តើអ្នកកំពុងគិតចង់រៀបអាពាហ៍ពិពាហ៍ឬ?
ប្រសិនបើយើងប្រៀបធៀបបាតុភូតពេញពិភពលោក ដែលជាការរញ្ជួយផែនដីជាមួយនឹងការលែងលះគ្នា នោះសហរដ្ឋអាមេរិកគឺស្ថិតនៅលើចំណុចកណ្ដាលនៃការរញ្ជួយផែនដី។ នៅក្នុងមួយឆ្នាំថ្មីៗនេះ អាពាហ៍ពិពាហ៍ជាងមួយលានបានត្រូវបណ្ដាច់នៅទីនោះ ដែលជាមធ្យម រៀងរាល់នាទី មានពីរគូលែងលះគ្នា។ ប៉ុន្តែ អ្នកប្រហែលជាដឹងថា មិនមែនតែសហរដ្ឋអាមេរិកនោះទេ ដែលមានសេចក្ដីវេទនារវាងប្ដីប្រពន្ធនោះ។
យោងទៅតាមវិចារណ៍មួយ ចំនួនការលែងលះគ្នានៅក្នុងប្រទេសកាណាដា ប្រទេសអង់គ្លេសនិងប្រទេសវ៉េលស៍ ប្រទេសបារាំង ប្រទេសក្រិក និងប្រទេសណេដឺលែន គឺបានឡើងមួយជាពីរតាំងពីឆ្នាំ១៩៧០។
យើងមានមូលហេតុជឿថា គូស្វាមីភាគច្រើនរៀបអាពាហ៍ពិពាហ៍ ពីព្រោះគេស្រឡាញ់គ្នា និងចង់ចំណាយពេលអស់មួយជីវិតជាមួយគ្នា។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ សេចក្ដីប្រាថ្នានូវអាពាហ៍ពិពាហ៍ដ៏សប្បាយនេះ គឺតែងតែមិនបានសម្រេចឡើយ គឺគ្រាន់តែសេចក្ដីប្រាថ្នាប៉ុណ្ណោះ។ ក្រោយពីភ្ញាក់ដឹងខ្លួន មនុស្សជាច្រើនបាននិយាយថា គេបានរៀបការលឿនពេក ឬបានរៀបការនឹងមនុស្សខុស ឬលើមូលហេតុទាំងពីរហ្នឹងតែម្ដង។
ហេតុអ្វីក៏អាពាហ៍ពិពាហ៍ជាច្រើននោះបរាជ័យអីចឹង? អ្នកនិពន្ធសៀវភៅអំពីការចែចង់គ្នា មានប្រសាសន៍ថា៖ «មូលហេតុដ៏ធំគឺដោយឥតមានការរៀបចំទុកជាមុន»។ អ្នកស្រីនេះមានប្រសាសន៍ថែមទៀតថា៖ «កាលដែលខ្ញុំទាក់ទងនឹងគូប្ដីប្រពន្ធដែលមានសេចក្ដីទុក្ខខាងអាពាហ៍ពិពាហ៍គេ នោះមានអារម្មណ៍ពីរយ៉ាងដែលពេញខ្លួន គឺជាសេចក្ដីមេត្ដានិងកំហឹង។ ខ្ញុំមានសេចក្ដីមេត្ដា ពីព្រោះគេមិនបានរកឃើញនូវសេចក្ដីប្រាថ្នារបស់គេ ចំពោះទំនាក់ទំនងដ៏ស្កប់ចិត្តរវាងគ្នា។ ខ្ញុំមានកំហឹង ពីព្រោះគេឥតអើពើស្តីអំពីភាពស្មុគស្មាញនៃកិច្ចការនេះ»។
ប្រាកដហើយ មនុស្សជាច្រើនចូលអាពាហ៍ពិពាហ៍ ដោយមិនសូវចេះធ្វើឲ្យបានសម្រេចនោះឡើយ។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។ អ្នកអប់រំម្នាក់បានសង្កេតឃើញថា៖ «តើមានយុវជនរបស់យើងប៉ុន្មាននាក់ ដែលទៅឯវិទ្យាល័យ សិក្សាអំពីមារយាទកណ្ដុរនិងបង្គួយ ប៉ុន្តែឥតបានរៀនអំពីមារយាទនៃមនុស្សពីរនាក់ ដែលបានត្រូវហៅថាប្ដីនិងប្រពន្ធនោះ»?
តើអ្នកកំពុងគិតអំពីអាពាហ៍ពិពាហ៍ គឺអំពីការរៀបការនៅអនាគត ឬក៏អំពីអាពាហ៍ពិពាហ៍ដែលអ្នកកំពុងមាននេះឬទេ? បើដូច្នេះ អ្នកគួរដឹងថាទំនាក់ទំនងក្នុងជីវិតពិត គឺខុសគ្នាឆ្ងាយណាស់ពីទំនាក់ទំនងដែលបង្ហាញក្នុងកុន កម្មវិធីទូរទស្សន៍ និងរឿងប្រលោមលោក។ នៅដដែលគ្នានេះ ការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សដែលមានគំនិតចាស់ទុំពីរនាក់ ដែលប្រាកដជាស្រឡាញ់គ្នា អាចបានត្រូវចាត់ទុកជាពរពីព្រះ។ (សុភាសិត ១៨:២២; ១៩:១៤) ដូច្នេះ តើតាមរបៀបណាដែលអ្នកអាចធ្វើឲ្យប្រាកដថា អ្នកបានប្រុងប្រៀបនឹងបំពេញតាមសេចក្ដីត្រូវការខាងអាពាហ៍ពិពាហ៍នោះ? តើកត្ដាអ្វីខ្លះដែលត្រូវពិចារណា ដើម្បីជ្រើសរើសយកគូស្រករ? ឬបើសិនជាអ្នករៀបការហើយ តើតាមរបៀបណាដែលអ្នកអាចបង្កើន នូវលទ្ធភាពរកសុភមង្គលជាស្ថាពរក្នុងអាពាហ៍ពិពាហ៍របស់អ្នក?