បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ហាបាគុក
  • ហាបាគុក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហាបាគុក
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ហាបាគុក

ហាបាគុក

១ ហាបាគុក*ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ឲ្យ​ឃើញ​ក្នុង​គំនិត។ គាត់​ប្រកាស​ដូច​ត​ទៅ​៖

 ២ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ឲ្យ​ខ្ញុំ​ស្រែក​សុំ​លោក​ជួយ​ដល់​កាល​ណា​ទៅ​ទើប​លោក​ព្រម​ស្ដាប់?+

តើ​ត្រូវ​ឲ្យ​ខ្ញុំ​សុំ​ជំនួយ​ដល់​កាល​ណា​ទៀត ទើប​លោក​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ?+

 ៣ ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​ខ្ញុំ​ឃើញ​អំពើ​ខុស​ឆ្គង​យ៉ាង​នេះ?

ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​មាន​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ដូច្នេះ?

ហេតុ​អ្វី​មាន​ការ​បំផ្លាញ​និង​អំពើ​ឃោរឃៅ​ដូច​នេះ?

ហេតុ​អ្វី​មាន​ការ​ឈ្លោះ​ប្រកែក​ទាស់​ទែង​គ្នា​ច្រើន​បែប​នេះ?

 ៤ ច្បាប់​គ្មាន​សុពលភាព

ហើយ​គ្មាន​អ្នក​ណា​ប្រកាន់​យុត្តិធម៌។

ព្រោះ​មនុស្ស​ទុច្ចរិត​ព័ទ្ធ​ជុំវិញ​មនុស្ស​សុចរិត

ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​យុត្តិធម៌​ឡើយ។+

 ៥ ​«​ចូរ​មើល​ប្រជា​ជាតិ​នា​នា​ដោយ​យក​ចិត្ត​ទុក​ដាក់​ចុះ!

ចូរ​សម្លឹង​មើល​ដោយ​នឹក​អស្ចារ្យ​និង​ស្ញប់​ស្ញែង​ក្នុង​ចិត្ត

ព្រោះ​នឹង​មាន​អ្វី​មួយ​កើត​ឡើង​នៅ​គ្រា​របស់​អ្នក

ជា​អ្វី​ដែល​អ្នក​នឹង​មិន​ជឿ​ឡើយ ទោះ​ជា​គេ​ប្រាប់​អ្នក​ក៏​ដោយ។+

 ៦ ព្រោះ​មើល! ខ្ញុំ​នឹង​ជំរុញ​ចិត្ត​ពួក​ខាល់ដេ+

ជា​ប្រជា​ជាតិ​ដ៏​កាច​សាហាវ​និង​មិន​ចេះ​គិត​វែង​ឆ្ងាយ។

ពួក​គេ​សម្រុក​ចូល​វាត​ទី​ទឹក​ដី

ដើម្បី​ចាប់​យក​ទឹក​ដី​របស់​អ្នក​ឯ​ទៀត។+

 ៧ ពួក​គេ​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់

ពួក​គេ​កំណត់​យុត្តិធម៌ និង​អំណាច​គ្រប់​គ្រង*ដោយ​ខ្លួន​គេ​ផ្ទាល់។+

 ៨ សេះ​របស់​ពួក​គេ​រត់​លឿន​ជាង​ខ្លា​រខិន

ហើយ​សាហាវ​ជាង​ឆ្កែ​ចចក​នៅ​ពេល​យប់​ទៅ​ទៀត។+

សេះ​ចម្បាំង​របស់​ពួក​គេ​បោល​សម្រុក​ទៅ​មុខ

គឺ​បោល​មក​ពី​កន្លែង​ឆ្ងាយ។

ពួក​គេ​ចុះ​មក​យ៉ាង​លឿន​ដូច​ឥន្ទ្រី​ឆាប​ចំណី។+

 ៩ ពួក​គេ​ទាំង​អស់​គ្នា​តាំង​ចិត្ត​មក​ធ្វើ​អំពើ​ឃោរឃៅ។+

ពួក​គេ​តម្រៀប​គ្នា​ដើរ​តម្រង់​ទៅ​មុខ ដូច​ជា​ខ្យល់​ពី​ទិស​ខាង​កើត+

ហើយ​ពួក​គេ​ប្រមូល​ពួក​ឈ្លើយ​ដូច​ជា​ប្រមូល​ខ្សាច់។

១០ ពួក​គេ​ចំអក​ឲ្យ​បណ្ដា​ស្ដេច

ហើយ​ឡកឡឺយ​ឲ្យ​ពួក​មន្ត្រី​ជាន់​ខ្ពស់។+

ពួក​គេ​ចំអក​មើល​ងាយ​កន្លែង​រឹង​មាំ​ទាំង​ប៉ុន្មាន+

ពួក​គេ​លើក​ដី​ឡើង​ដើម្បី​ចូល​វាយ​ដណ្ដើម​យក​ក្រុង។

១១ បន្ទាប់​មក ពួក​គេ​សម្រុក​ទៅ​មុខ​ដូច​ជា​ខ្យល់​ព្យុះ ហើយ​ឆ្លង​កាត់​ស្រុក​នោះ

ប៉ុន្តែ ពួក​គេ​នឹង​មាន​ទោស+

ព្រោះ​ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ពួក​គេ​ថា​មក​ពី​ព្រះ​របស់​ខ្លួន​»។*+

១២ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​មិន​មែន​ជា​ព្រះ​តាំង​ពី​យូរ​លង់​មក​ហើយ​ទេ​ឬ?+

ឱ​ព្រះ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អើយ! លោក​មិន​ចេះ​ស្លាប់​ឡើយ។*+

ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ។

ឱ​ថ្ម​ដា​របស់​ខ្ញុំ​អើយ!+ លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ដាក់​ទោស។*+

១៣ ភ្នែក​លោក​បរិសុទ្ធ​ក្រៃ​លែង​មិន​អាច​មើល​អ្វី​ដែល​អាក្រក់​ទេ

ហើយ​លោក​មិន​អាច​ទ្រាំ​មើល​អំពើ​ទុច្ចរិត​ឡើយ។+

ប៉ុន្តែ ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ក្បត់​ដូច្នេះ?+

ហេតុ​អ្វី​លោក​នៅ​ស្ងៀម​ពេល​ដែល​មនុស្ស​ទុច្ចរិត​លេប​ត្របាក់​អ្នក​ដែល​សុចរិត​ជាង​ពួក​គេ?+

១៤ ហេតុ​អ្វី​លោក​ធ្វើ​ឲ្យ​មនុស្ស​ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ

និង​ដូច​សត្វ​ក្នុង​សមុទ្រ​ដែល​គ្មាន​អ្នក​គ្រប់​គ្រង​យ៉ាង​នេះ?

១៥ អ្វី​ទាំង​អស់​នេះ គាត់*ទាញ​ឡើង​ដោយ​ផ្លែ​សន្ទូច

គាត់​ទម្លាក់​អួន​ចាប់​ពួក​គេ

ហើយ​ប្រមូល​ពួក​គេ​ដោយ​សំណាញ់។

ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អរ​សប្បាយ​យ៉ាង​ខ្លាំង។+

១៦ ម្ល៉ោះ​ហើយ គាត់​ជូន​គ្រឿង​បូជា​ដល់​អួន​នេសាទ​របស់​គាត់

ហើយ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង

ជូន​ដល់​សំណាញ់​របស់​គាត់

ដោយ​សារ​អ្វី​ទាំង​នោះ​គាត់​មាន​អាហារ​ល្អ​ៗ និង​អាហារ​ប្រណីត​ៗ។

១៧ តើ​គាត់​នឹង​យក​ពួក​គេ​ចេញ​ពី​អួន​រហូត​ឬ?*

តើ​គាត់​នឹង​បន្ត​សម្លាប់​ប្រជា​ជាតិ​នា​នា​ដោយ​គ្មាន​មេត្តា​ឬ?+

២ ខ្ញុំ​នឹង​ឈរ​នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ចាំ​យាម+

ហើយ​ខ្ញុំ​នឹង​ឈរ​ប្រចាំ​ការ​នៅ​លើ​កំពែង។

ខ្ញុំ​នឹង​រង់​ចាំ​មើល​ថា​លោក​នឹង​មាន​ប្រសាសន៍​យ៉ាង​ណា​តាម​រយៈ​ខ្ញុំ

ហើយ​ខ្ញុំ​នឹង​បន្ត​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ នៅ​ពេល​ដែល​លោក​ប្រដៅ​តម្រង់​ខ្ញុំ

 ២ ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖

​«​ចូរ​កត់​ទុក​អំពី​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត ហើយ​ចារ​ទុក​ឲ្យ​ច្បាស់​នៅ​លើ​បន្ទះ​ថ្ម+

ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​អាន​ឮ​ៗ អាច​អាន​យ៉ាង​ស្រួល។*+

 ៣ ព្រោះ​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​នោះ មិន​ទាន់​ដល់​គ្រា​កំណត់​នៅ​ឡើយ

ហើយ​អ្វី​ដែល​អ្នក​ឃើញ​នោះ​នឹង​កើត​ឡើង​យ៉ាង​ឆាប់ គឺ​មិន​កុហក​ឡើយ។

ទោះ​ជា​មើល​ទៅ​ដូច​ជា​ពន្យារ​ពេល​ក្ដី ចូរ​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​ចុះ!+

ព្រោះ​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!

 ៤ ចូរ​មើល​មនុស្ស​ដែល​មាន​ចិត្ត​ក្រអឺតក្រអោង

គាត់​គ្មាន​ចិត្ត​ទៀង​ត្រង់​ឡើយ។

ប៉ុន្តែ មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​សេចក្ដី​ស្មោះ​ត្រង់*របស់​ខ្លួន។+

 ៥ ស្រា​ជា​គ្រឿង​បញ្ឆោត​ពិត​មែន

ហេតុ​នេះ​ហើយ​មនុស្ស​អំណួត​នឹង​មិន​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ។

សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គាត់​ធំ​ដូច​ជា​ផ្នូរ*

គាត់​ប្រៀប​ដូច​ជា​សេចក្ដី​ស្លាប់​ដែល​មិន​ចេះ​ស្កប់​ស្កល់​ឡើយ។

គាត់​ចេះ​តែ​ប្រមូល​ប្រជា​ជាតិ​ទាំង​ឡាយ

និង​បណ្ដា​ជន​ទាំង​អស់​ទុក​សម្រាប់​ខ្លួន។+

 ៦ តើ​ពួក​អ្នក​ទាំង​នោះ​នឹង​មិន​ពោល​ពាក្យ​ជា​សុភាសិត ជា​ប្រស្នា​និង​ជា​ពាក្យ​បញ្ឆិត​បញ្ឆៀង​ដល់​គាត់​ទេ​ឬ?+

ពួក​គេ​នឹង​និយាយ​ថា​៖

‹វេទនា​ដល់​អ្នក​ដែល​ប្រមូល​យក​អ្វី​ដែល​មិន​មែន​ជា​របស់​ខ្លួន

ហើយ​វេទនា​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​បំណុល​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង!

តើ​ដល់​កាល​ណា​ទៅ?

 ៧ តើ​ម្ចាស់​បំណុល​នឹង​មិន​ក្រោក​ឡើង​ជា​ប្រញាប់​ទេ​ឬ?

ពួក​គេ​នឹង​ភ្ញាក់​ឡើង ហើយ​អង្រួន​អ្នក​យ៉ាង​ខ្លាំង

ពួក​គេ​នឹង​ប្លន់​យក​ទ្រព្យ​របស់​អ្នក។+

 ៨ ដោយ​សារ​អ្នក​បាន​ប្លន់​ប្រជា​ជាតិ​ជា​ច្រើន

នោះ​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​សល់​នឹង​ប្លន់​អ្នក​វិញ។+

នេះ​កើត​ឡើង​ដោយ​សារ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សជាតិ

ហើយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ផែនដី

គឺ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​បណ្ដា​ក្រុង​និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ។+

 ៩ វេទនា​ហើយ! អ្នក​ដែល​រក​កម្រៃ​មិន​ទៀង​ត្រង់​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន*

ដើម្បី​តាំង​លំនៅ​លើ​ទី​ខ្ពស់ ដើម្បី​រួច​ផុត​ពី​សេចក្ដី​វេទនា។

១០ អ្នក​បាន​រៀប​គម្រោង​ការ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទាស់​នឹង​ក្រុម​គ្រួសារ​ខ្លួន។*

ដោយ​សារ​អ្នក​កម្ចាត់​មនុស្ស​ជា​ច្រើន នោះ​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ខ្លួន​ឯង​ហើយ។+

១១ ព្រោះ​ថ្ម​ពី​កំពែង​នឹង​ស្រែក​ឡើង

ហើយ​ធ្នឹម​ពី​ដំបូល​នឹង​ឆ្លើយ​តប​មក។

១២ វេទនា​ដល់​អ្នក​ដែល​សង់​ក្រុង​ដោយ​ការ​បង្ហូរ​ឈាម

និង​វេទនា​ដល់​អ្នក​ដែល​តាំង​ក្រុង​ដោយ​អំពើ​មិន​សុចរិត!

១៣ មើល! តើ​មិន​មែន​ព្រះ​យេហូវ៉ា​ទេ​ឬ​ដែល​បណ្ដាល​ឲ្យ​បណ្ដា​ជន​ធ្វើ​ការ​នឿយ​ហត់ ដើម្បី​អ្វី​ដែល​នឹង​ត្រូវ​វិនាស​ក្នុង​ភ្លើង​នោះ?

តើ​មិន​មែន​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេ​ឬ​ដែល​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បង់​កម្លាំង​ឥត​អំពើ​នោះ?+

១៤ ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា

ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+

១៥ វេទនា​ហើយ! អស់​អ្នក​ដែល​ឲ្យ​អ្វី​មួយ​ដល់​មិត្ត​ភក្ដិ​របស់​ខ្លួន​ផឹក

ដោយ​លាយ​ជា​មួយ​កំហឹង​និង​សេចក្ដី​ក្រោធ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង

ក្នុង​បំណង​មើល​កេរ្តិ៍​ខ្មាស​របស់​ពួក​គេ។

១៦ អ្នក​នឹង​រង​ការ​អាប់​ឱន​យ៉ាង​ខ្លាំង ជា​ជាង​ទទួល​កិត្តិយស។

ចូរ​អ្នក​ផឹក​ដែរ​ទៅ រួច​លាត​ត្រដាង​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​មិន​បាន​កាត់​ចុង​ស្បែក។*

ពែង​ដែល​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ឯ​អ្នក+

ហើយ​សេចក្ដី​អាម៉ាស់​នឹង​គ្រប​លើ​ភាព​រុង​រឿង​របស់​អ្នក។

១៧ ព្រោះ​អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ទៅ​លើ​តំបន់​ភ្នំ​លីបង់​នឹង​គ្រប​ដណ្ដប់​លើ​អ្នក​វិញ

ហើយ​ការ​បំផ្លិច​បំផ្លាញ​ដែល​បំភ័យ​សត្វ​ព្រៃ នឹង​ធ្លាក់​មក​លើ​អ្នក​ដែរ។

នេះ​នឹង​កើត​ឡើង​ដោយ​សារ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សជាតិ

ហើយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ផែនដី

គឺ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​បណ្ដា​ក្រុង​និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ។+

១៨ តើ​រូប​ចម្លាក់​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​ដែល​ឆ្លាក់​វា?

តើ​រូប​ព្រះ​ពី​លោហៈ​និង​គ្រូ​នៃ​សេចក្ដី​ភូត​ភរ

ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ជាង​ដែល​ទុក​ចិត្ត​វា?

តើ​អ្នក​សូន​ធ្វើ​រូប​ព្រះ​ដែល​មិន​ចេះ​និយាយ​និង​ឥត​បាន​ការ​ទាំង​នោះ

នឹង​បាន​ប្រយោជន៍​អ្វី​ទៅ?+

១៩ វេទនា​ដល់​អស់​អ្នក​ដែល​និយាយ​ទៅ​ដុំ​ឈើ​ថា​៖ ​«​ភ្ញាក់​ឡើង!​»។

វេទនា​ដល់​អ្នក​ដែល​និយាយ​ទៅ​ដុំ​ថ្ម​ដែល​មិន​ចេះ​ស្រដី​ថា​៖ ​«​ក្រោក​ឡើង! សូម​បង្រៀន​យើង​មក!​»។

មើល! រូប​ទាំង​នោះ​ស្រោប​ដោយ​មាស​និង​ប្រាក់​មែន+

តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​រូប​ទាំង​នោះ​ទេ។+

២០ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក។+

ឱ​បណ្ដា​ជន​ទាំង​ឡាយ​នៅ​ផែនដី​អើយ! ចូរ​នៅ​ស្ងៀម​ចំពោះ​លោក›​»។+

៣ សេចក្ដី​អធិដ្ឋាន​ជា​បទ​ទំនួញ​របស់​ហាបាគុក​ជា​អ្នក​ប្រកាស​ទំនាយ​មាន​ដូច​ត​ទៅ​៖

 ២ ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​បាន​ឮ​ដំណឹង​អំពី​លោក។

ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​កោត​ស្ងើច​ចំពោះ​ស្នា​ដៃ​របស់​លោក។

ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ* សូម​បង្ហាញ​ស្នា​ដៃ​លោក​ម្ដង​ទៀត។

ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ* សូម​ឲ្យ​គេ​ឃើញ​ស្នា​ដៃ​របស់​លោក។

សូម​លោក​កុំ​ភ្លេច​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​នៅ​គ្រា​ច្របូក​ច្របល់។+

 ៣ ព្រះ​បាន​មក​ពី​តំបន់​ថេម៉ាន

ព្រះ​ដ៏​បរិសុទ្ធ​បាន​មក​ពី​ភ្នំ​ប៉ារ៉ាន។+ (​ស៊ីឡា​)*

សិរី​រុង​រឿង​របស់​លោក​បាន​គ្រប​លើ​ស្ថាន​សួគ៌+

សេចក្ដី​សរសើរ​របស់​លោក​មាន​ពេញ​ផែនដី។

 ៤ ពន្លឺ​របស់​លោក​ដូច​រស្មី​ចាំង​ចែង។+

មាន​ពន្លឺ*ភ្លឺ​ឆ្វាច​ចេញ​ពី​ដៃ​លោក

គឺ​នៅ​ត្រង់​កន្លែង​ដែល​លាក់​ទុក​កម្លាំង​របស់​លោក។

 ៥ នៅ​ខាង​មុខ​លោក​មាន​រោគ​រាត​ត្បាត+

នៅ​ខាង​ក្រោយ​លោក​មាន​ជំងឺ​គ្រុន​ក្ដៅ​ខ្លាំង។

 ៦ លោក​បាន​ឈរ​ទ្រឹង ហើយ​អង្រួន​ផែនដី។+

ពេល​សម្លឹង​មើល​ទៅ លោក​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​លោត​ដោយ​តក់​ស្លុត។+

សូម្បី​តែ​បណ្ដា​ភ្នំ​ពី​បុរាណ ក៏​បាក់​បែក​ខ្ទេច​ខ្ទី​ដែរ

ហើយ​ទី​ទួល​ទាំង​ឡាយ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ បាន​ក្រាប​ចុះ។+

ផ្លូវ​ចាស់​បុរាណ​នា​នា​ជា​របស់​លោក។

 ៧ ខ្ញុំ​បាន​ឃើញ​ទុក្ខ​វេទនា​នៅ​ក្នុង​ត្រសាល​របស់​ជន​ជាតិ​គូសាន

ហើយ​ត្រសាល​របស់​ស្រុក​ម៉ាឌាន​បាន​ញាប់​ញ័រ។+

 ៨ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​ខឹង​នឹង​ទន្លេ​ឬ?

តើ​លោក​បង្ហាញ​សេចក្ដី​ក្រោធ​ទៅ​លើ​ផ្លូវ​ទឹក​ទាំង​ឡាយ​ឬ?

តើ​លោក​បញ្ចេញ​កំហឹង​ទៅ​លើ​សមុទ្រ​ឬ?+

ព្រោះ​លោក​បាន​ជិះ​លើ​ខ្នង​សេះ​របស់​លោក+

ហើយ​រទេះ​ចម្បាំង​លោក​មាន​ជ័យ​ជម្នះ។*+

 ៩ លោក​បាន​យក​ធ្នូ​របស់​លោក​ចេញ ហើយ​ត្រៀម​ជា​ស្រេច។

ដំបង*ក៏​បាន​ត្រូវ​បម្រុង​ជា​ស្រេច​ស្រប​តាម​ពាក្យ​សម្បថ។* (​ស៊ីឡា​)

លោក​ធ្វើ​ឲ្យ​ផែនដី​ប្រេះ​ដោយ​ទន្លេ​នា​នា។

១០ ភ្នំ​ទាំង​ឡាយ​ឈឺ​ចុក​ចាប់​ពេល​ឃើញ​លោក។+

មាន​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​បក់​កាត់​ស្រុក។

ទឹក​នៅ​ទី​ជម្រៅ​បញ្ចេញ​សំឡេង​យ៉ាង​ខ្លាំង។+

វា​បាន​ផុស​ឡើង​ទៅ​លើ​យ៉ាង​ខ្ពស់។

១១ ដួង​ខែ​និង​ដួង​អាទិត្យ​នៅ​ទ្រឹង​ត្រង់​កន្លែង​របស់​វា។+

ព្រួញ​របស់​លោក​បាញ់​ចេញ​ទៅ​ដូច​ជា​ពន្លឺ។+

ពន្លឺ​នៃ​លំពែង​របស់​លោក​ភ្លឺ​ចិញ្ចាច​ដូច​ផ្លេក​បន្ទោរ។

១២ លោក​បាន​ដើរ​កាត់​ផែនដី​ដោយ​កំហឹង។

លោក​បាន​ជាន់​ឈ្លី​ប្រជា​ជាតិ​នា​នា​ដោយ​សេចក្ដី​ក្រោធ។

១៣ លោក​បាន​ចេញ​ទៅ​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក​គឺ​អ្នក​ដែល​លោក​រើស​តាំង។

លោក​បាន​បំផ្លាញ​អ្នក​ដឹក​នាំ​នៃ​ផ្ទះ​ជន​ទុច្ចរិត។

ផ្ទះ​នោះ​បាន​ត្រូវ​កម្ទេច​ចាប់​ពី​ដំបូល​រហូត​ដល់​គ្រឹះ។ (​ស៊ីឡា​)

១៤ លោក​បាន​ចាក់​ទម្លុះ​ក្បាល​ពួក​ទាហាន​ខ្លាំង​ពូកែ​ដោយ​អាវុធ​របស់​ពួក​គេ

ពេល​ពួក​គេ​សម្រុក​មក​យ៉ាង​លឿន​ដូច​ព្យុះ​ដើម្បី​កម្ចាត់​កម្ចាយ​ខ្ញុំ។

ពួក​គេ​សប្បាយ​រីករាយ​លេប​ត្របាក់​អ្នក​ទន់​ខ្សោយ​ដោយ​សម្ងាត់។

១៥ លោក​បាន​ជិះ​សេះ​កាត់​សមុទ្រ

គឺ​កាត់​ផ្ទៃ​ទឹក​ដែល​កក្រើក​រំពើក។

១៦ ពេល​ខ្ញុំ​បាន​ឮ ខ្ញុំ​ភ័យ​ញាប់​ញ័រ បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់។

ឆ្អឹង​ខ្ញុំ​ពុក​ទៅ+ ជើង​ខ្ញុំ​ញ័រទទ្រើក។

ប៉ុន្តែ ខ្ញុំ​រង់​ចាំ​ថ្ងៃ​នៃ​ទុក្ខ​លំបាក​ដោយ​ចិត្ត​អត់​ធ្មត់+

ព្រោះ​ថ្ងៃ​នោះ​នឹង​ធ្លាក់​មក​លើ​ពួក​អ្នក​ដែល​វាយ​ប្រហារ​យើង​ខ្ញុំ។

១៧ ទោះ​ជា​ដើម​ល្វា​មិន​ចេញ​ផ្កា

ដើម​ទំពាំង​បាយ​ជូរ​មិន​ចេញ​ផ្លែ

ដើម​អូលីវ​ខាន​មាន​ផល ស្រែ​ចម្ការ​មិន​មាន​ភោគ​ផល

ហ្វូង​ចៀម​ហ្វូង​ពពែ​បាត់​អស់ និង​ហ្វូង​គោ​លែង​មាន​នៅ​ក្នុង​ក្រោល​ក្ដី

១៨ ក៏​ខ្ញុំ​នឹង​រីករាយ​ដោយ​សារ​ព្រះ​យេហូវ៉ា

ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​សារ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​ខ្ញុំ។+

១៩ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ជា​កម្លាំង​របស់​ខ្ញុំ+

លោក​នឹង​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​ដូច​ជា​ជើង​ក្ដាន់

ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​ៗ។+

ជូន​ចំពោះ​មេ​ភ្លេង សម្រាប់​លេង​ដោយ​ប្រើ​ឧបករណ៍​ភ្លេង​មាន​ខ្សែ​របស់​ខ្ញុំ។

ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​ឱប​យ៉ាង​ស្និទ្ធ​»​

ឬ​«​កិត្តិយស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កម្លាំង​របស់​ពួក​គេ​គឺ​ជា​ព្រះ​របស់​ពួក​គេ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​យើង​នឹង​មិន​ស្លាប់​ឡើយ​»​

ឬ​«​ឲ្យ​ប្រដៅ​តម្រង់​»​

នេះ​សំដៅ​លើ​ពួក​ខាល់ដេ​ជា​សត្រូវ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​គាត់​ចេះ​តែ​ហូត​ដាវ​រហូត​ឬ?​»​

ឬ​«​ស្ទាត់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជំនឿ​»​

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​«​ប្រជា​ជាតិ​ខ្លួន​»​

ឬ​«​ប្រជា​ជាតិ​ខ្លួន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រួច​ដើរ​ទ្រេត​ទ្រោត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​គ្រា​របស់​យើង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​គ្រា​របស់​យើង​»​

មើល​និយម​ន័យ​ពាក្យ​«​ស៊ីឡា​»​

ឬ​«​មាន​ពន្លឺ​ពីរ​»​

ឬ​«​សេចក្ដី​សង្គ្រោះ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រួញ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្រប​តាម​ពាក្យ​សម្បថ​របស់​កុល​សម្ព័ន្ធ​នា​នា​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក