ឫសនៃលទ្ធិបដិសេធព្រះ
យើងរស់នៅលើផែនដីដែលពេញទៅដោយវិបត្ដិ ការក្រឡេកមើលចំណងជើងសារពត៌មានបញ្ជាក់នូវការណ៍ពិតនេះជារៀងរាល់ថ្ងៃ។ ស្ថានភាពដ៏អស់សង្ឃឹមនៃពិភពលោករបស់យើង បានបណ្ដាលឲ្យមនុស្សជាច្រើនមានចិត្តសង្ស័យអំពីការមានព្រះ។ មនុស្សខ្លះអះអាងថាគេជាអ្នកមិនជឿថាមានព្រះ ព្រមទាំងបដិសេធអំពីការមាននៅរបស់ទ្រង់ផង។ តើអ្នកជាមនុស្សប្រភេទនោះដែរឬ?
ការជឿឬមិនជឿព្រះអាចមានអានុភាពយ៉ាងខ្លាំងលើទស្សនវិស័យរបស់អ្នកចំពោះអនាគត។ បើគ្មានព្រះមែន ដំណើររួចរស់ជីវិតរបស់មនុស្សលោកគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មនុស្សទាំងស្រុង—ជាគំនិតដែលគ្មានសង្ឃឹមសោះ បើយើងគិតដល់សមត្ថភាពនៃការបំផ្លាញរបស់មនុស្ស។ បើសិនជាអ្នកជឿថាមានព្រះវិញ នោះអ្នកនឹងយល់ព្រមថា ជីវិតនៅលើផែនដីនេះគឺមានគោលបំណង—ដែលជាយថាហេតុ គោលបំណងនេះនឹងបានសម្រេចជាមិនខាន។
ថ្វីបើការបដិសេធនៃការមានព្រះពុំសូវមានញឹកញាប់ទូទាំងប្រវត្ដិសាស្ត្រក្ដី ប៉ុន្តែនៅសតវត្សថ្មីៗនេះ ប្រជាប្រិយនៃលទ្ធិបដិសេធព្រះបានរាលដាលឡើង។ តើអ្នកដឹងមកពីហេតុអ្វីទេ?
ការមើលឃើញឫស
ដើមឈើដ៏ខ្ពស់ត្រដែតមួយមើលទៅគួរឲ្យស្ញប់ស្ញែងមែន។ ប៉ុន្តែ ភ្នែករបស់យើងគ្រាន់តែមើលឃើញស្លឹក មែក និងដើមតែប៉ុណ្ណោះ។ ឫសទាំងឡាយ—ដែលជាប្រភពជីវិតនៃដើមឈើនោះ—បានលាក់នៅក្នុងដីយ៉ាងជ្រៅ។
នេះក៏ស្រដៀងគ្នានឹងលទ្ធិបដិសេធព្រះដែរ។ ដូចដើមឈើដ៏ខ្ពស់មួយ ការបដិសេធនៃការមានព្រះបានលូតលាស់មានកំពស់ដ៏ធំសម្បើមនៅសតវត្សទី១៩។ តើជីវិតនិងសកលលោកអាចមានមកដោយគ្មានព្រះអាទិទេពបានទេ? តើការថ្វាយបង្គំព្រះអាទិទេពជាការខាតពេលឬ? ចម្លើយជាច្រើនរបស់ពួកវិជ្ជាករដ៏ធំដុំនៅក្នុងសតវត្សទី១៩ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ណាស់អំពីការនេះ។ លោកហ្វ្រីឌីរិក និចជីបានថ្លែងថា៖ «ដូចជាយើងលែងត្រូវការច្បាប់សីលធម៌ទៀតនោះ យើងក៏មិនត្រូវការសាសនាដែរ»។ លោកលូវិគ ហ្វូបាក្ស បានពោលអះអាងថា៖ «សាសនាជាសុបិននៃគំនិតរបស់មនុស្ស»។ ហើយលោកខាល ម៉ាក្ស ដែលនិពន្ធរបស់គាត់នឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងទសវត្សបន្ទាប់ពីជំនាន់លោកនោះ បានថ្លែងយ៉ាងអង់អាចថា៖ «ខ្ញុំចង់ពង្រីកសេរីភាពនៃគំនិតពីការឃុំឃាំងនៃសាសនា»។
មនុស្សជាច្រើនបានស្ញប់ស្ញែងណាស់។ ប៉ុន្តែ អ្វីៗដែលគេបានឃើញនោះ គ្រាន់តែជាស្លឹក មែក និងដើមនៃលទ្ធិបដិសេធព្រះប៉ុណ្ណោះ។ ឫសទាំងឡាយបានដុះឡើងតាំងពីមុនសតវត្សទី១៩ម្ល៉េះ។ ជាការគួរឲ្យភ្ញាក់ផ្អើលណាស់ ដ្បិតការលូតលាស់នៃលទ្ធិបដិសេធព្រះនៅសម័យទំនើបនេះ ត្រូវបានពិភពគ្រីស្ទសាសនាគាំទ្រ! តើតាមរបៀបណាដែលរឿងនេះជាការពិត? ដោយសារតែការពុករលួយរបស់ពួកគេ គ្រឹះស្ថានសាសនាទាំងនេះបានធ្វើឲ្យមានការស្រងាកចិត្តនិងការប្រឆាំងជាច្រើន។
ពូជបានសាបព្រោះ
ក្នុងកំឡុងមជ្ឈិមសម័យ សាសនាកាតូលិកបានកាន់កាប់លើអនុរាស្ត្ររបស់ខ្លួនយ៉ាងខ្លាំង។ សព្វវចនាធិប្បាយអាមេរិកាណា កត់សម្គាល់ថា៖ «ឋាននុក្រមហាក់បីដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមើលថែទាំសេចក្ដីត្រូវការខាងវិញ្ញាណរបស់មនុស្សទេ ពួកបព្វជិតដែលមានសក្ដិខ្ពស់ៗ ជាពិសេសពួកអាវ៉ែកត្រូវបានជ្រើសរើសពីវណ្ណៈអភិជន ហើយច្រើនតែចាត់ទុកតំណែងរបស់គេជាប្រភពនៃកិត្យានុភាពនិងអំណាចទៅវិញ»។
មនុស្សខ្លះដូចលោកចន ខាលវិន និងលោកម៉ាថិន លូហ្សើ បានខំព្យាយាមកែទម្រង់សាសនា។ ប៉ុន្តែ របៀបដែលគេធ្វើមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ ពីព្រោះការកែទម្រង់នោះ បានធ្វើឡើងដោយមិនចេះអត់ឱននិងមានការបង្ហូរឈាមគ្នា។ (ប្រៀបធៀប ម៉ាថាយ ២៦:៥២) ការប្រយុទ្ធនោះឃោរឃៅដល់ម្ល៉េះ ដែលបីសតវត្សក្រោយមក ប្រធានាធិបតីទីបីនៃសហរដ្ឋអាមេរិកឈ្មោះ ថូម៉ាស ចេហ្វឺសិនបានសរសេរថា៖ «ការមិនជឿទៅលើព្រះទាល់តែសោះ ជាការដែលអាចលើកទោសឲ្យបាន ជាជាងការប្រមាថមើលងាយទ្រង់តាមរយៈអំពើឃោរឃៅនៃលោកខាលវិននោះ»។a
យ៉ាងច្បាស់ណាស់ ការកែទម្រង់នោះមិនបានធ្វើឲ្យមានការថ្វាយបង្គំបរិសុទ្ធទេ។ ប៉ុន្តែ បានបន្ថយអំណាចរបស់សាសនាកាតូលិកទៅវិញ។ សាសនាកាតូលិកលែងមានការត្រួតត្រាផ្ដាច់ការលើជំនឿរបស់មនុស្សទៀតហើយ។ មនុស្សជាច្រើនបានចូលនិកាយប្រូតិស្តង់ ដែលទើបតែបានកើតថ្មីៗ។ ចំពោះមនុស្សឯទៀត ដោយបានស្រងាកចិត្តនឹងសាសនា បានយកពួកអ្នកប្រាជ្ញមកធ្វើជាការថ្វាយបង្គំរបស់គេទៅវិញ។ ជាលទ្ធផលក៏មានអាកប្បកិរិយាដែលជាសេរីនិយម ដែលបណ្ដោយឲ្យមានមតិផ្សេងៗអំពីព្រះ។
លទ្ធិមជ្ឈធាតុនិយមដុះឡើង
មកដល់សតវត្សទី១៨ គំនិតនៃសនិទានីយត្រូវបានលើកដំកើងជាដំណោះស្រាយបញ្ហាពិភពលោក។ ទស្សនវិទូពីប្រទេសអាល្លឺម៉ង់ ឈ្មោះអ៊ីមាណញូអែល ខិន បានពោលអះអាងថា ការជឿនលឿនរបស់មនុស្សត្រូវបានរះរាងដោយសារការពឹងពាក់ទៅលើនយោបាយនិងសាសនាសំរាប់ការដឹកនាំ។ គាត់បានដាស់តឿនថា៖ «ដោយបានដឹងគ្រប់គ្រាន់នោះ ចូរឲ្យមានចិត្តក្លាហានក្នុងការប្រើប្រាជ្ញារបស់អ្នកចុះ»!
អាកប្បកិរិយានេះជាសញ្ញាសម្គាល់នៃចលនាគាំទ្រលទ្ធិសនិទាននិយម ហើយក៏មានឈ្មោះ សម័យវិចារណញ្ញាណនិយមដែរ។ រហូតមកដល់ចុងបញ្ចប់នៃសតវត្សទី១៨ គ្រានេះត្រូវបានសម្គាល់ជាគ្រានៃការទទូចស្វែងរកចំណេះវិជ្ជា។ សៀវភៅ ព្រឹត្ដិការណ៍សំខាន់នៃប្រវត្ដិសាស្ត្រចែងថា៖ «សទ្ធាលុភាពត្រូវបានផ្លាស់ដោយលទ្ធិមជ្ឈធាតុនិយម។ ជំនឿតាមប្រពៃណីនិងការប្រព្រឹត្តទាំងអស់ត្រូវបានគេសង្ស័យ»។
‹ជំនឿតាមប្រពៃណីចាស់មួយ›ដែលត្រូវគេយកមកពិនិត្យពិច័យនោះគឺសាសនា។ សៀវភៅឈ្មោះ ប្រវត្ដិសាស្ត្រទូទៅនៃពិភពលោកចែងថា៖ «មនុស្សបានផ្លាស់ទស្សនវិស័យរបស់គេចំពោះសាសនា។ ពួកគេលែងស្កប់ចិត្តនឹងកិច្ចសន្យានៃរង្វាន់ទៅស្ថានសួគ៌ទៀតហើយ ពួកគេចង់បានជីវិតដ៏ប្រសើរនៅលើផែនដី។ ពួកគេក៏លែងមានជំនឿទៅលើអធិធម្មជាតិ»។ ត្រូវហើយ ពួកទស្សនវិទូជាច្រើននៃចលនាគាំទ្រសនិទាននិយមនោះ បានមើលងាយដល់សាសនា។ ជាពិសេស ពួកគេបានដាក់បន្ទោសទៅលើពួកមេដឹកនាំសាសនាកាតូលិកដែលឃ្លានអំណាច ពីព្រោះពួកគេបានទុកមនុស្សឲ្យនៅក្នុងភាពល្ងង់ខ្លៅ។
ដោយមិនបានស្កប់ចិត្តនឹងសាសនា ពួកទស្សនវិទូជាច្រើនបានក្លាយទៅជាអ្នកអាទិទេពនិយម គឺពួកគេជឿព្រះ ប៉ុន្តែបានអះអាងថា ទ្រង់គ្មានព្រះទ័យទុកដាក់នឹងមនុស្សទេ។b ទស្សនវិទូមួយចំនួនបានក្លាយទៅជាអ្នកមិនជឿថាមានព្រះ ហើយបាននិយាយឥតសំចៃ ដូចជាទស្សនវិទូម្នាក់ឈ្មោះ ប៉ុល អាន់រេ តេរេ ហូលបាក្ស ដែលអះអាងថា សាសនាជា«ប្រភពនៃការបែកខ្ញែក ជាកំហុសដ៏ធ្ងន់ និងបទឧក្រិដ្ឋ»។ ជាច្រើនឆ្នាំកន្លងមក ពួកទស្សនវិទូជាច្រើនទៀតបានធុញទ្រាន់នឹងពិភពគ្រីស្ទសាសនា ហើយក៏បានយល់ស្របនឹងគំនិតរបស់លោកហូលបាក្សដែរ។
ជាការគួរឲ្យចំអកមែន ដែលពិភពគ្រីស្ទសាសនាបានធ្វើឲ្យមានការលូតលាស់នៃលទ្ធិបដិសេធព្រះ! សាស្ដ្រាចារ្យខាងសាសនវិទ្យា ម៉ីកែល បាក់ឃ្លីសរសេរថា៖ «សាសនាជាដីជីបណ្ដុះលទ្ធិបដិសេធព្រះ។ មនសិការនៃមនុស្សនៅបស្ចិមប្រទេសបានទាស់ចិត្តយ៉ាងខ្លាំង ហើយបានខ្ពើមឆ្អើមនឹងសាសនាដែលមានគោលជំនឿដូចគ្នា។ សាសនានិងនិកាយទាំងឡាយបានធ្វើឲ្យហិនហោចដល់ទ្វីបអឺរ៉ុប បានបង្កើតក្រុមតស៊ូឬបដិវត្តន៍ខាងសាសនា បានផ្ដើមការកាប់សម្លាប់រង្គាល ហើយបានប៉ុនប៉ងបណ្ដេញឬទម្លាក់មហាក្សត្រដែរ»។
លទ្ធិបដិសេធព្រះឡើងដល់កំរិតខ្ពស់បំផុត
មកដល់សតវត្សទី១៩ ការបដិសេធព្រះបានត្រូវគេបញ្ចេញជាសាធារណៈដោយគ្មានការរារាំង ហើយកំពុងតែរីកចំរើនឡើង។ ពួកទស្សនវិទូនិងពួកវិទ្យាសាស្ត្រមិនមានចិត្តរអែងនឹងការថ្លែងទស្សនៈរបស់គេឡើយ។ អ្នកនិយាយឥតសំចៃម្នាក់ដែលមិនជឿថាមានព្រះបានថ្លែងថា៖ «សត្រូវរបស់យើងគឺព្រះ។ ការស្អប់ព្រះ នោះជាដើមចមនៃប្រាជ្ញា។ ដើម្បីឲ្យមនុស្សបានជឿនលឿនទៅមុខ នេះត្រូវមានមូលដ្ឋានលើលទ្ធិបដិសេធព្រះ»។
យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរបានកើតឡើងក្នុងកំឡុងសតវត្សទី២០។ ការបដិសេធព្រះបានក្លាយទៅជាការប្រយុទ្ធដ៏អសកម្មទៅវិញ លទ្ធិបដិសេធព្រះមួយផ្សេងទៀតបានចាប់ផ្ដើមរាលដាល មានឥទ្ធិពលលើទាំងអ្នកដែលអះអាងជឿលើព្រះផង។
[កំណត់សម្គាល់]
a និកាយប្រូតេស្តង់ដែលជាលទ្ធផលនៃការកែទម្រង់នោះ បានទុកលទ្ធិជាច្រើនដែលមិនស្របតាមព្រះគម្ពីរ។ សូមមើលទស្សនាវដ្ដី ភ្ញាក់រំឭក! នៃខែសីហា ថ្ងៃទី២២ ឆ្នាំ១៩៨៩ ទំព័រ ១៦-២០ និងខែកញ្ញា ថ្ងៃទី៨ ឆ្នាំ១៩៨៩ ទំព័រ ២៣-៧។ (ជាភាសាអង់គ្លេស)
b ពួកអាទិទេពនិយមទាំងនេះបានអះអាងថា ដូចជានាឡិកា ព្រះបានរៀបចំការបង្កើតរបស់ទ្រង់ក្នុងចលនា រួចមកក៏បែរស្មារតីរបស់ទ្រង់ចេញពីនោះ ដោយគ្មានព្រះទ័យចង់ទាក់ទងសោះ។ យោងទៅតាមសៀវភៅ កេរ្ដិ៍ដំណែលទំនើប ពួកអាទិទេពនិយម«បានជឿថាលទ្ធិបដិសេធព្រះបានបណ្ដាលមកពីមនុស្សដែលអស់សង្ឃឹម។ ប៉ុន្តែ រចនាសម្ព័ន្ធដែលប្រើអំណាចផ្ដាច់ការនៃសាសនាកាតូលិក ភាពតឹងរ៉ឹង និងការមិនចេះអត់ឱននៃលទ្ធិរបស់សាសននេះ ជាការរឹតតែអាក្រក់ទៅទៀត»។
[រូបភាពនៅទំព័រ៣]
ខាល ម៉ាក្ស
[រូបភាពនៅទំព័រ៣]
លូវិគ ហ្វូបាក្ស
[រូបភាពនៅទំព័រ៣]
ហ្វ្រីឌីរិក និចជី
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
COVER: Earth: By permission of the British Library; Nietzsche: Copyright British Museum (see also page 3); Calvin: Musée Historique de la Réformation, Genève (Photo F. Martin); Marx: U.S. National Archives photo (see also page 3); Planets, instruments, crusaders, locomotive: The Complete Encyclopedia of Illustration/J. G. Heck; Feuerbach: The Bettmann Archive (see also page 3)