បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ១៤ ទំ. ១២២-១៣១
  • «យើងបានសម្រេចចិត្តរួមគ្នា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «យើងបានសម្រេចចិត្តរួមគ្នា»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ​»​ (​សកម្មភាព ១៥:១៣​-​២១​)
  • ‹សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ខ្លះ ហើយ​ចាត់​ឲ្យ​ទៅ› (​សកម្មភាព ១៥:២២​-​២៩​)
  • ​«​ពួក​គាត់​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ​»​ (​សកម្មភាព ១៥:៣០​-​៣៥​)
  • តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ‹បន្ទាប់ពីមានការខ្វែងគំនិតគ្នា›
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ១៤ ទំ. ១២២-១៣១

ជំពូក​ទី​១៤

«​យើង​បាន​សម្រេច​ចិត្ត​រួម​គ្នា​»

ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល​នាំ​ឲ្យ​ក្រុម​ជំនុំ​មាន​សាមគ្គីភាព

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៥:១៣​-​៣៥

១, ២. ​(​ក​) តើ​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១ ត្រូវ​ដោះ​ស្រាយ​សំណួរ​សំខាន់​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ឈាន​ទៅ​ដល់​ការ​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ?

គ្រប់​គ្នា​រំពឹង​ថា​នឹង​មាន​ការ​សម្រេច​ចិត្ត​មួយ។ ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​ដែល​មាន​វត្តមាន​ក្នុង​បន្ទប់​នៅ​ក្រុង​យេរូសាឡិម កំពុង​មើល​មុខ​គ្នា​ដោយ​ដឹង​ថា នេះ​ជា​ពេល​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ។ បញ្ហា​អំពី​ការ​កាត់​ចុង​ស្បែក​បាន​នាំ​ឲ្យ​មាន​សំណួរ​ដ៏​សំខាន់​ថា តើ​គ្រិស្ត​សាសនិក​ស្ថិត​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ឬ​ទេ? តើ​មាន​ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ដែល​ជា​ជនជាតិ​យូដា និង​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​ដទៃ​ឬ​ទេ?

២ ពួក​បុរស​ដែល​កំពុង​នាំ​មុខ បាន​ពិចារណា​ភ័ស្តុតាង​ជា​ច្រើន។ ពួក​គាត់​បាន​ពិនិត្យ​មើល​ទំនាយ​នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ រួម​ទាំង​ពិចារណា​សម្ដី​របស់​សាក្សី ដែល​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ពរ​ពី​ព្រះ​យេហូវ៉ា។ បុរស​ទាំង​នោះ​បាន​និយាយ​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​បាន​ដឹង និង​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ដោយ​មិន​លាក់​លៀម។ មាន​ភ័ស្តុតាង​ច្រើន​ណាស់​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ដឹក​នាំ​ពួក​គាត់​ក្នុង​រឿង​នេះ។ ដូច្នេះ តើ​បុរស​ទាំង​នោះ​នឹង​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ឬ​ទេ?

៣. ពេល​យើង​ពិចារណា​កំណត់​ហេតុ​នៅ​សកម្មភាព ជំពូក​ទី​១៥ តើ​យើង​អាច​រៀន​អ្វី?

៣ ក្នុង​ការ​ដោះ​ស្រាយ​រឿង​នេះ តម្រូវ​ឲ្យ​ពួក​គាត់​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន ដើម្បី​ទទួល​យក​ការ​ណែនាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា ស្អប់​ពួក​គាត់​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត ពួក​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ ដែល​ខំ​ប្រឹង​នាំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ត្រឡប់​ទៅ​កាន់​តាម​ច្បាប់​ម៉ូសេ​វិញ។ តើ​គណៈ​អភិបាល​នឹង​ធ្វើ​យ៉ាង​ណា? សូម​មើល​ជា​មួយ​គ្នា។ ពេល​យើង​ពិចារណា​កំណត់​ហេតុ​នេះ យើង​នឹង​ឃើញ​របៀប​ដែល​បុរស​ទាំង​នោះ ទុក​គំរូ​សម្រាប់​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ។ នេះ​ក៏​ជា​គំរូ​សម្រាប់​យើង​ដែរ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ពេល​ជួប​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ជា​អ្នក​កាន់​តាម​គ្រិស្ត។

​«​សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ​»​ (​សកម្មភាព ១៥:១៣​-​២១​)

៤, ៥. តើ​យ៉ាកុប​បាន​លើក​ឡើង​អំពី​ទំនាយ​អ្វី?

៤ អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​យ៉ាកុប ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ ក៏​ចាប់​ផ្ដើម​និយាយ។a តាម​មើល​ទៅ យ៉ាកុប​ជា​អ្នក​ដឹក​នាំ​អង្គប្រជុំ​នោះ។ ពាក្យ​សម្ដី​របស់​យ៉ាកុប​ហាក់​ដូច​ជា​បូក​សរុប​មតិ ដែល​អង្គប្រជុំ​ទាំង​មូល​ទំនង​ជា​យល់​ស្រប​គ្នា។ យ៉ាកុប​និយាយ​នៅ​ចំពោះ​មុខ​អង្គប្រជុំ​ថា​៖ ​«​ស៊ីម្មាន​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជា​ជាតិ​នានា ដើម្បី​ជ្រើស​រើស​រាស្ដ្រ​មួយ​ជា​តំណាង​នាម​របស់​លោក។ សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ​»។—សកម្ម. ១៥:១៤, ១៥

៥ ពាក្យ​សម្ដី​របស់​ស៊ីម្មាន ឬ​ហៅ​ថា​ស៊ីម៉ូន​ពេត្រុស ព្រម​ទាំង​ភ័ស្តុតាង​ដែល​បាន​លើក​ឡើង​ដោយ​បាណាបាស​និង​ប៉ូល ប្រហែល​ជា​ធ្វើ​ឲ្យ​យ៉ាកុប​នឹក​ឃើញ​បទ​គម្ពីរ​ដែល​សម​ស្រប ហើយ​អាច​ជួយ​បំភ្លឺ​អំពី​បញ្ហា​ដែល​ពួក​គាត់​កំពុង​ពិភាក្សា​គ្នា។ (​យ៉ូន. ១៤:២៦​) បន្ទាប់​ពី​និយាយ​ថា​៖ ​«​សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ​»​ នោះ​យ៉ាកុប​ក៏​បាន​ដក​ស្រង់​ពាក្យ​ពី​ក្នុង​សៀវភៅ​អេម៉ុស ជំពូក​ទី​៩ ខ​១១​និង​១២។ សៀវភៅ​អេម៉ុស​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ផ្នែក​ដែល​គេ​ហៅ​ថា ​«​សៀវភៅ​អ្នក​ប្រកាស​ទំនាយ​»​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ (​ម៉ាថ. ២២:៤០; សកម្ម. ១៥:១៦​-​១៨​) អ្នក​ច្បាស់​ជា​នឹង​សម្គាល់​ឃើញ​ថា ពាក្យ​ដែល​យ៉ាកុប​បាន​ដក​ស្រង់ គឺ​ខុស​គ្នា​បន្តិច​ពី​ពាក្យ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​អេម៉ុស​បច្ចុប្បន្ន ពីព្រោះ​យ៉ាកុប​ទំនង​ជា​បាន​ដក​ស្រង់​ពី​សេចក្ដី​បក​ប្រែ​សេបធួជីន នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច។

