តើអ្នកចាំឬទេ?
តើអ្នកបានអានដោយយកចិត្តទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីៗឬទេ? សូមសាកឆ្លើយសំណួរជាបន្តបន្ទាប់នេះ:
តើការប្រើគម្ពីរជាវត្ថុស័ក្ដិសិទ្ធិជាអ្វី ហើយតើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីរឿងនេះ?
នេះជាការបើកគម្ពីរទៅទំព័រណាមួយ ហើយខគម្ពីរទី១ដែលគេបើកឃើញនឹងប្រាប់ពួកគេអំពីអ្វីដែលពួកគេត្រូវធ្វើ។ គ្រិស្តសាសនិកពិតមិនគន់មើលប្រផ្នូលឡើយ។ ប៉ុន្តែពួកគេសិក្សាគម្ពីរដើម្បីមានចំណេះត្រឹមត្រូវ ហើយទទួលការណែនាំពីព្រះ (១៥/១២ ទំព័រ៣)។
តើ«ពិភពលោក»ដែលកំពុងឈានទៅរកការសាបសូន្យ សំដៅទៅលើអ្វី?
«ពិភពលោក»ដែលកំពុងឈានទៅរកការសាបសូន្យ សំដៅទៅមនុស្សទាំងអស់ក្នុងពិភពលោកដែលរស់នៅមិនស្របតាមបំណងប្រាថ្នារបស់ព្រះ។ (១យ៉ូន. ២:១៧) ផែនដីនឹងនៅមាន ហើយមនុស្សស្មោះត្រង់នឹងរួចរស់ជីវិត (១/១ ទំព័រ៥-៧)។
ទោះជាអេបិលបានស្លាប់ហើយក្ដី តើគាត់អាចនិយាយមកកាន់យើងយ៉ាងដូចម្ដេចបាន? (ហេ. ១១:៤)
គាត់ធ្វើដូច្នេះតាមរយៈជំនឿរបស់គាត់។ យើងអាចទាញយកមេរៀនពីគំរូរបស់អេបិលស្តីអំពីជំនឿ ហើយព្យាយាមធ្វើតាមគំរូរបស់គាត់។ គំរូរបស់គាត់ហាក់ដូចជានៅរស់នៅឡើយ ហើយយើងអាចធ្វើតាមគំរូនោះ (១/១ ទំព័រ១២)។
តើសកម្មភាពអ្វីខ្លះដែលយើងមិនគួរអនុញ្ញាតឲ្យវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះ?
សកម្មភាពខ្លះគឺ: ការងារឬអាជីពរបស់យើង និងការកម្សាន្តដែលយើងជ្រើសរើស ភាពស្មោះត្រង់ចំពោះសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព បច្ចេកវិជ្ជាទាន់សម័យ ការខ្វល់ខ្វាយអំពីបញ្ហាសុខភាព ការមានទស្សនៈមិនត្រឹមត្រូវចំពោះប្រាក់ និងការឲ្យតម្លៃលើទស្សនៈឬឋានៈរបស់យើងហួសហេតុពេក (១៥/១ ទំព័រ១២-២១)។
តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅទីណា?
ចំនួនគ្រិស្តសាសនិកដែលបានត្រូវកំណត់រួចហើយ ពោលគឺមនុស្ស១៤៤.០០០នាក់នឹងរស់នៅស្ថានសួគ៌។ មនុស្សភាគច្រើននឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ ពួកគេនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅទីនោះ (១/៤ ទំព័រ៦)។
តើជនជាតិអ៊ីស្រាអែល«មិនបានកាត់ស្បែកចិត្ត»ក្នុងន័យអ្វី? (យេ. ៩:២៦)
ពួកគេបានបះបោរ មិនព្រមកែខ្លួន ហើយពួកគេត្រូវបំបាត់ចោលរបៀបគិតគូរ សេចក្ដីប៉ងប្រាថ្នា ឬបំណងចិត្តដែលធ្វើឲ្យពួកគេមិនអើពើនឹងបញ្ញត្ដិរបស់ព្រះ (យេ. ៥:២៣, ២៤; ១៥/៣ ទំព័រ៩-១០)។
តើតាមរបៀបណាលោកយេស៊ូជាគំរូនៃអ្នកដែលមានជីវិតដែលមានន័យខ្លឹមសារ?
លោកមានគោលបំណងក្នុងជីវិត ពោលគឺធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ លោកមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះបិតាលោក ហើយលោកស្រឡាញ់មនុស្ស។ លោកយេស៊ូក៏បានដឹងដែរថា បិតាលោកស្រឡាញ់លោក ហើយពេញចិត្តនឹងលោក។ អ្វីៗទាំងនោះជួយយើងឲ្យមានជីវិតដែលមានន័យខ្លឹមសារ (១/៧ ទំព័រ៤-៥)។
តើផ្នែកនៅផែនដីនៃអង្គការរបស់ព្រះរួមបញ្ចូលអ្វីខ្លះ?
នេះរួមបញ្ចូលគណៈអភិបាល គណៈកម្មាធិការការិយាល័យសាខា អ្នកធ្វើដំណើរត្រួតពិនិត្យ ក្រុមអ្នកចាស់ទុំ ក្រុមជំនុំ និងសាក្សីព្រះយេហូវ៉ាម្នាក់ៗ (១៥/៤ ទំព័រ២៩)។
តើជនជាតិអ៊ីស្រាអែលប្រហារជីវិតឧក្រិដ្ឋជនដោយព្យួរនៅបង្គោលឬទេ?
មិនមែនទេ។ ប្រជាជាតិនានានៅសម័យបុរាណធ្វើដូច្នេះ ប៉ុន្តែមិនមែនជនជាតិអ៊ីស្រាអែលទេ។ យ៉ាងហោចណាស់ក្នុងអំឡុងគ្រាដែលគេសរសេរបទគម្ពីរភាសាហេប្រឺ បុគ្គលដែលបានប្រព្រឹត្តអាក្រក់បានត្រូវសម្លាប់ជាមុន ដូចជាគប់នឹងដុំថ្មជាដើម។ (លេវី. ២០:២, ២៧) បន្ទាប់មកសាកសពរបស់ពួកគេបានត្រូវព្យួរលើបង្គោលមួយសម្រាប់ជាការព្រមានដល់អ្នកឯទៀត (១៥/៥ ទំព័រ១៣)។
ហេតុអ្វីពិបាកធ្វើឲ្យមានសន្ដិភាពពាសពេញពិភពលោក?
ទោះជាមនុស្សជាតិបានសម្រេចអ្វីៗជាច្រើនក៏ដោយ ពួកគេមិនមានសមត្ថភាពតម្រង់ជំហានរបស់ខ្លួនឡើយ។ (យេ. ១០:២៣) សាថានគ្រប់គ្រងពិភពលោកនេះ ដូច្នេះមនុស្សជាតិមិនអាចធ្វើឲ្យមានសន្ដិភាពឡើយ (១យ៉ូន. ៥:១៩; ១/៧ ទំព័រ១៦)។