ជីវប្រវត្ដិ
សប្បាយនឹងបម្រើព្រះយេហូវ៉ាទោះជានៅទីណាក៏ដោយ
ម៉ាគូសនិយាយថា ខ្ញុំមិនធ្លាប់ផ្សព្វផ្សាយម្នាក់ឯងទេពីមុនមក។ រាល់លើកខ្ញុំភ័យខ្លាំងណាស់រហូតដល់ញ័រជើងពេលខ្ញុំចេញទៅផ្សព្វផ្សាយ។ អាក្រក់ជាងនេះទៅទៀត មនុស្សមិនចូលចិត្តស្ដាប់ដំណឹងល្អទេនៅតំបន់នេះ។ មនុស្សខ្លះបង្ករឿងយ៉ាងចំៗ ហើយគំរាមថានឹងវាយខ្ញុំទៀតផង។ ក្នុងអំឡុងខែដំបូងដែលខ្ញុំផ្សព្វផ្សាយ ខ្ញុំផ្ដល់បានតែកូនសៀវភៅមួយប៉ុណ្ណោះ!
រឿងនោះបានកើតឡើងជាង៦០ឆ្នាំមុន គឺនៅឆ្នាំ១៩៤៩ ប៉ុន្តែដំណើររឿងរបស់ខ្ញុំបានចាប់ផ្ដើមជាច្រើនឆ្នាំមុននេះ។ ឪពុករបស់ខ្ញុំឈ្មោះហេនឌ្រីក ធ្វើការជាជាងធ្វើស្បែកជើង និងជាអ្នកថែសួននៅដូនដឺរ៉េន ដែលជាភូមិតូចមួយនៅភាគខាងជើងខេត្តដ្រឺនទើ នៃប្រទេសហូឡង់។ ខ្ញុំបានកើតនៅទីនោះនៅឆ្នាំ១៩២៧ ហើយជាកូនទី៤ក្នុងចំណោមបងប្អូន៧នាក់។ ផ្ទះយើងស្ថិតនៅតាមផ្លូវលំមួយនៅជនបទ។ អ្នកជិតខាងរបស់យើងភាគច្រើនជាកសិករ ហើយខ្ញុំចូលចិត្តជីវិតជាកសិករ។ នៅឆ្នាំ១៩៤៧ ពេលខ្ញុំអាយុ១៩ឆ្នាំ ខ្ញុំបានស្គាល់សេចក្ដីពិតតាមរយៈអ្នកជិតខាងម្នាក់របស់យើង ឈ្មោះធឺណឹស បាន។ ខ្ញុំចាំថាខ្ញុំមិនចូលចិត្តគាត់ទេ ពេលខ្ញុំជួបគាត់ដំបូង។ ប៉ុន្តែមិនយូរក្រោយសង្គ្រាមលោកលើកទី២ គាត់បានក្លាយជាសាក្សីព្រះយេហូវ៉ាម្នាក់ ហើយខ្ញុំបានសង្កេតឃើញថាគាត់រួសរាយរាក់ទាក់ជាងពីមុនឆ្ងាយណាស់។ ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់គាត់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ដូច្នេះខ្ញុំបានស្ដាប់គាត់ ពេលគាត់ប្រាប់ខ្ញុំអំពីសេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាននៅលើផែនដី។ ខ្ញុំបានទទួលសេចក្ដីពិតយ៉ាងឆាប់រហ័ស ហើយយើងបានក្លាយជាមិត្តភក្ដិយូរអង្វែង។a
ខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយនៅខែឧសភា ឆ្នាំ១៩៤៨ ហើយមួយខែក្រោយមក គឺថ្ងៃទី២០ ខែមិថុនា ខ្ញុំបានទទួលការជ្រមុជទឹកនៅមហាសន្និបាតមួយនៅក្រុងយូត្រេក។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤៩ ខ្ញុំបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ ហើយខ្ញុំបានត្រូវចាត់ទៅក្រុងបឃូឡូដែលនៅប្រទេសហូឡង់ភាគខាងកើត ដែលមានក្រុមជំនុំតូចមួយនៅទីនោះ។ ខ្ញុំត្រូវធ្វើដំណើរប្រហែលជា១៣០គីឡូម៉ែត្រ (៨០ម៉ៃល៍) ដើម្បីទៅដល់ទីនោះ ដូច្នេះខ្ញុំសម្រេចចិត្តថាធ្វើដំណើរដោយជិះកង់។ ខ្ញុំបានគិតថាខ្ញុំនឹងចំណាយពេលប្រហែលជា៦ម៉ោង ប៉ុន្តែដោយសារភ្លៀងខ្លាំង ហើយត្រូវធ្វើដំណើរបញ្ច្រាសខ្យល់ ខ្ញុំបានចំណាយពេល១២ម៉ោង។ ទោះជាយ៉ាងនោះក៏ដោយ នៅចម្ងាយផ្លូវ៩០គីឡូម៉ែត្រ (៥៥ម៉ៃល៍) ចុងក្រោយ ខ្ញុំបានជិះរថភ្លើង! នៅទីបំផុតពេលយប់ជ្រៅ ខ្ញុំបានទៅដល់គោលដៅរបស់ខ្ញុំ ពោលគឺផ្ទះក្រុមគ្រួសាររបស់សាក្សីម្នាក់ដែលខ្ញុំបានស្នាក់នៅជាមួយ កាលដែលខ្ញុំធ្វើជាអ្នកត្រួសត្រាយនៅតំបន់នោះ។
ប៉ុន្មានឆ្នាំក្រោយសង្គ្រាម មនុស្សមានទ្រព្យសម្បត្ដិតែបន្ដិចបន្តួចទេ។ ខ្ញុំមានតែអាវធំមួយនិងខោជើងវែងមួយ ប៉ុន្តែអាវនោះធំពេក ហើយខោនោះខ្លីណាស់! ដូចខ្ញុំបានរៀបរាប់នៅពាក្យផ្ដើម ក្នុងខែដំបូងនៅភូមិបឃូឡូ ខ្ញុំមានការពិបាក ប៉ុន្តែព្រះយេហូវ៉ាបានផ្ដល់ពរដល់ខ្ញុំដោយឲ្យខ្ញុំមានការសិក្សាគម្ពីរមួយចំនួន។ ប្រាំបួនខែក្រោយមក ខ្ញុំបានត្រូវចាត់ឲ្យទៅបម្រើនៅរដ្ឋធានីអាមស្ទើដាម។
ពីជនបទមកទីក្រុង
ដោយធ្លាប់រស់នៅតំបន់កសិកម្ម ឥឡូវខ្ញុំបានមករស់នៅរដ្ឋធានីអាមស្ទើដាមដែលជាក្រុងធំបំផុតនៃប្រទេសហូឡង់។ កិច្ចបម្រើផ្សាយគឺមានលទ្ធផលល្អណាស់។ ក្នុងខែដំបូងខ្ញុំបានជូនសៀវភៅច្រើនជាង៩ខែមុន។ មិនយូរប៉ុន្មាន ខ្ញុំបានដឹកនាំការសិក្សាគម្ពីរមិនតិចជាង៨ទេ។ បន្ទាប់ពីបានត្រូវតែងតាំងជាអ្នកបម្រើក្រុមជំនុំ (ឥឡូវហៅថាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ) ខ្ញុំបានទទួលភារកិច្ចមួយ គឺថ្លែងសុន្ទរកថាសាធារណៈជាលើកទី១។ សម្រាប់ខ្ញុំ នោះជាអ្វីដែលខ្ញុំភ័យខ្លាច ដូច្នេះខ្ញុំបានធូរស្រាលក្នុងចិត្តជាខ្លាំងដោយសារខ្ញុំបានត្រូវផ្លាស់ទៅក្រុមជំនុំថ្មី មុននឹងដល់ថ្ងៃដែលខ្ញុំត្រូវថ្លែងសុន្ទរកថានោះ។ នៅពេលនោះ ខ្ញុំមិនគិតស្មានថា ខ្ញុំនឹងថ្លែងសុន្ទរកថាជាង៥.០០០ក្នុងជីវិតខ្ញុំទេ!
នៅខែឧសភា ឆ្នាំ១៩៥០ ខ្ញុំបានត្រូវចាត់ឲ្យទៅបម្រើនៅក្រុងហាឡឹម។ ក្រោយមក ខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យបម្រើជាអ្នកត្រួតពិនិត្យមណ្ឌល។ ខ្ញុំទទួលទានដំណេកមិនលក់អស់បីថ្ងៃ។ ខ្ញុំបានប្រាប់បងប្រុសរ៉ូបឺត វិញគ្លរ ដែលជាបងប្រុសម្នាក់ដែលបម្រើនៅការិយាល័យសាខាថា ខ្ញុំគ្មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកត្រួតពិនិត្យមណ្ឌលទេ ប៉ុន្តែគាត់បាននិយាយថា៖ «គ្រាន់តែបំពេញបែបបទទៅបានហើយ។ អ្នកនឹងរៀន»។ មិនយូរក្រោយពីនោះ ខ្ញុំបានទទួលការបង្ហាត់អស់មួយខែ ហើយបានចាប់ផ្ដើមបម្រើជាអ្នកបម្រើប្រចាំមណ្ឌល (អ្នកត្រួតពិនិត្យមណ្ឌល)។ ក្នុងអំឡុងពេលខ្ញុំធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយ ខ្ញុំបានជួបយ៉ាននី ថាតកឹន ដែលជាអ្នកត្រួសត្រាយវ័យក្មេងម្នាក់ដែលសប្បាយរីករាយ ហើយមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា និងមានស្មារតីលះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ យើងបានរៀបការនៅឆ្នាំ១៩៥៥។ ប៉ុន្តែមុននឹងខ្ញុំបន្តដំណាលរឿងរបស់ខ្ញុំ យ៉ាននីនឹងពន្យល់ថា តាមរបៀបណានាងបានក្លាយទៅជាអ្នកត្រួសត្រាយ ហើយតាមរបៀបណាយើងបានបម្រើជាមួយគ្នាក្រោយពីយើងបានរៀបការ។
បម្រើព្រះជាប្ដីប្រពន្ធ
យ៉ាននី: ម្ដាយរបស់ខ្ញុំបានក្លាយទៅជាសាក្សីនៅឆ្នាំ១៩៤៥ ពេលដែលខ្ញុំមានអាយុ១១ឆ្នាំ។ គាត់បានដឹងភ្លាមនូវសារ:សំខាន់នៃការសិក្សាគម្ពីរជាមួយនឹងកូនបីនាក់របស់គាត់ ប៉ុន្តែឪពុកខ្ញុំបានប្រឆាំងសេចក្ដីពិត ដូច្នេះគាត់បានបង្រៀនយើងពេលឪពុកខ្ញុំមិននៅផ្ទះ។
កិច្ចប្រជុំទី១ដែលខ្ញុំបានចូលរួម គឺមហាសន្និបាតនៅក្រុងឡាអេនៅឆ្នាំ១៩៥០។ មួយសប្ដាហ៍ក្រោយមក ខ្ញុំបានចូលរួមកិច្ចប្រជុំទី១របស់ខ្ញុំនៅសាលប្រជុំនាក្រុងអាសឹននៃខេត្តដ្រឺនទើ។ ឪពុកខ្ញុំបានខឹងយ៉ាងខ្លាំង ហើយបានបណ្ដេញខ្ញុំចេញពីផ្ទះ។ ម្ដាយខ្ញុំបាននិយាយថា៖ «កូនដឹងថា កូនអាចរស់នៅកន្លែងណាហើយ»។ ខ្ញុំបានដឹងថាគាត់ចង់សំដៅលើបងប្អូនប្រុសស្រីរួមជំនឿរបស់ខ្ញុំ។ ខ្ញុំបានរើទៅនៅជាមួយនឹងគ្រួសារសាក្សីមួយដែលនៅជិតនោះ ប៉ុន្តែឪពុកខ្ញុំនៅតែធ្វើឲ្យខ្ញុំពិបាករស់នៅ ដូច្នេះខ្ញុំបានរើទៅនៅក្នុងសាលប្រជុំនាក្រុងដេវិនទើក្នុងខេត្តអូវើរ៉េចសែល ដែលមានចម្ងាយ៩៥គីឡូម៉ែត្រ (៦០ម៉ៃល៍) ពីផ្ទះរបស់ខ្ញុំ។ ប៉ុន្តែ ពេលនោះខ្ញុំមិនទាន់គ្រប់អាយុ ដូច្នេះឪពុកខ្ញុំមានបញ្ហាជាមួយនឹងអាជ្ញាធរ ដោយសារគាត់បានបណ្ដេញខ្ញុំចេញពីផ្ទះ។ ជាលទ្ធផល គាត់បានប្រាប់ខ្ញុំថា ខ្ញុំអាចត្រឡប់មកផ្ទះវិញបាន។ ទោះជាឪពុកខ្ញុំមិនដែលបានទទួលយកសេចក្ដីពិតក៏ដោយ នៅទីបំផុត គាត់បានអនុញ្ញាតឲ្យខ្ញុំចូលរួមកិច្ចប្រជុំទាំងអស់ ហើយឲ្យខ្ញុំទៅផ្សព្វផ្សាយ។
មិនយូរប៉ុន្មានក្រោយពីខ្ញុំបានត្រឡប់មកផ្ទះវិញ ម្ដាយខ្ញុំបានឈឺធ្ងន់ ហើយខ្ញុំត្រូវធ្វើកិច្ចការផ្ទះទាំងអស់។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានបន្តជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ ហើយបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៥១ ក្នុងអាយុ១៧ឆ្នាំ។ នៅឆ្នាំ១៩៥២ ក្រោយពីម្ដាយខ្ញុំបានជាពីជំងឺ ខ្ញុំបានបម្រើជាមួយនឹងបងស្រីដែលជាអ្នកត្រួសត្រាយបីនាក់អស់ពីរខែ ជាអ្នកត្រួសត្រាយពេលវិស្សមកាល (អ្នកត្រួសត្រាយជំនួយ)។ យើងរស់នៅលើផ្ទះទូក ហើយបានផ្សព្វផ្សាយនៅក្រុងពីរនាខេត្តដ្រឺនទើ។ ខ្ញុំបានក្លាយទៅជាអ្នកត្រួសត្រាយពេញពេលនៅឆ្នាំ១៩៥៣។ មួយឆ្នាំក្រោយមក អ្នកត្រួតពិនិត្យមណ្ឌលវ័យក្មេងម្នាក់បានមកលេងក្រុមជំនុំយើង។ គាត់គឺម៉ាគូស។ យើងបានរៀបការនៅខែឧសភា ឆ្នាំ១៩៥៥ កាលដែលយើងគិតថា ជាប្ដីប្រពន្ធ យើងអាចបម្រើព្រះយេហូវ៉ាបានប្រសើរជាង។—សាស្ដ. ៤:៩-១២
ម៉ាគូស: ក្រោយពីយើងបានរៀបការ ដំបូងយើងបានត្រូវចាត់ឲ្យទៅបម្រើជាអ្នកត្រួសត្រាយនៅក្រុងវីនដាម (ក្រូនីញអឹម)។ យើងរស់នៅក្នុងបន្ទប់ដ៏តូចមួយ ដែលមានទំហំប្រហែលជាពីរទៅបីម៉ែត្រប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី យ៉ាននីបានរៀបចំបន្ទប់នោះយ៉ាងល្អនិងស្រួលរស់នៅ។ រាល់យប់ យើងត្រូវតែរើតុរបស់យើងនិងកៅអីតូចពីរចេញដើម្បីអាចទម្លាក់គ្រែដែលនៅជាប់នឹងជញ្ជាំងចុះមកបាន។
ប្រាំមួយខែក្រោយមក យើងបានត្រូវអញ្ជើញឲ្យបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅប្រទេសបែលស៊ិច។ នៅឆ្នាំ១៩៥៥ មានអ្នកផ្សព្វផ្សាយប្រហែលជាត្រឹមតែ៤.០០០នាក់ប៉ុណ្ណោះនៅប្រទេសនេះ។ ឥឡូវចំនួននេះបានកើនឡើង៦ដង! នៅតំបន់ផ្លានដឺដែលស្ថិតនៅភាគខាងជើងនៃប្រទេសបែលស៊ិច មនុស្សនិយាយភាសាដូចគ្នានឹងភាសានៅប្រទេសហូឡង់ដែរ។ ប៉ុន្តែ របៀបដែលមនុស្សនៅប្រទេសបែលស៊ិចនិយាយភាសានោះគឺខុសគ្នាទាំងស្រុង ដូច្នេះមុនដំបូងយើងត្រូវយកឈ្នះឧបសគ្គខាងភាសា។
យ៉ាននី: ភារកិច្ចជាអ្នកធ្វើដំណើរត្រួតពិនិត្យតម្រូវឲ្យមានស្មារតីលះបង់ប្រយោជន៍ខ្លួនខ្លាំងណាស់។ យើងបានទៅធ្វើទស្សនកិច្ចក្រុមជំនុំផ្សេងៗដោយជិះកង់ ហើយស្នាក់នៅផ្ទះរបស់បងប្អូន។ ដោយសារយើងមិនមានកន្លែងស្នាក់នៅផ្ទាល់ខ្លួនពេលធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ យើងបានស្នាក់នៅពេញមួយថ្ងៃច័ន្ទ ហើយធ្វើដំណើរទៅក្រុមជំនុំមួយទៀតនៅថ្ងៃអង្គារពេលព្រឹក។ ប៉ុន្តែយើងតែងតែចាត់ទុកកិច្ចបម្រើរបស់យើងជាពរមួយពីព្រះយេហូវ៉ា។
ម៉ាគូស: មុនដំបូងយើងមិនស្គាល់បងប្អូនម្នាក់សោះក្នុងក្រុមជំនុំ ប៉ុន្តែពួកគាត់ពិតជាមានចិត្តសប្បុរសខ្លាំងណាស់ ហើយទទួលស្វាគមន៍យើងយ៉ាងរាក់ទាក់។ (ហេ. ១៣:២) ក្នុងអំឡុងឆ្នាំដែលយើងបម្រើនៅទីនោះ យើងបានធ្វើទស្សនកិច្ចបីបួនដងនៅក្រុមជំនុំទាំងអស់ដែលនិយាយភាសាហូឡង់នៅប្រទេសបែលស៊ិច។ នេះនាំឲ្យយើងទទួលពរជាច្រើន។ ជាឧទាហរណ៍ យើងបានស្គាល់បងប្អូនស្ទើរតែទាំងអស់នៅតំបន់ដែលនិយាយភាសាហូឡង់ ហើយយើងស្រឡាញ់ពួកគាត់ខ្លាំងណាស់។ យើងបានឃើញប្អូនៗវ័យក្មេងរាប់រយនាក់បានធំពេញវ័យ ហើយរីកចម្រើនទៅរកភាពចាស់ទុំខាងការគោរពប្រណិប័តន៍ព្រះ ព្រមទាំងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងចាត់ទុកកិច្ចការរាជាណាចក្រព្រះជាអ្វីដែលសំខាន់ក្នុងជីវិតរបស់ពួកគេ។ ពេលឃើញពួកគេជាច្រើននាក់បម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ក្នុងកិច្ចបម្រើពេញពេល នេះពិតជានាំឲ្យមានអំណរមែន។ (៣យ៉ូន. ៤) ការ«លើកទឹកចិត្តគ្នាទៅវិញទៅមក»បែបនេះធ្វើឲ្យយើងងាយស្រួលបន្តបំពេញភារកិច្ចរបស់យើងដោយអស់ពីសមត្ថភាព។—រ៉ូម ១:១២
ការលំបាកយ៉ាងខ្លាំងមួយ និងពរដ៏វិសេសមួយពីព្រះ
ម៉ាគូស: តាំងពីថ្ងៃដែលយើងបានរៀបការ យើងមានបំណងប្រាថ្នាចង់ចូលសាលាគីលាត។ រាល់ថ្ងៃយើងរៀនភាសាអង់គ្លេសយ៉ាងហោចណាស់មួយម៉ោង។ ប៉ុន្តែការរៀនភាសាអង់គ្លេសតាមរយៈសៀវភៅមិនមែនជាការងាយស្រួលទេ ដូច្នេះក្នុងអំឡុងពេលវិស្សមកាល យើងបានសម្រេចចិត្តថាទៅប្រទេសអង់គ្លេស ដើម្បីហាត់និយាយភាសាអង់គ្លេសពេលយើងផ្សព្វផ្សាយនៅទីនោះ។ នៅទីបំផុតនៅឆ្នាំ១៩៦៣ យើងបានទទួលស្រោមសំបុត្រមួយពីមន្ទីរចាត់ការពិភពលោកនៅក្រុងប៊្រុគ្លីន។ ក្នុងស្រោមសំបុត្រនោះមានសំបុត្រពីរ មួយសម្រាប់ខ្ញុំ មួយទៀតសម្រាប់យ៉ាននី។ សំបុត្ររបស់ខ្ញុំគឺជាការអញ្ជើញឲ្យចូលសាលាគីលាតដើម្បីទទួលការអប់រំពិសេសដែលមានរយៈពេល១០ខែ។ សាលានេះច្រើនតែផ្ដោតទៅលើការបង្ហាត់បង្រៀនបងប្អូន និងរបៀបដំណើរការរបស់អង្គការយើង។ ដូច្នេះក្នុងចំណោមសិស្ស១០០នាក់ដែលបានត្រូវអញ្ជើញ មាន៨២នាក់ជាបងប្អូនប្រុស។
យ៉ាននី: ក្នុងសំបុត្រដែលខ្ញុំបានទទួលនៅថ្ងៃនោះ បងប្អូនបានសុំខ្ញុំឲ្យពិចារណានិងអធិដ្ឋាន ថាខ្ញុំសុខចិត្តរស់នៅប្រទេសបែលស៊ិចក្នុងអំឡុងពេលម៉ាគូសទៅសាលាគីលាតឬយ៉ាងណា។ ខ្ញុំសារភាពថា មុនដំបូងខ្ញុំបានខកចិត្ត។ នេះមើលទៅហាក់ដូចជាព្រះយេហូវ៉ាមិនបានផ្ដល់ពរចំពោះការខំប្រឹងរបស់ខ្ញុំដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្ញុំទេ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំបានរំលឹកខ្លួនខ្ញុំអំពីគោលបំណងនៃសាលាគីលាត ពោលគឺដើម្បីជួយពួកអ្នកដែលចូលសាលានោះឲ្យបំពេញកិច្ចការផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក។ ដូច្នេះខ្ញុំយល់ព្រមស្នាក់នៅប្រទេសបែលស៊ិច ហើយខ្ញុំបានត្រូវចាត់ឲ្យធ្វើជាអ្នកត្រួសត្រាយពិសេសនៅក្រុងហ្គិនប្រទេសបែលស៊ិចជាមួយបងស្រីអាណានិងបងស្រីម៉ារីយ៉ា ខុលផឺត ជាអ្នកត្រួសត្រាយពិសេសដែលមានបទពិសោធន៍។
ម៉ាគូស: ដោយសារខ្ញុំត្រូវតែចេះនិយាយភាសាអង់គ្លេសឲ្យបានល្អជាង ខ្ញុំបានត្រូវអញ្ជើញទៅក្រុងប៊្រុគ្លីនប្រាំខែមុននឹងចាប់ផ្ដើមចូលសាលាគីលាត។ ខ្ញុំបានធ្វើការនៅផ្នែកដឹកជញ្ជូននិងផ្ញើសៀវភៅនិងផ្នែកកិច្ចបម្រើ។ ការបម្រើនៅមន្ទីរចាត់ការពិភពលោក និងការជួយរៀបចំដឹកជញ្ជូនសៀវភៅទៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាម៉េរិកខាងត្បូង ធ្វើឲ្យខ្ញុំកាន់តែស្គាល់បងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ ជាពិសេស ខ្ញុំនៅចាំអំពីបងប្រុសអាលេក្សានដឺ ម៉ាក់មីល្លិនដែលគាត់ធ្លាប់ធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅជំនាន់បងរ៉ាសិល។ នៅពេលនោះ គាត់មានវ័យចាស់ ហើយថ្លង់ទៀត ប៉ុន្តែគាត់ចូលរួមកិច្ចប្រជុំទាំងអស់របស់ក្រុមជំនុំយ៉ាងទៀងទាត់។ គំរូរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ ហើយបានផ្ដល់មេរៀនដល់ខ្ញុំថា យើងគួរយល់តម្លៃនៃការសេពគប់បងប្អូនគ្រិស្តសាសនិករបស់យើង។—ហេ. ១០:២៤, ២៥
យ៉ាននី: ម៉ាគូសនិងខ្ញុំសរសេរសំបុត្រទាក់ទងគ្នាបីបួនដងក្នុងមួយសប្ដាហ៍។ យើងនឹកគ្នាខ្លាំងណាស់! ប៉ុន្តែម៉ាគូសចូលចិត្តការបង្ហាត់បង្រៀនដែលគាត់បានទទួលនៅសាលាគីលាត ហើយខ្ញុំមានអំណរពិតប្រាកដក្នុងកិច្ចបម្រើផ្សាយ។ ពេលដែលម៉ាគូសត្រឡប់ពីសហរដ្ឋអាម៉េរិកមកផ្ទះវិញ ខ្ញុំបានដឹកនាំការសិក្សាគម្ពីរ១៧! យើងបានបែកគ្នាអស់១៥ខែ នេះពិតជាការពិបាកមួយ ប៉ុន្តែខ្ញុំអាចឃើញថាព្រះយេហូវ៉ាផ្ដល់ពរចំពោះការលះបង់របស់យើង។ នៅថ្ងៃដែលម៉ាគូសត្រឡប់មកវិញ យន្តហោះបានពន្យារពេលបីបួនម៉ោង ហេតុនេះពេលគាត់បានមកដល់ យើងបានឱបគ្នា ហើយយំ។ តាំងពីពេលនោះមក យើងមិនធ្លាប់បែកគ្នាទៀតឡើយ។
យើងដឹងគុណព្រះចំពោះឯកសិទ្ធិទាំងអស់ក្នុងកិច្ចបម្រើ
ម៉ាគូស: ពេលខ្ញុំបានត្រឡប់ពីសាលាគីលាតនៅខែធ្នូ ឆ្នាំ១៩៦៤ យើងបានត្រូវចាត់ឲ្យទៅបម្រើនៅបេតអែល។ ទោះជានៅពេលនោះយើងមិនបានដឹងថា យើងបានត្រូវចាត់ឲ្យទៅបម្រើនៅបេតអែលក៏ដោយ នោះមិនមែនជាកន្លែងដែលយើងបម្រើជាអចិន្ត្រៃយ៍ទេ។ គ្រាន់តែបីខែក្រោយប៉ុណ្ណោះ យើងបានត្រូវចាត់ឲ្យធ្វើជាអ្នកត្រួតពិនិត្យតំបន់នៅតំបន់ផ្លានដឺ។ ពេលដែលអែលសិន និងអែល វីគើម៉ា បានត្រូវចាត់ឲ្យធ្វើជាសាសនទូតនៅបែលស៊ិច ពួកគាត់បានត្រូវចាត់ឲ្យធ្វើជាអ្នកត្រួតពិនិត្យតំបន់ ហើយយើងបានត្រឡប់ទៅបេតអែលវិញ។ នៅទីនោះខ្ញុំបានបម្រើផ្នែកកិច្ចបម្រើ។ តាំងពីឆ្នាំ១៩៦៨ដល់១៩៨០ ភារកិច្ចរបស់យើងបានត្រូវផ្លាស់ប្ដូរបីបួនដង ពីកិច្ចបម្រើនៅបេតអែលទៅធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យ។ នៅទីបំផុត ពីឆ្នាំ១៩៨០រហូតដល់ឆ្នាំ២០០៥ ខ្ញុំបានបម្រើជាអ្នកត្រួតពិនិត្យតំបន់ម្ដងទៀត។
ទោះជាភារកិច្ចរបស់យើងច្រើនតែផ្លាស់ប្ដូរ យើងមិនដែលភ្លេចនូវហេតុការណ៍ពិតដែលថា យើងបានប្រគល់ជីវិតរបស់យើងដើម្បីបម្រើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត។ យើងពិតជាពេញចិត្តនឹងភារកិច្ចទាំងអស់ដែលយើងបានទទួល ដោយមានទំនុកចិត្តថាគោលបំណងនៃការផ្លាស់ប្ដូរកិច្ចបម្រើរបស់យើង គឺដើម្បីជួយឲ្យកិច្ចការរាជាណាចក្រជឿនទៅមុខ។
យ៉ាននី: ខ្ញុំមានអំណរយ៉ាងខ្លាំងចំពោះឯកសិទ្ធិដ៏គួរឲ្យរំភើបចិត្តពេលទៅប៊្រុគ្លីនជាមួយម៉ាគូសនៅឆ្នាំ១៩៧៧និងទៅផាតឺសិននៅឆ្នាំ១៩៩៧ ពេលគាត់ទទួលការបង្ហាត់បង្រៀនបន្ថែមជាសមាជិកគណៈកម្មាធិការការិយាល័យសាខា។
ព្រះយេហូវ៉ាជ្រាបអំពីអ្វីដែលយើងត្រូវការ
ម៉ាគូស: នៅឆ្នាំ១៩៨២ យ៉ាននីបានទទួលការវះកាត់ ហើយបានជាឡើងវិញ។ បីឆ្នាំក្រោយមក ក្រុមជំនុំនៅក្រុងលូរ៉ិនមានចិត្តសប្បុរសដោយបានផ្ដល់បន្ទប់មួយឲ្យយើងដែលនៅខាងលើសាលប្រជុំរបស់ពួកគេ។ នេះជាលើកទី១ហើយក្នុងរយៈពេល៣០ឆ្នាំ ដែលយើងមានកន្លែងស្នាក់នៅតូចមួយផ្ទាល់ខ្លួន។ នៅថ្ងៃអង្គារ ពេលដែលយើងរៀបចំអីវ៉ាន់ដើម្បីចាប់ផ្ដើមទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយ ខ្ញុំត្រូវឡើងចុះកាំជណ្ដើរ៥៤កាំ បីបួនដងដើម្បីយកអីវ៉ាន់របស់យើងចុះមកក្រោម! ប៉ុន្តែយើងសប្បាយចិត្តដោយសារនៅឆ្នាំ២០០២ មានការរៀបចំដើម្បីឲ្យយើងអាចមានបន្ទប់ស្នាក់នៅមួយ នៅជាន់ផ្ទាល់ដី។ ក្រោយពីខ្ញុំមានអាយុ៧៨ឆ្នាំ យើងបានត្រូវចាត់ឲ្យធ្វើជាអ្នកត្រួសត្រាយពិសេសនៅក្រុងឡូខេរ៉ិន។ យើងសប្បាយរីករាយណាស់ដែលយើងអាចបម្រើព្រះតាមរបៀបនេះ ហើយយើងនៅតែអាចទៅផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។
«យើងជឿជាក់ថា ទោះជាយើងទៅបម្រើនៅកន្លែងណាក៏ដោយឬមានភារកិច្ចអ្វីក៏ដោយ គឺមិនសំខាន់ទេ ប៉ុន្តែសំខាន់គឺអ្នកដែលយើងបម្រើ»
យ៉ាននី: បូកបញ្ចូលគ្នា យើងទាំងពីរនាក់បានចំណាយពេលជាង១២០ឆ្នាំក្នុងកិច្ចបម្រើពេញពេល! យើងបានឃើញដោយផ្ទាល់ថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា‹លោកប្រាកដជាមិនចាកចេញពីយើងឡើយ› ហើយថាបើយើងបម្រើលោកយ៉ាងស្មោះត្រង់ យើងនឹង«គ្មានខ្វះខាតអ្វីឡើយ» ជាពាក្យពិត។—ហេ. ១៣:៥; ចោ. ២:៧
ម៉ាគូស: ពេលយើងនៅក្មេង យើងបានប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ា។ យើងមិនដែលស្វែងរកការយ៉ាងធំសម្រាប់ខ្លួនយើងឡើយ។ យើងបានសុខចិត្តទទួលភារកិច្ចទាំងអស់ដែលបានត្រូវប្រគល់ឲ្យយើង ដោយសារយើងជឿជាក់ថា ទោះជាយើងទៅបម្រើនៅកន្លែងណាក៏ដោយឬមានភារកិច្ចអ្វីក៏ដោយ គឺមិនសំខាន់ទេ ប៉ុន្តែសំខាន់គឺអ្នកដែលយើងបម្រើ។
a ប៉ុន្មានឆ្នាំក្រោយមក ឪពុកម្ដាយខ្ញុំ បងស្រីនិងប្អូនប្រុសពីរនាក់របស់ខ្ញុំក៏បានក្លាយជាសាក្សីព្រះយេហូវ៉ាដែរ។