ជីវប្រវត្ដិ
ប្រាំទសវត្សរ៍ក្នុងកិច្ចបម្រើពេញពេលនៅជិតតំបន់អាកទិច
យើងបាននិយាយទៅមិត្តភក្ដិរបស់យើងដែលកំពុងផ្សព្វផ្សាយពេញពេលថា៖ «អ្នកស្រួលត្រួសត្រាយ ដោយសារឪពុកម្ដាយរបស់អ្នកនៅក្នុងសេចក្ដីពិត ហើយពួកគាត់ជួយគាំទ្រអ្នក»។ នាងបានឆ្លើយមកវិញថា៖ «នែសូមស្ដាប់ខ្ញុំ! យើងទាំងអស់គ្នាមានឪពុកតែមួយទេតើ»។ ចម្លើយរបស់នាងមានមេរៀនដ៏សំខាន់មួយគឺ បិតារបស់យើងនៅស្ថានសួគ៌ថែរក្សាអ្នកបម្រើរបស់លោក ហើយពង្រឹងកម្លាំងពួកគេ។ អស់មួយជីវិតរបស់យើង លោកពិតជាបានថែទាំយើងមែន។
យើងបានកើតក្នុងក្រុមគ្រួសារកសិករដែលមានកូន១០នាក់ នៅភាគខាងជើងតំបន់អូស្ត្រូបូតនីយ៉ា ប្រទេសហ្វាំងឡង់។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ពួកយើងនៅក្មេងនៅឡើយ។ ទោះជាយើងរស់នៅរាប់រយគីឡូម៉ែត្រពីសមរភូមិក៏ដោយ យើងបានដឹងថាមនុស្សកំពុងរងទុក្ខយ៉ាងខ្លាំង។ ពេលមានការទម្លាក់គ្រាប់បែកនៅក្រុងអ៊ូលូនិងក្រុងកាឡាចូគីដែលជាក្រុងនៅជិតកន្លែងយើងរស់នៅ យើងបានឃើញមេឃមានពណ៌ក្រហមដោយសារភ្លើងឆេះនៅពេលយប់។ ឪពុកម្ដាយយើងបានតឿនយើងឲ្យពួនភ្លាមៗពេលឃើញយន្តហោះចម្បាំងហោះនៅលើមេឃ។ ដូច្នេះពេលដែលបងប្រុសច្បងរបស់យើងឈ្មោះតាវណូនិយាយប្រាប់យើងថា ក្នុងសួនឧទ្យាននៅលើផែនដីគ្មានអំពើអយុត្ដិធម៌ យើងបានរំភើបចិត្ត។
តាវណូបានរៀនសេចក្ដីពិតក្នុងគម្ពីរពេលគាត់អាយុ១៤ឆ្នាំ ពីសៀវភៅរបស់និស្សិតគម្ពីរ។ ពេលដែលសង្គ្រាមលោកលើកទី២ចាប់ផ្ដើម គាត់បានបដិសេធមិនព្រមបំពេញកាតព្វកិច្ចយោធាដោយសារសមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំពីគម្ពីរ ហើយគាត់បានជាប់ពន្ធនាគារ។ នៅទីនោះគេបានប្រព្រឹត្តយ៉ាងសាហាវឃោរឃៅមកលើគាត់។ ប៉ុន្តែនោះបានធ្វើឲ្យគាត់ចង់បម្រើព្រះយេហូវ៉ាកាន់តែខ្លាំងថែមទៀត ហើយបន្ទាប់ពីគាត់បានត្រូវដោះលែង គាត់ផ្សព្វផ្សាយកាន់តែខ្នះខ្នែង។ គំរូដ៏ល្អរបស់បងប្រុសយើងបានលើកទឹកចិត្តយើងឲ្យទៅប្រជុំដែលសាក្សីព្រះយេហូវ៉ាធ្វើឡើងនៅភូមិជិតភូមិយើង។ យើងក៏បានទៅមហាសន្និបាតដែរ ទោះជាយើងត្រូវតែខំសន្សំលុយដើម្បីធ្វើដំណើរក៏ដោយ។ យើងបានដេរខោអាវសម្រាប់អ្នកជិតខាង ដាំខ្ទឹមបារាំង និងបេះផ្លែឈើតូចៗ។ ដោយសារយើងមានការងារច្រើននៅកសិដ្ឋានរបស់យើង ជារឿយៗយើងមិនអាចទៅមហាសន្និបាតជាមួយគ្នាបានទេ ដូច្នេះយើងដាក់វេនគ្នាទៅ។
សេចក្ដីពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកដែលយើងបានរៀនធ្វើឲ្យយើងស្រឡាញ់លោកកាន់តែខ្លាំង ហើយយើងបានសម្រេចចិត្តប្រគល់ជីវិតរបស់យើងជូនលោក។ នៅឆ្នាំ១៩៤៧ យើងទាំងពីរនាក់បានបង្ហាញការប្រគល់ខ្លួនជូនព្រះដោយទទួលការជ្រមុជទឹក (អាននីកគីអាយុ១៥ឆ្នាំ ហើយអាយលីអាយុ១៧)។ បងស្រីរបស់យើងឈ្មោះសាយមីបានទទួលការជ្រមុជទឹកនៅឆ្នាំនោះដែរ។ យើងក៏បង្រៀនគម្ពីរដល់បងស្រីរបស់យើងឈ្មោះលីនណេអាដែលបានរៀបការហើយ។ គាត់និងក្រុមគ្រួសាររបស់គាត់បានក្លាយជាសាក្សីព្រះយេហូវ៉ាដែរ។ ក្រោយពីទទួលការជ្រមុជទឹក យើងបានកំណត់គោលដៅធ្វើជាអ្នកត្រួសត្រាយពេញពេល ដោយបម្រើជាអ្នកត្រួសត្រាយពេលសម្រាកពីការងារ (ឬអ្នកត្រួសត្រាយជំនួយ) ម្ដងម្កាល។
ការចូលរួមក្នុងកិច្ចបម្រើពេញពេល
នៅឆ្នាំ១៩៥៥យើងបានរើទៅក្រុងកេមី ដែលជាក្រុងមួយនៅខាងជើងឆ្ងាយពីកន្លែងដែលយើងរស់នៅ។ ទោះជាយើងទាំងពីរនាក់ធ្វើការពេញពេលក៏ដោយ យើងនៅតែចង់ក្លាយទៅជាអ្នកត្រួសត្រាយ ប៉ុន្តែយើងបារម្ភថាយើងមិនអាចចិញ្ចឹមខ្លួនយើងបានទេ។ យើងបានគិតថា មុនដំបូងយើងគួរសន្សំលុយជាមុនសិន។ នៅពេលនោះយើងបានពិភាក្សាជាមួយបងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយ ដែលយើងបាននិយាយខាងលើ។ បងស្រីនោះបានជួយយើងឲ្យដឹងថា ការបម្រើព្រះយេហូវ៉ាពេញពេលមិនអាស្រ័យលើធនធានដែលយើងមានឬការជួយជ្រោមជ្រែងពីក្រុមគ្រួសារប៉ុណ្ណោះទេ អ្វីដែលសំខាន់បំផុតគឺយើងត្រូវពឹងពាក់លើបិតារបស់យើងដែលស្ថិតនៅស្ថានសួគ៌។
នៅពេលនោះ យើងមានលុយគ្រប់គ្រាន់ដែលយើងសន្សំសម្រាប់ចិញ្ចឹមជីវិតក្នុងរយៈពេលពីរខែ។ ដូច្នេះនៅខែឧសភា ឆ្នាំ១៩៥៧ ទាំងភ័យព្រួយយើងបានដាក់ពាក្យសុំត្រួសត្រាយពីរខែនៅប៉េលឡូ ដែលជាក្រុងមួយនៅឡាបឡេន នៅតំបន់អាកទិច។ ក្រោយពីបានផ្សព្វផ្សាយអស់ពីរខែ យើងនៅតែមានលុយដែលយើងសន្សំដដែល ដូច្នេះយើងបានដាក់ពាក្យសុំត្រួសត្រាយពីរខែទៀត។ ពីរខែក្រោយមក យើងនៅតែមានលុយដែលយើងបានសន្សំទាំងអស់ ឥឡូវនេះយើងដឹងប្រាកដថាព្រះយេហូវ៉ានឹងថែរក្សាយើង។ ក្រោយពីយើងត្រួសត្រាយអស់៥០ឆ្នាំ យើងនៅតែមានលុយដែលយើងសន្សំដដែល! ពេលគិតអំពីអតីតកាល យើងមានអារម្មណ៍ហាក់ដូចជាព្រះយេហូវ៉ាបានកាន់ដៃយើង ហើយមានប្រសាសន៍ថា៖ «កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង»។—អេ. ៤១:១៣
ក្រោយពីយើងត្រួសត្រាយអស់៥០ឆ្នាំ យើងនៅតែមានលុយដែលយើងសន្សំដដែល!
នៅឆ្នាំ១៩៥៨ អ្នកត្រួតពិនិត្យមណ្ឌលបានជូនយោបល់ឲ្យយើងរើទៅបម្រើជាអ្នកត្រួសត្រាយពិសេសនៅក្រុងមួយឈ្មោះសូដានគីឡា នៅតំបន់ឡាបឡេន។ ពេលនោះមានតែសាក្សីម្នាក់ប៉ុណ្ណោះនៅតំបន់នោះ គឺបងស្រីម្នាក់។ របៀបដែលគាត់បានរៀនសេចក្ដីពិតក្នុងគម្ពីរគឺគួរឲ្យចាប់អារម្មណ៍។ កូនប្រុសរបស់គាត់បានធ្វើដំណើរជាមួយមិត្តរួមថ្នាក់ទាំងអស់ទៅក្រុងហេលស៊ីនគី ដែលជារដ្ឋធានីនៃប្រទេសហ្វាំងឡង់។ ពេលដែលក្រុមនោះកំពុងដើរក្នុងទីក្រុង បងស្រីវ័យចាស់ម្នាក់បានហុចទស្សនាវដ្ដីប៉មយាមមួយច្បាប់ឲ្យក្មេងប្រុសម្នាក់ ដែលឈរក្រោយគេក្នុងជួររបស់គាត់ ហើយបានសុំក្មេងប្រុសនោះឲ្យប្រគល់ទស្សនាវដ្ដីនេះទៅម្ដាយរបស់គាត់។ ពេលដែលម្ដាយគាត់អានទស្សនាវដ្ដីនោះ គាត់ដឹងភ្លាមៗថាទស្សនាវដ្ដីនេះបង្រៀនសេចក្ដីពិតអំពីគម្ពីរ។
យើងបានជួលបន្ទប់មួយដែលនៅខាងលើរោងអារឈើ។ យើងមានកិច្ចប្រជុំនៅទីនោះ។ មុនដំបូងអ្នកដែលបានចូលរួមកិច្ចប្រជុំ គឺយើងទាំងពីរនាក់ និងបងស្រីម្នាក់ព្រមទាំងកូនស្រីរបស់គាត់ដែលរស់នៅទីនោះ។ យើងអានសៀវភៅសម្រាប់សិក្សាជាមួយគ្នា។ ក្រោយមក បុរសម្នាក់ដែលសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាបានមកដើម្បីធ្វើការនៅរោងអារឈើ។ គាត់និងក្រុមគ្រួសាររបស់គាត់បានចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាមួយក្រុមរបស់យើង។ ក្រោយមកគាត់និងប្រពន្ធបានទទួលការជ្រមុជទឹក។ បងប្រុសនេះបានដឹកនាំកិច្ចប្រជុំរបស់យើង។ បន្ថែមទៅទៀត បុរសខ្លះទៀតដែលធ្វើការនៅរោងអារឈើបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ ហើយបានទទួលយកសេចក្ដីពិត។ ពីរបីឆ្នាំក្រោយមក ក្រុមរបស់យើងបានរីកចម្រើនរហូតដល់បានក្លាយទៅជាក្រុមជំនុំមួយ។
ស្ថានភាពពិបាក
ការធ្វើដំណើរយ៉ាងឆ្ងាយទៅផ្សព្វផ្សាយគឺជាការពិបាកមួយ។ នៅរដូវក្ដៅយើងដើរ ជិះកង់ ហើយថែមទាំងអុំទូកដើម្បីទៅជួបមនុស្សក្នុងតំបន់ផ្សាយ។ កង់របស់យើងមានប្រយោជន៍ខ្លាំងណាស់។ យើងក៏ប្រើវាដែរដើម្បីទៅមហាសន្និបាតនិងទៅលេងឪពុកម្ដាយយើងដែលរស់នៅរាប់រយគីឡូម៉ែត្រពីផ្ទះយើង។ ក្នុងអំឡុងរដូវធ្លាក់ទឹកកក យើងជិះឡានក្រុងតាំងពីព្រឹកព្រលឹមដើម្បីទៅភូមិមួយនៅក្នុងតំបន់ ហើយបន្ទាប់មកដើរពីផ្ទះមួយទៅផ្ទះមួយ។ ក្រោយពីយើងផ្សព្វផ្សាយចប់នៅភូមិមួយ យើងដើរទៅភូមិបន្ទាប់។ ជួនកាលព្រឹលធ្លាក់យ៉ាងក្រាស់លើផ្លូវ។ យើងច្រើនតែដើរតាមដានរទេះសេះដែលរអិលលើទឹកកក។ ជួនកាលព្រឹលធ្លាក់លុបដានរបស់អ្នកដែលធ្វើដំណើរមុន ហើយនៅដើមរដូវផ្ការីក យើងត្រូវតែដើរយ៉ាងលំបាកកាត់ព្រឹលដែលចាប់ផ្ដើមទន់យ៉ាងខ្លាំងហើយប៉ប៊ិចប៉ប៉ាច់។
យើងរៀនស្លៀកពាក់ក្រាស់ៗពេលដែលមានអាកាសធាតុត្រជាក់និងពេលធ្លាក់ទឹកកក។ យើងពាក់ស្រោមជើងចាក់ធ្វើពីឡែនជាមួយស្រោមជើងពីរឬបីគូទៀត ហើយពាក់ស្បែកជើងកវែង។ ប៉ុន្តែជារឿយៗស្បែកជើងរបស់យើងមានព្រឹលចូលពេញ។ ពេលយើងទៅដល់ជណ្ដើរផ្ទះណាមួយ យើងដោះស្បែកជើងហើយគោះព្រឹលទាំងនោះចេញ។ ជាយអាវវែងរបស់យើងទទឹកពេលយើងដើរកាត់ព្រឹល។ បន្ទាប់មកពេលដែលអាកាសធាតុកាន់តែត្រជាក់ ជាយអាវរបស់យើងរឹង ហើយពេលដើរយើងមានអារម្មណ៍ថាកំពុងពាក់អាវដែលធ្វើពីដែក។ ស្ត្រីមេផ្ទះម្នាក់បាននិយាយថា៖ ‹អ្នកប្រាកដជាមានជំនឿពិត ដោយសារអ្នកមកទាំងពេលមានអាកាសធាតុមិនល្អបែបនេះ›។ យើងបានដើរអស់ជាង១១គីឡូម៉ែត្រ (៧ម៉ៃល៍) ដើម្បីទៅផ្ទះនោះ។
ដោយសារត្រូវធ្វើដំណើរយ៉ាងឆ្ងាយ យើងច្រើនតែស្នាក់នៅផ្ទះរបស់អ្នកស្រុកមួយយប់។ ពេលល្ងាចជិតយប់ យើងបានចាប់ផ្ដើមសុំផ្ទះគេស្នាក់នៅ។ ផ្ទះដែលយើងស្នាក់នៅនោះគឺសាមញ្ញ ប៉ុន្តែមនុស្សទទួលយើងយ៉ាងរាក់ទាក់ ហើយពួកគេមិនត្រឹមតែឲ្យផ្ទះយើងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ឲ្យម្ហូបផងដែរ។ ជាច្រើនលើកយើងបានគេងលើស្បែកសត្វ។ ប៉ុន្តែ ផ្ទះខ្លះមានបន្ទប់ទទួលភ្ញៀវដែលយើងអាចស្នាក់នៅបាន។ ជាឧទាហរណ៍ ស្ត្រីម្នាក់ដែលរស់នៅផ្ទះធំមួយបាននាំយើងឡើងទៅបន្ទប់សម្រាប់ទទួលភ្ញៀវដែលមានគ្រែដ៏ស្អាតមួយដែលមានកម្រាលពូកពណ៌សមានជរ។ ជាច្រើនលើកយើងពិភាក្សាជាមួយម្ចាស់ផ្ទះអំពីគម្ពីររហូតដល់យប់ជ្រៅ។ នៅកន្លែងមួយ ប្ដីប្រពន្ធដែលជាម្ចាស់ផ្ទះគេងនៅកន្លែងម្ខាងក្នុងបន្ទប់ ហើយយើងគេងនៅម្ខាងទៀត។ យើងពិភាក្សាបទគម្ពីរជាមួយពួកគេតាំងពីពេលយប់រហូតដល់ទៀបភ្លឺ។ ប្ដីប្រពន្ធនោះសួរសំណួរយើងម្នាក់ម្ដង សួរសំណួរមួយហើយមួយទៀត។
យើងបានទទួលជោគជ័យក្នុងកិច្ចបម្រើផ្សាយ
តំបន់ឡាបឡេនគឺជាកន្លែងដ៏ស្អាត។ ប៉ុន្តែចំពោះយើង មនុស្សដែលមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាគឺអស្ចារ្យជាងទីកន្លែងដ៏ស្អាតនេះទៅទៀត។ មនុស្សខ្លះដែលយើងបានផ្សព្វផ្សាយគឺជាមនុស្សប្រុសដែលបានរើមកតំបន់ឡាបឡេនដើម្បីកាប់ឈើ។ ជួនកាល ពេលយើងទាំងពីរនាក់ចូលទៅដល់ផ្ទះតូចមួយ យើងឃើញមានមនុស្សប្រុសជាច្រើននាក់រស់នៅក្នុងនោះ។ បុរសដែលមានមាឌមាំទាំងនេះយល់ព្រមទទួលដំណឹងល្អពីគម្ពីរ ហើយសប្បាយនឹងទទួលសៀវភៅផ្សេងៗ។
យើងមានបទពិសោធន៍ជាច្រើនដែលគួរឲ្យរំភើបចិត្ត។ ថ្ងៃមួយ នាឡិកានៅចំណតឡានក្រុងដើរលឿនជាងប្រាំនាទី ដូច្នេះយើងទៅមិនទាន់ឡានក្រុងដែលយើងជិះ។ យើងបានសម្រេចចិត្តជិះឡានក្រុងមួយទៀតទៅភូមិផ្សេង។ យើងមិនដែលផ្សព្វផ្សាយនៅតំបន់នោះទេពីមុនមក។ នៅផ្ទះទី១ដែលយើងផ្សាយ យើងបានជួបយុវនារីម្នាក់ដែលនិយាយថា៖ «ឥឡូវអ្នកមកដូចខ្ញុំបានរំពឹងទុក»។ យើងបង្រៀនគម្ពីរដល់បងស្រីរបស់គាត់។ យុវនារីនេះបានសុំបងស្រីគាត់ណាត់ពេលយើងឲ្យមកជួបគាត់នៅថ្ងៃនោះដែរ។ ប៉ុន្តែគាត់មិនបានប្រាប់យើងទេ។ យើងបានសិក្សាគម្ពីរជាមួយនាង និងជាមួយសាច់ញាតិនាងដែលរស់នៅភូមិក្បែរនោះ។ មិនយូរក្រោយមកយើងបានបង្រៀនសិស្សគម្ពីរទាំងនេះជាមួយគ្នា ហើយមានមនុស្សទាំងអស់១២នាក់បានចូលរួមក្នុងការសិក្សានោះ។ តាំងពីពេលនោះមក មនុស្សជាច្រើននាក់ក្នុងក្រុមគ្រួសារនេះបានក្លាយជាសាក្សីព្រះយេហូវ៉ា។
នៅឆ្នាំ១៩៦៥ យើងបានត្រូវចាត់ឲ្យទៅបម្រើនៅក្រុមជំនុំរបស់យើងបច្ចុប្បន្ននេះ នៅគូសាម៉ូដែលនៅជិតតំបន់អាកទិច។ នៅពេលនោះ ក្រុមជំនុំមានអ្នកផ្សព្វផ្សាយតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុនដំបូងតំបន់ផ្សាយថ្មីរបស់យើងហាក់ដូចជាពិបាកផ្សព្វផ្សាយ។ មនុស្សមានជំនឿយ៉ាងខ្លាំងក្នុងសាសនា ហើយមិនចូលចិត្តកិច្ចការរបស់យើងទេ។ ទោះជាយ៉ាងនោះក្ដី មានមនុស្សជាច្រើននាក់ដែលគោរពគម្ពីរ។ ដូច្នេះយើងព្យាយាមស្គាល់មនុស្សទាំងនោះ ហើយប្រហែលជាពីរឆ្នាំក្រោយមកយើងស្រួលចាប់ផ្ដើមការសិក្សាគម្ពីរជាងមុន។
យើងនៅតែជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ
សព្វថ្ងៃនេះ យើងគ្មានកម្លាំងដើម្បីផ្សព្វផ្សាយពេញមួយថ្ងៃទេ ប៉ុន្តែយើងនៅតែចូលរួមកិច្ចបម្រើផ្សាយស្ទើរតែរាល់ថ្ងៃ។ ឥឡូវគឺងាយស្រួលជាងពីមុនក្នុងការផ្សព្វផ្សាយនៅតំបន់ផ្សាយដ៏ធំរបស់យើង ដោយសារអាយលីបានរៀនបើកបរ។ ក្មួយប្រុសម្នាក់របស់យើងបានលើកទឹកចិត្តគាត់ឲ្យរៀនបើកបរ ហើយគាត់បានទទួលប័ណ្ណបើកបរនៅឆ្នាំ១៩៨៧ ពេលដែលគាត់មានអាយុ៥៦ឆ្នាំ។ ម្យ៉ាងទៀត ឥឡូវនេះយើងរស់នៅផ្ទះដែលនៅជាប់នឹងសាលប្រជុំថ្មី។
យើងសប្បាយចិត្តណាស់ដោយសារមនុស្សជាច្រើននាក់បានទទួលសេចក្ដីពិតនៅភាគខាងជើងប្រទេសហ្វាំងឡង់។ កាលដែលយើងផ្សព្វផ្សាយដំបូងនៅទីនេះ មានអ្នកផ្សព្វផ្សាយតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ឥឡូវក្រុមជំនុំមួយចំនួនរួមគ្នាជាមណ្ឌលមួយ។ ជារឿយៗនៅសន្និបាតនិងមហាសន្និបាត មានមនុស្សណែនាំខ្លួនឲ្យយើងស្គាល់ ហើយសួរយើងថាយើងចាំគាត់បានឬទេ។ ក្នុងករណីខ្លះ យើងបានដឹកនាំការសិក្សាគម្ពីរនៅផ្ទះគាត់ ពេលដែលគាត់នៅតូច។ គ្រាប់ពូជដែលយើងបានសាបព្រោះអស់រាប់ឆ្នាំឬអស់រាប់ទសវត្សរ៍ បានបង្កើតផល!—១កូ. ៣:៦
នៅឆ្នាំ២០០៨ យើងបានធ្វើជាអ្នកត្រួសត្រាយពិសេសគ្រប់៥០ឆ្នាំ។ យើងអរគុណព្រះយេហូវ៉ាដែលយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីបន្តធ្វើកិច្ចការដ៏មានតម្លៃរបស់លោក។ យើងមានជីវិតសាមញ្ញ ប៉ុន្តែយើងមិនដែលខ្វះអ្វីសោះ។ (ទំនុក. ២៣:១) ឥឡូវយើងដឹងថាយើងមិនគួរភ័យខ្លាចទេ ពេលដែលយើងចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ! ក្នុងរយៈពេលជាច្រើនឆ្នាំនេះ ព្រះយេហូវ៉ាបានពង្រឹងកម្លាំងយើងតាមរយៈសេចក្ដីសន្យារបស់លោកនៅអេសាយ ៤១:១០ ដែលចែងថា៖ «អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញ»។