បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៣ ទំ. ៥-៧
  • ការបដិសេធព្រះនៅសតវត្សទី២០

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបដិសេធព្រះនៅសតវត្សទី២០
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បដិសេធ​អំណាច​របស់​ព្រះ
  • ការ​បដិសេធ​ព្រះ​នៃ​ពិភព​គ្រីស្ទ​សាសនា
  • តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​លទ្ធិ​បដិសេធ​ព្រះ​ឬ?
  • ភាព​ខុស​គ្នា​នៃ​សាសនា​ពិត
  • ឫសនៃលទ្ធិបដិសេធព្រះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពិភពគ្រីស្ទសាសនាបានក្បត់ព្រះនិងព្រះគម្ពីរ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៣ ទំ. ៥-៧

ការ​បដិសេធ​ព្រះ​នៅ​សតវត្ស​ទី២០

«មនុស្ស​បាន​ទទួល​យក​នូវ​គំនិត​ថា​គ្មាន​ព្រះ ហើយ​ក៏​ចាត់​ចែង​ជីវិត​របស់​គេ​ដោយ​ឯក​រាជ្យ ទោះ​ជា​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ហើយ​ក៏​លែង​គិត​គូ​អំពី​ព្រះ​ទៀត​ឡើយ»។—មួយ​រយ​ឆ្នាំ​នៃ​ការ​ពិភាក្សា​គ្នា​អំពី​ព្រះ—ប្រភព​នៃ​លទ្ធិ​បដិសេធ​ព្រះ​នៅ​សម័យ​ទំនើប។

ថ្វី​បើ​មុន​ដំបូង​មើល​ទៅ​គួរ​ឲ្យ​ស្ញប់ស្ញែង​មែន តែ​ជាយថាហេតុ ដើម​ឈើ​ដ៏​ខ្ពស់​ត្រដែត​មួយ​នឹង​ត្រូវ​គេ​បាន​ចាត់​ទុក​ជា​ធម្មតា​វិញ។ វត្តមាន​នៃ​ដើម​ឈើ​នោះ​ទៅ​ជា​ការ​ស៊ាំ​ភ្នែក ហើយ​កំពស់​ដើម​ឈើ​នោះ​ក៏​លែង​ស្ញប់ស្ញែង​ដែរ។

នេះ​ក៏​ស្រដៀង​គ្នា​នឹង​លទ្ធិ​បដិសេធ​ព្រះ​ដែរ។ ថ្វី​បើ​ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ក្នុង​កំឡុង​សតវត្ស​ទី១៩​ក្ដី តែ​នៅ​សព្វ​ថ្ងៃ​នេះ ការ​បដិសេធ​ព្រះ​មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​ឬ​ធ្វើ​ឲ្យ​អុកឡុក​ទៀត​ទេ។ សម័យ​នៃ​ការ​ចេះ​អត់​ឱន​បាន​អនុញ្ញាត​ឲ្យ​លទ្ធិ​បដិសេធ​ព្រះ មាន​នៅ​គង់​វង់​ជា​មួយ​នឹង​ជំនឿ​ទៅ​លើ​ព្រះ។

នេះ​មិន​មាន​សេចក្ដី​ថា មនុស្ស​ទាំង​អស់​បដិសេធ​ព្រះ​ទាំង​ស្រុង​ទេ។ ការ​ស្ទង់​មតិ​មហា​ជន​ពី​១១​ប្រទេស​ទូទាំង​ទ្វីប​អាមេរិក អឺរ៉ុប និង​អាស៊ី បង្ហាញ​ថា​ជា​មធ្យម មាន​មនុស្ស​តិច​ជាង​២​ភាគ​រយ​អះអាង​ថា​ជា​អ្នក​មិន​ជឿ​ថា​មាន​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គតិ​នៃ​ការ​មិន​ជឿ​ព្រះ​នៅ​មាន​ទូទៅ—សូម្បី​តែ​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស​ដែល​ជឿ​ព្រះ​ក៏​ដោយ។ តើ​យ៉ាង​ដូច​ម្ដេច​ក៏​ដូច្នេះ?

ការ​បដិសេធ​អំណាច​របស់​ព្រះ

សព្វ​វចនាធិប្បាយ​អាមេរិកាណា​កត់​សម្គាល់​ថា៖ «នៅ​ពេល​ខ្លះ​លទ្ធិ​បដិសេធ​ព្រះ​គ្រាន់​តែ​សំដៅ​ទៅ​ការ​បដិសេធ​ខាង​ការ​ប្រតិបត្ដិ​ប៉ុណ្ណោះ ឬ​ការ​មិន​អើពើ​ព្រះ»។ ចំពោះ​មូលហេតុ​នេះ វចនានុក្រម​អង់គ្លេស​អក់ហ្វឺត​ថ្មី ឲ្យ​អត្ថន័យ​នៃ​«អ្នក​មិន​ជឿ​ថា​មាន​ព្រះ»​ជា៖ «បុគ្គល​ដែល​បដិសេធ​ព្រះ​ខាង​ផ្លូវ​សីលធម៌ ជា​បុគ្គល​ដែល​មិន​ទទួល​ស្គាល់​ព្រះ»។—អក្សរជ្រៀង​ជា​របស់​យើង។

ត្រូវ​ហើយ លទ្ធិ​បដិសេធ​ព្រះ​អាច​ទាក់ទង​ការ​បដិសេធ​ដល់​ការ​មាន​នៅ​របស់​ព្រះ ឬ​នៃ​អំណាច​របស់​ទ្រង់ ឬ​ក៏​បដិសេធ​ទាំង​ពីរ។ ព្រះ​គម្ពីរ​ចែង​បញ្ឆៀង​អំពី​គតិ​ខាង​ការ​មិន​ជឿ​ព្រះ​នៅ​ទីតុស ១:១៦៖ «គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ»។—ប្រៀបធៀប ទំនុកដំកើង ១៤:១

ការ​បដិសេធ​អំណាច​របស់​ព្រះ​បែប​នេះ អាច​តាម​ដាន​ឃើញ​ទៅ​ដល់​គូ​ស្វាមី​ភរិយា​ទី​មួយ។ នាង​អេវ៉ា​បាន​ទទួល​ស្គាល់​ការ​មាន​នៅ​របស់​ព្រះ ប៉ុន្តែ នាង​ចង់​បាន​ឲ្យ​«ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង»។ ការ​ធ្វើ​ដូច្នោះ​ផ្ដោះផ្ដង​ថា នាង​អាច​‹ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្លួន​ឯង​បាន›​ហើយ​បង្កើត​ច្បាប់​សីលធម៌​ដោយ​ខ្លួន​ឯង។ នៅ​ពេល​ក្រោយ​មក អ័ដាម​បាន​ចូល​រួម​ជា​មួយ​នាង​អេវ៉ា​ក្នុង​ការ​បដិសេធ​អំណាច​របស់​ព្រះ​ដែរ។—លោកុប្បត្តិ ៣:៥, ៦

តើ​អាកប្បកិរិយា​ដូច​នេះ​មាន​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ត្រូវ​ហើយ​គឺ​មាន​មែន លទ្ធិ​បដិសេធ​ព្រះ ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ​ក្នុង​របៀប​ដែល​មនុស្ស​ស្វែង​រក​ឯក​រាជ្យ។ សៀវភៅ មួយ​រយ​ឆ្នាំ​នៃ​ការ​ពិភាក្សា​គ្នា​អំពី​ព្រះ—ជា​ប្រភព​នៃ​លទ្ធិ​បដិសេធ​ព្រះ​នៅ​សម័យ​ទំនើប បាន​សម្គាល់​ថា៖ «នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​មាន​ការ​ធុញទ្រាន់​រស់​នៅ​ក្រោម​ព្រះ​នេត្រ​របស់​ព្រះ។ ពួក​គេ . . . ចង់​រស់​នៅ​ដោយ​សេរីភាព»។ ពួក​គេ​ចាត់​ទុក​ច្បាប់​សីលធម៌​របស់​ព្រះ​គម្ពីរ​ថា​ជា​ការ​គ្មាន​ប្រយោជន៍ និង​មិន​សម​ហេតុ​ផល។ គំនិត​របស់​មនុស្ស​ជា​ច្រើន គឺ​ដូច​គ្នា​នឹង​គំនិត​ស្តេច​ផារ៉ោន​នៅ​ប្រទេស​អេស៊ីប​ដែរ ដែល​បាន​ថ្លែង​យ៉ាង​រឹង​ទទឹង​ថា៖ «តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្ដាប់​តាម​ទ្រង់? . . . អញ​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ»។ ស្តេច​នោះ​បាន​បដិសេធ​អំណាច​របស់​ព្រះ​យេហូវ៉ា។—និក្ខមនំ ៥:២

ការ​បដិសេធ​ព្រះ​នៃ​ពិភព​គ្រីស្ទ​សាសនា

ការ​បដិសេធ​ព្រះ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​គេ​នោះ គឺ​មក​ពី​គណៈ​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា ដែល​បាន​យក​ទំនៀម​ទំលាប់​របស់​មនុស្ស​មក​ជំនួស​នឹង​សេចក្ដី​ពិត​បរិសុទ្ធ​នៃ​ព្រះ​គម្ពីរ។ (ប្រៀបធៀប ម៉ាថាយ ១៥:៩) ម្យ៉ាង​វិញ​ទៀត ពួក​គេ​បាន​គាំទ្រ​សង្គ្រាម​ដ៏​ឃោរឃៅ​ជា​ច្រើន​នៅ​សតវត្ស​ទី២០​នេះ ដែល​ធ្វើ​ដូច្នេះ បង្ហាញ​ថា​ពួក​គេ​បដិសេធ​បញ្ជា​ព្រះ​គម្ពីរ​ឲ្យ​សម្ដែង​សេចក្ដី​ស្រឡាញ់​ស្មោះ​នឹង​គ្នា។—យ៉ូហាន ១៣:៣៥

គណៈ​បព្វជិត​ក៏​បាន​បដិសេធ​ព្រះ​ដែរ ពីព្រោះ​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​បមាណីយ​សីលធម៌​របស់​ទ្រង់—ជា​ឧទាហរណ៍ ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ពី​បណ្ដឹង​ក្ដី​នឹង​ពួក​បព្វជិត​ដែល​រំលោភ​កូន​ក្មេង។ ស្ថានភាព​នៃ​ពិភព​គ្រីស្ទ​សាសនា​គឺ​ដូច​គ្នា​នឹង​សាសន៍​អ៊ីស្រាអែល​និង​យូដា​ពី​បុរាណ​ដែរ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី​អេសេគាល​ថា៖ «ស្រុក​នេះ​ក៏​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ‹ព្រះ​យេហូវ៉ា​បាន​បោះបង់​ចោល​ស្រុក​នេះ​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​មើល​មិន​ឃើញ​ទេ›»។ (អេសេគាល ៩:៩; ប្រៀបធៀប អេសាយ ២៩:១៥) ជា​ការ​មិន​ភ្ញាក់ផ្អើល​ទេ ដែល​មនុស្ស​ជា​ច្រើន​បាន​បោះបង់​ចោល​នូវ​ពិភព​គ្រីស្ទ​សាសនា​នោះ! ប៉ុន្តែ តើ​ពួក​គេ​ត្រូវ​បោះបង់​ចោល​ការ​ជឿ​ព្រះ​ឬ?

តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​លទ្ធិ​បដិសេធ​ព្រះ​ឬ?

ទោះបី​ជា​ពួក​គេ​បាន​សង្កេត​ឃើញ​ការ​ពុក​រលួយ​នៃ​សាសនា​ឬ​ក៏​មិន​ឃើញ​ក្ដី មនុស្ស​ជា​ច្រើន​ដែល​មិន​ជឿ​ថា​មាន​ព្រះ មិន​អាច​ផ្សះផ្សា​ជំនឿ​ទៅ​លើ​ព្រះ​ជា​មួយ​នឹង​ការ​រង​ទុក្ខ​វេទនា​ក្នុង​ពិភពលោក​នេះ​បាន​ទេ។ អ្នក​ស្រី​ស៊ី​មន ឌឺ បឺវ៉ា បាន​មាន​ប្រសា​ស​ថា៖ «ជា​ការ​ស្រួល​ណាស់​ចំពោះ​ខ្ញុំ ក្នុង​ការ​គិត​ថា​លោកីយ៍​នេះ​គឺ​គ្មាន​ព្រះ​ជា​អ្នក​បង្កើត​ទៅ​វិញ ជាជាង​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ផ្ទុយ​គ្នា​ទាំង​ឡាយ​នៃ​លោកីយ៍​នេះ»។

តើ​អយុត្ដិធម៌​នៅ​ក្នុង​លោកីយ៍​នេះ សរុប​ទាំង​អំពើ​ទាំង​ឡាយ​ដែល​អ្នក​កាន់​សាសនា​កំពុត​ទាំង​អស់​នោះ​បាន​ប្រព្រឹត្ត បញ្ជាក់​ថា​គ្មាន​ព្រះ​ឬ? សូម​ពិចារណា​នូវ​រឿង​នេះ៖ បើសិន​ជា​កាំបិត​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​គំរាម​កំហែង ធ្វើ​ឲ្យ​របួស ឬ​ថែម​ទាំង​សម្លាប់​មនុស្ស​និរទោស​នោះ តើ​នេះ​បញ្ជាក់​ថា​កាំបិត​នោះ​គ្មាន​ជាង​ធ្វើ​ទេ​ឬ? តែ​ផ្ទុយ​ទៅ​វិញ តើ​នេះ​មិន​បង្ហាញ​ថា​វត្ថុ​នោះ​បាន​ប្រើ​ខុស​ពី​របៀប​ត្រឹម​ត្រូវ​ទេ​ឬ​អ្វី? យ៉ាង​ដូច្នេះ​ដែរ ការ​រង​ទុក្ខ​វេទនា​របស់​មនុស្ស ឲ្យ​ទី​សំអាង​ថា​មនុស្ស​លោក​បាន​ប្រើ​សមត្ថភាព និង​ផែនដី​ដែល​ព្រះ​បាន​ប្រទាន​មក តាម​របៀប​ខុស។

ប៉ុន្តែ មនុស្ស​ខ្លះ​គិត​ថា​ជា​ការ​មិន​សម​ហេតុ​ផល​ទេ ក្នុង​ការ​ជឿ​ព្រះ ពីព្រោះ​យើង​មើល​ទ្រង់​មិន​ឃើញ​ផង​នោះ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​ខ្យល់ រលក​អាកាស និង​ក្លិន​នោះ? យើង​មិន​អាច​មើល​ឃើញ​របស់​ទាំង​អស់​នេះ​មែន ក៏​ប៉ុន្តែ​យើង​ដឹង​ថា​មាន​របស់​ទាំង​នេះ។ សួត ត្រចៀក ច្រមុះ​របស់​យើង​ប្រាប់​ថា​មាន​របស់​ទាំង​នេះ​មែន។ យ៉ាង​ប្រាកដ​ណាស់ បើសិន​ជា​យើង​មាន​ទី​សំអាង នោះ​យើង​អាច​ជឿ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ​បាន។

ក្រោយ​ពី​បាន​សញ្ជឹង​គិត​អំពី​ទី​សំអាង​ខាង​រូបនិយម—ដែល​រាប់​បញ្ចូល​ទាំង​អសន្យាណូ ប្រូតុង អាតូម អាមីណូអាស៊ីដ និង​ខួរ​ក្បាល​ដ៏​ស្មុគស្មាញ​នោះ—អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ លោក​អៃវិន វិល្លាម ណប់ប្លច់ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿ​ទៅ​លើ​ព្រះ ពីព្រោះ​ចំពោះ​ខ្ញុំ ការ​មាន​ព្រះ គឺ​ជា​ការ​ពន្យល់​ដ៏​សម​ហេតុ​ផល​ចំពោះ​របៀប​នៃ​របស់​ទាំង​អស់​នេះ»។ (ប្រៀបធៀប ទំនុកដំកើង ១០៤:២៤) ស្រដៀង​គ្នា​ដែរ សរីរសាស្ត្រ លោក​ម៉ាលិន ប៊ុក ក្រៃឌឺ​ថ្លែង​ថា៖ «ជា​មនុស្ស​ធម្មតា និង​ជា​បុរស​ដែល​បូជា​ជីវិត​ខ្លួន​ទៅ​ការ​សិក្សា​ខាង​វិទ្យាសាស្ត្រ​និង​ការ​ស្រាវជ្រាវ​នោះ ខ្ញុំ​គ្មាន​ការ​សង្ស័យ​សោះ​អំពី​ការ​មាន​ព្រះ»។

មិន​មែន​មាន​តែ​បុរស​ទាំង​នេះ​ទេ ដែល​ជឿ​អំពី​ការ​មាន​ព្រះ​នោះ។ យោង​ទៅ​តាម​សាស្ដ្រាចារ្យ​ខាង​រូប​សាស្ត្រ ហិនរី ម៉ាជិនូ៖ «បើ​អ្នក​ពិនិត្យ​មើល​ពួក​វិទ្យាសាស្ត្រ​ដ៏​ខ្ពង់​ខ្ពស់​ទាំង​ឡាយ អ្នក​នឹង​ឃើញ​ថា ក្នុង​ចំណោម​ពួក​គេ​គឺ​មាន​អ្នក​មិន​ជឿ​ថា​មាន​ព្រះ​តិច​តួច​ណាស់»។ ការ​ជឿនលឿន​ខាង​វិទ្យាសាស្ត្រ​ឬ​ការ​បរាជ័យ​ខាង​សាសនា មិន​ត្រូវ​ជំរុញ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជឿ​លើ​ព្រះ​ឡើយ។ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​ពី​មូលហេតុ​នេះ។

ភាព​ខុស​គ្នា​នៃ​សាសនា​ពិត

នៅ​ឆ្នាំ​១៨០៣ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឈ្មោះ ថូម៉ាស់ ចែវឺសិន​បាន​សរសេរ​ថា៖ «ចំពោះ​ការ​ពុក​រលួយ​នៃ​សាសនា​គ្រីស្ទាន ប្រាកដ​ជា​ខ្ញុំ​ប្រឆាំង​មែន ប៉ុន្តែ​មិន​ប្រឆាំង​នឹង​សិក្ខាបទ​ដ៏​ពិត​របស់​ព្រះ​យេស៊ូ​ឡើយ»។ ត្រូវ​ហើយ គឺ​មាន​ភាព​ខុស​គ្នា​រវាង​ពិភព​គ្រីស្ទ​សាសនា​និង​សាសនា​គ្រីស្ទាន។ គោល​ជំនឿ​របស់​ពិភព​គ្រីស្ទ​សាសនា​មាន​ទី​សំអាង​ទៅ​លើ​ទំនៀម​ទំលាប់​នៃ​មនុស្ស។ តែ​ផ្ទុយ​ទៅ​វិញ សាសនា​គ្រីស្ទាន​ពិត​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​បាន​ជា​ប៉ុល​សរសេរ​ទៅ​ពួក​កូល៉ុស​នៅ​សតវត្ស​ទី​មួយ ឲ្យ​ពួក​គេ​រក​‹ចំណេះវិជ្ជា​ត្រឹម​ត្រូវ› «ប្រាជ្ញា» និង «ចំណេះ​ខាង​ឯ​វិញ្ញាណ»។ (កូល៉ុស ១:៩, ១០) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គ្រីស្ទាន​នៅ​ស្រុក​បេរា​«ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ»។—កិច្ចការ ១៧:១១

នេះ​ហើយ​ជា​អ្វី​ដែល​យើង​សង្ឃឹម​នឹង​មាន​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​ពិត ពីព្រោះ​ព្រះ​យេស៊ូ​បាន​បញ្ជា​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​«ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ . . . បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។—ម៉ាថាយ ២៨:១៩, ២០

នៅ​សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រតិបត្ដិ​តាម​បញ្ជា​នេះ នៅ​ក្នុង​២៣១​ប្រទេស​នៅ​ជុំវិញ​ពិភពលោក។ គេ​បកប្រែ​ព្រះ​គម្ពីរ​បាន​១២​ភាសា ហើយ​បាន​បោះ​ពុម្ព​ផ្សាយ​ជាង​៧៤.០០០.០០០​ក្បាល។ ម្យ៉ាង​វិញ​ទៀត តាម​រយៈ​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ នៅ​បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​តែ​ជួយ​មនុស្ស​ជាង​៤.៥០០.០០០​នាក់ ដើម្បី​ឲ្យ​‹កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​មក›។

កម្មវិធី​អប់រំ​នេះ​គឺ​មាន​លទ្ធផល​យ៉ាង​សម្បើម។ នេះ​ធ្វើ​ឲ្យ​មាន​ការ​បំភ្លឺ​ពិត ពីព្រោះ​នេះ​មាន​មូលដ្ឋាន​ពី​ប្រាជ្ញា​របស់​ព្រះ មិន​មែន​ពី​គំនិត​របស់​មនុស្ស​ទេ។ (សុភាសិត ៤:១៨) ម្យ៉ាង​វិញ​ទៀត កម្មវិធី​អប់រំ​នេះ​កំពុង​តែ​ជួយ​មនុស្ស​គ្រប់​សាសន៍​និង​គ្រប់​ជាតិ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​«ចលនា​គាំទ្រ​លទ្ធិ​សនិទាន​និយម»​របស់​មនុស្ស​មិន​អាច​សម្រេច​បាន—គឺ​ឲ្យ​បំពាក់​‹បុគ្គលិកលក្ខណៈ​ថ្មី› ដែល​ជួយ​ពួក​គេ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—កូល៉ុស ៣:៩, ១០

