មូលហេតុដែលអព្ភូតហេតុតែឯង មិនអាចស្ថាបនាជំនឿ
ការឃើញទើបជឿ។ នេះជាទស្សនៈរបស់មនុស្សជាច្រើន។ មនុស្សខ្លះនិយាយថា គេនឹងជឿព្រះ បើទ្រង់បញ្ចេញអង្គទ្រង់ឲ្យពួកគេឃើញតាមររបៀបដ៏អស្ចារ្យណាមួយ។ ប្រហែលជាដូច្នេះមែន ប៉ុន្តែតើជំនឿបែបនេះនាំឲ្យមានជំនឿស្មោះឬទេ?
សូមពិចារណាមើលពួកជនជាតិអ៊ីស្រាអែលឈ្មោះ កូរេ ដាថាន និងអ័ប៊ីរ៉ាម។ ព្រះគម្ពីរបង្ហាញថា ពួកគេជាអ្នកសាក្សីនៃអព្ភូតហេតុដ៏ស្ញប់ស្ញែងពីព្រះ៖ ដូចជា សេចក្ដីវេទនាទាំងដប់ប្រការលើពួកអេស៊ីប ការភៀសខ្លួននៃសាសន៍អ៊ីស្រាអែលតាមសមុទ្រក្រហម និងសេចក្ដីហិនវិនាសនៃស្តេចផារ៉ោន និងពួកកងទ័ព។ (និក្ខមនំ ៧:១៩–១១:១០; ១២:២៩-៣២; ទំនុកដំកើង ១៣៦:១៥) កូរេ ដាថាន និងអ័ប៊ីរ៉ាម ក៏បានឮព្រះយេហូវ៉ាមានបន្ទូលពីមេឃនៅឯភ្នំស៊ីណាយដែរ។ (ចោទិយកថា ៤:១១, ១២) ប៉ុន្តែ មិនយូរប៉ុន្មានក្រោយពីអព្ភូតហេតុនេះបានកើតឡើង ពួកបុរសបីនាក់នេះបានផ្ដើមការបះបោរទាស់ព្រះយេហូវ៉ានិងពួកអ្នកបំរើតែងតាំងរបស់ទ្រង់។—ជនគណនា ១៦:១-៣៥; ទំនុកដំកើង ១០៦:១៦-១៨
ប្រហែលជា៤០ឆ្នាំក្រោយមក ព្យាការីឈ្មោះបាឡាមក៏បានឃើញអព្ភូតហេតុមួយដែរ។ ទោះជាមានពួកទេវតាធ្វើអន្តរាគមន៍ក៏ដោយ ក៏មិនបានរារាំងគាត់ពីការគាំទ្រពួកម៉ូអាប់ឡើយ ដែលជាពួកសត្រូវរបស់ព្រះ។ ទោះជាមានអព្ភូតហេតុនោះក៏ដោយ បាឡាមក៏នៅតែកាន់ជំហរជំទាស់ព្រះយេហូវ៉ានិងរាស្ត្រទ្រង់ដែរ។ (ជនគណនា ២២:១-៣៥; ពេត្រុសទី២ ២:១៥, ១៦) ប៉ុន្តែ ការឥតមានជំនឿរបស់បាឡាម គឺមិនសំខាន់ទេ បើយកមកប្រៀបធៀបនឹងការឥតមានជំនឿរបស់យូដាស អ៊ីស្ការីយ៉ុត។ ទោះជាគាត់មានមិត្តភាពស្និទ្ធស្នាលជាមួយព្រះយេស៊ូ ហើយបានឃើញអព្ភូតហេតុជាច្រើនក៏ដោយ យូដាសបានក្បត់ព្រះគ្រីស្ទសំរាប់ប្រាក់៣០ដុំ។—ម៉ាថាយ ២៦:១៤-១៦, ៤៧-៥០; ២៧:៣-៥
ពួកមេដឹកនាំសាសនាយូដាក៏ដឹងអំពីអព្ភូតហេតុជាច្រើនរបស់ព្រះយេស៊ូដែរ។ ក្រោយពីទ្រង់បានប្រោសឡាសារឲ្យរស់ឡើងវិញ ពួកគេថែមទាំងសារភាពថា៖ «មនុស្សនេះធ្វើទីសំគាល់ច្រើនណាស់»។ ប៉ុន្តែ តើការមើលឃើញឡាសាររស់ឡើងវិញ ធ្វើឲ្យគេបន្ធូរចិត្តគេហើយមានជំនឿឬទេ? គឺប្រាកដជាអត់ទេ។ ផ្ទុយទៅវិញ ពួកគេបានរកមធ្យោបាយដើម្បីសម្លាប់ទាំងព្រះយេស៊ូនិងឡាសារផង!—យ៉ូហាន ១១:៤៧-៥៣; ១២:១០
សូម្បីតែមានការធ្វើអន្តរាគមន៍ពីព្រះផ្ទាល់ ក៏ពួកមនុស្សអាក្រក់ជួជាតិទាំងនោះឥតមានជំនឿដែរ។ កាលដែលព្រះយេស៊ូនៅក្នុងព្រះវិហារនៅគ្រាមួយ ទ្រង់បានអធិស្ឋានយ៉ាងឮថា៖ «ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង»។ ព្រះយេហូវ៉ាបានតបឆ្លើយដោយមានសម្លេងពីលើមេឃថា៖ «អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ»។ ប៉ុន្តែ ពួកមនុស្សនៅទីនេះក៏នៅតែឥតមានជំនឿក្នុងអព្ភូតហេតុនេះ។ ព្រះគម្ពីរចែងថា៖ «ប៉ុន្តែទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម្ល៉េះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ»។—យ៉ូហាន ១២:២៨-៣០, ៣៧; ប្រៀបធៀប អេភេសូរ ៣:១៧
មូលហេតុដែលអព្ភូតហេតុមិនបានស្ថាបនាជំនឿ
ហេតុអ្វីក៏គេឥតមានជំនឿ ទោះបីមានអព្ភូតហេតុជាច្រើននោះ? ការមិនទទួលស្គាល់ព្រះយេស៊ូដោយពួកមេដឹកនាំសាសនាយូដា ជាអ្វីមួយដែលគួរឲ្យឆ្ងល់ណាស់ បើអ្នកពិចារណាមើលនៅគ្រាដែលទ្រង់ចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ ពួកយូដាជាសាសន៍ទាំងមូល គេ«នៅតែចាំមើល»នៃ«ព្រះគ្រីស្ទ»ឬព្រះមេស្ស៊ី។ (លូកា ៣:១៥) ប៉ុន្តែ បញ្ហាគឺមានមកក្នុងសេចក្ដីសង្ឃឹមនោះ។ លោកវ៉ាញ ដែលជាអ្នករៀបចំសទ្ទានុក្រម បានស្រង់ពាក្យពីអ្នកប្រាជ្ញខាងព្រះគម្ពីរដ៏ល្បីម្នាក់ ដោយនិយាយថា ពួកយូដាបានគិតតែអំពីព្រះមេស្ស៊ី ដែលនឹងឲ្យពួកគេនូវ«ការជោគជ័យខាងលោកីយ៍» ហើយនិង«ការរីកចំរើនខាងវត្ថុទ្រព្យ»។ ដូច្នេះ ពួកគេមិនបានត្រៀមខ្លួនចាំព្រះយេស៊ូពីស្រុកណាសារ៉ែត ដែលឥតឡូកឡំខាងនយោបាយនោះឡើយ ដែលបានសម្ដែងអង្គទ្រង់មកក្នុងចំណោមពួកគេ ជាព្រះមេស្ស៊ីពិតក្នុងឆ្នាំ២៩ ស.យ.។ ពួកមេដឹកនាំសាសនាក៏មានចិត្តខ្លាចនឹងការបង្រៀនរបស់ព្រះយេស៊ូ ដែលអាចធ្វើឲ្យមានការវឹកវរដល់បរិយាការនៅគ្រានោះ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ឋានៈធំដុំរបស់គេ។ (យ៉ូហាន ១១:៤៨) ការគិតស្មានមុននិងចិត្តកំណាញ់របស់គេ បានធ្វើឲ្យគេស្រពិលភ្នែកនឹងអត្ថន័យនៃអព្ភូតហេតុរបស់ព្រះយេស៊ូ។
ពួកមេដឹកនាំសាសនាជាតិយូដានិងពួកអ្នកដទៃទៀតក្រោយមក ក៏បានបដិសេធភស្តុតាងដែលពួកកាន់តាមព្រះយេស៊ូបានទទួលនូវព្រះគុណរបស់ព្រះ។ ជាឧទាហរណ៍ នៅពេលដែលពួកសាវ័កទ្រង់បានប្រោសមនុស្សខ្វិនពីកំណើតឲ្យជា ពួកសមាជិកនៃតុលាការជាន់ខ្ពស់ជាតិយូដាដែលមានចិត្តខឹង បានសួរថា៖ «តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្ស នៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត»។ (កិច្ចការ ៣:១-៨; ៤:១៣-១៧) យ៉ាងច្បាស់ណាស់ អព្ភូតហេតុដ៏អស្ចារ្យនេះមិនបានស្ថាបនាឬបង្កើតឲ្យមានជំនឿដល់ពួកមនុស្សទាំងនោះទេ។
ការប្រាថ្នាដ៏លើសលុប ចិត្តក្រអឺតក្រអោង និងសេចក្ដីលោភជាកត្ដាដែលបណ្ដាលឲ្យមនុស្សជាច្រើនមិនបើកចិត្តរបស់គេ។ នេះបានឃើញក្នុងករណីរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម ដែលបាននិយាយរួចមកហើយនោះ។ សេចក្ដីច្រណែន ការភ័យខ្លាច និងអាកប្បកិរិយាដ៏ឈឺចាប់ជាច្រើនទៀតបានបង្ខាំងមនុស្សដទៃ។ យើងក៏ត្រូវបានរំឭកអំពីពួកទេវតាដ៏មិនគោរពនោះដែរ គឺពួកបិសាច ដែលនៅពេលមួយមានសិទ្ធិឃើញព្រះភក្ដ្រ។ (ម៉ាថាយ ១៨:១០) ពួកគេមិនមានការសង្ស័យនឹងអត្ថិភាពរបស់ព្រះទេ។ ប្រាកដហើយ «ពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ»។ (យ៉ាកុប ២:១៩) ប៉ុន្តែ ពួកវាឥតមានជំនឿក្នុងព្រះទេ។
អត្ថន័យនៃជំនឿពិត
ជំនឿគឺមានទាក់ទងច្រើន មិនគ្រាន់តែជឿប៉ុណ្ណោះទេ។ គឺមិនគ្រាន់តែទាក់ទងនឹងប្រតិកម្មនៃអារម្មណ៍ដល់អព្ភូតហេតុណាមួយឡើយ តែមានច្រើនជាងនោះទៅទៀត។ ហេព្រើរ ១១:១ ចែងថា៖ «រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ»។ បុគ្គលម្នាក់ដែលមានជំនឿគឺជឿស៊ប់ក្នុងចិត្តថាអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានសន្យាមក គឺនឹងបានសម្រេចជាមិនខាន។ ម្យ៉ាងទៀត ភស្តុតាងដ៏ច្បាស់ក្រឡែតនៃសភាពពិតដែលមើលមិនឃើញ គឺមានច្រើនដល់ម្ល៉េះ ដែលជំនឿត្រូវបាននិយាយថាស្មើនឹងទីសំអាងនោះ។ ត្រូវហើយ ជំនឿគឺមានមូលដ្ឋានលើទីសំអាង។ ហើយនៅពេលពីដើម អព្ភូតហេតុបានមានមុខនាទីក្នុងការស្ថាបនាជំនឿ។ អព្ភូតហេតុដែលព្រះយេស៊ូបានទុក គឺសំរាប់ឲ្យមនុស្សជឿថាទ្រង់ជាព្រះមេស្ស៊ីដែលបានសន្យាមក។ (ម៉ាថាយ ៨:១៦, ១៧; ហេព្រើរ ២:២-៤) ស្រដៀងគ្នានេះ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ឬសកម្មពល ដូចការប្រោសឲ្យជាដោយអព្ភូតហេតុនិងការនិយាយភាសាចំឡែកអស្ចារ្យ បង្ហាញឲ្យឃើញថា ពួកយូដាលែងមានព្រះគុណរបស់ព្រះយេហូវ៉ា តែឥឡូវនេះទ្រង់យល់ព្រមលើក្រុមជំនុំគ្រីស្ទាន ដែលបានស្ថាបនាឡើងដោយបុត្រទ្រង់ ព្រះយេស៊ូគ្រីស្ទ។—កូរិនថូសទី១ ១២:៧-១១
សមត្ថភាពនៃការទាយគឺនៅក្នុងចំណោមអំណោយទានដ៏អព្ភូតហេតុនៃព្រះវិញ្ញាណ។ នៅពេលដែលពួកមិនជឿឃើញអព្ភូតហេតុនេះ មនុស្សខ្លះបានមកថ្វាយបង្គំព្រះយេហូវ៉ា ដោយនិយាយថា៖ «ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន»។ (កូរិនថូសទី១ ១៤:២២-២៥) ប៉ុន្តែ ព្រះយេហូវ៉ាមិនមានព្រះទ័យចង់ឲ្យមានអព្ភូតហេតុ ជាលក្ខណៈអចិន្ត្រៃយ៍នៃការថ្វាយបង្គំគ្រីស្ទានឡើយ។ ស្របនឹងសេចក្ដីនេះ សាវ័កប៉ុលបានសរសេរថា៖ «រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ»។ (កូរិនថូសទី១ ១៣:៨) អំណោយទានទាំងនេះត្រូវបានសាបសូន្យទៅ កាលដែលពួកសាវ័ក និងអស់អ្នកដែលបានទទួលអំណោយទានពីពួកសាវ័កបានស្លាប់ទៅ។
តើមនុស្សនៅពេលនោះឥតមានមូលដ្ឋានចំពោះជំនឿឬ? អត់ទេ ដ្បិតប៉ុលបាននិយាយថា៖ «ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។ (កិច្ចការ ១៤:១៧) ប្រាកដហើយ ចំពោះមនុស្សដែលមានចិត្តស្មោះត្រង់ ដែលស្ម័គ្រចិត្តបើកគំនិតរបស់គេដល់ទីសំអាងដែលនៅជុំវិញគេនោះ «អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។—រ៉ូម ១:២០
ដោយគ្រាន់តែជឿនឹងអត្ថិភាពនៃព្រះគឺមិនគ្រប់គ្រាន់ទេ។ ប៉ុលបានដាស់តឿនថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) នេះគឺអាចសម្រេចបានដោយយកចិត្តទុកដាក់នឹងការសិក្សាព្រះគម្ពីរ ដោយប្រើឧបករណ៍ជំនួយនៃប្រកាសនវត្ថុគ្រីស្ទាន ដូចទស្សនាវដ្ដីនេះ។ ជំនឿដែលមានមូលដ្ឋានលើចំណេះត្រឹមត្រូវនៃបន្ទូលរបស់ព្រះ ព្រះគម្ពីរ គឺមិនមែនជាអ្វីដ៏ទន់ខ្សោយឬរាក់កំផែលនោះទេ។ អស់អ្នកដែលបានយោគយល់ដល់បំណងព្រះហឫទ័យរបស់ព្រះ ហើយធ្វើតាមបំណងនេះក្នុងជំនឿ គឺកំពុងតែផ្ដល់កិច្ចបំរើបរិសុទ្ធទៅព្រះ។—រ៉ូម ១២:១
ជឿទោះបីមើលមិនឃើញ
សាវ័កថូម៉ាសមានការពិបាកក្នុងការអនុវត្តជំនឿលើដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ។ គាត់បាននិយាយថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់នោះខ្ញុំមិនព្រមជឿទេ»។ ក្រោយមក នៅពេលដែលព្រះយេស៊ូបានប្រែក្រឡាក្នុងរូបកាយដែលមានស្នាមដែកគោល ថូម៉ាសបានប្រព្រឹត្តយ៉ាងត្រឹមត្រូវដល់អព្ភូតហេតុនេះ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «មានពរហើយអ្នកណាដែលជឿឥតឃើញសោះ»។—យ៉ូហាន ២០:២៥-២៩
នៅសព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»។ (កូរិនថូសទី២ ៥:៧) ទោះជាពួកគេមិនបានឃើញអព្ភូតហេតុដែលបានកត់ទុកក្នុងព្រះគម្ពីរក៏ដោយ ពួកគេជឿយ៉ាងមុតមាំថារបស់ទាំងនេះបានកើតឡើងមែន។ ពួកស្មរបន្ទាល់អនុវត្តជំនឿក្នុងព្រះនិងបន្ទូលរបស់ទ្រង់។ ដោយមានជំនួយពីព្រះវិញ្ញាណរបស់ទ្រង់ ពួកគេអាចយល់សេចក្ដីបង្រៀនព្រះគម្ពីរ និងសាច់រឿងដ៏សំខាន់របស់ព្រះគម្ពីរ—ការធ្វើយុត្ដិកម្មនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា តាមរយៈព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ទ្រង់។ (ម៉ាថាយ ៦:៩, ១០; ធីម៉ូថេទី២ ៣:១៦, ១៧) ដោយមានផលប្រយោជន៍ដល់ខ្លួនគេ ពួកគ្រីស្ទានស្មោះទាំងនេះអនុវត្តឱវាទដ៏ប្រាជ្ញារបស់ព្រះគម្ពីរក្នុងជីវិតរបស់គេ។ (ទំនុកដំកើង ១១៩:១០៥; អេសាយ ៤៨:១៧, ១៨) ពួកគេយល់ព្រមយកភស្តុតាងដែលមិនអាចប្រកែកបាន ថាទំនាយរបស់ព្រះគម្ពីរសម្គាល់គ្រារបស់យើងជា«ថ្ងៃជាន់ក្រោយបង្អស់» ហើយពួកគេមានជំនឿថាពិភពលោកថ្មីដែលព្រះបានសន្យាមក គឺជិតមកដល់ហើយ។ (ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:៣-១៤; ពេត្រុសទី២ ៣:១៣) ចំពោះពួកគេនេះ គេមានអំណរក្នុងចែកប្រាប់ចំណេះនៃព្រះជាមួយអ្នកដទៃ។ (សុភាសិត ២:១-៥) ពួកគេដឹងថា គឺមានតែតាមរយៈការសិក្សាព្រះគម្ពីរទេ ដែលពួកអ្នកដែលស្វែងរកទ្រង់ អាចរកទ្រង់ឃើញពិតនោះ។—កិច្ចការ ១៧:២៦, ២៧
តើអ្នកចាំអាលបឺត ដែលយើងបាននិយាយអំពីក្នុងអត្ថបទមុននេះទេ? បីបួនថ្ងៃក្រោយពីមិនបានទទួលចម្លើយដល់ការអធិស្ឋានរបស់គាត់ មានពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានមកជួបគាត់ គឺស្ត្រីចាស់ម្នាក់បានឲ្យឧបករណ៍ផ្សាយព្រះគម្ពីរ។ ក្រោយមក អាលបឺតបានយល់ព្រមសិក្សាព្រះគម្ពីរដោយឥតគិតថ្លៃ។ កាលដែលគាត់បានយល់ដឹងច្បាស់លាស់នឹងសារព្រះគម្ពីរ ការតូចចិត្តរបស់គាត់បែរទៅជាមានការរំភើបចិត្តទៅវិញ។ គាត់ក៏ចាប់ផ្ដើមដឹងថា គាត់បានរកឃើញព្រះហើយ។
ព្រះគម្ពីរដាស់តឿនថា៖ «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ។ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»។ (អេសាយ ៥៥:៦) អ្នកអាចធ្វើដូចនេះ មិនមែនដោយរង់ចាំអព្ភូតហេតុពីព្រះនៅសម័យទំនើបនេះទេ តែដោយទទួលយកចំណេះត្រឹមត្រូវនៃបន្ទូលរបស់ទ្រង់។ នេះជាការចាំបាច់ណាស់ ពីព្រោះអព្ភូតហេតុតែឯង មិនអាចស្ថាបនាជំនឿនោះឡើយ។
[រូបភាពនៅទំព័រ៥]
ទោះបីជាមានដំណើររស់ឡើងវិញដ៏អព្ភូតហេតុនៃឡាសារក៏មិនបានបណ្ដាលឲ្យពួកសត្រូវរបស់ព្រះយេស៊ូអនុវត្តជំនឿនោះដែរ
[រូបភាពនៅទំព័រ៧]
ជំនឿត្រូវតែមានមូលដ្ឋានលើចំណេះត្រឹមត្រូវនៃព្រះគម្ពីរ