បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អេម៉ុស ១:១-៩:១៥
  • អេម៉ុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អេម៉ុស
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អេម៉ុស

អេម៉ុស

១ នេះ​ជា​ពាក្យ​សម្ដី​របស់​អេម៉ុស។* អេម៉ុស​ជា​គង្វាល​ចៀម​ម្នាក់​ពី​ក្រុង​ថេកូអា។+ នៅ​គ្រា​អូសៀស+ស្ដេច​ស្រុក​យូដា និង​នៅ​គ្រា​យេរ៉ូបោម+ជា​កូន​របស់​យ៉ូអាស+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល គឺ​នៅ​ពីរ​ឆ្នាំ​មុន​ពេល​មាន​ការ​រញ្ជួយ​ដី+ គាត់​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​ស្រុក​អ៊ីស្រាអែល។ ២ គាត់​និយាយ​ថា​៖

​«​ព្រះ​យេហូវ៉ា​នឹង​គ្រហឹម​ពី​ស៊ីយ៉ូន

ហើយ​លោក​នឹង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ចេញ​ពី​ក្រុង​យេរូសាឡិម។

វាល​ស្មៅ​របស់​គង្វាល នឹង​ក្រៀម​ស្វិត

ហើយ​រុក្ខជាតិ​នៅ​លើ​កំពូល​ភ្នំ​កើមែល នឹង​ស្រពោន​អស់​»។+

 ៣ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹​«​ក្រុង​ដាម៉ាស់​បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​តំបន់​គីលាត​ដោយ​ក្ដារ​ដែក​បញ្ជាន់​ស្រូវ។+

 ៤ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​វិមាន​របស់​ហាសេអែល+

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​របស់​បេនហាដាត។+

 ៥ ខ្ញុំ​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់+

ខ្ញុំ​នឹង​ប្រហារ​ពួក​អ្នក​ដែល​មក​ពី​ប៊ីកាតអាវេន

ព្រម​ទាំង​អ្នក​គ្រប់​គ្រង​នៅ​បេតអេដែន

ហើយ​ពួក​ស៊ីរី​នឹង​ត្រូវ​និរទេស​ទៅ​តំបន់​គា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។

 ៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹​«​ក្រុង​កាសា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ+ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ។

 ៧ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​កាសា+

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ។

 ៨ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​ក្រុង​អាសូត+

ខ្ញុំ​នឹង​ប្រហារ​អ្នក​គ្រប់​គ្រង​ក្រុង​អាសកាឡូន+

ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន+

ហើយ​ពួក​ភីលីស្ទីន​ដែល​នៅ​សេស​សល់​នឹង​វិនាស​ទៅ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត›។

 ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹ក្រុង​ទីរ៉ុស+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ

ហើយ​ពួក​គេ​មិន​បាន​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​រវាង​បង​ប្អូន​ទេ។+

១០ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​ទីរ៉ុស

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ›។+

១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹អេដំ+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​គាត់​បាន​ដេញ​តាម​បង​ប្អូន​ខ្លួន​ដោយ​ដាវ+

ហើយ​គាត់​មិន​ព្រម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ។

គាត់​ចេះ​តែ​ហែក​ពួក​គេ​ជា​ចំណែក​ៗ​ដោយ​កំហឹង

ហើយ​គាត់​ចង​គំនុំ​នឹង​ពួក​គេ​ជា​និច្ច។+

១២ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​តំបន់​ថេម៉ាន+

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​បូសរ៉ា›។+

១៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹​«​ពួក​អាំម៉ូន+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​នៅ​តំបន់​គីលាត​ដើម្បី​ពង្រីក​ទឹក​ដី​របស់​ខ្លួន។+

១៤ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ក្រុង​រ៉ាបា+

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ

ដោយ​សម្រែក​ចម្បាំង​ដូច​នៅ​ថ្ងៃ​សង្គ្រាម

និង​ដោយ​ព្យុះ​សង្ឃរា​ដូច​នៅ​ថ្ងៃ​ព្យុះ​ភ្លៀង។

១៥ ពេល​នោះ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​នឹង​ត្រូវ​និរទេស​ទៅ​ជា​មួយ​គ្នា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។

២ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹​«​ម៉ូអាប់+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​គាត់​បាន​ដុត​ឆ្អឹង​ស្ដេច​ស្រុក​អេដំ​ឲ្យ​ទៅ​ជា​ផេះ។

 ២ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​ម៉ូអាប់ ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​នៅ​កេរីយ៉ុត។+

ម៉ូអាប់​នឹង​វិនាស​ក្នុង​អំឡុង​ពេល​មាន​ការ​ជ្រួល​ច្របល់

មាន​សម្រែក​ចម្បាំង និង​សំឡេង​ផ្លុំ​ស្នែង។+

 ៣ ខ្ញុំ​នឹង​ដក​អ្នក​គ្រប់​គ្រង​ចេញ​ពី​ទី​នោះ

ហើយ​ប្រហារ​ពួក​អ្នក​ដឹក​នាំ​ទាំង​អស់​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។

 ៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹ពួក​យូដា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា

ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​របស់​លោក​ដែរ។+

ប៉ុន្តែ ពួក​គេ​ធ្វើ​តាម​សេចក្ដី​ភូត​ភរ​ដែល​បុព្វ​បុរស​របស់​ពួក​គេ​កាន់​ខ្ជាប់​ហើយ​ពួក​គេ​បាន​វង្វេង​ចេញ។+

 ៥ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​ស្រុក​យូដា

ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​យេរូសាឡិម›។+

 ៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹ពួក​អ៊ីស្រាអែល+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត ដើម្បី​បាន​ប្រាក់

ហើយ​លក់​ជន​ក្រី​ក្រ ដើម្បី​បាន​ស្បែក​ជើង​មួយ​គូ។+

 ៧ ពួក​គេ​បាន​ជាន់​ឈ្លី​មនុស្ស​ទន់​ទាប​ឲ្យ​កប់​ទៅ​ក្នុង​ដី+

ហើយ​ពួក​គេ​មិន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​ដោយ​សុចរិត​យុត្តិធម៌​ទេ។+

ឪពុក​និង​កូន​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​តែ​ម្នាក់។

ពួក​គេ​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន។

 ៨ ពួក​គេ​យក​សម្លៀក​បំពាក់​ដែល​ពួក​គេ​ទទួល​បញ្ចាំ+ មក​ក្រាល​ដេក​នៅ​ក្បែរ​ទី​បូជា​នា​នា។+

រីឯ​ស្រា​ដែល​ពួក​គេ​ផឹក​នៅ​វិហារ​របស់​ព្រះ​ពួក​គេ គឺ​ជា​ស្រា​ដែល​ទិញ​ដោយ​ប្រាក់​ដែល​ពួក​គេ​បាន​ផាក​ពិន័យ​ពី​បណ្ដា​ជន›។

 ៩ ‹ប៉ុន្តែ គឺ​ខ្ញុំ​ទេ​ដែល​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​មុខ​រាស្ត្រ​ខ្ញុំ។+

ទោះ​ជា​ជន​ជាតិ​អាម៉ូរី​ខ្ពស់​ដូច​ដើម​ស៊ីដារ និង​រឹង​មាំ​ដូច​ដើម​អូក​ក៏​ដោយ

ក៏​ខ្ញុំ​បាន​កម្ទេច​ទាំង​ផ្លែ​នៅ​លើ​ដើម ទាំង​ឫស​នៅ​ក្នុង​ដី។+

១០ ខ្ញុំ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប+

ហើយ​ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ដើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​អស់​រយៈ​ពេល​៤០​ឆ្នាំ+

ដើម្បី​ចាប់​យក​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​ទុក​ជា​មត៌ក។

១១ ខ្ញុំ​បាន​តែង​តាំង​កូន​ប្រុស​ខ្លះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ+

ហើយ​ឲ្យ​ពួក​យុវជន​ខ្លះ​ធ្វើ​ជា​ពួក​ណាសារីត។+

ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! តើ​ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នោះ​ទេ​ឬ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១២ ‹ប៉ុន្តែ អ្នក​រាល់​គ្នា​ចេះ​តែ​ឲ្យ​ស្រា​ដល់​ពួក​ណាសារីត​ផឹក+

ហើយ​បង្គាប់​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឈប់​ប្រកាស​ទំនាយ​ទៀត​ទៅ​»។+

១៣ ហេតុ​នេះ ខ្ញុំ​នឹង​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេច​ខ្ទី​នៅ​នឹង​កន្លែង

ដូច​រទេះ​ដែល​ពេញ​ដោយ​កណ្ដាប់​ស្រូវ កិន​កម្ទេច​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ក្រោម​កង់​វា។

១៤ ពេល​នោះ អ្នក​ដែល​រត់​លឿន​នឹង​គេច​មិន​ផុត​ឡើយ+

ហើយ​អ្នក​ដែល​ខ្លាំង​ក្លា​នឹង​លែង​មាន​កម្លាំង​ទៀត។

ចំណែក​ទាហាន​ដ៏​អង់អាច​វិញ ពួក​គេ​នឹង​មិន​រួច​ជីវិត​ឡើយ។

១៥ អ្នក​ប្រសប់​បាញ់​ធ្នូ​នឹង​មិន​អាច​ត​ទល់​បាន​ទេ

ហើយ​អ្នក​ពូកែ​រត់​ក៏​គេច​មិន​រួច​ដែរ។

រីឯ​អ្នក​ជិះ​សេះ ក៏​គាត់​មិន​រួច​ជីវិត​ឡើយ។

១៦ នៅ​ថ្ងៃ​នោះ សូម្បី​តែ​ទាហាន​ដ៏​ក្លាហាន​ជាង​គេ

នឹង​រត់​គេច​ទាំង​គ្មាន​សម្លៀក​បំពាក់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៣ ​«​ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ខ្ញុំ​ជា​យេហូវ៉ា​ស្ដី​អំពី​អ្នក​រាល់​គ្នា គឺ​អំពី​ប្រជា​ជាតិ​ទាំង​មូល​ដែល​ខ្ញុំ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ប្រសាសន៍​នោះ​មាន​ដូច​ត​ទៅ​៖

 ២ ‹ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ខ្ញុំ​ស្គាល់​ច្បាស់។+

ហេតុ​នេះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។+

 ៣ បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ណាត់​ជួប​គ្នា តើ​ពួក​គេ​អាច​ដើរ​ជា​មួយ​គ្នា​ម្ដេច​នឹង​បាន?

 ៤ បើ​តោ​មិន​ឃើញ​ចំណី តើ​វា​នឹង​គ្រហឹម​នៅ​ក្នុង​ព្រៃ​ឬ​ទេ?

បើ​តោ​ស្ទាវ​ចាប់​អ្វី​មិន​បាន​សោះ តើ​វា​នឹង​គ្រហឹម​ចេញ​ពី​រូង​ឬ​ទេ?

 ៥ បើ​គ្មាន​គេ​ដាក់​អន្ទាក់* តើ​សត្វ​ស្លាប​អាច​ជាប់​អន្ទាក់​បាន​ទេ?

បើ​គ្មាន​សត្វ​ជាប់​ទេ តើ​អន្ទាក់​នឹង​វាត់​ឡើង​បាន​ឬ?

 ៦ បើ​គេ​ផ្លុំ​ស្នែង​នៅ​ក្នុង​ក្រុង តើ​បណ្ដា​ជន​មិន​ភ័យ​ញាប់​ញ័រ​ទេ​ឬ?

បើ​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ក្រុង តើ​នោះ​មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា​ទេ​ឬ?

 ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​មិន​ធ្វើ​អ្វី​ណា​មួយ​ឡើយ

លុះ​ត្រា​តែ​លោក​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង​របស់​លោក​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក​ជា​មុន​សិន។+

 ៨ ពេល​តោ​គ្រហឹម​ហើយ+ តើ​អ្នក​ណា​មិន​ខ្លាច?

ពេល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ហើយ តើ​អ្នក​ណា​មិន​ប្រកាស​ទំនាយ?›។+

 ៩ ‹ចូរ​ប្រកាស​ដំណឹង​នេះ​នៅ​លើ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​អាសូត

ហើយ​ប្រកាស​នៅ​លើ​ប៉ម​រឹង​មាំ​ទាំង​ឡាយ​ក្នុង​ស្រុក​អេហ្ស៊ីប។

ចូរ​ប្រកាស​ថា​៖ ​«​ចូរ​នាំ​គ្នា​មក​ប្រឆាំង​នឹង​តំបន់​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ទៅ+

ចូរ​មក​មើល​ការ​ចលាចល និង​ការ​បោក​ប្រាស់​នៅ​ទី​នេះ។+

១០ ព្រោះ​ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។

ប៉ម​រឹង​មាំ​របស់​ពួក​គេ ពេញ​ដោយ​អំពើ​ឃោរឃៅ​និង​ការ​បំផ្លិច​បំផ្លាញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។

១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖

‹សត្រូវ​នឹង​មក​ឡោម​ព័ទ្ធ​ស្រុក​អ្នក​រាល់​គ្នា+

ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្សោយ​កម្លាំង

ហើយ​រឹប​អូស​របស់​របរ​ពី​ក្នុង​ប៉ម​រឹង​មាំ​របស់​អ្នក​រាល់​គ្នា›។+

១២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹ដូច​គង្វាល​កញ្ឆក់​យក​ជើង​ពីរ​ឬ​ត្រចៀក​មួយ​របស់​ចៀម​ចេញ​ពី​មាត់​តោ​យ៉ាង​ណា

នោះ​បណ្ដា​ជន​អ៊ីស្រាអែល​ក៏​នឹង​ត្រូវ​កញ្ឆក់​ចេញ​យ៉ាង​នោះ​ដែរ

គឺ​ពួក​អ្នក​ដែល​ដេក​នៅ​លើ​គ្រែ​ប្រណីត​ៗ​និង​អ្នក​ដែល​អង្គុយ​នៅ​លើ​កៅអី​ស្អាត​ៗ​ក្នុង​ស្រុក​សាម៉ារី›។+

១៣ ‹ចូរ​ស្ដាប់ ហើយ​ព្រមាន​ពូជ​ពង្ស​យ៉ាកុប​ទៅ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

១៤ ‹ព្រោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​កាត់​ទោស​អ៊ីស្រាអែល​ចំពោះ​ការ​បះ​បោរ​របស់​គាត់+

