អ៊ីលាយអឺស ហាន់ធើនិងគម្ពីរភាសាហេប្រឺដ៏អស្ចារ្យរបស់គាត់
តើអ្នកចេះអានអក្សរហេប្រឺទេ? ប្រហែលជាមិនចេះទេ។ អ្នកទំនងជាមិនដែលឃើញគម្ពីរភាសាហេប្រឺទេ។ ប៉ុន្តែ បើសិនជាអ្នករៀនសេចក្ដីបកប្រែពីរដែលបានត្រូវបោះពុម្ពដោយអ៊ីលាយអឺស ហាន់ធើដែលជាសាស្ដ្រាចារ្យនៅសតវត្សរ៍ទី១៦ អ្នកនឹងកាន់តែឲ្យតម្លៃចំពោះបទគម្ពីរបរិសុទ្ធដែលអ្នកមាន។
អ៊ីលាយអឺស ហាន់ធើបានកើតនៅឆ្នាំ១៥៥៣ នាភូមិតូចមួយឈ្មោះហ្គូលីចដែលនៅជិតព្រំប្រទល់ប្រទេសអាល្លឺម៉ង់និងប្រទេសប៉ូឡូញ ព្រមទាំងសាធារណរដ្ឋឆែក។ ហាន់ធើបានសិក្សាភាសាអាស៊ីនៅសកលវិទ្យាល័យនាក្រុងជេនណា។ ពេលគាត់មានអាយុ២៤ឆ្នាំ គាត់បានធ្វើជាសាស្ដ្រាចារ្យភាសាហេប្រឺនៅក្រុងលេពហ្សិក។ ក្រោយមកក្នុងនាមជាអ្នកអប់រំ គាត់បានបើកសាលានៅក្រុងន័រេមបឺក ជាកន្លែងដែលសិស្សអាចរៀនភាសាហេប្រឺ ក្រិច ឡាតាំង និងអាល្លឺម៉ង់សម្រាប់រយៈពេលបួនឆ្នាំ។ គ្មានសាលាឬសកលវិទ្យាល័យណាបង្រៀនភាសាទាំងនោះឡើយ។
«លក្ខណៈអស្ចារ្យនៃសេចក្ដីបកប្រែនេះ»
ទំព័រនៃគម្ពីរភាសាហេប្រឺរបស់ហាន់ធើនៅឆ្នាំ១៥៨៧
នៅឆ្នាំ១៥៨៧ ហាន់ធើបានផលិតសេចក្ដីបកប្រែភាសាហេប្រឺដែលមនុស្សហៅថាសញ្ញាចាស់។ សេចក្ដីបកប្រែនេះបានត្រូវហៅថាដេរេ ហា កូដេស ដែលបានដកស្រង់ពីអេសាយ ៣៥:៨ ហើយដែលមានន័យថា«ផ្លូវបរិសុទ្ធ»។ ចំណងជើងដ៏ពីរោះនេះបានធ្វើឲ្យគេនិយាយថា«លក្ខណៈទាំងអស់នៃសេចក្ដីបកប្រែនេះគឺអស្ចារ្យណាស់»។ ជាពិសេស សេចក្ដីបកប្រែគម្ពីរនេះក៏ជាវិធីដ៏មានប្រសិទ្ធភាពមួយដែលសិស្សអាចប្រើដើម្បីរៀនភាសាហេប្រឺ។
ដើម្បីយល់មូលហេតុដែលគម្ពីរភាសាហេប្រឺរបស់ហាន់ធើជាជំនួយដ៏សំខាន់ក្នុងការរៀនភាសាហេប្រឺ សូមពិចារណាការពិបាកពីរយ៉ាងដែលអ្នករៀនជួបប្រទះពេលព្យាយាមអានគម្ពីរជាភាសាហេប្រឺ។ ទី១ មិនស្គាល់តួអក្សរ ហើយទី២ ពិបាកសម្គាល់ឫសពាក្យ។ ជាឧទាហរណ៍សូមគិតអំពីពាក្យភាសាហេប្រឺ (នីហ្វែស) נפשׁ ដែលមានន័យថាព្រលឹង។ នៅអេសេគាល ១៨:៤ ពាក្យនោះជាប់ជាមួយពាក្យហេប្រឺមួយទៀត (ហា) ה ដែលមានន័យថា«ណា» ដូច្នេះពាក្យនោះទៅជាពាក្យថា«ព្រលឹងណា» (ហានីហ្វែស) הנפשׁ។ ដូច្នេះ ចំពោះអ្នកដែលមិនចេះមើលអក្សរហេប្រឺ ស្មានថាពាក្យ«ព្រលឹងណា»ជាពាក្យផ្សេង។
ដើម្បីជួយសិស្សរបស់គាត់ ហាន់ធើបានប្រើវិធីបោះពុម្ពដ៏ឈ្លាសវៃមួយ ដើម្បីចេញតួអក្សរហេប្រឺជាទម្រង់អក្សរដិតនិងអក្សរប្រហោង។ គាត់បានបោះពុម្ពឫសពាក្យនីមួយៗជាអក្សរដិត។ សម្រាប់ពាក្យបន្ថែម គាត់បានប្រើអក្សរប្រហោង។ នេះបានធ្វើឲ្យសិស្សកាន់តែងាយសម្គាល់ឫសពាក្យនៃអក្សរហេប្រឺ ដែលជួយពួកគេក្នុងការរៀនភាសានោះ។ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធមានឯកសារយោង ជាភាសាអង់គ្លេសក៏ប្រើរបៀបស្រដៀងគ្នានេះនៅក្នុងកំណត់សម្គាល់ដែរ។a ឫសពាក្យជាអក្សរដិត ហើយពាក្យបន្ថែមជាអក្សរធម្មតា។ ចំណុចខ្លះៗនៃឧទាហរណ៍ទាំងនេះបង្ហាញថាតួអក្សរដែលបានត្រូវប្រើក្នុងគម្ពីរជាភាសាហេប្រឺរបស់ហាន់ធើនៅអេសេគាល ១៨:៤ ហើយដែលបានត្រូវប្រើក្នុងកំណត់សម្គាល់នៃគម្ពីរដែលមានឯកសារយោងជាភាសាអង់គ្លេស គឺនៅខដូចគ្នា។
សេចក្ដីបកប្រែជាភាសាហេប្រឺ«សញ្ញាថ្មី»
ហាន់ធើក៏បានបោះពុម្ពសេចក្ដីបកប្រែដែលគេហៅថាសញ្ញាថ្មី ក្នុងនោះមាន១២ភាសា។ សេចក្ដីបកប្រែនេះបានចេញនៅឆ្នាំ១៥៩៩ក្នុងក្រុងន័រេមបឺក (Nuremberg Polyglot)។ ហាន់ធើចង់ដាក់បញ្ចូលបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចដែលបកប្រែទៅជាភាសាហេប្រឺចូលក្នុងសេចក្ដីបកប្រែនេះ។ ប៉ុន្តែ គាត់បាននិយាយថាទោះបើគាត់ត្រូវទិញសេចក្ដីបកប្រែនេះដើម្បីដាក់បញ្ចូលសេចក្ដីបកប្រែជាភាសាហេប្រឺ«អស់តម្លៃថ្លៃយ៉ាងណាក្ដី» នោះមិនអាចរកឃើញសេចក្ដីបកប្រែភាសាហេប្រឺឡើយ។b ដូច្នេះ ហាន់ធើបានសម្រេចចិត្តថាបកប្រែសញ្ញាថ្មីពីភាសាក្រិចទៅជាភាសាហេប្រឺដោយខ្លួនគាត់ផ្ទាល់។ ដោយទុកកិច្ចការឯទៀតទាំងអស់ចោល គាត់បានបកប្រែគម្ពីរចប់ទាំងស្រុងក្នុងរយៈពេលតែមួយឆ្នាំ។
តើសេចក្ដីបកប្រែពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចទៅជាភាសាហេប្រឺរបស់ហាន់ធើគឺល្អយ៉ាងណា? នៅសតវត្សរ៍ទី១៩ សាស្ដ្រាចារ្យហ្វ្រេន ដេលីតបានសរសេរថា៖ «សេចក្ដីបកប្រែរបស់គាត់ជាភាសាហេប្រឺបង្ហាញថាគាត់យល់ភាសាហេប្រឺយ៉ាងច្បាស់ មូលហេតុដែលដឹងដូច្នេះដោយសារក្នុងសេចក្ដីបកប្រែនោះ គាត់បានជ្រើសរើសពាក្យត្រឹមត្រូវបំផុត»។
ឥទ្ធិពលដ៏យូរអង្វែង
កិច្ចការបកប្រែរបស់ហាន់ធើមិនបានធ្វើឲ្យគាត់ក្លាយជាអ្នកមានទេ តាមមើលទៅសេចក្ដីបកប្រែរបស់គាត់លក់មិនសូវដាច់ទេ។ ទោះជាយ៉ាងនោះក៏ដោយ កិច្ចការរបស់គាត់មានសារៈសំខាន់និងមានឥទ្ធិពលដ៏យូរអង្វែង។ ជាឧទាហរណ៍ គម្ពីរសញ្ញាថ្មីជាភាសាហេប្រឺរបស់គាត់បានត្រូវកែសម្រួលនិងបោះពុម្ពម្ដងទៀតនៅឆ្នាំ១៦៦១ ដោយវីល្លាម រ៉ូបឺតសិន ហើយម្ដងទៀតនៅឆ្នាំ១៧៩៨ ដោយរីឆឺដ ខេតឌីក។ ពេលហាន់ធើបកប្រែពីភាសាក្រិច គាត់បានបកប្រែពាក្យឃីរីអុស ដែលមានន័យថា (លោកម្ចាស់) និងទីអុស ដែលមានន័យថា (ព្រះ) ថា«ព្រះយេហូវ៉ា» (יהוה ចហវហ) នៅកន្លែងណាដែលដកស្រង់ពីបទគម្ពីរភាសាហេប្រឺ ឬក៏កន្លែងណាដែលគាត់មានអារម្មណ៍ថានោះសំដៅលើព្រះយេហូវ៉ា។ នេះគួរឲ្យចាប់អារម្មណ៍ដោយសារទោះជាគម្ពីរសញ្ញាថ្មីជាច្រើនមិនប្រើនាមរបស់ព្រះផ្ទាល់ក៏ដោយ តែសេចក្ដីបកប្រែគម្ពីររបស់ហាន់ធើបានប្រើ ហើយដាក់បញ្ចូលនាមរបស់ព្រះឡើងវិញក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។
ពេលអ្នកឃើញនាមរបស់ព្រះជាយេហូវ៉ានៅក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ឬក៏មើលកំណត់សម្គាល់ក្នុងគម្ពីរដែលមានឯកសារយោងជាភាសាអង់គ្លេស សូមនឹកចាំអំពីកិច្ចការរបស់ហាន់ធើនិងគម្ពីរភាសាហេប្រឺដ៏អស្ចារ្យរបស់គាត់។
a សូមមើលកំណត់សម្គាល់ទី២នៅអេសេគាល ១៨:៤ ហើយសេចក្ដីពន្យល់បន្ថែម៣ខក្នុងគម្ពីរដែលមានឯកសារយោង ជាភាសាអង់គ្លេស។
b ពីមុន សាស្ដ្រាចារ្យខ្លះបានបកប្រែសញ្ញាថ្មីជាភាសាហេប្រឺ។ សាស្ដ្រាចារ្យម្នាក់គឺសៃម៉ិន អាតូម៉ាណុស ប្រហែលជានៅឆ្នាំ១៣៦០។ ម្នាក់ទៀតគឺសាស្ដ្រាចារ្យជនជាតិអាល្លឺម៉ង់ឈ្មោះអូស្វត ស៊្រីខេនហ្វាំង ប្រហែលជានៅឆ្នាំ១៥៦៥។ សេចក្ដីបកប្រែទាំងនេះមិនបានត្រូវបោះពុម្ពទេ ហើយឥឡូវនេះបានបាត់បង់។