អត្ថបទអំពីក្របទស្សនាវដ្ដី
ហេតុអ្វីមនុស្សស្លូតត្រង់ច្រើនម្ល៉េះស្លាប់យ៉ាងអាណោចអាធ័ម?
ណូអែលជាក្មេងស្រីរួសរាយ ដែលចូលចិត្តគូររូប។ នៅល្ងាចមួយនារដូវក្ដៅនាងបានដើរចុះឡើងក្នុងទីធ្លាក្រោយផ្ទះ ដោយមិនដឹងមូលហេតុនាងបានធ្លាក់ចូលទៅក្នុងអាងហែលទឹក។ នាងបានលង់ទឹកស្លាប់ពីរសប្ដាហ៍មុនដែលនាងមានអាយុបួនឆ្នាំ។
ហ្សាឡឺត ដានីយ៉ែល អូលីវា និងចូសេហ្វីនជាឈ្មោះកុមារខ្លះក្នុងចំណោមកុមារ២០នាក់ដែលមានអាយុ៦ឬ៧ឆ្នាំដែលបានស្លាប់ក្នុងការបាញ់រះមួយនៅសាលារៀនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ក្នុងរដ្ឋកុនណិចទីកឹត សហរដ្ឋអាម៉េរិក។ សរុបទៅមាន២៦នាក់បានស្លាប់។ នៅពិធីបុណ្យសពនោះ ប្រធានាធិបតីអូបាម៉ាអានឈ្មោះកុមាររងគ្រោះ និងជម្រាបដល់អ្នកកាន់ទុក្ខថា៖ «រឿងខ្លោចផ្សាទាំងនេះមិនត្រូវកើតឡើងទៀតទេ»។
បាណូអាយុ១៨ឆ្នាំបានចាកចេញពីប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ១៩៩៦ ជាមួយក្រុមគ្រួសារដើម្បីទៅរស់នៅប្រទេសន័រវ៉េ។ មិត្តភក្ដិនាងហៅឈ្មោះក្រៅរបស់នាងថាពន្លឺចាំងចែង។ តែនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ អ្នកជ្រុលនិយមចិត្តតិរច្ឆានម្នាក់បានសម្លាប់មនុស្សអស់៧៧នាក់។ គួរឲ្យស្ដាយណាស់ បាណូក៏នៅក្នុងចំណោមមនុស្សដែលបានស្លាប់នោះដែរ។ អ្នកជ្រុលនិយមនោះបាននិយាយអួតថា៖ «ខ្ញុំចង់សុំទោស . . . ដែលខ្ញុំមិនបានសម្លាប់ច្រើនជាងនេះ»។
រឿងខ្លោចផ្សាស្រដៀងគ្នានេះបានត្រូវរៀបរាប់ម្ដងហើយម្ដងទៀតនៅទូទាំងពិភពលោក។ សូមគិតអំពីទុក្ខសោកនិងការឈឺចាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ ឧក្រិដ្ឋកម្ម សង្គ្រាម ភេរវកម្ម មហន្តរាយធម្មជាតិ និងសោកនាដកម្មផ្សេងទៀត។ មនុស្សច្រើនណាស់បានស្លាប់ឬរងទុក្ខវេទនាដោយអយុត្ដិធម៌!
មនុស្សខ្លះបន្ទោសព្រះ ដោយគិតថាព្រះដែលជាអ្នកបង្កើតមិនយកចិត្តទុកដាក់ចំពោះមនុស្សជាតិទេ។ អ្នកឯទៀតគិតថាព្រះឃើញទុក្ខវេទនារបស់យើង តែលោកមិនចង់ធ្វើអន្តរាគមន៍ឡើយ។ អ្នកខ្លះទៀតនៅតែថារឿងខ្លោចផ្សាបែបនេះជាវាសនាដែលបានកំណត់រួចហើយ។ តាមមើលទៅ មតិស្តីអំពីរឿងនេះមានច្រើនទៀត។ ដូច្នេះ តើយើងអាចរកចម្លើយដែលគួរឲ្យទុកចិត្តនិងដែលធ្វើឲ្យយើងអស់ចម្ងល់នៅឯណា? នៅអត្ថបទជាបន្តបន្ទាប់ យើងនឹងស្វែងរកចម្លើយក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ ដើម្បីដឹងថា តើអ្វីបណ្ដាលឲ្យមានការឈឺចាប់? ហើយតើការឈឺចាប់នឹងត្រូវបញ្ចប់ដោយរបៀបណា?
[រូបភាពនៅទំព័រ៣]