នោះ​ខ្ញុំ​ក៏​នឹង​បំផ្លាញ​ទី​បូជា​នា​នា​នៅ​ក្រុង​បេតអែល​ដែរ។+

ខ្ញុំ​នឹង​កាប់​បំបាក់​ស្នែង​ទី​បូជា​ទម្លាក់​ទៅ​ដី។+

១៥ ខ្ញុំ​នឹង​បំផ្លាញ​វិមាន​រដូវ​រងា​និង​វិមាន​រដូវ​ក្ដៅ​ចោល›។

‹ខ្ញុំ​នឹង​កម្ទេច​វិមាន​ធ្វើ​ពី​ភ្លុក+

ហើយ​បំបាក់​បំបែក​ផ្ទះ​ធំ​ៗ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​គ្មាន​សល់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៤ ​«​ឱ​គោ​នៅ​តំបន់​បាសាន

ជា​អ្នក​រស់​នៅ​លើ​ភ្នំ​សាម៉ារី​អើយ!+ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ​ចុះ

គឺ​ពួក​ស្ត្រី​ដែល​កេង​ប្រវ័ញ្ច​ជន​ទន់​ទាប+និង​គាប​សង្កត់​ជន​ក្រី​ក្រ

ហើយ​និយាយ​ទៅ​ប្ដី*ខ្លួន​ថា​៖ ‹ចូរ​យក​ស្រា​មក​ផឹក!›។

 ២ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ស្បថ​ដោយ​នូវ​ភាព​បរិសុទ្ធ​របស់​លោក​ថា​៖

‹​«​មើល! នៅ​គ្រា​ខាង​មុខ ខ្ញុំ​នឹង​ថ្ពក់​អ្នក​រាល់​គ្នា​ឡើង​ដោយ​តម្ពក់​អ្នក​កាប់​សាច់

ហើយ​អ្នក​ដែល​នៅ​សល់​ខ្ញុំ​នឹង​ថ្ពក់​ឡើង​ដោយ​ផ្លែ​សន្ទូច។

 ៣ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​តាម​ប្រឡោះ​កំពែង​ក្រុង​ដែល​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា

ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ​ចោល​ទៅ​តំបន់​ហាម៉ូន​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។

 ៤ ‹ចូរ​នាំ​គ្នា​មក​ក្រុង​បេតអែល ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង*ចុះ+

ចូរ​នាំ​គ្នា​មក​ក្រុង​គីលកាល ហើយ​ប្រព្រឹត្ត​អំពើ​រំលង​កាន់​តែ​ច្រើន​ទៅ!+

នៅ​ពេល​ព្រឹក ចូរ​យក​គ្រឿង​បូជា​របស់​អ្នក​រាល់​គ្នា​មក​ជូន​ចុះ+

ហើយ​នៅ​ថ្ងៃ​ទី​៣ ចូរ​យក​អំណោយ​១​ភាគ​១០​មក​ជូន​ដែរ។+

 ៥ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ដុត​នំ​ប៉័ង​មាន​ដំបែ​ជា​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ+

ហើយ​ស្រែក​ប្រកាស​អំពី​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទៅ!

ព្រោះ​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ណាស់›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

 ៦ ‹ចំណែក​ខ្ញុំ​វិញ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា​អស់​ស្បៀង​អាហារ ហើយ​នៅ​ក្នុង​ផ្ទះ​នា​នា ក៏​គ្មាន​នំ​ប៉័ង​បរិភោគ​ដែរ។+

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៧ ‹បន្ថែម​ទៀត ខ្ញុំ​បាន​ធ្វើ​ឲ្យ​មេឃ​រាំង​ភ្លៀង​បី​ខែ​មុន​រដូវ​ច្រូត​កាត់។+

ខ្ញុំ​បង្អុរ​ភ្លៀង​នៅ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ

នៅ​ដី​មួយ​កន្លែង​មាន​ភ្លៀង​ជោក​ជាំ តែ​ដី​មួយ​កន្លែង​ទៀត​ហួត​ហែង។

 ៨ បណ្ដា​ជន​ពី​ក្រុង​ពីរ​បី​នាំ​គ្នា​ចេញ​ទៅ​រក​ទឹក​ផឹក​ទាំង​ត្រដាប​ត្រដួស​នៅ​ក្រុង​មួយ​ទៀត+ តែ​ពួក​គេ​មិន​បាន​ទឹក​ផឹក​ឆ្អែត​ទេ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៩ ‹ខ្ញុំ​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា​កើត​ផ្សិត ហើយ​ក្រៀម​ស្វិត​ដោយ​ខ្យល់​ក្ដៅ។+

អ្នក​រាល់​គ្នា​ធ្វើ​សួន​និង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ជា​ច្រើន

តែ​ហ្វូង​កណ្ដូប​បាន​មក​ស៊ី​បំផ្លាញ​អស់ ទាំង​ដើម​ល្វា​តូច​ទាំង​ដើម​អូលីវ។+

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១០ ‹ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​រោគ​រាត​ត្បាត ដូច​នៅ​ស្រុក​អេហ្ស៊ីប​ដែរ។+

ខ្ញុំ​បាន​ប្រហារ​ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​ដោយ​ដាវ+ ហើយ​ដក​ហូត​យក​សេះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។+

ខ្ញុំ​បាន​ធ្វើ​ឲ្យ​ក្លិន​អសោច​ពី​ជំរំ​អ្នក​រាល់​គ្នា សាយភាយ​ទៅ​ដល់​ច្រមុះ​អ្នក​រាល់​គ្នា+

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឡើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១១ ‹ខ្ញុំ​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​បាន​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដែរ។+

អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​អុស​ដែល​គេ​កញ្ឆក់​យក​ចេញ​ពី​ភ្លើង។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១២ ដូច្នេះ ឱ​អ៊ីស្រាអែល​អើយ! នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​អ្នក

គឺ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ម្ដង​ទៀត។

ហេតុ​នេះ ចូរ​ត្រៀម​ខ្លួន​ដើម្បី​ជួប​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ។

១៣ មើល! លោក​ហើយ​ជា​អ្នក​ដែល​បាន​សូន​ធ្វើ​ភ្នំ​នា​នា+​ហើយ​ក៏​បង្កើត​ខ្យល់​ផង​ដែរ។+

លោក​ប្រាប់​មនុស្ស​អំពី​គំនិត​របស់​លោក

ហើយ​ធ្វើ​ឲ្យ​ពន្លឺ​ព្រឹក​ព្រហាម​ប្រែ​ទៅ​ជា​ងងឹត។+

លោក​ដើរ​លើ​ទី​ខ្ពស់​ៗ​នៅ​ផែនដី+

នាម​លោក​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។

៥ ​«​ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ទាស់​នឹង​អ្នក​រាល់​គ្នា​ជា​បទ​ទំនួញ​ថា​៖

 ២ ‹អ៊ីស្រាអែល​ជា​ស្រី​ក្រមុំ​បាន​ដួល​ហើយ

នាង​មិន​អាច​ក្រោក​ឡើង​ម្ដង​ទៀត​ទេ។

នាង​ត្រូវ​គេ​ទុក​ចោល​នៅ​លើ​ទឹក​ដី​នាង

ហើយ​គ្មាន​អ្នក​ណា​លើក​នាង​ឡើង​ទេ›។

៣ ​«​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖

‹ក្រុង​មួយ​ដែល​ចាត់​ទាហាន​១.០០០​នាក់​ឲ្យ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​សល់​តែ​១០០​នាក់​ត្រឡប់​មក​វិញ។

ក្រុង​មួយ​ដែល​ចាត់​ទាហាន​១០០​នាក់​ឲ្យ​ចេញ​ទៅ​ធ្វើ​ចម្បាំង នឹង​សល់​តែ​១០​នាក់​ត្រឡប់​មក​វិញ។ នេះ​នឹង​កើត​ឡើង​ចំពោះ​ពូជ​ពង្ស​អ៊ីស្រាអែល›។+

៤ ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ពូជ​ពង្ស​អ៊ីស្រាអែល​ថា​៖

‹ចូរ​ស្វែង​រក​ខ្ញុំ ហើយ​បន្ត​រស់​រាន​មាន​ជីវិត​ចុះ។+

 ៥ កុំ​ទៅ​រក​ក្រុង​បេតអែល​ឡើយ+

ហើយ​ក៏​កុំ​ទៅ​ក្រុង​គីលកាល+ ឬ​ឆ្លង​ទៅ​ក្រុង​បៀរសេបា​ដែរ+

ព្រោះ​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+

ហើយ​ក្រុង​បេតអែល​នឹង​វិនាស​សាប​សូន្យ។*

 ៦ ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​បន្ត​រស់​រាន​មាន​ជីវិត​ទៅ+

ដើម្បី​កុំ​ឲ្យ​លោក​បញ្ចេញ​កំហឹង​ដូច​ជា​ភ្លើង​ទៅ​លើ​ពូជ​ពង្ស​យ៉ូសែប

ព្រម​ទាំង​បញ្ឆេះ​ក្រុង​បេតអែល ហើយ​គ្មាន​អ្នក​ណា​អាច​ពន្លត់​បាន​ឡើយ។

 ៧ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌​ទៅ​ជា​សេចក្ដី​ល្វីង​ជូរ​ចត់

ហើយ​បោះ​សេចក្ដី​សុចរិត​ចោល​ទៅ​ដី។+

 ៨ លោក​ជា​អ្នក​បង្កើត​កញ្ចុំ​ផ្កាយ​ឃីម៉ា​និង​កញ្ចុំ​ផ្កាយ​ខេស៊ីល*+

និង​ធ្វើ​ឲ្យ​ភាព​ងងឹត​ប្រែ​ទៅ​ជា​ពន្លឺ​នា​ព្រឹក​ព្រលឹម

ហើយ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​ទៅ​ជា​ងងឹត​ដូច​ពេល​យប់+

ថែម​ទាំង​ប្រមូល​ទឹក​ពី​សមុទ្រ ដើម្បី​ស្រោច​ស្រព​ទៅ​លើ​ផ្ទៃ​ផែនដី+

នាម​លោក គឺ​យេហូវ៉ា។

 ៩ លោក​នឹង​ប្រហារ​ពួក​អ្នក​ខ្លាំង​ក្លា​ភ្លាម​មួយ​រំពេច

ហើយ​បំផ្លាញ​កន្លែង​រឹង​មាំ​នា​នា។

១០ ពួក​គេ​ស្អប់​ពួក​អ្នក​ដែល​កែ​តម្រង់​អ្នក​ឯ​ទៀត​នៅ​ខ្លោង​ទ្វារ​ក្រុង

ហើយ​ពួក​គេ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​និយាយ​ពិត​ត្រង់។+

១១ ដោយ​សារ​អ្នក​រាល់​គ្នា​ទាម​ទារ​ពន្ធ​ដី​ពី​ជន​ក្រី​ក្រ

និង​យក​ស្រូវ​របស់​ពួក​គេ​ជា​សួយ​អាករ+

នោះ​អ្នក​រាល់​គ្នា​នឹង​មិន​អាច​បន្ត​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ដែល​អ្នក​បាន​សង់​ទៀត​ទេ+

ហើយ​ក៏​មិន​អាច​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ល្អ​ៗ​ដែល​អ្នក​បាន​ដាំ​ទៀត​ដែរ។+

១២ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង*ច្រើន​យ៉ាង​ណា

ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដល់​កម្រិត​ណា

គឺ​អ្នក​រាល់​គ្នា​ធ្វើ​បាប​មនុស្ស​សុចរិត

ហើយ​ចូល​ចិត្ត​ទទួល​សំណូក

ថែម​ទាំង​មិន​បាន​កាត់​ក្ដី​ឲ្យ​ជន​ក្រី​ក្រ​ដោយ​យុត្តិធម៌​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង​ទេ។+

១៣ ដូច្នេះ នៅ​ពេល​នោះ​ពួក​អ្នក​ដែល​ចេះ​ពិចារណា​នឹង​នៅ​ស្ងៀម

ព្រោះ​នោះ​ជា​គ្រា​លំបាក​ណាស់។+

១៤ ចូរ​ស្វែង​រក​សេចក្ដី​ល្អ​ចុះ កុំ​ស្វែង​រក​សេចក្ដី​អាក្រក់​ឡើយ+

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បន្ត​រស់​រាន​មាន​ជីវិត។+

បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រហែល​ជា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា

ដូច​អ្នក​រាល់​គ្នា​បាន​និយាយ​មែន។+

១៥ ចូរ​ស្អប់​សេចក្ដី​អាក្រក់ ហើយ​ស្រឡាញ់​សេចក្ដី​ល្អ+

ចូរ​កាត់​ក្ដី​ដោយ​យុត្តិធម៌​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង។+

បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

ប្រហែល​ជា​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ពូជ​ពង្ស​យ៉ូសែប​ដែល​នៅ​សេស​សល់›។+

១៦ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ គឺ​ព្រះ​យេហូវ៉ា​ពោល​ថា​៖

‹​នៅ​ទី​ធ្លា​សាធារណៈ​ទាំង​ឡាយ នឹង​មាន​អ្នក​ស្រែក​ទ្រហោ​យំ

ហើយ​នៅ​តាម​ផ្លូវ​ទាំង​អស់ គេ​នឹង​ស្រែក​ថា​៖ ​«​វេទនា​ហើយ! វេទនា​ហើយ!​»។

គេ​នឹង​ហៅ​ពួក​អ្នក​ចម្ការ​ឲ្យ​មក​យំ​កាន់​ទុក្ខ

ព្រម​ទាំង​អ្នក​ស៊ី​ឈ្នួល​យំ​ទួញ ឲ្យ​មក​ទ្រហោ​យំ​ដែរ›។

១៧ ‹នៅ​ចម្ការ​នីមួយ​ៗ នឹង​មាន​អ្នក​ស្រែក​ទ្រហោ​យំ+

ព្រោះ​ខ្ញុំ​នឹង​ឆ្លង​កាត់​កណ្ដាល​អ្នក​រាល់​គ្នា​ដើម្បី​វិនិច្ឆ័យ​ទោស›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

១៨ ‹វេទនា​ហើយ! ពួក​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។+

នៅ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា?+

ថ្ងៃ​នោះ​នឹង​មាន​ភាព​ងងឹត​គ្មាន​ពន្លឺ​ទាល់​តែ​សោះ។+

១៩ ថ្ងៃ​នោះ​នឹង​ប្រៀប​ដូច​ជា​ពេល​មនុស្ស​ម្នាក់​រត់​គេច​ពី​តោ ទៅ​ប្រទះ​ខ្លា​ឃ្មុំ

ហើយ​ពេល​គាត់​ចូល​ក្នុង​ផ្ទះ រួច​ច្រត់​ដៃ​លើ​ជញ្ជាំង ស្រាប់​តែ​ត្រូវ​ពស់​ចឹក។

២០ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មាន​ភាព​ងងឹត​គ្មាន​ពន្លឺ​សោះ

គឺ​ជា​ថ្ងៃ​ដែល​មាន​ភាព​ងងឹត​សូន្យសុង​គ្មាន​រស្មី​ឡើយ មែន​ទេ?

២១ ខ្ញុំ​ស្អប់​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា​ណាស់+

ហើយ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​នឹង​ក្លិន​ឈ្ងុយ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​អ្នក​រាល់​គ្នា​ដែរ។

២២ ទោះ​បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​អំណោយ​ដល់​ខ្ញុំ​ក្ដី

ក៏​ខ្ញុំ​មិន​ពេញ​ចិត្ត​ដែរ។+

ខ្ញុំ​នឹង​មិន​អើពើ​ចំពោះ​សត្វ​ធាត់​ៗ​ដែល​អ្នក​រាល់​គ្នា​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ខ្ញុំ​ឡើយ។+

២៣ ចូរ​ឈប់​ច្រៀង​ចម្រៀង​ដែល​គួរ​ឲ្យ​សង្កៀរ​ត្រចៀក​នោះ​ទៅ

ហើយ​កុំ​ឲ្យ​ខ្ញុំ​ឮ​តន្ត្រី​ពី​ឧបករណ៍​ភ្លេង​របស់​អ្នក​រាល់​គ្នា​ទៀត។+

២៤ ចូរ​ឲ្យ​យុត្តិធម៌​ហូរ​ដូច​ជា​ទឹក+

ហើយ​ឲ្យ​សេចក្ដី​សុចរិត​ហូរ​ដូច​ជា​ទន្លេ។

២៥ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! អស់​រយៈ​ពេល​៤០​ឆ្នាំ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ+

តើ​អ្នក​រាល់​គ្នា​បាន​ជូន​គ្រឿង​បូជា​និង​អំណោយ​ផ្សេង​ៗ​ដល់​ខ្ញុំ​ឬ?

២៦ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​លី​សែង​សាកគុត​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា​និង​ខៃវ៉ាន*

ជា​រូប​ចម្លាក់​នៃ​ព្រះ​ផ្កាយ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​គោរព​បូជា

២៧ ហើយ​ខ្ញុំ​នឹង​ឲ្យ​គេ​ចាប់​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​ឆ្ងាយ​ហួស​ក្រុង​ដាម៉ាស់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។+

៦ ​«​វេទនា​ហើយ! ពួក​អ្នក​ដែល​រស់​នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​ក្នុង​ស៊ីយ៉ូន

វេទនា​ហើយ! ពួក​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព​នៅ​ភ្នំ​សាម៉ារី+

គឺ​ពួក​បុរស​ជា​មេ​ដឹក​នាំ​លើ​ប្រជា​ជាតិ​កំពូល

ជា​ពួក​អ្នក​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​យក​ជា​ទី​ពឹង។

 ២ ចូរ​ឆ្លង​ទៅ​ឯ​កាលនេ ហើយ​ពិនិត្យ​មើល​ចុះ។

ចូរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ក្រុង​ហាម៉ាត​ដ៏​ធំ+

ហើយ​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​ភីលីស្ទីន​ទៅ។

តើ​រាជាណាចក្រ​ទាំង​នោះ​ប្រសើរ​ជាង​រាជាណាចក្រ*របស់​អ្នក​រាល់​គ្នា​ឬ?

តើ​ទឹក​ដី​របស់​ពួក​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?

 ៣ តើ​អ្នក​រាល់​គ្នា​លែង​គិត​ដល់​ថ្ងៃ​នៃ​សេចក្ដី​វេទនា+

ហើយ​បណ្ដាល​ឲ្យ​ជន​ឃោរ​ឃៅ​គ្រប់​គ្រង​នៅ​ក្នុង​ស្រុក​ឬ?+

 ៤ ពួក​គេ​ដេក​នៅ​លើ​គ្រែ​ភ្លុក+ ហើយ​សន្ធឹង​ខ្លួន​នៅ​លើ​កៅអី​វែង+

ព្រម​ទាំង​បរិភោគ​សាច់​ចៀម​ឈ្មោល​និង​សាច់​គោ​ធាត់​ៗ​*ទៀត​ផង។+

 ៥ ពួក​គេ​ដេញ​ពិណ​បណ្ដើរ​តែង​ចម្រៀង​បណ្ដើរ+

ព្រម​ទាំង​បង្កើត​ឧបករណ៍​ភ្លេង​ថ្មី​ៗ​ដូច​ដាវីឌ​ដែរ។+

 ៦ ពួក​គេ​ផឹក​ស្រា​ទាំង​គោម​ៗ​+ ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ល្អ​បំផុត។

ប៉ុន្តែ ពួក​គេ​មិន​ខ្វល់​អំពី​ការ​វិនាស​របស់​យ៉ូសែប​ឡើយ។+

 ៧ ដូច្នេះ ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​មុន​គេ។+

ពេល​នោះ នឹង​លែង​មាន​ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត​ទៀត​ហើយ។

 ៨ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ស្បថ​ដោយ​នូវ​នាម​លោក​ថា​៖+

​«​ខ្ញុំ​ស្អប់​ខ្ពើម​អំណួត​របស់​យ៉ាកុប​ណាស់+

ហើយ​ខ្ញុំ​ក៏​ស្អប់​ប៉ម​រឹង​មាំ​របស់​គាត់​ដែរ។+

ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​និង​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ។+

៩ ​«​‹​«​ពេល​នោះ ទោះ​ជា​មាន​មនុស្ស​១០​នាក់​នៅ​សល់​ក្នុង​ផ្ទះ​តែ​មួយ​ក្ដី ក៏​ពួក​គេ​នឹង​ស្លាប់​ដែរ។ ១០ សាច់​ញាតិ​ម្នាក់​នឹង​ចូល​ទៅ​យក​សព​ពួក​គេ​ម្ដង​មួយ​ៗ​ចេញ​មក​ដើម្បី​ដុត​ចោល គឺ​គាត់​នឹង​យក​ឆ្អឹង​ពួក​គេ​ចេញ​ពី​ផ្ទះ​នោះ។ បន្ទាប់​មក គាត់​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ក្នុង​ផ្ទះ​នោះ​ថា​៖ ‹តើ​មាន​នៅ​សល់​អ្នក​ណា​ទៀត​ទេ?›។ អ្នក​នោះ​ក៏​ឆ្លើយ​ថា​៖ ‹គ្មាន​ទេ!›។ រួច​មក គាត់​និយាយ​ថា​៖ ‹ចូរ​ស្ងៀម​ទៅ! ព្រោះ​នេះ​មិន​មែន​ជា​ពេល​ឲ្យ​យើង​នឹក​ដល់​នាម​ព្រះ​យេហូវ៉ា​ទេ›​»។

១១ ព្រោះ​នេះ​ជា​បង្គាប់​របស់​ព្រះ​យេហូវ៉ា+

ហើយ​លោក​នឹង​បំផ្លាញ​ផ្ទះ​ធំ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែក

ហើយ​បំផ្លាញ​ផ្ទះ​តូច​ឲ្យ​ទៅ​ជា​កម្ទេច​ថ្ម។+

១២ តើ​សេះ​នឹង​រត់​លើ​គែម​ភ្នំ​ឬ? តើ​គេ​នឹង​យក​គោ​ទៅ​ភ្ជួរ​នៅ​ទី​នោះ​ឬ?

ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​ទៅ​ជា​ដើម​ពុល

ហើយ​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​ទៅ​ជា​ដើម​ល្វីង*វិញ។+

១៣ អ្នក​រាល់​គ្នា​អរ​សប្បាយ​នឹង​អ្វី​ដែល​ឥត​ប្រយោជន៍

ហើយ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​តើ​យើង​មិន​មាន​អំណាច​ខ្លាំង​ក្លា​ដោយ​សារ​តែ​កម្លាំង​ខ្លួន​យើង​ទេ​ឬ?​»។+

១៤ ហេតុ​នេះ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​មួយ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

‹ពួក​គេ​នឹង​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​រាល់​គ្នា ចាប់​ពី​លេបូហាម៉ាត*+​រហូត​ដល់​ជ្រលង​អារ៉ាបា›​»។

៧ នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! នៅ​វេលា​ដែល​ផល​ចុង​រដូវ​បាន​លាស់​ឡើង គឺ​ក្រោយ​ពេល​កាត់​វាល​ស្មៅ​ឲ្យ​ស្ដេច ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​កណ្ដូប​មួយ​ហ្វូង​មក​ស៊ី​បំផ្លាញ​ភោគ​ផល​ទាំង​នោះ។ ២ ពេល​កណ្ដូប​ស៊ី​បំផ្លាញ​ដំណាំ​អស់​ពី​ក្នុង​ស្រុក ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​រាស្ត្រ​លោក​ផង!+ តើ​យ៉ាកុប​អាច​រួច​ជីវិត​ម្ដេច​នឹង​បាន​ទៅ? ព្រោះ​គាត់​ខ្សោយ​ណាស់!​»។+

៣ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​គិត​ឡើង​វិញ​អំពី​រឿង​នេះ+ ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​នេះ​នឹង​មិន​កើត​ឡើង​ទេ​»។

៤ នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​កាត់​ទោស​ពួក​គេ​ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើងឆេះ។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត ថែម​ទាំង​ឆាប​ឆេះ​ផ្ទៃ​ដី​មួយ​ផ្នែក​ទៀត​ផង។ ៥ បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! សូម​លោក​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​អី។+ តើ​យ៉ាកុប​អាច​រួច​ជីវិត​ម្ដេច​នឹង​បាន​ទៅ? ព្រោះ​គាត់​ខ្សោយ​ណាស់!​»។+

៦ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​គិត​ឡើង​វិញ​អំពី​រឿង​នេះ+ ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​នេះ​នឹង​មិន​កើត​ឡើង​ទេ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

៧ នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! លោក​កំពុង​ឈរ​នៅ​លើ​កំពែង​ដែល​បាន​ត្រូវ​វាស់​ដោយ​ខ្សែ​ប្រយោល ហើយ​លោក​កាន់​ខ្សែ​ប្រយោល​ក្នុង​ដៃ។ ៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អេម៉ុស​អើយ! តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ខ្សែ​ប្រយោល​»។ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ដាក់​ខ្សែ​ប្រយោល​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​អ៊ីស្រាអែល។ ខ្ញុំ​លែង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទៀត​ហើយ។+ ៩ ទី​ខ្ពស់​ៗ​របស់​អ៊ីសាក+ នឹង​ត្រូវ​កម្ទេច​ចោល។ ឯ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ។+ ខ្ញុំ​នឹង​មក​ទាស់​នឹង​ពូជ​ពង្ស​យេរ៉ូបោម​ដោយ​ដាវ​»។+

១០ ចំណែក​អាម៉ាស៊ា​ជា​សង្ឃ​នៅ​ក្រុង​បេតអែល+ គាត់​បាន​ផ្ញើ​សារ​ទៅ​យេរ៉ូបោម+ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​អេម៉ុស​កំពុង​រៀប​គម្រោង​ប្រឆាំង​នឹង​លោក​នៅ​ក្នុង​ចំណោម​ពូជ​ពង្ស​អ៊ីស្រាអែល​តែ​ម្ដង។+ បណ្ដា​ជន​ក្នុង​ស្រុក​ធុញ​ទ្រាន់​នឹង​ស្ដាប់​ពាក្យ​របស់​គាត់​ណាស់។+ ១១ ព្រោះ​អេម៉ុស​និយាយ​ដូច្នេះ​ថា​៖ ‹យេរ៉ូបោម​នឹង​ស្លាប់​ដោយ​ដាវ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​មិន​ខាន›​»។+

១២ បន្ទាប់​មក អាម៉ាស៊ា​និយាយ​ទៅ​អេម៉ុស​ថា​៖ ​«​ឱ​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​អើយ! ចូរ​រត់​ទៅ​ស្រុក​យូដា​ទៅ ហើយ​ប្រកប​មុខ​របរ​នៅ​ទី​នោះ​ចុះ។ នៅ​ទី​នោះ អ្នក​អាច​ប្រកាស​ទំនាយ​បាន។+ ១៣ ប៉ុន្តែ អ្នក​មិន​ត្រូវ​ប្រកាស​ទំនាយ​នៅ​ក្រុង​បេតអែល​ទៀត​ទេ+ ព្រោះ​នេះ​ជា​កន្លែង​បរិសុទ្ធ​របស់​ស្ដេច+ ហើយ​ជា​វិហារ​នៃ​រាជាណាចក្រ​នេះ​»។

១៤ រួច​មក អេម៉ុស​បាន​ឆ្លើយ​ទៅ​អាម៉ាស៊ា​ថា​៖ ​«​ពី​មុន​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​កូន​របស់​អ្នក​ប្រកាស​ទំនាយ​ដែរ តែ​ខ្ញុំ​ជា​គង្វាល+ ហើយ​ជា​អ្នក​មើល​ថែ​ទាំ​ដើម​ល្វា​តូច។ ១៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ធ្វើ​ជា​គង្វាល រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​ប្រកាស​ទំនាយ​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ›។+ ១៦ ដូច្នេះ ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ‹អ្នក​កំពុង​និយាយ​ថា​៖ ​«​កុំ​ប្រកាស​ទំនាយ​ទាស់​នឹង​អ៊ីស្រាអែល+ ហើយ​កុំ​ផ្សព្វ​ផ្សាយ+ប្រឆាំង​នឹង​ពូជ​ពង្ស​អ៊ីសាក​ឲ្យ​សោះ​»។ ១៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ប្រពន្ធ​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ត្រី​ពេស្យា​នៅ​ក្នុង​ក្រុង​នេះ ហើយ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ។ ទឹក​ដី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ដែល​មិន​ស្អាត​បរិសុទ្ធ។ បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​ខ្លួន​ជាក់​ជា​មិន​ខាន​»​›​»។+

៨ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ដូច្នេះ​៖ មើល! មាន​កញ្ជើ​មួយ​ដែល​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្ដៅ។ ២ រួច​លោក​សួរ​ខ្ញុំ​ថា​៖ ​«​អេម៉ុស​អើយ! តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​កញ្ជើ​មាន​សុទ្ធ​តែ​ផ្លែឈើ​រដូវ​ក្ដៅ​»។ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ទី​បញ្ចប់​នៃ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​បាន​មក​ដល់​ហើយ។ ខ្ញុំ​លែង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទៀត​ហើយ។+ ៣ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹នៅ​គ្រា​នោះ ចម្រៀង​នៅ​វិហារ នឹង​ប្រែ​ទៅ​ជា​ការ​ទួញ​យំ+ ហើយ​សាក​សព​ជា​ច្រើន​នឹង​ត្រូវ​គេ​បោះ​ចោល​នៅ​គ្រប់​ទី​កន្លែង។+ ដូច្នេះ​នឹង​មាន​សភាព​ស្ងាត់​ច្រៀប!›។

