ការបកអាក្រាតអ្នកគ្រប់គ្រងពិភពលោកនេះ
នៅពេលមួយ លោកយេស៊ូបានមានប្រសាសន៍ទៅបណ្ដាជនថា៖ «អ្នកគ្រប់គ្រងពិភពលោកនេះនឹងត្រូវបណ្ដេញចោល»។ ក្រោយមក លោកបានបន្ថែមថា៖ ‹អ្នកគ្រប់គ្រងពិភពលោកនេះមិនមានអំណាចលើខ្ញុំទេ› ហើយថា៖ «អ្នកគ្រប់គ្រងពិភពលោកនេះបានត្រូវវិនិច្ឆ័យហើយ»។ (យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១) តើលោកយេស៊ូចង់សំដៅទៅលើអ្នកណា?
ការពិចារណានូវអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពី«អ្នកគ្រប់គ្រងពិភពលោកនេះ»បង្ហាញយ៉ាងច្បាស់ថា លោកមិនចង់សំដៅទៅលើព្រះយេហូវ៉ាជាបិតារបស់លោកនោះទេ។ ដូច្នេះ តើអ្នកណាជា«អ្នកគ្រប់គ្រងពិភពលោកនេះ»? តើអ្នកគ្រប់គ្រងនោះនឹងត្រូវ«បណ្ដេញចោល» ហើយត្រូវ«វិនិច្ឆ័យ»យ៉ាងដូចម្ដេច?
«អ្នកគ្រប់គ្រងពិភពលោកនេះ»បង្ហាញថាខ្លួនជាអ្នកណា
ដូចមេឧក្រិដ្ឋជនដែលច្រើនតែអួតអំពីអំណាចរបស់ខ្លួន នោះមេកំណាចក៏ធ្វើដូច្នេះដែរ ពេលដែលវាល្បួងលោកយេស៊ូដែលជាបុត្ររបស់ព្រះ។ ក្រោយពីបានបង្ហាញលោកយេស៊ូនូវ«រាជាណាចក្រទាំងឡាយ»នៅផែនដី សាថានបាននិយាយទៅលោកថា៖ «ខ្ញុំនឹងឲ្យអ្នកនូវអំណាចលើរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ ពីព្រោះអ្វីៗទាំងនោះបានត្រូវប្រគល់មកឲ្យខ្ញុំ ហើយខ្ញុំអាចឲ្យអ្នកណាក៏ដោយស្រេចនឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង អ្វីៗទាំងអស់នោះនឹងទៅជារបស់អ្នក»។—លូកា ៤:៥-៧
បើមេកំណាចគ្រាន់តែជាទំនោរចិត្តអាក្រក់នៅក្នុងខ្លួនរបស់មនុស្សដូចមនុស្សខ្លះអះអាងនោះ តើយើងអាចពន្យល់អំពីការល្បួងនេះយ៉ាងដូចម្ដេច? តើលោកយេស៊ូបានត្រូវល្បួងដោយគំនិតអាក្រក់ ឬដោយអារម្មណ៍ច្របូកច្របល់ក្នុងខ្លួនដែលលោកមានក្រោយពីការជ្រមុជទឹករបស់លោកឬ? បើដូច្នេះមែន តើយើងអាចនិយាយយ៉ាងដូចម្ដេចថា«លោកគ្មានភាពខុសឆ្គងសោះឡើយ»? (យ៉ូហានទី១ ៣:៥) ជាជាងបដិសេធអំណាចរបស់មេកំណាចទៅលើមនុស្ស លោកយេស៊ូបានទទួលស្គាល់អំណាចនោះដោយចាត់ទុកវាជា«អ្នកគ្រប់គ្រងពិភពលោកនេះ» ហើយលោកក៏បានពណ៌នាថាវាជា«ឃាតករ» និងជា«អ្នកភូតភរ»ទៀតផង។—យ៉ូហាន ១៤:៣០; ៨:៤៤
ជាង៦០ឆ្នាំក្រោយពីលោកយេស៊ូជួបនឹងមេកំណាច សាវ័កយ៉ូហានបានរំលឹកពួកគ្រិស្តសាសនិកអំពីឥទ្ធិពលនៃអំណាចរបស់មេកំណាច ដោយនិយាយថា៖ «ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ យ៉ូហានក៏និយាយទៀតថាវា«ជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល»។ (យ៉ូហានទី១ ៥:១៩; ការបើកបង្ហាញ ១២:៩) យ៉ាងច្បាស់ណាស់ គម្ពីរបានចែងអំពីបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញនេះថាជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ ប៉ុន្តែ តើវាមានឥទ្ធិពលទៅលើមនុស្សជាតិខ្លាំងប៉ុណ្ណាទៅ?
អ្នកគ្រប់គ្រងពិភពលោកនេះប្រគល់អំណាចឲ្យគ្នីគ្នារបស់វា
សាវ័កប៉ូលបានសរសេរអំពីការប្រយុទ្ធដើម្បីការពារជំនឿរបស់ពួកគ្រិស្តសាសនិក ហើយបញ្ជាក់យ៉ាងច្បាស់ថាអ្នកណាជាសត្រូវដ៏កាចសាហាវរបស់ពួកគេ។ គាត់បាននិយាយយ៉ាងចំៗថា៖ «យើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាមទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌»។ (អេភេសូរ ៦:១២) ដូច្នេះ នេះមិនមែនជាការប្រយុទ្ធនឹងមនុស្សជាតិឡើយ ពីព្រោះបទគម្ពីរចែងថា ការប្រយុទ្ធនេះ«មិនមែនប្រយុទ្ធនឹងសាច់ឈាមទេ» ប៉ុន្តែ ជាការប្រយុទ្ធនឹង«ពួកវិញ្ញាណទុច្ចរិត»វិញ។
យោងទៅតាមសេចក្ដីបកប្រែភាគច្រើននៅសម័យទំនើបនេះ ពាក្យ«ពួកវិញ្ញាណទុច្ចរិត»នេះ មិនមែនសំដៅទៅលើអំពើអាក្រក់ដែលនៅក្នុងខ្លួនយើងនោះទេ តែសំដៅទៅលើបុគ្គលវិញ្ញាណអាក្រក់ដែលមានអំណាចខ្លាំងក្លាវិញ។ ដូច្នេះ នេះបានសេចក្ដីថាមេកំណាចបានប្រើអំណាចរបស់វាតាមរយៈពួកទេវតាឯទៀតដែលបានបះបោរប្រឆាំងព្រះ ហើយបោះបង់ចោល«ស្ថានដែលខ្លួនត្រូវនៅ» ពោលគឺស្ថានសួគ៌។—យូដាស ៦
សៀវភៅដានីយ៉ែលដែលជាសៀវភៅទំនាយមួយក្នុងគម្ពីរបានបង្ហាញអំពីរបៀបដែល«ពួកអ្នកគ្រប់គ្រងពិភពលោក»នេះបានចាប់ផ្ដើមគ្រប់គ្រងតាំងពីសម័យបុរាណមក។ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានខ្វល់ខ្វាយយ៉ាងខ្លាំងអំពីជនជាតិយូដាដែលបានចាកចេញពីក្រុងបាប៊ីឡូន ទៅក្រុងយេរូសាឡិមវិញក្នុងឆ្នាំ៥៣៧ មុនគ.ស. ហើយគាត់បានអធិដ្ឋានឲ្យពួកគេអស់រយៈពេលបីសប្ដាហ៍។ ព្រះបានចាត់ទេវតាមួយរូបឲ្យទៅពង្រឹងកម្លាំងរបស់ដានីយ៉ែល ប៉ុន្តែទេវតានោះមិនបានមកជួបគាត់ភ្លាមៗទេ។ ទេវតានោះបានប្រាប់អំពីមូលហេតុដែលខ្លួនមកយឺតដោយនិយាយថា៖ «ម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ»។—ដានីយ៉ែល ១០:២, ១៣
តើ«ម្ចាស់ដ៏ធំនៃនគរពើស៊ី»នេះជាអ្នកណា? ទេវតានោះមិនបានសំដៅទៅលើស្តេចពើស៊ីឈ្មោះស៊ីរូសទេ ព្រោះនៅសម័យនោះស្តេចពើស៊ីពេញចិត្តនឹងដានីយ៉ែលនិងជនរួមជាតិរបស់គាត់។ ម្យ៉ាងទៀត គម្ពីរបានបញ្ជាក់ថា ទេវតាតែមួយរូបអាចសម្លាប់ទាហានចំនួន១៨៥.០០០នាក់ក្នុងមួយយប់បាន ដូច្នេះតើស្តេចដែលជាមនុស្សអាចឃាត់បុគ្គលវិញ្ញាណមួយរូបអស់រយៈពេលបីសប្ដាហ៍យ៉ាងដូចម្ដេចបាន? (អេសាយ ៣៧:៣៦) ដូច្នេះ សត្រូវដែលជា«ម្ចាស់ដ៏ធំនៃនគរពើស៊ី»នេះជាភ្នាក់ងាររបស់មេកំណាច ពោលគឺវិញ្ញាណកំណាចមួយរូបដែលបានទទួលអំណាចដើម្បីកាន់កាប់លើចក្រភពពើស៊ី។ ក្រោយមកនៅក្នុងកំណត់ហេតុនេះ ទេវតារបស់ព្រះបាននិយាយថា ខ្លួននឹងត្រូវប្រយុទ្ធនឹង«ម្ចាស់ដ៏ធំនៃនគរពើស៊ី»ម្ដងទៀត និងវិញ្ញាណកំណាចមួយរូបទៀតដែលជា«ម្ចាស់ដ៏ធំនៃនគរក្រេក»។—ដានីយ៉ែល ១០:២០
ដូច្នេះ តើយើងអាចសន្និដ្ឋានយ៉ាងណាពីកំណត់ហេតុនេះ? គឺថាប្រាកដជាមាន«ពួកអ្នកគ្រប់គ្រងពិភពលោក»នេះមែន ពោលគឺវិញ្ញាណកំណាចដែលយើងមើលមិនឃើញ។ ពួកគេកាន់កាប់លើពិភពលោកនេះក្រោមអំណាចនៃមេកំណាចសាថានដែលជាមេរបស់ពួកគេ។ ប៉ុន្តែ រហូតមកដល់ឥឡូវនេះ តើពួកគេមានបំណងធ្វើអ្វី?
អ្នកគ្រប់គ្រងពិភពលោកនេះបង្ហាញមុខមាត់ពិត
ក្នុងសៀវភៅចុងក្រោយនៃគម្ពីរបរិសុទ្ធដែលគេហៅថាការបើកបង្ហាញ សាវ័កយ៉ូហានបានរៀបរាប់អំពីរបៀបដែលលោកយេស៊ូក្នុងនាមជាមីកែលដែលជាមហាទេវតា បានយកជ័យជម្នះលើមេកំណាចនិងពួកវិញ្ញាណកំណាចរបស់វា ហើយក៏បានប្រាប់អំពីលទ្ធផលដ៏អាក្រក់ដែលមកពីការបណ្ដេញពួកវាចេញពីស្ថានសួគ៌ដែរ។ បទគម្ពីរចែងថា៖ «វេទនាដល់ផែនដី . . . ពីព្រោះមេកំណាចបានចុះទៅឯអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។—ការបើកបង្ហាញ ១២:៩, ១២
តើមេកំណាចបានបង្ហាញកំហឹងយ៉ាងខ្លាំងតាមរបៀបណា? តាមធម្មតាឧក្រិដ្ឋជនដែលអស់សង្ឃឹមមានគំនិតថាបើខ្លួនត្រូវស្លាប់ អ្នកឯទៀតក៏ត្រូវស្លាប់ជាមួយខ្លួនដែរ។ ដូចគ្នាដែរ មេកំណាចនិងពួកវិញ្ញាណកំណាចរបស់វាតាំងចិត្តបំផ្លាញផែនដី និងធ្វើឲ្យមនុស្សជាតិទាំងអស់ស្លាប់ជាមួយនឹងពួកវាដែរ។ ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច នោះមេកំណាចបានប្រើផ្នែកដ៏សំខាន់មួយនៅក្នុងសង្គមដែលវាកំពុងកាន់កាប់ គឺស្ថាប័នជំនួញធំៗ ដើម្បីធ្វើឲ្យមនុស្សវក់នឹងការប្រើប្រាស់និងទិញទំនិញ ដែលនាំឲ្យបង្ហិនបង្ហោចនូវធនធានធម្មជាតិ ហើយក៏បំពុលបរិយាកាសនៅទូទាំងពិភពលោកផងដែរ។ ការធ្វើដូច្នេះបានគំរាមកំហែងដល់ជីវិតរបស់មនុស្សជាតិ។—ការបើកបង្ហាញ ១១:១៨; ១៨:១១-១៧
តាំងពីដើមប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ ការស្រេកឃ្លានអំណាចរបស់មេកំណាចក៏មាននៅក្នុងស្ថាប័ននយោបាយ និងសាសនាផងដែរ។ សៀវភៅការបើកបង្ហាញពណ៌នាអំពីអំណាចរបស់ស្ថាប័ននយោបាយដូចជាសត្វសាហាវដែលមេកំណាចបានឲ្យ«អំណាចយ៉ាងធំ»ដល់សត្វនោះ។ សៀវភៅនោះក៏បានពណ៌នាអំពីទំនាក់ទំនងដ៏គួរឲ្យស្អប់ខ្ពើមដែលប្រៀបដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរវាងស្ថាប័ននយោបាយ និងសាសនា។ (ការបើកបង្ហាញ ១៣:២; ១៧:១, ២) សូមគិតអំពីការគាបសង្កត់ ទុក្ខវេទនា សង្គ្រាម និងទំនាស់ផ្សេងៗទៀតដែលមានអស់រាប់សតវត្សរ៍មកហើយ ដែលនាំឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត។ បើយើងគិតអំពីព្រឹត្ដិការណ៍ដែលមិនគួរឲ្យជឿ និងភាពរន្ធត់ដែលកើតឡើងក្នុងទំព័រប្រវត្ដិសាស្ត្រ តើមានអ្នកណាម្នាក់ហ៊ាននិយាយថានេះជាសកម្មភាពធម្មតារបស់មនុស្សឬទេ? ឬក៏មានពួកវិញ្ញាណកំណាចដែលយើងមើលមិនឃើញជាអ្នកនៅពីក្រោយខ្នងសកម្មភាពទាំងនោះវិញ?
គម្ពីរបានបង្ហាញនិងបញ្ជាក់យ៉ាងច្បាស់អំពីបុគ្គលមួយរូបដែលនៅពីក្រោយខ្នងអ្នកគ្រប់គ្រងមនុស្សជាតិ និងប្រទេសដែលជាមហាអំណាច។ មិនថាដឹងខ្លួនឬក៏មិនដឹងក៏ដោយ សង្គមមនុស្សបានបង្ហាញនូវចិត្តគំនិតរបស់អ្នកគ្រប់គ្រងពិភពលោកនេះ និងគំនិតដែលថាបើខ្លួនត្រូវស្លាប់ អ្នកឯទៀតក៏ត្រូវស្លាប់ជាមួយខ្លួនដែរ។ ប៉ុន្តែ តើមនុស្សជាតិនឹងត្រូវរងទុក្ខវេទនាក្រោមការគ្រប់គ្រងរបស់មេកំណាចយូរប៉ុណ្ណាទៀត?
ទីបញ្ចប់របស់មេកំណាច
នៅសតវត្សរ៍ទី១ សកម្មភាពរបស់លោកយេស៊ូនៅផែនដី ជាទីសម្គាល់ដែលបញ្ជាក់ថាមេកំណាចនិងពួកវិញ្ញាណកំណាចជិតមកដល់ទីបញ្ចប់ហើយ។ ពេលពួកអ្នកកាន់តាមរបស់លោកយេស៊ូរៀបរាប់អំពីរបៀបដែលពួកគេបានបណ្ដេញពួកវិញ្ញាណកំណាចចេញ នោះលោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ខ្ញុំបានឃើញសាថានធ្លាក់ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ»។ (លូកា ១០:១៨) ដោយនិយាយពាក្យទាំងនេះ លោកយេស៊ូបានមានអំណរចំពោះជ័យជម្នះរបស់លោកនៅពេលអនាគតទៅលើអ្នកគ្រប់គ្រងពិភពលោកនេះ។ ជ័យជម្នះនេះនឹងកើតមានឡើង ពេលលោកយេស៊ូឡើងទៅស្ថានសួគ៌ក្នុងនាមជាមីកែលដែលជាមហាទេវតា។ (ការបើកបង្ហាញ ១២:៧-៩) ការសិក្សាទំនាយក្នុងគម្ពីរឲ្យបានសព្វគ្រប់បានបង្ហាញថាជ័យជម្នះនោះបានកើតឡើងនៅស្ថានសួគ៌ក្នុងឬមិនយូរក្រោយពីឆ្នាំ១៩១៤។a
តាំងពីឆ្នាំនោះ មេកំណាចបានដឹងថាវាមានពេលតែបន្ដិចបន្តួចទេ មុនព្រះបំផ្លាញវា។ ទោះជា‹ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់វា›ក៏ដោយ ក៏មនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះមិនចាញ់បោកអ្វីៗដែលវាប្រើដើម្បីកាន់កាប់លើពួកគេឡើយ។ គម្ពីរបានបំភ្លឺភ្នែករបស់ពួកគេឲ្យឃើញពីអត្តសញ្ញាណពិតរបស់វា រួមទាំងកិច្ចការរបស់វាដែរ។ (កូរិនថូសទី២ ២:១១) ពួកគេបានទទួលសេចក្ដីសង្ឃឹមពីពាក្យរបស់ប៉ូលដែលគាត់បានសរសេរទៅកាន់បងប្អូនរួមជំនឿថា៖ «បន្ដិចទៀតព្រះដែលផ្ដល់សេចក្ដីសុខសាន្តនឹងកិនកម្ទេចសាថានក្រោមជើងរបស់អ្នករាល់គ្នា»។b—រ៉ូម ១៦:២០
បន្ដិចទៀត មេកំណាចនឹងគ្មានទៀតទេ! ក្រោមការគ្រប់គ្រងដែលប្រកបដោយសេចក្ដីស្រឡាញ់របស់គ្រិស្ត មនុស្សនឹងធ្វើឲ្យផែនដីដែលប្រៀបដូចជាកំណល់កល់ជើងរបស់ព្រះ ក្លាយទៅជាសួនឧទ្យាន។ អំពើហិង្សា ការស្អប់គ្នា និងចិត្តលោភលន់នឹងលែងមានជារៀងរហូត។ គម្ពីរបានចែងថា៖ «របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត»។ (អេសាយ ៦៥:១៧) ពេលយើងរួចផុតពីអ្នកគ្រប់គ្រងពិភពលោកនេះនិងអំណាចរបស់វា នោះពិតជានាំឲ្យយើងធូរស្បើយមែន!
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានបន្ថែមអំពីឆ្នាំនេះ សូមមើលការពន្យល់បន្ថែមក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា នៅទំព័រ២៤៧ដល់២៤៩។
b ពាក្យរបស់ប៉ូលនៅខនេះលើកឡើងនូវទំនាយដំបូងក្នុងគម្ពីរដែលបានត្រូវកត់ទុកនៅលោកុប្បត្តិ ៣:១៥។ ទំនាយនោះបានបង្ហាញអំពីសេចក្ដីហិនវិនាសដែលមេកំណាចនឹងជួបនៅទីបំផុត។ ដើម្បីពណ៌នាព្រឹត្ដិការណ៍នោះ ប៉ូលបានប្រើពាក្យភាសាក្រិចមួយដែលមានន័យថា «បំបែក ញាប់ញ័រ និងកិនឲ្យបែកខ្ទេចខ្ទី» (Vine’s Complete Expository Dictionary of Old and New Testament Words)។
[ឃ្លាអក្សរធំនៅទំព័រ៩]
ក្រោមការគ្រប់គ្រងដែលប្រកបដោយសេចក្ដីស្រឡាញ់របស់គ្រិស្ត មនុស្សសុចរិតនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន