បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៥ ទំ. ១២-១៤
  • គម្ពីរ ហេតុអ្វីមានច្រើនម្ល៉េះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គម្ពីរ ហេតុអ្វីមានច្រើនម្ល៉េះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរ​ដំបូង
  • សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច
  • សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង
  • សេចក្ដី​បក​ប្រែ​ថ្មី​ៗ​កើន​ឡើង
  • ‹ព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាស្ថិតស្ថេរនៅជាដរាប›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើ​គម្ពីរ​ជា​សៀវភៅ​បែប​ណា?
    សំណួរនិងចម្លើយពីគម្ពីរ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៥ ទំ. ១២-១៤
សៀវភៅគម្ពីរប្រភេទផ្សេងៗ និងសៀវភៅគម្ពីរក្នុងឧបករណ៍អេឡិចត្រូនិច

គម្ពីរ ហេតុ​អ្វី​មាន​ច្រើន​ម្ល៉េះ?

ហេតុ​អ្វី​មាន​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ​ច្រើន​ម្ល៉េះ​សព្វ​ថ្ងៃ​នេះ? តើ​អ្នក​គិត​ថា​សេចក្ដី​បក​ប្រែ​ថ្មី​ៗ​ជួយ ឬ​ក៏​រា​រាំង​ក្នុង​ការ​យល់​គម្ពីរ? ការ​យល់​ដឹង​អំពី​ដើម​កំណើត​នៃ​សេចក្ដី​បក​ប្រែ​ទាំង​នោះ​អាច​ជួយ​ឲ្យ​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​បក​ប្រែ​ទាំង​នោះ។

ប៉ុន្តែ​តើ​អ្នក​ណា​ជា​អ្នក​សរសេរ​គម្ពីរ​ដំបូង​គេ ហើយ​បាន​សរសេរ​នៅ​ពេល​ណា?

គម្ពីរ​ដំបូង

ធម្មតា គម្ពីរ​បាន​ត្រូវ​បែង​ចែក​ជា​ពីរ​ផ្នែក។ ផ្នែក​ដំបូង​មាន​សៀវភៅ​៣៩​ក្បាល​ដែល​មាន​«​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​»។ (​រ៉ូម ៣:២​) ព្រះ​បាន​ដឹក​នាំ​បុរស​ស្មោះ​ត្រង់​ឲ្យ​សរសេរ​សៀវភៅ​ទាំង​នេះ​ក្នុង​រយៈ​ពេល​យូរ គឺ​ប្រហែល​ជា​១​.​១០០​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. រហូត​ទៅ​ដល់​មួយ​រយៈ​ពេល​ក្រោយ​ឆ្នាំ​៤៤៣ មុន​គ.ស.។ ពួក​គាត់​ភាគ​ច្រើន​សរសេរ​ជា​ភាសា​ហេប្រឺ ហេតុ​នេះ​យើង​ហៅ​ផ្នែក​នេះ​ថា​បទ​គម្ពីរ​ភាសា​ហេប្រឺ ដែល​គេ​ក៏​ស្គាល់​ជា​សញ្ញា​ចាស់​ដែរ។

ផ្នែក​ទី​ពីរ​ដែល​មាន​សៀវភៅ​២៧​ក្បាល​ក៏​ជា​«​បណ្ដាំ​របស់​ព្រះ​»​ដែរ។ (​ថែស្សាឡូនិច​ទី១ ២:១៣​) ព្រះ​បាន​ដឹក​នាំ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​សរសេរ​សៀវភៅ​ទាំង​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ជាង គឺ​ក្នុង​រយៈ​ពេល​ប្រហែល​ជា​៦០​ឆ្នាំ ចាប់​ពី​ឆ្នាំ​៤១ គ.ស. ទៅ​ដល់​៩៨ គ.ស.។ ពួក​គាត់​បាន​សរសេរ​ជា​ភាសា​ក្រិច ដូច្នេះ​យើង​ហៅ​ផ្នែក​នេះ​ថា​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ដែល​គេ​ក៏​ស្គាល់​ជា​សញ្ញា​ថ្មី​ដែរ។

ពេល​បូក​បញ្ចូល​គ្នា សៀវភៅ​៦៦​ក្បាល​ទាំង​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​ជា​គម្ពីរ​ទាំង​មូល ដែល​ជា​ដំណឹង​ពី​ព្រះ​សម្រាប់​មនុស្សជាតិ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​បក​ប្រែ​ផ្សេង​ទៀត? មាន​មូលហេតុ​សំខាន់​បី​យ៉ាង។

  • ដើម្បី​ឲ្យ​មនុស្ស​អាន​គម្ពីរ​ក្នុង​ភាសា​កំណើត

  • ដើម្បី​កែ​កំហុស​ដែល​មក​ពី​អ្នក​ចម្លង​គម្ពីរ ហើយ​ជួយ​ធ្វើ​ឲ្យ​ឯកសារ​ដូច​បទ​គម្ពីរ​ដើម​ឡើង​វិញ

  • ដើម្បី​ប្រើ​ពាក្យ​ថ្មី​ៗ​ទាន់​សម័យ

សូម​ពិចារណា​នូវ​របៀប​ដែល​មូលហេតុ​ទាំង​នេះ​ទាក់​ទង​នឹង​សេចក្ដី​បក​ប្រែ​ដំបូង​ពីរ។

សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច

ប្រមាណ​៣០០​ឆ្នាំ​មុន​សម័យ​លោក​យេស៊ូ សាស្ដ្រាចារ្យ​ជន​ជាតិ​យូដា​ចាប់​ផ្ដើម​បក​ប្រែ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទៅ​ភាសា​មួយ​ទៀត គឺ​ភាសា​ក្រិច។ សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​ស្គាល់​ជា​សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច។ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​បក​ប្រែ​នេះ? នៅ​ពេល​នោះ​មាន​ជន​ជាតិ​យូដា​ច្រើន​នាក់​និយាយ​ភាសា​ក្រិច​ជា​ជាង​ភាសា​ហេប្រឺ ដូច្នេះ​សេចក្ដី​បក​ប្រែ​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​យល់ ធ្វើ​តាម​និង​ស្រឡាញ់​«​ឯកសារ​បរិសុទ្ធ​នា​នា​»។—ធីម៉ូថេ​ទី២ ៣:១៥

សេចក្ដី​បក​ប្រែ​សេបធួជីន​ក៏​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​និយាយ​ភាសា​ក្រិច ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ឲ្យ​ស្គាល់​អ្វី​ដែល​គម្ពីរ​បង្រៀន។ តើ​តាម​របៀប​ណា? សាស្ដ្រាចារ្យ​ម្នាក់​ឈ្មោះ វីល​បឺត ហ្វ្រានស៊ីស ហាវឺដ​និយាយ​ថា​៖ ​«​ចាប់​តាំង​ពី​ពាក់​កណ្ដាល​សតវត្សរ៍​ទី១ សេចក្ដី​បក​ប្រែ​នេះ​បាន​ទៅ​ជា​គម្ពីរ​សម្រាប់​ពិភព​គ្រិស្ត​សាសនា ដែល​មាន​សាសនទូត​ចេញ​ពី​សាលា​ប្រជុំ​មួយ​ទៅ​សាលា​ប្រជុំ​មួយ​ទៀត​ដើម្បី‹បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​បទ​គម្ពីរ​ថា​មេស្ស៊ី​គឺ​ជា​គ្រិស្ត›​»។ (​សកម្មភាព ១៧:៣, ៤; ២០:២០​) យោង​ទៅ​តាម​អ្នក​ជំនាញ​ខាង​គម្ពីរ​ម្នាក់​ឈ្មោះ​ហ្វ្រីឌីរិក ហ្វីវី ព្រូស នេះ​ជា​មូលហេតុ​មួយ​ដែល​ជន​ជាតិ​យូដា​ច្រើន​នាក់​មិន​យូរ​ប៉ុន្មាន​«​លែង​ចាប់​អារម្មណ៍​នឹង​សេចក្ដី​បក​ប្រែ​សេបធួជីន​»។

កាល​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ទទួល​សៀវភៅ​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បន្ដិច​ម្ដង​ៗ នោះ​ពួក​គាត់​បាន​ចង​ក្រង​សៀវភៅ​ទាំង​នេះ​ជា​មួយ​នឹង​សេចក្ដី​បក​ប្រែ​សេបធួជីន​នៃ​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ ហើយ​នេះ​បាន​ក្លាយ​ទៅ​ជា​គម្ពីរ​ទាំង​មូល​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ។

សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង

ប្រហែល​៣០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់ អ្នក​ជំនាញ​ខាង​សាសនា​ឈ្មោះ​ហ្សេរ៉ូម​បាន​ចេញ​សេចក្ដី​បក​ប្រែ​មួយ​នៃ​គម្ពីរ​ជា​ភាសា​ឡាតាំង ដែល​នៅ​ទី​បំផុត​បាន​ទៅ​ជា​សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង។ សេចក្ដី​បក​ប្រែ​ជា​ភាសា​ឡាតាំង​មាន​ជា​ច្រើន​រួច​ហើយ​នៅ​សម័យ​នោះ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​សេចក្ដី​បក​ប្រែ​ថ្មី​មួយ​ទៀត? សព្វវចនាធិប្បាយ​មួយ​បាន​ចែង​ថា គឺ​ដោយ​សារ​ហ្សេរ៉ូម​ចង់​កែ​«​ន័យ​ដែល​បាន​បក​ខុស កំហុស​ជាក់​ស្តែង និង​ការ​បន្ថែម​និង​ការ​ដក​ពាក្យ​ដោយ​គ្មាន​ហេតុ​ផល​»​ (​The International Standard Bible Encyclopedia​)។

ហ្សេរ៉ូម​បាន​កែ​ជា​ច្រើន​នូវ​កំហុស​ទាំង​នោះ។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​បំផុត! ពួក​គេ​បាន​ប្រកាស​ថា​សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង គឺ​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​តែ​មួយ​គត់​ដែល​ពួក​គេ​ទទួល​ស្គាល់ ហើយ​បាន​បន្ត​ធ្វើ​ដូច្នេះ​អស់​ជា​ច្រើន​សតវត្សរ៍​ទៀត​ផង! ដូច្នេះ ជា​ជាង​ជួយ​មនុស្ស​មិន​សូវ​បាន​រៀន​សូត្រ​ឲ្យយល់​គម្ពីរ សេចក្ដី​បក​ប្រែ​វ៉ុលកេត​បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​យល់​គម្ពីរ​វិញ ព្រោះ​នៅ​ទី​បំផុត​មនុស្ស​ភាគ​ច្រើន​មិន​ចេះ​ភាសា​ឡាតាំង​សោះ។

សេចក្ដី​បក​ប្រែ​ថ្មី​ៗ​កើន​ឡើង

ដំណាល​គ្នា​នោះ មនុស្ស​បន្ត​ចេញ​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ទៀត ដូច​ជា​សេចក្ដី​បក​ប្រែ​ភេ​ស៊ី​តា​ជា​ភាសា​អារ៉ាម​តំបន់​ខាង​កើត​ដែល​ជា​សេចក្ដី​បក​ប្រែ​ដ៏​ល្បី​មួយ​នៅ​ប្រហែល​ជា​សតវត្សរ៍​ទី​៥​គ.ស.។ ប៉ុន្តែ​រហូត​ដល់​សតវត្សរ៍​ទី​១៤ ទើប​មាន​ការ​ព្យាយាម​ម្ដង​ទៀត​ដើម្បី​ផ្ដល់​ឲ្យ​មនុស្ស​ដែល​មិន​សូវ​បាន​រៀន​សូត្រ​នូវ​គម្ពីរ​ជា​ភាសា​របស់​ខ្លួន។

នៅ​ប្រទេស​អង់គ្លេស​នា​ចុង​សតវត្សរ៍​ទី​១៤ លោក​ចន វ៉ាយឃ្លីហ្វ​ចាប់​ផ្ដើម​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស ជា​ភាសា​ដែល​បណ្ដា​ជន​នៅ​ប្រទេស​គាត់​អាច​យល់​បាន ជា​ជាង​ទុក​គម្ពីរ​ក្នុង​ភាសា​ដែល​គេ​ឈប់​ប្រើ។ មិន​យូរ​ក្រោយ​មក វិធី​បោះ​ពុម្ព​របស់​លោក​យ៉ូហានឺស ហ្គូតេនប៊ឹក បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​អ្នក​ជំនាញ​ខាង​គម្ពីរ​បោះ​ពុម្ព​និង​ចែក​ចាយ​សេចក្ដី​បក​ប្រែ​ថ្មី​នៃ​គម្ពីរ​ជា​ភាសា​ជា​ច្រើន​ដែល​មនុស្ស​កំពុង​ប្រើ​នៅ​ទូ​ទាំង​ទ្វីប​អឺរ៉ុប។

ពេល​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​ជា​ភាសា​អង់គ្លេស​បាន​កើន​ឡើង អ្នក​រិះ​គន់​ខ្លះ​បាន​ឆ្ងល់​អំពី​ហេតុ​ដែល​ត្រូវ​មាន​សេចក្ដី​បក​ប្រែ​ជា​ច្រើន​ក្នុង​ភាសា​តែ​មួយ។ បព្វជិត​ជន​ជាតិ​អង់គ្លេស​ម្នាក់​នៅ​សតវត្សរ៍​ទី​១៨​ឈ្មោះ​ចន លូវីស​បាន​សរសេរ​ថា​៖ ​«​ភាសា​អាច​ទៅ​ជា​ចាស់​និង​ពិបាក​យល់ ហេតុ​នេះ​គឺ​ជា​ការ​ចាំ​បាច់​ដែល​យើង​កែ​ប្រែ​សេចក្ដី​បក​ប្រែ​ចាស់​ៗ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​បក​ប្រែ​ទាំង​នោះ​ប្រើ​ភាសា​ដែល​មនុស្ស​នៅ​សម័យ​នេះ​អាច​យល់​បាន​»។

សព្វ​ថ្ងៃ អ្នក​ជំនាញ​ខាង​គម្ពីរ​មាន​សមត្ថភាព​ច្រើន​ជាង​ដើម្បី​កែ​ប្រែ​សេចក្ដី​បក​ប្រែ​ចាស់​ៗ។ ពួក​គាត់​មាន​ការ​យល់​ដឹង​ច្បាស់​ជាង​អំពី​ភាសា​បុរាណ​ដែល​គម្ពីរ​ប្រើ ហើយ​ពួក​គាត់​មាន​ឯកសារ​គម្ពីរ​ដែល​មាន​តម្លៃ​ពី​សម័យ​បុរាណ​ដែល​ទើប​រក​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះ។ ឯកសារ​ទាំង​នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​ដឹង​ថា​អ្វី​គឺ​ជា​ច្បាប់​ដើម​នៃ​គម្ពីរ។

ដូច្នេះ សេចក្ដី​បក​ប្រែ​ថ្មី​ៗ​មាន​ប្រយោជន៍​ណាស់។ ពិត​មែន​តែ​យើង​ត្រូវ​ប្រយ័ត្ន​នឹង​សេចក្ដី​បក​ប្រែ​ខ្លះ​ទាំង​នោះ ប៉ុន្តែ​បើ​អ្នក​ដែល​កែ​សេចក្ដី​បក​ប្រែ​នោះ​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ នោះ​កិច្ច​ការ​របស់​ពួក​គាត់​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ឲ្យ​យើង។

ដើម្បី​អាន​គម្ពីរ​ជា​ភាសា​របស់​អ្នក​តាម​អ៊ីនធឺណិត ឬ​តាម​គ្រឿង​អេឡិចត្រូនិក សូម​ចូល គេហទំព័រ​www.jw.org/km។ សូម​ចុច ​«​សៀវភៅ​ផ្សេង​ៗ​»​▸​«​គម្ពីរ​»

នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ក្នុង​គម្ពីរ

នាមរបស់ព្រះក្នុងបំណែកនៃឯកសារសេបធួជីនពីសម័យលោកយេស៊ូ

នាម​របស់​ព្រះ​នៅ​ក្នុង​បំណែក​នៃ​រមូរ​សេបធួជីន​ពី​សម័យ​លោក​យេស៊ូ

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ប្រើ​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ គឺ​យេហូវ៉ា​នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​និង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ សព្វ​ថ្ងៃ​នេះ សេចក្ដី​បក​ប្រែ​ភាគ​ច្រើន​ជា​ភាសា​អង់គ្លេស​មិន​ប្រើ​នាម​នេះ​ឡើយ។ គេ​ប្រើ​ពាក្យ​«​លោក​ម្ចាស់​»​វិញ។ អ្នក​បក​ប្រែ​ខ្លះ​បាន​និយាយ​ថា មូលហេតុ​មួយ​ដែល​គេ​ធ្វើ​ដូច្នេះ​គឺ​ដោយ​សារ​នាម​ផ្ទាល់​របស់​ព្រះ​ដែល​តំណាង​ដោយ​តេត្រាក្រាម​ឬ​អក្សរ​បួន​តួ (​យ​ហ​វ​ហ​) មិន​ដែល​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច ដែល​ជា​សេចក្ដី​បក​ប្រែ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ប៉ុន្តែ តើ​នេះ​គឺ​ជា​ការ​ពិត​ឬ​ទេ?

នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​២០ គេ​បាន​រក​ឃើញ​បំណែក​ចាស់​ៗ​ខ្លះ​នៃ​សេចក្ដី​បក​ប្រែ​សេបធួជីន​ដែល​មាន​នៅ​សម័យ​លោក​យេស៊ូ។ បំណែក​ទាំង​នោះ​មាន​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ។ តាម​មើល​ទៅ​ក្រោយ​មក ពួក​អ្នក​ចម្លង​បាន​ដក​ឈ្មោះ​របស់​ព្រះ​ចេញ ហើយ​ដាក់​ពាក្យ​ឃីរីអុស​ជំនួស​វិញ​ដែល​ជា​ពាក្យ​ភាសា​ក្រិច​សម្រាប់​«​លោក​ម្ចាស់​»។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ដាក់​បញ្ចូល​នាម​របស់​ព្រះ​នៅ​កន្លែង​ត្រឹម​ត្រូវ​ក្នុង​បទ​គម្ពីរ​វិញ។

តើ​គម្ពីរ​បាន​ត្រូវ​បង្ខូច​ឬ?

រមូរអេសាយនៅសមុទ្រស្លាប់

រមូរ​ឯកសារ​មួយ​នៅ​សមុទ្រ​ស្លាប់​ដែល​មាន​អាយុ​កាល​២​.​០០០​ឆ្នាំ។ រមូរ​ឯកសារ​នោះ​ស៊ី​គ្នា​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​នៅ​ក្នុង​គម្ពីរ​សព្វ​ថ្ងៃ​នេះ

ពិត​មែន​តែ​ពួក​អ្នក​ចម្លង​គម្ពីរ​បាន​ចម្លង​ខុស​ខ្លះ​ដែរ។ ប៉ុន្តែ ក្នុង​ចំណោម​កំហុស​ទាំង​នោះ គ្មាន​កំហុស​ណា​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​អត្ថន័យ​នៃ​ខ​គម្ពីរ​ដែល​នាំ​ឲ្យ​យើង​លែង​ទុក​ចិត្ត​គម្ពីរ​នោះ​ឡើយ។ សៀវភៅ​មួយ​អំពី​គម្ពីរ​និង​រមូរ​ឯកសារ​ពី​សម័យ​បុរាណ​បាន​ចែង​ថា​៖​«​គ្មាន​សេចក្ដី​បង្រៀន​សំខាន់​ណា​មួយ​នៃ​ជំនឿ​គ្រិស្ត​សាសនា​ផ្អែក​លើ​សេចក្ដី​បក​ប្រែ​មួយ​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ​»​(​Our Bible and the Ancient Manuscript​)។

ពួក​អ្នក​ចម្លង​ជន​ជាតិ​យូដា​បាន​ចម្លង​ខុស​តិច​ជាង​គេ។ ឯកសារ​មួយ​បាន​ចែង​ថា​៖ ​«​ក្នុង​អំឡុង​ពីរ​បី​រយ​ឆ្នាំ​ក្រោយ​ពី​ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង ជន​ជាតិ​យូដា​ដែល​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ចម្លង​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ​យ៉ាង​ត្រឹម​ត្រូវ​បំផុត​»​ (​Second Thoughts on the Dead Sea Scrolls​)។

ជា​ឧទាហរណ៍ រមូរ​មួយ​នៃ​សៀវភៅ​អេសាយ​ដែល​គេ​បាន​រក​ឃើញ​ក្នុង​ចំណោម​រមូរ​ឯកសារ​នៅ​សមុទ្រ​ស្លាប់ គឺ​១​.​០០០​ឆ្នាំ​ចាស់​ជាង​រមូរ​ឯកសារ​មុន​ៗ​ដែល​គេ​មាន។ បើ​ប្រៀប​ធៀប​ពាក្យ​ក្នុង​រមូរ​ឯកសារ​នោះ​និង​គម្ពីរ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ តើ​ខុស​គ្នា​យ៉ាង​ណា? សៀវភៅ​មួយ​អំពី​ប្រវត្ដិ​គម្ពីរ​ចែង​ថា​៖ ​«​យូរ​ៗ​ម្ដង មាន​ពាក្យ​មួយ​ដែល​គេ​ថែម​ឬ​ដក​ចេញ​»​ (​The Book. A History of the Bible​)។

អ្នក​ចម្លង​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បាន​ចម្លង​ខុស​ដូច​ជា​ដាក់​តួ​អក្សរ ពាក្យ ឬ​ឃ្លា​ខុស​លំដាប់ ប៉ុន្តែ​ឥឡូវ​គេ​អាច​សម្គាល់​និង​កែ​យ៉ាង​ងាយ។ សៀវភៅ​មួយ​បាន​ចែង​ថា​៖ ​«​ភាព​ត្រឹម​ត្រូវ​នៃ​បទ​គម្ពីរ​សញ្ញា​ថ្មី គឺ​ងាយ​ស្រួល​បញ្ជាក់​ជាង​ភាព​ត្រឹម​ត្រូវ​នៃ​ឯកសារ​ពី​សម័យ​បុរាណ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​»​ (​The Books and the Parchments​)។

សៀវភៅ​មួយ​អំពី​ប្រវត្ដិ​គម្ពីរ​ចែង​ថា​៖ ​«​រមូរ​ឯកសារ​ដើម​ដំបូង​ពី​ប្រទេស​អេហ្ស៊ីប​និង​ឯកសារ​ដែល​បាន​ត្រូវ​ចម្លង​និង​បោះ​ពុម្ព​ច្រើន​លើក​ច្រើន​ដង​នៅ​ទ្វីប​អឺរ៉ុប គឺ​មាន​ភាព​ស្ទើរតែ​ដូច​គ្នា នោះ​គួរ​ពង្រឹង​ទំនុក​ចិត្ត​ពួក​អ្នក​ជឿ​ដែល​បាន​ព្រួយ​បារម្ភ​»​ (​The Book. A History of the Bible​)។

តើ​គម្ពីរ​បាន​ត្រូវ​បង្ខូច​ឬ​ទេ? មិន​បាន​បង្ខូច​ទាល់​តែ​សោះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក