ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាស្តេចដែលរស់ជារៀងរហូត
«ឯស្តេចដែលរស់ជារៀងរហូត . . . សូមឲ្យលោកប្រកបដោយកិត្ដិយស និងសិរីរុងរឿងជារៀងរហូតតទៅ»។—១ធី. ១:១៧
១, ២. (ក) តើអ្នកណាជា«ស្តេចដែលរស់ជារៀងរហូត» ហើយហេតុអ្វីឋានៈនេះគឺសមរម្យចំពោះលោក? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមានលក្ខណៈអ្វីខ្លះដែលធ្វើឲ្យយើងចង់ចូលទៅជិតលោក?
ស្តេចសូប៊ូសាទី២ដែលជាស្តេចប្រទេសស្វាហ្ស៊ីឡង់បានគ្រប់គ្រងជិត៦១ឆ្នាំ។ ពិតជាគួរឲ្យអស្ចារ្យណាស់ដែលស្តេចមួយនៅសម័យនេះអាចគ្រប់គ្រងយូរដូច្នេះ។ ប៉ុន្តែមានស្តេចមួយអង្គដែលមិនមានជីវិតខ្លីដូចមនុស្សទេ។ គម្ពីរចែងអំពីស្តេចនោះថាលោកជា«ស្តេចដែលរស់ជារៀងរហូត»។ (១ធី. ១:១៧) អ្នកតែងទំនុកតម្កើងម្នាក់បានបញ្ជាក់នាមរបស់អ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតនេះ ដោយចែងថា៖ «ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច»។—ទំនុក. ១០:១៦
២ រយៈពេលដែលព្រះយេហូវ៉ាបានគ្រប់គ្រងធ្វើឲ្យលោកខុសប្លែកពីស្តេចណាទៀតដែលជាមនុស្ស។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យយើងចង់ចូលទៅជិតព្រះយេហូវ៉ា គឺរបៀបដែលលោកគ្រប់គ្រង។ ស្តេចមួយអង្គដែលបានគ្រប់គ្រងលើអ៊ីស្រាអែលសម័យបុរាណអស់៤០ឆ្នាំ បានសរសើរព្រះដោយពោលថា៖ «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្ដាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ។ ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់»។ (ទំនុក. ១០៣:៨, ១៩) ព្រះយេហូវ៉ាមិនត្រឹមតែជាស្តេចរបស់យើងប៉ុណ្ណោះទេ តែលោកក៏ជាបិតារបស់យើងនៅស្ថានសួគ៌ ហើយលោកស្រឡាញ់យើង។ នេះលើកឡើងនូវសំណួរពីរយ៉ាងគឺ តើតាមរបៀបណាខ្លះព្រះយេហូវ៉ាបានធ្វើជាបិតារបស់យើង? តាំងពីមានការបះបោរនៅសួនអេដែន តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងដូចម្ដេចថា លោកនៅតែជាស្តេចហើយកំពុងគ្រប់គ្រងអ្វីៗទាំងអស់? ចម្លើយចំពោះសំណួរទាំងនេះនឹងជំរុញយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ា និងឲ្យគោរពប្រណិប័តន៍លោកដោយអស់ពីចិត្ត។
ស្តេចដែលរស់ជារៀងរហូតបង្កើតក្រុមគ្រួសារសកលលោក
៣. តើអ្នកណាជាសមាជិកដំបូងនៃក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ា ហើយតើអ្នកណាទៀតបានត្រូវបង្កើតជា«កូន»របស់ព្រះ?
៣ ព្រះយេហូវ៉ាប្រាកដជារីករាយណាស់ពេលដែលលោកបង្កើតបុត្រតែមួយរបស់លោក! ព្រះមិនបានប្រព្រឹត្តទៅលើបុត្រច្បងលោកដូចជាបុត្រនោះត្រឹមតែជារាស្ត្រមួយរូបដែលគ្មានតម្លៃនោះទេ។ ផ្ទុយទៅវិញ លោកស្រឡាញ់បុត្ររបស់លោកដូចបិតាស្រឡាញ់កូន ហើយបានអញ្ជើញបុត្រនោះឲ្យចូលរួមបង្កើតបុគ្គលល្អឥតខ្ចោះឯទៀតដែលនឹងទៅជារាស្ត្ររបស់លោក។ (កូឡ. ១:១៥-១៧) បុគ្គលទាំងនោះរួមមានទេវតាជាច្រើន។ គម្ពីរចែងអំពីទេវតាទាំងនោះថាជា«ពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ»របស់ព្រះដោយមានអំណរ។ ព្រះយេហូវ៉ាឲ្យកិត្ដិយសទេវតាទាំងនេះដោយហៅពួកគេថា«កូន»។ ទេវតាជាសមាជិកនៃក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ា។—ទំនុក. ១០៣:២០-២២; យ៉ូប ៣៨:៧
៤. តើតាមរបៀបណាមនុស្សបានក្លាយទៅជាសមាជិកនៃក្រុមគ្រួសារសកលលោករបស់ព្រះ?
៤ ក្រោយព្រះយេហូវ៉ាបានបង្កើតមេឃនិងផែនដី នោះលោកបានបង្កើតសមាជិកថែមទៀតសម្រាប់ក្រុមគ្រួសារសកលលោករបស់លោក។ ក្រោយព្រះយេហូវ៉ាបានរៀបចំផែនដីជាទីលំនៅដ៏ស្អាតមួយ នោះលោកបានបង្កើតបុរសទី១ឲ្យមានគុណសម្បត្ដិដូចលោក។ បុរសនោះឈ្មោះអាដាម។ (លោ. ១:២៦-២៨) ដោយសារព្រះយេហូវ៉ាបានបង្កើតអាដាម គឺជាការត្រឹមត្រូវដែលលោកតម្រូវឲ្យគាត់ស្ដាប់បង្គាប់លោក។ ក្នុងនាមជាបិតា ព្រះយេហូវ៉ាបានផ្ដល់ការណែនាំទាំងអស់ដោយចិត្តសប្បុរសនិងដោយសេចក្ដីស្រឡាញ់។ ការណែនាំរបស់លោកមិនបានបិទសិទ្ធិសេរីភាពរបស់មនុស្សជាតិឡើយ។—សូមអាន លោកុប្បត្តិ ២:១៥-១៧
៥. ដើម្បីឲ្យមានមនុស្សដែលជាកូនព្រះពេញផែនដី តើព្រះបានធ្វើអ្វី?
៥ ព្រះយេហូវ៉ាខុសគ្នាពីស្តេចភាគច្រើនដែលជាមនុស្ស ពីព្រោះលោកសប្បាយចិត្តប្រគល់ភារកិច្ចនិងអំណាចដល់រាស្ត្ររបស់លោក ដោយចាត់ទុកពួកគេជាសមាជិកដ៏គួរឲ្យទុកចិត្តក្នុងក្រុមគ្រួសាររបស់លោក។ ជាឧទាហរណ៍ ព្រះឲ្យអាដាមមានអំណាចលើសត្វ ហើយបានប្រគល់កិច្ចការដ៏គួរឲ្យសប្បាយមួយដល់គាត់ដែលតម្រូវឲ្យគាត់ប្រើប្រាជ្ញារបស់ខ្លួន។ កិច្ចការនោះគឺការដាក់ឈ្មោះឲ្យសត្វគ្រប់ប្រភេទ។ (លោ. ១:២៦; ២:១៩, ២០) ព្រះមិនបានបង្កើតដោយផ្ទាល់នូវមនុស្សរាប់លាននាក់ដែលនឹងរស់នៅផែនដីឡើយ។ ផ្ទុយទៅវិញលោកបានបង្កើតស្ត្រីល្អឥតខ្ចោះម្នាក់ឈ្មោះអេវ៉ាឲ្យធ្វើជាប្រពន្ធរបស់អាដាម។ (លោ. ២:២១, ២២) រួចមក លោកបានផ្ដល់ឱកាសឲ្យប្ដីប្រពន្ធមួយគូនេះ ធ្វើឲ្យផែនដីពេញទៅដោយកូនចៅរបស់ពួកគាត់។ ក្នុងស្ថានភាពដ៏ល្អឥតខ្ចោះនោះ មនុស្សអាចពង្រីកសួនឧទ្យានបន្ដិចម្ដងៗរហូតដល់សួននោះមានពេញផែនដីទាំងមូល។ ក្នុងនាមជាសមាជិកនៃក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ា មនុស្សជាតិអាចរួបរួមជាមួយនឹងបណ្ដាទេវតានៅស្ថានសួគ៌ក្នុងការគោរពប្រណិប័តន៍លោកជារៀងរហូត។ នេះពិតជាឱកាសដ៏អស្ចារ្យមែន ហើយនេះក៏បង្ហាញថាព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់កូនខ្លាំងណាស់!
កូនខ្លះបដិសេធការគ្រប់គ្រងរបស់ព្រះ
៦. (ក) តើតាមរបៀបណាការបះបោរក្នុងក្រុមគ្រួសាររបស់ព្រះបានចាប់ផ្ដើម? (ខ) ហេតុអ្វីការបះបោរនោះមិនមានន័យថាព្រះលែងមានសមត្ថភាពគ្រប់គ្រង?
៦ គួរឲ្យស្ដាយណាស់ អាដាមនិងអេវ៉ាមិនពេញចិត្តឲ្យព្រះយេហូវ៉ាធ្វើជាអ្នកគ្រប់គ្រងលើពួកគាត់ឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានសម្រេចចិត្តទៅតាមសាថាន ជាបុគ្គលវិញ្ញាណមួយរូបដែលជាកូនព្រះ។ (លោ. ៣:១-៦) ជីវិតរស់នៅដោយគ្មានការគ្រប់គ្រងរបស់ព្រះនាំឲ្យពួកគាត់និងកូនរបស់ពួកគាត់រងទុក្ខលំបាក មានការឈឺចាប់ ហើយនៅទីបំផុតស្លាប់។ (លោ. ៣:១៦-១៩; រ៉ូម ៥:១២) ពេលនោះ ព្រះគ្មានរាស្ត្រដែលស្ដាប់បង្គាប់លោកនៅផែនដីឡើយ។ តើនេះមានន័យថាលោកលែងមានសមត្ថភាពគ្រប់គ្រង ហើយបានបោះបង់ចោលសិទ្ធិអំណាចរបស់លោកលើផែនដីឬទេ? មិនមែនដូច្នេះទាល់តែសោះ! លោកបានប្រើសិទ្ធិអំណាចរបស់លោកដើម្បីបណ្ដេញបុរសនិងស្ត្រីនោះចេញពីសួនអេដែន។ ម្យ៉ាងទៀត ដើម្បីរារាំងកុំឲ្យពួកគាត់ចូលទៅវិញ លោកបានចាត់ចេរូប៊ីនឲ្យយាមច្រកចូលសួននោះ។ (លោ. ៣:២៣, ២៤) នៅដំណាលគ្នានោះ ព្រះបានបង្ហាញសេចក្ដីស្រឡាញ់ក្នុងនាមជាបិតា ដោយបញ្ជាក់ថាលោកនៅតែនឹងសម្រេចគោលបំណងរបស់លោក ស្តីអំពីការមានក្រុមគ្រួសារសកលលោកដ៏ស្មោះត្រង់មួយដែលមានកូនជាបុគ្គលវិញ្ញាណនិងកូនជាមនុស្សជាតិ។ លោកបានសន្យាថានឹងមានកូនមួយកើតមកដែលនឹងបំផ្លាញសាថាន ហើយបំបាត់ចោលផលវិបាកគ្រប់យ៉ាងដែលបានមកពីអំពើខុសឆ្គងរបស់អាដាម។—សូមអាន លោកុប្បត្តិ ៣:១៥
៧, ៨. (ក) នៅសម័យណូអេ តើពិភពលោកគឺអាក្រក់យ៉ាងណា? (ខ) តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីសម្អាតផែនដីនិងការពារមនុស្សជាតិ?
៧ នៅសតវត្សរ៍ក្រោយៗមកនោះ មនុស្សខ្លះបានសម្រេចចិត្តនៅស្មោះត្រង់នឹងព្រះយេហូវ៉ា។ ក្នុងចំណោមពួកគេមានអេបិលនិងអេណុក។ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនចង់បានព្រះយេហូវ៉ាជាបិតានិងជាស្តេចរបស់ពួកគេទេ។ មកដល់សម័យណូអេ ផែនដីបាន«ពេញជាសេចក្ដីកាចសហ័ស»។ (លោ. ៦:១១) តើនេះមានន័យថាព្រះយេហូវ៉ាលែងមានសមត្ថភាពគ្រប់គ្រងផែនដីហើយឬ? តើកំណត់ហេតុប្រវត្ដិសាស្ត្របញ្ជាក់យ៉ាងណា?
៨ សូមពិចារណានូវកំណត់ហេតុអំពីណូអេ។ ព្រះយេហូវ៉ាបានឲ្យគម្រោងសាងសង់និងការណែនាំដល់ណូអេអំពីរបៀបសង់ទូកដ៏ធំមួយ ដើម្បីឲ្យណូអេនិងក្រុមគ្រួសាររបស់គាត់បានរួចជីវិត។ ព្រះក៏បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិទាំងឡាយជាក្រុមគ្រួសារលោក ដោយតែងតាំងណូអេឲ្យធ្វើ«ជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»។ (២ពេ. ២:៥) ណូអេប្រាកដជាបានផ្សព្វផ្សាយប្រាប់មនុស្សឲ្យប្រែចិត្ត ក៏បានព្រមានថាមិនយូរទៀតព្រះនឹងបំផ្លាញពួកគេចោល ប៉ុន្តែពួកគេមិនបានស្ដាប់ណូអេទេ។ អស់រាប់ទសវត្សរ៍ ណូអេនិងក្រុមគ្រួសាររបស់គាត់បានរស់នៅក្នុងពិភពលោកមួយដែលពេញទៅដោយអំពើឃោរឃៅនិងអំពើប្រាសចាកសីលធម៌ដ៏គួរឲ្យស្អប់ខ្ពើម។ ក្នុងនាមជាបិតាដែលថែរក្សាកូន នោះព្រះយេហូវ៉ាបានការពារនិងឲ្យពរដល់អ្នកស្មោះត្រង់៨នាក់នោះ។ ដោយធ្វើឲ្យមានទឹកជំនន់ពេញពិភពលោក នោះព្រះយេហូវ៉ាបានបង្ហាញថាលោកមានអំណាចលើទេវតាទុច្ចរិតនិងមនុស្សដែលបះបោរប្រឆាំងលោក នេះបញ្ជាក់ថាលោកពិតជាអ្នកគ្រប់គ្រងមែន។—លោ. ៧:១៧-២៤
ព្រះយេហូវ៉ាគ្រប់គ្រងជាស្តេចក្រោយទឹកជំនន់
៩. តើព្រះយេហូវ៉ាបានផ្ដល់ឱកាសអ្វីដល់មនុស្សជាតិក្រោយពីទឹកជំនន់?
៩ ពេលដែលណូអេនិងក្រុមគ្រួសាររបស់គាត់ចេញពីទូកធំចូលក្នុងផែនដីដែលបានត្រូវសម្អាតនោះ ហើយស្រូបយកខ្យល់បរិសុទ្ធ ពួកគាត់ច្បាស់ជាបានមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានរក្សាការពារពួកគាត់។ ភ្លាមៗនោះ ណូអេបានសង់ទីបូជាមួយ ហើយជូនគ្រឿងបូជាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ព្រះបានឲ្យពរដល់ណូអេនិងក្រុមគ្រួសាររបស់គាត់ រួចបានបង្គាប់ថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ»។ (លោ. ៨:២០–៩:១) ម្ដងទៀត មនុស្សជាតិមានឱកាសរួបរួមគ្នាក្នុងការគោរពប្រណិប័តន៍ព្រះ ហើយមានកូនពាសពេញផែនដី។
១០. (ក) ក្រោយពីទឹកជំនន់ តើមនុស្សបានចាប់ផ្ដើមបះបោរប្រឆាំងនឹងព្រះយេហូវ៉ាម្ដងទៀតតាមរបៀបណានិងនៅកន្លែងណា? (ខ) តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីប្រាកដថាបំណងប្រាថ្នារបស់លោកនឹងបានសម្រេច?
១០ ក៏ប៉ុន្តែ ទឹកជំនន់នោះមិនបានសម្អាតចេញនូវភាពមិនល្អឥតខ្ចោះរបស់មនុស្សឡើយ ហើយសាថាននិងពួកទេវតាដែលបះបោរប្រឆាំងនឹងព្រះនៅតែព្យាយាមមានឥទ្ធិពលទៅលើមនុស្ស។ ដូច្នេះ មិនយូរប៉ុន្មាន មានការបះបោរម្ដងទៀតប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់។ ជាឧទាហរណ៍ ចៅទួតរបស់ណូអេ ឈ្មោះនីមរ៉ុឌបានប្រឆាំងព្រះយេហូវ៉ាខ្លាំងជាងមនុស្សនៅសម័យមុនៗ។ គម្ពីរបានរៀបរាប់អំពីនីមរ៉ុឌថា គាត់ជា«ព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»ឬដែលប្រឆាំងនឹងព្រះ។ គាត់បានសង់ទីក្រុងធំៗដូចជាក្រុងបាបិលនិងបានតាំងខ្លួនជាស្តេច«នៅស្រុកស៊ីណើរ»។ (លោ. ១០:៨-១២) តើស្តេចដែលរស់ជារៀងរហូតនឹងធ្វើយ៉ាងណាចំពោះស្តេចនេះដែលប្រឆាំងលោក និងដែលខំទប់ស្កាត់កុំឲ្យមានមនុស្ស«ពេញពាសលើផែនដី»តាមបំណងប្រាថ្នារបស់លោក? ព្រះបានបំភាន់ភាសារបស់មនុស្ស។ នេះបានធ្វើឲ្យរាស្ត្ររបស់នីមរ៉ុឌខ្ចាត់ខ្ចាយ«ពីទីនោះទៅគ្រប់លើផែនដី»។ កន្លែងណាដែលពួកគេទៅ នោះពួកគេក៏នាំយកសាសនាមិនពិតនិងគំរូអំពីការគ្រប់គ្រងរបស់មនុស្សទៅដែរ។—លោ. ១១:១-៩
១១. តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញភាពស្មោះត្រង់ដល់អាប្រាហាំដែលជាមិត្តសម្លាញ់របស់លោក?
១១ បន្ទាប់ពីទឹកជំនន់ មនុស្សជាច្រើនបានគោរពប្រណិប័តន៍ព្រះមិនពិត។ ប៉ុន្តែនៅតែមានមនុស្សស្មោះត្រង់ខ្លះដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ មនុស្សម្នាក់ក្នុងចំណោមពួកគេគឺអាប្រាហាំ។ គាត់បានស្ដាប់បង្គាប់ព្រះដោយចាកចេញពីក្រុងអ៊ើរដែលជាស្រុកកំណើតដ៏ស្រួលរស់នៅរបស់គាត់ ហើយបានទៅរស់នៅក្នុងត្រសាលអស់រយៈពេលយ៉ាងយូរ។ (លោ. ១១:៣១; ហេ. ១១:៨, ៩) ជាច្រើនដង ក្នុងអំឡុងពេលដែលអាប្រាហាំបានរស់នៅកន្លែងផ្សេងៗ គាត់បាននៅតំបន់ដែលមានស្តេចជាមនុស្សជាតិ។ ស្តេចទាំងនោះច្រើនតែនៅក្នុងក្រុងដែលមានកំពែងព័ទ្ធជុំវិញ។ ប៉ុន្តែព្រះយេហូវ៉ាបានការពារអាប្រាហាំនិងក្រុមគ្រួសាររបស់គាត់។ អ្នកតែងទំនុកតម្កើងបានបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ាបានការពារពួកគាត់ ដូចបិតាការពារកូន ដោយចែងថា៖ «[ព្រះ]មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើយ អើ ទ្រង់បានផ្ចាលទាំងពួកស្តេចដោយយល់ដល់គេ»។ (ទំនុក. ១០៥:១៣, ១៤) ដោយសារព្រះយេហូវ៉ាស្មោះត្រង់នឹងមិត្តសម្លាញ់របស់លោក នោះលោកបានសន្យានឹងអាប្រាហាំថា៖ ‹ស្តេចជាច្រើននឹងកើតចេញអំពីឯងមក›។—លោ. ១៧:៦; យ៉ា. ២:២៣
១២. តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញថាលោកជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់ជាងស្តេចអេស៊ីប ហើយតើនេះមានឥទ្ធិពលយ៉ាងណាទៅលើរាស្ត្ររបស់លោក?
១២ ព្រះក៏បានមានប្រសាសន៍ទៅអ៊ីសាកដែលជាកូនអាប្រាហាំ និងយ៉ាកុបជាចៅរបស់អាប្រាហាំថា លោកនឹងឲ្យពរដល់ពួកគាត់ ហើយពរនេះរួមបញ្ចូលការនាំមកនូវស្តេចពីកូនចៅរបស់ពួកគាត់។ (លោ. ២៦:៣-៥; ៣៥:១១) ក៏ប៉ុន្តែ មុនកូនចៅរបស់យ៉ាកុបបានក្លាយជាស្តេច នោះពួកគាត់បានទៅជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ តើនេះមានន័យថាព្រះយេហូវ៉ានឹងមិនធ្វើតាមសេចក្ដីសន្យារបស់លោក ឬថាលោកលែងគ្រប់គ្រងលើផែនដីហើយឬ? មិនមានន័យដូច្នេះឡើយ! នៅពេលកំណត់របស់លោក ព្រះយេហូវ៉ាបានបង្ហាញឫទ្ធានុភាពរបស់លោកនិងបានបង្ហាញថាលោកជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់ជាងផារ៉ូ។ ជនជាតិអ៊ីស្រាអែលដែលជាខ្ញុំបម្រើនោះបានទុកចិត្តលើព្រះយេហូវ៉ា ហើយលោកបានរំដោះពួកគេតាមរបៀបដ៏អស្ចារ្យមួយ គឺដោយឲ្យពួកគេឆ្លងសមុទ្រក្រហម។ នេះបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ានៅតែជាមហាក្សត្រសកលលោក ហើយដោយសារលោកជាបិតាដែលស្រឡាញ់កូន នោះលោកបានប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីការពាររាស្ត្ររបស់លោក។—សូមអាន និក្ខមនំ ១៤:១៣, ១៤
ព្រះយេហូវ៉ាទៅជាស្តេចរបស់អ៊ីស្រាអែល
១៣, ១៤. (ក) នៅក្នុងចម្រៀង តើជនជាតិអ៊ីស្រាអែលបានប្រកាសអ្វីស្តីអំពីការគ្រប់គ្រងរបស់ព្រះយេហូវ៉ា? (ខ) ស្តីអំពីការគ្រប់គ្រង តើព្រះបានសន្យាអ្វីចំពោះដាវីឌ?
១៣ ភ្លាមៗក្រោយពីព្រះយេហូវ៉ាធ្វើការអស្ចារ្យដើម្បីរំដោះជនជាតិអ៊ីស្រាអែលឲ្យរួចពីអំណាចរបស់ស្រុកអេស៊ីប នោះពួកគេបានច្រៀងចម្រៀងជ័យជម្នះដើម្បីសរសើរព្រះយេហូវ៉ា។ ចម្រៀងនោះបានត្រូវកត់ទុកនៅនិក្ខមនំជំពូកទី១៥ ដែលរួមមានការប្រកាសនៅខ១៨ថា៖ «ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យជារៀងរាបតទៅ អស់កល្បជានិច្ច»។ ព្រះយេហូវ៉ាពិតជាបានទៅជាស្តេចនៃប្រជាជាតិថ្មីនោះ។ (ចោ. ៣៣:៥) ប៉ុន្តែ បណ្ដាជនអ៊ីស្រាអែលមិនបានស្កប់ចិត្តដោយមានព្រះយេហូវ៉ាជាស្តេចដែលពួកគេមើលពុំឃើញនោះឡើយ។ ប្រហែលជា៤០០ឆ្នាំក្រោយពីពួកគេបានចេញពីស្រុកអេស៊ីបមក ពួកគេបានសុំព្រះឲ្យតែងតាំងមនុស្សម្នាក់ជាស្តេច ដូចសាសន៍ដទៃនៅជុំវិញពួកគេដែលគោរពប្រណិប័តន៍ព្រះមិនពិត។ (១សាំ. ៨:៥) ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ានៅតែជាស្តេចនៅឡើយ។ ចំណុចនេះបានត្រូវសឲ្យឃើញច្បាស់នៅពេលដែលដាវីឌគ្រប់គ្រងជាស្តេចទី២នៃអ៊ីស្រាអែល។
១៤ ដាវីឌបាននាំយកហឹបនៃកិច្ចព្រមព្រៀងមកក្រុងយេរូសាឡិម។ ក្នុងឱកាសដ៏គួរឲ្យរីករាយនោះ ពួកលេវីបានច្រៀងសរសើរព្រះ។ ចម្រៀងរបស់ពួកគេមានពាក្យដ៏គួរឲ្យកត់សម្គាល់ ដែលបានត្រូវកត់ទុកនៅរបាក្សត្រទី១ ១៦:៣១ថា៖ «ចូរ . . . ថ្លែងនៅគ្រប់ទាំងសាសន៍ថា ‹ព្រះយេហូវ៉ាទ្រង់សោយរាជ្យ›»ហើយ! យើងប្រហែលជាឆ្ងល់ថា ‹បើព្រះយេហូវ៉ាជាស្តេចដែលរស់ជារៀងរហូតហើយ តើក្នុងន័យអ្វីដែលលោកទៅជាស្តេចនៅពេលនោះ?›។ ព្រះយេហូវ៉ាទៅជាស្តេចពេលដែលលោកប្រើអំណាចគ្រប់គ្រងរបស់លោក ឬពេលលោកតែងតាំងអ្នកណាម្នាក់ជាតំណាងលោក នៅពេលណាមួយឬដើម្បីដោះស្រាយបញ្ហាណាមួយ។ នេះជាលក្ខណៈមួយនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដែលមានអត្ថន័យដ៏សំខាន់។ មុនដាវីឌស្លាប់ ព្រះយេហូវ៉ាបានសន្យាចំពោះគាត់ថា ការគ្រប់គ្រងរបស់ដាវីឌនឹងបន្តជារៀងរហូត។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង»។ (២សាំ. ៧:១២, ១៣) នៅទីបំផុត «ពូជពង្ស»នេះរបស់ដាវីឌបានកើតមកជាង១.០០០ឆ្នាំក្រោយមក។ តើពូជនេះជាអ្នកណា? ហើយតើពូជនេះនឹងចាប់ផ្ដើមគ្រប់គ្រងជាស្តេចនៅពេលណា?
ព្រះយេហូវ៉ាតែងតាំងស្តេចថ្មី
១៥, ១៦. តើលោកយេស៊ូបានត្រូវតែងតាំងជាស្តេចនៅពេលណា? ពេលដែលលោកនៅផែនដី តើលោកយេស៊ូបានធ្វើការរៀបចំអ្វីខ្លះសម្រាប់ពេលដែលលោកនឹងគ្រប់គ្រង?
១៥ នៅឆ្នាំ២៩ គ.ស. យ៉ូហានដែលជាអ្នកជ្រមុជទឹកបានចាប់ផ្ដើមផ្សព្វផ្សាយថា៖ «រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថ. ៣:២) ពេលដែលយ៉ូហានបានជ្រមុជទឹកឲ្យលោកយេស៊ូ ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូជាមេស្ស៊ីដែលលោកបានសន្យាថានឹងមកដល់ ថែមទាំងជាស្តេចដែលនឹងគ្រប់គ្រងរាជាណាចក្ររបស់ព្រះនៅពេលអនាគត។ ព្រះយេហូវ៉ាបានបញ្ជាក់នូវសេចក្ដីស្រឡាញ់ដែលលោកមានក្នុងនាមជាបិតារបស់លោកយេស៊ូ ដោយពោលថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។—ម៉ាថ. ៣:១៧
១៦ តាំងពីដើមរហូតដល់ទីបញ្ចប់នៃកិច្ចបម្រើរបស់លោកយេស៊ូ លោកបានលើកតម្កើងបិតារបស់លោក។ (យ៉ូន. ១៧:៤) លោកបានធ្វើដូច្នេះដោយផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ (លូក. ៤:៤៣) លោកក៏ថែមទាំងបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យរាជាណាចក្រនោះមកដល់។ (ម៉ាថ. ៦:១០) ក្នុងនាមជាបុគ្គលដែលបានត្រូវតែងតាំងជាស្តេច លោកយេស៊ូអាចប្រកាសប្រាប់អ្នកប្រឆាំងលោកថា៖ «រាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ (លូក. ១៧:២១) ក្រោយមក នៅយប់មុនលោកយេស៊ូទទួលមរណភាព លោកបានធ្វើ‹កិច្ចព្រមព្រៀងមួយសម្រាប់រាជាណាចក្រមួយ›ជាមួយអ្នកកាន់តាមលោក។ ដោយធ្វើដូច្នេះ លោកផ្ដល់លទ្ធភាពឲ្យអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកមួយចំនួន ចូលរួមជាមួយលោកជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ។—សូមអាន លូកា ២២:២៨-៣០
១៧. នៅសតវត្សរ៍ទី១ តើលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងលើអ្វី ប៉ុន្តែតើលោកត្រូវរង់ចាំអ្វី?
១៧ តើលោកយេស៊ូនឹងចាប់ផ្ដើមគ្រប់គ្រងជាស្តេចនៃរាជាណាចក្ររបស់ព្រះនៅពេលណា? លោកមិនអាចគ្រប់គ្រងភ្លាមៗបានទេ។ នៅរសៀលថ្ងៃស្អែកលោកយេស៊ូបានត្រូវគេប្រហារជីវិត ហើយអ្នកកាន់តាមលោកបានខ្ចាត់ខ្ចាយអស់ទៅ។ (យ៉ូន. ១៦:៣២) ក៏ប៉ុន្តែ ដូចមុនសម័យនោះ ព្រះយេហូវ៉ានៅតែគ្រប់គ្រងអ្វីៗទាំងអស់។ នៅថ្ងៃទី៣ លោកបានប្រោសបុត្ររបស់លោកឲ្យរស់ឡើងវិញ ហើយនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងលើក្រុមជំនុំនៃគ្រិស្តសាសនិកដែលជាអ្នករើសតាំង។ (កូឡ. ១:១៣) ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូត្រូវរង់ចាំមួយរយៈពេល មុនលោកអាចទទួលអំណាចគ្រប់គ្រងពេញលេញលើផែនដី ក្នុងនាមជា«ពូជពង្ស»ដាវីឌដែលព្រះបានសន្យាថានឹងមក។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅបុត្រលោកថា៖ «ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង»។—ទំនុក. ១១០:១
ចូរគោរពប្រណិប័តន៍ស្តេចដែលរស់ជារៀងរហូត
១៨, ១៩. តើអ្វីដែលយើងរៀនជំរុញចិត្តយើងឲ្យចង់ធ្វើអ្វី ហើយតើយើងនឹងរៀនអ្វីនៅអត្ថបទបន្ទាប់?
១៨ អស់រាប់ពាន់ឆ្នាំ មានការប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាស្តេចនៅស្ថានសួគ៌និងនៅផែនដី។ ប៉ុន្តែព្រះយេហូវ៉ាមិនដែលបោះបង់ចោលសិទ្ធិគ្រប់គ្រងរបស់លោកទេ លោកនៅតែកាន់កាប់អ្វីៗទាំងអស់។ ក្នុងនាមជាបិតាដែលស្រឡាញ់កូន លោកបានរក្សាការពាររាស្ត្រស្មោះត្រង់របស់លោក ដូចជាណូអេ អាប្រាហាំ និងដាវីឌ។ នេះពិតជាជំរុញចិត្តយើងឲ្យចុះចូលនឹងស្តេចរបស់យើង ហើយចូលកាន់តែជិតលោក មែនទេ?
១៩ ប៉ុន្តែឥឡូវនេះយើងប្រហែលជាឆ្ងល់ថា តើព្រះយេហូវ៉ាបានទៅជាស្តេចនៅសម័យយើងយ៉ាងដូចម្ដេច? តើតាមរបៀបណាយើងអាចបង្ហាញថាយើងជារាស្ត្រស្មោះត្រង់នៃរាជាណាចក្ររបស់ព្រះយេហូវ៉ា ហើយទៅជាកូនល្អឥតខ្ចោះក្នុងក្រុមគ្រួសារសកលលោករបស់លោក? ពេលយើងអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះមកដល់ តើនេះមានន័យអ្វី? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។