យេរេមា
៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យេរេមាដូច្នេះថា៖ ២ «ចូរឈរនៅខ្លោងទ្វារវិហាររបស់ព្រះយេហូវ៉ា ហើយប្រកាសដំណឹងនេះថា៖ ‹ឱបណ្ដាជនយូដាដែលចូលតាមទ្វារទាំងនេះដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកែខ្លួននិងកែប្រែការប្រព្រឹត្តរបស់អ្នករាល់គ្នាទៅ នោះខ្ញុំនឹងអនុញ្ញាតឲ្យអ្នករាល់គ្នារស់នៅកន្លែងនេះតទៅទៀត។+ ៤ ចូរកុំទុកចិត្តពាក្យបោកបញ្ឆោតដែលនិយាយថា៖ ‹នេះ*ជាវិហាររបស់ព្រះយេហូវ៉ា វិហាររបស់ព្រះយេហូវ៉ា វិហាររបស់ព្រះយេហូវ៉ា!›។+ ៥ ប្រសិនបើអ្នករាល់គ្នាកែខ្លួននិងកែប្រែការប្រព្រឹត្តរបស់ខ្លួន ព្រមទាំងវិនិច្ឆ័យក្ដីដោយយុត្តិធម៌ ពេលមានជម្លោះរវាងបុរសម្នាក់និងអ្នកជិតខាងរបស់គាត់+ ៦ ហើយបើអ្នករាល់គ្នាមិនជិះជាន់ជនបរទេស កូនកំព្រានិងស្ត្រីមេម៉ាយ+ ព្រមទាំងមិនសម្លាប់ជនស្លូតត្រង់នៅទីនេះ ហើយឈប់ដើរតាមព្រះដទៃដែលនាំឲ្យមានទុក្ខដល់ខ្លួន+ ៧ នោះខ្ញុំនឹងឲ្យអ្នករាល់គ្នារស់នៅលើទឹកដីនេះតទៅទៀត គឺនៅក្នុងស្រុកដែលខ្ញុំបានឲ្យបុព្វបុរសរបស់អ្នករាល់គ្នាជាដរាបតទៅ»›»។
៨ «ប៉ុន្តែ អ្នករាល់គ្នាបានទុកចិត្តពាក្យបោកបញ្ឆោតវិញ+ គឺជាអ្វីដែលគ្មានប្រយោជន៍ទាល់តែសោះ។ ៩ អ្នករាល់គ្នាបានលួច+ សម្លាប់មនុស្ស ផិតក្បត់ ស្បថមិនពិត+ ជូនគ្រឿងបូជាដល់ព្រះបាល+ និងកាន់តាមព្រះឯទៀតដែលខ្លួនមិនស្គាល់។ ១០ រួចអ្នករាល់គ្នាចូលមកឈរនៅចំពោះខ្ញុំក្នុងវិហារដែលជាតំណាងនាមខ្ញុំ ហើយនិយាយថា៖ ‹យើងនឹងទទួលសេចក្ដីសង្គ្រោះ›។ តើរឿងនេះអាចទៅរួចទេ? ព្រោះអ្នករាល់គ្នាកំពុងប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមហើយ។ ១១ តើអ្នករាល់គ្នាចាត់ទុកវិហារនេះដែលជាតំណាងនាមខ្ញុំ ជាសម្បុកចោរឬ?+ មើល! ខ្ញុំបានឃើញការទាំងនេះដោយផ្ទាល់ភ្នែកហើយ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១២ «‹ប៉ុន្តែ ឥឡូវចូរទៅកន្លែងរបស់ខ្ញុំនៅឯស៊ីឡូរ+ ជាកន្លែងតាងនាមខ្ញុំតាំងពីដំបូង+ ហើយមើលនូវអ្វីដែលខ្ញុំបានធ្វើនៅទីនោះ ដោយសារតែអំពើអាក្រក់របស់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។+ ១៣ ទោះជាយ៉ាងនោះក្ដី អ្នករាល់គ្នានៅតែធ្វើអំពើទាំងនោះដដែល›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ទោះជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាម្ដងហើយម្ដងទៀត*ក៏ដោយ ក៏អ្នកមិនស្ដាប់ដែរ។+ ខ្ញុំបានហៅអ្នករាល់គ្នាច្រើនលើកច្រើនសា តែអ្នកមិនឆ្លើយតបមកវិញទេ។+ ១៤ ដូច្នេះ ខ្ញុំនឹងធ្វើទៅលើវិហារដែលជាតំណាងនាមខ្ញុំ+ ជាវិហារដែលអ្នករាល់គ្នាទុកចិត្ត+ ហើយធ្វើទៅលើទីកន្លែងនេះដែលខ្ញុំបានប្រគល់ឲ្យអ្នកនិងបុព្វបុរសរបស់អ្នក ដូចខ្ញុំបានធ្វើទៅលើស៊ីឡូរដែរ។+ ១៥ ខ្ញុំនឹងបោះអ្នករាល់គ្នាចេញពីមុខខ្ញុំ ដូចខ្ញុំបានបោះបង់ចោលបងប្អូនរបស់អ្នករាល់គ្នាដែរ គឺកូនចៅទាំងអស់របស់អេប្រាអ៊ីម›។+
