បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៥ ទំ. ១០-១១
  • ទស្សនៈត្រឹមត្រូវចំពោះកំហុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទស្សនៈត្រឹមត្រូវចំពោះកំហុស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនៈ​របស់​យើង​និង​ទស្សនៈ​របស់​ព្រះ​ចំពោះ​កំហុស
  • តើ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​កំហុស?
  • គោល​ការណ៍​ដែល​អាច​ជួយ កាត់​បន្ថយ​ការ​ធ្វើ​ខុស
  • ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?
    សំណួរពីយុវវ័យ
  • តើអ្នករៀនពីកំហុសរបស់ខ្លួនដែរឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • ចូររៀនពីកំហុសរបស់អ្នក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៥ ទំ. ១០-១១
ម៉ាគ្រិតនិងក្រុមគ្រួសាររបស់គាត់កំពុងបរិភោគអាហារ

ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កំហុស

ដន​និង​ម៉ាគ្រិតaបាន​ទៅ​សួរ​សុខ​ទុក្ខ​កូន​ស្រី​របស់​ពួក​គាត់​និង​ក្រុម​គ្រួសារ​របស់​នាង។ នៅ​ថ្ងៃ​ចុង​ក្រោយ​កាល​បរិភោគ​អាហារ​ជា​មួយ​គ្នា ម៉ាគ្រិត​ដែល​ជា​ចុង​ភៅ​ដ៏​ចំណាន​ដែល​បាន​ចូល​និវត្តន៍​ហើយ បាន​រៀប​ចំ​ម្ហូប​ដែល​ចៅ​ប្រុស​ពីរ​នាក់​របស់​គាត់​ចូល​ចិត្ត នោះ​គឺ​ម៉ា​ការ៉ូ​នី​និង​ឈីស។b

កាល​ដែល​ទាំង​អស់​គ្នា​កំពុង​អង្គុយ​ចាំ ម៉ាគ្រិត​បាន​យក​ម្ហូប​ពិសេស​នោះ​ចូល​មក ហើយ​ដាក់​នៅ​ចំ​កណ្ដាល​តុ។ គាត់​បាន​បើក​គម្រប​ឆ្នាំង ស្រាប់​តែ​មិន​ឃើញ​ម៉ា​ការ៉ូ​នី មាន​តែ​ឈីស​ប៉ុណ្ណោះ​ក្នុង​ឆ្នាំង​នោះ។ ម៉ាគ្រិត​ភ្លេច​ដាក់​ម៉ា​ការ៉ូ​នី​ដែល​ជា​អ្វី​សំខាន់​ជាង​គេ​ក្នុង​ម្ហូប​នោះ។

ទោះ​ជា​យើង​មាន​អាយុ បទ​ពិសោធន៍​តិច​ឬ​ច្រើន​ក្ដី យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស។ ការ​ធ្វើ​ខុស​អាច​មក​ពី​យើង​និយាយ​ដោយ​មិន​បាន​គិត ឬ​ក៏​ប្រហែល​យើង​បាន​ធ្វើ​ល្អ​រឿង​ណា​មួយ​តែ​ខុស​ពេល ឬ​យើង​ប្រហែល​ជា​ភ្លេច​ធ្វើ​អ្វី​ដែល​យើង​គួរ​ធ្វើ។ ហេតុ​អ្វី​មាន​កំហុស​ទាំង​នេះ? តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ចំពោះ​កំហុស​ទាំង​នេះ? តើ​អាច​ជៀស​វាង​បាន​ទេ? ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កំហុស​នឹង​ជួយ​យើង​ឆ្លើយ​សំណួរ​ទាំង​នេះ។

ទស្សនៈ​របស់​យើង​និង​ទស្សនៈ​របស់​ព្រះ​ចំពោះ​កំហុស

ពេល​យើង​ធ្វើ​អ្វី​មួយ​ល្អ យើង​សប្បាយ​ចិត្ត​ទទួល​ការ​សរសើរ ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​សម​នឹង​ទទួល។ ពេល​យើង​ធ្វើ​ខុស ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ចាប់​អារម្មណ៍​ឬ​មិន​ឃើញ​ក៏​ដោយ យើង​គួរ​តែ​សារភាព​កំហុស​របស់​ខ្លួន មែន​ទេ? ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​មាន​ចិត្ត​រាប​ទាប។