៦. តើ​បទ​គម្ពីរ​បាន​បំភ្លឺ​អំពី​បញ្ហា​ដែល​ពួក​គាត់​កំពុង​ពិភាក្សា​គ្នា​យ៉ាង​ដូច​ម្ដេច?

៦ តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​អេម៉ុស ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា នឹង​ដល់​ពេល​ដែល​លោក​តាំង​«​ខ្ទម​ដាវីឌ​»​ឡើង ដែល​ជា​ពូជ​ពង្ស​នាំ​ទៅ​ដល់​រាជាណាចក្រ​មេស្ស៊ី។ (​អេគ. ២១:២៦, ២៧​) តើ​ព្រះ​យេហូវ៉ា​នឹង​ប្រាស្រ័យ​ទាក់​ទង​ម្ដង​ទៀត តែ​ជា​មួយ​នឹង​ជនជាតិ​យូដា​ពី​កំណើត​ឬ? មិន​មែន​ទេ។ ទំនាយ​បាន​បន្ថែម​ថា​«​មនុស្ស​គ្រប់​ជន​ជាតិ​»​នឹង​ត្រូវ​ប្រមូល​មក​រួម​គ្នា ជា​‹រាស្ត្រ​ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ព្រះ›។ សូម​ចាំ​ថា ពេត្រុស​ទើប​តែ​បាន​លើក​បញ្ជាក់​ថា ព្រះ​«​មិន​បាន​រាប់​យើង​[​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​]​ថា​ខុស​ពី​ពួក​គេ​សោះ​ឡើយ តែ​លោក​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួក​គេ​[​គ្រិស្ត​សាសនិកជន​ជាតិ​ដទៃ​]​បរិសុទ្ធ​ដោយ​សារ​ជំនឿ​»។ (​សកម្ម. ១៥:៩​) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​ជនជាតិ​យូដា​និង​ជន​ជាតិ​ដទៃ បាន​ទទួល​មត៌ក​ដូច​គ្នា​ក្នុង​រាជាណាចក្រ​ព្រះ។ (​រ៉ូម ៨:១៧; អេភ. ២:​១៧​-​១៩​) មិន​មាន​ពាក្យ​ណា​មួយ​ក្នុង​ទំនាយ​ដែល​បំផុស​គំនិត​ថា អ្នក​ជឿ​ដែល​ជា​ជន​ជាតិ​ដទៃ​ត្រូវ​តែ​កាត់​ចុង​ស្បែក ឬ​ប្ដូរ​មក​កាន់​សាសនា​យូដា មុន​នឹង​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ឡើយ។

៧, ៨. ​(​ក​) តើ​យ៉ាកុប​បាន​ឲ្យ​យោបល់​អ្វី? (​ខ​) តើ​យើង​គួរ​យល់​យ៉ាង​ណា​អំពី​ពាក្យ​សម្ដី​របស់​យ៉ាកុប?

៧ ក្រោយ​ពី​យ៉ាកុប​បាន​ត្រូវ​ជំរុញ​ចិត្ត​ដោយ​ភ័ស្តុតាង​ពី​បទ​គម្ពីរ ព្រម​ទាំង​ការ​បញ្ជាក់​ពី​សាក្សី​ដែល​គួរ​ឲ្យ​ទុក​ចិត្ត នោះ​គាត់​បាន​លើក​ឡើង​នូវ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​អង្គប្រជុំ​គិត​ពិចារណា។ គាត់​បាន​ពោល​ថា​៖ ​«​ដូច្នេះ តាម​យោបល់​ខ្ញុំ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ជន​ជាតិ​ដទៃ​ដែល​កំពុង​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ មាន​ការ​ពិបាក​ឡើយ។ ប៉ុន្តែ យើង​គួរ​សរសេរ​ទៅ​កាន់​ពួក​គេ​ឲ្យ​ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វី​ៗ​ដែល​ស្មោក​គ្រោក​ដោយ​សារ​រូប​ព្រះ ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ពី​សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់​ក និង​ពី​ឈាម។ ព្រោះ​តាំង​ពី​សម័យ​បុរាណ តែង​មាន​គេ​ផ្សព្វ​ផ្សាយ​អំពី​ម៉ូសេ​នៅ​ក្រុង​ទាំង​ឡាយ ពីព្រោះ​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​សាលា​ប្រជុំ​មាន​គេ​អាន​ឲ្យ​ស្ដាប់​នូវ​អ្វី​ៗ​ដែល​គាត់​បាន​សរសេរ​»។—សកម្ម. ១៥:​១៩​-​២១

៨ ពេល​យ៉ាកុប​និយាយ​ថា​៖ ​«​ដូច្នេះ តាម​យោបល់​ខ្ញុំ​»​ តើ​នេះ​មាន​ន័យ​ថា​គាត់​កំពុង​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន ដោយ​សម្រេច​ចិត្ត​ជំនួស​បង​ប្អូន​ឯ​ទៀត​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ! ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​តាម​យោបល់​ខ្ញុំ​»​ ក៏​អាច​មាន​ន័យ​ថា​«​ខ្ញុំ​ពិចារណា​ថា​»​ ឬ​«​ខ្ញុំ​យល់​ឃើញ​ថា​»។ យ៉ាកុប​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​អង្គប្រជុំ​ទេ តែ​គាត់​បាន​សុំ​អង្គប្រជុំ​ឲ្យ​គិត​ពិចារណា ដោយ​ផ្អែក​លើ​ភ័ស្តុតាង​ដែល​ពួក​គាត់​បាន​ឮ និង​អ្វី​ដែល​គម្ពីរ​បាន​ចែង​អំពី​បញ្ហា​នោះ។

៩. តើ​យោបល់​របស់​យ៉ាកុប​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ទៀត?

៩ តើ​យោបល់​របស់​យ៉ាកុប​ល្អ​ឬ​ទេ? ច្បាស់​ជា​ល្អ ពីព្រោះ​ទាំង​ពួក​សាវ័ក​ទាំង​ពួក​បុរស​ចាស់​ទុំ យល់​ព្រម​ធ្វើ​តាម។ តើ​នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ទៀត? យោបល់​នោះ​មិន​នាំ​ឲ្យ​មាន​«​បញ្ហា​»​ ឬ​«​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​»​ចំពោះ​គ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ ដោយ​ដាក់​បន្ទុក​ពួក​គេ​ឲ្យ​ធ្វើ​តាម​តម្រូវ​ការ​ផ្សេង​ៗ​ក្នុង​ច្បាប់​ម៉ូសេ​ឡើយ។ (​សកម្ម. ១៥:១៩​) ណា​មួយ​ទៀត ការ​សម្រេច​ចិត្ត​នេះ​នឹង​បង្ហាញ​ការ​គោរព​ចំពោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា ដែល​អស់​ជា​ច្រើន​ឆ្នាំ​«​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​សាលា​ប្រជុំ​»​ ពួក​គេ​បាន​«​ស្ដាប់​នូវ​អ្វី​ៗ​ដែល​[​ម៉ូសេ​]​បាន​សរសេរ​»។b (​សកម្ម. ១៥:២១​) យោបល់​ដែល​យ៉ាកុប​បាន​លើក​ឡើង ប្រាកដ​ជា​នឹង​ពង្រឹង​ចំណង​មិត្តភាព​រវាង​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា និង​គ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ។ សំខាន់​បំផុត នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដោយ​សារ​នោះ​ស្រប​តាម​គោល​បំណង​របស់​លោក។ នេះ​ពិត​ជា​វិធី​ដ៏​ល្អ​មួយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​អាច​គំរាម​កំហែងដល់​សាមគ្គីភាព និង​សេចក្ដី​សុខ​សាន្ត​នៃ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ! ម្យ៉ាង​ទៀត ក៏​ជា​គំរូ​ដ៏​ប្រសើរ​ដែរ សម្រាប់​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ!

បង​អាល់បឺត ស្រូឌែរ ថ្លែង​សុន្ទរកថា​ក្នុង​មហា​សន្និបាត​អន្តរជាតិ​មួយ នា​ឆ្នាំ​១៩៩៨

១០. តើ​គណៈ​អភិបាល​សព្វ​ថ្ងៃ​ធ្វើ​តាម​គំរូ​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​យ៉ាង​ដូច​ម្ដេច?

១០ ដូច​បាន​រៀប​រាប់​នៅ​ជំពូក​មុន គណៈ​អភិបាល​នៅ​សព្វ​ថ្ងៃ​ក៏​ធ្វើ​ដូច​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​ដែរ ពួក​គាត់​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​មហា​ក្សត្រ​សកល​លោក និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ ដើម្បី​សុំ​ការ​ណែនាំ​សម្រាប់​បញ្ហា​ទាំង​អស់។c (​១កូ. ១១:៣​) តើ​ពួក​គាត់​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? បង​អាល់បឺត ស្រូឌែរ ដែល​ជា​សមាជិក​គណៈ​អភិបាល​ចាប់​ពី​ឆ្នាំ​១៩៧៤ រហូត​ដល់​គាត់​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែនដី​ក្នុង​ខែ​មីនា ឆ្នាំ​២០០៦ បាន​ប្រាប់​ថា​៖ ​«​គណៈ​អភិបាល​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ ហើយ​កិច្ច​ប្រជុំ​នោះ​ចាប់​ផ្ដើម​ដោយ​ការ​អធិដ្ឋាន ដើម្បី​សុំ​ការ​ណែនាំ​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ ពួក​គាត់​ព្យាយាម​អស់​ពី​សមត្ថភាព ក្នុង​ការ​ដោះ​ស្រាយ​រាល់​បញ្ហា ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ស្រប​តាម​បណ្ដាំ​របស់​ព្រះ​»។ ស្រដៀង​គ្នា​ដែរ បង​មីលថុន ហេនសូល ដែល​ជា​សមាជិក​គណៈ​អភិបាល​អស់​រយៈ​ពេល​ជា​យូរ បាន​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែនដី​ក្នុង​ខែ​មីនា ឆ្នាំ​២០០៣ បាន​លើក​សំណួរ​សំខាន់​មួយ​ទៅ​កាន់​សិស្ស​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាន់​ទី​១០១។ គាត់​បាន​សួរ​ថា​៖ ​«​តើ​មាន​អង្គការ​ណា​ផ្សេង​ទៀត​ដែល​ស្វែង​រក​ការ​ណែនាំ​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​ឬ​ទេ?​»។ ចម្លើយ​គឺ​បង​ប្អូន​ដឹង​ច្បាស់​ហើយ។

‹សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ខ្លះ ហើយ​ចាត់​ឲ្យ​ទៅ› (​សកម្មភាព ១៥:២២​-​២៩​)

១១. តើ​គណៈ​អភិបាល​បាន​ប្រើ​វិធី​អ្វី ដើម្បី​ជូន​ដំណឹង​ដល់​ក្រុម​ជំនុំ​អំពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់?

១១ គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម បាន​សម្រេច​ចិត្ត​រួម​គ្នា​អំពី​បញ្ហា​កាត់​ចុង​ស្បែក។ ក៏​ប៉ុន្តែ ដើម្បី​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​ឯកភាព​គ្នា ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ត្រូវ​ជម្រាប​ដល់​ក្រុម​ជំនុំ តាម​វិធី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​លើក​ទឹក​ចិត្ត។ តើ​អ្វី​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ដូច្នេះ? កំណត់​ហេតុ​ប្រាប់​ថា​៖ ​«​ពួក​សាវ័ក ពួក​បុរស​ចាស់​ទុំ និង​ក្រុម​ជំនុំ​ទាំង​មូល​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ខ្លះ​ពី​ចំណោម​ពួក​គាត់ ហើយ​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជា​មួយ​នឹង​ប៉ូល និង​បាណាបាស។ បុរស​ទាំង​នោះ​មាន​យូដាស​ហៅ​ថា​បាសាបាស និង​ស៊ីឡាស​ដែល​ជា​ពួក​អ្នក​នាំ​មុខ​ក្នុង​ចំណោម​បង​ប្អូន​»។ បន្ថែម​ទៅ​ទៀត គណៈ​អភិបាល​បាន​រៀបចំ​សំបុត្រ​មួយ ហើយ​ផ្ញើ​តាម​បង​ប្អូន​ទាំង​នោះ ដើម្បី​អាន​ជូន​ក្រុម​ជំនុំ​ទាំង​អស់​នៅ​ក្រុង​អាន់ទីយ៉ូក នៅ​ស្រុក​ស៊ីរី និង​នៅ​ស្រុក​ស៊ីលីស៊ី។—សកម្ម. ១៥:២២​-​២៦

១២, ១៣. តើ​មាន​លទ្ធផល​ល្អ​អ្វី (​ក​) ដោយ​ចាត់​យូដាស​និង​ស៊ីឡាស​ឲ្យ​ទៅ? (​ខ​) ពី​សំបុត្រ​ដែល​គណៈ​អភិបាល​បាន​ផ្ញើ?

១២ យូដាស​និង​ស៊ីឡាស​ជា​«​ពួក​អ្នក​នាំ​មុខ​ក្នុង​ចំណោម​បង​ប្អូន​»​ ដូច្នេះ​ពួក​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​តំណាង​គណៈ​អភិបាល។ ពេល​គណៈ​អភិបាល​ចាត់​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ឲ្យ​ទៅ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​ដែល​បង​ប្អូន​បាន​នាំ​យក​ទៅ មិន​គ្រាន់​តែ​ជា​ចម្លើយ​ចំពោះ​បញ្ហា​អំពី​ការ​កាត់​ចុង​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ណែនាំ​ថ្មី​ពី​គណៈ​អភិបាល។ ការ​ចាត់​‹បុរស​ទាំង​នោះ​ដែល​បាន​ត្រូវ​ជ្រើស​រើស›​ឲ្យ​ទៅ ច្បាស់​ជា​នឹង​ពង្រឹង​ចំណង​មិត្តភាព​រវាង​គ្រិស្ត​សាសនិក​ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម និង​គ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ​នៅ​តំបន់​ឯ​ទៀត។ នេះ​ជា​ការ​រៀបចំ​ដ៏​ឈ្លាស​វៃ និង​ដោយ​សេចក្ដី​ស្រឡាញ់​មែន! ហើយ​នេះ​ប្រាកដ​ជា​លើក​ស្ទួយ​សន្តិភាព​និង​សាមគ្គីភាព ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។

របៀប​ដែល​គណៈ​អភិបាល​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ

ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ សាក្សី​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​អភិបាល ជា​បុរស​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ជា​អ្នក​ដែល​លោក​បាន​រើស​តាំង។ រៀង​រាល់​សប្តាហ៍ ពួក​គាត់​តែង​ប្រជុំ​គ្នា​ជា​ទៀង​ទាត់។ សមាជិក​គណៈ​អភិបាល​បាន​ត្រូវ​រៀបចំ​ជា​៦​គណៈ​កម្មាធិការ។ គណៈ​កម្មាធិការ​នីមួយ​ៗ​មាន​ភារកិច្ច​ដូច​ត​ទៅ​៖

  • គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង ត្រួត​ពិនិត្យ​រឿង​ទាក់​ទង​ផ្លូវ​ច្បាប់ និង​ផ្នែក​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ពេល​ត្រូវ​បញ្ជាក់​ការ​ពិត​អំពី​ជំនឿ​របស់​យើង។ ម្យ៉ាង​ទៀត ពួក​គាត់​ចាត់​ចែង​សកម្មភាព​ផ្ដល់​ជំនួយ ពេល​មាន​គ្រោះ​មហន្តរាយ ពេល​មាន​ការ​បៀតបៀន​ផ្ទុះ​ឡើង និង​ពេល​មាន​រឿង​អាសន្ន​ផ្សេង​ទៀត ដែល​ប៉ះ​ពាល់​ដល់​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ណា​មួយ។

  • គណៈ​កម្មាធិការ​ខាង​បុគ្គលិក ត្រួត​ពិនិត្យ​របៀប​រៀបចំ​ផ្នែក​ថែ​រក្សា និង​ផ្ដល់​ជំនួយ​ទាំង​ខាង​សម្ភារ ទាំង​ខាង​ការ​គោរព​ប្រណិប័តន៍ សម្រាប់​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ដែល​បម្រើ​នៅ​ការិយាល័យ​សាខា នៃ​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក។ គណៈ​កម្មាធិការ​នេះ ក៏​ត្រួត​ពិនិត្យ​ដែរ​លើ​ការ​អញ្ជើញ​សមាជិក​ថ្មី​ឲ្យ​ចូល​បម្រើ​នៅ​ការិយាល័យ​សាខា។

  • គណៈ​កម្មាធិការ​ខាង​ការ​បោះពុម្ព ត្រួត​ពិនិត្យ​ការ​បោះពុម្ព និង​ការ​ដឹក​ជញ្ជូន​សៀវភៅ​អំពី​គម្ពីរ។ ពួក​គាត់​ក៏​ត្រួត​ពិនិត្យ​ដែរ​នូវ​រោង​ពុម្ព​និង​អគារ ដែល​គ្រប់​គ្រង​និង​ដំណើរ​ការ​ដោយ​សាជីវកម្ម ដែល​ប្រើ​ប្រាស់​ដោយ​សាក្សី​ព្រះ​យេហូវ៉ា និង​គម្រោង​សាង​សង់​នានា​ទូ​ទាំង​ពិភព​លោក រួម​ទាំង​ការ​សាង​សង់​សាល​ប្រជុំ​និង​សាល​សន្និបាត។ ពួក​គាត់​ក៏​ត្រួត​ពិនិត្យ​លើ​ការ​ប្រើ​ប្រាស់​វិភាគទាន​ដែរ។

  • គណៈ​កម្មាធិការ​កិច្ច​បម្រើ ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ដោះ​ស្រាយបញ្ហា​ដែល​ទាក់​ទង​នឹង​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល និង​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ ពួក​គាត់​ក៏​ជា​អ្នក​អញ្ជើញ និង​ជា​អ្នក​ប្រគល់​ភារកិច្ច​ឲ្យ​សិស្ស​សាលា​គីលាត​នៅ​តាម​ការិយាល័យ​សាខា​ផ្សេង​ៗ ក្នុង​បំណង​ពង្រឹង​បង​ប្អូន​និង​កិច្ច​ការ​ផ្សេង​ៗ​នៅ​តំបន់​ដែល​ពួក​គេ​បម្រើ។

  • គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន ត្រួត​ពិនិត្យ​ព័ត៌មាន​សម្រាប់​សន្និបាត មហា​សន្និបាត និង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ព្រម​ទាំង​រៀបចំ​ការ​ថត​កម្ម​វិធី​វីដេអូ និង​ការ​ថត​កម្ម​វិធី​សំឡេង។ ពួក​គាត់​ក៏​ត្រួត​ពិនិត្យ​សាលា​គីលាត សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ និង​សាលា​ឯ​ទៀត​ដែរ។ ម្យ៉ាង​ទៀត គណៈ​កម្មាធិការ​នេះ​រៀបចំ​ព័ត៌មាន​ពី​គម្ពីរ ដើម្បី​ពង្រឹង​ជំនឿ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​នៅ​ការិយាល័យ​សាខា។

  • គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ ត្រួត​ពិនិត្យ​ការ​រៀបចំ​សេចក្ដី​បង្រៀន​សម្រាប់​បង​ប្អូន​រួម​ជំនឿ និង​សាធារណជន។ គណៈ​កម្មាធិការ​នេះ ក៏​ឆ្លើយ​សំណួរ​អំពី​គម្ពីរ​ដែរ ព្រម​ទាំង​ត្រួត​ពិនិត្យ​កិច្ច​ការ​បក​ប្រែ​ទូ​ទាំង​ពិភព​លោក និង​អនុម័ត​លើ​គម្រោង​សុន្ទរកថា និង​សាច់​រឿង​សម្រាប់​ឈុត​សម្ដែង​ជា​ដើម។

គណៈ​អភិបាល​ពឹង​ផ្អែក​លើ​ការ​ណែនាំ ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ពួក​គាត់​ម្នាក់​ៗ​មិន​ចាត់​ទុក​ខ្លួន​ថា ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​ដែល​នៅ​ផែនដី ពួក​គាត់​«​ដើរ​តាម​កូន​ចៀម​[​គឺ​លោក​យេស៊ូ​គ្រិស្ត​]​ជាប់​ជា​និច្ច ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ​»។—បប. ១៤:៤

១៣ គ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ​បាន​ទទួល​ការ​ណែនាំ​ជាក់​លាក់​ពី​សំបុត្រ​នោះ មិន​គ្រាន់​តែ​រឿង​ទាក់​ទង​នឹង​ការ​កាត់​ចុង​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់​ទង​នឹង​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​និង​ពរ​ពី​ព្រះ​យេហូវ៉ា​ដែរ។ ខ្លឹម​សារ​សំខាន់​ក្នុង​សំបុត្រ​នោះ​ថា​៖ ​«​ឫទ្ធានុភាព​បរិសុទ្ធ​និង​យើង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា លើក​លែង​តែ​អ្វី​ៗ​ដែល​ជា​ការ​ចាំ​បាច់ ដូច​ត​ទៅ​នេះ​៖ ចូរ​ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​បូជា​រូប​ព្រះ ហើយ​ជៀស​វាង​ពី​ឈាម ពី​សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់​ក និង​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជៀស​វាង​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ការ​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សុខ​សប្បាយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!​»។—សកម្ម. ១៥:២៨, ២៩

១៤. តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា​សព្វ​ថ្ងៃ​នេះ?

១៤ បច្ចុប្បន្ន សាក្សី​ព្រះ​យេហូវ៉ា​មាន​ជាង​៨​លាន​នាក់ ក្នុង​ក្រុម​ជំនុំ​ជាង​១០​ម៉ឺន នៅ​ទូទាំង​ផែនដី។ ប៉ុន្តែ ពួក​គេ​រួប​រួម​គ្នា​ដោយ​សាមគ្គីភាព ទាំង​ខាង​ជំនឿ​ទាំង​ការ​ប្រព្រឹត្ត។ តើ​សាមគ្គីភាព​បែប​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែល​ពេញ​ទៅ​ដោយ​ភាព​ចលាចល និង​ចិត្ត​គំនិត​បែក​បាក់​គ្នា? សាមគ្គីភាព​នេះ​កើត​ឡើង​បាន ដោយ​សារ​លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​និង​ច្បាស់​លាស់ តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ពោល​គឺ​គណៈ​អភិបាល។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ម្យ៉ាង​ទៀត នេះ​ក៏​ដោយ​សារ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​គណៈ​អភិបាល​ដែរ។

​«​ពួក​គាត់​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ​»​ (​សកម្មភាព ១៥:៣០​-​៣៥​)

១៥, ១៦. តើ​ការ​សម្រេច​ចិត្ត​អំពី​បញ្ហា​កាត់​ចុង​ស្បែក​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? ហើយ​តើ​កត្តា​អ្វី​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​បែប​នេះ?

១៥ កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព​បន្ត​រៀប​រាប់​ថា ក្រោយ​ពី​បង​ប្រុស​ៗ​ដែល​ជា​តំណាង​ទាំង​នោះ​ទៅ​ដល់​ក្រុង​អាន់ទីយ៉ូក ពួក​គាត់​«​ប្រមូល​ពួក​អ្នក​កាន់​តាម​ទាំង​អស់​ឲ្យ​មក​ជុំ​គ្នា ហើយ​ហុច​សំបុត្រ​ឲ្យ​»​ពួក​គេ។ តើ​បង​ប្អូន​ដែល​នៅ​ទី​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ការ​ណែនាំ​របស់​គណៈ​អភិបាល? គម្ពីរ​ចែង​ថា​៖ ​«​លុះ​អាន​សំបុត្រ​ចប់ ពួក​គាត់​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ​»។ (​សកម្ម. ១៥:៣០, ៣១​) បន្ថែម​ទៅ​ទៀត យូដាស​និង​ស៊ីឡាស​«​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ច្រើន ហើយ​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ​»។ ក្នុង​ន័យ​នេះ បុរស​ទាំង​ពីរ​នាក់​នោះ បាន​ត្រូវ​ហៅ​ថា​«​អ្នក​ប្រកាស​ទំនាយ​»​ ដូច​បាណាបាស ប៉ូល និង​អ្នក​ឯ​ទៀត​ដែរ។ ពាក្យ​«​អ្នក​ប្រកាស​ទំនាយ​»​សំដៅ​លើ​អស់​អ្នក​ដែល​ប្រកាស​ប្រាប់ ឬ​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ស្គាល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។—សកម្ម. ១៣:១; ១៥:៣២; ដច. ៧:១, ២

១៦ ច្បាស់​ណាស់​ថា ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​ការ​រៀបចំ​ទាំង​មូល​នោះ ជា​ហេតុ​ដែល​បញ្ហា​បាន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​រលូន។ តើ​អ្វី​ជា​កត្តា​សំខាន់​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​បែប​នេះ? គឺ​ដោយ​សារ​គណៈ​អភិបាល​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់​និង​ត្រូវ​ពេល ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ និង​ការ​ណែនាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ។ ណា​មួយ​ទៀត ការ​សម្រេច​ចិត្ត​នោះ​បាន​ត្រូវ​ផ្ដល់​ជូន​ក្រុម​ជំនុំ​ដោយ​ផ្ទាល់ និង​ដោយ​សេចក្ដី​ស្រឡាញ់។

១៧. តើ​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​សព្វ​ថ្ងៃ មាន​លក្ខណៈ​ដូច​គ្នា​នឹង​សម័យ​ដើម​យ៉ាង​ដូច​ម្ដេច?

១៧ តាម​រយៈ​គំរូ​នៅ​សម័យ​នោះ គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ ក៏​ផ្ដល់​ការ​ណែនាំ​តាម​ត្រូវ​ពេល ដល់​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក​ដែរ។ បន្ទាប់​ពី​ពួក​គាត់​បាន​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ ពួក​គាត់​នឹង​ជម្រាប​ទៅ​ក្រុម​ជំនុំ​យ៉ាង​ត្រង់​ៗ​និង​ច្បាស់​លាស់។ វិធី​មួយ​គឺ​តាម​រយៈ​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ទាំង​នេះ ធ្វើ​ដំណើរ​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ ដោយ​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​និង​ការ​លើក​ទឹក​ចិត្ត​ដ៏​កក់​ក្ដៅ។ ដូច​ប៉ូល​និង​បាណាបាស អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ​«​ដោយ​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ជា​ច្រើន​»។ (​សកម្ម. ១៥:៣៥​) ដូច​យូដាស​និង​ស៊ីឡាស អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​‹លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ច្រើន និង​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ›។

១៨. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​អ្វី ដើម្បី​ប្រាកដ​ថា​ពួក​គេ​នៅ​តែ​អាច​ទទួល​ពរ​ពី​លោក?

១៨ ចុះ​ក្រុម​ជំនុំ​វិញ? តើ​អ្វី​នឹង​ជួយ​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​បន្ត​មាន​សេចក្ដី​សុខ​សាន្ត និង​សាមគ្គីភាព​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា? សូម​ចាំ​ថា ក្រោយ​មក​យ៉ាកុបបាន​សរសេរ​ថា​៖ ​«​ប្រាជ្ញា​ពី​ស្ថាន​លើ​វិញ ដំបូង​បង្អស់​គឺ​បរិសុទ្ធ រួច​ធ្វើ​ឲ្យ​មាន​សន្តិភាព សម​ហេតុ​សម​ផល រង់​ចាំ​ធ្វើ​តាម​បង្គាប់ . . . ម្យ៉ាង​ទៀត សេចក្ដី​សុចរិត​ជា​ផល​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្តិភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។ (​យ៉ា. ៣:១៧, ១៨​) ពាក្យ​ដែល​យ៉ាកុប​បាន​សរសេរ​នោះ យើង​មិន​ដឹង​ថា​គាត់​បាន​នឹក​គិត​អំពី​កិច្ច​ប្រជុំ ដែល​ធ្វើ​ឡើង​នៅ​ក្រុង​យេរូសាឡិម​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ បន្ទាប់​ពី​បាន​ពិចារណា​កំណត់​ហេតុ​ក្នុង​សកម្មភាព ជំពូក​ទី​១៥ យើង​យល់​ច្បាស់​ថា មាន​តែ​ការ​សាមគ្គី​និង​ការ​សហការ​គ្នា​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។

១៩, ២០. ​(​ក​) តើ​យើង​ដឹង​យ៉ាង​ណា​ថា​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព? (​ខ​) តើ​ឥឡូវ​ប៉ូល​និង​បាណាបាស​អាច​ធ្វើ​អ្វី?

១៩ ច្បាស់​ណាស់​ថា ឥឡូវ​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព។ ជំនួស​ឲ្យ​ការ​ប្រកែក​តវ៉ា​ជា​មួយ​នឹង​អ្នក​តំណាង​ដែល​មក​ពី​ក្រុង​យេរូសាឡិម បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក​សប្បាយ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទស្សនកិច្ច​របស់​យូដាស​និង​ស៊ីឡាស។ កំណត់​ហេតុ​ចែង​ថា​៖ ​«​ពួក​គាត់​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​អស់​មួយ​រយៈ ហើយ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​វិញ បង​ប្អូន​ប្រាប់​ពួក​គាត់​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​តាម​ផ្លូវ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​»​ ពោល​គឺ​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ។d (​សកម្ម. ១៥:៣៣​) យើង​អាច​ប្រាកដ​ថា បង​ប្អូន​នៅ​ក្រុង​យេរូសាឡិម​ក៏​សប្បាយ​ចិត្ត​ដែរ ពេល​ស្ដាប់​ការ​រៀប​រាប់​របស់​យូដាស​និង​ស៊ីឡាស អំពី​ទស្សនកិច្ច​របស់​ពួក​គាត់។ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ទើប​ពួក​គាត់​អាច​សម្រេច​ភារកិច្ច​ដោយ​ជោគ​ជ័យ!

២០ ប៉ូល​និង​បាណាបាស​បន្ត​នៅ​ក្រុង​អាន់ទីយ៉ូក ហើយ​ឥឡូវ​ពួក​គាត់​អាច​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង ទៅ​លើ​ការ​នាំ​មុខ​ក្នុង​ការ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ។ សព្វ​ថ្ងៃ​នេះ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក៏​ធ្វើ​ដូច្នេះ​ដែរ ពេល​ពួក​គាត់​ទៅ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ដែល​ពួក​គាត់​មើល​ខុស​ត្រូវ។ (​សកម្ម. ១៣:២, ៣​) នេះ​គឺ​ជា​ពរ​មួយ​សម្រាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា! ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បន្ត​ប្រើ​និង​ផ្ដល់​ពរ ដល់​អ្នក​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង​ទាំង​ពីរ​នាក់​នោះ? យើង​នឹង​មើល​រឿង​នេះ​នៅ​ជំពូក​បន្ទាប់។

នៅមហាសន្និបាតមួយ ម្ដាយនិងកូនស្រីកំពុងបើកមើលសៀវភៅ«សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព» ក្បាលទី២។

គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​ទទួល​ប្រយោជន៍​ពី​អ្វី​ៗ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​តាម​រយៈ​គណៈ​អភិបាល​និង​អ្នក​តំណាង​របស់​ពួក​គាត់

យ៉ាកុប ជា​«​ប្អូន​ប្រុស​របស់​លោក​ម្ចាស់​»​

យ៉ាកុប​ជា​កូន​ប្រុស​របស់​យ៉ូសែប​និង​ម៉ារៀ។ ឈ្មោះ​របស់​គាត់​បាន​ត្រូវ​សរសេរ​មុន​គេ ក្នុង​ចំណោម​បង​ប្អូន​បង្កើត​របស់​លោក​យេស៊ូ។ (​ម៉ាថ. ១៣:៥៤, ៥៥​) ដូច្នេះ គាត់​ប្រហែល​ជា​កូន​ទី​២​របស់​ម៉ារៀ។ យ៉ាកុប​ធំ​ឡើង​ជា​មួយ​នឹង​លោក​យេស៊ូ គាត់​បាន​សង្កេត​មើល​កិច្ច​បម្រើ​របស់​លោក ហើយ​យ៉ាង​ហោច​ណាស់ គាត់​បាន​ដឹង​អំពី​«​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​»​របស់​លោក​យេស៊ូ មិន​ថា​គាត់​បាន​ឃើញ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្នុង​អំឡុង​ពេល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ យ៉ាកុប​និង​ប្អូន​ប្រុស​ៗ​ឯ​ទៀត​របស់​លោក ​«​មិន​បង្ហាញ​ជំនឿ​លើ​លោក​ឡើយ​»។ (​យ៉ូន. ៧:៥​) យ៉ាកុប​ក៏​ប្រហែល​ជា​មាន​គំនិត​ដូច​សាច់​ញាតិ​ខ្លះ ដែល​បាន​និយាយ​អំពី​លោក​យេស៊ូ​ថា​៖ ​«​គាត់​វង្វេង​ស្មារតី​ហើយ​»។—ម៉ាក. ៣:២១

យ៉ាកុបកំពុងអានរមូរ។

ប៉ុន្តែ អ្វី​ទាំង​អស់​នោះ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ទោះ​ជា​ក្នុង​គម្ពីរ​ភាសា​ក្រិច​បាន​និយាយ​អំពី​បុគ្គល​បី​នាក់​ផ្សេង​ទៀត ដែល​មាន​ឈ្មោះ​យ៉ាកុប​ក្ដី តាម​មើល​ទៅ​លោក​យេស៊ូ​បាន​លេច​មក​ជួប​យ៉ាកុប ដែល​ជា​ប្អូន​ប្រុស​របស់​លោក ក្នុង​ចន្លោះ​៤០​ថ្ងៃ បន្ទាប់​ពី​លោក​រស់​ឡើង​វិញ។ (​១កូ. ១៥:៧​) វត្តមាន​របស់​លោក​យេស៊ូ ប្រហែល​ជា​បាន​ជួយ​យ៉ាកុប​ឲ្យ​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ អំពី​អត្តសញ្ញាណ​របស់​បង​ប្រុស​គាត់។ មិន​ថា​យ៉ាង​ណា​ទេ មិន​ដល់​១០​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ យ៉ាកុប ម៉ារៀ​ម្ដាយ​គាត់ និង​ប្អូន​ប្រុស​ៗ​របស់​គាត់ បាន​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​ពួក​សាវ័ក​នៅ​បន្ទប់​ខាង​លើ ដើម្បី​អធិដ្ឋាន។—សកម្ម. ១:១៣, ១៤

នៅ​ទី​បំផុត យ៉ាកុប​បាន​ទៅ​ជា​សមាជិក​ដ៏​គួរ​ឲ្យ​គោរព​នៅ​ក្នុង​ក្រុម​ជំនុំ​ក្រុង​យេរូសាឡិម ហើយ​តាម​មើល​ទៅ គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​សាវ័ក​ម្នាក់​របស់​ក្រុម​ជំនុំ​នោះ។ ពាក្យ​សាវ័ក​មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​»។ (​កាឡ. ១:១៨, ១៩​) តួ​នាទី​សំខាន់​របស់​យ៉ាកុប​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ។ ពេល​នោះ​ពេត្រុស​បាន​ប្រាប់​អ្នក​កាន់​តាម​ឯ​ទៀត​ថា​៖ ​«​ចូរ​ទៅ​រាយ​ការណ៍​ប្រាប់​យ៉ាកុប​និង​បង​ប្អូន​អំពី​ការ​ទាំង​នេះ​»។ (​សកម្ម. ១២:១២, ១៧​) ពេល​បញ្ហា​អំពី​ការ​កាត់​ចុង​ស្បែក បាន​ត្រូវ​លើក​ទៅ​ដល់​«​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​»​នៅ​ក្រុង​យេរូសាឡិម នោះ​យ៉ាកុប​ទំនង​ជា​ប្រធាន​នៃ​អង្គប្រជុំ​នោះ។ (​សកម្ម. ១៥:៦​-​២១​) ម្យ៉ាង​ទៀត សាវ័ក​ប៉ូល​បាន​និយាយ​ថា យ៉ាកុប និង​កេផាស​(​ពេត្រុស​) ព្រម​ទាំង​សាវ័ក​យ៉ូហាន​«​ជា​ពួក​អ្នក​ដែល​ត្រូវ​គេ​ចាត់​ទុក​ជា​សសរ​»​នៃ​ក្រុម​ជំនុំ​ក្រុង​យេរូសាឡិម។ (​កាឡ. ២:៩​) សូម្បី​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ប៉ូល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ គាត់​បាន​រាយ​ការណ៍​ដល់​យ៉ាកុប និង​‹បុរស​ចាស់​ទុំ​ទាំង​អស់​ដែល​នៅ​ទី​នោះ›។—សកម្ម. ២១:១៧​-​១៩

តាម​មើល​ទៅ​គឺ​យ៉ាកុប​នេះ​ហើយ ដែល​ប៉ូល​បាន​ហៅ​ថា ​«​ប្អូន​ប្រុស​របស់​លោក​ម្ចាស់​»​ ដែល​បាន​សរសេរ​សំបុត្រ​ឬ​សៀវភៅ​គម្ពីរ ដោយ​ដាក់​តាម​ឈ្មោះ​របស់​ខ្លួន។ (​កាឡ. ១:១៩​) នៅ​ក្នុង​សំបុត្រ​នោះ យ៉ាកុប​បាន​និយាយ​ដោយ​ចិត្ត​រាប​ទាប ដោយ​ហៅ​ខ្លួន​ថា ជា​«​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​»​ មិន​មែន​ហៅ​ខ្លួន​ថា ជា​សាវ័ក ឬ​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ​ឡើយ។ (​យ៉ា. ១:១​) សំបុត្រ​របស់​យ៉ាកុប​បង្ហាញ​ថា គាត់​ដូច​លោក​យេស៊ូ​ដែរ គឺ​គាត់​ចូល​ចិត្ត​សង្កេត​មើល​សត្វ​ផ្សេង​ៗ ធម្មជាតិ និង​អត្តចរិត​របស់​មនុស្ស។ ដើម្បី​ឆ្លុះ​បញ្ចាំង​សេចក្ដី​ពិត​អំពី​ព្រះ យ៉ាកុប​បាន​លើក​ឡើង​នូវ​បាតុភូត​ធម្មជាតិ រួម​មាន​រលក​សមុទ្រ​បក់​បោក​តាម​ខ្យល់ ពន្លឺ​ផ្កាយ​លើ​មេឃ ពន្លឺ​ដួង​អាទិត្យ​ដ៏​ក្ដៅ​គគុក ផ្កា​រុះ​រោយ ភ្លើង​ឆេះ​ព្រៃ និង​សត្វ​ដែល​បាន​ត្រូវ​ផ្សាំង​ជា​ដើម។ (​យ៉ា. ១:៦, ១១, ១៧; ៣:៥, ៧​) ព្រះ​បាន​ឲ្យ​យ៉ាកុប​មាន​ការ​យល់​ដឹង អំពី​ចិត្ត​គំនិត​របស់​មនុស្ស ជា​មូលហេតុ​ដែល​គាត់​អាច​ផ្ដល់​យោបល់​ល្អ​ៗ ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។—យ៉ា. ១:១៩, ២០; ៣:២, ៨​-​១៨

ពាក្យ​របស់​ប៉ូល​នៅ​កូរិនថូស​ទី១ ៩:៥ បញ្ជាក់​ថា យ៉ាកុប​បាន​រៀប​ការ​ហើយ។ គម្ពីរ​មិន​បាន​ប្រាប់​ថា យ៉ាកុប​ស្លាប់​នៅ​ពេល​ណា ឬ​ស្លាប់​ដោយ​របៀប​ណា​ទេ។ ប៉ុន្តែ ប្រវត្តិ​វិទូ​ជនជាតិ​យូដា​ឈ្មោះ​យ៉ូសេហ្វឺស បាន​សរសេរ​ថា មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ព័រសៀស​ភេស្ទុស ដែល​ជា​អភិបាល​រ៉ូម​ស្លាប់​ប្រហែល​នៅ​ឆ្នាំ​៦២ គ.ស. និង​មុន​ពេល​អាល់ប៊ីនូស​ឡើង​គ្រប់​គ្រង​បន្ត នោះ​សម្ដេច​សង្ឃ​អាណានូស​(​ឬ​អាណានាស​)​«​បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​នាំ​បុរស​ម្នាក់​ឈ្មោះ​យ៉ាកុប ជា​ប្អូន​ប្រុស​លោក​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត និង​មនុស្ស​មួយ​ចំនួន​ទៀត ឲ្យ​មក​ទទួល​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​»។ យ៉ូសេហ្វឺស​និយាយ​ថា អាណានូស​«​បាន​ចោទ​ប្រកាន់​ពួក​គាត់​ថា ជា​អ្នក​បំបះ​បំបោរ​ប្រឆាំង​ច្បាប់ រួច​មក​ក៏​បង្គាប់​គេ​ឲ្យ​គប់​ថ្ម​សម្លាប់​ពួក​គាត់​»។

a សូម​មើល​ប្រអប់​«​យ៉ាកុប ជា​‹ប្អូន​ប្រុស​របស់​លោក​ម្ចាស់›​»។

b ជា​ការ​មាន​ប្រាជ្ញា​មែន ដែល​យ៉ាកុប​បាន​លើក​ឡើង​អំពី​សៀវភៅ​ដែល​ម៉ូសេ​បាន​សរសេរ។ សៀវភៅ​នេះ​មិន​ត្រឹម​តែ​មាន​ចែង​អំពី​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កំណត់​ត្រា​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ និង​បំណង​ប្រាថ្នា​របស់​លោក មុន​សម័យ​ដែល​មាន​ច្បាប់​ទៅ​ទៀត។ ជា​ឧទាហរណ៍ សៀវភៅ​ដើម​កំណើត​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ឈាម ការ​ផិត​ក្បត់ និង​ការ​គោរព​បូជា​រូប​ព្រះ។ (​ដក. ៩:៣, ៤; ២០:២​-​៩; ៣៥:២, ៤​) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោល​ការណ៍ ដែល​មនុស្ស​ទាំង​អស់​គួរ​ធ្វើ​តាម មិន​ថា​ជនជាតិ​យូដា​ឬ​ជន​ជាតិ​ដទៃ​ទេ។

c សូម​មើល​ប្រអប់​«​របៀប​ដែល​គណៈ​អភិបាល​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​»។

d នៅ​សកម្មភាព ១៥:៣៤ សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​បាន​បញ្ចូល​ពាក្យ​ថា ស៊ីឡាស​សម្រេច​ចិត្ត​បន្ត​នៅ​ក្រុង​អាន់ទីយ៉ូក (​King James Version​)។ ប៉ុន្តែ តាម​មើល​ទៅ ពាក្យ​ទាំង​នោះ​បាន​ត្រូវ​បន្ថែម​នៅ​ពេល​ក្រោយ​មក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក