ទស្សនកិច្ចដែលអាចធ្វើឲ្យមានពរ
១ សាខេបានទទួលព្រះយេស៊ូជាភ្ញៀវនៅផ្ទះរបស់គាត់ ដោយសេចក្ដីត្រេកអរ។ ហើយទស្សនកិច្ចនោះបានធ្វើឲ្យមានពរមែន!—លូកា ១៩:២-៩
២ សព្វថ្ងៃនេះ ជាសិរសានៃក្រុមជំនុំ ព្រះយេស៊ូគ្រីស្ទបង្គាប់អ្នកចាស់ទុំឲ្យ «ឃ្វាលហ្វូងចៀមរបស់ព្រះ»។ (ពេត្រុសទី១ ៥:២, ៣; យ៉ូហាន ២១:១៥-១៧) ថែមពីការបង្រៀននៅឯកិច្ចប្រជុំ ហើយជាអ្នកនាំមុខក្នុងការផ្សាយ អ្នកត្រួតពិនិត្យនៃក្រុមជំនុំផ្ដល់ជំនួយដ៏ជាទីស្រឡាញ់ផ្ទាល់ខ្លួន ដល់សមាជិកនិមួយៗនៃក្រុមជំនុំ។ ដូច្នេះហើយ យូរៗម្ដងអ្នកប្រហែលជាទន្ទឹងចាំដោយរីករាយ ក្នុងការទទួលការយកចិត្តទុកដាក់ផ្ទាល់ខ្លួនពីពួកអ្នកចាស់ទុំ មិនថានៅឯផ្ទះរបស់អ្នក ឬក៏នៅឯសាលព្រះរាជាណាចក្រ ពេលដែលកំពុងតែផ្សាយជាមួយគ្នា ឬក៏នៅពេលផ្សេងៗទៀត។ តើអ្នកគួរខ្លាចអំពីទស្សនកិច្ចនៃអ្នកចាស់ទុំទេ? មិនគួរខ្លាចឡើយ។ ហេតុដែលពួកអ្នកចាស់ទុំទៅលេងអ្នក មិនមែនមានន័យថា អ្នកបានធ្វើអ្វីខុសនៅកន្លែងណាមួយនោះទេ។ បើអញ្ចឹង តើអ្វីទៅជាគោលបំណងនៃទស្សនកិច្ចនេះ?
៣ ប៉ុលបាននិយាយថា គាត់ចង់ទៅសួរពួកបងប្អូន ‹ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្ដេច›។ (កិច្ចការ ១៥:៣៦) ត្រូវហើយ ជាអ្នកគង្វាលដ៏ជាទីស្រឡាញ់ អ្នកចាស់ទុំមានការយកចិត្តទុកដាក់ចំពោះអ្នកណាស់។ ពួកគេចង់ផ្ដល់ការជួយខាងវិញ្ញាណ ដែលអាចជួយហើយអាចលើកទឹកចិត្តចំពោះអ្នក។ ការយកចិត្តទុកដាក់បែបនេះ គឺជាអ្វីដែលព្រះយេហូវ៉ាជាអ្នកគង្វាលដ៏ជាទីស្រឡាញ់ មានគោលបំណងឲ្យយើងម្នាក់ៗមាន។—អេសេគាល ៣៤:១១
៤ សូមទទួលស្វាគមន៍ទស្សនកិច្ចនៃពួកអ្នកចាស់ទុំ: គោលបំណងរបស់ប៉ុលក្នុងការទៅលេងបងប្អូនរបស់គាត់ ‹ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក›។ (រ៉ូម ១:១១, ១២) យើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្តខាងវិញ្ញាណក្នុងថ្ងៃចុងក្រោយដ៏ពិបាកនេះ ហើយយើងត្រូវការជំនួយដើម្បីបន្តឲ្យបានខ្ជាប់ខ្ជួនក្នុងជំនឿ។ ការតបឆ្លើយដ៏វិជ្ជមានរបស់អ្នកចំពោះទស្សនកិច្ចរបស់អ្នកចាស់ទុំ នឹងប្រាកដជាមានលទ្ធផលក្នុងការកំឡាចិត្តគ្នាទៅវិញទៅមកដ៏ល្អប្រសើរមួយ។
៥ ចូរអបអរនឹងផលប្រយោជន៍ជាច្រើនដែលបានមកពីកិច្ចការគង្វាលនៃអ្នកចាស់ទុំ។ បើសិនជាមានរឿង ឬក៏សំនួរអំពីអ្វីមួយដែលអ្នកបានខ្វល់ខ្វាយ នោះសូមត្រូវចាំថា មានពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំដើម្បីជួយ។ ចូរកុំបង្អែបង្អង់ពីការពិគ្រោះជាមួយពួកគេអំពីរឿងណាមួយ ដែលអាចមានឥទ្ធិពលលើសុខភាពខាងវិញ្ញាណរបស់អ្នកឡើយ។ សូមអបអរការរៀបចំដ៏ជាទីស្រឡាញ់នេះដែលមកពីព្រះយេហូវ៉ាចុះ ហើយសូមអរសប្បាយនឹងពរ ដែលមានពីទស្សនកិច្ចបែបនេះ។