បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១/៧ ទំ. ៤-៥
  • លោកយេស៊ូធ្វើឲ្យជីវិតមានន័យខ្លឹមសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូធ្វើឲ្យជីវិតមានន័យខ្លឹមសារ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • តើលោកយេស៊ូជាបុគ្គលបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ‹បុត្ររបស់បិតានៅស្ថានសួគ៌សុខចិត្ដបើកសម្ដែងឲ្យស្គាល់លោក›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើលោកយេស៊ូលើកតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១/៧ ទំ. ៤-៥

លោក​យេស៊ូ​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ

តើ​លោក​យេស៊ូ​ពិត​ជា​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ឬ? តាម​មើល​ទៅ លោក​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ក្រី​ក្រ ហើយ​លោក​មិន​ធ្លាប់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ទេ។ តាម​ពិត លោក​«​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»។ (​លូកា ៩:៥៧, ៥៨​) ជាង​នេះ​ទៅ​ទៀត លោក​ត្រូវ​គេ​ស្អប់ ត្រូវ​គេ​បង្កាច់​បង្ខូច ហើយ​នៅ​ទី​បំផុត​ពួក​សត្រូវ​បាន​សម្លាប់​លោក។

លោក​អ្នក​ប្រហែល​គិត​ថា​៖ ‹ជីវិត​បែប​នេះ​មិន​មែន​ជា​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ទេ!›។ ប៉ុន្តែ​មាន​ចំណុច​ថែម​ទៀត​អំពី​ជីវិត​របស់​លោក​យេស៊ូ​ដែល​យើង​គួរ​យក​មក​ពិចារណា។ សូម​យើង​ពិចារណា​វិធី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជីវិត​លោក​មាន​ន័យ​ខ្លឹម​សារ។

១​. លោក​យេស៊ូ​មាន​គោល​បំណង​ក្នុង​ជីវិត គឺ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ

​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។—យ៉ូហាន ៤:៣៤

តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត លោក​យេស៊ូ​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ព្រះ​យេហូវ៉ា។a លោក​យេស៊ូ​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ដូច​បង្ហាញ​ក្នុង​បទ​គម្ពីរ​ខាង​លើ​នេះ លោក​ប្រៀប​ធៀប​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ទៅ​នឹង​អាហារ។ សូម​ពិចារណា​ថា តើ​លោក​បាន​និយាយ​ពាក្យ​ទាំង​នេះ​នៅ​ពេល​ណា?

លោក​យេស៊ូ​បាន​និយាយ​ពាក្យ​នេះ​ប្រហែលជា​នៅ​ពេល​ថ្ងៃ​ត្រង់។ (​យ៉ូហាន ៤:៦​) លោក​បាន​ដើរ​ពេញ​មួយ​ព្រឹក​កាត់​តំបន់​ដែល​មាន​ទី​ទួល​ជា​ច្រើន​ក្នុង​ស្រុក​សាម៉ារី ដូច្នេះ លោក​ច្បាស់​ជា​ឃ្លាន។ ម្ល៉ោះ​ហើយ អ្នក​កាន់​តាម​លោក​បាន​តឿន​លោក​ថា​៖ ​«​រ៉ាប៊ី អញ្ជើញ​ពិសា​ទៅ​»។ (​យ៉ូហាន ៤:៣១​) តាម​ចម្លើយ​របស់​លោក លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ការ​បំពេញ​កិច្ចការ​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ឡើង​វិញ។ ស្ដាប់​ទៅ​ជីវិត​របស់​លោក​មាន​ន័យ​ខ្លឹម​សារ​ណាស់ មែន​ទេ?

២​. លោក​យេស៊ូ​ស្រឡាញ់​បិតា​យ៉ាង​ខ្លាំង

​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​»។—យ៉ូហាន ១៤:៣១

លោក​យេស៊ូ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ខ្លាំង​ណាស់​ជា​មួយ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ ជំរុញ​លោក​យេស៊ូ​សម្ដែង​ឲ្យ​មនុស្ស​ស្គាល់​បិតា ពោល​គឺ​នាម គោល​បំណង និង​គុណ​សម្បត្ដិ​របស់​បិតា។ លោក​យេស៊ូ​ដូច​បិតា​បេះបិទ។ ដោយ​អាន​អំពី​ពាក្យ​សម្ដី ការ​ប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​លោក​យេស៊ូ នោះ​ប្រៀប​ដូច​ជា​យើង​កំពុង​អាន​អំពី​បិតា​របស់​លោក​ដែរ។ ដូច្នេះ​ហើយ ពេល​ភីលីព​សួរ​លោក​យេស៊ូ​ថា​៖ ​«​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​»​ លោក​យេស៊ូ​តប​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។—យ៉ូហាន ១៤:៨, ៩

លោក​យេស៊ូ​ស្រឡាញ់​បិតា​លោក​ខ្លាំង​ដល់​ម្ល៉េះ​ដែល​លោក​សុខ​ចិត្ត​ស្ដាប់​បង្គាប់​បិតា​ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។ (​ភីលីព ២:៧, ៨; យ៉ូហានទី១ ៥:៣​) សេចក្ដី​ស្រឡាញ់​ខ្លាំង​បែប​នេះ​ដែល​លោក​មាន​ចំពោះ​ព្រះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​ន័យ​ខ្លឹម​សារ។

៣​. លោក​យេស៊ូ​ស្រឡាញ់​មនុស្ស

​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ​»។—យ៉ូហាន ១៥:១៣

អនាគត​របស់​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​គឺ​មាន​តែ​ភាព​អស់​សង្ឃឹម​ប៉ុណ្ណោះ។ គម្ពីរ​ពន្យល់​ថា​៖ ​«​ដូច​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់[​អាដាម​] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ (​រ៉ូម ៥:១២​) យើង​មិន​អាច​គេច​ផុត​ដោយ​ខ្លួន​ឯង​បាន​ទេពី​ផល​វិបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង ពោល​គឺ​សេចក្ដី​ស្លាប់។—រ៉ូម ៦:២៣

យើង​ពិត​ជា​ដឹង​គុណ​ណាស់ ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ដំណោះ​ស្រាយ​ចំពោះ​ស្ថានភាព​របស់​មនុស្ស​ជាតិ។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​និង​គ្មាន​ភាព​ខុស​ឆ្គង រង​ទុក្ខ​និង​ស្លាប់​ក្នុង​បំណង​ផ្ដល់​ថ្លៃ​លោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ការ​ដើម្បី​រួច​ផុត​ពី​អំណាច​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ សេចក្ដី​ស្រឡាញ់​ចំពោះ​បិតា​និង​ចំពោះ​មនុស្ស​ជាតិ​បាន​ជំរុញ​លោក​យេស៊ូ​ឲ្យ​ប្រគល់​ជីវិត​របស់​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដើម្បី​ប្រយោជន៍​យើង។ (​រ៉ូម ៥:៦​-​៨​) សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​បែប​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​ន័យ​ខ្លឹម​សារ។b

៤​. លោក​យេស៊ូ​ដឹង​ថា​បិតា ស្រឡាញ់​និង​ពេញ​ចិត្ត​លោក

​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។—ម៉ាថាយ ៣:១៧

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ខាង​លើ​នេះ​ពី​ស្ថាន​សួគ៌​នៅ​ពេល​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ជា​ចំហ​ថា​លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ ហេតុ​នេះ មិន​ជា​ការ​ចម្លែក​ឡើយ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ​»។ (​យ៉ូហាន ១០:១៧​) ដោយ​ដឹង​ថា​បិតា​ស្រឡាញ់​និង​ពេញ​ចិត្ត​លោក លោក​យេស៊ូ​បាន​ប្រឈម​មុខ​ដោយ​ចិត្ត​ក្លាហាន​ចំពោះ​ការ​ប្រឆាំង​និង​ការ​រិះ​គន់។ លោក​មាន​ចិត្ត​នឹងនរ​ជា​និច្ច​ទោះ​ជា​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ក៏​ដោយ។ (​យ៉ូហាន ១០:១៨​) ការ​ដឹង​ថា​បិតា​ស្រឡាញ់​និង​ពេញ​ចិត្ត​លោក ប្រាកដជា​ធ្វើ​ឲ្យ​ជីវិត​លោក​យេស៊ូ​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ​ថែម​ទៀត។

លោក​យេស៊ូ​ពិត​ជា​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​មែន។ ច្បាស់​ហើយ យើង​អាច​រៀន​ពី​លោក​យ៉ាង​ច្រើន​អំពី​របៀប​យើង​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​នូវ​ឱវាទ​ចំ​ៗ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​អ្នក​កាន់​តាម​លោក​ស្តី​អំពី​របៀប​រស់​នៅ។

[​កំណត់​សម្គាល់​]

a យេហូវ៉ា​គឺជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

b ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ សូម​មើល​ជំពូក​ទី​៥ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៤, ៥]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក