ជំនឿលើព្រះ តើការមានជំនឿលើព្រះត្រូវការអព្ភូតហេតុឬ?
អាលបឺតមានអាយុជាង២០ឆ្នាំ នៅពេលដែលគាត់បានចាប់ផ្ដើមស្វែងរកព្រះ។ គាត់បានពិចារណាមើលសាសនាមួយចំនួនផ្សេងៗ តែគាត់គ្មានចិត្តស្កប់ស្កល់ពីសាសនាទាំងនោះសោះ។ ដោយអានក្នុងផ្នែកខ្លះនៃព្រះគម្ពីរ គាត់បានរៀនដឹងនូវរបៀបដែលព្រះបានប្រស្រ័យទាក់ទងនឹងបុគ្គលផ្សេងៗ ដូចជា ណូអេ អ័ប្រាហាំ នាងសារ៉ា និងម៉ូសេ។ អាលបឺតមានចិត្តចាប់អារម្មណ៍នឹងព្រះនៃព្រះគម្ពីរ។ ប៉ុន្តែ តើគាត់អាចដឹងពិតប្រាកដថាមានព្រះទេ?
នៅយប់មួយ អាលបឺតបានបើកឡានទៅកន្លែងមួយដែលដាច់ស្រយាល ហើយបានអធិស្ឋានថា៖ «ឱព្រះអើយ សូមទ្រង់ឲ្យសញ្ញាដល់ទូលបង្គំផង—អ្វីក៏ដោយដែលបង្ហាញថាមានទ្រង់មែន»។ អាលបឺតខំចាំហើយចាំទៀតចំពោះសញ្ញានេះ។ គាត់នឹកចាំថា នៅពេលដែលគ្មានអ្វីកើតឡើង ការទន្ទឹងចាំរបស់គាត់«បានក្លាយទៅជាតូចចិត្ត ឥតន័យ និងកំហឹង»។
ដូចអាលបឺត មនុស្សជាច្រើនមានអារម្មណ៍ថា គេបានស្វែងរកព្រះដោយគ្មានប្រយោជន៍។ ពួកគេប្រហែលជាត្រូវបានវង្វេងដោយសេចក្ដីបង្រៀននៃពួកបព្វជិត ឬក៏បានស្រងាកចិត្តយ៉ាងខ្លាំងពីពួកផ្សាយដំណឹងល្អតាមទូរទស្សន៍។ ដោយឃើញពីការលាក់ពុតក្នុងចំណោមពួកដែលចាត់ថាខ្លួនជាគ្រីស្ទាននោះ មនុស្សខ្លះឥតដឹងពិតប្រាកដនូវអ្វីដែលគេត្រូវជឿឡើយ។ ប៉ុន្តែ ស្តេចដាវីឌនៃអ៊ីស្រាអែលពីសម័យបុរាណ បានធានារ៉ាប់រងបុត្រសាឡូម៉ូនទ្រង់ថា៖ «បើឯងរកទ្រង់[ព្រះ] នោះនឹងបានឃើញមែន»។—របាក្សត្រទី១ ២៨:៩
ដូច្នេះ តើព្រះទ្រង់បញ្ចេញឲ្យឃើញអង្គទ្រង់យ៉ាងដូចម្ដេច? តើអ្នកគួរទន្ទឹងចាំសញ្ញាណាមួយ—ការពិសោធអធិធម្មជាតិអ្វីមួយ ដែលនឹងបង្ហាញថាមានព្រះឬ? យោងទៅតាមការស្ទង់មតិមហាជនមួយថ្មីៗនេះ ដែលបានរាយការណ៍មកក្នុងទស្សនាវដ្ដី ថែម្ស គឺមានជាងពីរភាគបីនៃមនុស្សក្នុងសហរដ្ឋអាមេរិក ជឿក្នុងរឿងអព្ភូតហេតុ។ អត្ថបទនោះក៏បានកត់សម្គាល់ថា«សាសនាដែលមានរីកចំរើនលឿនជាងគេក្នុងសហរដ្ឋអាមេរិក គឺពួកខារ៉ីសម៉ាតីក និងពួកភិន្ដាកុស ដែលការថ្វាយបង្គំរបស់គេទាក់ទងនឹង‹សញ្ញានិងអព្ភូតហេតុ›»។
តើពិតជាត្រូវការ«សញ្ញានិងអព្ភូតហេតុ»ដើម្បីនឹងជឿលើព្រះឬ? កាលនៅពីសម័យដើម ទ្រង់បានប្រើអព្ភូតហេតុជាច្រើន។ ឧទាហរណ៍៖ សុលនៃស្រុកតើសុស ដែលបានបៀតបៀនពួកអ្នកកាន់តាមបុត្រារបស់ព្រះ ព្រះយេស៊ូគ្រីស្ទ បានពិសោធដ៏អស្ចារ្យនៅតាមផ្លូវពីក្រុងយេរូសាឡិមទៅស្រុកដាម៉ាស។ ការជួបប្រទះដោយអព្ភូតហេតុនិងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ បាននាំឲ្យសុលប្រែចិត្តរបស់គាត់។ (កិច្ចការ ៩:១-២២) ដូច្នេះ អ្នកអតីតបៀតបៀនបានក្លាយទៅជាសាវ័កប៉ុល—ជាអ្នកដែលគាំទ្រដ៏សំខាន់ជាងគេនៃសាសនាគ្រីស្ទាន!
ប៉ុន្តែ តើអព្ភូតហេតុតែងតែនាំឲ្យមានការប្រព្រឹត្តតបដ៏ល្អជានិច្ចឬ? តើជំនឿស្មោះលើព្រះ ស្រេចទៅលើការពិសោធដ៏អស្ចារ្យឬ?
[រូបភាពនៅទំព័រ៣]
បុត្រារបស់ព្រះបានមានបន្ទូលទៅសុលនៃស្រុកតាសុសដោយអព្ភូតហេតុ។ តើអ្នកទន្ទឹងចាំអព្ភូតហេតុឬ?