សាសនា​ពិត​គឺ​កំពុង​តែ​មាន​ជ័យជំនះ​នៅ​ក្នុង​សតវត្ស​ទី​២០​យើង​នេះ។ សាសនា​ពិត​មិន​បដិសេធ​ព្រះ ឬ​ការ​មាន​នៅ​និង​អំណាច​របស់​ទ្រង់​ទេ។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិនិត្យ​ពិច័យ​សំរាប់​ខ្លួន​អ្នក​ចុះ ដោយ​មក​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឯ​សាលព្រះរាជាណាចក្រ​របស់​គេ។

[ប្រអប់​នៅ​ទំព័រ​៦]

ការ​ពង្រឹង​ឫស​នៃ​លទ្ធិ​បដិសេធ​ព្រះ

នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៨ ទស្សនវិទូ​ម្នាក់​ឈ្មោះ ឌេនិស ឌីឌឺរ៉ុត​ត្រូវ​បាន​គេ​ចាត់​ឲ្យ​បកប្រែ​សព្វ​វចនាធិប្បាយ​មួយ​ក្បាល​ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​បារាំង។ ប៉ុន្តែ គាត់​បាន​សម្រេច​ច្រើន​ជាង​អ្វី​ដែល​និយោជក​របស់​គាត់​សង្ឃឹម​ទៅ​ទៀត។ ឌីឌឺរ៉ុត​បាន​ចំណាយ​ប្រមាណ​បី​ទសវត្ស​ក្នុង​ការ​ចង​ក្រង​អាន់ស៊ីខ្លូភីឌី របស់​គាត់​ដែល​មាន​២៨​ក្បាល ដែល​បាន​កត់​ទុក​នូវ​សម័យ​របស់​គាត់។

ទោះបី​ជា​អាន់ស៊ីខ្លូភីឌី​មាន​ពត៌មាន​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ក្ដី ប៉ុន្តែ​សៀវភៅ​នេះ​ដៅ​បញ្ជាក់​ទៅ​លើ​ប្រាជ្ញា​របស់​មនុស្ស​ទៅ​វិញ។ យោង​ទៅ​តាម​សៀវភៅ​មួយ​ចំនួន​ដែល​មាន​ចំណង​ជើង សម័យ​ដ៏​រុងរឿង​នៃ​មនុស្ស គឺ​«បាន​ហ៊ាន​ផ្សាយ​គោល​ជំនឿ​អច្ចន្ដិ​ភាព​របស់​ទស្សនវិទូ​ដែល​ថា មនុស្ស​អាច​ចំរើន​ជីវភាព​របស់​ខ្លួន​បាន បើសិន​ជា​ផ្លាស់​ជំនឿ​ជា​មួយ​នឹង​វិចារណញ្ញាណ ជា​គោលការណ៍​សំរាប់​ដឹក​នាំ​ជីវិត​នោះ»។ ការ​និយាយ​អំពី​ព្រះ​គឺ​មិន​មាន​សោះ​ឡើយ។ សៀវភៅ​កេរ្ដិ៍​ដំណែល​ទំនើប​ចែង​ថា៖ «តាម​ប្រធាន​រឿង​ដែល​គេ​ជ្រើសរើស ពួក​អ្នក​វិចារណកថា​បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា សាសនា​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ដឹង​ទេ»។ មិន​ជា​ការ​ភ្ញាក់ផ្អើល​សោះ ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​ខំ​ព្យាយាម​ហាមឃាត់​សៀវភៅ​អាន់ស៊ីខ្លូភីឌី​នេះ។ អគ្គ​មេធាវី​ប្រកាស​មិន​យល់​ព្រម​យ៉ាង​ឧឡារិក​ថា សៀវភៅ​នេះ​ជា​ការ​បំផ្លិច​បំផ្លាញ​ដល់​នយោបាយ សីលធម៌ និង​សាសនា។

ថ្វី​បើ​មាន​សត្រូវ​ច្រើន​ក្ដី អាន់ស៊ីខ្លូភីឌី​របស់​លោក​ឌីឌឺរ៉ុត ត្រូវ​មាន​មនុស្ស​ប្រមាណ​៤.០០០​នាក់​ចង់​បាន​សៀវភៅ​នោះ—ជា​ចំនួន​ដ៏​អស្ចារ្យ​មែន បើ​យើង​គិត​អំពី​តម្លៃ​ដែល​ហួស​ប្រមាណ។ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ដែល​មតិ​អាថ៌កំបាំង​នៃ​លទ្ធិ​បដិសេធ​ព្រះ​នេះ នឹង​លូត​លាស់​ពេញ​ធឹង​ឡើង ទៅ​ជា​ការ​បដិសេធ​ព្រះ​ពេញទី។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក