ការបដិសេធព្រះនៅសតវត្សទី២០
«មនុស្សបានទទួលយកនូវគំនិតថាគ្មានព្រះ ហើយក៏ចាត់ចែងជីវិតរបស់គេដោយឯករាជ្យ ទោះជាមានលទ្ធផលយ៉ាងណាក៏ដោយ ហើយក៏លែងគិតគូអំពីព្រះទៀតឡើយ»។—មួយរយឆ្នាំនៃការពិភាក្សាគ្នាអំពីព្រះ—ប្រភពនៃលទ្ធិបដិសេធព្រះនៅសម័យទំនើប។
ថ្វីបើមុនដំបូងមើលទៅគួរឲ្យស្ញប់ស្ញែងមែន តែជាយថាហេតុ ដើមឈើដ៏ខ្ពស់ត្រដែតមួយនឹងត្រូវគេបានចាត់ទុកជាធម្មតាវិញ។ វត្តមាននៃដើមឈើនោះទៅជាការស៊ាំភ្នែក ហើយកំពស់ដើមឈើនោះក៏លែងស្ញប់ស្ញែងដែរ។
នេះក៏ស្រដៀងគ្នានឹងលទ្ធិបដិសេធព្រះដែរ។ ថ្វីបើការនេះបានធ្វើឲ្យមានការពិភាក្សាគ្នាយ៉ាងច្រើនក្នុងកំឡុងសតវត្សទី១៩ក្ដី តែនៅសព្វថ្ងៃនេះ ការបដិសេធព្រះមិនមែនជាការភ្ញាក់ផ្អើលឬធ្វើឲ្យអុកឡុកទៀតទេ។ សម័យនៃការចេះអត់ឱនបានអនុញ្ញាតឲ្យលទ្ធិបដិសេធព្រះ មាននៅគង់វង់ជាមួយនឹងជំនឿទៅលើព្រះ។
នេះមិនមានសេចក្ដីថា មនុស្សទាំងអស់បដិសេធព្រះទាំងស្រុងទេ។ ការស្ទង់មតិមហាជនពី១១ប្រទេសទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី បង្ហាញថាជាមធ្យម មានមនុស្សតិចជាង២ភាគរយអះអាងថាជាអ្នកមិនជឿថាមានព្រះ។ ទោះជាយ៉ាងណាក៏ដោយ គតិនៃការមិនជឿព្រះនៅមានទូទៅ—សូម្បីតែនៅក្នុងចំណោមពួកមនុស្សដែលជឿព្រះក៏ដោយ។ តើយ៉ាងដូចម្ដេចក៏ដូច្នេះ?
ការបដិសេធអំណាចរបស់ព្រះ
សព្វវចនាធិប្បាយអាមេរិកាណាកត់សម្គាល់ថា៖ «នៅពេលខ្លះលទ្ធិបដិសេធព្រះគ្រាន់តែសំដៅទៅការបដិសេធខាងការប្រតិបត្ដិប៉ុណ្ណោះ ឬការមិនអើពើព្រះ»។ ចំពោះមូលហេតុនេះ វចនានុក្រមអង់គ្លេសអក់ហ្វឺតថ្មី ឲ្យអត្ថន័យនៃ«អ្នកមិនជឿថាមានព្រះ»ជា៖ «បុគ្គលដែលបដិសេធព្រះខាងផ្លូវសីលធម៌ ជាបុគ្គលដែលមិនទទួលស្គាល់ព្រះ»។—អក្សរជ្រៀងជារបស់យើង។
ត្រូវហើយ លទ្ធិបដិសេធព្រះអាចទាក់ទងការបដិសេធដល់ការមាននៅរបស់ព្រះ ឬនៃអំណាចរបស់ទ្រង់ ឬក៏បដិសេធទាំងពីរ។ ព្រះគម្ពីរចែងបញ្ឆៀងអំពីគតិខាងការមិនជឿព្រះនៅទីតុស ១:១៦៖ «គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ»។—ប្រៀបធៀប ទំនុកដំកើង ១៤:១
ការបដិសេធអំណាចរបស់ព្រះបែបនេះ អាចតាមដានឃើញទៅដល់គូស្វាមីភរិយាទីមួយ។ នាងអេវ៉ាបានទទួលស្គាល់ការមាននៅរបស់ព្រះ ប៉ុន្តែ នាងចង់បានឲ្យ«ដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ ការធ្វើដូច្នោះផ្ដោះផ្ដងថា នាងអាច‹ធ្វើជាចៅហ្វាយលើខ្លួនឯងបាន›ហើយបង្កើតច្បាប់សីលធម៌ដោយខ្លួនឯង។ នៅពេលក្រោយមក អ័ដាមបានចូលរួមជាមួយនាងអេវ៉ាក្នុងការបដិសេធអំណាចរបស់ព្រះដែរ។—លោកុប្បត្តិ ៣:៥, ៦
តើអាកប្បកិរិយាដូចនេះមានទូទៅនៅសព្វថ្ងៃនេះទេ? ត្រូវហើយគឺមានមែន លទ្ធិបដិសេធព្រះ ត្រូវបានសម្ដែងឲ្យឃើញក្នុងរបៀបដែលមនុស្សស្វែងរកឯករាជ្យ។ សៀវភៅ មួយរយឆ្នាំនៃការពិភាក្សាគ្នាអំពីព្រះ—ជាប្រភពនៃលទ្ធិបដិសេធព្រះនៅសម័យទំនើប បានសម្គាល់ថា៖ «នៅសព្វថ្ងៃនេះ មនុស្សមានការធុញទ្រាន់រស់នៅក្រោមព្រះនេត្ររបស់ព្រះ។ ពួកគេ . . . ចង់រស់នៅដោយសេរីភាព»។ ពួកគេចាត់ទុកច្បាប់សីលធម៌របស់ព្រះគម្ពីរថាជាការគ្មានប្រយោជន៍ និងមិនសមហេតុផល។ គំនិតរបស់មនុស្សជាច្រើន គឺដូចគ្នានឹងគំនិតស្តេចផារ៉ោននៅប្រទេសអេស៊ីបដែរ ដែលបានថ្លែងយ៉ាងរឹងទទឹងថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់? . . . អញមិនស្គាល់ព្រះយេហូវ៉ាទេ»។ ស្តេចនោះបានបដិសេធអំណាចរបស់ព្រះយេហូវ៉ា។—និក្ខមនំ ៥:២
ការបដិសេធព្រះនៃពិភពគ្រីស្ទសាសនា
ការបដិសេធព្រះដែលគួរឲ្យភ្ញាក់ផ្អើលជាងគេនោះ គឺមកពីគណៈបព្វជិតនៃពិភពគ្រីស្ទសាសនា ដែលបានយកទំនៀមទំលាប់របស់មនុស្សមកជំនួសនឹងសេចក្ដីពិតបរិសុទ្ធនៃព្រះគម្ពីរ។ (ប្រៀបធៀប ម៉ាថាយ ១៥:៩) ម្យ៉ាងវិញទៀត ពួកគេបានគាំទ្រសង្គ្រាមដ៏ឃោរឃៅជាច្រើននៅសតវត្សទី២០នេះ ដែលធ្វើដូច្នេះ បង្ហាញថាពួកគេបដិសេធបញ្ជាព្រះគម្ពីរឲ្យសម្ដែងសេចក្ដីស្រឡាញ់ស្មោះនឹងគ្នា។—យ៉ូហាន ១៣:៣៥
គណៈបព្វជិតក៏បានបដិសេធព្រះដែរ ពីព្រោះពួកគេមិនព្រមធ្វើតាមបមាណីយសីលធម៌របស់ទ្រង់—ជាឧទាហរណ៍ ដូចជាបានបង្ហាញឲ្យឃើញជាក់ស្តែងពីបណ្ដឹងក្ដីនឹងពួកបព្វជិតដែលរំលោភកូនក្មេង។ ស្ថានភាពនៃពិភពគ្រីស្ទសាសនាគឺដូចគ្នានឹងសាសន៍អ៊ីស្រាអែលនិងយូដាពីបុរាណដែរ។ ព្រះបានមានបន្ទូលប្រាប់ព្យាការីអេសេគាលថា៖ «ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ‹ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ›»។ (អេសេគាល ៩:៩; ប្រៀបធៀប អេសាយ ២៩:១៥) ជាការមិនភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនបានបោះបង់ចោលនូវពិភពគ្រីស្ទសាសនានោះ! ប៉ុន្តែ តើពួកគេត្រូវបោះបង់ចោលការជឿព្រះឬ?
តើមានមូលហេតុត្រឹមត្រូវចំពោះលទ្ធិបដិសេធព្រះឬ?
ទោះបីជាពួកគេបានសង្កេតឃើញការពុករលួយនៃសាសនាឬក៏មិនឃើញក្ដី មនុស្សជាច្រើនដែលមិនជឿថាមានព្រះ មិនអាចផ្សះផ្សាជំនឿទៅលើព្រះជាមួយនឹងការរងទុក្ខវេទនាក្នុងពិភពលោកនេះបានទេ។ អ្នកស្រីស៊ីមន ឌឺ បឺវ៉ា បានមានប្រសាសថា៖ «ជាការស្រួលណាស់ចំពោះខ្ញុំ ក្នុងការគិតថាលោកីយ៍នេះគឺគ្មានព្រះជាអ្នកបង្កើតទៅវិញ ជាជាងថាមានព្រះជាអ្នកបង្កើត ដែលពោរពេញទៅដោយភាពផ្ទុយគ្នាទាំងឡាយនៃលោកីយ៍នេះ»។
តើអយុត្ដិធម៌នៅក្នុងលោកីយ៍នេះ សរុបទាំងអំពើទាំងឡាយដែលអ្នកកាន់សាសនាកំពុតទាំងអស់នោះបានប្រព្រឹត្ត បញ្ជាក់ថាគ្មានព្រះឬ? សូមពិចារណានូវរឿងនេះ៖ បើសិនជាកាំបិតត្រូវបានគេប្រើដើម្បីគំរាមកំហែង ធ្វើឲ្យរបួស ឬថែមទាំងសម្លាប់មនុស្សនិរទោសនោះ តើនេះបញ្ជាក់ថាកាំបិតនោះគ្មានជាងធ្វើទេឬ? តែផ្ទុយទៅវិញ តើនេះមិនបង្ហាញថាវត្ថុនោះបានប្រើខុសពីរបៀបត្រឹមត្រូវទេឬអ្វី? យ៉ាងដូច្នេះដែរ ការរងទុក្ខវេទនារបស់មនុស្ស ឲ្យទីសំអាងថាមនុស្សលោកបានប្រើសមត្ថភាព និងផែនដីដែលព្រះបានប្រទានមក តាមរបៀបខុស។
ប៉ុន្តែ មនុស្សខ្លះគិតថាជាការមិនសមហេតុផលទេ ក្នុងការជឿព្រះ ពីព្រោះយើងមើលទ្រង់មិនឃើញផងនោះ។ ប៉ុន្តែចុះយ៉ាងណាវិញ ចំពោះខ្យល់ រលកអាកាស និងក្លិននោះ? យើងមិនអាចមើលឃើញរបស់ទាំងអស់នេះមែន ក៏ប៉ុន្តែយើងដឹងថាមានរបស់ទាំងនេះ។ សួត ត្រចៀក ច្រមុះរបស់យើងប្រាប់ថាមានរបស់ទាំងនេះមែន។ យ៉ាងប្រាកដណាស់ បើសិនជាយើងមានទីសំអាង នោះយើងអាចជឿលើអ្វីដែលយើងមើលមិនឃើញបាន។
ក្រោយពីបានសញ្ជឹងគិតអំពីទីសំអាងខាងរូបនិយម—ដែលរាប់បញ្ចូលទាំងអសន្យាណូ ប្រូតុង អាតូម អាមីណូអាស៊ីដ និងខួរក្បាលដ៏ស្មុគស្មាញនោះ—អ្នកវិទ្យាសាស្ត្រធម្មជាតិ លោកអៃវិន វិល្លាម ណប់ប្លច់ បានមានប្រសាសន៍ថា៖ «ខ្ញុំជឿទៅលើព្រះ ពីព្រោះចំពោះខ្ញុំ ការមានព្រះ គឺជាការពន្យល់ដ៏សមហេតុផលចំពោះរបៀបនៃរបស់ទាំងអស់នេះ»។ (ប្រៀបធៀប ទំនុកដំកើង ១០៤:២៤) ស្រដៀងគ្នាដែរ សរីរសាស្ត្រ លោកម៉ាលិន ប៊ុក ក្រៃឌឺថ្លែងថា៖ «ជាមនុស្សធម្មតា និងជាបុរសដែលបូជាជីវិតខ្លួនទៅការសិក្សាខាងវិទ្យាសាស្ត្រនិងការស្រាវជ្រាវនោះ ខ្ញុំគ្មានការសង្ស័យសោះអំពីការមានព្រះ»។
មិនមែនមានតែបុរសទាំងនេះទេ ដែលជឿអំពីការមានព្រះនោះ។ យោងទៅតាមសាស្ដ្រាចារ្យខាងរូបសាស្ត្រ ហិនរី ម៉ាជិនូ៖ «បើអ្នកពិនិត្យមើលពួកវិទ្យាសាស្ត្រដ៏ខ្ពង់ខ្ពស់ទាំងឡាយ អ្នកនឹងឃើញថា ក្នុងចំណោមពួកគេគឺមានអ្នកមិនជឿថាមានព្រះតិចតួចណាស់»។ ការជឿនលឿនខាងវិទ្យាសាស្ត្រឬការបរាជ័យខាងសាសនា មិនត្រូវជំរុញឲ្យយើងបោះបង់ចោលការជឿលើព្រះឡើយ។ ចូរឲ្យយើងពិនិត្យមើលពីមូលហេតុនេះ។
ភាពខុសគ្នានៃសាសនាពិត
នៅឆ្នាំ១៨០៣ ប្រធានាធិបតីសហរដ្ឋអាមេរិកឈ្មោះ ថូម៉ាស់ ចែវឺសិនបានសរសេរថា៖ «ចំពោះការពុករលួយនៃសាសនាគ្រីស្ទាន ប្រាកដជាខ្ញុំប្រឆាំងមែន ប៉ុន្តែមិនប្រឆាំងនឹងសិក្ខាបទដ៏ពិតរបស់ព្រះយេស៊ូឡើយ»។ ត្រូវហើយ គឺមានភាពខុសគ្នារវាងពិភពគ្រីស្ទសាសនានិងសាសនាគ្រីស្ទាន។ គោលជំនឿរបស់ពិភពគ្រីស្ទសាសនាមានទីសំអាងទៅលើទំនៀមទំលាប់នៃមនុស្ស។ តែផ្ទុយទៅវិញ សាសនាគ្រីស្ទានពិតមានមូលដ្ឋានពីព្រះគម្ពីរតែប៉ុណ្ណោះ។ ដូច្នេះហើយបានជាប៉ុលសរសេរទៅពួកកូល៉ុសនៅសតវត្សទីមួយ ឲ្យពួកគេរក‹ចំណេះវិជ្ជាត្រឹមត្រូវ› «ប្រាជ្ញា» និង «ចំណេះខាងឯវិញ្ញាណ»។ (កូល៉ុស ១:៩, ១០) ហេតុដូច្នេះហើយបានជាពួកគ្រីស្ទាននៅស្រុកបេរា«ពិចារណាមើលគម្ពីររាល់តែថ្ងៃ»។—កិច្ចការ ១៧:១១
នេះហើយជាអ្វីដែលយើងសង្ឃឹមនឹងមានក្នុងចំណោមពួកគ្រីស្ទានពិត ពីព្រោះព្រះយេស៊ូបានបញ្ជាពួកអ្នកកាន់តាមទ្រង់ឲ្យ«ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ . . . បង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
នៅសព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែប្រតិបត្ដិតាមបញ្ជានេះ នៅក្នុង២៣១ប្រទេសនៅជុំវិញពិភពលោក។ គេបកប្រែព្រះគម្ពីរបាន១២ភាសា ហើយបានបោះពុម្ពផ្សាយជាង៧៤.០០០.០០០ក្បាល។ ម្យ៉ាងវិញទៀត តាមរយៈកម្មវិធីសិក្សាព្រះគម្ពីរតាមផ្ទះ នៅបច្ចុប្បន្ននេះ ពួកគេកំពុងតែជួយមនុស្សជាង៤.៥០០.០០០នាក់ ដើម្បីឲ្យ‹កាន់តាមគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្គាប់មក›។
កម្មវិធីអប់រំនេះគឺមានលទ្ធផលយ៉ាងសម្បើម។ នេះធ្វើឲ្យមានការបំភ្លឺពិត ពីព្រោះនេះមានមូលដ្ឋានពីប្រាជ្ញារបស់ព្រះ មិនមែនពីគំនិតរបស់មនុស្សទេ។ (សុភាសិត ៤:១៨) ម្យ៉ាងវិញទៀត កម្មវិធីអប់រំនេះកំពុងតែជួយមនុស្សគ្រប់សាសន៍និងគ្រប់ជាតិឲ្យធ្វើអ្វីមួយ ដែល«ចលនាគាំទ្រលទ្ធិសនិទាននិយម»របស់មនុស្សមិនអាចសម្រេចបាន—គឺឲ្យបំពាក់‹បុគ្គលិកលក្ខណៈថ្មី› ដែលជួយពួកគេបណ្ដុះសេចក្ដីស្រឡាញ់ពិតចំពោះគ្នាទៅវិញទៅមក។—កូល៉ុស ៣:៩, ១០
សាសនាពិតគឺកំពុងតែមានជ័យជំនះនៅក្នុងសតវត្សទី២០យើងនេះ។ សាសនាពិតមិនបដិសេធព្រះ ឬការមាននៅនិងអំណាចរបស់ទ្រង់ទេ។ យើងសូមអញ្ជើញលោកអ្នកឲ្យពិនិត្យពិច័យសំរាប់ខ្លួនអ្នកចុះ ដោយមកជួបស្មរបន្ទាល់ព្រះយេហូវ៉ានៅឯសាលព្រះរាជាណាចក្ររបស់គេ។
[ប្រអប់នៅទំព័រ៦]
ការពង្រឹងឫសនៃលទ្ធិបដិសេធព្រះ
នៅពាក់កណ្ដាលសតវត្សទី១៨ ទស្សនវិទូម្នាក់ឈ្មោះ ឌេនិស ឌីឌឺរ៉ុតត្រូវបានគេចាត់ឲ្យបកប្រែសព្វវចនាធិប្បាយមួយក្បាលពីភាសាអង់គ្លេសទៅភាសាបារាំង។ ប៉ុន្តែ គាត់បានសម្រេចច្រើនជាងអ្វីដែលនិយោជករបស់គាត់សង្ឃឹមទៅទៀត។ ឌីឌឺរ៉ុតបានចំណាយប្រមាណបីទសវត្សក្នុងការចងក្រងអាន់ស៊ីខ្លូភីឌី របស់គាត់ដែលមាន២៨ក្បាល ដែលបានកត់ទុកនូវសម័យរបស់គាត់។
ទោះបីជាអាន់ស៊ីខ្លូភីឌីមានពត៌មានដែលមានប្រយោជន៍ជាច្រើនក្ដី ប៉ុន្តែសៀវភៅនេះដៅបញ្ជាក់ទៅលើប្រាជ្ញារបស់មនុស្សទៅវិញ។ យោងទៅតាមសៀវភៅមួយចំនួនដែលមានចំណងជើង សម័យដ៏រុងរឿងនៃមនុស្ស គឺ«បានហ៊ានផ្សាយគោលជំនឿអច្ចន្ដិភាពរបស់ទស្សនវិទូដែលថា មនុស្សអាចចំរើនជីវភាពរបស់ខ្លួនបាន បើសិនជាផ្លាស់ជំនឿជាមួយនឹងវិចារណញ្ញាណ ជាគោលការណ៍សំរាប់ដឹកនាំជីវិតនោះ»។ ការនិយាយអំពីព្រះគឺមិនមានសោះឡើយ។ សៀវភៅកេរ្ដិ៍ដំណែលទំនើបចែងថា៖ «តាមប្រធានរឿងដែលគេជ្រើសរើស ពួកអ្នកវិចារណកថាបានធ្វើឲ្យឃើញច្បាស់ថា សាសនាមិនមែនជាអ្វីដែលមនុស្សត្រូវការដឹងទេ»។ មិនជាការភ្ញាក់ផ្អើលសោះ ដែលពិភពគ្រីស្ទសាសនាបានខំព្យាយាមហាមឃាត់សៀវភៅអាន់ស៊ីខ្លូភីឌីនេះ។ អគ្គមេធាវីប្រកាសមិនយល់ព្រមយ៉ាងឧឡារិកថា សៀវភៅនេះជាការបំផ្លិចបំផ្លាញដល់នយោបាយ សីលធម៌ និងសាសនា។
ថ្វីបើមានសត្រូវច្រើនក្ដី អាន់ស៊ីខ្លូភីឌីរបស់លោកឌីឌឺរ៉ុត ត្រូវមានមនុស្សប្រមាណ៤.០០០នាក់ចង់បានសៀវភៅនោះ—ជាចំនួនដ៏អស្ចារ្យមែន បើយើងគិតអំពីតម្លៃដែលហួសប្រមាណ។ មិនយូរប៉ុន្មានទៀតទេ ដែលមតិអាថ៌កំបាំងនៃលទ្ធិបដិសេធព្រះនេះ នឹងលូតលាស់ពេញធឹងឡើង ទៅជាការបដិសេធព្រះពេញទី។