១៦ «ចំណែកអ្នកវិញ ចូរកុំអធិដ្ឋានឲ្យប្រជារាស្ត្រនេះឲ្យសោះ ហើយក៏កុំបន្លឺសំឡេង ឬធ្វើសំណូមពរ ឬអង្វរជំនួសពួកគេដែរ+ ព្រោះខ្ញុំនឹងមិនស្ដាប់ទេ។+ ១៧ តើអ្នកមិនឃើញអ្វីដែលពួកគេកំពុងធ្វើនៅបណ្ដាក្រុងក្នុងស្រុកយូដា និងនៅតាមផ្លូវក្នុងក្រុងយេរូសាឡិមទេឬ? ១៨ កូនៗកំពុងប្រមូលអុស ហើយឪពុកកំពុងបង្កាត់ភ្លើង។ ឯម្ដាយវិញ កំពុងច្របាច់ម្សៅធ្វើនំជូនដល់ព្រះនាងនៃមេឃា។*+ បន្ថែមទៅទៀត ពួកគេបានច្រួចស្រាជូនជាគ្រឿងបូជាដល់ព្រះឯទៀតដើម្បីបញ្ឈឺចិត្តខ្ញុំ។+ ១៩ ព្រះយេហូវ៉ាប្រកាសថា៖ ‹តើពួកគេកំពុងធ្វើបាប*ខ្ញុំឬ? ការពិតគឺពួកគេកំពុងធ្វើបាបខ្លួនឯងទេ ហើយពួកគេកំពុងធ្វើឲ្យខ្លួនអាម៉ាស់មុខហើយ›។+ ២០ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ ‹មើល! ខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងរបស់ខ្ញុំទៅលើកន្លែងនេះ+ ទាំងមនុស្ស ទាំងសត្វ ទាំងដើមឈើនៅឯវាល ទាំងផលដំណាំ។ កំហឹងនេះប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ ដែលមិនអាចពន្លត់បានឡើយ›។+
២១ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ចូរជូនគ្រឿងបូជាដុតបន្ថែមពីលើគ្រឿងបូជាឯទៀតរបស់អ្នករាល់គ្នាទៅ ហើយបរិភោគសាច់ជាចំណែករបស់ខ្លួនចុះ។+ ២២ ព្រោះនៅថ្ងៃដែលខ្ញុំបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ខ្ញុំមិនបាននិយាយជាមួយនឹងពួកគេអំពីគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀតទេ ហើយក៏មិនបានបង្គាប់ពួកគេអំពីការនោះដែរ។+ ២៣ ប៉ុន្តែ ខ្ញុំបានបង្គាប់ពួកគេដូចនេះថា៖ «ចូរស្ដាប់ខ្ញុំចុះ នោះខ្ញុំនឹងទៅជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងទៅជារាស្ត្ររបស់ខ្ញុំ។+ អ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបង្គាប់ ដើម្បីឲ្យអ្នករាល់គ្នាមានភាពចម្រុងចម្រើន»›។+ ២៤ ប៉ុន្តែ ពួកគេមិនព្រមផ្ទៀងត្រចៀកស្ដាប់ឡើយ។+ ផ្ទុយទៅវិញ ពួកគេបានធ្វើតាមគម្រោងការ*របស់ខ្លួន គឺធ្វើតាមគំនិតអាក្រក់និងចិត្តរឹងចចេសរបស់ខ្លួនវិញ។+ ពួកគេបានថយក្រោយ មិនមែនឆ្ពោះទៅមុខទេ ២៥ គឺតាំងពីថ្ងៃដែលបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប រហូតមកដល់សព្វថ្ងៃនេះ។+ ម្ល៉ោះហើយ ខ្ញុំបានចាត់ពួកអ្នកបម្រើរបស់ខ្ញុំជាពួកអ្នកប្រកាសទំនាយ ឲ្យទៅព្រមានអ្នករាល់គ្នាជារៀងរាល់ថ្ងៃ ម្ដងហើយម្ដងទៀត។+ ២៦ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ខ្ញុំទេ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់ខ្ញុំដែរ។+ ពួកគេជាមនុស្សរឹងចចេស ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសរបស់ពួកគេទៅទៀត!
២៧ «ឯអ្នកវិញ អ្នកនឹងប្រាប់ពាក្យទាំងនេះដល់ពួកគេ+ តែពួកគេនឹងមិនស្ដាប់អ្នកទេ។ អ្នកនឹងហៅពួកគេ តែពួកគេនឹងមិនឆ្លើយតបមកអ្នកវិញឡើយ។ ២៨ អ្នកនឹងប្រាប់ពួកគេថា៖ ‹នេះជាប្រជាជាតិដែលមិនស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយមិនព្រមទទួលការប្រដៅតម្រង់ពីលោកទេ។ ពួកគេលែងមានភាពស្មោះត្រង់ហើយ ក្នុងចំណោមពួកគេក៏គ្មាននរណានិយាយអំពីភាពស្មោះត្រង់ដែរ›។+
២៩ «ចូរកាត់សក់វែង*របស់អ្នក* រួចបោះចោលទៅ ហើយច្រៀងបទទំទួញនៅលើទីទួលចុះ ព្រោះព្រះយេហូវ៉ាលែងទទួលស្គាល់ជំនាន់មនុស្សដែលធ្វើឲ្យលោកខឹង ហើយលោកនឹងបោះបង់ចោលពួកគេ។ ៣០ ព្រះយេហូវ៉ាប្រកាសថា៖ ‹ព្រោះបណ្ដាជនយូដាបានប្រព្រឹត្តអ្វីដែលខ្ញុំស្អប់។ ពួកគេបានដំឡើងរូបព្រះដែលគួរឲ្យស្អប់ខ្ពើមនៅក្នុងវិហារដែលជាតំណាងនាមខ្ញុំ ដើម្បីធ្វើឲ្យវិហារនោះស្មោកគ្រោក។+ ៣១ ពួកគេបានសង់ទីខ្ពស់ៗនៅតូផែត ដែលនៅក្នុងជ្រលងហ៊ីណំ*+ ដើម្បីដុតកូនប្រុសកូនស្រីរបស់ខ្លួននៅក្នុងភ្លើង+ ជាការដែលខ្ញុំមិនបានបង្គាប់ ហើយក៏មិនដែលមាននៅក្នុងគំនិតខ្ញុំសោះឡើយ›។+
៣២ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ហេតុនេះ មើល! នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះថាតូផែតឬជ្រលងហ៊ីណំ*ទៀត តែនឹងហៅថាជ្រលងនៃការសម្លាប់វិញ។ គេនឹងកប់សាកសពនៅតូផែត រហូតដល់គ្មានកន្លែងកប់ទៀត។+ ៣៣ ម្ល៉ោះហើយ សាកសពរបស់បណ្ដាជននោះ នឹងទៅជាចំណីដល់សត្វហើរលើអាកាស និងដល់សត្វសាហាវនៅលើដី ហើយគ្មានអ្នកណាដេញពួកវាឡើយ។+ ៣៤ គ្រានោះ នៅបណ្ដាក្រុងក្នុងស្រុកយូដានិងនៅតាមផ្លូវក្នុងក្រុងយេរូសាឡិម ខ្ញុំនឹងធ្វើឲ្យលែងមានសំឡេងសប្បាយរីករាយ និងសំឡេងត្រេកអររបស់កូនកំលោះកូនក្រមុំទៀត+ ព្រោះស្រុកទាំងមូលនឹងត្រូវបំផ្លាញចោល›»។+