 ៤ ឱ​ពួក​អ្នក​ដែល​ជាន់​ឈ្លី​ជន​ក្រី​ក្រ

ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រុក​ដែល​មាន​ចិត្ត​សុភាព​វិនាស! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់។+

 ៥ ពួក​គេ​និយាយ​ថា​៖ ‹តើ​ពេល​ណា​ទៅ​ទើប​ចប់​បុណ្យ​ចូល​ខែ​ថ្មី?+ ដើម្បី​យើង​អាច​លក់​ស្រូវ​របស់​យើង

ហើយ​តើ​ពេល​ណា​ទៅ​ទើប​ចប់​បុណ្យ​ថ្ងៃ​ឈប់​សម្រាក?+ ដើម្បី​យើង​អាច​យក​ស្រូវ​ទៅ​លក់

ដើម្បី​យើង​អាច​ធ្វើ​ឲ្យ​រង្វាល់​អេហ្វា*តូច​ជាង

ដើម្បី​ធ្វើ​ឲ្យ​ទម្ងន់​ហ្សេគិល*ធ្ងន់​ជាង

ដើម្បី​កែ​ជញ្ជីង​បោក​ប្រាស់​គេ+

 ៦ ដើម្បី​យើង​អាច​ទិញ​ជន​ទុគ៌ត​ដោយ​ប្រាក់

និង​ទិញ​ជន​ក្រី​ក្រ​ដោយ​ស្បែក​ជើង​មួយ​គូ+

ព្រម​ទាំង​ដើម្បី​លក់​សំ​ដី​ស្រូវ​ផង​ដែរ›។

 ៧ ព្រះ​យេហូវ៉ា​បាន​ស្បថ​ដោយ​នូវ​ភាព​រុង​រឿង​របស់​យ៉ាកុប​ថា​៖+

‹ខ្ញុំ​នឹង​មិន​ភ្លេច​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ​ជា​ដាច់​ខាត។+

 ៨ ហេតុ​នេះ ស្រុក​ទាំង​មូល​នឹង​ញាប់​ញ័រ

ហើយ​អ្នក​ស្រុក​ទាំង​ឡាយ​នឹង​យំ​កាន់​ទុក្ខ។+

ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ទន្លេ​នីល

ហើយ​ស្រក​ដូច​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប​ដែរ›។+

 ៩ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ

កាល​ដែល​នៅ​ថ្ងៃ​ត្រង់​នៅ​ឡើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដួង​អាទិត្យ​លិច​ចុះ

ហើយ​កាល​នៅ​មាន​ពន្លឺ​ថ្ងៃ​នៅ​ឡើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​ងងឹត​សូន្យសុង។+

១០ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ប្រែ​ទៅ​ជា​ពិធី​កាន់​ទុក្ខ+

ហើយ​បទ​ចម្រៀង​ទាំង​ប៉ុន្មាន ប្រែ​ទៅ​ជា​បទ​ទំនួញ​វិញ។

ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​បាវ ហើយ​កោរ​សក់។

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​សោកសង្រេង​យ៉ាង​ខ្លាំង ដូច​ជា​ការ​យំ​កាន់​ទុក្ខ​កូន​ប្រុស​តែ​មួយ។

ទី​បញ្ចប់​នៃ​ថ្ងៃ​នោះ​នឹង​ល្វីង​ជូរ​ចត់​យ៉ាង​ណា​ទៅ!›។

១១ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់

ដែល​ខ្ញុំ​បណ្ដាល​ឲ្យ​មាន​អំណត់​នៅ​ក្នុង​ស្រុក

មិន​មែន​ជា​អំណត់​នៃ​អាហារ​និង​ទឹក​នោះ​ទេ

តែ​ជា​អំណត់​នៃ​ការ​ឮ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​វិញ។+

១២ ពួក​គេ​នឹង​ដើរ​ទ្រេត​ទ្រោត​ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ

ហើយ​ពី​ទិស​ខាង​ជើង​ទៅ​ទិស​ខាង​កើត។

ពួក​គេ​នឹង​ដើរ​ចុះ​ឡើង​ដើម្បី​ស្វែង​រក​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​តែ​ពួក​គេ​រក​មិន​ឃើញ​ទេ។

១៣ នៅ​ថ្ងៃ​នោះ ដោយ​សារ​ស្រេក​ទឹក​ជា​ខ្លាំង

ស្រី​ក្រមុំ​ស្រស់​ស្អាត​និង​ពួក​យុវជន​នឹង​សន្លប់​បាត់​ស្មារតី។

១៤ អស់​អ្នក​ដែល​ស្បថ​ដោយ​នូវ​នាម​បណ្ដា​ព្រះ​មិន​ពិត​របស់​សាម៉ារី+​ដោយ​ប្រើ​ពាក្យ​ថា​៖

​«​ឱ​ដាន់​អើយ! ដូច​ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ជីវិត​រស់​នៅ​»​+

និង​«​ដូច​ដែល​មាន​ផ្លូវ​នាំ​ទៅ​ក្រុង​បៀរសេបា​»​+

នោះ​ពួក​គេ​នឹង​ដួល ហើយ​នឹង​មិន​ក្រោក​ឡើង​ម្ដង​ទៀត​ឡើយ›​»។+

៩ ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា+ស្ថិត​នៅ​លើ​ទី​បូជា ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​វាយ​ក្បាល​សសរ​ទៅ នោះ​កំណល់​ទ្វារ​នឹង​រង្គើ​ជា​មិន​ខាន។ ចូរ​កាត់​ក្បាល​នោះ​ទៅ ហើយ​ខ្ញុំ​នឹង​ប្រហារ​ពួក​អ្នក​ដែល​នៅ​សល់​ដោយ​ដាវ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​រួច​ឡើយ សូម្បី​តែ​ខំ​ព្យាយាម​រត់​គេច​យ៉ាង​ណា ក៏​គេច​មិន​រួច​ដែរ។+

 ២ ទោះ​ជា​ពួក​គេ​ជីក​ចុះ​ទៅ​ក្នុង​ផ្នូរ*ក្ដី ក៏​ខ្ញុំ​នឹង​យក​ពួក​គេ​ចេញ​ពី​ទី​នោះ។

ទោះ​ជា​ពួក​គេ​ឡើង​ទៅ​លើ​មេឃ​ក្ដី ក៏​ខ្ញុំ​នឹង​នាំ​ពួក​គេ​ចុះ​មក​ក្រោម​វិញ។

 ៣ ទោះ​ជា​ពួក​គេ​លាក់​ខ្លួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី

ក៏​ខ្ញុំ​នឹង​រក​ពួក​គេ​ឃើញ ហើយ​ចាប់​ពួក​គេ។+

ទោះ​បើ​ពួក​គេ​ពួន​ខ្លួន​នៅ​បាត​សមុទ្រ​ឲ្យ​ផុត​ពី​ភ្នែក​ខ្ញុំ​ក្ដី

ក៏​ខ្ញុំ​នឹង​បង្គាប់​ពស់​ឲ្យ​ទៅ​ចឹក​ពួក​គេ​ដែរ។

 ៤ ទោះ​ជា​ពួក​គេ​ត្រូវ​ពួក​សត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ក្ដី

ក៏​ខ្ញុំ​នឹង​បង្គាប់​ដាវ ឲ្យ​ទៅ​ប្រហារ​ពួក​គេ​ដែរ។+

ខ្ញុំ​នឹង​សម្លឹង​មើល​ទៅ​ពួក​គេ​ដោយ​បំណង​អាក្រក់ មិន​មែន​បំណង​ល្អ​ឡើយ។+

 ៥ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​លោក​ហើយ​ដែល​ពាល់​ស្រុក​នោះ

ដើម្បី​ឲ្យ​ស្រុក​នោះ​រលាយ​ទៅ+ ហើយ​ឲ្យ​អ្នក​ស្រុក​យំ​កាន់​ទុក្ខ។+

ស្រុក​នោះ​នឹង​ឡើង​ដូច​ទន្លេ​នីល

ហើយ​ស្រក​ទៅ​ដូច​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប។+

 ៦ ‹លោក​ដែល​សង់​ជណ្ដើរ​នៅ​លើ​មេឃ ហើយ​បង្កើត​ដំបូល​លើ​ផែនដី

ថែម​ទាំង​ប្រមូល​ទឹក​ពី​សមុទ្រ ដើម្បី​ស្រោច​ស្រព​ទៅ​លើ​ផ្ទៃ​ផែនដី+

នាម​លោក គឺ​យេហូវ៉ា›។+

 ៧ ‹ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចំពោះ​ខ្ញុំ តើ​អ្នក​រាល់​គ្នា​មិន​មែន​ដូច​ជា​កូន​ចៅ​ជន​ជាតិ​គូស​ទេ​ឬ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

‹តើ​ខ្ញុំ​មិន​បាន​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+

និង​នាំ​ពួក​ភីលីស្ទីន​ចេញ​ពី​កោះ​ក្រេត+ ហើយ​នាំ​ពួក​ស៊ីរី​ចេញ​ពី​ទឹក​ដី​គា​ទេ​ឬ?›។+

 ៨ ‹មើល! ខ្ញុំ​ជា​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​កំពុង​សម្លឹង​មើល​រាជាណាចក្រ​ដែល​ពេញ​ទៅ​ដោយ​អំពើ​ខុស​ឆ្គង​នោះ

ហើយ​ខ្ញុំ​នឹង​បំផ្លាញ​រាជាណាចក្រ​នោះ​ឲ្យ​សាប​សូន្យ​ចេញ​ពី​ផែនដី។+

ប៉ុន្តែ ខ្ញុំ​នឹង​មិន​បំផ្លាញ​ពូជ​ពង្ស​យ៉ាកុប​ទាំង​ស្រុង​ឡើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៩ ‹ព្រោះ​មើល! ខ្ញុំ​កំពុង​ចេញ​បញ្ជា​ហើយ

ខ្ញុំ​នឹង​រែង​ពូជ​ពង្ស​អ៊ីស្រាអែល​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+

ដូច​គេ​រែង​គ្រាប់​ស្រូវ​នៅ​ក្នុង​កញ្ច្រែង មិន​ឲ្យ​ក្រួស​ធ្លាក់​ទៅ​ដី​ឡើយ។

១០ រាស្ត្រ​ខ្ញុំ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នឹង​ស្លាប់​ដោយ​ដាវ

គឺ​ពួក​អ្នក​ដែល​និយាយ​ថា​៖ ​«​សេចក្ដី​វេទនា​នឹង​មិន​ធ្លាក់​មក​លើ​យើង​ឬ​មក​ក្បែរ​យើង​ទេ​»​›។

១១ ‹នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សង់​ខ្ទម​ដាវីឌ+ដែល​បាន​រលំ​ឡើង​វិញ

ខ្ញុំ​នឹង​បិទ​ប្រហោង​ជញ្ជាំង

ហើយ​កន្លែង​ដែល​បាក់​បែក ខ្ញុំ​នឹង​ជួស​ជុល​ឲ្យ​ស្អាត​វិញ

ខ្ញុំ​នឹង​សង់​វា​ឡើង​វិញ​ឲ្យ​ដូច​នៅ​គ្រា​ដើម+

១២ ដើម្បី​ឲ្យ​ពួក​គេ​អាច​យក​អ្វី​ជា​របស់​ពួក​អេដំ​ដែល​នៅ​សេស​សល់+

ព្រម​ទាំង​អ្វី​ជា​របស់​ប្រជា​ជាតិ​នា​នា​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​ខ្ញុំ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ធ្វើ​ការ​នេះ។

១៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! ថ្ងៃ​នោះ​នឹង​មក​ដល់

គឺ​កាល​ដែល​អ្នក​ច្រូត​កំពុង​ប្រមូល​ផល អ្នក​ភ្ជួរ​រាស់​ក៏​មក​ភ្ជួរ

ហើយ​កាល​ដែល​គេ​កំពុង​សាប​ព្រោះ អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​មក​ជាន់​ផ្លែ។+

នៅ​លើ​ភ្នំ​នឹង​មាន​ស្រា​ផ្អែម​ស្រក់​ចុះ+

ហើយ​នៅ​ទី​ទួល​នឹង​មាន​ស្រា​ហូរ​ចេញ​មក។+

១៤ ខ្ញុំ​នឹង​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+

ហើយ​ពួក​គេ​នឹង​សង់​ក្រុង​ដែល​បាក់​បែក​ឡើង​វិញ រួច​រស់​នៅ​ទី​នោះ​ម្ដង​ទៀត។+

ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ពី​ចម្ការ​នោះ+

ពួក​គេ​នឹង​ដាំ​ដំណាំ រួច​បរិភោគ​ផល​ផ្លែ​ពី​ដំណាំ​នោះ›។+

១៥ ‹ខ្ញុំ​នឹង​ដាំ​រាស្ត្រ​ខ្ញុំ​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ

ហើយ​ពួក​គេ​នឹង​មិន​ត្រូវ​ដក​រំលើង

ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​ម្ដង​ទៀត​ឡើយ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​»។

មាន​ន័យ​ថា​«​ជា​បន្ទុក​»​ឬ​«​រែក​ពុន​បន្ទុក​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បើ​គ្មាន​នុយ​ទាក់​ទាញ​ទេ​»​

ឬ​«​ម្ចាស់​»​

ឬ​«​បះ​បោរ​ប្រឆាំង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទៅ​ជា​កន្លែង​ធ្វើ​មន្តអាគម​»​

នេះ​ជា​ឈ្មោះ​កញ្ចុំ​ផ្កាយ​ដែល​គេ​មើល​ពី​ចម្ងាយ​ឃើញ​ជា​រូប​រាង​ផ្សេង​ៗ ដូច​ជា​សត្វ​ឬ​វត្ថុ​នា​នា

ឬ​«​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​»​

ព្រះ​ទាំង​ពីរ​នេះ​ប្រហែល​ជា​សំដៅ​លើ​ភព​សៅរ៍​ដែល​គេ​គោរព​បូជា​ដូច​ព្រះ

តាម​មើល​ទៅ​នេះ​សំដៅ​លើ​រាជាណាចក្រ​យូដា​និង​រាជាណាចក្រ​អ៊ីស្រាអែល

ឬ​«​គោ​ស្ទាវ​»​

ឬ​«​សេចក្ដី​ជូរ​ល្វីង​»​

ឬ​«​ច្រក​ចូល​ហាម៉ាត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក