មេរៀនទី១៥
មិត្តសំឡាញ់របស់ព្រះធ្វើអ្វីដែលល្អ
នៅពេលដែលអ្នកមានមិត្តម្នាក់ដែលអ្នកកោតសរសើរនិងគោរព នោះអ្នកខំប្រឹងធ្វើឲ្យបានដូចគាត់។ ព្រះគម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់»។ (ទំនុកដំកើង ២៥:៨) ដើម្បីឲ្យធ្វើជាមិត្តរបស់ព្រះ យើងត្រូវតែធ្វើអ្វីដែលល្អនិងទៀងត្រង់។ ព្រះគម្ពីរចែងថា៖ «ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់»។ (អេភេសូរ ៥:១, ២) ជាបន្តបន្ទាប់នេះនឹងប្រាប់របៀបខ្លះៗដែលអាចប្រព្រឹត្តដូចនោះបាន:
ចេះជួយអ្នកដទៃ។ «យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់»។—កាឡាទី ៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ខំប្រឹងធ្វើការ។ «អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ»។—អេភេសូរ ៤:២៨
រក្សាឲ្យស្អាតបាតខាងរូបកាយនិងខាងសីលធម៌។ «ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។—កូរិនថូសទី២ ៧:១
ប្រព្រឹត្តលើសមាជិកគ្រួសារអ្នកដោយសេចក្ដីស្រឡាញ់និងគោរព។ «ត្រូវឲ្យអ្នករាល់គ្នា . . . ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ។ ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»។—អេភេសូរ ៥:៣៣-៦:១
បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ។ «យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ»។—យ៉ូហានទី១ ៤:៧
ស្ដាប់តាមច្បាប់នៅក្នុងប្រទេស។ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ . . . ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល»។—រ៉ូម ១៣:១, ៧