ជំពូកទី១២
តទល់នឹងកម្លាំងវិញ្ញាណអាក្រក់
១. តើព្រះយេស៊ូបានតបឆ្លើយយ៉ាងដូចម្ដេច ពេលទ្រង់ជួបប្រទះនឹងពួកវិញ្ញាណអាក្រក់?
ក្រោយពេលទ្រង់បានទទួលបុណ្យជ្រមុជទឹកហើយភ្លាម ព្រះយេស៊ូគ្រីស្ទក៏បានយាងចូលទៅក្នុងទីរហោស្ថានស្រុកយូដា ដើម្បីអធិស្ថាននិងរំពឹងគិត។ នៅទីនោះ អារក្សសាតាំងបានខំប្រឹងធ្វើឲ្យទ្រង់ប្រព្រឹត្តខុសក្រិត្យវិន័យរបស់ព្រះ។ ប៉ុន្តែ ព្រះយេស៊ូបដិសេធសេចក្ដីល្បួងរបស់អារក្ស ហើយក៏មិនបានចាញ់កលល្បិចរបស់វាឡើយ។ ព្រះយេស៊ូក៏បានប្រឈមនឹងវិញ្ញាណអាក្រក់ឯទៀតដែរ ក្នុងគ្រាដែលទ្រង់ប្រកបកិច្ចបំរើលើផែនដី។ ប៉ុន្តែ ម្ដងហើយម្ដងទៀត ទ្រង់បានស្តីបន្ទោស ហើយតទល់នឹងពួកវាជានិច្ច។—លូកា ៤:១-១៣; ៨:២៦-៣៤; ៩:៣៧-៤៣
២. តើយើងនឹងពិចារណាសំនួរអ្វីខ្លះ?
២ ដំណើររឿងក្នុងព្រះគម្ពីរ ដែលរៀបរាប់ការជួបប្រទះគ្នាទាំងនេះ គួរធ្វើឲ្យយើងជឿថា ពិតជាមានកម្លាំងវិញ្ញាណអាក្រក់មែន។ ពួកវារកនាំមនុស្សឲ្យវង្វេង។ យ៉ាងណាក៏ដោយ យើងអាចតទល់នឹងពួកវិញ្ញាណកំណាចទាំងនេះ។ ប៉ុន្តែ តើវិញ្ញាណអាក្រក់អស់នេះ កើតពីណាមក? ហេតុអ្វីបានជាពួកវារកបោកបញ្ឆោតមនុស្សលោក? ហើយពួកវាប្រើវិធីណាខ្លះ ដើម្បីសម្រេចបំណងរបស់វា? ការរកឃើញចម្លើយសម្រាប់សំនួរបែបនេះនឹងជួយអ្នក ឲ្យតទល់នឹងកម្លាំងវិញ្ញាណអាក្រក់។
វិញ្ញាណអាក្រក់—ដើមកំណើតនិងទីដៅរបស់ពួកវា
៣. តើអារក្សសាតាំងបានផុសឡើងមកយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាបានបង្កើតសត្តនិករវិញ្ញាណជាច្រើនរូបជាយូរមកហើយ មុនទ្រង់បង្កបង្កើតមនុស្សលោក។ (យ៉ូប ៣៨:៤, ៧) ដូចបានពន្យល់ក្នុងជំពូកទី៦ ទេវតាមួយរូបពីចំណោមទេវតាទាំងនេះ បានបណ្ដុះបណ្ដាលសេចក្ដីប៉ងប្រាថ្នា ចង់ឲ្យមនុស្សលោកថ្វាយបង្គំវា ជាជាងថ្វាយបង្គំព្រះយេហូវ៉ា។ ក្នុងការសំដៅទៅរកទីដៅនោះ ទេវតាអាក្រក់នេះក៏ប្រឆាំង ហើយនិយាយបង្ខូចដល់ព្រះអាទិទេព ទាំងឲ្យយោបល់ដល់ស្ត្រីដំបូង ថាព្រះទ្រង់ជាអ្នកកុហកផង។ ដូច្នេះ គឺសមហេតុផលមែន ដែលសត្តនិករវិញ្ញាណបះបោរនេះ បានត្រូវគេស្គាល់ថា ជាអារក្ស(អ្នកនិយាយបង្ខូច) សាតាំង(អ្នកប្រឆាំង)។—លោកុប្បត្តិ ៣:១-៥; យ៉ូប ១:៦
៤. តើទេវតាខ្លះបានប្រព្រឹត្តអំពើបាបយ៉ាងដូចម្ដេច កាលនៅជំនាន់លោកណូអេ?
៤ ក្រោយមក ពួកទេវតាឯទៀតក៏បាននាំគ្នាចូលខាងអារក្សសាតាំង។ នៅជំនាន់លោកណូអេដ៏ជាបុរសសុចរិត ទេវតាខ្លះនេះបានលះបង់ចោលកិច្ចបំរើរបស់ខ្លួនក្នុងស្ថានសួគ៌ ហើយប្រែក្រឡាជារូបកាយសាច់ឈាម ដើម្បីបំពេញកាមតណ្ហាជាមួយពួកស្ត្រីនៅលើផែនដី។ សាតាំងប្រាកដជាមានអនុភាពលើពួកទេវតាទាំងនោះ ជំរុញពួកវាឲ្យកាន់ចរិយាទាស់ទទឹង។ នេះបណ្ដាលឲ្យពួកវាបង្កើតបានកូនកាត់វិញ្ញាណនិងមនុស្ស ហៅថាជនធំសម្បើម ដែលបានក្លាយជាអ្នកគំរាមកំហែងដ៏ឃោរឃៅ។ ពេលព្រះយេហូវ៉ាធ្វើឲ្យទឹកជន់លិចផែនដី នោះមនុស្សជាតិដ៏ពុករលួយ និងកូនខុសច្បាប់ធម្មជាតិរបស់ពួកទេវតាឥតស្ដាប់បង្គាប់ ក៏ត្រូវវិនាសសូន្យជីវិតអស់ទៅ។ ឯពួកទេវតាបះបោរទាំងនេះ បានជៀសផុតពីសេចក្ដីវិនាស ដោយប្រែខ្លួនពីរូបកាយសាច់ឈាមទៅជាវិញ្ញាណ ហើយវិលត្រឡប់ទៅឯវិស័យវិញ្ញាណវិញ។ ប៉ុន្តែ ព្រះបានដាក់កម្រិតឃុំគ្រងបិសាចទាំងនេះ ទុកវាចោលក្នុងសេចក្ដីងងឹតខាងវិញ្ញាណ។ (លោកុប្បត្តិ ៦:១-៧, ១៧; យូដាស ៦) សាតាំងដ៏ជា«មេអារក្ស» និងពួកទេវតាអាក្រក់របស់វា បានសម្រុកបះបោរតទៅទៀត។ (លូកា ១១:១៥) តើអ្វីជាគោលបំណងរបស់ពួកវា?
៥. តើសាតាំងនិងពួកបិសាចរបស់វាមានបំណងចង់ធ្វើអ្វី ហើយពួកវាប្រើអ្វីដើម្បីទាក់ចាប់មនុស្ស?
៥ បំណងដ៏អាក្រក់របស់សាតាំងនិងពួកបិសាចគឺរកបំបែរមនុស្ស ឲ្យប្រឆាំងនឹងព្រះយេហូវ៉ា។ ដូច្នេះ ពួកកំណាចទាំងនេះបានបោកបញ្ឆោត បំភ័យ ហើយប្រទូស្តវាយមនុស្ស ទូទាំងប្រវត្ដិសាស្ត្រមនុស្សលោក។ (វិវរណៈ ១២:៩) រឿងហេតុសម័យថ្មីនេះគឺជាឧទាហរណ៍ដែលបញ្ជាក់ថា ការរុករានរបស់បិសាច គឺរឹតតែសាហាវជាងពីមុនទៅទៀត។ ដើម្បីទាក់ចាប់មនុស្ស ពួកអារក្សតែងប្រើមន្តអាគមគ្រប់ប្រភេទ។ តើពួកអារក្សប្រើនុយនេះយ៉ាងដូចម្ដេច ហើយអ្នកអាចការពារខ្លួនដោយវិធីណាដែរ?
របៀបដែលពួកវិញ្ញាណអាក្រក់រកបំភាន់អ្នក
៦. តើមន្តអាគមជាអ្វី ហើយមន្តអាគមមានប្រភេទណាខ្លះ?
៦ តើមន្តអាគមជាអ្វី? វាគឺជាការឆ្លើយឆ្លងទាក់ទងនឹងពួកបិសាច ឬ ពួកវិញ្ញាណអាក្រក់ ដោយចូលទាក់ទងផ្ទាល់ឬតាមរយៈគ្រូធ្មប់។ មន្តអាគមគឺមានប្រយោជន៍ដល់ពួកបិសាច ដូចជានុយមានប្រយោជន៍ដល់ពួកព្រានអញ្ចឹង៖ គឺវាទាក់ទាញសត្វព្រាន។ ហើយដូចព្រានប្រើនុយផ្សេងៗ ដើម្បីទាក់ទាញសត្វឲ្យចូលក្នុងអន្ទាក់ ឯពួកវិញ្ញាណអាក្រក់វិញ ក៏លើកជំរុញមន្តអាគមប្រភេទផ្សេងៗ ដើម្បីនាំមនុស្សឲ្យចូលក្រោមអំណាចរបស់វា។ (ប្រៀបធៀប ទំនុកដំកើង ១១៩:១១០) មន្តអាគមប្រភេទខ្លះនេះគឺ ការទស្សន៍ទាយ មន្ត ការគន់គូរកប្រផ្នូល អាបធ្មប់ ការដាក់អំពើ ការពិគ្រោះនឹងគ្រូធ្មប់ និងការអន្ទងខ្មោច។
៧. តើមន្តអាគមបានរាលដាលពេញពាសដល់ណា ហើយហេតុអ្វីក៏វាកើនចម្រើន សូម្បីក្នុងស្រុកដែលគេរាប់ថាជាស្រុកគ្រីស្ទាន?
៧ នុយនេះគឺស័ក្ដិសិទ្ធមែនហើយ ដ្បិតមន្តអាគមទាក់ទាញអារម្មណ៍មនុស្សទូទាំងពិភពលោក។ ពួកអ្នកដែលរស់នៅក្នុងភូមិនាព្រៃជ្រៅទៅរកគ្រូធ្មប់ ឯពួកអ្នកកាន់ការិយាល័យនៅទីក្រុងវិញ ទៅពិគ្រោះនឹងហោរទាយ។ មន្តអាគមក៏កើនចម្រើនឡើងដែរ សូម្បីក្នុងស្រុកដែលគេហៅថាស្រុកគ្រីស្ទាន។ ការស្រាវជ្រាវបង្ហាញប្រាប់ថា នៅក្នុងតែសហរដ្ឋអាមេរិក ទស្សនាវដ្ដីប្រហែល៣០ប្រភេទ ដែលមានចំនួនបោះពុម្ពផ្សាយជាង១០.០០០.០០០ក្បាលសរុបបញ្ចូលគ្នា គឺផ្សាយចំពោះមន្តអាគមប្រភេទផ្សេងៗ។ បណ្ដាជនជាតិប្រេហ្ស៊ីលចំណាយប្រាក់ ជាង៥០០លានដុល្លាររាល់ឆ្នាំ លើវត្ថុប្រើប្រាស់ខាងមន្តអាគម។ ប៉ុន្តែ ៨០ភាគរយនៃពួកអ្នកដែលចូលរួម ក្នុងទីធ្វើសក្ការៈខាងមន្តអាគមក្នុងប្រទេសនោះ គឺជាអ្នកបានជ្រមុជទឹកតាំងខ្លួនជាកាតូលិក ដែលចូលរួមពិធីប្រជុំកាតូលិកដែរ។ ដោយហេតុថាពួកបព្វជិតខ្លះអនុវត្តមន្តអាគម មនុស្សជាច្រើនដែលកាន់សាសនាគិតថា ព្រះគឺយល់ស្របនឹងការអនុវត្តនេះ។ ប៉ុន្តែ នេះត្រូវមែនឬទេ?
ហេតុដែលព្រះគម្ពីរផ្ដន្ទាការអនុវត្តមន្តអាគម
៨. តើបទគម្ពីរសម្ដែងទស្សនៈយ៉ាងណាចំពោះមន្តអាគម?
៨ ប្រសិនបើគេបានបង្រៀនអ្នកថា មន្តអាគមប្រភេទខ្លះគឺជាវិធីដែលគេប្រើ ដើម្បីទាក់ទងនឹងពួកវិញ្ញាណល្អ នោះអ្នកប្រហែលនឹងឆ្ងល់ជាមិនខាន ដោយជ្រាបនូវសេចក្ដី ដែលព្រះគម្ពីរនិយាយប្រាប់អំពីមន្តអាគម។ ពួករាស្ត្រនៃព្រះយេហូវ៉ាបានត្រូវព្រមានថា៖ «កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូធ្មប់ ហើយទៅពិគ្រោះនឹងគ្រូទាយរឿងអនាគតឡើយ ក្រែងឯងទៅជាស្មោគគ្រោកដោយសារគេដែរ»។ (លេវីវិន័យ ១៩:៣១ ព.ថ.; ២០:៦, ២៧) សៀវភៅវិវរណៈនៃព្រះគម្ពីរផ្ដល់សេចក្ដីព្រមានថា «ពួកមន្តអាគម»នៅទីបំផុតនឹងត្រូវជាប់ក្នុង«បឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២»។ (វិវរណៈ ២១:៨; ២២:១៥) មន្តអាគមប្រភេទណាក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់មិនទទួលស្គាល់ដែរ។ (ចោទិយកថា ១៨:១០-១២) ហេតុអ្វីក៏ដូច្នេះ?
៩. ហេតុអ្វីយើងអាចសន្និស្ឋានថា សារក្នុងគ្រាបច្ចុប្បន្នមកពីពិភពវិញ្ញាណ គឺមិនមែនមកពីព្រះយេហូវ៉ាទេ?
៩ ព្រះយេហូវ៉ាបានចាត់ពួកវិញ្ញាណល្អ ឬពួកទេវតាសុចរិត ឲ្យនិយាយឆ្លើយឆ្លងជាមួយនឹងមនុស្សខ្លះ មុនពេលព្រះគម្ពីរបានត្រូវសរសេរចប់។ តាំងពីបានសរសេរចប់ហើយ នោះបន្ទូលនៃព្រះបានផ្ដល់សេចក្ដីណែនាំ ដែលមនុស្សត្រូវការ ដើម្បីបំរើព្រះយេហូវ៉ាឲ្យបានសមស្របនឹងព្រះហឫទ័យ។ (ធីម៉ូថេទី២ ៣:១៦, ១៧; ហេព្រើរ ១:១, ២) ទ្រង់មិនវាងកាត់បន្ទូលបរិសុទ្ធរបស់ទ្រង់ ដោយយកពួកគ្រូធ្មប់ធ្វើជាអ្នកនាំសារនោះឡើយ។ អស់ទាំងសារបែបនេះក្នុងគ្រាបច្ចុប្បន្នពីពិភពវិញ្ញាណ គឺចេញមកពីពួកវិញ្ញាណអាក្រក់ទេ។ ការអនុវត្តមន្តអាគមអាចនាំឲ្យពួកបិសាចមកពាធា ឬឲ្យពួកវិញ្ញាណអាក្រក់ចូលផង។ ដូច្នេះ ព្រះព្រមានយើងដោយសេចក្ដីស្រឡាញ់ ហាមយើងកុំឲ្យជាប់ទាក់ទងនឹងការអនុវត្តមន្តអាគមណាឡើយ។ (ចោទិយកថា ១៨:១៤; កាឡាទី ៥:១៩-២១) ថែមទៅទៀត បើយើងនៅតែអនុវត្តមន្តអាគម ក្រោយពេលយើងបានដឹងថាព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នោះយើងដាក់ខ្លួន នៅខាងពួកវិញ្ញាណអាក្រក់ដ៏បះបោរ ហើយតាំងខ្លួនយើងជាសត្រូវនឹងព្រះហើយ។—សាំយូអែលទី១ ១៥:២៣; របាក្សត្រទី១ ១០:១៣, ១៤; ទំនុកដំកើង ៥:៤
១០. តើការទស្សន៍ទាយជាអ្វី ហើយហេតុអ្វីយើងគួរតែជៀសវាងវា?
១០ មន្តអាគមមួយប្រភេទដែលគេនិយម គឺការទស្សន៍ទាយ—ដែលជាការប៉ុនប៉ងរកដឹងរឿងអនាគត ឬរឿងអាថ៌កំបាំង ដោយសារជំនួយពីពួកវិញ្ញាណ។ ការទស្សន៍ទាយប្រភេទខ្លះ គឺហោរាសាស្ត្រ ការទាយដោយសម្លឹងក្នុងកែវផលិក សុបិនព្យាករណ៍ វិជ្ជាទាយបាតដៃ និងការមើលរាសីដោយប្រើបៀទាយ។ មនុស្សជាច្រើនយល់ថា ការទស្សន៍ទាយគឺគ្រាន់តែជាការលេងសប្បាយ ដែលគ្មានធ្វើឲ្យមានទុក្ខទោសអ្វីទេ ប៉ុន្តែព្រះគម្ពីរបង្ហាញថា គ្រូទាយនិងវិញ្ញាណអាក្រក់គឺជាប់ទាក់ទងគ្នា។ ជាឧទាហរណ៍ កិច្ចការ ១៦:១៦-១៩, ព.ថ. និយាយអំពី«បិសាចនៃការទស្សន៍ទាយ» ដែលធ្វើឲ្យស្ត្រីម្នាក់ចេះ«ការទាយ»។ ប៉ុន្តែ នាងក៏អស់សមត្ថភាព មិនអាចទាយប្រាប់បានទៀត ពេលអារក្សនោះបានត្រូវបណ្ដេញចេញពីនាងទៅ។ ច្បាស់ណាស់ ការទស្សន៍ទាយគឺជានុយមួយ ដែលពួកអារក្សប្រើ ដើម្បីទាក់ទាញមនុស្សឲ្យចូលក្នុងអន្ទាក់របស់វា។
១១. តាមរបៀបណាដែលការខំរកនិយាយឆ្លើយឆ្លងនឹងមនុស្សស្លាប់ នាំយើងឲ្យជាប់អន្ទាក់?
១១ ប្រសិនបើអ្នកសោកសង្រេង ដោយព្រោះបងប្អូនញាតិមិត្តជិតស្និទ្ធជាទីស្រឡាញ់បានស្លាប់ទៅ នោះអ្នកនឹងអាចជាប់សេចក្ដីល្បួងយ៉ាងងាយ ដោយនុយម្យ៉ាងទៀត។ គ្រូធ្មប់អាចប្រាប់អ្នកនូវដំណឹងពិសេស ឬនិយាយជាសម្លេង ដែលឮសូរដូចសម្លេងរបស់អ្នកដែលស្លាប់នោះ។ សូមប្រយ័ត្ន! ការខំរកនិយាយឆ្លើយឆ្លងជាមួយមនុស្សស្លាប់ នឹងនាំឲ្យអ្នកជាប់អន្ទាក់ជាមិនខាន។ ហេតុអ្វី? ពីព្រោះមនុស្សស្លាប់មិនអាចនិយាយបានទេ។ អ្នកប្រហែលជានឹកចាំ បន្ទូលរបស់ព្រះប្រាប់យ៉ាងច្បាស់ថា ពេលស្លាប់ទៅ មនុស្សនឹង«ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ មនុស្សស្លាប់គឺ«ឥតដឹងអ្វីឡើយ»។ (ទំនុកដំកើង ១៤៦:៤; សាស្ដា ៩:៥, ១០) ម្យ៉ាងទៀត គឺពិតជាពួកបិសាចទេ ដែលល្បីថាចេះពុតធ្វើតាមសម្លេងរបស់អ្នកដែលស្លាប់ ហើយផ្ដល់សារដល់គ្រូធ្មប់ អំពីអ្នកដែលបានស្លាប់ហើយ។ (សាំយូអែលទី១ ២៨:៣-១៩) ដូច្នេះ ‹អ្នកណាដែលអន្ទងខ្មោច› នោះគឺកំពុងត្រូវជាប់អន្ទាក់របស់ពួកវិញ្ញាណអាក្រក់ ហើយប្រព្រឹត្តខុសផ្ទុយ ពីបំណងព្រះហឫទ័យនៃព្រះយេហូវ៉ាហើយ។—ចោទិយកថា ១៨:១១, ១២; អេសាយ ៨:១៩
ពីការទាក់ទាញទៅការប្រទូស្តវាយ
១២, ១៣. តើមានទីសំអាងណាខ្លះ ដែលបញ្ជាក់ថាពួកបិសាចខំល្បួងនិងពាធាមនុស្សមិនចេះដាច់?
១២ ពេលអ្នកប្រព្រឹត្តតាមដំបូន្មាននៃបន្ទូលរបស់ព្រះ អំពីមន្តអាគម នោះអ្នកផ្ទាត់ចោលនុយរបស់ពួកបិសាចហើយ។ (ប្រៀបធៀប ទំនុកដំកើង ១៤១:៩, ១០; រ៉ូម ១២:៩) តើនេះមានន័យថា ពួកវិញ្ញាណអាក្រក់នឹងឈប់មករកទាក់ទាញអ្នកទៀតឬ? គឺមិនមែនសោះឡើយ! ក្រោយពេលបានល្បួងព្រះយេស៊ូបីដងហើយ នោះសាតាំង«ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត»។ (លូកា ៤:១៣) ក៏ស្រដៀងគ្នាដែរ ពួកវិញ្ញាណដ៏រឹងរូសមិនគ្រាន់តែទាក់ទាញមនុស្សប៉ុណ្ណោះទេ តែពួកវាក៏ប្រទូស្តវាយមនុស្សទៀតផង។
១៣ សូមនឹកដល់ការពិចារណារបស់យើងកាលពីមុន អំពីការប្រទូស្តវាយរបស់សាតាំងមកលើយ៉ូប ដែលជាអ្នកបំរើរបស់ព្រះ។ អារក្សនេះបានធ្វើឲ្យសត្វពាហនៈរបស់គាត់វិនាសបង់ និងអ្នកបំរើភាគច្រើនរបស់គាត់ស្លាប់ទៅ។ សាតាំងបានទាំងសម្លាប់ពួកកូនរបស់យ៉ូបផង។ បន្ទាប់មក វាធ្វើឲ្យយ៉ូបមានរោគឈឺចាប់ពេញខ្លួន។ ប៉ុន្តែ យ៉ូបរក្សាសេចក្ដីស្មោះត្រង់ចំពោះព្រះ ហើយហេតុនេះក៏បានទទួលពរច្រើន។ (យ៉ូប ១:៧-១៩; ២:៧, ៨; ៤២:១២) តាំងពីគ្រានោះមក ពួកបិសាចបានធ្វើឲ្យអ្នកខ្លះគឬខ្វាក់ ហើយនៅតែវក់សប្បាយនឹងការឈឺចាប់របស់មនុស្សលោក។ (ម៉ាថាយ ៩:៣២, ៣៣; ១២:២២; ម៉ាកុស ៥:២-៥) សព្វថ្ងៃនេះ មានសេចក្ដីរាយការណ៍ដែលប្រាប់ថា ពួកអារក្សពាធារករំលោភអ្នកខ្លះ ហើយធ្វើឲ្យអ្នកខ្លះទៀតទៅជាវិកលចរិត។ ពួកវាញុះញង់អ្នកផ្សេងទៀត ឲ្យធ្វើឃាតកម្មនិងសម្លាប់ខ្លួន ដែលជាអំពើបាបប្រឆាំងនឹងព្រះ។ (ចោទិយកថា ៥:១៧; យ៉ូហានទី១ ៣:១៥) យ៉ាងណាក៏ដោយ មនុស្សរាប់ពាន់នាក់ ដែលធ្លាប់បានជាប់អន្ទាក់ពួកវិញ្ញាណអាក្រក់ពីមុនម្ដងហើយ អាចដោះខ្លួនចេញរួចមកវិញបាន។ តើពួកគេអាចដោះខ្លួនយ៉ាងដូចម្ដេច? ពួកគេអាចចេញរួចបាន ដោយការចាត់វិធានការដ៏សំខាន់។
របៀបដែលត្រូវតទល់នឹងពួកវិញ្ញាណអាក្រក់
១៤. ស្របតាមឧទាហរណ៍របស់គ្រីស្ទានអេភេសូរក្នុងសតវត្សទីមួយ តើអ្នកអាចតទល់នឹងពួកវិញ្ញាណអាក្រក់យ៉ាងដូចម្ដេច?
១៤ តើអ្វីជាវិធីមួយដែលអ្នកអាចតទល់នឹងវិញ្ញាណអាក្រក់បាន ហើយការពារខ្លួនអ្នកនិងគ្រួសារអ្នក ពីអន្ទាក់របស់ពួកវា? ពួកគ្រីស្ទានសតវត្សទីមួយ នៅអេភេសូរ ដែលបានអនុវត្តមន្តអាគម មុនពេលពួកគេមានជំនឿ បានចាត់វិធានការដែលផ្ដល់ផលប្រយោជន៍។ យើងអានថា «មនុស្សដែលប្រព្រឹត្តមន្តវិជ្ជាប្លែកៗ នោះក៏មានច្រើននាក់ បានយកសៀវភៅក្បួនរបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា»។ (កិច្ចការ ១៩:១៩, ព.ថ.) សូម្បីតែអ្នកមិនបានអនុវត្តមន្តអាគមក៏ដោយ សូមបោះបង់ចោលឲ្យអស់នូវអ្វីៗ ដែលសម្រាប់ប្រើប្រាស់ឬបង្ហាញគំនិតខាងមន្តអាគម។ នេះគឺមានរួមសៀវភៅ ទស្សនាវដ្ដី វីឌីអូ ប័ណ្ណប្រកាស ថាសចម្រៀង និងគ្រឿងប្រើសម្រាប់មន្តអាគម។ ហើយក៏មានរួមគារវរូប វត្ថុស័ក្ដសិទ្ធិ និងរបស់ឯទៀតសម្រាប់ពាក់ការពារខ្លួន និងអំណោយទទួលពីអ្នកមន្តអាគមដែរ។ (ចោទិយកថា ៧:២៥, ២៦; កូរិនថូសទី១ ១០:២១) ដើម្បីពន្យល់ដោយឧទាហរណ៍៖ មានប្ដីប្រពន្ធពីរនាក់នៅប្រទេសថៃ បានត្រូវបិសាចពាធាជាយូរមកហើយ។ បន្ទាប់មក ពួកគេក៏យកបោះចោលអស់នូវរបស់ដែលទាក់ទងនឹងមន្តអាគម។ តើមានលទ្ធផលយ៉ាងណាទៅ? ពួកគេបានរួចពីការប្រទូស្តវាយរបស់ពួកបិសាច ហើយពីពេលនោះមក ក៏បានចម្រើនលូតលាស់មែនទែនខាងវិញ្ញាណផង។
១៥. តើអ្វីជាវិធានការដ៏ចាំបាច់មួយទៀត ក្នុងការតទល់នឹងកម្លាំងវិញ្ញាណអាក្រក់?
១៥ ដើម្បីតទល់នឹងវិញ្ញាណអាក្រក់ វិធានការដ៏ចាំបាច់មួយទៀត គឺថាត្រូវប្រព្រឹត្តតាមដំបូន្មានរបស់សាវ័កប៉ុល ដែលប្រាប់ឲ្យប្រដាប់ខ្លួនយើង ដោយគ្រប់គ្រឿងសឹកខាងវិញ្ញាណដែលព្រះប្រទានឲ្យ។ (អេភេសូរ ៦:១១-១៧) គ្រីស្ទានត្រូវតែពង្រឹងគ្រឿងការពារខ្លួនឲ្យបានរឹងមាំ ដើម្បីទប់នឹងវិញ្ញាណអាក្រក់។ តើវិធានការនេះមានរួមអ្វីខ្លះ? ប៉ុលនិយាយថា៖ «ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន»។ ពិតហើយ បើជំនឿរបស់អ្នករឹងមាំ នោះសមត្ថភាពរបស់អ្នកក៏នឹងបានខ្លាំងមាំដែរ ដើម្បីតទល់នឹងកម្លាំងវិញ្ញាណអាក្រក់។—ម៉ាថាយ ១៧:១៤-២០
១៦. តើអ្នកអាចពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?
១៦ តើអ្នកអាចពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច? គឺដោយបន្តការសិក្សាព្រះគម្ពីរ និងអនុវត្តដំបូន្មានព្រះគម្ពីរក្នុងជីវិតរបស់អ្នក។ ភាពរឹងមាំនៃជំនឿរបស់បុគ្គលនិមួយៗ គឺពឹងពាក់ទៅលើភាពរឹងប៊ឹងនៃមូលដ្ឋានជំនឿ—ដែលជាចំណេះអំពីព្រះ។ តើអ្នកមិនយល់ស្របទេឬ ថាចំណេះត្រឹមត្រូវដែលអ្នកបានកើនចម្រើន ហើយកាន់ជាប់ក្នុងចិត្ត ពេលអ្នកបានសិក្សាព្រះគម្ពីរ បានធ្វើឲ្យជំនឿរបស់អ្នកបានរឹងមាំនោះ? (រ៉ូម ១០:១០, ១៧) ប្រាកដហើយ ដូច្នេះពេលអ្នកបន្តការសិក្សានេះតទៅទៀត ហើយចូលរួមក្នុងការប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាជារឿយៗ នោះជំនឿរបស់អ្នក នឹងបានរឹងមាំកាន់តែខ្លាំងឡើងមិនខានឡើយ។ (រ៉ូម ១:១១, ១២; កូល៉ុស ២:៦, ៧) គឺនឹងបានរឹងមាំខ្លាំងដូចមហាកំផែង អាចទប់ទល់នឹងការវាយលុកពីពួកបិសាច។—យ៉ូហានទី១ ៥:៥
១៧. តើត្រូវចាត់វិធានការអ្វីថែមទៀត ក្នុងការតទល់នឹងកម្លាំងវិញ្ញាណអាក្រក់?
១៧ តើមានវិធានការណាថែមទៀត ដែលបុគ្គលប្ដេជ្ញាចិត្តអាចធ្វើតាម ដើម្បីតទល់នឹងកម្លាំងវិញ្ញាណអាក្រក់? ពួកគ្រីស្ទាននៅអេភេសូរត្រូវមានការការពារ ពីព្រោះពួកគេរស់នៅក្នុងក្រុង ដែលពោរពេញទៅដោយបិសាចនិយម។ ដូច្នេះ ប៉ុលប្រាប់ពួកគេថា៖ «អធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលវេលា»។ (អេភេសូរ ៦:១៨) ដោយសារតែយើងរស់នៅក្នុងលោកីយ៍ ដែលមានបិសាចពាសពេញ ការអធិស្ឋានទូលអង្វររកព្រះឲ្យទ្រង់ជួយការពារ គឺជាការចាំបាច់ ដើម្បីតទល់នឹងពួកវិញ្ញាណអាក្រក់។ (ម៉ាថាយ ៦:១៣) ជំនួយខាងវិញ្ញាណនិងសេចក្ដីអធិស្ឋាននៃពួកអ្នកចាស់ទុំរើសតាំងក្នុងក្រុមជំនុំគ្រីស្ទាន គឺមានផលប្រយោជន៍ណាស់ចំពោះការនេះ។—យ៉ាកុប ៥:១៣-១៥
ប្រឹងតទល់ប្រឆាំងនឹងពួកវិញ្ញាណអាក្រក់ជាដរាប
១៨, ១៩. តើត្រូវធ្វើយ៉ាងណា ប្រសិនបើត្រូវពួកបិសាចមករំខានថែមទៀត?
១៨ ប៉ុន្តែ សូម្បីក្រោយពីបានចាត់វិធានការដ៏សំខាន់ទាំងនេះហើយក៏ដោយ អ្នកខ្លះនៅតែត្រូវពួកវិញ្ញាណអាក្រក់មកពាធាទៀត។ ជាឧទាហរណ៍ បុរសម្នាក់នៅកូថឌីវ័រ បានសិក្សាព្រះគម្ពីរជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានបំផ្លាញវត្ថុស័ក្ដសិទ្ធិទាំងអស់របស់គាត់ចោល។ ក្រោយពីនោះមក គាត់បានចម្រើនលូតលាស់ល្អ បានថ្វាយជីវិតដល់ព្រះយេហូវ៉ា ហើយធ្វើបុណ្យជ្រមុជទឹក។ ប៉ុន្តែក្រោយពេលជ្រមុជទឹកបានមួយអាទិត្យ ស្រាប់តែពួកបិសាចចាប់ផ្ដើមរំខានគាត់ទៀត ហើយគាត់ឮសម្លេងប្រាប់គាត់ឲ្យបោះបង់ជំនឿថ្មីរបស់គាត់។ បើការនេះបានកើតឡើងដល់អ្នក តើនេះមានន័យថា ព្រះយេហូវ៉ាឈប់ជួយការពារអ្នកទៀតហើយឬ? គឺមិនចាំបាច់មានន័យអញ្ចឹងទេ។
១៩ ថ្វីបើព្រះយេស៊ូគ្រីស្ទដ៏ជាបុរសគ្រប់ល័ក្ខណ៍ មានព្រះជួយការពារក៏ដោយ ក៏ទ្រង់នៅឮសម្លេងរបស់អារក្សសាតាំង ដែលជាសត្តនិករវិញ្ញាណអាក្រក់។ ព្រះយេស៊ូបានបង្ហាញប្រាប់ ឲ្យត្រូវធ្វើយ៉ាងណាក្នុងករណីបែបនេះ។ ទ្រង់មានបន្ទូលប្រាប់ទៅអារក្សថា៖ «នែ សាតាំង ចូរឯងថយចេញពីអញទៅ»។ (ម៉ាថាយ ៤:៣-១០) ក៏ដូចគ្នាអញ្ចឹងដែរ អ្នកគួរកុំស្ដាប់បង្គាប់សម្លេងពីពិភពវិញ្ញាណឡើយ។ សូមតទល់នឹងវិញ្ញាណអាក្រក់ដោយអំពាវនាវរកព្រះយេហូវ៉ាឲ្យទ្រង់ជួយ។ ត្រូវហើយ អធិស្ឋានដោយបន្លឺសម្លេងខ្លាំង ដោយប្រើព្រះនាមនៃព្រះយេហូវ៉ាផង។ សុភាសិត ១៨:១០ចែងថា៖ «ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ បុរសគ្រីស្ទាននៅកូថឌីវ័របានធ្វើដូច្នេះ ហើយពួកវិញ្ញាណអាក្រក់ ក៏លែងមកពាធាគាត់ទៀត។—ទំនុកដំកើង ១២៤:៨; ១៤៥:១៨
២០. សរុបសេចក្ដីទៅ តើអ្នកអាចធ្វើយ៉ាងណា ដើម្បីតទល់នឹងពួកវិញ្ញាណអាក្រក់?
២០ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកវិញ្ញាណអាក្រក់មានជីវិតគង់នៅ ប៉ុន្តែទ្រង់សម្ដែងព្រះចេស្ដារបស់ទ្រង់ ជាពិសេសគឺដើម្បីជួយរាស្ត្ររបស់ទ្រង់ ហើយព្រះនាមទ្រង់ក៏កំពុងត្រូវប្រកាសពេញពាសលើផែនដីផង។ (និក្ខមនំ ៩:១៦) ប្រសិនបើអ្នកស្ថិតនៅជិតព្រះ នោះអ្នកមិនចាំបាច់ខ្លាចពួកវិញ្ញាណអាក្រក់ទេ។ (ជនគណនា ២៣:២១, ២៣; យ៉ាកុប ៤:៧, ៨; ពេត្រុសទី២ ២:៩) អំណាចរបស់ពួកវាគឺមានកម្រិត។ ពួកវាបានទទួលទណ្ឌកម្មកាលជំនាន់លោកណូអេ បានត្រូវបោះទម្លាក់ចេញពីស្ថានសួគ៌ក្នុងពេលថ្មីៗនេះ ហើយឥឡូវ កំពុងរង់ចាំសេចក្ដីជំនុំជំរះក្រោយបង្អស់។ (យូដាស ៦; វិវរណៈ ១២:៩; ២០:១-៣, ៧-១០, ១៤) តាមពិត ពួកវាខ្លាចណាស់ចំពោះសេចក្ដីវិនាស ដែលនឹងកើតឡើងដល់ពួកវា ក្នុងពេលឆាប់ៗនេះ។ (យ៉ាកុប ២:១៩) ដូច្នេះ ទោះជាវិញ្ញាណអាក្រក់ខំរកទាក់ទាញអ្នក ដោយប្រើនុយបែបយ៉ាងណា ឬរកប្រទូស្តវាយអ្នកក្នុងរបៀបណាក៏ដោយ ក៏អ្នកអាចតទល់នឹងពួកវាបានដែរ។ (កូរិនថូសទី២ ២:១១) សូមជៀសចេញពីមន្តអាគមគ្រប់ប្រភេទ អនុវត្តដំបូន្មាននៃបន្ទូលព្រះ ហើយស្វែងរកសេចក្ដីយល់ព្រមពីព្រះយេហូវ៉ាផង។ សូមធ្វើដូចនេះកុំឲ្យបង្អង់ឡើយ ដ្បិតជីវិតរបស់អ្នក គឺពឹងពាក់លើការដែលអ្នកតទល់នឹងកម្លាំងវិញ្ញាណអាក្រក់!
សាកល្បងចំណេះរបស់អ្នក
តើពួកវិញ្ញាណអាក្រក់ខំរកបោកបញ្ឆោតមនុស្សយ៉ាងដូចម្ដេច?
ហេតុអ្វីព្រះគម្ពីរផ្ដន្ទាមន្តអាគម?
តើបុគ្គលម្នាក់អាចដោះខ្លួន ឲ្យចេញរួចពីកម្លាំងវិញ្ញាណអាក្រក់យ៉ាងដូចម្ដេច?
ហេតុអ្វីក៏អ្នកគួរតែតទល់នឹងពួកវិញ្ញាណអាក្រក់ជាដរាប?
[រូបភាពនៅទំព័រ១១០]
តើអ្នកមានទស្សនៈយ៉ាងណាចំពោះមន្តអាគម ដែលមានជាច្រើនប្រភេទនោះ?