ចូរប្រើកូនសៀវភៅ«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?»ដើម្បីចាប់ផ្ដើមការសន្ទនា
១. តើយើងបានទទួលជំនួយថ្មីអ្វីសម្រាប់កិច្ចបម្រើផ្សាយ?
១ ថ្មីៗនេះ យើងបានទទួលកូនសៀវភៅដែលមានចំណងជើងថា«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?»។ ពេលយើងរៀបចំពាក្យផ្ដើមសម្រាប់កិច្ចបម្រើផ្សាយ តើកូនសៀវភៅនេះអាចជួយយើងយ៉ាងដូចម្ដេច? កូនសៀវភៅនេះជួយយើងឲ្យងាយស្រួលចាប់ផ្ដើមការសន្ទនា ពីព្រោះមានប្រធានបទផ្សេងៗ ហើយក្នុងប្រធានបទនីមួយៗមានខគម្ពីរជាច្រើន។
២. តើយើងអាចប្រើកូនសៀវភៅ«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?»យ៉ាងដូចម្ដេច?
២ អ្នកអាចប្រើសំណួរទី៨ ហើយនិយាយថា៖ «យើងមកលេងតំបន់នេះមួយភ្លែត ពីព្រោះមនុស្សជាច្រើនឆ្ងល់ថា ‹តើព្រះជាអ្នកបណ្ដាលឲ្យមនុស្សរងទុក្ខវេទនាឬ?›។ [ក្នុងតំបន់ផ្សាយខ្លះ មានប្រសិទ្ធភាពជាងបើយើងបង្ហាញសំណួរនោះដល់ម្ចាស់ផ្ទះ] តើអ្នកគិតយ៉ាងណាដែរ? [ទុកឲ្យគាត់ឆ្លើយ] គម្ពីរមានចម្លើយដែលធ្វើឲ្យយើងអស់ចម្ងល់»។ យ៉ាងហោចណាស់អាននិងពិគ្រោះបទគម្ពីរមួយដែលមាននៅក្នុងប្រធានបទនោះ។ បើម្ចាស់ផ្ទះចាប់អារម្មណ៍ អ្នកអាចបង្ហាញគាត់សំណួរទាំង២០ក្នុងសេចក្ដីផ្ដើម ហើយសុំគាត់ឲ្យជ្រើសរើសសំណួរមួយសម្រាប់ពិភាក្សានៅពេលក្រោយ ឬក៏អ្នកអាចស្នើផ្ដល់ឲ្យគាត់នូវសៀវភៅសិក្សាគម្ពីរណាមួយដែលមានព័ត៌មានថែមទៀតអំពីប្រធានបទដែលទើបតែបានពិគ្រោះ។
៣. ដើម្បីចាប់ផ្ដើមការសន្ទនាក្នុងតំបន់ផ្សាយដែលមានមនុស្សកាន់សាសនាផ្សេងមិនមែនជាសាសនាគ្រិស្ត តើយើងអាចប្រើកូនសៀវភៅ«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?»យ៉ាងដូចម្ដេច?
៣ សំណួរទី៤និងសំណួរទី១៣ដល់ទី១៧ប្រហែលជាមានប្រសិទ្ធភាព នៅពេលផ្សព្វផ្សាយក្នុងតំបន់ដែលមានមនុស្សកាន់សាសនាផ្សេងមិនមែនជាសាសនាគ្រិស្ត។ ជាឧទាហរណ៍ អ្នកអាចប្រើព័ត៌មានពីសំណួរទី១៧ ហើយនិយាយថា៖ «យើងមកលេងមួយភ្លែត ដើម្បីប្រាប់អំពីដំណឹងល្អដែលជួយក្រុមគ្រួសារទាំងឡាយ។ សព្វថ្ងៃនេះក្រុមគ្រួសារជាច្រើនកំពុងជួបប្រទះនឹងទុក្ខលំបាកផ្សេងៗ តើអ្នកយល់ស្របឬទេ?» [ទុកឲ្យគាត់ឆ្លើយ] ប្ដីប្រពន្ធជាច្រើនបានទទួលប្រយោជន៍ពីពាក្យដែលប្រកបទៅដោយប្រាជ្ញានេះ ដែលថា៖ «ប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។ [អ្នកមិនចាំបាច់ប្រាប់ថាខគម្ពីរនេះមកពីអេភេសូរ ៥:៣៣ទេ។ បើអ្នកកំពុងនិយាយទៅកាន់ស្ត្រីម្នាក់ អ្នកអាចបង្ហាញអេភេសូរ ៥:២៨ជំនួសវិញ] តើអ្នកគិតថា ប្ដីប្រពន្ធនឹងទទួលប្រយោជន៍ពីការធ្វើតាមការណែនាំនេះឬទេ?»។
៤. ក្រោយពីអ្នកបញ្ចប់ការសន្ទនាជាមួយនឹងអ្នកដែលកាន់សាសនាផ្សេងមិនមែនជាសាសនាគ្រិស្ត តើអ្នកអាចធ្វើអ្វី?
៤ ពេលអ្នកបញ្ចប់ការសន្ទនា អ្នកអាចរៀបចំដើម្បីបន្តការពិគ្រោះនៅពេលក្រោយ។ ជាឧទាហរណ៍ អ្នកអាចពន្យល់អំពីបទគម្ពីរមួយទៀតដែលមានក្នុងសំណួរដែលអ្នកបានពិភាក្សា។ នៅពេលណាមួយដែលសមរម្យ អ្នកអាចប្រាប់ម្ចាស់ផ្ទះឲ្យដឹងថាការណែនាំដែលប្រកបដោយប្រាជ្ញាដែលអ្នកកំពុងពិភាក្សាជាមួយនឹងគាត់គឺមកពីគម្ពីរ។ ពេលស្នើផ្ដល់សៀវភៅ សូមគិតថាសៀវភៅមួយណាដែលនឹងទាក់ទាញចិត្តគាត់ នេះអាស្រ័យទៅលើប្រធានបទដែលអ្នកបានពិភាក្សាជាមួយនឹងគាត់ និងទស្សនៈរបស់គាត់អំពីគម្ពីរ (សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបម្រើព្រះ ខែធ្នូ ឆ្នាំ២០១៣)។