តើអ្នក«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»ឬទេ?
«គ្រិស្តយេស៊ូ . . . បានប្រគល់ខ្លួនដើម្បី . . . សម្អាតយើងដើម្បីឲ្យធ្វើជារាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។—ទីតុស ២:១៣, ១៤
១, ២. តើកិត្ដិយសដ៏ខ្ពង់ខ្ពស់អ្វី ដែលសាក្សីព្រះយេហូវ៉ាមាន ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះកិត្ដិយសនោះ?
មនុស្សជាច្រើននាក់ចាត់ទុកថាជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយ ពេលពួកគេបានទទួលរង្វាន់ចំពោះអ្វីមួយដែលពួកគេបានសម្រេចយ៉ាងល្អប្រសើរ។ ជាឧទាហរណ៍ មនុស្សខ្លះបានទទួលរង្វាន់ណូបែលដោយសារពួកគេជួយប្រជាជាតិពីរឲ្យមានសន្ដិភាពជាមួយនឹងគ្នា។ ប៉ុន្តែ យើងមានកិត្ដិយសខ្ពង់ខ្ពស់ជាងនេះទៅទៀត ដែលព្រះចាត់យើងធ្វើជាទូតឬជាតំណាងលោកដើម្បីជួយមនុស្សឲ្យមានទំនាក់ទំនងដ៏សុខសាន្តជាមួយនឹងព្រះដែលជាអ្នកបង្កើតពួកគេ!
២ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងជារាស្ត្រតែមួយគត់ដែលមានកិត្ដិយសដ៏ខ្ពង់ខ្ពស់នោះ។ ក្រោមបង្គាប់របស់ព្រះនិងគ្រិស្ត យើងអង្វរមនុស្សឲ្យ«ផ្សះផ្សាជាមួយនឹងព្រះ»។ (២កូ. ៥:២០) ព្រះកំពុងប្រើយើងឲ្យទាញនាំមនុស្សមកឯលោក។ នេះជារបៀបដែលយើងជួយមនុស្សរាប់លាននាក់ នៅជាង២៣៥ប្រទេសឲ្យមានចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះ ហើយយ៉ាងនេះពួកគេមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។ (ទីត. ២:១១) ដោយមានចិត្តខ្នះខ្នែង យើងអញ្ជើញ«អ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត [ឲ្យ]មកយកដោយឥតគិតថ្លៃ»។ (បប. ២២:១៧) ដោយសារយើងឲ្យតម្លៃដល់ភារកិច្ចដ៏វិសេសនេះ ហើយបំពេញកិច្ចការនេះដោយចិត្តខ្នះខ្នែង យើងអាចត្រូវគេហៅយ៉ាងត្រឹមត្រូវថាជារាស្ត្រដែល«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។ (ទីត. ២:១៤) ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលការខ្នះខ្នែងរបស់យើងដើម្បីធ្វើការដ៏ល្អប្រសើរជួយយើងទាញនាំមនុស្សឲ្យមកឯព្រះយេហូវ៉ា។ របៀបមួយ គឺតាមរយៈកិច្ចផ្សព្វផ្សាយរបស់យើង។
ចូរយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូស្តីអំពីចិត្តខ្នះខ្នែង
៣. តើ«ចិត្តខ្នះខ្នែងរបស់ព្រះយេហូវ៉ា»ពង្រឹងទំនុកចិត្តយើងយ៉ាងណា?
៣ ស្តីអំពីអ្វីដែលការគ្រប់គ្រងនៃបុត្ររបស់ព្រះនឹងសម្រេច សៀវភៅអេសាយចែងថា៖ «សេចក្ដីឧស្សាហ៍[ឬ«ចិត្តខ្នះខ្នែង»]របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ»។ (អេ. ៩:៧; ព.ថ.) ពាក្យទាំងនេះបញ្ជាក់ថាបិតារបស់យើងដែលនៅស្ថានសួគ៌យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសង្គ្រោះមនុស្សជាតិ។ គំរូរបស់ព្រះយេហូវ៉ាស្តីអំពីចិត្តខ្នះខ្នែងបញ្ជាក់យ៉ាងច្បាស់ថា យើងគួរគាំទ្រអស់ពីដួងចិត្តនូវកិច្ចការដែលព្រះប្រគល់ឲ្យយើងធ្វើជាអ្នកប្រកាសអំពីរាជាណាចក្រ ហើយបំពេញកិច្ចការនោះដោយចិត្តរំភើបនិងចិត្តខ្នះខ្នែង។ ពេលយើងមានចិត្តចង់យ៉ាងខ្លាំងដើម្បីជួយអ្នកឯទៀតឲ្យស្គាល់ព្រះ នោះយើងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវចិត្តខ្នះខ្នែងរបស់ព្រះយេហូវ៉ា។ ដូច្នេះ ក្នុងនាមជាអ្នករួមការងារជាមួយនឹងព្រះ តើយើងតាំងចិត្តចូលរួមឲ្យបានច្រើនបំផុតក្នុងការប្រកាសដំណឹងល្អ កាលណាស្ថានភាពរបស់យើងអនុញ្ញាតឲ្យឬទេ?—១កូ. ៣:៩
៤. តើលោកយេស៊ូបានទុកគំរូយ៉ាងណា ក្នុងការបង្ហាញចិត្តខ្នះខ្នែងនិងការតស៊ូព្យាយាមក្នុងកិច្ចបម្រើផ្សាយ?
៤ សូមពិចារណាអំពីចិត្តខ្នះខ្នែងរបស់លោកយេស៊ូផងដែរ។ លោកបានទុកគំរូដ៏ល្អឥតខ្ចោះក្នុងការបង្ហាញចិត្តខ្នះខ្នែងនិងការតស៊ូព្យាយាមក្នុងកិច្ចបម្រើផ្សាយ។ ទោះជាលោកទទួលរងការប្រឆាំងយ៉ាងខ្លាំងក្ដី លោកនៅតែមានចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយរហូតដល់ចុងបញ្ចប់នៃជីវិតរបស់លោកនៅផែនដី។ (យ៉ូន. ១៨:៣៦, ៣៧) លុះជិតដល់ពេលដែលលោកយេស៊ូត្រូវស្លាប់ដើម្បីជាគ្រឿងបូជា លោកបានតាំងចិត្តកាន់តែខ្លាំងដើម្បីជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា។
៥. តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាស្របតាមឧទាហរណ៍របស់លោកស្តីអំពីដើមល្វា?
៥ ជាឧទាហរណ៍ នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ៣២ គ.ស. លោកយេស៊ូបានលើកឧទាហរណ៍មួយអំពីបុរសម្នាក់ដែលមានដើមល្វាមួយដើមដែលគ្មានផ្លែអស់បីឆ្នាំហើយនៅចម្ការទំពាំងបាយជូររបស់គាត់។ ពេលដែលបុរសនោះបានប្រាប់អ្នកថែចម្ការឲ្យកាប់ដើមនោះចោល អ្នកថែចម្ការនោះបានសុំទុកពេល ដើម្បីឲ្យគាត់ដាក់ជី។ (សូមអាន លូកា ១៣:៦-៩) ពេលដែលលោកយេស៊ូបានមានប្រសាសន៍អំពីរឿងនេះ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលបានក្លាយទៅជាអ្នកកាន់តាមលោក។ ប៉ុន្តែ ដូចឧទាហរណ៍នោះស្តីអំពីអ្នកថែចម្ការ លោកយេស៊ូបានប្រើពេលវេលាដ៏ខ្លីដែលនៅសល់ប្រហែលជា៦ខែដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយនៅតំបន់យូឌានិងស្រុកបេរៀ។ ប៉ុន្មានថ្ងៃមុនលោកទទួលមរណភាព លោកបានយំសោកចំពោះជនរួមជាតិរបស់លោកដែលបាន«ឮនឹងត្រចៀក តែមិនបានអើពើ»។—ម៉ាថ. ១៣:១៥; លូក. ១៩:៤១
៦. ហេតុអ្វីយើងគួរបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ?
៦ ដោយសារយើងដឹងថាគ្រាចុងក្រោយបង្អស់នេះជិតចប់ហើយ គឺសំខាន់ចាំបាច់ណាស់ដែលយើងខំប្រឹងផ្សព្វផ្សាយកាន់តែខ្លាំងឡើង។ (សូមអាន ដានីយ៉ែល ២:៤១-៤៥) យើងពិតជាមានឯកសិទ្ធិដ៏អស្ចារ្យណាស់ដែលធ្វើជាសាក្សីព្រះយេហូវ៉ា! នៅលើផែនដីនេះ មានតែយើងប៉ុណ្ណោះដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សជាតិអំពីដំណោះស្រាយពិតប្រាកដចំពោះបញ្ហារបស់ពួកគេ។ ថ្មីៗនេះ អ្នកសារព័ត៌មានម្នាក់បានរៀបរាប់អំពីសំណួរមួយដែលមិនអាចឆ្លើយបាន ដែលថា៖ «ហេតុអ្វីមនុស្សល្អជួបរឿងអាក្រក់?»។ ដូច្នេះ ជាគ្រិស្តសាសនិកយើងមានភារកិច្ចនិងមានឯកសិទ្ធិជួយផ្ដល់ចម្លើយចំពោះសំណួរបែបនេះដល់អស់អ្នកដែលសុខចិត្តស្ដាប់។ យើងមានមូលហេតុគ្រប់គ្រាន់ដើម្បី«ពុះកញ្ជ្រោលដោយសកម្មពល» ពេលយើងបំពេញភារកិច្ចដែលព្រះផ្ដល់ឲ្យ។ (រ៉ូម ១២:១១) ដោយសារព្រះឲ្យពរយើង នោះការផ្សព្វផ្សាយរបស់យើងដោយចិត្តខ្នះខ្នែងអាចជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា ហើយស្រឡាញ់លោក។
ការលះបង់ប្រយោជន៍ខ្លួនលើកកិត្ដិយសព្រះយេហូវ៉ា
៧, ៨. តើតាមរបៀបណាដែលស្មារតីលះបង់ប្រយោជន៍ខ្លួនលើកកិត្ដិយសព្រះយេហូវ៉ា?
៧ ដូចបទពិសោធន៍របស់សាវ័កប៉ូលបានបង្ហាញ កិច្ចបម្រើផ្សាយរបស់យើងអាចនាំឲ្យយើង«អត់ងងុយ»និង«គ្មានអាហារបរិភោគ»។ (២កូ. ៦:៥) បងប្អូនប្រុសស្រីរបស់យើងលះបង់ប្រយោជន៍ខ្លួនស្រដៀងនេះដែរដើម្បីបំពេញកិច្ចបម្រើផ្សាយ។ ពួកអ្នកត្រួសត្រាយចាត់ទុកកិច្ចបម្រើផ្សាយជាអាទិភាព ប៉ុន្តែពួកគាត់ភាគច្រើនត្រូវធ្វើការងារដើម្បីចិញ្ចឹមជីវិត។ សូមពិចារណាផងដែរអំពីបងប្អូនសាសនទូតដ៏ស្មោះភក្ដីដែល‹ប្រគល់ខ្លួនពួកគេដូចគ្រឿងបូជាជាស្រាដែលត្រូវច្រួចទៅ›ដើម្បីបម្រើមនុស្សនៅប្រទេសផ្សេង។ (ភី. ២:១៧) ចុះយ៉ាងណាដែរចំពោះពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ដើម្បីថែទាំចៀមរបស់ព្រះយេហូវ៉ារហូតដល់មិនបានបរិភោគអាហារ ឬអត់ងងុយ? នៅក្នុងក្រុមជំនុំ បងប្អូនវ័យចាស់និងបងប្អូនដែលឈឺ ខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំនិងទៅផ្សព្វផ្សាយ។ ចិត្តរបស់យើងពោរពេញដោយអំណរគុណ ពេលដែលយើងគិតដល់ពួកអ្នកបម្រើព្រះដែលមានស្មារតីលះបង់ប្រយោជន៍ខ្លួនបែបនេះ។ ចិត្តខ្នះខ្នែងនេះមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកឯទៀតចំពោះកិច្ចបម្រើផ្សាយរបស់យើង។
៨ បុគ្គលម្នាក់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ាបានសរសេរសំបុត្រទៅកាន់សារព័ត៌មានមួយ នៅរាជាណាចក្រអង់គ្លេសថា៖ «មនុស្សចាប់ផ្ដើមអស់ជំនឿលើសាសនា . . . តើបព្វជិតសាសនាទាំងនោះធ្វើអ្វីរាល់ថ្ងៃ? ពួកគេច្បាស់ជាមិនចេញទៅរកជួបមនុស្សដូចលោកយេស៊ូធ្លាប់ធ្វើទេ . . .។ តាមមើលទៅមានសាសនាតែមួយប៉ុណ្ណោះដែលយកចិត្តទុកដាក់នឹងមនុស្ស ពួកគេគឺជាសាក្សីព្រះយេហូវ៉ា ដែលចេញទៅរកជួបមនុស្ស ហើយចូលរួមយ៉ាងស្មោះក្នុងការផ្សព្វផ្សាយសេចក្ដីពិត»។ មនុស្សភាគច្រើនក្នុងពិភពលោកនេះមិនសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីអ្នកឯទៀតទេ។ ប៉ុន្តែដោយសារយើងសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីផ្សព្វផ្សាយ នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា។—រ៉ូម ១២:១
៩. ដើម្បីឲ្យយើងនៅតែមានចិត្តខ្នះខ្នែងធ្វើការល្អប្រសើរក្នុងកិច្ចបម្រើផ្សាយរបស់យើង តើអ្វីអាចជំរុញចិត្តយើង?
៩ ក៏ប៉ុន្តែ ប្រសិនបើយើងហាក់ដូចជាលែងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ តើយើងត្រូវធ្វើអ្វី? ជាការល្អដែលយើងរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាកំពុងសម្រេចតាមរយៈកិច្ចការផ្សព្វផ្សាយនោះ។ (សូមអាន រ៉ូម ១០:១៣-១៥) សេចក្ដីសង្គ្រោះគឺអាស្រ័យទៅលើការហៅរកនាមរបស់ព្រះយេហូវ៉ាដោយជំនឿ ប៉ុន្តែមនុស្សនឹងមិនធ្វើដូច្នោះទេ បើយើងមិនផ្សព្វផ្សាយដល់ពួកគេ។ ការទទួលស្គាល់អំពីរឿងនេះ គួរជំរុញចិត្តយើងឲ្យនៅតែមានចិត្តខ្នះខ្នែងធ្វើការល្អប្រសើរ ហើយខំប្រកាសដំណឹងល្អអំពីរាជាណាចក្រ។
ការប្រព្រឹត្តល្អទាក់ទាញមនុស្សឲ្យមកឯព្រះ
១០. ហេតុអ្វីយើងអាចនិយាយថា ការប្រព្រឹត្តល្អរបស់យើងទាញនាំមនុស្សឲ្យមកឯព្រះយេហូវ៉ា?
១០ ទោះជាការមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយគឺសំខាន់ក៏ដោយ តែការមានចិត្តខ្នះខ្នែងប៉ុណ្ណោះមិនល្មមគ្រប់គ្រាន់ដើម្បីទាញនាំមនុស្សឲ្យមកឯព្រះទេ។ មានកត្ដាមួយទៀតដែលទាក់ទាញមនុស្សឲ្យមកឯព្រះ គឺការប្រព្រឹត្តដ៏ល្អជាគ្រិស្តសាសនិក។ ប៉ូលបានបញ្ជាក់សារៈសំខាន់នៃការប្រព្រឹត្តរបស់យើង ពេលគាត់សរសេរថា៖ «យើងមិនធ្វើអ្វីសោះដែលបណ្ដាលឲ្យអ្នកឯទៀតជំពប់ដួល ដើម្បីកុំឲ្យគេរិះគន់កិច្ចបម្រើរបស់យើង»។ (២កូ. ៦:៣) ពាក្យសម្ដីសមរម្យនិងការប្រព្រឹត្តល្អរបស់យើង ធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះមានលម្អ និងធ្វើឲ្យមនុស្សឯទៀតចង់មកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ទីត. ២:១០) តាមការពិត យើងច្រើនតែឮអំពីលទ្ធផលល្អ ពេលមនុស្សដែលមានចិត្តស្មោះសង្កេតមើលការប្រព្រឹត្តរបស់យើងដែលសមស្របតាមសេចក្ដីពិត។
១១. ហេតុអ្វីយើងគួរអធិដ្ឋាននិងគិតអំពីឥទ្ធិពលនៃការប្រព្រឹត្តរបស់យើង?
១១ ទោះជាយើងទទួលស្គាល់ថាការប្រព្រឹត្តរបស់យើងអាចមានឥទ្ធិពលល្អលើមនុស្សក្ដី តែក៏អាចមានឥទ្ធិពលអាក្រក់លើពួកគេដែរ។ ដូច្នេះ ទោះជានៅកន្លែងធ្វើការ នៅផ្ទះ នៅសាលាក្ដី ពេលយើងបំពេញកិច្ចបម្រើផ្សាយ យើងខំជៀសវាងកុំឲ្យនរណាម្នាក់មានហេតុរិះគន់កិច្ចបម្រើផ្សាយនិងការប្រព្រឹត្តរបស់យើង។ ប្រសិនបើយើង«ប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា» យើងនឹងលែងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាជារៀងរហូត។ (ហេ. ១០:២៦, ២៧) នេះគួរធ្វើឲ្យយើងគិតឲ្យបានវែងឆ្ងាយ ហើយអធិដ្ឋានអំពីការប្រព្រឹត្តរបស់យើង និងអំពីរបៀបដែលការប្រព្រឹត្តនោះមានឥទ្ធិពលទៅលើមនុស្សឯទៀត។ ពេលដែលខ្នាតតម្រាសីលធម៌របស់ពិភពលោកនេះកាន់តែអន់ថយទៅៗ មនុស្សដែលមានចិត្តស្មោះនឹងកាន់តែ«ចេះញែក[ឬ«សម្គាល់»] . . . មនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។ (ម៉ាឡ. ៣:១៨; ព.ថ.) មែនហើយ ការប្រព្រឹត្តដ៏ល្អរបស់យើងជាគ្រិស្តសាសនិកមានតួនាទីសំខាន់ណាស់ក្នុងការជួយមនុស្សឲ្យផ្សះផ្សាជាមួយនឹងព្រះ។
១២-១៤. តើរបៀបដែលយើងស៊ូទ្រាំពេលជំនឿរបស់យើងជួបការល្បងល មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់អ្នកឯទៀតចំពោះកិច្ចបម្រើរបស់យើង? សូមលើកឧទាហរណ៍មួយ។
១២ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់បងប្អូននៅក្រុងកូរិនថូស គាត់បានបញ្ជាក់ថាគាត់បានរងទុក្ខវេទនា មានការលំបាក ដោយត្រូវគេវាយដំ ហើយត្រូវជាប់គុក។ (សូមអាន កូរិនថូសទី២ ៦:៤, ៥) បើយើងចេះស៊ូទ្រាំពេលយើងជួបការល្បងលជំនឿ នោះអាចជួយអ្នកសង្កេតមើលយើងឲ្យទទួលយកសេចក្ដីពិត។ ជាឧទាហរណ៍ ប៉ុន្មានឆ្នាំមុន មានការប៉ុនប៉ងបំបាត់ចោលសាក្សីព្រះយេហូវ៉ាពីតំបន់មួយនៅប្រទេសអង់ហ្គោឡា។ សាក្សីព្រះយេហូវ៉ា២នាក់និងអ្នកចាប់អារម្មណ៍៣០នាក់ដែលកំពុងចូលរួមកិច្ចប្រជុំរបស់យើងបានត្រូវគេចាប់ខ្លួន។ បន្ទាប់មក ពួកអ្នកប្រឆាំងបានប្រមូលបណ្ដាជននៅតំបន់នោះឲ្យមកមើលពួកគេវាយជនស្លូតត្រង់ទាំងនោះរហូតដល់បែកឈាម។ សូម្បីតែស្ត្រីនិងកូនក្មេងក៏ពួកគេវាយដែរ។ ពួកគេធ្វើដូច្នេះដើម្បីបំភ័យបណ្ដាជនកុំឲ្យស្ដាប់សាក្សីព្រះយេហូវ៉ា។ ប៉ុន្តែ ក្រោយពីមានការវាយធ្វើបាបជាសាធារណៈនេះ មនុស្សជាច្រើននៅសហគមន៍នោះបានមកជួបសាក្សីព្រះយេហូវ៉ា ហើយសុំរៀនគម្ពីរ! ចាប់ពីពេលនោះមក កិច្ចការផ្សព្វផ្សាយរាជាណាចក្របានជឿនទៅមុខ ដោយមានមនុស្សកាន់តែច្រើនចូលមកសេចក្ដីពិត ហើយបងប្អូនយើងបានទទួលពរជាច្រើន។
១៣ ឧទាហរណ៍នេះបញ្ជាក់ថា ការដែលយើងកាន់ជំហររឹងមាំចំពោះគោលការណ៍គម្ពីរអាចមានឥទ្ធិពលយូរអង្វែងលើអ្នកឯទៀត។ យើងប្រហែលជាឆ្ងល់ថាមានមនុស្សប៉ុន្មាននាក់បានផ្សះផ្សាជាមួយនឹងព្រះ ដោយសារតែពេត្រុសនិងសាវ័កឯទៀតបានកាន់ជំហរយ៉ាងអង់អាច។ (សកម្ម. ៥:១៧-២៩) ចំពោះយើងវិញ សិស្សរួមថ្នាក់ អ្នករួមការងារ ឬសមាជិកគ្រួសាររបស់យើងប្រហែលជាព្រមទទួលយកសេចក្ដីពិត នៅពេលដែលពួកគេឃើញយើងរក្សាជំហររបស់យើងចំពោះអ្វីដែលត្រឹមត្រូវ។
១៤ ទោះជានៅគ្រាណាក៏ដោយ បងប្អូនយើងខ្លះកំពុងទទួលរងការបៀតបៀន។ ជាឧទាហរណ៍ នៅប្រទេសអាមេនី បងប្អូនយើងប្រហែលជា៤០នាក់បានជាប់ពន្ធនាគារដោយសារពួកគាត់កាន់ជំហរអព្យាក្រឹត ក្នុងនោះមានបងប្អូនជាច្រើននាក់ទំនងជាត្រូវជាប់ពន្ធនាគារអស់ជាច្រើនខែ។ នៅប្រទេសអេរីទ្រី អ្នកបម្រើរបស់ព្រះយេហូវ៉ា៥៥នាក់ត្រូវជាប់ពន្ធនាគារ បងប្អូនខ្លះមានអាយុជាង៦០ឆ្នាំ។ នៅប្រទេសកូរ៉េខាងត្បូង សាក្សីព្រះយេហូវ៉ាប្រហែលជា៧០០នាក់បានជាប់ពន្ធនាគារដោយសារជំនឿរបស់ខ្លួន។ ស្ថានភាពនេះបានអូសបន្លាយអស់៦០ឆ្នាំ។ សូមយើងអធិដ្ឋានដើម្បីឲ្យភាពស្មោះត្រង់របស់បងប្អូនដែលទទួលរងការបៀតបៀននៅប្រទេសផ្សេងៗ លើកកិត្ដិយសព្រះ ហើយជួយអ្នកដែលស្រឡាញ់សេចក្ដីសុចរិតឲ្យកាន់ជំហរចំពោះការគោរពប្រណិប័តន៍ពិត។—ទំនុក. ៧៦:៨-១០
១៥. សូមលើកឧទាហរណ៍ អំពីរបៀបរស់នៅដ៏ទៀងត្រង់អាចទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងសេចក្ដីពិត។
១៥ ដោយសារយើងមានរបៀបរស់នៅដ៏ទៀងត្រង់ នោះក៏អាចទាក់ទាញមនុស្សឲ្យទទួលយកសេចក្ដីពិតដែរ។ (សូមអាន កូរិនថូសទី២ ៦:៤, ៧) ជាឧទាហរណ៍ សូមពិចារណាបទពិសោធន៍នេះ: បងស្រីម្នាក់កំពុងដាក់លុយចូលទៅក្នុងម៉ាស៊ីនដាក់សំបុត្រក្នុងឡានក្រុង ពេលដែលអ្នកស្គាល់គ្នាម្នាក់បានប្រាប់គាត់ថាមិនបាច់បង់លុយសម្រាប់សំបុត្រទេ ព្រោះចម្ងាយដែលគាត់ជិះខ្លីពេក។ បងស្រីនោះបានពន្យល់ថា គឺជាការត្រឹមត្រូវដែលគាត់បង់លុយសំបុត្រ ទោះជាជិះតែមួយចំណតក្ដី។ ក្រោយមក មិត្តរបស់គាត់បានចុះពីឡានក្រុង។ ពេលនោះ អ្នកបើកឡានបែរមកបងស្រីនោះហើយសួរថា៖ «បងជាសាក្សីព្រះយេហូវ៉ាឬ?»។ បងស្រីបានតបថា៖ «ចា៎មែន តើអ្វីធ្វើឲ្យបងសួរដូច្នេះ?»។ «ខ្ញុំបានឮបងនិយាយគ្នាអំពីការបង់លុយសំបុត្រឡាន ហើយខ្ញុំដឹងថាសាក្សីព្រះយេហូវ៉ាជាមនុស្សក្នុងចំណោមមនុស្សតិចណាស់ដែលធ្វើដូច្នេះ ហើយដែលទៀងត្រង់ក្នុងគ្រប់ការទាំងអស់»។ ប៉ុន្មានខែក្រោយមក បុរសម្នាក់បានមកជួបបងស្រីនោះនៅកិច្ចប្រជុំដោយនិយាយថា៖ «តើបងស្គាល់ខ្ញុំឬទេ? ខ្ញុំជាអ្នកបើកឡានក្រុងដែលបាននិយាយជាមួយបងអំពីការបង់លុយសំបុត្រឡានក្រុង។ ដោយបានឃើញការប្រព្រឹត្តរបស់បង ខ្ញុំបានសម្រេចចិត្តចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា»។ ពេលដែលមនុស្សឃើញថា យើងជាមនុស្សទៀងត្រង់ នោះពួកគេទុកចិត្តលើដំណឹងល្អដែលយើងផ្សព្វផ្សាយ។
សូមបង្ហាញជានិច្ចនូវគុណសម្បត្ដិដែលលើកកិត្ដិយសព្រះ
១៦. ហេតុអ្វីគុណសម្បត្ដិដូចជាចិត្តធ្ងន់ សេចក្ដីស្រឡាញ់ និងចិត្តសប្បុរសមានឥទ្ធិពលទៅលើចិត្តមនុស្ស? សូមលើកឧទាហរណ៍មួយ។
១៦ ពេលយើងបង្ហាញគុណសម្បត្ដិដូចជាចិត្តធ្ងន់ សេចក្ដីស្រឡាញ់ និងចិត្តសប្បុរស យើងប្រហែលជាធ្វើឲ្យមនុស្សឯទៀតចង់រៀនអំពីព្រះយេហូវ៉ា គោលបំណងរបស់លោក និងរាស្ត្ររបស់លោក។ ចិត្តគំនិតនិងការប្រព្រឹត្តរបស់គ្រិស្តសាសនិកពិត គឺខុសគ្នាឆ្ងាយណាស់ពីការបង្ហាញភក្ដីភាពចំពោះព្រះតែសម្បកក្រៅរបស់ពួកអ្នកដែលច្រើនតែគោរពប្រណិប័តន៍ដោយលាក់ពុត។ អ្នកដឹកនាំសាសនាខ្លះបានក្លាយជាអ្នកមានស្តុកស្តម្ភដោយបោកប្រាស់សមាជិកវិហាររបស់ពួកគេ ដោយប្រើលុយជាច្រើនដែលពួកគេបានមកពីការបោកប្រាស់នោះទិញផ្ទះនិងឡានថ្លៃៗ ហើយផ្ទះឆ្កែរបស់អ្នកដឹកនាំសាសនាម្នាក់ក៏មានម៉ាស៊ីនត្រជាក់ដែរ។ មែនហើយ មនុស្សជាច្រើនដែលអះអាងថាជាអ្នកកាន់តាមគ្រិស្តគ្មានចិត្តចង់«ឲ្យដោយឥតគិតថ្លៃ»នោះទេ។ (ម៉ាថ. ១០:៨) ផ្ទុយទៅវិញ ដូចពួកសង្ឃអ៊ីស្រាអែលនៅសម័យបុរាណដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពួកគេ«បង្រៀនឲ្យបានកំរៃ» ហើយអ្វីដែលពួកគេបង្រៀន ភាគច្រើនគឺមិនមកពីបទគម្ពីរទេ។ (មីកា ៣:១១) ការប្រព្រឹត្តដែលលាក់ពុតបែបនេះមិនបានជួយនរណាម្នាក់ឲ្យផ្សះផ្សាជាមួយនឹងព្រះឡើយ។
១៧, ១៨. (ក) ពេលយើងបង្ហាញគុណសម្បត្ដិរបស់ព្រះយេហូវ៉ាក្នុងជីវិតរបស់យើង តើយើងនាំឲ្យលោកទទួលកិត្ដិយសយ៉ាងដូចម្ដេច? (ខ) តើអ្វីជំរុញចិត្តអ្នកឲ្យតស៊ូធ្វើការដ៏ល្អប្រសើរ?
១៧ ម្យ៉ាងវិញទៀត សេចក្ដីបង្រៀនត្រឹមត្រូវរបស់គ្រិស្តសាសនិកនិងការប្រព្រឹត្តល្អចំពោះអ្នកជិតខាងមានឥទ្ធិពលលើចិត្តរបស់មនុស្ស។ ជាឧទាហរណ៍ អ្នកត្រួសត្រាយម្នាក់បានផ្សព្វផ្សាយដល់ស្ត្រីមេម៉ាយម្នាក់នៅផ្ទះមួយ ប៉ុន្តែស្ត្រីនោះបានប្រាប់គាត់យ៉ាងរហ័សថា គាត់មិនចាប់អារម្មណ៍ទេ។ ស្ត្រីនោះបានប្រាប់ថាពេលអ្នកត្រួសត្រាយនោះចុចកណ្ដឹងទ្វារ គាត់កំពុងនៅលើជណ្ដើរ ដោយខំដូរអំពូលភ្លើងមួយនៅផ្ទះបាយ។ អ្នកត្រួសត្រាយបាននិយាយថា៖ «អ៊ំធ្វើដូច្នេះតែម្នាក់ឯងអាចមានគ្រោះថ្នាក់»។ បន្ទាប់មក អ្នកត្រួសត្រាយបានជួយដូរអំពូលភ្លើងឲ្យអ៊ំស្រី ហើយក៏ចេញទៅ។ ពេលកូនប្រុសរបស់អ៊ំស្រីបានដឹងអំពីរឿងនោះ គាត់បានកោតស្ងើចដល់ម្ល៉េះបានជាគាត់ខំប្រឹងរកបងប្រុសនោះដើម្បីអរគុណគាត់។ នៅទីបំផុតកូនប្រុសនោះបានយល់ព្រមសិក្សាគម្ពីរ។
១៨ ហេតុអ្វីអ្នកតាំងចិត្តតស៊ូធ្វើការដ៏ល្អប្រសើរ? ពីព្រោះអ្នកប្រហែលជាដឹងថាពេលយើងបង្ហាញចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយរបស់យើង ហើយធ្វើអ្វីដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា ហើយអាចជួយអ្នកឯទៀតឲ្យទទួលសេចក្ដីសង្គ្រោះ។ (សូមអាន កូរិនថូសទី១ ១០:៣១-៣៣) ចិត្តខ្នះខ្នែងធ្វើការដ៏ល្អប្រសើរដោយផ្សព្វផ្សាយដំណឹងល្អ និងដោយប្រព្រឹត្តតាមរបៀបដែលព្រះពេញចិត្ត គឺផុសចេញពីសេចក្ដីប៉ងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះមនុស្សឯទៀត។ (ម៉ាថ. ២២:៣៧-៣៩) ប្រសិនបើយើងខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ យើងនឹងមានអំណរនិងការស្កប់ចិត្តយ៉ាងខ្លាំងនៅពេលឥឡូវនេះ។ ម្យ៉ាងទៀត យើងអាចទន្ទឹងរង់ចាំថ្ងៃដែលមនុស្សជាតិទាំងឡាយនឹងបង្ហាញចិត្តខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ពិត ដើម្បីលើកកិត្ដិយសព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង។