អ្នកចាស់ទុំទាំងឡាយ តើអ្នកធ្វើឲ្យ«មនុស្សដែលល្វើយ»មានកម្លាំងចិត្តឡើងវិញឬទេ?
អេនហ្សេឡាaជាបងស្រីនៅលីវម្នាក់ដែលមានអាយុជាង៣០ឆ្នាំ។ អ្នកចាស់ទុំនឹងមកលេងនាង ហើយនាងមានអារម្មណ៍ភ័យបន្ដិច។ នាងកំពុងគិតថា ‹តើពួកអ្នកចាស់ទុំនឹងនិយាយអ្វីមកខ្ញុំ? ខ្ញុំដឹងថាខ្ញុំខានចូលរួមប្រជុំពីរបីដង ប៉ុន្តែក្រោយពីបានថែរក្សាមនុស្សវ័យចាស់ពេញមួយថ្ងៃ ខ្ញុំហត់នឿយពេលត្រឡប់មកផ្ទះវិញ›។ មិនត្រឹមតែប៉ុណ្ណោះ អេនហ្សេឡាក៏បារម្ភអំពីសុខភាពរបស់ម្ដាយនាងដែរ។
ប្រសិនបើអ្នកទៅលេងអេនហ្សេឡា តើអ្នកនឹងលើកទឹកចិត្ត«មនុស្សដែលល្វើយ»ដូចនេះយ៉ាងដូចម្ដេច? (យេ. ៣១:២៥) ប៉ុន្តែ មុនដំបូងតើអ្នកនឹងរៀបចំជាមុនយ៉ាងណា ដើម្បីឲ្យការទៅលេងរបស់អ្នកនាំឲ្យបងប្អូនមានកម្លាំងចិត្តឡើងវិញ?
សូមគិតអំពីស្ថានភាពបងប្អូនរបស់អ្នក
ជួនកាលយើងទាំងអស់គ្នាអស់កម្លាំងដោយសារការងារឬដោយសារភារកិច្ចរបស់យើងក្នុងកិច្ចបម្រើ។ ជាឧទាហរណ៍ អ្នកប្រកាសទំនាយដានីយ៉ែលបាន«ខ្សោះល្វើយ» ពេលគាត់បានឃើញអ្វីមួយក្នុងគំនិតដែលគាត់មិនអាចយល់បាន។ (ដាន. ៨:២៧) តើអ្វីបានជួយគាត់? ព្រះបានចាត់ទេវតាកាព្រីយ៉ែលឲ្យពន្យល់អ្វីនោះដល់ដានីយ៉ែល ហើយប្រាប់គាត់ថាព្រះយេហូវ៉ាបានឮសេចក្ដីអធិដ្ឋានរបស់គាត់។ ទេវតានេះក៏បានប្រាប់គាត់ដែរថា គាត់នៅតែជា«មនុស្សសំណប់យ៉ាងសំខាន់»ចំពោះព្រះយេហូវ៉ា។ (ដាន. ៩:២១-២៣) ក្រោយមក ទេវតាផ្សេងទៀតបានលេចមកឯដានីយ៉ែល ហើយបានលើកទឹកចិត្តគាត់ដោយប្រើពាក្យស្រដៀងគ្នានេះ។—ដាន. ១០:១៩
ស្រដៀងគ្នាដែរ មុននឹងទៅលេងដើម្បីសួរសុខទុក្ខបងប្អូនរួមជំនឿដែលប្រហែលជានឿយហត់ ឬធ្លាក់ទឹកចិត្ត សូមចំណាយពេលដើម្បីគិតអំពីស្ថានភាពរបស់គាត់។ តើគាត់ប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើបញ្ហាទាំងនេះប្រហែលជាធ្វើឲ្យគាត់អស់កម្លាំងយ៉ាងដូចម្ដេច? តើគាត់បានបង្ហាញគុណសម្បត្ដិអ្វីខ្លះ? បងប្រុសរីឆឺដដែលបានបម្រើជាអ្នកចាស់ទុំអស់ជាង២០ឆ្នាំនិយាយថា គាត់ព្យាយាមគិតអំពីគុណសម្បត្ដិរបស់បងប្អូនម្នាក់ មុនពេលគាត់ទៅលេងបងប្អូននោះ។ គាត់ក៏គិតយ៉ាងល្អិតល្អន់អំពីស្ថានភាពរបស់បងប្អូននោះដែរ។ នេះធ្វើឲ្យគាត់ស្រួលផ្ដល់ការលើកទឹកចិត្តដែលបងប្អូននោះពិតជាត្រូវការ។ ប្រសិនបើអ្នកចាស់ទុំម្នាក់ទៀតនឹងទៅជាមួយអ្នក សូមពិចារណាជាមួយអ្នកចាស់ទុំនោះអំពីស្ថានភាពរបស់បងប្អូនដែលអ្នកនឹងទៅលេង។
សូមធ្វើឲ្យបងប្អូនរបស់អ្នកមានអារម្មណ៍ស្រួល
អ្នកប្រហែលជាយល់ស្របដែរថា បងប្អូនដែលអ្នកទៅលេង ប្រហែលជាអៀនខ្មាសក្នុងការនិយាយអំពីអារម្មណ៍របស់គាត់។ ដូច្នេះ តើតាមរបៀបណាអ្នកអាចជួយបងប្អូនរបស់អ្នកឲ្យមានអារម្មណ៍ស្រួល? ការញញឹមរាក់ទាក់និងពាក្យដែលពង្រឹងទំនុកចិត្ត ប្រហែលជាអាចមានឥទ្ធិពលល្អ។ បងប្រុសមៃឃើលដែលបានបម្រើជាអ្នកចាស់ទុំអស់ជាង៤០ឆ្នាំ ច្រើនតែចាប់ផ្ដើមការទៅលេងរបស់គាត់ដោយនិយាយថា៖ «បងដឹងទេ ឯកសិទ្ធិដ៏ប្រសើរបំផុតរបស់អ្នកចាស់ទុំគឺការមកលេងបងប្អូននៅផ្ទះរបស់ពួកគាត់ ហើយអាចស្គាល់ពួកគាត់កាន់តែច្បាស់។ ដូច្នេះ ខ្ញុំពិតជាបានទន្ទឹងរង់ចាំពេលមកលេងបងនៅថ្ងៃនេះ»។
នៅដើមដំបូងនៃការមកលេងរបស់អ្នក អ្នកអាចអធិដ្ឋានជាមួយនឹងបងប្អូននោះ។ ក្នុងសេចក្ដីអធិដ្ឋានរបស់សាវ័កប៉ូល គាត់បានលើកបញ្ជាក់យ៉ាងត្រឹមត្រូវអំពីជំនឿ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់បងប្អូនគាត់។ (១ថែ. ១:២, ៣) ពេលអ្នកអធិដ្ឋានដូច្នេះជាមួយនឹងបងប្អូនរបស់អ្នក អ្នកកំពុងជួយគាត់ផងនិងខ្លួនអ្នកផងដែរឲ្យមានទស្សនៈត្រឹមត្រូវអំពីការទៅលេងនេះ។ ជាលទ្ធផល ការសន្ទនារបស់អ្នកនឹងលើកទឹកចិត្ត។ ពាក្យរបស់អ្នកក៏អាចធ្វើឲ្យបងប្អូនមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។ បងប្រុសរ៉េដែលជាអ្នកចាស់ទុំដែលមានបទពិសោធន៍ច្រើន និយាយថា៖ «ជួនកាល យើងទាំងអស់គ្នាភ្លេចអ្វីល្អៗដែលយើងបានសម្រេច។ ដូច្នេះពេលនរណាម្នាក់រំលឹកឡើងវិញអំពីរឿងនេះដល់យើង នេះធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ»។
សូមប្រើគម្ពីរដើម្បីលើកទឹកចិត្តបងប្អូន
ដូចប៉ូល អ្នកអាច«ឲ្យពរពីព្រះ» ដោយប្រើយោបល់ដែលមានមូលដ្ឋានលើបទគម្ពីរ ទោះជាប្រើតែខគម្ពីរមួយក៏ដោយ។ (រ៉ូម ១:១១) ជាឧទាហរណ៍ បងប្អូនម្នាក់ដែលធ្លាក់ទឹកចិត្តប្រហែលជាមានអារម្មណ៍ថាខ្លួនគាត់គ្មានតម្លៃ ដូចអ្នកតែងទំនុកតម្កើងដែលប្រៀបប្រដូចខ្លួនគាត់នឹង«ថង់ស្បែកដែលត្រូវផ្សែង» ហើយក្រៀម។ (ទំនុក. ១១៩:៨៣, ១៧៦) បន្ទាប់ពីពន្យល់យ៉ាងខ្លីអំពីបទគម្ពីរនោះ អ្នកអាចប្រាប់បងប្អូននោះថា អ្នកប្រាកដក្នុងចិត្តថាគាត់ក៏«មិនភ្លេច»បញ្ញត្ដិរបស់ព្រះដែរ។
ស្រដៀងគ្នាដែរ ឧទាហរណ៍អំពីស្ត្រីម្នាក់ដែលបាត់កាក់ប្រាក់ អាចមានឥទ្ធិពលលើបងស្រីម្នាក់ដែលបានរសាត់ចេញពីក្រុមជំនុំឬមិនសូវមានសកម្មភាពក្នុងកិច្ចបម្រើ។ (លូក. ១៥:៨-១០) កាក់ប្រាក់ដែលស្ត្រីនោះបានបាត់ ប្រហែលជាផ្នែកមួយនៃខ្សែកដ៏មានតម្លៃដែលធ្វើពីកាក់ប្រាក់ជាច្រើន។ ដោយពិភាក្សាអំពីឧទាហរណ៍នេះ អ្នកអាចជួយបងស្រីនេះឲ្យឃើញថាគាត់ជាផ្នែកមួយដ៏មានតម្លៃនៃក្រុមជំនុំ។ ក្រោយពីបានពិភាក្សាអំពីរឿងនេះ អ្នកអាចលើកបញ្ជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគាត់ ដូចជាចៀមតូចរបស់លោក។
ធម្មតា បងប្អូនរបស់យើងចូលចិត្តនិយាយអំពីបទគម្ពីរដែលពួកគាត់បានអាន។ ដូច្នេះសូមកុំនិយាយតែម្នាក់ឯងឡើយ! ក្រោយពីអានខគម្ពីរមួយជាមួយបងប្អូននោះ អ្នកអាចរើសពាក្យឬឃ្លាជាក់លាក់ពីខនោះ ហើយសុំគាត់ឲ្យយោបល់អំពីខនេះ។ ជាឧទាហរណ៍ ក្រោយពីអានកូរិនថូសទី២ ៤:១៦ អ្នកចាស់ទុំអាចសួរថា៖ «តើព្រះយេហូវ៉ាធ្លាប់ផ្ដល់‹កម្លាំងជាថ្មី›ដល់អ្នកឬទេ? ហើយតើតាមរបៀបណាលោកធ្វើដូច្នេះ?»។ សំណួរបែបនេះអាចនាំឲ្យមានការសន្ទនាដែលលើកទឹកចិត្តទៅវិញទៅមក។—រ៉ូម ១:១២
អ្នកក៏អាចធ្វើឲ្យបងប្អូនរួមជំនឿទទួលកម្លាំងចិត្តឡើងវិញ ដោយពិភាក្សាអំពីបុគ្គលម្នាក់ក្នុងគម្ពីរដែលមានស្ថានភាពស្រដៀងគ្នានឹងគាត់។ បុគ្គលដែលធ្លាក់ទឹកចិត្តប្រហែលជាមានអារម្មណ៍ដូចហាណាឬអេប៉ាប្រូឌីត។ ជួនកាលពួកគេទាំងពីរនាក់មានអារម្មណ៍ធ្លាក់ទឹកចិត្ត ប៉ុន្តែពួកគេនៅតែមានតម្លៃចំពោះព្រះ។ (១សាំ. ១:៩-១១, ២០; ភី. ២:២៥-៣០) មានគំរូល្អជាច្រើនទៀតក្នុងគម្ពីរដែលអ្នកអាចប្រើ។
សូមបន្តយកចិត្តទុកដាក់ចំពោះបងប្អូន
អ្នកអាចបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះបងប្អូនប្រុសស្រីរបស់អ្នក ដោយបន្តយកចិត្តទុកដាក់ចំពោះគាត់ បន្ទាប់ពីអ្នកមកលេងគាត់។ (សកម្ម. ១៥:៣៦) ជាឧទាហរណ៍ នៅចុងបញ្ចប់នៃការមកលេងរបស់អ្នក អ្នកអាចរៀបចំគម្រោងដើម្បីទៅផ្សព្វផ្សាយជាមួយគាត់។ ពេលបងប្រុសបឺណាតជាអ្នកចាស់ទុំដែលមានបទពិសោធន៍ច្រើន ជួបបងប្អូនប្រុសឬស្រីដែលគាត់ទើបនឹងបានទៅលេង គាត់ប្រហែលជាសួរដោយមិនធ្វើឲ្យបងប្អូននោះទាស់ចិត្តអំពីឱវាទដែលគាត់បានជូន ដោយសួរថា៖ «តើឱវាទដែលខ្ញុំបានជូនបង មានប្រសិទ្ធភាពទេ?»។ ដោយបង្ហាញការយកចិត្តទុកដាក់តាមរបៀបនេះ អ្នកនឹងអាចដឹងថាអ្នកអាចធ្វើអ្វីទៀតដើម្បីជួយគាត់។
ជាងពេលមុនទៅទៀត បងប្អូនប្រុសស្រីរបស់យើងត្រូវមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចំពោះពួកគាត់ យល់អារម្មណ៍របស់ពួកគាត់ ហើយស្រឡាញ់ពួកគាត់។ (១ថែ. ៥:១១) ដូច្នេះ មុនពេលទៅលេងបងប្អូន សូមចំណាយពេលដើម្បីគិតអំពីស្ថានភាពរបស់បងប្អូនអ្នក។ សូមអធិដ្ឋានអំពីរឿងនេះ។ សូមជ្រើសរើសបទគម្ពីរដែលត្រូវនឹងស្ថានភាពរបស់គាត់។ ក្រោយមក អ្នកនឹងរកឃើញពាក្យត្រឹមត្រូវដែលអាចធ្វើឲ្យ«មនុស្សដែលល្វើយ»មានកម្លាំងចិត្តឡើងវិញ!
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ។