សាសនាគ្រីស្ទានមានសកម្មភាពក្នុងស្ថានការណ៍ដ៏ច្របូកច្របល់
នេះបានចាប់ផ្ដើមមួយរំពេច នៅថ្ងៃមួយក្នុងខែមេសាឆ្នាំ១៩៩៤។ យន្តហោះបានធ្លាក់ហើយសម្លាប់ប្រធានាធិបតីនៃប្រទេសប៊ុរុនឌីនិងប្រទេសរ្វ៉ាន់ដា។ ក្នុងមួយរយៈខ្លី អំពើឃោរឃៅដែលមានទំហំដ៏រន្ធត់ បានឆេះធ្លោក្នុងប្រទេសរ្វ៉ាន់ដា។ គ្រាន់តែជាងបីខែប៉ុណ្ណោះ ពួកជនជាតិរ្វ៉ាន់ដាជាង៥០០.០០០នាក់—ប្រុស ស្រី និងក្មេង—បានត្រូវស្លាប់។ មនុស្សខ្លះបានហៅគ្រានេះជា«ការប្រល័យពូជសាសន៍»។
ចំនួនពាក់កណ្ដាលនៃប្រជាជនរ្វ៉ាន់ដាដែលមាន៧.៥លាននាក់ បានត្រូវភៀសខ្លួន។ គឺរួមបញ្ចូលមនុស្សចំនួន២.៤លាននាក់ ដែលបានរកទីជ្រកកោនក្នុងប្រទេសនៅជិតខាងទាំងឡាយ។ នេះជាជនភៀសខ្លួនដ៏ធំមួយ ដែលធ្វើដំណើរទៅរស់នៅស្រុកក្រៅក្នុងប្រវត្ដិសាស្ត្រទំនើប។ ជំរំជនភៀសខ្លួនបានសង់យ៉ាងរហ័ស ក្នុងប្រទេសសៃអៀរ (ឥឡូវនេះជាសាធារណៈរដ្ឋប្រជាធិបតេយ្យនៃប្រទេសកុងហ្គោ) ប្រទេសតង់ហ្សានី និងប្រទេសប៊ុរុនឌី។ ជំរំទាំងនេះខ្លះ—ដែលធំជាងគេបំផុតក្នុងពិភពលោក—បានជ្រកកោនឲ្យមនុស្សដល់២០០.០០០នាក់។
ក្នុងចំណោមពួកជនភៀសខ្លួន គឺមានស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើន ជាមនុស្សដែលស្រឡាញ់សន្ដិភាព ហើយអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គេ។ ក្នុងស្រុកណាក៏ដោយដែលគេរស់នៅ ពួកគេបានរក្សាអព្យាក្រឹតភាពដ៏ម៉ឺងម៉ាត់ ហើយអនុវត្តគោលការណ៍ ដែលមានក្នុងពាក្យទាំងនេះនៃអេសាយ ២:៤៖ «គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ។ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ»។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានគេស្គាល់ទូទៅ ជាក្រុមសាសនា ដែលមិនបានចូលរួមក្នុងការប្រល័យពូជសាសន៍ក្នុងប្រទេសរ្វ៉ាន់ដា។
ព្រះយេស៊ូគ្រីស្ទមានបន្ទូលថាពួកអ្នកកាន់តាមរបស់ទ្រង់គឺ «មិនមែនជារបស់លោកីយ៍ទេ»។ ប៉ុន្តែ ពីព្រោះពួកគេ«នៅក្នុងលោកីយ៍» នោះគេមិនតែងតែអាចជៀសផុតពីការប្រឆាំងនៃសាសន៍ទាំងឡាយឡើយ។ (យ៉ូហាន ១៧:១១, ១៤) ក្នុងកំឡុងការប្រល័យពូជសាសន៍នៃប្រទេសរ្វ៉ាន់ដា ស្មរបន្ទាល់ប្រមាណ៤០០នាក់ត្រូវបានស្លាប់។ ប្រមាណស្មរបន្ទាល់២.០០០នាក់ និងពួកអ្នកចាប់អារម្មណ៍ក្នុងសារព្រះរាជាណាចក្រ បានក្លាយទៅជាជនភៀសខ្លួន។
តើការមិនមែនជារបស់ផងលោកីយ៍ មានន័យថាស្មរបន្ទាល់ព្រះយេហូវ៉ា ឥតធ្វើអ្វីសោះ ពេលមានវិបត្ដិភ័យផ្ទុះឡើងនោះ? គឺអត់ទេ។ បន្ទូលរបស់ព្រះចែងថា៖ «ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា ‹អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្ដៅ ហើយឆ្អែតចុះ› តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការ ខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី? ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង»។ (យ៉ាកុប ២:១៥-១៧) សេចក្ដីស្រឡាញ់នៃអ្នកជិតខាង ក៏ជំរុញពួកស្មរបន្ទាល់ឲ្យជួយពួកអ្នកដែលមានជំនឿផ្សេងៗពីគេផងដែរ។—ម៉ាថាយ ២២:៣៧-៤០
ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ាពេញពិភពលោក ចង់ជួយពួកអ្នកជឿគ្នីគ្នារបស់គេ ដែលប្រឈមស្ថានការណ៍ដ៏វិបត្ដិភ័យក្នុងប្រទេសរ្វ៉ាន់ដាក៏ដោយ តែជំនួយបានត្រូវឲ្យទ្វីបអឺរ៉ុបខាងលិចមើលខុសត្រូវ។ ក្នុងរដូវក្ដៅនៃឆ្នាំ១៩៩៤ ជនស្ម័គ្រចិត្តនៃស្មរបន្ទាល់មួយក្រុមពីអឺរ៉ុប បានទៅជួយពួកបងប្អូនប្រុសស្រីរបស់គេក្នុងទ្វីបអាហ្វ្រិក។ គឺបានតម្លើងជំរំហើយមន្ទីរពេទ្យដ៏មានរបៀបរៀបរយ សំរាប់ពួកជនភៀសខ្លួនជាតិរ្វ៉ាន់ដា។ ហើយបានបញ្ជូនសំលៀកបំពាក់ ភួយ អាហារ និងប្រកាសនវត្ថុព្រះគម្ពីរមួយចំនួនធំ តាមយន្តហោះ ឬបញ្ជូនតាមរយៈផ្សេងៗទៀត។ មនុស្សដែលរងទុក្ខវេទនាជាង៧.០០០នាក់ គឺមានចំនួនលើសបីដងនៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងប្រទេសរ្វ៉ាន់ដា—បានទទួលប្រយោជន៍ពីជំនួយនេះ។ មកទល់ខែធ្នូនៃឆ្នាំនោះ ពួកជនភៀសខ្លួនរាប់ពាន់នាក់ ដែលរួមបញ្ចូលជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏បានត្រឡប់ទៅប្រទេសរ្វ៉ាន់ដា ដើម្បីស្ថាបនាជីវិតរបស់គេឡើងវិញ។
សង្គ្រាមក្នុងប្រទេសកុងហ្គោ
ក្នុងឆ្នាំ១៩៩៦ ការច្បាំងគ្នាបានផ្ទុះឡើងក្នុងតំបន់ខាងកើតនៃសាធារណៈរដ្ឋប្រជាធិបតេយ្យនៃប្រទេសកុងហ្គោ។ តំបន់នេះគឺមានព្រំដែនជាមួយនឹងប្រទេសរ្វ៉ាន់ដានិងប្រទេសប៊ុរុនឌី។ ម្ដងនេះទៀត គឺមានការចាប់រំលោភនិងការកាប់សម្លាប់។ ប្រជាជនបានរត់គេចរកសង្គ្រោះក្នុងកណ្ដាលគ្រាប់កាំភ្លើងហោះហើរនិងភូមិដែលកំពុងឆេះធ្លោទាំងឡាយ។ ស្មរបន្ទាល់ព្រះយេហូវ៉ាបាននៅក្នុងចលាចលនេះ ហើយ៥០នាក់បានស្លាប់។ អ្នកខ្លះបានស្លាប់ដោយគ្រាប់កាំភ្លើង។ អ្នកដទៃទៀតបានស្លាប់ដោយអំពើឃោរឃៅ ពីព្រោះគេជាក្រុមសាសន៍ណាមួយ ឬចាត់ទុកជាសត្រូវដោយច្រឡំ។ ភូមិមួយបានត្រូវកំទេចចោលដោយភ្លើង ដែលមានស្មរបន្ទាល់ព្រះយេហូវ៉ា១៥០នាក់។ ក្នុងភូមិឯទៀត ផ្ទះសម្បែងរាប់ឡូនិងសាលព្រះរាជាណាចក្រខ្លះ បានគេដុតចោល។ ដោយឥតមានផ្ទះសម្បែងនិងរបស់របរ ស្មរបន្ទាល់បានភៀសខ្លួនទៅកន្លែងផ្សេងទៀត ហើយបានទទួលជំនួយពីពួកអ្នកជឿគ្នីគ្នានៅទីនោះ។
ក្រោយពីសង្គ្រាមក៏មានការអត់បាយ កាលដែលដំណាំបានហិនហោច ស្បៀងអាហារក្នុងឃ្លាំងបានត្រូវលួចប្លន់ ហើយផ្លូវដែលត្រូវដឹកជញ្ជូនបានត្រូវគេកាត់ផ្ដាច់។ ម្ហូបអាហារដែលមានគឺថ្លៃណាស់។ ក្នុងក្រុងឃីសាហ្គានី នៅដើមឧសភានៃឆ្នាំ១៩៩៧ ដំឡូងមួយគីឡូថ្លៃបីដុល្លារ ខ្ពស់ហួសហេតុចំពោះមនុស្សទាំងឡាយ។ មនុស្សភាគច្រើនអាចមានអាហារតែម្ដងគត់ក្នុងមួយថ្ងៃ។ ប្រាកដហើយ ក្រៅពីការខ្វះខាតអាហារ ក៏មានរោគជម្ងឺជាបន្ទាប់។ ការទទួលអាហារមិនគ្រប់គ្រាន់ ធ្វើឲ្យរូបកាយទន់ខ្សោយ ដែលមិនអាចតយុទ្ធនឹងជម្ងឺគ្រុនចាញ់ រោគរាគ និងបញ្ហានៃក្រពះ។ ជាពិសេស កូនក្មេងបានរងទុក្ខហើយក៏ស្លាប់ទៅ។
ស្ទង់ប៉ាន់មើលសេចក្ដីត្រូវការ
ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងទ្វីបអឺរ៉ុប ម្ដងនេះទៀត ក៏បានតបឆ្លើយយ៉ាងរហ័សដល់សេចក្ដីត្រូវការ។ មកដល់ខែមេសាឆ្នាំ១៩៩៧ ក្រុមជំនួយនៃស្មរបន្ទាល់ ដែលមានគ្រូពេទ្យព្យាបាលពីរនាក់ ក៏បានធ្វើដំណើរតាមយន្តហោះ ដោយយកថ្នាំនិងប្រាក់កាស។ នៅក្រុងហ្គូម៉ា ស្មរបន្ទាល់ក្នុងតំបន់នោះ បានរៀបចំគណៈជំនួយរួចទៅហើយ ដើម្បីស្ទង់ប៉ាន់មើលស្ថានការណ៍ ដើម្បីឲ្យអាចផ្ដល់ជំនួយជារហ័ស។ គណៈក្រុមនេះបានស្ទង់មើលក្រុងនិងតំបន់ជិតៗនោះ។ ពួកអ្នកនាំសារបានចាត់ឲ្យទៅរករបាយការណ៍ ពីកន្លែងដ៏ឆ្ងាយៗទៀត។ ហើយក៏បានទទួលពត៌មានពីក្រុងឃីសាហ្គានី ដែលមានចម្ងាយ១.០០០គីឡូម៉ែត្រឆៀងខាងលិចនៃក្រុងហ្គូម៉ា។ បងប្អូនក្នុងតំបន់បានជួយចាត់ចែងជំនួយនេះក្នុងក្រុងហ្គូម៉ា ដែលមានស្មរបន្ទាល់ប្រមាណ៧០០នាក់។
អ្នកចាស់ទុំម្នាក់ក្នុងក្រុងហ្គូម៉ា មានប្រសាសន៍ថា៖ «យើងមានចិត្តយ៉ាងរំភើបណាស់ ដោយឃើញបងប្អូនរបស់យើង បានធ្វើដំណើរយ៉ាងឆ្ងាយមកជួយយើង។ មុននឹងពួកគេមក យើងបានជួយគ្នាទៅវិញទៅមក។ បងប្អូនទាំងឡាយបានត្រូវរត់ទៅតាមជនបទ ចូលទៅក្រុងហ្គូម៉ា។ ពួកខ្លះឥតមានផ្ទះរស់នៅ ហើយគេក៏បានបោះបង់ចោលដីស្រែចំការរបស់គេ។ យើងបានយកគេចូលក្នុងផ្ទះរបស់យើង ហើយចែកសំលៀកបំពាក់របស់យើងដល់គេ និងអាហារតិចតួចដែលយើងមាន។ អ្វីដែលយើងអាចធ្វើ នោះគឺមានតិចតួចណាស់។ ពួកយើងខ្លះបានរងទុក្ខពីការទទួលអាហារមិនគ្រប់គ្រាន់។
«ប៉ុន្តែ បងប្អូនពីទ្វីបអឺរ៉ុបបានយកប្រាក់កាស ឲ្យយើងអាចទិញអាហារ ដែលកម្ររកបានហើយដ៏ថ្លៃបំផុត។ គឺមានអាហារក្នុងគ្រាដ៏សំខាន់ ព្រោះបងប្អូនជាច្រើនឥតមានអាហារបរិភោគសោះក្នុងផ្ទះរបស់គេ។ យើងបានចែកចាយអាហារដល់ស្មរបន្ទាល់ទាំងឡាយ ហើយដល់ពួកអ្នកដែលមិនជាស្មរបន្ទាល់ដែរ។ ប្រសិនបើឥតបានទទួលជំនួយ ពេលដែលត្រូវការជាចាំបាច់ នោះបងប្អូនជាច្រើននឹងត្រូវស្លាប់ ជាពិសេសក្មេងៗ។ ព្រះយេហូវ៉ាបានសង្គ្រោះរាស្ត្ររបស់ទ្រង់។ ពួកអ្នកដែលមិនជាស្មរបន្ទាល់ គឺមានចិត្តអស្ចារ្យណាស់។ មនុស្សជាច្រើនបាននិយាយអំពីឯកភាពនិងសេចក្ដីស្រឡាញ់របស់យើង។ អ្នកខ្លះបានទទួលស្គាល់ សាសនារបស់យើងជាសាសនាពិត»។
ទោះជាអាហារត្រូវបានទិញនៅក្នុងតំបន់ ហើយបានឲ្យថ្នាំ តែគឺត្រូវការអ្វីថែមទៀត។ គឺត្រូវការសំលៀកបំពាក់និងភួយ ព្រមទាំងត្រូវការជំនួយដ៏ធំនៃអាហារនិងថ្នាំ។ ហើយក៏ត្រូវការជំនួយ ដើម្បីសង់ផ្ទះសម្បែង ដែលបានហិនហោចអស់នោះ។
មនុស្សបានឲ្យយ៉ាងសប្បុរស
បងប្អូនក្នុងទ្វីបអឺរ៉ុប ក៏មានចិត្តខ្នះខ្នែងនឹងជួយ។ ការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងក្រុង ឡូវា ប្រទេសបារាំង បានជំរាបអំពីសេចក្ដីត្រូវការជំនួយ ដល់ក្រុមជំនុំទាំងឡាយក្នុងតំបន់ជ្រលងភ្នំ រ៉ុន ណូម៉ាណឌី ហើយក្នុងភូមិភាគនៃក្រុងប៉ារីស។ នៅទីនេះ គឺគោលការណ៍នៃព្រះគម្ពីរមួយបានត្រូវសម្រេច៖ «អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។—កូរិនថូសទី២ ៩:៦, ៧
មនុស្សរាប់ពាន់នាក់បានឆ្លៀតយកឱកាសនេះដ៏រីករាយ ក្នុងឲ្យជំនួយ។ គឺមានជាច្រើនប្រអប់និងសំលៀកបំពាក់ជាច្រើនស្បោង និងរបស់ផ្សេងៗទៀត បានយកមកឯសាលព្រះរាជាណាចក្រ ហើយក៏បានដឹកជញ្ជូនទៅការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងប្រទេសបារាំង។ នៅទីនោះ គឺមានជនស្ម័គ្រចិត្ត៤០០នាក់ ដែលប្រុងនឹងចូលរួមដៃក្នុងប្រតិបត្ដិការ«ជំនួយប្រទេសសៃអៀរ»។ កាលដែលរបស់របរវិភាគទានបានមកដល់ ពួកជនស្ម័គ្រចិត្តបានរំលែក បត់ ហើយរៀបដាក់ក្នុងប្រអប់ តម្រួតបានគ្នា៣០ប្រអប់ក្នុងមួយវេទិកា។ ក្មេងៗបានគិតអំពីបងប្អូនប្រុសស្រីក្មេងៗក្នុងទ្វីបអាហ្វ្រិក ហើយក៏បានផ្ញើប្រដាប់ក្មេងលេង—ឡានតូចៗ កូនក្រមុំ និងខ្លាឃ្មុំសំរាប់ក្មេងលេង។ របស់ទាំងនេះបានរៀបដាក់ជាមួយរបស់ចាំបាច់នៃជីវិតឯទៀត។ សរុបទាំងអស់ ប្រអប់ដែលមាន១២ម៉ែត្របានដឹកជញ្ជូនទៅប្រទេសកុងហ្គោ។
តើមានជំនួយប៉ុន្មានដែលបានផ្ញើទៅទ្វីបអាហ្វ្រិកកណ្ដាល ពីបងប្អូនស្មរបន្ទាល់រាប់ពាន់នាក់ក្នុងប្រទេសបែលហ្ស៊ិក ប្រទេសបារាំង និងប្រទេសស្វីស? មកដល់ខែមិថុនាឆ្នាំ១៩៩៧ ចំនួនសរុប មានថ្នាំ៥០០គីឡូក្រាម នំប៊ីស្គីដែលមានប្រូតេអ៊ីន១០តោន អាហារឯទៀតមាន២០តោន សំលៀកបំពាក់មាន៩០តោន ស្បែកជើងមាន១៨.៥០០គូ ហើយភួយមាន១០០០។ ប្រកាសនវត្ថុព្រះគម្ពីរក៏បានដឹកជញ្ជូនទៅដែរ។ របស់ទាំងនេះ គឺបានទទួលដ៏អបអរណាស់ ដែលសម្រាលទុក្ខនិងជួយជនភៀសខ្លួន ឲ្យគេស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក។ តម្លៃនៃជំនួយនេះ សរុបទៅមាន១.០០០.០០០ដុល្លារអាមេរិក។ វិភាគទានបែបនេះ ជាទីសំអាងនៃភាតរភាពនិងសេចក្ដីស្រឡាញ់ក្នុងចំណោមអស់អ្នកដែលបំរើព្រះយេហូវ៉ា។
ការចែកចាយក្នុងប្រទេសកុងហ្គោ
កាលដែលរបស់របរ ជិតមកដល់ប្រទេសកុងហ្គោ មានបងប្រុសពីរនាក់និងបងស្រីម្នាក់ បានមកពីប្រទេសបារាំង ដើម្បីមកធ្វើការជាមួយនឹងគណៈកម្មាធិការជំនួយ។ ចំពោះកតញ្ញូធម៌ ដែលបានបង្ហាញដោយស្មរបន្ទាល់ជាតិកុងហ្គោ បងស្រី យ៉ូស៊ីលិនមានប្រសាសន៍ថា៖ «យើងបានទទួលសំបុត្រនៃការអបអរជាច្រើន។ បងស្រីក្រម្នាក់បានឲ្យគ្រឿងតុបតែងធ្វើពីខនិជ។ ពួកអ្នកដទៃទៀតបានឲ្យរូបថតរបស់គេ។ កាលដែលយើងចាកចេញ បងស្រីៗបានថើបខ្ញុំ ឱបខ្ញុំ ហើយបានយំ។ ខ្ញុំក៏បានយំដែរ។ មនុស្សជាច្រើនបាននិយាយដូចជា ‹ព្រះយេហូវ៉ាគឺល្អ។ ព្រះយេហូវ៉ាគិតអំពីយើង›។ ដូច្នេះ គេទទួលស្គាល់ថា វិភាគទានឲ្យនេះ គឺជារបស់ផងព្រះ។ ពេលដែលយើងកំពុងចែកចាយអាហារ បងប្អូនប្រុសស្រី បានសរសើរព្រះយេហូវ៉ាដោយច្រៀងចំរៀងព្រះរាជាណាចក្រ។ នេះជាអ្វីដែលធ្វើឲ្យរំភើបចិត្ត»។
គ្រូពេទ្យម្នាក់ឈ្មោះ ឡូអិក ជាសមាជិកម្នាក់នៃក្រុមមួយ។ មនុស្សជាច្រើនបានចូលក្នុងសាលព្រះរាជាណាចក្រ មករង់ចាំវេនគេយ៉ាងអត់ធ្មត់សំរាប់ទទួលជំនួយ។ ដោយចង់ធ្វើអ្វីមួយ បងស្រីកុងហ្គោម្នាក់បានធ្វើ៤០នំដូណាត់ ហើយចែកសំរាប់អស់អ្នកដែលរង់ចាំជួបគ្រូពេទ្យ។ គេបានទទួលនំដូណាត់ពាក់កណ្ដាល ព្រោះមានមនុស្ស៨០នាក់នៅទីនោះ។
ជំនួយដល់ពួកដែលមិនជាស្មរបន្ទាល់
ជំនួយមនុស្សធម៌នេះ មិនមែនគ្រាន់តែជួយដល់ស្មរបន្ទាល់ព្រះយេហូវ៉ាប៉ុណ្ណោះទេ។ ពួកដែលមិនជាស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានទទួលផលប្រយោជន៍ដែរ ដូច្នេះមនុស្សជាច្រើនដែលមិនជាស្មរបន្ទាល់បានទទួលប្រយោជន៍ក្នុងឆ្នាំ១៩៩៤។ នេះគឺស្របជាមួយនឹងកាឡាទី ៦:១០ ដែលចែងថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានចែកថ្នាំនិងសំលៀកបំពាក់ដល់សាលាបឋមសិក្សា និងគ្រឹះស្ថានរក្សាក្មេងកំព្រាជិតក្រុងហ្គូម៉ា។ គ្រឹះស្ថាននេះមានក្មេងកំព្រា៨៥នាក់។ ក្នុងការធ្វើដំណើរដំបូងដើម្បីស្ទង់មើលស្ថានការណ៍ គណៈជំនួយបានទៅលេងគ្រឹះស្ថានរក្សាក្មេង ហើយបានសន្យាថានឹងឲ្យនំប៊ីស្គី៥០ប្រអប់ សំលៀកបំពាក់ច្រើនស្បោង ភួយ១០០ ថ្នាំ និងប្រដាប់ក្មេងលេង។ ក្មេងៗបានតំរង់ជួរក្នុងមុខទីធ្លា ហើយបានច្រៀងឲ្យពួកភ្ញៀវស្ដាប់។ បន្ទាប់មក គេបានធ្វើសំណូមពរដ៏ពិសេសមួយ—តើគេអាចមានបាល់ទាត់មួយបានទេ?
បីបួនអាទិត្យក្រោយមក គណៈជំនួយបានបំពេញដល់សេចក្ដីសន្យារបស់គេ ដើម្បីផ្ដល់ជំនួយនោះ។ ដោយមានចិត្តរំភើបនឹងភាពសប្បុរស ហើយនឹងអ្វីដែលគាត់បានអានក្នុងប្រកាសនវត្ថុព្រះគម្ពីរ នោះចាងហ្វាងនៃគ្រឹះស្ថានរក្សាក្មេង មានប្រសាសន៍ថា គាត់នឹងធ្វើយ៉ាងណាឲ្យបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ ហើយតើក្មេងៗទទួលបាល់ទាត់មួយទេ? «អត់ទេ» ឃ្លឌបានឆ្លើយ ជាអ្នកចាត់ចែងនៃគណៈជំនួយពីប្រទេសបារាំង។ «យើងបានឲ្យគេបាល់ទាត់ពីរ»។
ជំរំជនភៀសខ្លួន
ជំនួយមិនមែនគ្រាន់តែផ្ដល់ទៅប្រទេសកុងហ្គោប៉ុណ្ណោះ។ ជនភៀសខ្លួនរាប់ពាន់នាក់ដែលបានរត់ពីសង្គ្រាមទៅប្រទេសជិតៗនោះ គឺមានជំរំជនភៀសខ្លួនបី ដែលបានស្ថាបនាយ៉ាងរហ័សរហួន។ ពួកស្មរបន្ទាល់ក៏បានធ្វើដំណើរទៅកន្លែងទាំងនោះដែរ ដើម្បីនឹងអាចធ្វើយ៉ាងណាដើម្បីជួយ។ ពេលរបាយការណ៍បានរៀបរាប់មក ជំរំទាំងនោះគឺមានជនភៀសខ្លួន២១១.០០០នាក់ ដែលមកពីប្រទេសកុងហ្គោសឹងតែទាំងអស់គ្នា។ ស្មរបន្ទាល់គឺមានប្រមាណ៨០០នាក់ រាប់ទាំងកូនចៅហើយពួកបុគ្គលដែលចាប់អារម្មណ៍នឹងដំណឹងល្អនៃព្រះរាជាណាចក្រ។ បញ្ហាក្នុងជំរំ គឺការឥតមានអាហារ។ ក្នុងជំរំមួយ គឺមានអាហារគ្រប់គ្រាន់សំរាប់តែបីថ្ងៃប៉ុណ្ណោះ ដែលរាប់បញ្ចូលនឹងសណ្ដែកដែលមានបីឆ្នាំ។
យ៉ាងណាក៏ដោយ ស្មរបន្ទាល់គឺមានទឹកចិត្តដ៏ល្អ។ ទោះជាគេមានប្រកាសនវត្ថុព្រះគម្ពីរតិចតួចក៏ដោយ គេបានមកធ្វើកិច្ចប្រជុំនៅកណ្ដាលវាល ដើម្បីពង្រឹងខ្លួនគេខាងវិញ្ញាណ។ ហើយពួកគេក៏ជាប់រវល់ផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រដល់អ្នកដទៃ ក្នុងជំរំទាំងនោះដែរ។—ម៉ាថាយ ២៤:១៤; ហេព្រើរ ១០:២៤, ២៥
ពួកស្មរបន្ទាល់ដែលបានចាត់ឲ្យមើលខុសត្រូវនូវសេចក្ដីត្រូវការរបស់បងប្អូន គឺមានគ្រូពេទ្យម្នាក់។ ទោះជាពួករាជការបានអនុញ្ញាតឲ្យគេចំណាយពេលតែបីបួនថ្ងៃ ក្នុងជំរំនិមួយៗក៏ដោយ គណៈជំនួយនេះបានឲ្យមនុស្សសុំយោបល់ខាងព្យាបាល។ ពួកគេបានទុកថ្នាំនិងប្រាក់កាសឲ្យពួកអ្នកចាស់ទុំគ្រីស្ទាន។ ដូច្នេះហើយ បងប្អូនក៏អាចបន្តរស់នៅ។ គណៈជំនួយស្មរបន្ទាល់នេះ ក៏បានសង្ឃឹមថា មិនយូរប៉ុន្មានទៀត ពួកស្មរបន្ទាល់ក្នុងជំរំអាចត្រឡប់ទៅមាតុភូមិរបស់គេវិញ។
ចុះយ៉ាងណាវិញ ចំពោះអនាគត? ព្រះយេស៊ូគ្រីស្ទបានទាយប្រាប់ថាក្នុងសម័យយើងនេះ នឹងមានចលាចលដ៏ធំមួយ ជាគ្រាដែលសម្គាល់ដោយសង្គ្រាមនិងការអត់អាហារ។ (ម៉ាថាយ ២៤:៧) ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា មានតែព្រះរាជាណាចក្រនៃព្រះប៉ុណ្ណោះ ដែលអាចបញ្ចប់ការវេទនាសព្វថ្ងៃនេះ។ ក្រោមការគ្រប់គ្រងនេះ ផែនដីរបស់យើងនឹងក្លាយទៅជាសួនមនោរម្យនៃសន្ដិភាព ដ៏សំបូរហូរហៀរ និងសុភមង្គលដ៏អស់កល្បជានិច្ចសំរាប់មនុស្សដែលគោរពតាម។ (ទំនុកដំកើង ៧២:១, ៣, ១៦) ក្នុងគ្រាចន្លោះ ស្មរបន្ទាល់នឹងប្រកាសដំណឹងល្អនៃព្រះរាជាណាចក្រនៅស្ថានសួគ៌ ហើយនឹងបន្តជួយពួកអ្នកជឿគ្នាឯង និងពួកអ្នកដទៃក្នុងគ្រាដ៏ក្រខ្សត់។
[ឃ្លាអក្សរធំនៅទំព័រ៤]
តាំងពីឆ្នាំ១៩៩៤ ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងទ្វីបអឺរ៉ុប បានដឹកជញ្ជូនអាហារ សំលៀកបំពាក់ ថ្នាំពេទ្យ និងរបស់ជំនួយឯទៀតជាង១៩០តោន ទៅកន្លែងមហាទន្លេនៃទ្វីបអាហ្វ្រិក
[ប្រអប់នៅទំព័រ៦]
សេចក្ដីស្រឡាញ់គ្រីស្ទានយកមកអនុវត្ត
ក្នុងចំណោមពួកអ្នកដែលបានចូលរួមជួយដ៏ខ្នះខ្នែងក្នុងប្រតិបត្ដិការ«ជំនួយប្រទេសសៃអៀរ»ក្នុងប្រទេសបារាំង គឺនាងរស់ ដាន់នឺរ។ ជាក្មេងម្នាក់ នាងបានជាប់គុកក្នុងជំរំណាត្សី ដោយសារតែជំនឿគ្រីស្ទានរបស់នាង។ នាងមានប្រសាសន៍ថា៖ «យើងមានចិត្តរីករាយណាស់ក្នុងការធ្វើអ្វីមួយសំរាប់បងប្អូនប្រុសស្រីក្នុងទ្វីបអាហ្វ្រិក! ប៉ុន្តែ មានអ្វីមួយទៀត ដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយខ្លាំង។ ក្នុងឆ្នាំ១៩៤៥ ពេលដែលយើងត្រឡប់ទៅស្រុកវិញពីប្រទេសអាល្លឺម៉ង់ យើងឥតមានអ្វីសោះ។ សូម្បីតែសំលៀកបំពាក់ដែលយើងមាន ក៏បានខ្ចីគេដែរ។ មិនយូរប៉ុន្មាន យើងបានទទួលជំនួយពីបងប្អូនក្នុងប្រទេសអាមេរិក។ ដូច្នេះ ប្រតិបត្ដិការជំនួយនេះ បានអនុញ្ញាតឲ្យខ្ញុំផ្ដល់សេចក្ដីសប្បុរស ដែលបានបង្ហាញដល់យើងជាយូរយារមកហើយ។ នេះជាឯកសិទ្ធិដ៏ល្អមែន ដោយមានចំណែកនៃគ្រួសារដ៏ធំ ដែលបងប្អូនយកសេចក្ដីស្រឡាញ់គ្រីស្ទានមកអនុវត្ត»!—យ៉ូហាន ១៣:៣៤, ៣៥
[រូបភាពនៅទំព័រ៧]
បន្ដិចទៀត—ផែនដីមនោរម្យដ៏សំបូរហូរហៀរសំរាប់មនុស្សគ្រប់គ្នា