បើ​យើង​គិត​ហួស​ហេតុ​ពេក​អំពី​ខ្លួន​ឯង យើង​ប្រហែល​ជា​ព្យាយាម​លាក់​បាំង​កំហុស​របស់​យើង ទម្លាក់​កំហុស​លើ​អ្នក​ឯ​ទៀត ឬ​ថែម​ទាំង​ប្រកែក​ថា​យើង​មិន​បាន​ធ្វើ​ខុស។ ទង្វើ​បែប​នេះ​ច្រើន​តែ​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ។ បញ្ហា​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន ហើយ​មនុស្ស​ឯ​ទៀត​អាច​រង​ការ​ស្តី​បន្ទោស​ដោយ​អយុត្ដិធម៌។ ទោះ​ជា​ឥឡូវ​នេះ​យើង​អាច​រួច​ខ្លួន​និង​មិន​ទទួល​លទ្ធផល​ណា​មួយ​ពី​កំហុស​របស់​យើង​ក្ដី តែ​យើង​ត្រូវ​ចាំ​ថា​ពេល​អនាគត ​«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង​»។—រ៉ូម ១៤:១២

ព្រះ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កំហុស។ សៀវភៅ​ទំនុក​តម្កើង​បាន​រៀប​រាប់​ថា ព្រះ​«​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ​»​ ហើយ​លោក​«​នឹង​មិន​បន្ទោស​ជា​ដរាប ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ​»។ លោក​ជ្រាប​ថា​មនុស្សជាតិ​គឺ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ដឹង​ថា​«​យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។—ទំនុក​តម្កើង ១០៣:៨, ៩, ១៤

លើស​ពី​នេះ​ទៀត ដូច​ឪ​ពុក​ដែល​ប្រកប​ដោយ​ចិត្ត​មេត្ដា​ករុណា ព្រះ​ចង់​ឲ្យ​យើង​ដែល​ជា​កូន​របស់​លោក​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​កំហុស។ (​ទំនុក​តម្កើង ១៣០:៣​) ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​ផ្ដល់​ឱវាទ​និង​ការ​ណែនាំ​ជា​ច្រើន​ក្នុង​បណ្ដាំ​របស់​លោក​ដែល​ជួយ​យើង​ពេល​យើង​ធ្វើ​ខុស​ឬ​ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស។

តើ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​កំហុស?

ច្រើន​ដង ពេល​កំហុស​កើត​ឡើង បុគ្គល​ម្នាក់​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​បន្ទោស​អ្នក​ឯ​ទៀត ឬ​រក​លេស​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ឬ​ធ្វើ។ ពេល​យើង​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត​ឬ​ខឹង ជា​ការ​ល្អ​យើង​និយាយ​សុំ​ទោស កែ​ប្រែ​កំហុស​របស់​យើង ហើយ​រក្សា​ចំណង​មិត្តភាព​កុំ​ឲ្យ​បែក​បាក់។ តើ​អ្នក​ធ្លាប់​ធ្វើ​ខុស​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ឬ​កាន់​តែ​ពិបាក​ដល់​ខ្លួន​ឬ​អ្នក​ឯ​ទៀត​ឬ​ទេ? ជា​ជាង​បន្ទោស​ខ្លួន ឬ​អ្នក​ឯ​ទៀត យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ពេល​ព្យាយាម​ទម្លាក់​កំហុសលើ​អ្នក​ឯ​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ទើស​ចិត្ត​គ្នា ហើយ​បញ្ហា​កាន់​តែ​រីក​ធំ​ឡើង។ ផ្ទុយ​ទៅ​វិញ ចូរ​ទាញ​មេ​រៀន កែ​ប្រែ និង​ឈប់​គិត​អំពី​បញ្ហា​នោះ​ទៀត។

ប៉ុន្តែ ពេល​គេ​ធ្វើ​ខុស យើង​ងាយ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត។ គឺ​ជា​ការ​ប្រសើរ​ជាង​ដែល​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។ (​ម៉ាថាយ ៧:១២​) ពេល​អ្នក​ធ្វើ​ខុស សូម្បី​តែ​តូច​ក្ដី អ្នក​ច្បាស់​ជា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​អ្នក ឬ​បំភ្លេច​កំហុស​របស់​អ្នក​ទាំង​ស្រុង។ ដូច្នេះ អ្នក​ក៏​គួរ​ព្យាយាម​ប្រព្រឹត្ត​ដោយ​សប្បុរស​ដូច​គ្នា​ចំពោះ​អ្នក​ឯ​ទៀត​ដែរ មែន​ទេ?—អេភេសូរ ៤:៣២

គោល​ការណ៍​ដែល​អាច​ជួយ កាត់​បន្ថយ​ការ​ធ្វើ​ខុស

វចនានុក្រម​មួយ​ពន្យល់​ថា កំហុស​កើត​ឡើង​ពី​«​ការ​សម្រេច​ចិត្ត​ខុស ការ​ដឹង​អ្វី​មួយ​មិន​ច្បាស់ ឬ​ការ​មិន​បាន​ពិចារណា​ដិត​ដល់​»។ យើង​ដឹង​ថា​បុគ្គល​គ្រប់​រូប​ជួន​កាល​ធ្វើ​ខុស ដោយ​សារ​មូលហេតុ​ណា​មួយ​ឬ​ច្រើន​ក្នុង​ចំណោម​មូលហេតុ​ទាំង​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​នឹង​ធ្វើ​ខុស​តិច​ជាង បើ​យើង​ពិចារណា​អំពី​គោល​ការណ៍​ខ្លះ​ក្នុង​បទ​គម្ពីរ។

គោល​ការណ៍​មួយ​គឺ​នៅ​សុភាសិត ១៨:១៣ ដែល​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្ដាប់​រឿង នោះ​រាប់​ជា​ចំ​កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង​»។ មែន​ហើយ ការ​ចំណាយ​ពេល​យូរ​ជាង​ដើម្បី​ស្ដាប់​រឿង​ឲ្យ​ចប់​សិន​និង​ពិចារណា​ថា​ត្រូវ​ឆ្លើយ​តប​របៀប​ណា ប្រាកដ​ជា​នឹង​ជួយ​អ្នក​មិន​ឲ្យ​និយាយ​ដោយ​មិន​បាន​គិត​ពិចារណា ឬ​ប្រតិកម្ម​រហ័ស​ពេក។ ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដើម្បី​ដឹង​អំពី​រឿង​ណា​មួយ​គឺ​មាន​ប្រយោជន៍ នោះ​ជួយ​ជៀស​វាង​កំហុស​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​ខុស។

គោល​ការណ៍​មួយ​ទៀត​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​»។ (​រ៉ូម ១២:១៨​) ចូរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បង្កើត​សន្ដិ​ភាព​និង​ចេះ​សហការ​គ្នា។ ពេល​ធ្វើ​កិច្ច​ការ​ជា​មួយ​អ្នក​ឯ​ទៀត សូម​គិត​អំពី​គាត់ គោរព​គាត់ ហើយ​ព្យាយាម​សរសើរ​និង​លើក​ទឹក​ចិត្ត​គាត់។ យ៉ាង​នេះ បើ​យើង​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​មួយ​ដោយ​មិន​បាន​ពិចារណា នោះ​អ្នក​ឯ​ទៀត​ងាយ​ស្រួល​អភ័យ​ទោស​ឲ្យ​យើង​ឬ​បំភ្លេច​កំហុស​របស់​យើង ហើយ​កំហុស​ធ្ងន់​ធ្ងរ​ជាង​អាច​ដោះ​ស្រាយ​តាម​សម្រួល​បាន។

ចូរ​រៀន​ទាញ​យក​កំហុស​នោះ​ទុក​ជា​មេ​រៀន​ឬ​ជា​បទ​ពិសោធន៍​សម្រាប់​ខ្លួន។ ជា​ជាង​ខំ​រក​លេស​ចំពោះ​អ្វី​ដែល​អ្នក​បាន​និយាយ​ឬ​ធ្វើ សូម​ចាត់​ទុក​ថា​នោះ​ជា​ឱកាស​ដើម្បី​ឲ្យ​អ្នក​បណ្ដុះ​គុណ​សម្បត្ដិ។ តើ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ចិត្ត​អត់​ធ្មត់ ចិត្ត​សប្បុរស ឬ​ត្រូវ​ចេះ​ទប់​ចិត្ត​ថែម​ទៀត​ឬ​ទេ? ចុះ​យ៉ាង​ណា​ចិត្ត​ស្លូតបូត សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រឡាញ់? (​កាឡាទី ៥:២២, ២៣​) យ៉ាង​ហោច​ណាស់ អ្នក​អាច​ទាញ​មេ​រៀន​ថា​មិន​ធ្វើ​ដូច្នេះ​ទៀត​លើក​ក្រោយ។ ដោយ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន សូម​ព្យាយាម​មិន​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​អារម្មណ៍​របស់​ខ្លួន។ ការ​ចេះ​និយាយ​លេង​ដើម្បី​សម្រួល​បរិយាកាស​ក៏​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង។

ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កំហុស​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ដោះ​ស្រាយ​បញ្ហា​ពេល​មាន​កំហុស។ យើង​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ត​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត។ បើ​យើង​ព្យាយាម​រៀន​ពី​កំហុស​របស់​ខ្លួន យើង​នឹង​កាន់​តែ​មាន​ប្រាជ្ញា ហើយ​មាន​គុណ​សម្បត្ដិ​កាន់​តែ​ប្រសើរ។ យើង​នឹង​មិន​ពិបាក​ចិត្ត​ហួស​ហេតុ​ពេក ហើយ​ក៏​មិន​គិត​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ដែរ។ ការ​ដឹង​ថា​អ្នក​ឯ​ទៀត​ក៏​កំពុង​យក​ឈ្នះ​កំហុស​របស់​ពួក​គេ នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ពួក​គេ។ សំខាន់​បំផុត យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀន​យក​តម្រាប់​ព្រះ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​អភ័យ​ទោស​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។—កូឡុស ៣:១៣

តើ​កំហុស​របស់​ម៉ាគ្រិត​ដែល​បាន​រៀប​រាប់​ខាង​លើ បាន​បង្ខូច​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ។ គ្រប់​គ្នា​អស់​សំណើច​ចំពោះ​រឿង​នោះ ជា​ពិសេស​ម៉ាគ្រិត​ផ្ទាល់ ហើយ​ពួក​គាត់​សប្បាយ​បរិភោគ​ម្ហូប​នោះ​ដែល​គ្មាន​ម៉ា​ការ៉ូ​នី។ ច្រើន​ឆ្នាំ​ក្រោយ​មក ចៅ​ប្រុស​ពីរ​នាក់​នោះ​បាន​និយាយ​រឿង​ដែល​បំភ្លេច​មិន​បាន​របស់​ក្រុម​គ្រួសារ​ត​ទៅ​កូន​របស់​ពួក​គេ ហើយ​នឹក​ចាំ​អំពី​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​តា​យាយ​របស់​ពួក​គេ។ យ៉ាង​ណា​មិញ នោះ​គ្រាន់​តែ​ជា​កំហុស​មួយ​ប៉ុណ្ណោះ។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b ម៉ា​ការ៉ូ​នី​គឺ​ជា​មី​ម្យ៉ាង។ ឈីស​ធ្វើ​មក​ពី​ទឹក​ដោះ​គោ។ ម្ហូប​នេះ​មាន​ឈីស​ដែល​រលាយ​នៅ​ពី​លើ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក