៦២
រឿងរ៉ាវក្នុងរាជវង្សរបស់ស្តេចដាវីឌ
បន្ទាប់ពីដាវីឌចាប់ផ្ដើមគ្រប់គ្រងនៅក្នុងក្រុងយេរូសាឡិមមក ព្រះយេហូវ៉ាប្រទានឲ្យកងទ័ពរបស់លោកមានជ័យជំនះជាច្រើនលើពួកសត្រូវរបស់គេ។ ព្រះយេហូវ៉ាបានសន្យានឹងប្រទានស្រុកកាណានឲ្យប្រជាជនអ៊ីស្រាអែល។ ហើយឥឡូវនេះ ដោយសារជំនួយពីព្រះយេហូវ៉ា ទឹកដីទាំងអស់ដែលត្រូវបានសន្យាឲ្យពួកគេនោះ នៅទីបំផុតក៏បានទៅជារបស់ផងគេទៅ។
ស្តេចដាវីឌជាអ្នកគ្រប់គ្រងដ៏ល្អមួយអង្គ។ ទ្រង់ស្រឡាញ់ព្រះយេហូវ៉ា។ ដូច្នេះ ក្រោយពីចាប់យកក្រុងយេរូសាឡិមបានហើយ កិច្ចការមុនគេបង្អស់ដែលទ្រង់ធ្វើ នោះគឺនាំយកហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាមកឯទីនោះ។ ហើយទ្រង់មានព្រះហឫទ័យចង់សង់ព្រះវិហារ ដើម្បីដាក់ហឹបនោះ។
នៅពេលដែលស្តេចដាវីឌមានព្រះជន្មាយុចាស់ឡើង ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់មួយ។ ស្តេចដាវីឌជ្រាបដឹងថា ការយកអ្វីដែលជារបស់អ្នកដទៃ គឺជាការខុស។ ប៉ុន្តែនៅវេលាល្ងាចមួយ ពេលដែលទ្រង់នៅលើដំបូលដំណាក់របស់ទ្រង់ ទ្រង់ទតទៅឃើញស្ត្រីដែលមានរូបឆោមស្រស់ម្នាក់។ នាងឈ្មោះបាតសេបា ហើយប្ដីរបស់នាងជាទាហានម្នាក់របស់ទ្រង់ ឈ្មោះអ៊ូរី។
ស្តេចដាវីឌមានព្រះហឫទ័យចង់បាននាងបាតសេបាណាស់ ដូច្នេះទ្រង់ក៏បានបញ្ជាឲ្យគេនាំនាងមកឯដំណាក់របស់ទ្រង់។ រីឯប្ដីរបស់នាងវិញ គាត់នៅឯកន្លែងចម្បាំងឯណោះ។ ដូច្នេះ ស្តេចដាវីឌក៏ផ្ទំជាមួយនឹងនាង ហើយក្រោយមកនាងដឹងថា នាងនឹងមានបុត្រ។ ស្តេចដាវីឌមានព្រះហឫទ័យព្រួយបារម្ភណាស់ ហើយទ្រង់ក៏បញ្ជូនពាក្យទៅឯមេទ័ព ឈ្មោះយ៉ូអាប់ បញ្ជាឲ្យដាក់អ៊ូរីនៅខាងមុខជួរសមរភូមិ ដើម្បីឲ្យគាត់ត្រូវស្លាប់។ កាលអ៊ូរីបានស្លាប់ហើយ ដាវីឌក៏រៀបការជាមួយនាងបាតសេបាទៅ។
ព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់នឹងស្តេចដាវីឌណាស់។ ដូច្នេះ ទ្រង់ក៏បញ្ជូនអ្នកបំរើរបស់ទ្រង់ម្នាក់ ឈ្មោះណាថាន់ឲ្យទៅប្រាប់អំពីអំពើបាបរបស់ទ្រង់។ អ្នកអាចឃើញលោកណាថាន់នៅទីនេះ កំពុងតែនិយាយទៅកាន់ស្តេចដាវីឌ។ ស្តេចដាវីឌមានព្រះហឫទ័យសោកស្ដាយណាស់ចំពោះអ្វីៗដែលទ្រង់បានប្រព្រឹត្តនោះ ដូច្នេះហើយបានជាព្រះយេហូវ៉ាមិនបានសម្លាប់ដាវីឌទេ។ ប៉ុន្តែព្រះយេហូវ៉ាមានបន្ទូលថា៖ ‹ពីព្រោះឯងបានប្រព្រឹត្តអំពើអាក្រក់ទាំងនេះ ឯងនឹងត្រូវមានរឿងរ៉ាវជាច្រើនក្នុងរាជវង្សរបស់ឯង›។ ត្រូវហើយ ស្តេចដាវីឌមានរឿងរ៉ាវជាច្រើនមែន!
ជាមុនដំបូង បុត្រារបស់នាងបាតសេបាក៏ស្លាប់ទៅ។ បន្ទាប់មក បុត្រាច្បងបង្អស់របស់ស្តេចដាវីឌ នាមអាំណូនបាននៅតែឯងជាមួយតាម៉ារជាប្អូនស្រី រួចក៏ចាប់បង្ខំនាងឲ្យដេកជាមួយគាត់។ បុត្រារបស់ដាវីឌមួយទៀត នាមអាប់សាឡំមខ្ញាល់យ៉ាងខ្លាំងអំពីរឿងនេះ រួចក៏សម្លាប់អាំណូនទៅ។ ក្រោយមកទៀត ប្រជាជនជាច្រើន គេចូលចិត្តនឹងអាប់សាឡំម ហើយគាត់ក៏តាំងខ្លួនគាត់ធ្វើជាស្តេច។ នៅទីបំផុត ស្តេចដាវីឌឈ្នះចម្បាំងនឹងអាប់សាឡំមដែលបានស្លាប់ទៅ។ ពិតណាស់ ស្តេចដាវីឌមានរឿងរ៉ាវជាច្រើនមែន។
ក្នុងកំឡុងគ្រានៃរឿងរ៉ាវទាំងអស់នេះ នាងបាតសេបាប្រសូតបានបុត្រាមួយទៀត នាមសាឡូម៉ូន។ នៅគ្រាដែលស្តេចដាវីឌមានជំងឺនិងជរាណាស់ហើយនោះ បុត្រារបស់ទ្រង់ នាមអ័ដូនីយ៉ាព្យាយាមតាំងខ្លួនឯងធ្វើជាស្តេច។ ខណៈនោះ ស្តេចដាវីឌឲ្យសង្ឃម្នាក់ ឈ្មោះសាដុកឲ្យចាក់ប្រេងលើក្បាលសាឡូម៉ូន ដើម្បីសម្ដែងថា សាឡូម៉ូននឹងត្រូវតាំងជាស្តេចវិញ។ មិនយូរប៉ុន្មានក្រោយមក ស្តេចដាវីឌក៏ទទួលមរណភាពទៅ កាលទ្រង់មានព្រះជន្មាយុបាន៧០ឆ្នាំ។ ទ្រង់បានសោយរាជ្យបាន៤០ឆ្នាំ។ ប៉ុន្តែឥឡូវនេះ សាឡូម៉ូនជាស្តេចនៃសាសន៍អ៊ីស្រាអែល។
សាំយូអែលទី២ ១១:១-២៧; ១២:១-១៨; ពង្សាវតារក្សត្រទី១ ១:១-៤៨