រើពាក្យ«ប្រស្រីភ្នែក»ពេលសំដៅទៅលើអ្វីដែលត្រូវការការពារបំផុត។ យើងត្រូវយកចិត្តទុកដាក់ចំពោះបញ្ញត្តិរបស់ព្រះ ដូចយកចិត្តទុកដាក់ចំពោះភ្នែកដែរ។ (សុភ. ៧:២) ពេលរៀបរាប់អំពីការថែទាំរបស់ព្រះចំពោះពួកអ៊ីស្រាអែល ការបំភ្លឺច្បាប់ ៣២:១០ ប្រាប់ថាលោកការពារពួកគេដូចការពារ«ប្រស្រីភ្នែក»របស់លោក។ ដាវីឌបានអធិដ្ឋានសុំឲ្យព្រះការពារនិងថែទាំគាត់ដូច«ប្រស្រីភ្នែករបស់លោក»។ (ចសព. ១៧:៨) ដាវីឌចង់ឲ្យព្រះយេហូវ៉ាចាត់វិធានការភ្លាមៗពេលពួកសត្រូវវាយប្រហារគាត់ (សូមពិនិត្យបន្ថែម សាក. ២:៨)។
ថ្ងៃទី១១-១៧ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ១៨
«ព្រះយេហូវ៉ាជា . . . អ្នកដែលសង្គ្រោះខ្ញុំ»
w០៩-E ១/៥ ទំ.១៤ វ.៤-៥
អំណរពីព្រះយេហូវ៉ាជាកម្លាំងរបស់យើង
គម្ពីរប្រៀបប្រដូចព្រះយេហូវ៉ាទៅនឹងអ្វីដែលគ្មានជីវិត។ លោកបានត្រូវពណ៌នាថាជា«ថ្មដានៃជនជាតិអ៊ីស្រាអែល» និងជា«ទីមាំមួន»។ (សាំយូអែលទី២ ២៣:៣; ចម្រៀងសរសើរព្រះ ១៨:២; ការបំភ្លឺច្បាប់ ៣២:៤) ហេតុអ្វី? ដូចថ្មដាដ៏ធំមួយដែលគ្មានអ្នកណាអាចធ្វើឲ្យរង្គោះរង្គើបាន នោះព្រះយេហូវ៉ាអាចធ្វើជាប្រភពដ៏រឹងមាំដែលយើងអាចពឹងផ្អែកបានដើម្បីការពារយើង។
៥ សៀវភៅចម្រៀងសរសើរព្រះមានពាក្យប្រៀបប្រដូចជាច្រើនដែលពណ៌នាអំពីគុណសម្បត្តិផ្សេងៗរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ចម្រៀងសរសើរព្រះ ៨៤:១១ រៀបរាប់ថាព្រះយេហូវ៉ាជា«ដួងអាទិត្យនិងជាខែល» ដោយសារលោកជាប្រភពនៃពន្លឺ ជីវិត ថាមពល និងការការពារ។ ម្យ៉ាងទៀត ចម្រៀងសរសើរព្រះ ១២១:៥ ប្រាប់ថា«ព្រះយេហូវ៉ាជាម្លប់នៅខាងស្ដាំដៃរបស់អ្នក»។ ដូចម្លប់ដែលអាចបាំងយើងពីពន្លឺថ្ងៃ ព្រះយេហូវ៉ាអាចការពារអស់អ្នកដែលបម្រើលោកពីទុក្ខលំបាកផ្សេងៗដែលប្រៀបដូចជាកម្ដៅ ដោយផ្ដល់ការការពារក្រោមស្រមោលនៃ«ដៃ»របស់លោក ឬក្រោមម្លប់នៃ«ស្លាប»របស់លោកផងដែរ។—អេសាយ ៥១:១៦; ចម្រៀងសរសើរព្រះ ១៧:៨; ៣៦:៧
it-2-E ទំ.១១៦១ វ.៧
សំឡេង
ព្រះឮសំឡេងរបស់អ្នកបម្រើលោក។ អស់អ្នកដែលបម្រើព្រះយេហូវ៉ាដោយមានការដឹកនាំពីឫទ្ធានុភាពរបស់លោកនិងដោយសេចក្ដីពិត អាចអធិដ្ឋានទៅលោកដោយមានទំនុកចិត្តថាលោកនឹងស្ដាប់ពួកគេ ទោះជាពួកគេនិយាយភាសាណាក៏ដោយ។ ណាមួយទៀត ទោះបីជាពួកគេអធិដ្ឋានក្នុងចិត្តក៏ដោយ នោះព្រះដែលស្គាល់ចិត្តមនុស្សច្បាស់ នឹង«ស្ដាប់»ឬយកចិត្តទុកដាក់ចំពោះពួកគេ។ (ចសព. ៦៦:១៩; ៨៦:៦; ១១៦:១; ១សាំ. ១:១៣; នេហ. ២:៤) ព្រះឮអ្នកដែលរងទុក្ខវេទនាដែលស្រែកអង្វរសុំជំនួយពីលោក ហើយលោកក៏ឮសំឡេងនិងបំណងចិត្តរបស់មនុស្សអាក្រក់ដែលប្រឆាំងលោក ហើយមានផែនការណ៍ធ្វើបាបអ្នកបម្រើរបស់លោកដែរ។—ដក. ២១:១៧; ចសព. ៥៥:១៨, ១៩; ៦៩:៣៣; ៩៤:៩-១១; យេ. ២៣:២៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៤៣២ វ.២
ចេរូប៊ីន
ពួកចេរូប៊ីនមិនមានរូបដែលគួរឲ្យខ្លាចដូចជារូបដែលសាសនាមិនពិតបានធ្វើហើយគោរពប្រណិប័តន៍នៅសម័យនោះទេ។ យោងទៅតាមទំនៀមទម្លាប់របស់ជនជាតិយូដាមួយដែលគេទទួលស្គាល់ (គម្ពីរមិនបានរៀបរាប់អំពីរឿងនេះទេ) ពួកចេរូប៊ីនមានរូបរាងដូចជាមនុស្ស។ ពួកចេរូប៊ីនជាស្នាដៃសិល្បៈដ៏អស្ចារ្យបំផុត ដែលតំណាងឲ្យទេវតាដ៏រុងរឿង ហើយបានធ្វើឡើង«ស្របតាម . . . គំរូ»ដែលព្រះយេហូវ៉ាផ្ដល់ឲ្យម៉ូសេដោយផ្ទាល់។ (ដច. ២៥:២៩) សាវ័កប៉ូលបានពណ៌នាអំពីរូបទាំងនេះថាជា«ចេរូប៊ីនពីរដ៏រុងរឿងដែលចោលស្រមោលលើគម្របហឹបនោះ»។ (ហេ. ៩:៥) ពួកចេរូប៊ីនជាប់ទាក់ទងនឹងវត្តមានរបស់ព្រះយេហូវ៉ា ដោយសារគម្ពីរបានបញ្ជាក់ថា៖«ខ្ញុំនឹងមានវត្តមាននៅលើគម្របហឹបនៃសេចក្ដីរំលឹក ហើយនិយាយទៅកាន់អ្នកពីកណ្ដាលចេរូប៊ីនទាំងពីរ»។ (ដច. ២៥:២២; ជប. ៧:៨៩) គម្ពីរក៏បានរៀបរាប់អំពីព្រះយេហូវ៉ាថា លោក«អង្គុយពីលើ[ឬរវាង]ចេរូប៊ីន»។ (១សាំ. ៤:៤; ២សាំ. ៦:២; ២បស. ១៩:១៥; ១ប្រ. ១៣:៦; ចសព. ៨០:១; ៩៩:១; អេ. ៣៧:១៦) ចេរូប៊ីន«តំណាងរទេះ»របស់ព្រះយេហូវ៉ា (១ប្រ. ២៨:១៨) ហើយស្លាបនៃចេរូប៊ីនតំណាងការការពារនិងការធ្វើដំណើរយ៉ាងឆាប់រហ័ស។ ដូច្នេះក្នុងចម្រៀងរបស់ដាវីឌ គាត់រៀបរាប់ថាព្រះយេហូវ៉ាបានជួយគាត់យ៉ាងលឿន ដូចជាលោក«នៅពីលើចេរូប៊ីន ហើយហោះមក» និង«ចុះមកយ៉ាងលឿននៅលើស្លាបរបស់ទេវតា»។—២សាំ. ២២:១១; ចសព. ១៨:១០
ថ្ងៃទី១៨-២៤ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ១៩-២១
«មេឃប្រកាសអំពីសិរីរុងរឿងរបស់ព្រះ»
g៩៥-E ៨/១១ ទំ.៧ វ.៣
បុគ្គលដែលគេមិនស្គាល់នៅសម័យយើង
បើយើងបណ្ដុះឲ្យមានចិត្តដឹងគុណកាន់តែច្រើនចំពោះស្នាដៃរបស់ព្រះដែលនៅជុំវិញយើង នេះអាចជួយយើងឲ្យស្គាល់លោកដែលជាអ្នកបង្កើតរបស់យើងកាន់តែច្បាស់។ មានពេលមួយដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យមើលផ្កានៅឯវាលនាតំបន់ស្រុកកាលីឡេ។ លោកមានប្រសាសន៍ថា៖«ចូរទាញយកមេរៀនពីរបៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង»។ (ម៉ាថាយ ៦:២៨, ២៩) ភាពស្រស់ស្អាតនៃផ្កាដែលតូចតាចបែបនេះ អាចជួយរំលឹកយើងឲ្យដឹងថា ព្រះយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់មនុស្ស។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១០៧៣
ភាសាហេប្រឺ ទី២
កំណាព្យជាភាសាហេប្រឺមានលក្ខណៈពិសេស ដោយសារឃ្លាទី២មិនលើកសាច់រឿងដូចឃ្លាទី១បះបិទទេ។ ប៉ុន្តែ រាល់ឃ្លាទី២ តែងតែបន្ថែមគំនិតថ្មី ឬបញ្ជាក់អ្វីដែលបានរៀបរាប់នៅឃ្លាទី១។ មានគំរូនៃឃ្លាទាំងនេះនៅចម្រៀងសរសើរព្រះ ១៩:៧-៩៖
ច្បាប់របស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ
នាំឲ្យមានកម្លាំងចិត្តឡើងវិញ
សេចក្ដីរំលឹករបស់ព្រះយេហូវ៉ាគួរឲ្យទុកចិត្ត
ធ្វើឲ្យអ្នកដែលខ្វះបទពិសោធន៍មានប្រាជ្ញា។
សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាគឺសុចរិត
ធ្វើឲ្យចិត្តរីករាយ
បញ្ញត្តិរបស់ព្រះយេហូវ៉ាគឺបរិសុទ្ធ
ជួយបំភ្លឺភ្នែកឲ្យបានយល់។
ការគោរពកោតខ្លាចព្រះយេហូវ៉ាជាការល្អប្រពៃ
ហើយនោះស្ថិតស្ថេរ ជារៀងរហូត
សេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ
ហើយសុចរិតទាំងស្រុង។
សូមកត់សម្គាល់ថាផ្នែកទី២នៃឃ្លានីមួយៗជួយបង្គ្រប់ន័យ។ ដោយសារមានផ្នែកទី២ ដូចជា«នាំឲ្យមានកម្លាំងចិត្តឡើងវិញ» និង«ធ្វើឲ្យអ្នកដែលខ្វះបទពិសោធន៍មានប្រាជ្ញា» ទើបអ្នកអានអាចយល់អំពីមូលហេតុដែល‹ច្បាប់គឺល្អឥតខ្ចោះ› និងមូលហេតុដែល«សេចក្ដីរំលឹករបស់ព្រះយេហូវ៉ាគួរឲ្យទុកចិត្ត»។
ថ្ងៃទី១-៧ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ២៣-២៥
«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
w១១-E ១/៥ ទំ.៣១ វ.៣
«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
ព្រះយេហូវ៉ាដឹកនាំចៀមរបស់លោក។ បើចៀមគ្មានគង្វាលទេ នោះពួកវានឹងវង្វេង។ ស្រដៀងគ្នាដែរ យើងត្រូវការជំនួយដើម្បីរកផ្លូវត្រឹមត្រូវក្នុងជីវិត។ (យេរេមា ១០:២៣) ដាវីឌបានពន្យល់ថា ព្រះយេហូវ៉ានាំរាស្ត្ររបស់លោកទៅឯ«វាលស្មៅខៀវខ្ចី» និង«កន្លែងមានទឹកបរិបូរ»។ លោកនាំពួកគេទៅតាម«ផ្លូវសុចរិត»។ (ខ២និង៣) ការរៀបរាប់ទាំងនេះអំពីចៀមនិងគង្វាល ពង្រឹងទំនុកចិត្តយើងថាយើងអាចទុកចិត្តព្រះបាន។ ដោយធ្វើតាមការណែនាំនៃឫទ្ធានុភាពបរិសុទ្ធរបស់លោកដូចបានបង្ហាញក្នុងគម្ពីរ យើងអាចមានជីវិតរស់នៅដែលនាំឲ្យយើងមានចិត្តស្កប់ កម្លាំងចិត្ត និងសុវត្ថិភាព។
w១១-E ១/៥ ទំ.៣១ វ.៤
«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
ព្រះយេហូវ៉ាការពារចៀមរបស់លោក។ បើចៀមគ្មានគង្វាលទេ នោះពួកវាភ័យខ្លាចហើយគ្មានអ្នកណាជួយពួកវាឡើយ។ ព្រះយេហូវ៉ាប្រាប់រាស្ត្ររបស់លោកថា ពួកគេមិនចាំបាច់ភ័យខ្លាចឡើយ សូម្បីតែពេលពួកគេកំពុង«ដើរក្នុងជ្រលងងងឹតសូន្យសុង» គឺជាពេលដ៏ពិបាកបំផុតនៅក្នុងជីវិតរបស់ពួកគេក៏ដោយ។ (ខ៤) ព្រះយេហូវ៉ាមើលថែពួកគេ ហើយតែងតែបម្រុងជួយពួកគេ។ លោកអាចផ្ដល់ប្រាជ្ញានិងកម្លាំងដែលអ្នកគោរពប្រណិប័តន៍របស់លោកត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាករបស់ពួកគេ។—ភីលីព ៤:១៣; យ៉ាកុប ១:២-៥
w១១-E ១/៥ ទំ.៣១ វ.៥
«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
ព្រះយេហូវ៉ាផ្គត់ផ្គង់ចៀមរបស់លោក។ ចៀមពឹងផ្អែកទៅលើគង្វាលដើម្បីរកចំណីឲ្យពួកវា។ យើងមានការស្រែកឃ្លានចំពោះការណែនាំពីព្រះ ហើយមានតែលោកប៉ុណ្ណោះទេដែលអាចជួយបំពេញការស្រែកឃ្លាននោះ។ (ម៉ាថាយ ៥:៣) ព្រះយេហូវ៉ាគឺជាអ្នកផ្គត់ផ្គង់ដ៏សប្បុរស ដោយសារលោកបានរៀបចំតុអាហារដ៏បរិបូរសម្រាប់រាស្ត្ររបស់លោក។ (ខ៥) គម្ពីរនិងជំនួយស្រាវជ្រាវផ្សេងៗ ដូចជាទស្សនាវដ្ដីដែលអ្នកកំពុងអាន គឺជាប្រភពនៃសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលបំពេញការស្រែកឃ្លានដែលយើងមានដើម្បីដឹងអំពីខ្លឹមសារនៃជីវិត និងគោលបំណងរបស់ព្រះសម្រាប់យើង។
ថ្ងៃទី១៥-២១ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ២៩-៣១
ការប្រៀនប្រដៅបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ
it-1-E ទំ.៨០២ វ.៣
មុខ
ការ‹បែរមុខចេញ›មានអត្ថន័យផ្សេងៗ អាស្រ័យទៅលើស្ថានភាព។ ពេលព្រះយេហូវ៉ាបែរមុខចេញ នេះច្រើនតែបញ្ជាក់ថាលោកលែងពេញចិត្ត ឬដកឫទ្ធានុភាពរបស់លោកចេញពីពួកគេ។ នេះគឺដោយសារបុគ្គលម្នាក់ឬមនុស្សមួយក្រុម ដូចជាបណ្ដាជនអ៊ីស្រាអែល មិនស្ដាប់បង្គាប់លោក។ (យ៉ូប ៣៤:២៩; ចសព. ៣០:៥-៨; អេ. ៥៤:៨; ៥៩:២) ពេលខ្លះ នេះប្រហែលជាបង្ហាញថាព្រះយេហូវ៉ាមិនតបឆ្លើយឬមិនជួយ ដោយសារលោករង់ចាំដល់ពេលកំណត់របស់លោក។ (ចសព. ១៣:១-៣) សំណូមពររបស់ដាវីឌដែលថា «សូមបែរមុខចេញពីអំពើរំលងរបស់ខ្ញុំ» មានន័យថាគាត់សុំព្រះយេហូវ៉ាអភ័យទោសឬលុបចោលកំហុសទាំងអស់របស់គាត់។—ចសព. ៥១:៩ កំ.ស.; សូមពិនិត្យបន្ថែម ចសព. ១០:១១
w០៧-E ១/៣ ទំ.១៩ វ.១
យើងពេញចិត្តរង់ចាំព្រះយេហូវ៉ា
របៀបដែលការប្រៀនប្រដៅពីព្រះយេហូវ៉ាផ្ដល់ប្រយោជន៍ដល់យើងគឺប្រៀបដូចជារបៀបដែលផ្លែឈើទៅជាទុំ។ ស្ដីអំពីការប្រៀនប្រដៅពីព្រះ គម្ពីរចែងថា៖«អ្នកដែលសុខចិត្តទទួលការប្រៀនប្រដៅនោះ នឹងទទួលផលជាសេចក្ដីសុខសាន្តនិងរបៀបរស់នៅដ៏សុចរិត»។ (ហេប្រឺ ១២:១១) ដូចផ្លែឈើត្រូវការពេលដើម្បីឲ្យវាទុំ នោះយើងក៏ត្រូវការពេលដើម្បីកែប្រែចិត្តគំនិតរបស់យើងស្របតាមការបង្ហាត់បង្រៀនពីព្រះដែរ។ ជាឧទាហរណ៍ បើយើងធ្វើខុសហើយបាត់បង់ឯកសិទ្ធិណាមួយក្នុងក្រុមជំនុំ ការសុខចិត្តរង់ចាំព្រះនឹងជួយយើងមិនឲ្យធ្លាក់ទឹកចិត្តឬឈប់ព្យាយាមឡើយ។ ក្នុងកាលៈទេសៈបែបនោះ ពាក្យរបស់ដាវីឌពិតជាលើកទឹកចិត្តមែន ដែលថា៖«បើលោកខឹងអ្នកណា លោកខឹងអ្នកនោះតែមួយភ្លែតប៉ុណ្ណោះ តែបើលោកពេញចិត្តអ្នកណា លោកពេញចិត្តអ្នកនោះអស់មួយជីវិត ពេលល្ងាចប្រហែលជាស្រក់ទឹកភ្នែក តែព្រឹកឡើងគង់តែ នឹងសើចសប្បាយវិញ»។ (ចម្រៀងសរសើរព្រះ ៣០:៥) បើយើងបណ្ដុះឲ្យមានចិត្តចេះរង់ចាំ និងធ្វើតាមយោបល់ដែលយើងទទួលពីបណ្ដាំនិងអង្គការរបស់ព្រះ នោះយើងនឹងពិតជាមានពេល«សើចសប្បាយ»ឡើងវិញ។
ថ្ងៃទី២២-២៨ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ៣២-៣៣
ហេតុអ្វីយើងគួរសារភាពកំហុសពេលធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ?
w៩៣-E ១៥/៣ ទំ.៩ វ.៧
ចិត្តមេត្តាករុណារបស់ព្រះយេហូវ៉ាជួយយើងមិនឲ្យអស់សង្ឃឹម
៧ បើយើងធ្វើខុសធ្ងន់ធ្ងរ យើងប្រហែលជាពិបាកសារភាពកំហុសរបស់យើងប្រាប់អ្នកឯទៀត សូម្បីតែព្រះយេហូវ៉ា។ តើអាចមានអ្វីកើតឡើងក្នុងស្ថានភាពបែបនោះ? នៅចម្រៀងសរសើរព្រះ ៣២ ដាវីឌបានសារភាពថា៖«ពេលខ្ញុំនៅស្ងៀមមិនចេញស្ដី[ជាជាងសារភាពកំហុស] កម្លាំងខ្ញុំក៏ខ្សោយទៅព្រោះតែខ្ញុំស្រែកថ្ងូរឥតឈប់ឈរ។ ទាំងថ្ងៃទាំងយប់ខ្ញុំមានអារម្មណ៍ថាមានបន្ទុកធ្ងន់ដោយសារលោកមិនពេញចិត្តខ្ញុំ។ កម្លាំងរបស់ខ្ញុំហួតហែងអស់ ប្រៀបដូចជាទឹករីងស្ងួតនារដូវក្ដៅ»។ (ខ៣និង៤) ពេលដាវីឌព្យាយាមលាក់បាំងកំហុសនិងមិនអើពើនឹងសមត្ថភាពវិនិច្ឆ័យដែលកំពុងផ្ដន្ទាទោសគាត់ នេះធ្វើឲ្យគាត់នឿយហត់។ កង្វល់កង្វាយបានធ្វើឲ្យគាត់អស់កម្លាំងខ្លាំងដូចជាដើមឈើដែលក្រៀមស្វិតដោយសារគ្មានទឹក។ តាមពិត ដាវីឌប្រហែលជាទទួលផលវិបាកខាងផ្លូវកាយនិងផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏លែងមានអំណរដែរ។ បើយើងស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះ តើយើងគួរធ្វើអ្វី?
w០១-E ១/៦ ទំ.៣០ វ.១
ការសារភាពកំហុសនាំឲ្យមានចំណងមិត្តភាពល្អជាមួយព្រះវិញ
ក្រោយពីដាវីឌបានសារភាព គាត់មិនមានអារម្មណ៍ថាខ្លួនគ្មានតម្លៃនោះទេ។ អ្វីដែលគាត់បានសរសេរក្នុងចម្រៀងសរសើរព្រះអំពីការសារភាពកំហុស បង្ហាញថាគាត់មានអារម្មណ៍ធូរស្បើយ ហើយតាំងចិត្តបម្រើព្រះយ៉ាងស្មោះត្រង់។ ជាឧទាហរណ៍ សូមមើលចម្រៀងសរសើរព្រះ ៣២។ ខ១អានថា៖«អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង . . . អ្នកនោះមានសុភមង្គលហើយ»។ មិនថាកំហុសឆ្គងនោះគឺធ្ងន់ធ្ងរប៉ុណ្ណាទេ យើងនឹងមានសុភមង្គលដោយសារយើងអាចទទួលការអភ័យទោស ពេលយើងប្រែចិត្តយ៉ាងស្មោះ។ វិធីមួយដែលបង្ហាញថាយើងប្រែចិត្តយ៉ាងស្មោះគឺដោយទទួលកំហុសរបស់យើង ដូចដាវីឌបានធ្វើ។ (សាំយូអែលទី២ ១២:១៣) គាត់មិនខំរកលេសឬបន្ទោសអ្នកឯទៀតទេ។ ខ៥ចែងថា៖«នៅទីបំផុត ខ្ញុំបានសារភាពអំពើខុសឆ្គងប្រាប់លោក ខ្ញុំមិនបានលាក់បាំងកំហុសរបស់ខ្ញុំទេ។ ខ្ញុំនិយាយថា៖‹ខ្ញុំនឹងសារភាពអំពើរំលងរបស់ខ្ញុំទៅព្រះយេហូវ៉ា› ហើយលោកបានលើកលែងទោសចំពោះអំពើខុសឆ្គងរបស់ខ្ញុំ»។ ការសារភាពកំហុសនាំឲ្យមានអារម្មណ៍ធូរស្រាល ដោយសារបុគ្គលនោះលែងមានសមត្ថភាពវិនិច្ឆ័យដែលផ្ដន្ទាទោសគាត់ទៀតហើយ។