ជាការល្អមែន ក្នុងការទៅប្រជុំជារឿយៗ
១ ជាច្រើនទសវត្សមកហើយនៅក្នុងអឺរ៉ុបខាងកើត ដែលបងប្អូនរបស់យើងជាច្រើនបានត្រូវហាមប្រាមពីការប្រជុំតាមសាធារណៈ។ សូមគិតនូវអំណររបស់គេ នៅពេលលែងមានការហាមប្រាម ហើយពួកគេអាចទៅជួបជុំគ្នាដោយសេរីភាព!
២ អ្នកត្រួតពិនិត្យមណ្ឌលម្នាក់បានសរសេរអំពីទស្សនកិច្ចរបស់គាត់នៅក្រុមជំនុំមួយថា៖ «នៅល្ងាចថ្ងៃអង្គារ នៅដើមនៃទស្សនកិច្ចរបស់ខ្ញុំ នោះប្រព័ន្ធគ្រឿងកំដៅបានខូច។ កំដៅនៅខាងក្រៅ អាកាសត្រជាក់ជាងសូន្យអង្សា ហើយនៅខាងក្នុងមាន៥អង្សាប៉ុណ្ណោះ។ បងប្អូនបានអង្គុយដោយពាក់អាវធំ កន្សែងរុំក ស្រោមដៃ និងស្បែកជើងកវែង។ គ្មានអ្នកណាម្នាក់អាចបើកព្រះគម្ពីរមើលបានឡើយ ដោយព្រោះពិបាកបើកទំព័រនិមួយៗ។ ស្លៀកអាវធំឈរនៅលើវេទិកា ខ្ញុំត្រជាក់ឡើងរឹង ហើយកាលណាខ្ញុំនិយាយ ខ្ញុំអាចមើលឃើញដង្ហើមរបស់ខ្ញុំ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំរំភើបចិត្តនោះ គឺថាខ្ញុំមិនដែលឮពាក្យរអ៊ូរទាំមួយម៉ាត់សោះ។ បងប្អូនប្រុសស្រីទាំងអស់និយាយថា ជាការពេញចិត្តហើយជាការល្អមែន ដែលបានមករួមប្រជុំ»! បងប្អូនប្រុសស្រីទាំងអស់នេះមិនទាំងគិតថានឹងមិនមកការប្រជុំឡើយ!
៣ តើយើងមានអារម្មណ៍បែបនេះទេឬ? តើយើងចូលចិត្តនឹងឱកាស ក្នុងការមកជួបជុំគ្នាដោយសេរីភាពនៅឯកិច្ចប្រជុំប្រចាំសប្ដាហ៍របស់យើងទេ? ឬក៏យើងគ្មានការអបអរសំរាប់កិច្ចប្រជុំ ពេលដែលកាលៈទេសៈហុចឲ្យនោះ? ការទៅប្រជុំជារឿយៗនេះ គឺប្រហែលជាមិនស្រួលទេ ហើយប្រហែលជាមានពេលខ្លះ ដែលយើងមានមូលហេតុត្រឹមត្រូវ ដែលធ្វើឲ្យយើងមិនអាចទៅប្រជុំបាន។ យ៉ាងណាក៏ដោយ ចូរកុំភ្លេចឲ្យសោះថា គឺមានអ្នកខ្លះក្នុងចំណោមយើង ដែលទោះជាមានអាយុចាស់ជរា បញ្ហាខាងសុខភាព វិកលខាងរូបកាយ គម្រោងពេលខាងការងារដ៏ពិបាក ហើយភារកិច្ចសំខាន់ៗជាច្រើនទៀត ក៏ឃើញនូវសារៈសំខាន់នៃកិច្ចប្រជុំ ហើយនៅតែទៅប្រជុំជានិច្ច។ នេះជាគំរូដ៏ល្អសំរាប់ឲ្យយើងយកតម្រាប់តាម!—ប្រៀបធៀប លូកា ២:៣៧
៤ ចូរឲ្យយើងធ្វើជាទំលាប់ ដើម្បីគាំទ្រការថ្វាយបង្គំពិត ដោយទៅការប្រជុំគ្រីស្ទានទាំងអស់របស់យើង ពីការសិក្សាតាមក្រុមជំនុំតូចៗ នឹងមហាសន្និបាតធំៗ។ ហេតុអ្វីបានជាយើងយកចិត្តទុកដាក់ក្នុងការទៅប្រជុំទាំងនេះយ៉ាងខ្លាំងម្ល៉េះ? ពីព្រោះនេះជាដំបូន្មានពីព្រះ ដែលយើងត្រូវមកជួបជុំគ្នា។ ប៉ុន្តែមានមូលហេតុសំខាន់ៗជាងនេះទៀត។ យើងទាំងអស់គ្នាត្រូវការប្រយោជន៍នៃការអប់រំពីព្រះ ហើយជំនួយពីវិញ្ញាណបរិសុទ្ធ ដែលអាចទទួលបាននៅឯក្រុមជំនុំ។ (ម៉ាថាយ ១៨:២០) យើងបានត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលដែលយើងចូលរួមជាមួយបងប្អូនរបស់យើង។—ហេព្រើរ ១០:២៤, ២៥
៥ នៅឯការផ្លាស់ប្រែទ្រង់ទ្រាយ ពេត្រុសបានទូលថា «លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ»។ (លូកា ៩:៣៣) យើងគួរមានអារម្មណ៍ដូចនេះ ចំពោះកិច្ចប្រជុំគ្រីស្ទានទាំងអស់របស់យើង។ មែនហើយ ជាការល្អមែន ក្នុងការទៅប្រជុំជារឿយៗ!