ការរៀនពីកំហុសមុនៗ
ច្បាប់សីលធម៌របស់ព្រះអាទិទេព គឺនៅគង់វង់ដ៏អស់កល្បជានិច្ច ហើយមិនចេះប្រែប្រួលទេ។ ដោយហេតុនេះ គោលការណ៍ដែលមាននៅកាឡាទី ៦:៧ ទាក់ទងនឹងសព្វថ្ងៃនេះ ដែលថា៖ «ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ ត្រូវហើយ បុគ្គលម្នាក់អាចបដិសេធការទទួលខុសត្រូវនឹងព្រះ ប៉ុន្តែក្រិត្យរបស់ព្រះគឺនៅដដែលជានិច្ច។ ជាផ្ដាច់ព្រាត់ គ្មានមនុស្សណាម្នាក់ដែលរួចផុតពីទោសពីកម្មផលនៃការប្រព្រឹត្តរបស់គាត់ឡើយ។
ចុះយ៉ាងណាវិញ ចំពោះអ្នកណាដែលធ្លាប់រស់នៅយ៉ាងវៀចវេរ ហើយបន្ទាប់មកបានកែប្រែ ក្លាយទៅជាអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ានោះ? គាត់ប្រហែលនៅពិសោធនឹងកម្មផលនៃរបៀបរស់នៅពីមុនរបស់គាត់។ ប៉ុន្តែ នេះមិនមានសេចក្ដីថា ព្រះមិនបានអត់ទោសឲ្យគាត់នោះឡើយ។ ទំនាក់ទំនងដ៏កំផិតរបស់ស្តេចដាវីឌជាមួយនាងបាតសេបា បាននាំឲ្យមានវិបត្ដិភ័យជាច្រើនក្នុងជីវិតរបស់គាត់។ គាត់មិនអាចគេចផុតពីរឿងនេះទេ។ ប៉ុន្តែ គាត់បានកែប្រែចិត្ត ហើយបានទទួលការអត់ឱនទោសពីព្រះ។—សាំយូអែលទី២ ១២:១៣-១៩; ១៣:១-៣១
តើអ្នកដែលបានបាក់ទឹកចិត្តឬទេ នៅពេលដែលអ្នកពិសោធកម្មផលនៃកំហុសដែលអ្នកបានធ្វើនោះ? ប្រសិនបើមានទស្សនៈឲ្យបានត្រឹមត្រូវ អារម្មណ៍ដ៏ស្ដាយបែបនេះអាចធ្វើជាការរំឭកយើងឲ្យ‹ប្រុងប្រយ័ត្ន ដែលយើងមិនបែរទៅប្រព្រឹត្តអ្វីដែលធ្វើឲ្យឈឺចាប់›។ (យ៉ូប ៣៦:២១) ត្រូវហើយ ចិត្តស្ដាយអាចជួយយើងឲ្យចៀសវាងពីកំហុសនោះម្ដងទៀត។ អ្វីដ៏ប្រសើរទៀតគឺថា ដាវីឌបានប្រើការពិសោធ ដែលមានមកពីបាបដែលគាត់បានប្រព្រឹត្ត មិនមែនសំរាប់តែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ តែសំរាប់អ្នកដទៃដែរ។ គាត់បានមានប្រសាសន៍ថា៖ «នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះនឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់»។—ទំនុកដំកើង ៥១:១៣
[រូបភាពនៅទំព័រ៣០]
ដាវីឌបានរៀនពីអំពើបាបរបស់គាត់ជាមួយនាងបាតសេបា